Monday, January 22, 2018

នៅថ្ងៃនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតចំនួន៣ប្រចាំនៅកម្ពុជា

ក្រោយពីបានបញ្ចប់ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសអស់រយៈពេល៣ថ្ងៃ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី១៩-២១ ខែមករា ឆ្នាំ២០១៨ និងបានជួបសំណេះសំណាល និងបរិភោគអាហារសាមគ្គីជាមួយបងប្អូនកូនក្មួយអ្នកកាសែតជាង ៣,៤០០ នាក់កាលពីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ កោះពេជ្រហើយ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តជួបពិភាក្សាការងារជាមួយលោកឯកអគ្គរដ្ឋទូតវៀតណាម និងជប៉ុន និង នៅរសៀលបន្តជួបឯកអគ្គរដ្ឋទូតឥណ្ឌាជាបន្តទៀតនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ នេះបើយោងតាមទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានបង្ហោះផ្សាយនៅព្រឹកមិញនេះ។

នៅក្នុងហ្វេសប៊ុករបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្តថា «ខ្ញុំអាចមានពេលសម្រាកមួយរសៀលដែរ នៅថ្ងៃអង្គារសប្តាហ៍នេះ មុននឹងចាកចេញទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា និងបំពេញទស្សនៈកិច្ចផ្លូវការនៅទីនោះចាប់ពីថ្ងៃទី២៤-២៨ ទើបវិលត្រឡប់មកកម្ពុជាវិញ។ ទោះបីរវល់មមារញឹកនឹងការងារបែបណា គឺខ្ញុំតែងតែនឹករឮកមកដល់បងប្អូនជនរួមជាតិគ្រប់ទីកន្លែង។»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានថ្លែងអំណរអរគុណសមាជិកសមាជិការគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានចូលរួមមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសអស់រយៈពេល៣ថ្ងៃមកនេះ ហើយសង្ឃឹមថាបងប្អូននឹងខិតខំរួមដៃគ្នាកាន់តែខ្លាំងឡើងដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿងថែមទៀត៕


No comments:

Post a Comment