Monday, January 22, 2018

សញ្ញា ៥ ដែលរុស្ស៊ីកំពុងផ្លាស់ប្តូររបៀបដែលខ្លួនធ្វើជំនួញ

នៅ​ឆ្នាំ ២០១២ ប្រធានាធិបតី​ ពូទីន បាន​ឈរ​ដោយ​មោទនភាព​ នៅពេល​អ្នក​សេដ្ឋកិច្ច​ទទួល​​ពាន​រង្វាន់​ណូប៉ែល​ Paul Krugman បាន​ប្រាប់​ទស្សនិកជន​រុស្ស៊ី​អំពី​របៀប​ដែល​ប្រទេស​រុស្ស៊ី​កំពុង​​ទទួល​ផល​ពី​ប្រតិបត្តិការ​សេដ្ឋកិច្ច​ឯករាជ្យ​របស់​គេ​ទល់​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភព​លោក។ លោក Krugman ថែមទាំង​បាន​គូសបញ្ជាក់​ថា ប្រទេស​លោក​ខាងលិច​​មិន​មាន​ដំណើរ​ការ​ល្អ​ទេ​ បើ​ធៀប​ទៅ​នឹង​រុស្ស៊ី​នៅពេល​នោះ។ ក្នុង​ពេល​នេះ ការ​សម្រេច​ចិត្ត​សេដ្ឋ​កិច្ច​ស្ទើ​តែ​ទាំង​អស់គឺ​​ស្ថិត​លើ​លោក​ប្រធា​នាធិ​បតី ដោយ​មិន​បាន​ផ្តល់​ក្តី​សង្ឃឹម​ពី​ការ​ធ្វើ​ពិពិដ្ឋកម្ម​​សេដ្ឋកិច្ច​ដែល​ផ្អែក​លើ​ធនធាន​របស់​រុស្ស៊ីឡើយ​។​

នៅពេល​តម្លៃ​ថាមពល​ដាំ​ក្បាល​ចុះ សេដ្ឋកិច្ច​រុស្ស៊ី​បាន​​រង​គ្រោះ​យ៉ាង​ធំ។ សូម្បីតែ​សព្វ​ថ្ងៃ តម្លៃ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ​​ទាប​យ៉ាង​ខ្លាំង​ជាង​នៅពេល​វា​មាន​តម្លៃខ្ពស់​នៅ​ឆ្នាំ ២០១១ និង​ ២០១២ ទៅ​ទៀត។ ប៉ុន្តែ រុស្ស៊ី​បាន​គេច​ផុត​ពី​ការ​ខ្ទេច​ខ្ទាំ​ហិរញ្ញវត្ថុ​ ដោយ​សារតែ​ធនាគារ​កណ្តាល​រុស្ស៊ី ដែល​ដឹក​នាំ​ដោយ​ប្រធានធនាគារ​កណ្តាល​អឺរ៉ុប​ដែល​ទទួល​បាន​ជ័យ​លាភី​ប្រចាំ​ឆ្នាំ ២ ដង គឺ លោក Elvira Nabiullina។ ចាប់​ពី​ទីផ្សារ​ថាមពល​បាន​ដួល​រលំ រុស្ស៊ីបាន​ចាប់​ផ្តើម​បើក​ទ្វារ​របស់​គេ​ទៅ​កាន់​ប្រទេស​ផ្សេង​ៗ ទាំង​សម្រាប់​សម្ព័ន្ធ​មិត្ត​នយោ​បាយ​និង​ទាំងទំនាក់ទំនង​សេដ្ឋកិច្ច។ ឧទាហរណ៍​ដ៏លេច​ធ្លោរ​មួយ​​គឺ​នៅពេល​ស្តេចប្រទេស​អារ៉ាប៊ី សាអូឌីត Salman ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រុង​ម៉ូស្គូ​នៅ​ខែ​តុលា​មុន។ ប្រទេស​ទាំង​ពីរ​​បាន​ប្រឆាំង​គ្នា​អំពី​សង្គ្រាម​ស៊ីវិល​នៅ​ស៊ីរី ដោយ​រុស្ស៊ី​គាំទ្រ​​របប​របស់​ប្រធានាធិបតី​ Bashar Al Assad ហើយ​ប្រទេស​អារ៉ាប៊ី សាអូឌីត គាំទ្រ​ពួក​ឧទ្ទាម​ស៊ីរី។ ទោះជា​សង្គ្រាម​មាន​លក្ខណៈ​បំផ្លិច​បំផ្លាញ​ក៏​ដោយ​ ក៏​ប្រមុខរដ្ឋ​ទាំង​ពីរ​​អាច​ទុក​ភាព​ខ្វែងគំនិត​គ្នា​មួយ​ឡែក​​ដើម្បីជួយ​ពិភាក្សា​គ្នា​អំពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ដែរ។​

ការ​បើក​ចំហរ​និង​ការ​សម្រុះ​សម្រួល​បែបនេះ​មាន​ភាព​ថ្មី​មែន​ទែន សម្រាប់​មេដឹកនាំ​ផ្តាច់ការ​ម្នាក់​ដូចជា Vladimir Putin។ អ្នក​ខ្លះ​មើល​ឃើញ​អំពើ​បែប​នោះ​ថា ជា​សញ្ញាដែល​វិមាន​ក្រឹមឡាំង​​អាច​​មាន​វិធានការ​ថ្មី​ៗ​ដើម្បី​ផ្តល់​ប្រយោជន៍​ដល់សេដ្ឋកិច្ច​របស់​ប្រទេស។ ដើម្បី​យល់​បន្ថែម​ទៀត​នោះ ខាង​ក្រោម​គឺជា​សញ្ញា​ទាំង​ ៥ ដែល​រុស្ស៊ី​កំពុង​ផ្លាស់ប្តូរ​របៀប​ដែល​ខ្លួន​ធ្វើជំនួញ។​

 កិច្ច​ព្រមព្រៀង​ជា​មួយ OPEC

កិច្ច​ជំនួប​រវាង​ប្រធានាធិបតី ពូទីន និង​ស្តេច Salman ទាក់ទង​នឹង​កិច្ច​ព្រមព្រៀង​ដែល​ធ្វើ​ឡើង​រវាង​ OPEC ដែល​ប្រទេសអារ៉ាប៊ី សាអូឌីត​ ជា​សមាជិក​ និង​រុស្ស៊ី។ ប្រទេស​ទាំងពីរ​​បាន​រង់គ្រោះ​ នៅ​ពេ​ល​តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​នៅឆ្នាំ ២០១៤។ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​រុស្ស៊ីលោក Alexander Novak បា​ន​​ពន្យល់​ថា “​ក្នុង​នាម​ជាប្រទេស​ផលិត​ប្រេង​ធំជាង​គេ​ទាំង​ពីរ​ក្នុង​ពិភព​លោក រុស្ស៊ី​និង​អារ៉ាប៊ី សា​អូ​ឌីត​ មាន​បន្ធុក​ធ្ងន់​បំផុត​ក្នុងការ​ធ្វើ​ឲ្យ​ទីផ្សារ​ប្រេង​មាន​ស្ថិរភាព”។ រុស្ស៊ី​បាន​ពឹង​ផ្អែក​ជា​យូរ​មក​ហើយ​លើ​​ប្រាក់​ដែល​បាន​ពីការ​លក់ប្រេង​របស់គេ ក្នុង​ខណៈ​ដែល​អារ៉ាប៊ី សាអូឌីត បានជួប​ប្រទេះ​នឹងការ​កើន​ឡើង​​ការ​គ្មាន​ការងារ​ធ្វើ​ ដោយ​សារតែ​តម្លៃ​ប្រេង​ធ្លាក់ចុះ។ គោល​បំណង​នៃ​កិច្ច​ព្រមព្រៀង​នោះ​គឺ​ដើម្បី​កាត់​បន្ថយ​ការ​ផលិត​ប្រេង​នៅ​ខែ​ធ្នូ ឆ្នាំ ២០១៦ ហើយជា​លទ្ធផល​​តម្លៃ​ប្រេង​ពិភព​លោក​បាន​ងើប​ឡើង​វិញ។

 ការ​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជា​មួយអាមេរិក

ប្រទេស​មួយ​ទៀតដែល​រុស្ស៊ី​បាន​ឈោង​ចាប់​ក្នុង​ផ្នែក​ជំនួញ​នោះ​គឺ​អាមេរិក។ ទោះជា​​មាន​ការ​ប្រេះ​ឆារ​នយោ​បាយ​រវាង​ប្រទេស​ទាំង​ពីរ​លើ​ការ​ចោទ​ប្រកាន់ពីការ​លូក​ដៃ​ចូល​ក្នុងការ​បោះឆ្នោត​ប្រធានា​ធិបតី​អាមេរិក​កន្លង​ទៅ​ក៏​ដោយ ក៏​នាយក​ប្រតិបត្តិនិង​ជា​សហស្ថាបនិកក្រុម​ហ៊ុន Arkadium បាន​គូសបញ្ជាក់​ថា ទំនាក់ទំនង​ធុរកិច្ច​​បាន​ដំណើរការ​ល្អ។ ក្រុម​ហ៊ុន​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​ញ៉ូយ៉ក​នោះ​ក៏​បាន​​ផ្តល់ការងារ​ដល់​មនុស្សជាង ៦៣ នាក់​នៅទីក្រុង​ភាគ​ខាង​ត្បូង​រុស្ស៊ី Krasnodar ផង​ដែរ ហើយ​នយោ​បាយ​មិន​បាន​ធ្វើ​ឲ្យ​ខូច​ដល់​ប្រតិបត្តិការរបស់គេ​ទេ។​ ប្រធាន​សភាពាណិជ្ជកម្ម​​រុស្ស៊ី-​អា​មេរិក​លោក Sergei Millian បាន​ផ្តល់​ទស្សនៈ​កាន់តែ​ទូលាយ ដោយ​បាន​បញ្ជាក់​ថា ធុរកិច្ច​ស្រ​ដៀង​គ្នា​​ជាង ១០.០០០ ដែល​មាន​ប្រតិបត្តិការ​រវាង​ប្រទេស​ទាំងពីរ។ ជារួម ធុរកិច្ច​ទាំង​នោះ​បាន​ផ្តល់​ការ​ងារ​ជាង ៣ លាននាក់។​

 ការ​អនុវត្ត​គម្រោង Blockchains រដ្ឋាភិបាល

រុស្ស៊ីតែ​ងតែ​គាំទ្រ​ដល់​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រព័ន្ធ​ជា​ច្រើន​របស់គេ។ Conwire បាន​រាយការណ៍​ថា ពួកគេ​ថ្មីៗនេះ​បាន​អនុវត្ត​គម្រោង​ Blockchains ជា​មធ្យោបាយ​ថ្មី​​សម្រាប់​ប្រតិបត្តិការណ៍​ហិរញ្ញវត្ថុ​រប​ស់​គេ ដែល​បាន​ក្លាយជា​ប្រទេសដំបូង​គេ​មួយ​ក្នុងការ​ទទួល​ស្គាល់​និង​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នូវ​បច្ចេ​ក​វិទ្យា​នោះ។ វិទ្យាស្ថាន​ហិរញ្ញវត្ថុ​រដ្ឋ​ Sberbank បាន​ប្រកាសជាផ្លូវ​ការ​នូវ​កិច្ច​សហការ​ណ៍​របស់គេ​ជា​មួយ​​សេវា​ប្រឆាំង​ភាព​ផ្តាច់មុខ​សហព័ន្ធ​ (Federal Antimonopoly Service – FAS) ដើម្បី​ការ​អនុវត្តិ​នោះ​។

 ការ​លក់​មូល​ប័ត្រ​ប្រាក់​អឺរ៉ូ

ក្រសួងហិរញ្ញវត្ថុ​របស់​ប្រទេស​នោះ​បាន​ចេញ​មូល​ប័ត្រ​ប្រាក់​អឺរ៉ូ​តម្លៃ ៣ ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ៗ ដែល​បំពេញ​តាម​តម្រូវការ​របស់​វិនិយោគិន​មូលប័ត្រ​ពិភព​លោក​ជាច្រើន។ នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​មុន​ពេល​អាមេរិក​ដាក់​ទណ្ឌ​កម្ម​ថ្មីៗ​លើ​រុស្ស៊ី។ អ្នក​វិភាគ​ខ្លះ​បាន​លើក​ឡើង​ថា ទ​ណ្ឌ​​កម្ម​អាមេរិក​អាច​បង្កើន​តម្រូវការ​ដល់​មូល​ប័ត្រ​ប្រាក់​អឺរ៉ូ​របស់​រុស្ស៊ី ពិសេស​ដោយ​សារតែ​វា​បាន​រក្សា​​ក្រុង​ម៉ូស្គូ​ឲ្យ​នៅ​ឆ្ងាយ​ពី​​ទីផ្សារ​មូល​ប័ត្រ​អន្តរជាតិ។

 គម្រោង​ថាម​ពល​ថ្មីៗ​

ជាង​ការ​ដាក់​ទណ្ឌកម្ម​របស់​អាមេរិក រុស្ស៊ី​នៅតែ​ត្រូវ​ដោះ​ស្រាយ​ជា​មួយការ​ដួល​រលំ​តម្លៃ​ប្រេង​ឆ្នាំ ២​០១៤។ ក្រៅពី​កិច្ច​ព្រមព្រៀង​ជា​មួយ​ OPEC រុស្ស៊ី​ក៏​បាន​ចាប់​ផ្តើម​លើ​គម្រោង​ដែល​នឹង​ជួយ​ផ្តល់​កម្លាំង​ឧស្សាហកម្ម​ប្រេង​ឡើង​វិញ​ដែរ។ គម្រោង​មួយ​ជា​ពិសេស​នោះ​គឺ​ការ​ចូល​ហ៊ុន​របស់​ក្រុម​ហ៊ុន​ប្រេង Rosneft នៅ​ Kurdistan ដោយ​បង្កើត​គម្រោង​ដែល​មាន​តម្លៃ​ ៤០០ លាន​ដុល្លារ។ ប្រ​ធា​នា​ធិបតី​ ពូទីន បាន​មើល​ឃើញ​ការ​ចូល​ហ៊ុន​នេះ​ថា ជា​ផល​ប្រយោជន៍​សេដ្ឋកិច្ចសម្រាប់​រុស្ស៊ី Kurd​istan និង​អ៊ីរ៉ាក់។​ ដោយ​មាន​ព្រឹត្តិការណ៍​ជា​ច្រើន​កំពុង​កើត​ឡើង​នៅរុស្ស៊ី ពួក​គេ​នៅតែ​ទទួល​បន្ទុក​ធ្ងន់​​លើ​ការ​ងើប​ចេញ​ពី​វិបត្តិសេដ្ឋកិច្ច​របស់​គេ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន។ ពួក​គេ​ឥឡូវ​នេះ​កំពុង​ប្រើ​ប្រាស់​មធ្យោ​បាយ​ដើម្បី​វិលទៅ​រក​ស្ថិរភាព​ហិរញ្ញវត្ថុ​​វិញសម្រាប់​ប្រទេស​របស់គេ ដែល​កំពុង​បង្ហាញ​ឡើង​ថា មាន​ប្រសិទ្ធភាព​៕

(ប្រភព៖ IPP Review ចុះថ្ងៃ២១ ខែមករា​ ​ឆ្នាំ២០១៨)


No comments:

Post a Comment