Monday, January 22, 2018

លិខិតមិត្តអ្នកអាន៖ ការរួមគ្នារវាងឈាមចាស់ និងឈាមថ្មីគណបក្សប្រជាជនកម្ពុជា ដើម្បីភាពជោគជ័យអមតៈក្នុងការការពារសន្តិភាព និងការអភិវឌ្ឍកម្ពុជា

គណបក្សប្រជាជនកម្ពុជាដែលកំពុងតែគ្រប់គ្រងនិងដឹកនាំរាជរដ្ឋាភិបាលកម្ពុជាមានវ័យ ៦៦ ឆ្នាំហើយរហូត មកទល់នឹងពេលនេះ។ ជាគណបក្សដែលមានវ័យចំណាស់ជាងគេនៅកម្ពុជា បក្សនេះតែងតែ ធ្វើអ្វីៗសព្វបែប យ៉ាងដើម្បីបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិនិង ប្រជាជននិងតែងតែវិវត្តខ្លួនជានិច្ចដើរស្រប តាមការវិវឌ្ឍ ថ្មីៗ របស់ពិភពលោកនិងការចង់បានរបស់ប្រជាជន។

គណបក្សចាស់ទុំនិងប្រកបដោយបទពិសោធមួយនេះមានការរីកចម្រើនធំធាត់ជាលំដាប់ និងមានកំណើននៃ សមាជិកគាំទ្រយ៉ាងច្រើន ដែលរហូតមកទល់នឹងដើមឆ្នាំ ២០១៨ នេះ គណបក្សប្រជាជនមានសមាជិកជិត ៦លាននាក់។ តាមការគ្រោង ទុកនៅថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨ នេះ គណបក្សប្រជាជនកម្ពុជា ដែលពោរ ពេញទៅដោយធនធានមនុស្សប្រកបដោយសមត្ថភាពមួយនេះនឹង គ្រោងរៀបចំការបោះឆ្នោត ជ្រើសតាំង បំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលបក្សរបស់ខ្លួននៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងរបស់ខ្លួន។ គណៈកម្មាធិការកណ្តាលគណបក្សដែលបច្ចុប្បន្ននេះមានសមាជិកចំនួន ៥៤៥រូប។

គេមិនទាន់ដឹងនៅឡើយទេថាតើនឹងមានការជ្រើសតាំងបន្ថែមសមាជិកប៉ុន្មាននាក់ទៀតចូលក្នុងគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។ ការបំពេញបន្ថែមសមាជិកថ្មីក្នុងរចនាសម្ព័ន្ធគណៈកម្មាធិការកណ្តាលបក្សនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងដើម្បី ទី១- ឆ្លើយតបទៅនឹងសភាពការណ៍ និងដំណើររីកធំធាត់ឥតឈប់ឈរនៃការគាំទ្ររបស់ ពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា។ ទី២- ការបន្តវេនដឹកនាំគណបក្សពីសំណាក់សមាជិកបក្ស ពីមួយជំនាន់ទៅមួយជំនាន់ថែមទៀត។ ទី៣- ពង្រីកនិងពង្រឹងសាមគ្គីភាពឱ្យកាន់តែខ្លាំងនូវកម្លាំងដឹកនាំ របស់គណបក្ស ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្លាំងថែមទៀតបម្រើជាតិ និងប្រជាពលរដ្ឋ លើគ្រប់វិស័យ។ ទី៤- បញ្ចូលឈាមថ្មីដែលជាសមាជិកបក្សវ័យក្មេងប្រកបដោយថាមពលដើម្បីពង្រឹង កម្លាំងបម្រើនិងកសាងជាតិ។

ឈាមថ្មីជាសមាជិកបន្ថែមនៃគណៈកម្មាធិការកណ្តាលបក្សដែលនឹងបញ្វូលនៅថ្ងៃនេះត្រូវគេជឿថា នឹងធ្វើឱ្យ គណបក្សប្រជាជនកម្ពុជា កាន់តែរឹងមាំថែមទៀត ដើម្បី បន្តដឹកនាំប្រទេសកម្ពុជាឆ្ពោះ ទៅរកការអភិវឌ្ឍរីក ចម្រើនកាន់តែខ្លាំង និងការពារសន្តិភាព និងស្ថិរភាពនយោបាយ បានរឹងមាំ។ នៅក្នុងរយៈពេលកន្លងទៅនេះ គណបក្សប្រជាជនកម្ពុជា បានដឹកនាំការសង្គ្រោះជាតិនិងប្រជាជនចេញពីរបបខ្មែរក្រហមប្រល័យ ពូជសាសន៍ ស្តារនិងកសាងជាតិមាតុភូមិឡើងវិញចេញពីគំនរផេះផង់ ឈាម និងទឹកភ្នែកឱ្យបោះជំហានទៅមុខប្រកប ដោយមោទនភាព លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ សហប្រតិបត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ជាច្រើនដងរួចមកហើយថា សន្តិភាព ស្ថិរភាពនយោបាយមានភាព រឹងមាំដំណើរការអភិវឌ្ឍសង្គមជាតិ លើគ្រប់វិស័យបន្តរីកចម្រើនក្នុងសន្ទុះដ៏ខ្លាំងក្លា ជាពិសេសដំណើរការ អនុវត្តលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋត្រូវបានពង្រឹងដើម្បីធានា ផលប្រយោជន៍របស់ជាតិ និងប្រជាជនកម្ពុជា។
ប្រការនេះបានឆ្លុះបញ្ចាំងនូវការដឹកនាំដ៏ត្រឹមត្រូវ នៃរាជរដ្ឋាភិបាលព្រមទាំងការចូលរួមដ៏សកម្មរបស់អង្គការ ចាត់តាំងគណបក្ស និងមន្ត្រីនៅគ្រប់ថ្នាក់ ដែលបាន ពុះពារអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយការ ទទួលខុសត្រូវ។ ប្រឈមនឹងការវិវឌ្ឍថ្មីៗនៃស្ថានការណ៍តំបន់ និងពិភពលោក និងការបង្កឡើងដោយក្រុម ប្រឆាំង និងមជ្ឈដ្ឋានអគិតខាងក្រៅ គណបក្សប្រជាជនកម្ពុជាចាំបាច់ត្រូវបង្កើនកម្លាំង និងត្រៀមខ្លួនគ្រប់ ពេលទាំងអស់។ ដោយសារការគិតគូរគ្រប់ជ្រុងជ្រោយ និងមានយុទ្ធសាស្ត្រ និងផែនការការងារត្រឹមត្រូវ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបាននូវការគាំទ្រ ពីសំណាក់ប្រជាពលរដ្ឋដើម្បីដឹកនាំប្រទេស ការពារសន្តិភាព និង ការអភិវឌ្ឍដែលកម្ពុជាមាន។ ដូច្នេះការបំពេញបន្ថែមសមាជិកថ្មី នៅក្នុង រចនាសម្ព័ន្ធ គណៈកម្មាធិការកណ្តាលបក្សនៅពេលនេះ គឺកាន់តែធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែខ្លាំងថែមទៀតនៅ ចំពោះមុខ បញ្ហាទាំងឡាយជាអាយុជីវិតរបស់ជាតិ និងផលប្រយោជន៍ប្រជាជន។

ឈាមចាស់រួមឈាមថ្មី បង្កើតថាមពលថ្មី និងជំនឿថ្មី នៅលើគោលដៅចាស់ គឺការបម្រើបុព្វហេតុជាតិ មាតុភូមិ និងប្រជាជនកម្ពុជា!

ដោយ៖ ចៅចាក់ស្មុក, រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមករា ឆ្នាំ ២០១៨







No comments:

Post a Comment