លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ដាំផ្ញើដល់អ្នកសារព័ត៌មានទាំងអស់ មិនថាសារព័ត៌មានរដ្ឋ ឬឯកជននោះទេត្រូវធ្វើយ៉ាងណាប្រឹងប្រែងស្វះស្វែងតាមប្រមាញ់រកព័ត៌មានដោយខ្លួនឯង និងត្រឹមត្រូវគ្រប់ជ្រុងជ្រោយទើបក្លាយជាអ្នកសារព័ត៌មានចំណាន។ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានស្នើដល់សារព័ត៌មាននូវសំណូមពរមួយចំនួនដែលលោកចង់បានរួមមាន៖
ទី១- ចង់បានស្ថាប័នព័ត៌មានទាំងរដ្ឋ និងឯកជន ត្រូវបំពេញឱ្យបាននូវតួនាទីជាកញ្ចក់ឆ្លុះបញ្ចាំងនូវស្ថានភាពពិតប្រាកដក្នុងសង្គមដាច់ខាតសារព័ត៌មានមិនត្រូវក្លាយជាកញ្ចក់បែកនោះឡើយ ព្រោះវាអាចជះឥទ្ធិពលដ៏អាក្រក់ចំពោះសង្គមកម្ពុជា ដូច្នេះទាំងសារព័ត៌មានរដ្ឋ និងឯកជនត្រូវមានតម្លាភាពដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងជាមួយគ្នា។
ទី២- ចង់បានព័ត៌មានមួយដែលជួយផ្ដល់ព័ត៌មានពីស្ថាប័នរដ្ឋទៅឱ្យប្រជាពលរដ្ឋ និងពីប្រជាពលរដ្ឋមកស្ថាប័នរដ្ឋវិញពោលសារព័ត៌មាន និងស្ថាប័នរដ្ឋត្រូវជួយគ្នាទៅវិញទៅមកដើម្បីជួយជ្រោមជ្រែងសង្គមកម្ពុជាមួយនេះឱ្យកាន់តែរីកចម្រើន។ សារព័ត៌មានមានសារៈសំខាន់ខ្លាំងណាស់រវាងគោលនយោបាយរបស់រដ្ឋជាមួយប្រជាពលរដ្ឋ ដូច្នេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យស្ថាប័នព័ត៌មាន និងស្ថាប័នរដ្ឋ ជួយបំពេញគ្នាទៅវិញទៅមកតាមរយៈការបញ្ជូនសារទាក់ទងទៅនឹងក្របខណ្ឌគោលនយោបាយរបស់រដ្ឋទៅដល់ប្រជាពលរដ្ឋ ហើយនាំទុក្ខកង្វល់របស់ប្រជាពលរដ្ឋប្រាប់មកស្ថាប័នរដ្ឋវិញដោយឆ្លុះបញ្ចាំងការពិតជាក់ស្ដែង។
ទី៣- ចង់បានព័ត៌មានចេះជួយរិះគន់ក្នុងន័យស្ថាបនាចេះជួយតាមពិនិត្យការអនុវត្តរបស់ស្ថាប័នរដ្ឋ ដោយប្រៀបធៀបជាមួយនឹងនយោបាយ ឬកម្មវិធីដែលបានដាក់ចេញព្រោះនេះជាចំណុចមិនអាចខ្លះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។
ទី៤- ចង់បានស្ថាប័នព័ត៌មាន ដែលមានលទ្ធភាពចូលរួមវិភាគយុទ្ធសាស្ត្រនយោបាយ ក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា កុំឱ្យសារព័ត៌មានអន្តរជាតិសរសេរពីកម្ពុជា អ្នកសារព័ត៌មានកម្ពុជាគួរតែសរសេរពីអន្តរជាតិវិញម្ដង ហើយគ្រប់មជ្ឈដ្ឋានទាំងអស់ត្រូវគោរពសេរីភាពនៃសារព័ត៌មានប៉ុន្តែអ្នកសារព័ត៌មានខ្លួនឯង ក៏ត្រូវហ៊ានទទួលខុសត្រូវចំពោះការសរសេរ និងពាក្យសម្ដីរបស់ខ្លួនផងដែរ៕

No comments:
Post a Comment