Monday, January 22, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជំរុញឱ្យឯកអគ្គរដ្ឋទូតវៀតណាមថ្មី បង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Vu Quang Minh ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា បានថ្លែងជំរុញឱ្យវៀតណាម បង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) ដែលជំនួបនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ព្រឹកមិញនេះ។

ក្នុងឱកាសនោះដែរ លោកអគ្គរដ្ឋទូតវៀតណាមថ្មី បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ជូនចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងបានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលជោគជ័យត្រចះត្រចង់ របស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលបានបញ្ចប់ទៅកាលពីម្សិលមិញនេះ។

លោក Vu Quang Minh បានជម្រាបថា បេសកកម្មកាទូតរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺលោកនឹងខិតខំប្រឹងប្រែងឱ្យអស់ពីកម្លាំងកាយចិត្ត ឱ្យអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យបានកាន់តែរីកចម្រើនឡើងថែមទៀត។
លោក Vu Quang Minh ក៏បានប្ដេជ្ញាថានឹងអនុវត្តតាមអនុសាសន៍ទាំងឡាយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសូមគោរពស្នើសុំអនុសាសន៍ផងដែរ ដើម្បីធ្វើយ៉ាងណាបំពេញបេសកកម្មរបស់លោកនៅកម្ពុជាឱ្យបានទទួលជោគជ័យ។

ជាការឆ្លើយតប លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្វាគមន៍និងអបអរសាទរជូនចំពោះ លោក Vu Quang Minh ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៅព្រះរាជាណាចក្រកម្ពុជា និងបានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខពីថ្នាក់ដឹកនាំរបស់វៀតណាម រួមទាំងការសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលនៃមហាសន្និបាតរបស់គណបក្សប្រជាជនផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្តាំផ្ញើ លោក Vu Quang Minh ជំរុញកំណើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរ ឱ្យកើនឡើងថែមទៀត និងសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជំរុញការកសាង និងអភិវឌ្ឍន៍នៅតាមព្រំដែន ដើម្បីប្រជាជាតិនៃប្រទេសទាំងពីរ អាចប្រកបរបរទទួលទាន កាន់តែងាយស្រួលដោយសុខដុមនីយកម្ម៕





No comments:

Post a Comment