Wednesday, July 21, 2021

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គាលើកទី១១ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ

 





Press Release on the Outcomes of the 11th Mekong-Ganga Cooperation Foreign Ministers’ Meeting, held on 21 July 2021 via Video Conference





លោកស្រី ដួង វណ្ណា ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែកក្កដា  ឆ្នាំ ២០២១ ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តយសសាខា អមដំណើរដោយ លោកស្រី ពៅ សុភាព ហេរញ្ញិកគណៈកម្មាធិការសាខា និងសហការី   បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២១ កន្លងទៅនៅក្រុងស្វាយរៀង ប៉ះពាល់ ៦ សង្កាត់ រងគ្រោះចំនួន ២៥ ខ្នង ស្រុកស្វាយជ្រំ ប៉ះពាល់ ១២ ឃុំ រងគ្រោះចំនួន ៤៣ ខ្នង និងស្រុកកំពង់រោទិ៍ ប៉ះពាល់ ២ ឃុំ រងគ្រោះចំនួន ៧ ខ្នង សរុប ៧៥ (ក្នុងនោះរងគ្រោះទាំងស្រុង ចំនួន  ១៣ ខ្នង មធ្យមចំនួន ២០ ខ្នង និងតិចតួចចំនួន ៤២ ខ្នង) ។ ក្នុងឱកាសជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋទាំងអស់នាឱកាសនោះ លោកស្រី ដួង វណ្ណា បានពាំនាំប្រសាសន៍របស់លោកស្រីបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខក្តីនឹករលឹក និងក្តីអាណិតអាសូរ ជាពិសេសក្តីព្រួយបារម្ភ ចំពោះជីវភាពបងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែងទាំងអស់ ដែលប្រឈមទៅនឹងឧបទ្ទវហេតុគ្រោះធម្មជាតិ ដែលកើតឡើងដោយមិនអាចស្មានបាន។

លោកស្រី បានផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារដោយត្រូវបិទទូរទស្សន៍ ទូរស័ព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹកដែលអាចបង្កឲ្យមាន គ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព និងមានអនាម័យល្អក្នុងការរស់នៅ ត្រូវចិញ្ចឹមសត្វ បង្កើនការដាំដំណាំផ្សេងៗ ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារ ចូលរួមថែរក្សាអនាម័យតាមរយៈការលាងសម្អាតដៃជាប្រចាំជាមួយសាប៊ូ ឬអាកុលត្រូវ ពាក់ម៉ាស់នៅពេលទៅណាមកណាដើម្បីការពារ ពីការឆ្លងនៃជំងឺកូវីដ ១៩ ដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោកផងដែរ។

អំណោយដែលបានចែកជូនសម្រាប់គ្រួសាររងគ្រោះទាំងស្រុង និងមធ្យមសរុបចំនួន ៣៣ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន អង្ករ ៣០ គក្រ មី ១ កេស ត្រីខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប ១ កន្ទេលបត់ ១ ឃីត ១ កញ្ចប់ (ភួយ មុង សារុង ក្រមា) ដោយឡែកគ្រួសាររងគ្រោះទាំងស្រុងចំនួន ៥ គ្រួសារ ទទួលបានបន្ថែម ក្រណាត់កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយសម្លរ ២ និងថវិកាចំនួន ២០០.០០០ រៀល ។ សម្រាប់គ្រួសាររងគ្រោះស្រាល ៤២ គ្រួសារ ក្នុង ១ គ្រួសារ ទទួលបាន ថវិកា ៦០,០០០ រៀល  សម្រាប់ទិញសម្ភារជួសជុលផ្ទះឡើងវិញ៕





 

អភិបាលខេត្តស្វាយរៀង ចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ឆ្នាំ២០២១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង តាមប្រព័ន្ធវីដេអូZoom

ស្វាយរៀង៖ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១នេះ លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបសកម្មភាពការងារ ប្រចាំឆមាសទី១ និងទិសដៅបន្តឆមាសទី២ ឆ្នាំ២០២១  របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង  និងការគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជា តាមប្រព័ន្ធវីដេអូZoom ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

ក្នុងឱកាសនោះ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រុមការងារចុះមូលដ្ឋានគ្រប់ថ្នាក់ ដែល បានយកចិត្តទុកដាក់សហការ បំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្ដបន្ទាប់ ជាពិសេស ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ការរក្សាសន្ដិសុខ ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់ សាធារណៈបានល្អប្រសើរ ក្នុងការអនុវត្តដោយជោគជ័យយ៉ាងត្រចះត្រចង់ មានការអភិវឌ្ឍលើគ្រប់វិស័យ តាំងពីថ្នាក់ខេត្តរហូតដល់គ្រប់មូលដ្ឋាន ភូមិ-ឃុំ-សង្កាត់ទូទាំងខេត្ត រួមចំណែកយ៉ាងខ្លាំងក្លាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែល្អប្រសើរ បង្កើនបាន នូវជំនឿ ជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។

ដើម្បីបន្តការតាមដាន ការអនុវត្តយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤ របស់រដ្ឋាភិបាលអណត្តិទី ៦ នៃរដ្ឋសភា ក្រុមការងារត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗ មួយចំនួនដូចខាងក្រោម ៖
ទី១) ដោយសារជម្ងឺកូវីដ១៩ បានរាលដាលចូលសហគមន៍នៅខេត្តស្វាយរៀង ដូច្នេះ ក្រុមការងារត្រូវផ្អាកការប្រជុំជាទ្រង់ទ្រាយធំជាមួយប្រជាជនមូលដ្ឋាន។ បើចាំបាច់ត្រូវប្រជុំតាម Zoom ឬប្រាស្រ័យទាក់ទងគ្នាតាម     បណ្តាញសង្គម ដូចជា Telegram, messenger, WhatsApp  ជាដើម ដែលជារបៀបធ្វើការតាមរបៀបបច្ចេកវិទ្យាថ្មី ។
ទី២) ផ្តោតការយកចិត្តទុកដាក់ លើការជួយឧបត្ថម្ភ តាមដែលអាចធ្វើបានដល់គ្រួសារក្រីក្រដែលមានសមាជិកគ្រួសារបានទទួលមរណៈភាពដោយសារជំងឺកូវីដ១៩ និងអ្នកដែលកំពុងធ្វើចតាឡីស័ក។
ទី៣) ត្រូវជម្រុញថ្នាក់មូលដ្ឋានឱ្យធ្វើអំពើល្អ និងផ្តល់សេវាសាធារណៈ និងសេវាសំណូមពរឱ្យបានឆាប់រហ័ស ជូនប្រជាពលរដ្ឋដើម្បីទាក់ទាញការគាំទ្រពីពួកគាត់លើរាជរដ្ឋាភិបាល។
ទី៤) គ្រប់ថ្នាក់ ជាពិសេស ថ្នាក់ភូមមិ ឃុំ ត្រូវចេះប្រើមធ្យោបាយបណ្តាញសង្គម។ តែត្រូវប្រើដោយប្រុងប្រយ័ត្ន និងដោយការត្រិះរិះពិចារណា គឺបង្ហោះតែសារណាដែលមានប្រយោជន៍ បង្ហោះនូវសមិទ្ធិផលរបស់បក្ស អំពើល្អរបស់ថ្នាក់ដឹកនាំបក្ស ។ ត្រូវជៀសវាងនូវសារនាដែលធ្វើឲ្យបះពាល់កិត្យាននុភាពជាតិ ឬប៉ពាល់ដល់កិត្តិរបស់ថ្នាក់ដឹកនាំ ជាដើម ។ល។
ទី៥) យើងត្រូវខិតខំរក្សានូវលទ្ធផលការងារដែលយើងធ្វើបាន ហើយដកពិសោធន៍ជាមួយនឹងការងារដែលយើងកំពុងនឹងប្រឈម និងការងារដែលមិនទាន់អនុវត្តបាន  ។
ទី៦) សូមសមត្ថកិច្ចពាក់ព័ន្ធ និងអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ពង្រឹងសមត្ថភាពការធ្វើចត្តាឡីស័កចំពោះពលករ និងប្រជាពលរដ្ឋដែលឆ្លងដែនចូលព្រះរាជាណាចក្រកម្ពុជា ឱ្យបានម៉ត់ចត់ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មី DELTA ដ៏កាចសាហាវនេះ ។

លោកស្រីក៏បាន ថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងសូមអរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតជោ (TYDA) ក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ដោយបានចេញអស់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងការបំពេញភារកិច្ចតាមការដាក់ទិសដៅរបស់រាជរដ្ឋាភិបាល បើទោះបីជាមានការប៉ះពាល់នៅសិទ្ធខ្លះរបស់ប្រជាពលរដ្ឋ និងបានចុះយកសំណាក និងព្យាបាលអ្នកជំងឺដោយពុំខ្លាចភាពនឿយហត់ដោយស្មារតីទទួលខុសត្រូវខ្ពស់  គឺក្នុងគោលបំណងកាត់ផ្តាច់ការចម្លងនៃព្រឹត្តិការណ៍ ២០កុម្ភៈ តែប៉ុណ្ណោះ ៕






 

អភិបាលខេត្តកំពង់ចាម សម្ដែងនូវការអបអរសាទរ ចំពោះស្ត្រីដែលជាប់លេខរៀងទី ៦លាន ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ដោយទទួលបានថវិកាលើកទឹកចិត្ត ពីលោកនាយករដ្ឋមន្ត្រី

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំង នឹងជម្ងឺកូវីដ ១៩ ចូលរួមសម្ដែងនូវសេចក្ដីអបអរសាទរ ចំពោះស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ ១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើកទឹកចិត្ត ចំនួន ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ការថ្លែងយ៉ាងអបអរនេះ គឺធ្វើឡើងនៅក្នុងឱកាស ដែលលោកដឹកកិច្ចប្រជុំរបស់គណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ ។

នាឱកាសនោះ លោក  អ៊ុន ចាន់ដា មានប្រសាសន៍ថា នេះគឺជាកិត្តិយសរបស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ ១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី ១០លាន ប៉ុន្តែ ជាព្វសំណាង ស្រាប់តែលេខរៀងទី ៦លាន គឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាម របស់យើង ។ លោកបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែ គិតគូអំ ពីអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ តាមរយៈ ដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើតឲ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរីករាករាលដាល នៃជម្ងឺកូវីដ ១៩ នៅក្នុងសហគមន៍ ប៉ុណ្ណោះទេ ក៏ប៉ុន្តែ រាជរដ្ឋាភិបាល បានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី ១៩ រួចហើយ ផងដែរ ។ ឯកឧត្ដមបញ្ជាក់ដែរថា យ៉ាងណាមិញ នៅថ្ងៃនេះ ផងដែរ លោកស្រី ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ នឹងដឹកនាំគណៈប្រតិភូ ដើម្បី នាំថវិកាលើកទឹកចិត្តរបស់លោកនាយករដ្ឋមន្ត្រី មកផ្ដល់ជូនបងស្រី ផេង សឿន នៅស្រុកចំការ ផងដែរ ។

 សូមបញ្ជាក់ថា បើតាមសារនៅក្នុងផេកផ្លូវការ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានសរសេរថា  ៖ «មកដល់ថ្ងៃនេះ កម្ពុជាយើង បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន ៦លាននាក់ ស្មើនឹង ៦០ភាគរយ នៃប្រជាជន ១០លាននាក់ ដែលត្រូវចាក់ ។ លេខរៀងទី ៦លាន បានទៅលើប្អូនស្រី ផេង សឿន អាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម ដែលខ្ញុំសូមចូលរួមអបអរសាទរ ។ លោកជំទាវ ឱ វណ្ណឌីន នឹងយកជំនួយថវិកា ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ដែលជាជំនួយរបស់ខ្ញុំ ទៅប្រគល់ជូនដោយផ្ទាល់ ។
  បើតាមរបាយការណ៍ របស់រដ្ឋបាលសាលាខេត្តកំពង់ចាម ស្ដីពីស្ថានភាពជម្ងឺកូវីដ ១៩ នៅក្នុងខេត្តកំពង់ចាម មកដល់បច្ចុប្បន្ននេះ នៅក្នុងខេត្តកំពង់ចាម មានករណីឆ្លងសរុប ចំនួន ៣.២៨៧ករណី ស្រី ២.១៧៤នាក់ ជាសះស្បើយ ២.៣៣៥នាក់ ស្រី ១.៦៨០នាក់ និងករណីស្លាប់ ៦១នាក់ ស្រី ៤០នាក់ ។ បច្ចុប្បន្ន ករណីឆ្លងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមេគង្គកំពង់ចាម មានចំនួន ៨៩១នាក់ ស្រី ៤៥៤នាក់ ។

 ជាការឆ្លើយតបទៅនឹងបញ្ហានេះ គណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងថ្នាក់ខេត្ត ដោយមានការយកចិត្តទុដាក់ ពីលោកនាយករដ្ឋមន្ត្រី ក៏បានដំណើរការចាក់វ៉ាក់សាំងបង្ការជូនប្រជាពលរដ្ឋ ចំនួន ២លើក គឺ ៖ លើកទី១ ក្នុងដូសទី១ ដើម្បី ចាក់ជូនប្រជាពលរដ្ឋ ១ក្រុង និងស្រុក ៤ សម្រេចបានចំនួន ២៣៤.៨១៥នាក់ ស្មើនឹង ៧០% ។ និងលើកទី២ ក្នុងដូសទី១ កំពុងចាក់ជូនប្រជាពលរដ្ឋ ចំនួន ៥ស្រុក រហូតមកដល់ពេលនេះ សម្រេចបានចំនួន ៨១.៥៣៤នាក់ ស្មើនឹង ៣០,២០% នៃផែនការ ។ ហើយក្រុមគ្រូពេទ្យជំនាញ ក៏កំពុងដំណើរការចាក់ជូនប្រជាពលរដ្ឋយើង ជារៀងរាល់ថ្ងៃ ផងដែរ ៕





អភិបាលរងខេត្តកោះកុង ដឹកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមការងារ

កោះកុង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានក្រុមការងារជួយគាំទ្រដល់រដ្ឋបាលស្រុកបូទុមសាគរ បានអញ្ជើញដឹកកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយអំពីតួនាទី ភារកិច្ចរបស់ក្រុមការងារ។

សូមជម្រាបផងដែថា ក្រុមការងារនេះមានភារកិច្ច ដូចខាងក្រោម ៖
១- ពង្រឹង និងជួយគាំទ្រដល់រដ្ឋបាលក្រុង ស្រុក ក្នុងការប្រយុទ្ធ ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩
២- រៀបចំផែនការសកម្មភាពទប់ស្កាត់ ផែនការគ្រប់គ្រងមណ្ឌលចត្តាឡីស័ក និងផែនការការផ្គត់ផ្គង់ត្រូវតាមដានជាប់ជាប្រចាំ និងត្រូវរាយការណ៍ជាបន្ទាន់នូវករណីផ្ទុះរាលដាល ករណីស្លាប់ ឬ ករណ៍ចាំបាច់នានា មកគ្រុបតេឡេក្រាមឈ្មោះ “Anti-Covide-19 Team
៣- ចុះពិនិត្យ និងតាមរៀនសភាពការណ៍តាមបណ្តាក្រុង ស្រុក ដើម្បីឆ្លើយតបទាន់ពេលវេលា ប្រសិនបើមានប្រជាពលរដ្ឋណាម្នាក់ មានអាការមិនប្រក្រតី ដូចជាក្តៅខ្លួនខ្លាំង ក្អក កណ្ដាស់ ហៀរសំបោរ ផ្តាសាយ ឈឺក្បាល វិលមុខ ឈឺបំពង់ក និងពិបាកដកដង្ហើមជាដើម
៤- សហការជាមួយគណៈកម្មការ និងក្រុមការងារដែលពាក់ព័ន្ធនឹងកិច្ចការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩
៥- សហការរៀបចំផែនការដើម្បីការពារ ប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងផ្សេងៗ ក្នុងការធានាសុខុមាលភាពជូនប្រជាពលរដ្ឋក្នុងខេត្តឱ្យមានប្រសិទ្ធភាពខ្ពស់
៦- ធ្វើការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យចូលរួមអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ តាមវិធានសុខាភិបាល និងតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា
៧- ធ្វើរបាយការណ៍ជាប្រចាំថ្ងៃជូនប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុក ជំងឺកូវីដ-១៩(Coid-19) របស់រដ្ឋបាលខេត្តកោះកុង អំពីសភាពការណ៍វិវត្តនៃជំងឺកូវីដ-១៩ និង
៨- អនុវត្តការងារផ្សេងទៀតតាមការចាំបាច់៕

 





 

ពិធីបើកកិច្ចប្រជុំស្តីពីការសម្រុះសម្រួលដោះស្រាយទំនាស់ក្បាលដី ក្នុងភូមិក្លែងពណ៌ ដោយព្រមព្រៀងគ្នាបញ្ចប់ទំនាស់តាមយុទ្ធសាស្ត្រឈ្នះៗ

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រុមការងារដោះស្រាយវិវាទ ដឹកនាំដោយលោក ឈុន សុខកុម្ភៈ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានដឹកនាំកិច្ចប្រជុំសម្រុះសម្រួលដោះស្រាយទំនាស់ចំនួន ៥ ក្បាលដី ដែលមានទំនាស់ក្នុងអំឡុងពេលបិទផ្សាយជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យការងារចុះបញ្ជីជាប្រព័ន្ធកាលពីឆ្នាំ២០១៩ មានទីតាំងនៅភូមិក្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ។

សូមជម្រាបផងដែរថា ជាលទ្ធផលភាគីទាំងសងខាងបានទទួលយកតាមការសម្រុះសម្រួល និងព្រមព្រៀងគ្នាបញ្ចប់ទំនាស់តាមយុទ្ធសាស្ត្រឈ្នះៗ។

លោក ឈុន សុខកុម្ភ: ក្នុងនាមក្រុមការងារសូមថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ ដែលតែងតែស្នើសុំការសម្រុះសម្រួលដោះស្រាយពីមន្ទីរ ដ.ន.ស.ស ខេត្ត និងមានការយោគយល់ អធ្យាស្រ័យ ទទួលយកការសម្រុះសម្រួលរបស់ក្រុមការងារតាមយុទ្ធសាស្ត្រឈ្នះៗទាំងអស់គ្នា៕


 

ក្រសួងក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូលធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាង

នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងក្រសួងពាណិជ្ជកម្ម ចេញសេចក្ដីបំភ្លឺចំពោះតម្លៃទំនិញលើទីផ្សារ និងទំនិញនាំចេញ-នាំចូល ជាពិសេសបញ្ហាថ្លៃសាច់ជ្រូកនាំចូលធៀបនឹងថ្លៃលើទីផ្សារក្នុងស្រុក និងថ្លៃនៅប្រទេសជិតខាងប្រទេសកម្ពុជា ។

ក្រសួងក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា មតិសាធារណៈមួយចំនួនមិនបានឆ្លុះបញ្ចាំងពីតួនាទី និងភារកិច្ចរបស់ក្រសួងពាណិជ្ជកម្ម ដែលកំណត់ដោយរដ្ឋធម្មនុញ្ញ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ក្រសួងពាណិជ្ជកម្មសូមបំភ្លឺជូនសាធារណជន និង ប្រជាពលរដ្ឋ ដូចខាងក្រោម៖

១. រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានកំណត់ឱ្យរដ្ឋអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដែលមានកំណត់ក្នុងច្បាប់ ហើយត្រូវយកចិត្តទុកដាក់ជួយដោះស្រាយមធ្យោបាយផលិតកម្ម ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ ផ្អែកតាមគោលការណ៍គ្រឹះនេះ ក្រសួងពាណិជ្ជកម្មបានចរចាបើកច្រកទីផ្សារក្រៅប្រទេសដោយមិនចាំបាច់បង់ពន្ធ បានជួយសម្រួលដល់យន្តការទីផ្សារឱ្យមានការនាំចេញ-នាំចូលនូវមធ្យោបាយផលិតកម្ម និងទំនិញនានា ដោយសេរី និងគ្មានដាក់វិធានការរំខានណាមួយដែលគ្មានកំណត់ក្នុងច្បាប់នោះឡើយ។ ជាទូទៅ ការអនុវត្តយន្តការផ្សារសេរីនេះ ក៏មានចែងក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីក្រោមក្របខ័ណ្ឌអង្គការពាណិជ្ជកម្មពិភពលោក និងអាស៊ានផងដែរ។ ក្នុងករណី ប្រទេសណាមួយដាក់វិធានការរិតត្បិតលើការនាំចូលណាមួយ ប្រទេសនោះត្រូវកំណត់នៅក្នុងលិខិតបទដ្ឋានច្បាប់ក្នុងស្រុក ហើយជូនដំណឹងអំពីវិធានការនោះដោយមានតម្លាភាព និងកំណត់នីតិវិធីច្បាស់លាស់។

២. ដោយឡែក ការនាំចូលសាច់ជ្រូក និងជ្រូករស់ គឺត្រូវស្ថិតក្រោមការធ្វើនិយ័តកម្មស្របតាមច្បាប់ និងអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យប្រើប្រាស់បញ្ជីទំនិញហាមឃាត់ និងទំនិញជាប់កម្រិតកំណត់ ដែលតម្រូវឱ្យសុំអាជ្ញាប័ណ្ណអនុញ្ញាតការនាំចូលជ្រូក ពីអង្គភាពជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលកិច្ចការនេះមិនស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្មទ្បើយ។ ការធ្វើតុល្យភាពនៃសេចក្តីត្រូវការក្នុងស្រុកជាមួយនឹងផលិតកម្មក្នុងស្រុក ព្រមទាំងការអនុញ្ញាតឱ្យនាំចូលក្នុងបរិមាណណាមួយ គឺជាសិទ្ធិសម្រេចរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចមានកំណត់ក្នុងអនុក្រឹត្យលេខ ១៧ អនក្រ.បក។

៣. ក្រសួងពាណិជ្ជកម្មដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល មិនដែលបានអនុវត្ត ឬដាក់ចេញនូវយន្តការ និងវិធានការណាមួយសម្រាប់គ្រប់គ្រងតម្លៃទំនិញ (price control) នាំចូល ឬទំនិញដែលធ្វើចរាចរក្នុងទីផ្សារកម្ពុជានោះទ្បើយ តែបរិមាណផ្គត់ផ្គង់ និងតម្រូវការនៅលើទីផ្សារទេ ដែលជាកត្តាកំណត់តម្លៃទំនិញ។លើកលែងតែ ក្នុងករណីមានរបាយការណ៍ស៊ើបអង្កេតដែលអាចបញ្ជាក់បានថា មានមុខទំនិញនាំចូលជាក់លាក់ណាមួយ ត្រូវបានលក់បង្ខូចថ្លៃ (លក់ទាបជាងថ្លៃដើមផលិតកម្ម) ឬមានការធ្វើឧបត្ថម្ភធនដោយប្រទេសនាំចេញ ឬទំនិញនាំចូលនោះត្រូវបាននាំចូលដោយមានការកើនទ្បើងដោយគំហុកនោះ ក្រសួងពាណិជ្ជកម្មនឹងធ្វើការស៊ើបអង្កេត និងឈានទៅអនុវត្តវិធានការនានា រួមទាំងការកំហិតបរិមាណ និងដំឡើងពន្ធនាំចូលផងដែរ ដូចមានចែងក្នុងច្បាប់ជាធរមាន សំដៅការពារ និងដោះស្រាយផលប៉ះពាល់ជាអវិជ្ជមានមកលើកសិករ ឬឧស្សាហកម្មកម្ពុជា។

៤. សូមបញ្ជាក់ជូនផងដែរថា ពាក់ព័ន្ធនឹងការបោះផ្សាយនូវសេចក្តីជូនដំណឹងស្តីពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមបណ្តាស្ថានីយ៍នានា ដែលក្រសួងពាណិជ្ជកម្មបាននិងអនុវត្តកន្លងមក មិនមែនជាការកំណត់ថ្លៃលក់រាយនៃប្រេងឥន្ធនៈនៅកម្ពុជានោះទេ តែនេះគឺជាយន្តការមួយ ដែលជួយផ្សព្វផ្សាយដោយតម្លាភាពនូវការឡើងចុះនៃថ្លៃនៃប្រេងឥន្ទនៈ ដែលមានការប្រែប្រួល រត់តាមការប្រែប្រួលថ្លៃនៃប្រេងឥន្ទនៈនៅក្នុងទីផ្សារអន្តរជាតិ ដោយក្រសួងគ្រាន់តែយកកត្តានានាទាក់ទងនឹងថ្លៃ មកគណនាតាមរូបបមន្តទូទៅ ហើយបញ្ចេញឱ្យសាធារណជនជ្រាបអំពីថ្លៃប្រេងឥន្ទនៈ ដែលក្រុមហ៊ុនប្រេងក្នុងស្រុកកំពុងប្រកបអាជីវកម្មនៅកម្ពុជាតែប៉ុណ្ណោះ។

៥. ចំពោះការធ្វើសន្ទស្សន៍ថ្លៃទំនិញចរាចរក្នុងទីផ្សារកម្ពុជាជាប្រចាំ ក្រសួងពាណិជ្ជកម្មមានភារកិច្ចសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រឹមតែស្រង់សន្ទស្សន៍ថ្លៃទំនិញទូទៅ ដើម្បីប្រើប្រាស់ជាស្ថិតិសម្រាប់ការងារស្រាវជ្រាវ ការវិភាគ និងតាមដានអត្រាអតិផរណា សំដៅដាក់ចេញនូវវិធានការណាមួយ ដែលអាចជួយសម្រួលដល់លំហូរទំនិញនៅក្នុងស្រុក និងនាំចេញ-នាំចូល តាមយន្តការទីផ្សារសេរីតែប៉ុណ្ណោះ។
៦. ពាក់ព័ន្ធនឹងសំណូមពរឱ្យមានយន្តការសម្រាប់ស្រង់ និងសម្របសម្រួលលើបរិមាណ និងថ្លៃលក់មុខទំនិញយុទ្ធសាស្រ្តណាមួយនៅលើទីផ្សារ នោះក្រសួងពាណិជ្ជកម្មនឹងសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីសុំឱ្យមានកិច្ចប្រជុំពិភាក្សាក្រោមក្របខ័ណ្ឌគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មុននឹងគោរពស្នើសុំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល លើបញ្ហានេះ។

សេចក្តីដូចបានបំភ្លឺជូនខាងលើ សូមសាធារណជន និងបណ្តាញសារព័ត៌មាននានា មេត្តាជ្រាបជាព័ត៌មាន៕



ជំនួយវ៉ាក់សាំង AstraZeneca ចំនួន១លានដូស របស់រដ្ឋាភិបាលជប៉ុន និងដឹកមកដល់កម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ (បើមិនមានការប្រែប្រួល)

 នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ បើមិនមានការប្រែប្រួលទេ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន  នឹងអញ្ជើញទៅទទួលវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន និងដឹកមកដល់កម្ពុជា។
សូមជម្រាបជូនថា កាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ជំនួយវ៉ាក់សាំង AstraZeneca ចំនួនប្រមាណ១លានដូសដល់កម្ពុជា ដែលជំនួយនេះធ្វើឡើងស្របតាមចំណងមិត្តភាពរវាង ជប៉ុន និងកម្ពុជា និង ដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។
វ៉ាក់សាំងដែលត្រូវបានផ្ដល់អាជ្ញាបណ្ណផលិតក្នុងប្រទេសជប៉ុន ដែលត្រូវបានដឹកជញ្ជូនមកដល់ រាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ គឺក្រោយពេលដែលការរៀបចំភ័ស្តុភារដោយ COVAX Facility បានបញ្ចប់។ ជំនួយនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្មណ៍មួយចំនួនរបស់ប្រជាជនកម្ពុជា។
សូមបញ្ជាក់ថា មកទល់ពេលនេះ រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយសរុបប្រមាណជាង៥០លានដុល្លារអាមេរិកដល់កម្ពុជាដែលរួមមានការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជម្ងឺតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូន និងរក្សាទុកវ៉ាក់សាំងឲ្យបានត្រឹមត្រូវផងដែរ។ រដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជាកម្ចីប្រមាណ ២២៧លានដុល្លារអាមេរិក ដែលត្រូវបានប្រើប្រាស់ក្នុងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយសារកូវីដ១៩ និងសម្រាប់ការពង្រឹងប្រព័ន្ធសុខាភិបាល។
គិតត្រឹតថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៦,២០២,៤១៤នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៦២.០២%។
បើតាមតួលេខនេះ កម្ពុជាកំពុងឈរលំដាប់ទី២ បន្ទាប់ពី សឹង្ហបូរី បើគិតនៅក្នុងតំបន់អាស៊ាន។ ប្រការនេះបានធ្វើឱ្យប្រទេស និងមជ្ឈដ្ឋាន មួយចំនួនបានបើកភ្នែកធំៗ ព្រោះត្បិតនឹកស្មានមិនដល់ថា កម្ពុជាដែលជាប្រទេសតូច និងធនធានមានកម្រិត អាចមានលទ្ធភាពបើក យុទ្ធនាការចាក់វ៉ាក់សាំងជូនអ្នកផ្តល់សេវាជួរមុខ មន្រ្តីរាជការ និងក្រុមជនអាទិភាពព្រមទាំងប្រជាពលរដ្ឋរបស់ខ្លួន ដូចបណ្តាប្រទេសជឿនលឿននានាដែរសោះ។
កន្លងមក ក៏ដូចជាបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញយុទ្ធសាស្ត្រចាក់វ៉ាក់សាំងនេះឱ្យបានលឿនតាមដែលអាចធ្វើទៅបានជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ប្រមុខរាជរដ្ឋាភិបាលកម្ពុជា  បានដាក់ចេញផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើងប្រមាណ១៣លាននាក់ ត្រូវនឹងវ៉ាក់សាំងប្រមាណ ២៦លានដូស។កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំ២០២១នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។
ទន្ទឹមនឹងនេះប្រមុខរាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចបើកដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និង យុវវ័យ ចាប់ពីអាយុ ១២ ដល់ ១៧ ឆ្នាំ ដែលជំហានដំបូងដំណើរការចាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល។


ពិធីបើកកិច្ចប្រជុំស្ដីពីការប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២២-២០២៤) របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០១ នៅសាលប្រជុំខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំស្ដីពីការប្រជុំផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីដំណើរការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤) ខេត្តកំពង់ឆ្នាំង តាមរយ:ប្រព័ន្ធវីដេអូ “ ZOOM ” ក្រោមការដឹកនាំរបស់លោក អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង  និងជាប្រធានក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។  

ដោយមានការចូលរូមពីលោកលោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត នាយកទីចាត់ការនានារបស់សាលាខេត្ត  អភិបាល អភិបាលរង ក្រុង ស្រុក នាយក នាយករងរដ្ឋបាលក្រុង ស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ សង្កាត់នៃរដ្ឋបាលក្រុង ស្រុក និងតំណាងអង្គការ សមាគមចំនួន៥ក្នុងខេត្តកំពង់ឆ្នាំង។

គោលបំណងនៃកិច្ចប្រជុំ ធ្វើឡើងដើម្បីផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២២-២០២៤)ខេត្ត
,ដើម្បីឲ្យអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងខេត្ត យល់ពីខ្លឹមសារនៃសេចក្តីណែនាំស្តីពីការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត, និងបានយល់ពីខ្លឹមសារលិខិតបទដ្ឋាននានា កញ្ចប់ថវិកាប្រចាំឆ្នាំ សារៈសំខាន់នៃការចូលរួមកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត៕





 

ជនជាតិបរទេសដែលរស់នៅក្នុងខេត្តសៀមរាបទទួលបានចាក់វ៉ាក់សាំងការពារជំងឺកូវី-១៩ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១

សៀមរាប៖ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ គឺជាយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១  ជូនដល់ជនបរទេសទាំងអស់ដែលកំពុងស្នាក់នៅ និងកំពុងបំពេញការងារក្នុងខេត្តសៀមរាបហើយ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដោយមិនគិតថ្លៃគ្រប់ៗគ្នា។

ក្នុងនាមរដ្ឋបាលខេត្តសៀមរាប បានជម្រាបថា អនុវត្តតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ជូនដល់ជនបរទេសក្នុងខេត្តសៀមរាបនោះ គឺផ្តល់ជូនដល់តែចំពោះជនបរទេសណា ដែលបានធ្វើសំណើមកកាន់រដ្ឋបាលខេត្តសៀមរាបនារយៈពេលកន្លងមក ដែលមានចំនួនប្រមាណជាង២ពាន់នាក់  ពិសេសគឺធ្វើឡើងតាមគោលការណ៍មិនគិតថ្លៃ និង ស្របតាមគោលការណ៍ស្ម័គ្រចិត្ត និង ត្រូវចាក់ជូនឲ្យបានគ្រប់ៗគ្នា រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមជម្រាបផងដែរថា ថ្ងៃនេះជាថ្ងៃទី១ នៃការចាក់វ៉ាក់ជូនជនជាតិបរទេស ក្រុមការងារបានចាក់វ៉ាក់សាំងជូនជនជាតិបរទេសសរុបបានចំនួន ៧៤៥នាក់ ស្រី ២៨៧នាក់។

សូបញ្ជាក់ផងដែរថា តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាបស្តីពីការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩  ជូនដល់ជនបរទេសក្នុងខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះជនបរទេសទាំងអស់ដែល មានបំណងចង់ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ សូមភ្ជាប់ជាមួយនៅឯកសារពាក់ព័ន្ធដែលមានដូចជា ៖ លិខិតឆ្លងដែន ដែលទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា នៅមានសុពលភាព (គិតត្រឹមថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២១ ) ហើយចំពោះជនបរទេស ទាំងឡាយណាដែលមានទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជាហួសសុពលភាព  ហើយមានបំណងចង់ចាក់វ៉ាក់សាំង គឺត្រូវទៅធ្វើការពន្យាទិដ្ឋាការនៃការស្នាក់នៅក្នុងប្រទេសកម្ពុជា ស្របតាមនីតិវិធីដែលមានជាធរមាន  និងលិខិតបញ្ជាក់សុខភាព ឬ វេជ្ជបញ្ជានៃការប្រើប្រាស់ថ្នាំនានា ដែលកំពុប្រើប្រាស់ជារៀងរាល់ថ្ងៃប្រសិនបើមាន។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋ និងជនជាតបរទេដែលកំពុងស្នាក់នៅខេត្តសៀមរាបសូមធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាជរដ្ឋាភិបាលកម្ពុជា ពិសេសសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែគិតគូពីសុខភាពប្រជាពលរដ្ឋ ក៏ដូចជាជនជាតិបរទេសដោយពុំគិតពីនិន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរឡើយ៕








 

អភិបាលខេត្តត្បូងឃ្មុំ នាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ប្រគេនដល់ព្រះសង្ឃ គង់នៅវត្តចំនួន០២ ក្នុងស្រុកក្រូចឆ្មារ

ត្បូងឃ្មុំ៖ ដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ លោក ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន ព្រមទាំងគ្រួសារ បាននាំយកទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តចំនួន០២ គឺវត្តកោះត្រែង និងវត្តកោះម៉ឺននួង ក្នុងស្រុកក្រូចឆ្មារ ដើម្បីផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ ក្នុងឳកាសពិធីបុណ្យចូលព្រះវស្សា ដែលឈានចូលមកដល់នាថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ។

លោក ជាម ច័ន្ទសោភ័ណ មានប្រសាសន៍លើកឡើងថា ការអភិវឌ្ឍរីកចម្រើន ឥតឈប់ឈរ របស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ហើយការរីកចម្រើននេះ គឺមិនអាចកាត់ផ្តាច់បានពីវិស័យពុទ្ធចក្រ ដែលជានិច្ចកាលវិស័យពុទ្ធចក្រ និងអាណាចក្រ ត្រូវដើរទន្ទឹមគ្នា ដើម្បីកសាងប្រទេសជាតិឱ្យបានរីកចម្រើនជាលំដាប់។

ស្ថិតក្នុងឱកាសនោះ លោក ជាម ច័ន្ទសោភ័ណ បានផ្ដាំផ្ញើដល់ព្រះសង្ឃ និងប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាថែរក្សាសុខសន្តិភាពនេះឲ្យបានគង់វង្ស ព្រោះសន្តិភាពមានសារៈសំខាន់ណាស់ សម្រាប់ជំរុញនូវការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន ជាពិសេសបន្តអនុវត្តន៍ វិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល «៣កុំ ៣ការពារ» ឲ្យមានប្រសិទ្ធភាព ក្នុងការរួមគ្នាទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដ១៩។


លោក ជាម ច័ន្ទសោភ័ណ និងភរិយា ព្រមទាំងគ្រួសារ នាំយកទៅប្រគេនវត្តទាំង០២រួមមាន វត្តកោះត្រែង៖ ទៀនព្រះវស្សា០២គូ, អង្ករ៥បេ, មី០៦កេស, ត្រីខ០៥យួរ, ទឹកក្រូច៦កេស, ទឹកត្រី ១០យួរ, ទឹកស៊ីអុីវ១០យួរ, ទឹកសុទ្ធ៦កេស, ប្រេងឆា, តែ, ស្ករស, អំបិល និងបច្ច័យ២លានរៀល ព្រមទាំងប្រគេនវត្តកោះម៉ឺងនួង បច្ច័យចំនួន១លានរៀលផងដែរ៕