Monday, January 11, 2016

គណៈកម្មា​ធិការ​អចិ​ន្រ្តៃយ៍​ព្រឹទ្ធសភា នឹង​បើក​កិច្ច​ប្រជុំ​នៅថ្ងៃ​អង្គារ ទី១២ ខែមករា ឆ្នាំ២០១៦

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៅថ្ងៃច័ន្ទ ទី១១ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង៨៖០០ព្រឹក គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាព សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

តាមសេចក្តីជូនដំណឹងនេះដែរក៏បានឱ្យដឹងថា កិច្ចប្រជុំនេះមានរបៀបវារៈចំនួនពីរគឺ ១- ពិនិត្យនិងសម្រេចលើសណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ នៅក្នុងរបៀបវារៈសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៣ និង២- កំណត់របៀបវារៈ និងកាលបរិច្ឆេទ បន្តសម័យប្រជុំលើកទី៨ព្រឹទ្ធសភា និតិកាលទី៣៕


រដ្ឋមន្រ្តីក្រសួង​បរិស្ថាន​អនុញ្ញាតិ​អោយ​តំណាង​សមាគមន៍​នាវាយុវជន​អាសុីអាគ្នេយ៍​កម្ពុជា​ជួប​សំណេះសំ​ណាល

នៅព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១៦ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតិអោយ​តំណាងសមាគមន៍​នាវា​យុវជនអាសុីអាគ្នេយ៍កម្ពុជា ដើម្បីជួបសំណេះសំណាល និង ជួបពិភាក្សាលើការរៀបចំកម្មវិធី នៅថ្ងៃទី SSEAYP international General Assembly 2016 នៅខេត្តសៀមរាបនាពេលខាងមុខនេះ។ ម្យ៉ាងវិញគោលដៅសំខាន់នៃការរៀបចំនេះ គឺដើម្បីរឹតចំណង មិត្តភាពរវាងបណ្តាប្រទេស Asean និង ជប៉ុន ការផ្លាស់ប្តូរនៅពត៍មាន និងសកម្មភាពរបស់តំណាង សហគមន៍តាមប្រទេសនីមួយៗ ព្រមទាំងការលើកកម្ពស់សកម្មភាពយុវជនក្នុងកិច្ចការសង្គមផងដែរ ។ អញ្ជើញក្នុងឪកាសនោះផងដែរ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានមានមតិផ្តាំផ្ញើរ និងលើកទឹកចិត្តដល់ ក្រុម សមាគមន៍យុវជននាវាអាសុីអាគ្នេយ៍ ដែលបានចូលរួម នៅក្នងកិច្ចគាំពារបរិស្ថាននៅក្នុងសង្គម មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានផ្តល់ជាគំនិត ក្នុងការចូលរួម និងអភិវឌ្ឍន៍នៅក្នុងវិស័យបរិស្ថាន ធ្វើយ៉ាងណាអោយការរស់នៅប្រកបដោយចីរភាព តាមរយៈការអភិរក្សជីវចម្រុះប្រកបដោយនិរន្តរភាព៕







រដ្ឋសភាបន្ត​សម័យ​ប្រជុំរដ្ឋសភា​លើក​ទី៥ នីតិ​កាល​ទី៥ ​ដោយ​ត្រូវពិនិត្យ​និងពិភា​ក្សាសេច​ក្តីព្រាង​ច្បាប់ចំនួនបី

សម្តេចអគ្គមហាពញាចក្រី  ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែមករា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ រដ្ឋសភា ដើម្បីពិនិត្យ និងអនុម័ត របៀបវារៈចំនួនបី ក្នុងនោះ កិច្ចប្រជុំបានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៥ នៅថ្ងៃពុធ ទី១៣ ខែមករា ឆ្នាំ២០១៦។

តាមលទ្ធលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានាព្រឹកនេះ សេចក្តីព្រាងច្បាប់ ចំនួនបី ដែលត្រូវរដ្ឋសភា នឹងលើកយកទៅពិភាក្សា និងអនុម័ត ក្នុងសម័យប្រជុំ នាព្រឹកថ្ងៃពុធ ទី១៣មករា នេះ ហើយនឹងមានការពិភាក្សានិងអនុម័តសេក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ការបង្កើតធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ការពិភា​ក្សានិងអនុម័ត  សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៤ និងការពិភាក្សានិង អនុម័ត សេចក្តីព្រាងច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម។

នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍ រដ្ឋសភា នាព្រឹកនេះ ក៏បានអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី បែបបទ នីតិវិធី និងវិធាន នៃការ តំាងសំណួរ ចម្លើយ និងការបំភ្លឺនៅរដ្ឋសភា ផងដែរ៕ 



 



ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ ឯកឧត្តម សួស គង់ និង ឯកឧត្តម នួន ផារ័ត្ន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ

នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៦ នៅសាលាបឋមសិក្សាត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានរៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងពិនិត្យព្យាបាល ជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្រោមការដឹកនាំរបស់​ឯកឧត្តម ឡាយ អ៊ីពិសិទ្ធ អនុប្រធានគណៈកម្មការទី៤ និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំ ភូមិភាគទី៧ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការអភិវឌ្ឍន៍ជនបទ សហការជាមួយឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ដមណ្ឌលខេត្តកំពង់ស្ពឺ ដែលមានឯកឧត្តម នួន ផារ័ត្ន ជាតំណាង និងដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ នៃស្រុកភ្នំស្រួច និងប្រជាពលរដ្ឋចំនួន ៣០០នាក់ កម្មវិធីពិនិត្យ និងព្យាបាលជំងឺប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១១​ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ ។




"ឆ្លុះកញ្ចក់ មុជទឹក ដុស​ក្អែល និង​ព្យាបាល" គឺជា​របៀប​នៃ​កំណែ​ទម្រង់​ដ៏មាន​ប្រសិទ្ធិ​ភាព​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា

សន្និបាតគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាលើកទី៣៩ អាណត្ដិទី៥ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៩ ខែមករា ដល់ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៦ ក្រោមអធិបតីភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្ដិយសគណបក្សបានទទួលលទ្ធផលជាច្រើន ប៉ុន្តែគណបក្សបានលើកយកនូវចំណុចអាទិភាពចំនួន៩យកមកបង្ហាញរួមមាន៖

ទី១. អង្គសន្និបាតបានពិនិត្យយ៉ាងល្អិតល្អន់ និងវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃការ អនុវត្ដសេចក្ដី​​​​សម្រេចចិត្ដនៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សនា ខែមករា ខែកុម្ភៈ ឆ្នាំ២០១៥ និងសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៣៨ អាណត្ដិទី៥ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៥។ ទី២.អង្គសន្និបាតគាំទ្រពេញទំហឹងចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៥ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ក្នុងការអនុវត្ដកម្មវិធីនយោបាយ និងយុទ្ធសាស្រ្ដចតុកោណដំណាក់ទី៣ ដែលសម្រេច​​បាននូវសមិទ្ធផលថ្មីៗជាច្រើនជូនជាតិ និងប្រជាជន។

ទី៣.អង្គសន្និបាតបានពិនិត្យវាយតំលៃយ៉ាងល្អិតល្អន់ទាំងចំណុចខ្លាំង និងចំណុចខ្វះខាតនៃការងារកសាងពង្រឹងគណបក្សលើគ្រប់វិស័យ ព្រមទាំងបានដាក់ចេញនូវទិសដៅភារកិច្ចសំខាន់ៗ សំដៅបន្ដអនុវត្ដដោយជោគជ័យនូវសេចក្ដីសម្រេចចិត្ដ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនាដើមឆ្នាំ២០១៦ ត្រៀមលក្ខណៈសម្បត្ដិដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោត​​​ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្ដិទី៤ នាឆ្នាំ២០១៧ និងបន្ដឈានឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៦ នាឆ្នាំ២០១៨ខាងមុខ។

ទី៤. អង្គសន្និបាតបានណែនាំដល់ថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ និងមន្រ្ដីគណបក្សគ្រប់រូបត្រូវលើកកម្ពស់ស្មារតីទទូលខុសត្រូវ បន្ដចូលរួមអនុវត្ដនូវកំណែទម្រង់ដ៏ទូលំទូលាយ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាព មានលក្ខណៈពេញលេញ ស្មោះត្រង់ និងការតាំងចិត្ដខ្ពស់តាមអភិក្រម "ឆ្លុះកញ្ចក់ មុជទឹក ដុសក្អែល និងព្យាបាល" ដែលជាការងារដ៏មានសារៈសំខាន់បំផុត សម្រាប់ប្រទេសជាតិ និងគណបក្សប្រជាជនកម្ពុជា។

ទី៥. អង្គការសន្និបាតបន្ដជំរុញការអនុវត្ដ"កិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយ ថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៤" និង"វប្បធម៌សន្ទនា" ដូចបានលើកក្នុងសេចក្ដីថ្លែងការណ៍រួមរវាងគណបក្សទាំង២ ដែលមានអាសនៈក្នុងរដ្ឋសភា នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ និងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥ ដោយឈរលើភាពស្មោះត្រង់ និងប្រឆាំងដាច់ខាតនូវទង្វើចាប់ដៃជាន់ជើង ដូចអ្នកនយោបាយទុច្ចរិតខ្លះ បានប្រព្រឹត្ដនាពេលកន្លងមក។

ទី៦. អង្គសន្និបាតលើកកម្ពស់ស្មារតីឯកភាពជាតិ ការពារដាច់ខាតរាល់សមិទ្ធផលរបស់សង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យជំនះ៧ មករា ឆ្នាំ១៩៧៩មក ក្នុងនោះខិតខំពង្រឹងសន្ដិភាព ស្ថិរភាពនយោបាយ សន្ដិសុខ សណ្ដាប់ធ្នាប់សង្គម ហើយរាំងស្កាត់រាល់សកម្មភាពណាដែលអាចនាំឲ្យប្រទេសជាតិធ្លាក់ក្នុងភាពច្របូកប្របល់។ ទី៧. អង្គសន្និបាតជំរុញដំណើរការអភិវឌ្ឍសេដ្ឋកិច្ចឲ្យសម្រេចបានទិសដៅកំណើនក្នុងរង្វង់៧ភាគរយ ក្នុងឆ្នាំ២០១៦នេះ ជាមួយនឹងការលើកកម្ពស់សមធម៌ ក្នុងការទទួលបានផ្លែផ្កានៃកំណើនសេដ្ឋកិច្ចសម្រាប់ប្រជាជនគ្រប់ៗរូប ទាំងនៅទីជនបទ ទាំងនៅទីប្រជុំជន និងទីក្រុង។ 

ទី៨. អង្គសន្និបាតបានធ្វើការកត់សម្គាល់យ៉ាងយកចិត្ដទុកដាក់ ចំពោះសភាពការណ៍ពិភពលោក ដែលកំពុងវិវត្ដន៍ស្មុគ្រស្មាញ ទាំងខាងសេដ្ឋកិច្ច យោធា នយោបាយ និងការទូត ព្រមទាំងមានបញ្ហាប្រឈមរួមធំៗជាច្រើន សម្រាប់គ្រប់ប្រជាជាតិ ប៉ុន្ដែទោះបីជាយ៉ាងនេះក្ដី ក៏ប្រទេសទាំងអស់មាននិន្នាការរួមគឺការថែរក្សាសន្ដិភាព ស្ថិរភាព សន្ដិសុខ ដែលជាលក្ខខណ្ឌមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍប្រទេសជាតិ និងទី៩. អង្គសន្និបាតវាយតំលៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្រ្ដី និងសមាជិក សមាជិកាគណបក្សគ្រប់រូប ដែលបានខិតខំប្រឹងប្រែងអនុវត្ដសម្រេចរាល់ភារកិច្ច ដែលគណបក្ស និងប្រជាជនប្រគល់ជូន។

ជាចុងក្រោយអង្គសន្និបាត បានអំពាវនាវដល់ជនរួមជាតិទាំងមូល និងគ្រប់មជ្ឈដ្ឋានក្នុងសង្គម សូមបន្ដរួមសាមគ្គីជាធ្លុងមួយ នៅក្រោមបាវចនា "ជាតិ សាសនា ព្រះមហាក្សត្រដើម្បីសម្រេចបាននូវសមិទ្ធផលធំៗថ្មីៗទៀត ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា៕