Monday, August 22, 2022

សម្តេចតេជោ ហ៊ុន សែន ទទួលជួបឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជាដែលចប់អណត្តិ



នៅរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ ធីណា រ៉េដស “Tina Redshaw” ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាក្នុងឱកាសនោះលោកជំទាវបានចប់អាណត្តិការទូតនៅកម្ពុជា។ 


លោកជំទាវ ធីណា រ៉េដស បានថ្លែងអំណរគុណសម្តេចតេជោ មន្ត្រីរាជការ និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានផ្តល់កិច្ចសហការយ៉ាងល្អ ធ្វើឱ្យបេសកកម្មការទូតរបស់លោកទទួលបាននូវលទ្ធផលល្អប្រសើរ។


លោកជំទាវ បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការល្អនេះ បានធ្វើឱ្យលោកជំទាវសម្រេចនូវការងារជាច្រើន ក្នុងការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិលើវិស័យមួយចំនួនដូចជា អប់រំ បរិស្ថាន សេដ្ឋកិច្ច ពាណិជ្ជកម្ម សុខាភិបាល និងដោះមីនជាដើម។


បន្ទាប់ពីការបំពេញបេសកកម្មការទូតនៅកម្ពុជា រយៈពេលប្រមាណជា ៤ឆ្នាំកន្លងមកនេះ លោក ជំទាវ ធីណា រ៉េដស បានជម្រាបសម្តេចតេជោថា លោកជំទាវមានសុទិដ្ឋិនិយមថា កម្ពុជា នឹងទទួលបានការអភិវឌ្ឍប្រកបដោយចីរភាព។


ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវ ធីណា រ៉េដស ដែលបានប្រឹងប្រែងបំពេញបេសកកម្មការទូតអស់ពីកម្លាំងកាយចិត្តដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា និងអង់គ្លេស។ សម្តេចតេជោ បានឆ្លៀតថ្លែងអំណរគុណផងដែរ ដល់រដ្ឋាភិបាល និងចក្រភពអង់គ្លេស ដែលតែងតែផ្តល់ជំនួយជួយកម្ពុជា ចូលរួមចំណែកក្នុងការរកសុខសន្តិភាព និងការអភិវឌ្ឍ។ សម្តេចតេជោ បានជូនពរឱ្យលោកជំទាវ ធីណា រ៉េដស ទទួលបានជោគជ័យក្នុងបេសកកម្មដទៃទៀតរបស់លោកជំទាវ ក្រោយចាកចេញពីកម្ពុជា។


សូមបញ្ជាក់ថា លោកជំទាវ ធីណា រ៉េដស បានចូលមកបំពេញការងារនៅកម្ពុជាកាលពីឆ្នាំ២០១៨។ ក្នុងអាណត្តិការងាររយៈពេលប្រមាណ ៤ឆ្នាំនេះ លោកជំទាវ បានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចក្រភពអង់គ្លេស។ លោកជំទាវ បានពិនិត្យ និងជំរុញនូវកម្មវិធីអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរការអភិវឌ្ឍរបស់កម្ពុជា៕

វិភាគអន្តរជាតិ៖ តើលោក ប្រាយុទ្ធ អាចនឹងរបូតតំណែងជានាយករដ្ឋមន្ត្រីថៃ ឬ?


(បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោក បា្រយុទ្ធ ចាន់អូចា (Prayuth Chan-ocha) ធ្លាប់បានឆ្លងផុតការបោះឆ្នោតដកសេចក្ដីទុកចិត្តចំនួន ៤លើកមកហើយ ក្នុងនោះរួមមានទាំង ការបោះឆ្នោតលើកចុងក្រោយបំផុត កាលពីខែកក្កដាកន្លងទៅនេះ។ ប៉ុន្តែ លោក ប្រាយុទ្ធ កំពុងប្រឈមមុខនឹងសម្ពាធ និងការអំពាវនាវឱ្យរូបលោកចុះចេញពីតំណែងសាជាថ្មី ដោយសារតែបញ្ហាអាណត្តិរបស់លោក។

ក្រុមសមាជិកសភាថៃ មកពីគណបក្សប្រឆាំងដែលបានទទួលបរាជ័យដល់ទៅ ៤លើកដូចគ្នាដែរនោះ ដើម្បីទម្លាក់លោក ប្រាយុទ្ធចេញពីតំណែងនៅក្នុងសភា បានស្នើសុំឱ្យ តុលាការធម្មនុញ្ញថៃធ្វើការសម្រេចចិត្តថាតើលោក បា្រយុទ្ធ អាចបន្តកាន់តំណែងជានាយករដ្ឋមន្ត្រី តទៅទៀតបានដែរ ឬក៏យ៉ាងណា នៅក្រោយថ្ងៃទី២៤ ខែសីហានេះ ជាថ្ងៃដែល គណបក្សប្រឆាំងចាត់ទុកថាជាគំរប់ខួប ៨ឆ្នាំនៃការកាន់អំណាចរបស់លោក ប្រាយុទ្ធ។ ដូច្នេះហេតុអ្វីបានជាគណបក្សប្រឆាំងថៃយកគំរប់ខួប ៨ឆ្នាំនៃការកាន់អំណាចនេះមកដាក់ សម្ពាធឱ្យលោក ប្រាយុទ្ធ ចុះចេញពីអំណាច?


សម្រាប់គណបក្សប្រឆាំងថៃ នេះគឺជាឱកាសល្អមួយដែលពួកគេចង់សាកល្បងបណ្ដេញពីលោក ប្រាយុទ្ធ ពីតំណែង ដោយសំអាងលើមាត្រា១៥៨ នៃរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នស្ដីពី ការកំណត់អាណត្តិនាយករដ្ឋមន្ត្រីថៃ ដែលបានចែងថា «នាយករដ្ឋមន្ត្រីម្នាក់មិនអាចកាន់តំណែងលើសពី ៨ឆ្នាំនោះទេ បើទោះជាជាប់ ឬមិនជាប់ឆ្នោតជាប់ៗគ្នាក៏ដោយ»។ តែ បញ្ហាធំ នោះគឺនៅត្រង់ការខ្វែងគំនិតគ្នាថាតើអាណត្តិលោក ប្រាយុទ្ធ ចាប់ផ្ដើមរាប់តាំងពីពេលណាមក? គណបក្សប្រឆាំងថៃយល់ថានេះជាឱកាសល្អមួយដើម្បីអូសលោក ប្រាយុទ្ធ ឱ្យធ្លាក់ទឹកក្នុងបរិបទដែលការស្ទង់មតិបង្ហាញថាប្រជាជនថៃភាគច្រើនចង់ឱ្យរូបលោកចុះចេញពីតំណែងនៅក្នុងខែសីហានេះ។ រីឯអ្នកនាំពាក្យរដ្ឋាភិបាលថៃ ក៏បានអះអាងដែរថា លោក ប្រាយុទ្ធ នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញពាក់ព័ន្ធនឹងអាណត្តិរបស់លោក ទោះក្នុងលទ្ធផលបែបណាក៏ដោយ។


ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយថៃមួយចំនួន និងក្រុមអ្នករិះគន់លោក ប្រាយុទ្ធ បានអះអាងថាអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ បានចាប់ផ្ដើមនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៤ បន្ទាប់ពីការធ្វើរដ្ឋប្រហារយោធានៅក្នុងខែឧសភា ឆ្នាំដដែលនោះ។ ក៏ប៉ុន្តែ សម្រាប់ក្រុមអ្នកគាំទ្រលោក ប្រាយុទ្ធ អាណត្តិរបស់នាយករដ្ឋមន្ត្រីរូបនេះបាន ចាប់ផ្ដើមនៅពេលដែលរដ្ឋធម្មនុញ្ញបច្ចុប្បន្នចូលជាធរមាន គឺនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧។ ចំណែកឯ អ្នកខ្លះទៀតយល់ថាអាណត្តិជានាយករដ្ឋមន្ត្រីចាប់ផ្ដើមរាប់នៅពេលដែល លោក ប្រាយុទ្ធ ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ ពោលគឺនៅក្រោយការបោះឆ្នោតសកលក្នុងខែមីនា ឆ្នាំ២០១៩ដដែលនោះ។


តុលាការធម្មនុញ្ញថៃ ត្រូវបានគេរំពឹងថានឹងធ្វើការសម្រេចចិត្ត នៅក្នុងសប្ដាហ៍នេះថាតើអាណត្តិជានាយករដ្ឋមន្ត្រីរបស់លោក ប្រាយុទ្ធ នឹងបញ្ចប់នៅពេលណា? ក្នុងករណីដែល តុលាការនេះសម្រេចថាអាណត្តិរបស់លោក ប្រាយុទ្ធ នឹងត្រូវអស់សុពលភាពនៅថ្ងៃទី២៤ ខែសីហានេះ នោះគណៈរដ្ឋមន្ត្រីរបស់លោកនឹងក្លាយជារដ្ឋាភិបាលបណ្ដោះអាសន្ន រហូតទាល់តែសភាជាតិជ្រើសរើសបាននាយករដ្ឋមន្ត្រីថ្មី។


តែទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ ដូចជាលោក ធីទីណាន់ ពុងស៊ូដហ៊ីរ៉ាក់ (Thitinan Pongsudhirak) មកពីសាកលវិទ្យាល័យជូឡាឡុងកន (Chulalongkorn) មានមូលដ្ឋានក្នុងទីក្រុងបាងកក យល់ថាវាប្រហែលជាមិនអាចទៅរួចឡើយ ដែលអាណត្តិកំណត់ដោយរដ្ឋធម្មនុញ្ញនឹងធ្វើឱ្យលោក ប្រាយុទ្ធរបូតតំណែង ជានាយករដ្ឋមន្ត្រថៃ។ ចូរកុំភ្លេចថា រដ្ឋធម្មនុញ្ញសព្វថ្ងៃ គឺយោធាថៃជាអ្នកតាក់តែងឡើង រីឯមនុស្សនៅក្នុងស្ថាប័នកំពូលៗដូចជាតុលាការធម្មនុញ្ញសុទ្ធតែត្រូវបានតែងតាំងដោយ របបលោក ប្រាយុទ្ធ ហើយកន្លងមក ពួកគេតែងតែធ្វើសេចក្ដីសម្រេចដែលគាំទ្រលោក ប្រាយុទ្ធ។ ជាឧទាហរណ៍ កាលពីឆ្នាំ២០២០ គណៈកម្មាធិការរៀបចំការបោះឆ្នោត និងតុលាការធម្មនុញ្ញថៃបានរំលាយចោលគណបក្សប្រឆាំង Future Forward Party។


បើតាមលោក ធីទីណាន់ មាត្រាចែងពីអាណត្តិនាយករដ្ឋមន្ត្រីក្នុងរដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០១៧ គឺមិនមែនមានគោលដៅលើលោក ប្រាយុទ្ធឡើយ តែតម្រង់ទៅរកសត្រូវនយោបាយ របស់លោក គឺលោក ថាក់ស៊ីន ស៊ីនណាវ៉ាត់ (Thaksin Shinawatra)។ លោកបន្ថែមថាលោក បា្រយុទ្ធ អាចនឹងមិនត្រឹមតែមិនរបូតអំណាចទេ ផ្ទុយទៅវិញថែមទាំងអាចបន្តកាន់ តំណែងលើស ៨ឆ្នាំទៀតផង ដោយតុលាការធម្មនុញ្ញថៃអាចនឹងសម្រេចថាអាណត្តិ ៨ឆ្នាំរបស់លោក ប្រាយុទ្ធ គឺចាប់ផ្ដើមរាប់ចាប់ពីខែមេសា ឆ្នាំ២០១៧ នៅពេលដែលរដ្ឋធម្មនុញ្ញ សព្វថ្ងៃចូលជាធរមាន ឬក៏ចាប់ផ្ដើមរាប់នៅក្រោយការបោះឆ្នោតនៅខែមីនា ឆ្នាំ២០១៩ ដោយមិនមែនចាប់ផ្ដើមរាប់នៅខែសីហា ឆ្នាំ២០១៤ នោះទេ។


ក្រុមអ្នកគាំទ្រលោក បា្រយុទ្ធ បានទទូចថាលោកត្រូវតែបន្តកាន់អំណាចក្នុងពេលបច្ចុប្បន្ន ពីព្រោះថាថៃនឹងត្រូវធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិក (Asia-Pacific Economic Cooperation) នៅខែវិច្ឆិកាខាងមុខនេះ។ លើសពីនេះទៅទៀត នោះគឺលោក ប្រាយុទ្ធខ្លួនឯងមិនបានបង្ហាញពីសញ្ញាចង់លាលែង ឬចុះចេញពីតំណែងឡើយ ខណៈនៅក្នុងជួររដ្ឋាភិបាល លោកក៏នៅតែមានប្រជាប្រិយភាពខ្លាំងផងដែរ។ ជាក់ស្ដែង ឧបនាយកដ្ឋមន្ត្រីថៃ លោក បា្រវីត វ៉ុងស៊ូវ៉ាន់ (Prawit Wongsuwan) បានលើកឡើងដោយមិនបានបញ្ជាក់អ្វីទាំងអស់កាលពីពេលថ្មីៗនេះថាលោក ប្រាយុទ្ធនឹងបន្តកាន់អំណាចក្នុងរយៈពេល ២ឆ្នាំទៅមុខទៀត។


អ្នកដែលចូលរួមតាក់តែងរដ្ឋធម្មនុញ្ញ ឆ្នាំ២០១៧ មួយចំនួនបាននិយាយថាជាការពិតណាស់ មិនមានការឯកភាពគ្នាជាកុងសង់ស៊ីស ថាតើនៅពេលណាដែលអាណត្តិរបស់លោក ប្រាយុទ្ធ ចាប់ផ្ដើមរាប់ឱ្យប្រាកដនោះទេ ស្របពេលលោកប្រាយុទ្ធ នៅតែទទួលបានការគាំទ្រពីរាជវង្សថៃផងដែរ៕ ដោយៈ Fresh News

សម្តេចតេជោ ហ៊ុន សែន ប្រាប់ក្រុមអ្នកវិភាគដូរបាយថា លោក ហ៊ុន ម៉ាណែត មិនមែនជួបតែមេដឹកនាំវៀតណាមនោះទេ



(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការប្រតិកម្ម និងសោកស្តាយជាខ្លាំងចំពោះក្រុមវិភាគដូរបាយមួយចំនួន ដែលបានវិភាគបែបអវិជ្ជមាន និងមានចេតនាបង្អាប់កិត្តិស័ព្ទរបស់លោក ហ៊ុន ម៉ាណែត ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមកាលពីពេលថ្មីៗនេះ។


ជាមួយរូបភាពជាច្រើនសន្លឹកដែលលោកបណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយមេដឹកនាំល្បីៗក្នុងតំបន់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា លោក ហ៊ុន ម៉ាណែត មិនមែនមានតែប្រធានរដ្ឋវៀតណាមមួយទេ ដែលទទួលតែនៅមាននាយករដ្ឋមន្ត្រីសង្ហបុរី នាយករដ្ឋមន្ត្រីជប៉ុនទទួលដូចគ្នាផងដែរ។ ឯនៅប្រទេសផ្សេងទៀតមានរដ្ឋមន្ត្រីការពារជាតិឬឧបនាយករដ្ឋមន្ត្រីទទួល។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងទៀតថា ក្នុងឋានៈជាសមភាគី នៃមេបញ្ជាការកងទ័ពជើងគោកនៅតាមប្រទេសនានា ហើយក៏ជាទម្លាប់ពិធីការតែងមានពិធីត្រួតពលទាំងទៅប្រទេសគេទាំងគេមកប្រទេសកម្ពុជាផងដែរ។


សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់លើទំព័រហ្វេសប៊ុកនៅយប់ថ្ងៃទី២២ ខែសីហា នេះថា «សោកស្តាយដែលអស់លោកអ្នកវិភាគមិនបានយកទស្សនកិច្ច ហ៊ុន ម៉ាណែត នៅជប៉ុនកាលពីដើមឆ្នាំនា២០២២នេះ មកវិភាគ ព្រោះកម្រិតទទួល និងជំនួបមានចំនួនច្រើន ហើយកម្រិងខ្ពស់ទៀតផង។ ម្យ៉ាងទៀត ហ៊ុន ម៉ាណែត ត្រូវបាននាយករដ្ឋមន្ត្រីជប៉ុន៣រូបហើយទទួលជួប [ហាតូយ៉ាម៉ា២០១១ សុីនហ្សូ អាបេ២០១៨ គីសុីដា២០២២]»។


សម្តេចតេជោ ក៏បានបង្ហាញក្តីសង្ឃឹមថា អ្នកវិភាគដែលមានឈាមជាខ្មែររៀនសូត្រឱយចេះដឹងជាងនេះ។


ក្រុមអ្នកដាមដានស្ថានការណ៍នយោបាយ បានមើលឃើញថា ក្រុមអ្នកនយោបាយដូរបាយនៅក្រៅប្រទេស បាននិងកំពុងព្យាយាមយកប្រធានបទលោក ហ៊ុន ម៉ាណែត ដែលជាបុគ្គលកំពុងមានភាពលេចធ្លោ ទៅវិភាគស្វែងរកការចាប់អារម្មណ៍ ឬនិយាយឱ្យស្រួលស្តាប់ គឺគ្រាន់តែជាការវិភាគដូរបាយប៉ុណ្ណោះ។


ក្រុមអ្នកតាមដានស្ថានការណ៍សង្គម និងនយោបាយ បានមើលឃើញថា ការវិភាគរបស់អ្នកទាំងនោះមិនបានឆ្លុះបញ្ចាំងពីការពិតនោះឡើយ។ ការវិភាគមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងនេះ នឹងធ្វើឱ្យការវិភាគទាំងនោះ បាត់បង់ប្រជាប្រិយភាព ហើយការវិភាគនេះបោកបានតែក្រុមមនុស្សចូលចិត្តរស់ក្នុងភាពភូតភរកុហក់ប៉ុណ្ណោះ៕

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យសាងសង់ស្ពានអាកាស២កន្លែងទៀត គឺស្តុបស៊ិនជូរី និងច្រមុះជ្រូកក្បាលថ្នល់


(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអនុញ្ញាតជាគោលការណ៍ ឱ្យសាងសង់ស្ពានអាកាសចំនួន២កន្លែងទៀត នៅរាជធានីភ្នំពេញ គឺនៅត្រង់ចំណុចស្តុបស៊ិនជូរី និងស្តុបច្រមុំជ្រូកក្បាលថ្នល់។ នេះបើតាមហ្វេសប៊ុកផ្លូវការរបស់ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ។


ទំព័រហ្វេសប៊ុករបស់មន្ទីរសាធារណការ បានបញ្ជាក់ថា ដោយទទួលបានគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងសាងសង់ស្ពានអាកាសថ្មី ចំនួន ២ទីតាំង ដូចខាងក្រោម៖


១៖ សាងសង់ស្ពានអាកាសនៅទីតាំងប្រសព្វរវាងមហាវិថី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មហាវិថី ព្រះមុនី្នវង្ស និងវិថី កងយោធពលខេមរភូមិន្ទ (ផ្លូវលេខ ២៧១)


២៖ សាងសង់ស្ពានអាកាសនៅទីតាំងស្តុបសុិនជូរីប្លាស្សា ប្រសព្វរវាងមហាវិថី សហព័ន្ឋរុស្ស៊ី មហាវិថី សម្តេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល (ផ្លូវលេខ ២០០៤) និងផ្លូវលេខ ២០១១ ។


សូមបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៦ ដែលបានសាងសង់រួចរាល់ និងកំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ (២៤ មិថុនា ២០១០), ស្ពានអាកាស៧មករា (៦ មករា ២០១២), ស្ពានអាកាសស្ទឹងមានជ័យ (៣១ កក្កដា ២០១៤), ស្ពានអាកាស៥មករា (៥ មករា ២០១៦), ស្ពានអាកាសមិត្តភាព កម្ពុជា-ចិន សែនសុខ ឬហៅថា «ស្ពានអាកាសផ្សារដីហ៊ុយ» (២ កក្កដា ២០១៨), ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅសម្ពោធដាក់ឱ្យប្រើប្រាស់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។


បច្ចុប្បន្នរាជរដ្ឋាភិបាល ក៏កំពុងដំណើរការសាងសង់ស្ពានអាកាសស្ថិតនៅលើបណ្តោយផ្លូវជាតិលេខ៥ ចំណុចប្រសព្វនៃផ្លូវតភ្ជាប់ពីស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប ដែលតភ្ជាប់រវាងផ្លូវជាតិលេខ៥ និងទីក្រុងរណបជ្រោយចង្វាផងដែរ៕ 


សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យសមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ



នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម ឡេ ហាយជុង សមាជិកមជ្ឈិមបក្ស និងជាប្រធានគណៈទាក់ទងបរទេសមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ 



ឯកឧត្តម ឡេ ហាយជុង បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស, ឯកឧត្តមប្រមុខរដ្ឋ, ឯកឧត្តមនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំវៀតណាម ជូនសម្ដេចតេជោ ហើយឯកឧត្តម បានសូមគោរពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលកម្ពុជាទទួលបាននូវការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច-សង្គម ក៏ដូចជាតួនាទីរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។


ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កន្លងមក ហើយក៏បានគោរពជម្រាបជូនសម្ដេចតេជោ ពីដំណើរទស្សនកិច្ចរបស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ គឺដើម្បីលើកស្ទួយទំនាក់ទំនង និងសាមគ្គីភាពរវាងបក្សនិងបក្ស រដ្ឋនិងរដ្ឋ ប្រជាជននិងប្រជាជន ធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រសិទ្ធភាព ទាំងតាមយន្តការទ្វេភាគី និងតាមយន្តការពហុភាគី ក្នុងនោះដែរ ឯកឧត្តម ក៏បានសម្ដែងនូវការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន ឲ្យទទួលបានជោគជ័យបន្តទៀត ។


ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ឡេ ហាយជុង ក៏បានសម្ដែងនូវការអបអរសាទរ ជូនចំពោះសម្តេចតេជោ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទប់ស្កាត់ជំងឺកូវីដ-១៩ បានយ៉ាងជោគជ័យ ហើយបានបើកប្រទេស បើកសេដ្ឋកិច្ចឡើងវិញ នឹងបើកកិច្ចប្រជុំដោយផ្ទាល់របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ទទួលបានជោគជ័យកន្លងមក ។


ជាមួយគ្នានោះដែរ ឯកឧត្តម ឡេ ហាយជុង ក៏បានគោរពសំដែងនូវការគាំទ្រនូវសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមកផងដែរ ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម ឡេ ហាយជុង ដែលបាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្ស ឯកឧត្តមប្រមុខរដ្ឋ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏ដូចជាថ្នាក់ដឹកនាំវៀតណាម ជូនចំពោះសម្ដេចតេជោ ហើយក៏បានសម្ដែងនូវអំណរគុណផងដែរ ជូនចំពោះការគាំទ្រកម្ពុជា ដែលកំពុងតែធ្វើជាប្រធានអាស៊ាន នឹងសេចក្ដីសម្រេចរបស់សន្និបាតគណៈកម្មាធិការកណ្ដាលវិសាមញ្ញកន្លងមក។


សម្តេចតេជោ បានឯកភាពចំពោះការវាយតម្លៃនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្តេចតេជោ បានមានប្រសាសន៍ថា ទំនាក់ទំនងសេដ្ឋកិច្ច គួរគាំទ្រឱ្យទំនាក់ទំនងនយោបាយ ក្នុងន័យនេះ ឈរលើមូលដ្ឋានដែលមានស្រាប់គប្បីណាជំរុញទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឲ្យកាន់តែខ្លាំងឡើងថែមទៀត ជាពិសេស បន្តកែប្រែតំបន់អតីតសង្គ្រាម តំបន់ព្រំដែន ឲ្យទៅជាតំបន់សន្តិភាព អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ។


ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការអបអរសាទរជូនចំពោះរដ្ឋាភិបាលវៀតណាម គណបក្សកុម្មុយនីស្តវៀតណាម ទទួលបានជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕


សម្តេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ



នៅព្រឹកថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព ។



ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសំដែងនូវសេចក្ដីគោរពជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកម្ពុជា ទទួលបានសុខសន្តិភាព និងស្ថិរភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ ហើយនយោបាយនេះ មិនទុកឱ្យអ្នកណាម្នាក់ នៅក្រៅឆាកឡើយ ហើយមិននាំឱ្យមានការសងសឹកគ្នាទៅវិញទៅមកទៅ ផ្ទុយទៅវិញ ជំរុញបាននូវការធ្វើសមាហរណកម្មទូទាំងប្រទេសតែម្ដង ។


ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏សូមសម្ដែងនូវការគោរពផងដែរ ចំពោះការដឹកនាំកម្ពុជា ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដូចទីក្រុងភ្នំពេញ ជារាជធានីមួយដែលដូចជារាជធានីនាប្រទេសដទៃទៀត ដែលជាប្រទេសអភិវឌ្ឍន៍ក្នុងពិភពលោក។


ជាមួយគ្នានោះដែរ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានសម្ដែងនូវការគោរពជូនសម្ដេចតេជោផងដែរដែលកម្ពុជា បានបញ្ជូនកងកម្លាំងការពារសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅប្រទេសជាច្រើននៅក្នុងពិភពលោក ដើម្បីការពារសន្តិភាព ។ ឯកឧត្តមបានមានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសមួយដែលធ្លាប់ទទួលកងទ័ពមួកខៀវមកការពារសន្តិភាព ប៉ុន្តែនៅពេលនេះ កម្ពុជា បានប្រែក្លាយខ្លួនទៅជាប្រទេសមួយ ដែលបញ្ជូនកងទ័ពរបស់ខ្លួនទៅជួយរក្សាសន្តិភាពនៅតាមបណ្ដាប្រទេសដទៃទៀតច្រើនក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលនេះគឺជាចំណុចជោគជ័យដ៏ធំធេង និងជាការប្រែប្រួលផ្លាស់ប្ដូរមុខមាត់គួរជាទីគោរពមួយរបស់កម្ពុជា។


លើសពីនោះទៅទៀត ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះការដឹកនាំរបស់សម្តេចតេជោ ដែលដឹកនាំអាស៊ាន ឱ្យក្លាយទៅជាអង្គការមួយ ដែលទទួលបាននូវការគោរពកោតសរសើរពីបណ្ដាប្រទេសដទៃទៀតក្នុងពិភពលោក ហើយអង្គការនេះទៀតសោត​ គប្បីណាមានការរៀបចំឱ្យមានអង្គការដូចអង្គការអាស៊ាននេះទៀតនៅក្នុងពិភពលោក ដើម្បីទទួលបានការអភិវឌ្ឍតំបន់ ក៏ដូចជាទទួលបាននូវសុខសន្តិភាព និងស្ថិរភាពតំបន់ដទៃទៀតដែរ។


ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ក៏បានវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជា ដែលបានប្ដេជ្ញាចិត្តនាំប្រទេស ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ នឹងក្លាយទៅជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ 


ជាមួយគ្នានោះដែរ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ បានសង្កេតឃើញពីសក្កដានុពលនៅកម្ពុជា ដែលប្រទេសម៉ាល់ឌីវ និងកម្ពុជា អាចធ្វើកិច្ចសហប្រតិបត្តិការគ្នា ជាពិសេស លើវិស័យពាណិជ្ជកម្ម។ ឯកឧត្តម បានមានប្រសាសន៍ថា ប្រទេសកម្ពុជា មានប្រភពចំណីអាហារដែលអាចនាំចេញទៅប្រទេសម៉ាល់ឌីវ ក្នុងន័យនេះ ឯកឧត្តម គោរពជម្រាបជូនសម្ដេចតេជោថា នឹងសហការជាមួយក្រសួងការបរទេសកម្ពុជា និងជំរុញអ្នកវិនិយោគម៉ាឌីវ ឱ្យពិនិត្យមើលការវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពី កិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើងថែមទៀត ។


ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ឯកឧត្តម អាប់ឌូឡា សាហ៊ីដ ចំពោះការលើកឡើងដ៏ល្អអំពីកម្ពុជា ហើយបានសុំឲ្យឯកឧត្ដម ដែលជារដ្ឋមន្ត្រីក្រសួងការបរទេសប្រទេសម៉ាល់ឌីវផង ជួយជម្រុញអ្នកវិនិយោគពិនិត្យមើលសក្កដានុពលនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើយ៉ាងណា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យកាន់តែធំធាត់ឡើង ។


ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានជម្រាបជូនឯកឧត្តម អាប់ឌូឡា សាហ៊ីដ អំពីភាពអនុគ្រោះនៃការវិនិយោគនៅកម្ពុជា ជាពិសេស នៅលើវិស័យកសិកម្ម។ សម្ដេចបានមានប្រសាសន៍ថា កម្ពុជា បានអនុញ្ញាតឱ្យជនបរទេសមកបណ្ដាក់ទុន១០០%  ជាពិសេស នៅក្នុងការដាក់ទុនលើវិស័យកសិកម្ម ដូចជាការដាក់ម៉ាស៊ីនកិនស្រូវ, ការវិនិយោគទៅលើឃ្លាំងស្តុកស្រូវ និងការប្រមូលទិញស្រូវផ្ទាល់ពីកសិករ ដើម្បីកិន ហើយសម្រាប់នាំចេញទៅប្រទេសដទៃ។ ក្នុងន័យនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើសុំឱ្យឯកឧត្តម លើកទឹកចិត្តឱ្យអ្នកវិនិយោគម៉ាល់ឌីវ ពិនិត្យលើការវិនិយោគលើកសិផលស្រូវ-អង្ករ សម្រាប់ការនាំចេញទៅប្រទេសម៉ាឌីវផ្ទាល់ ៕