Thursday, January 04, 2018

ក្រសួងអប់រំអំពាវនាវដល់សាធារណជន ចូលរួមទស្សនាការតាំងពិព័រណ៍វត្ថុសិល្បៈធ្វើអំពីមាស និងប្រាក់របស់ខ្មែរបុរាណ

នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងអប់រំ យុវជន និងកីឡា បានអំពាវនាវដល់សាធារណជន ជាពិសេសសិស្ស និស្សិត ចូលរួមទស្សនាការតាំងពិព័រណ៍វត្ថុសិល្បៈធ្វើអំពីមាស និងប្រាក់របស់ខ្មែរបុរាណ នៅសារមន្ទីរជាតិរាជធានីភ្នំពេញ។

សូមជម្រាបផងដែរថា ការតាំងពិព័រណ៍នេះ ដើម្បីដាក់បង្ហាញនូវវត្ថុសិល្បៈធ្វើអំពីមាស និងប្រាក់របស់ខ្មែរបុរាណ ជាពិសេសរំលឹកនូវគ្រឿងអលង្ការអំពីមាស នាសម័យអង្គរ ដែលជាសម្បត្តិបេតិកភណ្ឌ ជូនសាធារណជនចូលទស្សនារយៈពេលមួយខែ ចាប់ពីថ្ងៃទី០៥ ខែមករា ដល់ថ្ងៃទី០៥ ខែកុម្ភៈ។




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា គណបក្សប្រជាជនកម្ពុជាតែងយកចិត្តទុកដាក់លើសុខុមាលភាពប្រជាជនជាចម្បង

នៅថ្ងៃ៣រោច ខែបុស្ស ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាតែងយកចិត្តទុកដាក់លើសុ​ខុមាលភាពប្រជាជនជាចម្បងព្រោះវិស័យនេះគឺជាអាយុជីវិតរបស់ប្រជាពលរដ្ឋ។ លោកបានថ្លែងដូចនេះក្នុងឱកាសអញ្ជើញសម្ពោធអគារព្យាបាលជំងឺថ្មីដែលមានឈ្មោះថា «អគារសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន» ដែលមានទីតាំងស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដែលជាអគារទំនើបល្អសាងសង់លើផ្ទៃដីទំហំ ៥៥០ម៉ែត្រការ៉េ កម្ពស់ ៦ជាន់ មានចំនួន ៧៨បន្ទប់ ដោយចំណាយថវិកាប្រមា​ណ ៣លានដុល្លារអាមេរិក។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រសួងសុខាភិបាលគឺជាក្រសួងមួយដែលមានអាទិភាពខ្លាំងជាងគេដែលលោកតែងចូលរួមមហាសន្និបាត និងតែងតែទទួលបានការលើ​កទឹកចិត្ត ផ្តល់អនុសាសន៍ និងវិភាជថវិកាច្រើនជាងគេសម្រាប់វិស័យសុខាភិបាល។ លោកប​ន្ថែមថា សន្និបាតលើកទី១របស់ក្រសួងសុខាភិបាលធ្វើនៅសាលាពេទ្យដែលជាថ្ងៃដំបូងនៃការបើកសាលាពេទ្យ ហើយសាកលវិទ្យាល័យថ្នាក់ឧត្តមសិក្សាដែលបើកមុនគេ គឺបើកសាលាពេ​ទ្យតែម្តង។  គណបក្សប្រជាជនកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ទៅលើសុខុមាលភាពជាចម្បង។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសង្កត់ធ្ងន់ថា ឆ្នាំ២០១៧កន្លងទៅនេះ គឺជាឆ្នាំដែលយើងបានដាក់ចេញនូវកម្មវិធីជាច្រើនទាក់ទងនឹងការគាំពារសង្គម ហើយឆ្នាំនេះគឺជាឆ្នាំដែលយើងត្រូវអនុវត្តន៍នូវចក្ខុវិស័យ នូវក្របខណ្ឌគោលនយោបាយនៃកិច្ចគាំពារសង្គមដែលត្រូវដាក់ប​ញ្ចូលទៅក្នុងមូលនិធិសមធម៌ចំពោះកម្មករ​កម្មការិនីទាំងក្នុងប្រព័ន្ធនិងក្រៅប្រព័ន្ធប្រមាណជាង៣លាននាក់ទៀតផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ថា កម្ពុជានៅតែបន្តធ្វើកិច្ចការនានាជាមួយប្រទេសជិតខាងដូចជាប្រទេសថៃ វៀតណាម និងឡាវ ដើម្បីស្នើសុំឱ្យមានសេវាសុខាភិបាលនៅតាមតំបន់ព្រំដែនដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅទទួលសេវាព្យាបាលនៅទីនោះតែម្តង ហើយក៏ត្រូវពង្រីកកិច្ចសហប្រតិបត្តិការនានាជាមួយប្រទេសជិតខាងថែមទៀតពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងផងដែរ។

គួរបញ្ជាក់ថា កន្លងមក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែលើកទឹកចិត្តចំពោះគ្រូពេទ្យដោយការតម្លើងប្រាក់ខែជារៀងរាល់ឆ្នាំ ការអនុញ្ញាតិឱ្យវេជ្ជបណ្ឌិតប្រឡងចូលក្របខណ្ឌដោ​យមិនគិតអាយុ និងបានណែនាំដល់គ្រូពេទ្យទាំងអស់ត្រូវគោរពវិជ្ជាជីវៈ មិនត្រូវព្រងើយក​ន្តើយដាក់អ្នកជំងឺឡើយ។ លើសពីនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើសុំជំនួយ និងគ្រឿងបរិក្ខារពេទ្យពីប្រទេសនានាផងដែរដើម្បីលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា៕







លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ថ្លែងថា រាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់លើជនពិការ

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងខ្ពស់ខ្ពស់លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប្រាក់រង្វាន់ជ័យលាភី ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី ជូនអត្តពលិកជនពិការ និងគ្រូបង្វឹក គ្រូជំនួយនៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨នេះ។ ក្នុងពិធីនេះ លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសបងប្អូន ដែលមានការលំបាកដូចជាជនពិការជាដើម។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ប្អូនៗកីឡាករ កីឡាការិនី ជាជនពិការ និងជនពិការនៅទូទាំងប្រទេស ដែលបានប្រើប្រាស់សក្តានុពលរបស់ខ្លួន ចូលរួមគ្រប់វិស័យ ក្នុងកម្មវិធីអភិវឌ្ឍន៍របស់សង្គមជាតិយើង ដូចការលើកឡើងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «ពិការតែកាយ តែចិត្តមិនពិការឡើយ»។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានគូសបញ្ជាក់ថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា តែងតែបានទទួលការកោតសរសើរ ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថា «ទៅតិច មកច្រើន» ដូចក្នុងពេលនេះ គឺមានកីឡាករ កីឡាការិនី ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ីចំនួន៧៥រូបប៉ុណ្ណោះ កាលពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ ប៉ុន្តែអាចរកបាន មេដាយប្រាក់៥គ្រឿង និងសំរឹទ្ធ៥គ្រឿង គិតជាវិញ្ញាសារ និងគិតជាមេដាយបានទទួលមេដាយប្រាក់២១គ្រឿង និងសំរឹទ្ធ៥គ្រឿង ដោយវិញ្ញាសារខ្លះប្រកួតជាក្រុម។ លោកឧបនាយករដ្ឋមន្រ្តី បានបន្តទៀតថា គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ក្រោយពីចាប់បដិសន្ធិមក បានចូលរួមជាខ្នាតអន្តរជាតិជាច្រើនលើក ធ្វើឱ្យកិត្តិនាម និងកិត្តិស័ព្ទប្រទេសយើង លើឆាកអន្តរជាតិមានភាពល្បីល្បាញ និងបាននាំមេដាយ សរុបមកទល់ពេលនេះ ចំនួន១៥៩គ្រឿងហើយ។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានសង្កត់ធ្ងន់ថា ប្រទេសកម្ពុជាបានអនុម័តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ និងផ្តល់សច្ចាប័នលើអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនពិការ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២។ លោកបានបន្ថែមថា ក្នុងការអនុវត្តឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំយន្តការអនុវត្តជាច្រើនកម្រិត ដោយបង្កើតលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ មូលនិធិជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ ដោយឡែកយើងមានដៃគូ អង្គការសង្គមស៊ីវិល ប្រកបដោយគុណភាពជាច្រើនទៀត ដើម្បីជួយដល់បងប្អូនជនពិការនៅគ្រប់ទិសទី ហើយរាជរដ្ឋាភិបាលក៏បានផ្តល់អាទិភាពលើវិស័យពិការភាព ថែមទាំងដាក់បញ្ចូលក្នុងផែនការយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នាពេលកន្លងមក បានសាងសង់លំនៅដ្ឋានជូនបងប្អូនជនពិការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមរម្យ ក្នុងនោះមាននៅតាកែនកោះស្លា ខេត្តកំពង់ស្ពឺ ប៉ៃលិន និងគូលេនខេត្តសៀមរាបជាដើម។ ក្រៅពីនោះនៅគ្រប់វេទិកាជួបសំណេះសំណាល និងពិធីចែកអំណោយរបស់កាកបាទក្រហមកម្ពុជា តែងតែមានបងប្អូនជនពិការជានិច្ច។ លោក ក៏បានឱ្យដឹងថា ថវិកាដែលចែកជូនកីឡាករ-កីឡាការិនី និងគ្រូបង្វឹកនាពេលនេះ សរុបចំនួន ១.០១៣.០០០.០០០រៀល (មួយពាន់ដប់បីលានរៀល)។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន ក៏បានបន្ថែមថា ដើម្បីត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ខាងមុខ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំនូវគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា ផែនការមេ ដែលជាយុទ្ធសាស្រ្តសម្រាប់រយៈពេលវែង ដោយឈរលើមូលដ្ឋាននៃយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានដាក់ចេញនូវវិធានគន្លឹះ ជាសារវន្តមួយចំនួន ក្នុងការកែទម្រង់ឱ្យមានប្រសិទ្ធភាពចំនួន៧ចំណុចដូចជា៖ ទី១- បណ្តុះបណ្តាលធនធានមនុស្សគឺថ្នាលនិស្សិតកីឡា គ្រូបង្វិក អាជ្ញាកណ្តាល ចៅក្រម កម្រិតជាតិនិងអន្តរជាតិ ទី២- ជួសជុល កសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បំពាក់ឧបករណ៍និងសម្ភារៈកីឡា ទី៣- ពង្រីករចនាសម្ព័ន្ធគ្រប់គ្រងកីឡាថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ទី៤- រៀបចំលិខិតបទដ្ឋានគតិយុត្តិ ស្តីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា ដូចជាការរៀបចំគោលនយោបាយកីឡាជាតិ អនុក្រឹត្យស្តីពីការគ្រប់គ្រងវិស័យកីឡា និងលិខិតបទដ្ឋានគតិយុត្តិនានា ទី៥- កែសម្រួលរចនាសម្ព័ន្ធនៃការប្រកួតដូចជាការប្រកួតជើងឯកថ្នាក់ជាតិនិងអន្តរជាតិ ទី៦- ពង្រឹងកិច្ចសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងទី៧- ត្រៀមរៀបចំទាំងយុទ្ធសាស្រ្ត ផែនការ និងលក្ខខណ្ឌផ្សេងៗដូចជាបង្កើតគណៈកម្មាធិការរៀបចំការប្រកួត និងគណៈកម្មាធិការជាច្រើនទៀតដែលជារចនាសម្ព័ន្ធតម្រូវការបម្រើឱ្យការប្រព្រឹត្តិទៅនៃការរៀបចំស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣៕