Tuesday, July 04, 2023

កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានបញ្ជាក់អំពីការហាមប្រាមបុគ្គលចំនួន២២នាក់ ដែលជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta Platforms Inc មិនឲ្យចូលប្រទេសកម្ពុជានោះឡើយ។

ក្នុងសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានអះអាងទៀតថា ប្រសិនបើបុគ្គលទាំង២២នាក់នេះ មានអ្នកណាកំពុងនៅក្នុងប្រទេសកម្ពុជា ត្រូវចាកចេញជាបន្ទាន់ក្នុងរយៈពេល៤៨ម៉ោង គិតចាប់ពីម៉ោង៤ល្ងាច ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ។

ក្រសួងការបរទេស បានគូសបញ្ជាក់ទៀតថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc. ឲ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនី Facebook ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានលក្ខណៈនយោបាយ។ អនុសាសន៍នេះមានចេតនា រារាំងសេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិត ពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។

ក្នុងស្មារតី នៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ នៃក្រុមហ៊ុន Meta Platforms Inc.។

សូមជម្រាបថា​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានប្រកាសសម្រេចបណ្តេញតំណាងក្រុមហ៊ុន Facebook ចេញពីប្រទេសកម្ពុជា និងបញ្ឈប់រាល់សកម្មភាព ដូចជាភាពជាតំណាងរបស់ក្រុមហ៊ុន ទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជន នៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះតទៅ។

នៅយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក៏បានចេញសារសំឡេងពិសេសដោយ ប្រកាសមិនបិទបណ្តាញសង្គម Facebook នៅកម្ពុជានោះទេ ព្រោះជាតម្រូវការរបស់ប្រជាជនប្រើប្រាស់៕







សម្តេចតេជោ ហ៊ុន សែន ទើបទទួលបានរូបថតបោះឆ្នោតនៅឆ្នាំ១៩៩៣ ក្នុងខេត្តកំពង់ចាម ពីកូនស្រីរដ្ឋមន្ត្រី ភឿង សកុណា ដែលដេញថ្លៃបាននៅបារាំង និងបានប្រគល់ជូនសម្តេចនាថ្ងៃមង្គលការរបស់ខ្លួន

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះ តាមរយៈឆាណែល Telegram បានបង្ហោះរូបថត ដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងឱកាសសម្តេចអញ្ជើញចូលរួមពិធីមង្គលការនៅព្រឹកថ្ងៃទី៤ ខែកក្កដានេះ។

សម្តេចតេជោបញ្ជាក់ថា រូបថតដែលសម្តេចទើបទទួលបានពីកូនស្រីរបស់លោកស្រី ភឿង សកុណា គឺថតនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ១៩៩៣ មានរយៈពេល៣០ឆ្នាំគត់ ក្នុងពេលសម្តេច និងសម្តេចកិត្តិព្រឹត្តបណ្ឌិត អញ្ជើញទៅបោះឆ្នោតនៅខេត្តកំពង់ចាម។

រូបថតនេះក៏កម្រនេះ កូនស្រីរបស់លោកស្រី ភឿង សកុណា គឺអ្នកស្រី ឆេង និព័ន្ធ ដាក់ដេញថ្លៃបាននៅប្រទេសបារាំង។

សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថត អមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «ព្រឹកមិញ ខ្ញុំបានទៅចូលរួមរៀបការកូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយសន្លឹក ដែលខ្ញុំមិនដែលបានឃើញ។ រូបថតនេះ ត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថត ថ្ងៃ២៤ ឧសភា ១៩៩៣ ពេលដែលខ្ញុំ និងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាម ដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។

រូបថតនេះ ត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រី ឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រី ភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង។

ខ្ញុំ និងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ធ និងស្វាមី ដែលបានខិតខំចំណាយកម្លាំង និងថវិកាដេញថ្លៃទិញ យករូបថតដ៏កម្រនេះប្រគល់ឲ្យខ្ញុំ។ បើគិតពីឆ្នាំ១៩៩៣ មកដល់ឆ្នាំ២០២៣ មានរយៈពេល៣០ឆ្នាំគត់ ដែលពេលនោះខ្ញុំមានអាយុ៤១ឆ្នាំ ឯភរិយាខ្ញុំមានអាយុ៣៩ឆ្នាំ»៕





ព្រះមហាក្សត្រ ចេញព្រះរាជក្រម ប្រកាស​ឲ្យប្រើប្រាស់​ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

 

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ បាន​ចេញ​ព្រះរាជ​ក្រម ប្រកាសឲ្យ​ប្រើប្រាស់​ច្បាប់ស្តី​ពីវិសោ​ធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យ​ប្រជុំសភាលើកទី៩ នីតិកាលទី៦ ហើយ​ដែល​ព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និង​គតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ​២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤ ព្រមទាំងត្រូវបាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ប្រកាស​ថា ស្របនឹងរដ្ឋធម្មនុញ្ញ ក្នុងសេចក្តី​សម្រេច​លេខ២២២/០០៤/២០២៣ កបធ.ច ចុះថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ហើយដែលមាន​សេចក្តីទាំងស្រុង ដូចក្នុងព្រះរាជក្រម។












សង្គ្រោះ ស្តារ និងការពារ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍

 

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ និងរួមទុក្ខ ជាមួយប្រជាជនជានិច្ច

 (កំពង់ចាម)៖ នៅថ្ងៃទី៣ នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកងមាស បានបន្តជួបសំណេះសំណាល និងចុះតាម ខ្នងផ្ទះ ជាមួយសមាជិកសមាជិកាបក្សក្នុងឃុំចំនួនពីរទៀត ក្នុងស្រុកកងមាស ខេត្តកំពង់ចាម គឺឃុំសូរគង និងឃុំរាយប៉ាយ។

នៅចំពោះមុខសមាជិកទាំងអស់ លោកបានបព្ជាក់ថា«សន្តិភាព និងស្ថេរភាពនយោបាយ មានតម្លៃលើសពីអ្វីៗទាំងអស់សម្រាប់កម្ពុជា ការបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ ប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»។

លោកបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា គឺមិនទៅណា ចោលប្រជាជនជាដាច់ខាតដោយសុខចិត្តនៅខាំស្មៅ ក្រាញននាលនិងរួមសុខទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ។ គ្រប់សកម្មភាព ឬជំហ៊ានដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺសុទ្ធតែមានគោលដៅ ច្បាស់លាស់ ការសម្រេចចិត្តដោយមិនអត្តនោម័ត និងមិនធ្វើអ្វីតាមការ នឹកឃើញ ឬចង់បានការគាំទ្ររបស់ប្រជាជនដោយការកុហកបោកប្រាស់ ឬប្រើមនោគមបែប អគតិ ឬបំពុលសង្គមនោះទេ គណបក្សតែងតែឈរលើតថភាព លទ្ធភាព និងប្រសិទ្ធភាព ដែលអាចសម្រេចបាន។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំង ប្រទេសជាពិសេស ក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ សាលារៀន និងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារ ជូនប្រជាពលរដ្ឋមួយផ្នែកធំ។

ជាចុងក្រោយ លោកសូមអំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជាដែលទទួលបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងទៅបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ គ្រប់ៗគ្នា៕