Wednesday, February 17, 2021

ក្រសួងសុខាភិបាល បង្ហាញចំនួនអ្នកមកទទួលថ្នាំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ សរុប ២៦១១នាក់ហើយ

 របាយការណ៍របស់ក្រសួងសុខាភិបាល ដែលទទួលបាននៅយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងបានចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ជូនជនស៊ីវិលបាន ២៦១១នាក់ហើយ ក្នុងនោះស្ត្រីមានចំនួន ៨៥៥នាក់។

របាយការណ៍បានបង្ហាញថា ចំនួនអ្នកដែលស្ម័គ្រចិត្តមកចាក់វ៉ាក់សាំងសរុប ៣២១៩នាក់។ តែអ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឱ្យចាក់មានចំនួន ៦០៨នាក់។

ក្រសួងសុខាភិបាល បានចាប់ផ្តើមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ដោយឡែកគិតចាប់ពីថ្ងៃទី១០ រហូតដល់ល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងការពារជាតិកម្ពុជា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ស៉ីណូហ្វាម (Sinopharm) ជូនកងកម្លាំងសរុបបាន ៨,៨៩៤នាក់ហើយ។ នេះបើតាមរបាយការណ៍របស់ក្រសួងការពារជាតិដែលទទួលបាន។

របាយការណ៍បានឱ្យដឹងបន្ថែមទៀតថា ក្នុងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រុមវ៉ាក់សាំងកូវីដ១៩ ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូននាយទាហាន នាយទាហានរង និងពលទាហាន ចំណុះឱ្យក្រសួងការពារជាតិ បានសរុបចំនួន ៣៩២៥នាក់ ៕



ក្រសួងសុខាភិបាលបន្តប្រកាសថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា មិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីនោះទេ ខណៈអ្នកជំងឺម្នាក់ត្រូវបានព្យាបាលជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គិតទាំងថ្ងៃនេះ រយៈពេល៥ថ្ងៃជាប់គ្នាហើយ ដែលក្រសួងមិនមានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីនោះកម្ពុជា។

អ្នកជំងឺដែលទើបព្យាបាលជាសះស្បើយជា ស្ត្រីជនជាតិខ្មែរ អាយុ៤០ឆ្នាំ ស្នាក់នៅភូមិព្រៃតាប ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជា នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៧៩នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧០នាក់ និងអ្នកជំងឺ០៩នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ៕