Wednesday, April 28, 2021

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ «ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឲ្យបានឆាប់»

 ក្នុងគោលបំណងបន្តផ្សព្វផ្សាយជូនសាធារណៈមតិ នៅក្នុងរយៈពេលនៃការបន្តបិទខ្ទប់នេះ ជាពិសេស គឺជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ឱ្យមានការចូលរួមកក្នុងការគោរពនិងអនុវត្តនូវវិធានការបិទខ្ទប់ ដែលជាកត្តាគន្លឹះដើម្បីកាត់ផ្តាច់ខ្សែចម្លងនៃរោគរាតត្បាតជំងឺកូវីដ-១៩  នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រីក៏បានផលិត និងបញ្ចេញផ្សាយនូវវីដេអូស្ពតផ្លូវការថ្មីមួយមានទៀតរយៈពេល១១នាទី និង២១វិនាទី ក្រោមចំណងជើងថា «ចូលរួមផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ-១៩ ដើម្បីបិទបញ្ចប់ស្ថានភាពបិទខ្ទប់ឱ្យបានឆាប់»។ » 

ខ្លឹមសារវីដេអូ បានពិពណ៌នាថា នៅក្នុងរយៈពេល ១៤ ថ្ងៃកន្លងទៅនេះនៃការអនុវត្តនូវវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញនិងទីក្រុងតាខ្មៅនៅមិនទាន់អាចកាត់ផ្តាច់ខ្សែចម្លងរបស់ជំងឺកូវីដ-១៩ បាននៅឡើយនោះទេ។ ហេតុដូច្នេះ វាជាការចាំបាច់ណាស់ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើការសម្រេចចិត្តបន្តការបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅនៃខេត្តកណ្តាលរយៈពេលមួយសប្តាហ៍ថែមទៀត គិតចាប់ពីថ្ងៃទី ២៨ មេសា រហូតដល់ថ្ងៃទី ៥ ឧសភា ឆ្នាំ ២០២១ តទៅ។ ហើយប្រសិនបើក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ប្រជាពលរដ្ឋសហការចូលរួមសស្រាក់សស្រាំទាំងអស់គ្នា ដែលអាចឲ្យអាជ្ញាធរគ្រប់គ្រងជំងឺរាតត្បាតកូវីដ ១៩ បាន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងក្រុងតាខ្មៅនឹងរួចផុតពីការបិទខ្ទប់ជាក់ជាមិន។ ប៉ុន្តែ ផ្ទុយទៅវិញ ប្រសិនបើប្រជាពលរដ្ឋមួយចំនួននៅតែមិនព្រមអនុវត្តឲ្យបានត្រឹមត្រូវតាមអ្វីដែលជាវិធានការដែលបានដាក់ចេញសំរាប់ការបិទខ្ទប់ ហើយជាពិសេស វិធានការ៣កុំ និង៣ការពារទេនោះ ខ្សែចម្លងជំងឺកូវីដ១៩ក៍នៅតែមិនអាចកាត់ផ្តាច់បានឡើយ ហើយរវិធានការបិទខ្ទប់ក៍អាចនឹងត្រូវបន្តអូសបន្លាយមួយរយៈពេលបន្តទៀតជាក់ជាមិនខាន។ 

ជាការពិតណាស់ វិធានការបិទខ្ទប់នេះ គឺជាជម្រើសមួយដែលពិបាកបំផុត ពីព្រោះវាពិតជាបាននិងកំពុងបង្កនូវប៉ះពាល់ខ្លាំងដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ប៉ុន្តែ នៅគ្រប់ប្រទេសទាំងអស់នៅក្នុងពិភពលោក មិនថាជាប្រទេសតូចរឺធំ ក្ររឺមាននោះឡើយ ពិតជាគ្មានជម្រើសណាល្អជាងនេះទៀតឡើយដើម្បីប្រយុទ្ធទប់ទល់ជាមួយជំងឺកូវីដ-១៩ ។ 

នៅក្នុងរយៈពេល១៤ថ្ងៃកន្លងទៅនេះ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញនិងក្រុងតាខ្មៅភាគច្រើនបំផុត បាននាំគ្នាគោរពនិងអនុវត្តនូវវិធានការបិទខ្ទប់បានយ៉ាងល្អ ដោយពួកគេសុខចិត្តអត់ធ្មត់ទ្រាំលំបាក   រយៈពេលខ្លីដើម្បីសេចក្តីសុខរយៈពេលវែង។ 

ប៉ុន្តែ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀតក៍នៅតែធ្វេសប្រហែស ឬអ្នកខ្លះទៀតបានផ្គើននិងបំពានលើសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលធ្វើឲ្យខ្សែចម្លងរបស់កូវីដ ១៩ នៅតែមិនទាន់អាចកាត់ផ្តាច់បាន។ ដូច្នេះ អ្វីដែលសូមអោយបងប្អូនប្រជាពលរដ្ឋចងចាំ ថា កត្តាគន្លឹះដើម្បីឈានទៅបិទបញ្ចប់ការនូវបិទខ្ទប់ឲ្យបានឆាប់ គឺអាស្រ័យទៅលើឆន្ទៈចូលរួមរបស់ប្រជាពលរដ្ឋគ្រប់គ្នា ពោលគឺ ប្រសិនបើបងប្អូនចង់ឲ្យទីក្រុងដែលយើងរស់នៅរួចផុតពីការបិទខ្ទប់ឆាប់ៗ សូមចូលរួមអនុវត្តវិធានការ នានាឲ្យបានល្អបំផុត។

កន្លងមកនេះ រាជរដ្ឋាភិបាលបាន ចាត់វិធានការគ្រប់បែបយ៉ាងដើម្បីការពារប្រជាពលរដ្ឋពីការយាយីនៃជំងឺកូវីដ ១៩  ។ ប្រមុខរាជរដ្ឋាភិបាលខិតខំបំពេញការងារបម្រើជូនប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ ចំណែកឯអាជ្ញាធរមានសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់ជាន់ថ្នាក់ក៍បានបំពេញការងារ២៤ ម៉ោងលើ ២៤ ម៉ោង មិនថាក្រោមកម្តៅថ្ងៃ ឬក្រោមព្យុះភ្លៀងឡើយ ពួកគេនៅតែឈរជើងយ៉ាងរឹងមាំដោយទឹកចិត្តមោះមុតប្រកបដោយការលះបង់ខ្ពស់បំផុត ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី និងលះបង់ការជួបជុំគ្រួសារ ដើម្បីតែបុព្វហេតុការពារសុខមាលភាពជូនប្រជាពលរដ្ឋ។ ហើយបើយើងក្រឡេកទៅមើលក្រុមគ្រួពេទ្យវិញ ពួកគេក៍រឹតតែលះបង់ធំធេងថែមទៀតនៅក្នុងបុព្វហេតុប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។  

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចាត់ទុកថា ការចូលរួមរបស់ប្រជាពលរដ្ឋនៅក្នុងតំណាក់កាលដ៍លំបាករបស់ប្រទេសជាតិយើងនៅពេលនេះ ពិតជាកត្តាគន្លឹះដែលមានអត្ថន័យ និងសារៈសំខាន់ជាយុទ្ធសាស្ត្រក្នុងការប្រយុទ្ធយកឈ្នះជំងឺកូវីដ-១៩ និងមានតែការចូលរួមរបស់ប្រជាពលរដ្ឋគ្រប់ៗរូបក្នុងការអនុវត្តឲ្យបានម៉ត់ចត់នូវវិធានការបិទខ្ទប់នេះទេ ទើបយើងសង្ឃឹមថាអាចឆ្លងផុតដំណាក់កាលដ៍លំបាកនេះបានឆាប់។ នៅក្នុងន័យនេះ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺជាកត្តាគន្លឹះក្នុងការកំណត់ជោគជ័យ ឬបរាជ័យនៃការគ្រប់គ្រងជំងឺកូវីដ ១៩។ 

អាស្រ័យហេតុនេះ សូមយើងចូលរួមទាំងអស់គ្នាក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជំងឺកូវីដ ១៩ ដើម្បីឲ្យយើងរួចផុតពីវិធានការបិទខ្ទប់នេះឲ្យបានឆាប់ និងឈានទៅបិទបញ្ចប់នូវព្រឹត្តការណ៍សហគមន៍២០កុម្ភៈទាំងស្រុង ដើម្បីយើងអាចចាប់ដំណើរការជាធម្មតាឡើងវិញនូវរាល់សកម្មភាពបំរើឱ្យជីវភាពរបស់យើង គ្រួសាយើង និងសង្គមជាតិយើង៕

សូមទស្សនាវីដេអូ៖


Tuesday, April 27, 2021

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ផលិតវីដេអូស្ពតថ្មីមួយបង្ហាញអំពីបណ្តាវិធានការបិទខ្ទប់ និងបង្កលក្ខណៈងាយស្រួលឱ្យប្រជាពលរដ្ឋយល់ដឹងអំពីតំបន់ក្រហម លឿងទុំ និងលឿង

ក្នុងគោលបំណងបង្កលក្ខណៈងាយស្រួលជូនប្រជាពលរដ្ឋអាចងាយយល់ អំពីការបែងចែកភូមិសាស្ត្រក្នុងរាជធានីភ្នំពេញ និងទីក្រុងតាខ្មៅនៃខេត្តកណ្តាល ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ៥៤ សសរ ចុះថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ ក៏ដូចជាបណ្តាវិធានការដែលត្រូវអនុវត្តសម្រាប់តំបន់នីមួយៗ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាននិងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានផលិតនូវវីដេអូស្ពតខ្លីមួយមានរយៈពេលជាង៨នាទី ដើម្បីពន្យល់បន្ថែមដល់សាធារណមតិ។

វីដេអូស្ពតខ្លីនេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានធ្វើការដកស្រង់នូវខ្លឹមសារដែលមានចែងនៅក្នុងប្រការ២ ប្រការ៣ ប្រការ៤ និងប្រការ៥ នៃសេចក្តីសម្រេចថ្មីរបស់រាជរដ្ឋាភិបាល និងបានបញ្ជាក់ថា ចំពោះខ្លឹមសារទាំងស្រុងនៃសេចក្តីសម្រេចថ្មី សូមសាធារណជនចួលទៅកាន់គេហទំព័រផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានអាសយដ្ឋាន www.pressocm.gov.kh។

សូមទស្សនាវីដេអូស្ពតដូចខាងក្រោមនេះ៖






Monday, April 26, 2021

TOP NEWS: រាជរដ្ឋាភិបាលសម្រេចបន្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១សប្តាហ៍បន្ថែមទៀត និងបែងចែក តំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល រយៈពេល១សប្តាហ៍បន្ថែមទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ព្រមទាំងបែងចែកកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសម្រេចយ៉ាងដូច្នេះថា៖ «ប្រការ១៖ បន្តការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»។
ប្រការ២៖ ភូមិសាស្រ្តដែលត្រូវបានបិទ ត្រូវបានបែងចែកជា «តំបន់ក្រហម» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរ នៃជំងឺកូវីដ១៩ក្នុងសហគមន៍។
«តំបន់លឿងទុំ» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ក្នុងសហគមន៍។ «តំបន់លឿង» សំដៅដល់ភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតស្រាលក្នុងសហគមន៍។
















ព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទានព្រះរាជអំណោយ ជូនរដ្ឋបាលខេត្តកណ្ដាល សម្រាប់ដោះស្រាយការលំបាករបស់ពលរដ្ឋនៅតំបន់បិទខ្ទប់

(កណ្ដាល)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រោសព្រះរាជទាននូវអំណោយ ជាគ្រឿងឧបភោគ បរិភោគ សម្រាប់ជួយស្រោចស្រង់ ដោះស្រាយការលំបាកខ្វះខាតរបស់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់រស់នៅក្នុងតំបន់បិទខ្ទប់ នៃក្រុងតាខ្មៅ ខេត្តកណ្តាល។



អំណោយដ៏ថ្លៃថ្លានេះប្រគល់ជូនរដ្ឋបាលខេត្តកណ្ដាល តាមរយៈសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ដែលធ្វើការប្រគល់-ទទួល នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ នៅឯសាលាខេត្តកណ្ដាល។

ក្នុងពិធីទទួលអំណោយនេះដែរ មានវត្តមានចូលរួមផងដែរ ពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ព្រមទាំងមន្ត្រីជាន់ខ្ពស់ខេត្តកណ្ដាល ជាច្រើននាក់ផ្សេងទៀតផងដែរ។

លោកបណ្ឌិត ម៉ៅ ភិរុណ រួមនឹងលោក គង់ សោភ័ណ្ឌ បានលើកម្រាមដៃ១០ គោរពថ្វាយអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រះទ័យដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសង្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបានគិរគូរជួយមកដល់កូនចៅ ចៅទួត ដែលកំពុងរងគ្រោះដោយសារវិបត្តិកូវីដ-១៩នេះ។

សូមជម្រាបថា ព្រះរាជអំណោយដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រគល់ជូនរួមមាន៖ អង្ករចំនួន៣០តោន, មីចំនួន ១,០០០កេសតូច ត្រីខកំប៉ុងចំនួន ១,០០០យួរ ទឹកសុទ្ធចំនួន ៣០០កេស សម្រាប់ប្រទានជូនប្រជាពលរដ្ឋស្ថិតនៅក្នុងតំបន់ក្រហម។

* អង្ករចំនួន ៥តោន មីចំនួន ៣០០កេសតូច ត្រីខកំប៉ុងចំនួន ៣០០យួរ និងទឹកសុទ្ធចំនួន ៥០កេស ប្រទានជូនកងកម្លាំងនគរបាល និងកងកម្លាំងរាជអាវុធហត្ថ នៃខេត្តកណ្តាល។

រីឯព្រះរាជអំណោយរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសង្ការៈដ៏ខ្ពង់ខ្ពស់បំផុតប្រគល់ជូនរួមមាន៖ អង្ករចំនួន ៣០តោន មីចំនួន ១,០០០កេសតូច ត្រីខកំប៉ុង ១,០០០យួរ ទឹកសុទ្ធ ៣០០កេស សម្រាប់ប្រទានជូនប្រជាពលរដ្ឋស្ថិតនៅតំបន់ក្រហម នៃខេត្តកណ្តាល៕

















ព្រះមហាក្សត្រនិងសម្តេចម៉ែ ប្រោសព្រះរាជទានព្រះរាជអំណោយជាច្រើនមុខ ផ្ដល់ជូនរដ្ឋបាលរាជធានី ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ពាក់ព័ន្ធកូវីដ-១៩

ភ្នំពេញ៖ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅចែកជូនប្រជាពលរដ្ឋរស់នៅតំបន់ក្រហមនៅរាជធានីភ្នំពេញ ពាក់ព័ន្ធជម្ងឺកូវីដ-១៩ ដែលបាននិងកំពុងរីករាលដាលនៅពេលនេះ។



ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនៅរសៀលថ្ងៃទី២៦ មេសានេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតី សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល និងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញ។

លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងឱកាសនោះបានថ្លែងអំណរព្រះរាជគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្រជាពលរដ្ឋទាំងអស់នៅរាជធានីភ្នំពេញ និងក្នុងនាមទូលព្រះបង្គំជាខ្ញុំផ្ទាល់ សូមថ្លែងអំណរព្រះរាជគុណយ៉ាង ជ្រាលជ្រៅបំផុតថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រួមមានអង្ករ៥០តោន មី ចំនួន ២.០០០កោសតូច, ២ត្រីខចំនួន២,០០០យួរ ទឹកសុទ្ធ៣០០កេស និងមាស់៤កេសធំ (ស្មើ១២,០០០បន្ទះ) សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុង តំបន់ក្រហម នៃភូមិសាស្ត្ររាជធានីភ្នំពេញ។

លោកបន្តថា ៖ព្រះរាជអំណោយដ៏ថ្លៃថ្លាខាងលើ ពិតជាបានរួមចំណែកដល់ការទំនុកបម្រុងជាស្បៀងដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការរាតត្បាតនៃជំងឺកវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ២០២១នៅរាជធានី ភ្នំពេញ និងបានបង្ហាញឱ្យឃើញពីទឹកព្រះទ័យមនុស្សធម៌ របស់សម្ដេចព្រះមហាក្សត្រី ដែលជានិច្ចជាកាល ព្រះអង្គតែងតែបរិច្ចាគនូវទ្រព្យធន និងជំនួយឧបត្ថម្ភផ្សេងៗ សំដៅជួយដោះស្រាយនូវជីវភាពរបស់ប្រជាពលរដ្ឋ ទីទ័លក្រនៅទូទាំងប្រទេស។

ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូម ព្រះអង្គមានព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដំ សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែង តរៀងទៅ។

លោកឃួង ស្រេង ជាមួយគ្នានោះក៏បានថ្លែងអំណរព្រះរាជគុណយ៉ាង ជ្រាលជ្រៅបំផុតផងដែរថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង សម្ដេចព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយព្រះអង្គ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈ សម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំងផងដែរ ដោយរួមមាន៖ ១. អង្ករ៥០តោន, មី ២.០០០កេសតូច, ត្រីខ ២,០០០យូរ ទឹកសុទ្ធ៣០០កេស សម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពលំបាក រស់នៅក្នុង តំបន់ក្រហមនៃភូមិសាស្ត្ររាជធានីភ្នំពេញ និងអង្ករ៥តោន, មី ៣០០កេសតូច, ត្រីខ៣០០យួរ ទឹកសុទ្ធ៥០កេស សំរាប់ចែកជូនកងកម្លាំងនគរបាលនិងកងរាជអាវុធហត្ថដែលកំពុងបំពេញភារកិច្ចតាមគោលដៅត្រួតពិនិត្យក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ។ឆ្លៀតក្នុងឱកាសនេះដែរ ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតថ្វាយព្រះរាជសព្ទសាធុការពរបវរ មហាប្រសើរថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គមាន ព្រះជន្មាយុយឺនយូរ ព្រះរាជសុខភាពល្អបរិបូរណ៍ព្រះកាយពលមាំមួន ដើម្បីព្រះអង្គគង់ប្រថាប់ដ៏សែនសុខដុមរមនាជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រខ្មែរជាកូនចៅរបស់ព្រះអង្គជ្រកកោនជាយូរអង្វែងតរៀងទៅ។

សូមករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួល នូវអភិវន្ទនកិច្ច និងកតញ្ញុតាធម៌ដ៏ខ្ពង់ខ្ពស់បំផុត អំពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕













Friday, April 23, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន

នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច លោកនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ដោយលោកនាយករដ្ឋមន្រ្តី និងគណៈប្រភូទាំងអស់ នឹងផ្ដល់កំហាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូ ទាំងអស់នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន «សូមជូនពរ បងប្អូនជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ ជាពិសេសចៀសឆ្ងាយពីជម្ងឺកូវីដ-១៩ និងបន្តស្នាក់នៅក្នុងផ្ទះ បើមិនមានភារកិច្ចអ្វីចាំបាច់ ដើម្បីរួមគ្នាការពារជម្ងឺកូវីដ-១៩» ។

ព័ត៌មាននៃកិច្ចប្រជុំទាំងអស់នឹងផ្សាយជូនបងប្អូនប្រជាពលរដ្ឋទៅតាមកម្មវិធីជាបន្តបន្ទាប់៕

 



ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង និងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង

 កំពង់ឆ្នាំង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួពីសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ ដល់ក្រុមគ្រូពេទ្យ កងកម្លាំង មន្រ្តីរាជការ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាគំរូក្រុង ស្ថិតនៅក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

នាឱកាសនៃការចុះសួរសុខទុក្ខនោះ លោក ឡុង ឈុនឡៃ បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់ប្រជាពលតដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

លោកបាននាំយកអំណោយឧបត្ថម្ភរួមមាន៖ ទឹកបរិសុទ្ធ FUTO ចំនួន ១០កេស, ទឹកផ្លែឈើ Freshy ចំនួន ០៥ កេស, ទឹកដោះគោជូ Freshy ចំនួន ០៥ កេស, មីកំប៉ុងចំនួន ០៦ឡូ (៧២ កំប៉ុង), ម៉ាស់ ចំនួន ១០ ប្រអប់ និងអាល់កុលចំនួន ១០ លីត្រ ៕