Friday, April 23, 2021

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន

នៅរសៀលថ្ងៃសុក្រ ទី២៣ ខែមេសា ឆ្នាំ២០២១នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល ឆ្ពោះទៅកាន់ទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី តាមជើងយន្តហោះពិសេស របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំពិសេសក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន។

តាមកម្មវិធីគ្រោងទុក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោកនាយករដ្ឋមន្ត្រី នឹងអញ្ជើញចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់មេដឹកនាំអាស៊ាន ជំនួបជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី និងជំនួបជាមួយនាយករដ្ឋមន្ត្រីវៀតណាម-ឡាវ។ បន្ទាប់ពីចប់កិច្ចប្រជុំរួច លោកនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូត្រឡប់មកកម្ពុជាវិញនៅល្ងាចថ្ងែទី២៤ មេសា ដដែលនេះ នៅពេលដល់កម្ពុជាភ្លាម នឹងមិនមានការធ្វើសន្និសីទកាសែតនោះទេ ដោយលោកនាយករដ្ឋមន្រ្តី និងគណៈប្រភូទាំងអស់ នឹងផ្ដល់កំហាកដើម្បីពិនិត្យកូវីដ១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតែម្ដង ហើយគណៈប្រតិភូ ទាំងអស់នឹងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន «សូមជូនពរ បងប្អូនជនរួមជាតិទាំងអស់ ទទួលបានសុខភាពល្អ ជាពិសេសចៀសឆ្ងាយពីជម្ងឺកូវីដ-១៩ និងបន្តស្នាក់នៅក្នុងផ្ទះ បើមិនមានភារកិច្ចអ្វីចាំបាច់ ដើម្បីរួមគ្នាការពារជម្ងឺកូវីដ-១៩» ។

ព័ត៌មាននៃកិច្ចប្រជុំទាំងអស់នឹងផ្សាយជូនបងប្អូនប្រជាពលរដ្ឋទៅតាមកម្មវិធីជាបន្តបន្ទាប់៕

 



No comments:

Post a Comment