Wednesday, June 17, 2020

ព្រះរាជសកម្មភាព សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា



ព្រះរាជសកម្មភាព សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា

ថ្នាក់ដឹកនាំ និងសហការីគ្រប់លំដាប់ថ្នាក់ នៃអង្គភាពសារព័ត៌មានខ្មែរតែមួយ សូមថ្វាយព្រះរាជសព្ទសាធុការពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងវរោកាស ព្រះរាជពិធីចម្រើនព្រះជន្ម គម្រប់ ៨៤ ព្រះវស្សា យាងចូល ៨៥ ព្រះវស្សា


សូមព្រះបរមរាជានុញាតលំឱនកាយ លើកហត្ថប្រណមបួងសួង ដល់គុណ ព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លា វត្ថុស័ក្តិសិទ្ធិ ទាំងឡាយក្នុងលោក ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ បុណ្យបារមី នៃដួងព្រះវិញ្ញាណក្ខន្ធ អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ពិសេសបុណ្យបារមី ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងទេវតាថែរក្សាឆ្នាំថ្មី សូមព្រះអង្គតាមជួយថែរក្សាការពារអភិបាលប្រោះព្រំ នូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ និងសូមព្រះអង្គទ្រង់សមប្រកបដោយ ព្រះពុទ្ធពរដ៏ឧត្តុងឧត្តមថ្លៃថ្លា ទាំងបួនប្រការគឺ: អាយុ វណ្ណៈ សុខៈ និងពលៈ ជាភិយោភាពតរៀងទៅ។












កម្រងវីដេអូឯកសារព្រះរាជសកម្មភាព សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា



កម្រងវីដេអូឯកសារព្រះរាជសកម្មភាពដ៏វិសេសវិសាល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរនិងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក្នុងឳកាសអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់៨៤ យាងចូល៨៥ព្រះវស្សា

លោក កាណុល ចិត្រា ជម្រុញឱ្យមន្ត្រីក្រោមឱវាទបង្កើនការយកចិត្តទុកដាក់លើឯកសារចុះកិច្ចបញ្ជីកា និងប្រព័ន្ធបច្ចេកវិទ្យា

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ លោក កាណុល ចិត្រា ប្រធានរតនាគារខេត្តកំពង់ឆ្នាំង បានជម្រុញដល់ថ្នាក់ដឹកនាំ និងមន្រ្តី ត្រូវអនុវត្តការចុះកិច្ចបញ្ជីកា និងត្រួតពិនិត្យតាមប្រព័ន្ធFMIS ឱ្យបានពេញលេញ និងទាន់ពេលវេលា។ លោកបានជម្រុញបែបនេះក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ ប្រធានការិយាល័យ របស់រតនាគារខេត្តកំពង់ឆ្នាំង។
នៅក្នុងកិច្ចប្រជុំនោះដែរ លោក កាណុល ចិត្រា ក៏មានការលើកឡើងនូវចំណុចសំខាន់ៗរួមមាន៖
១/ ផ្សព្វផ្សាយកិច្ចប្រជុំបូកសរុបការងាររតនាគារទូទាំងប្រទេស ប្រចាំខែឧសភា កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ (តាមរយៈ online)។
២/ បូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារសម្រាប់ ខែមិថុនា ពិសេសជំរុញការចុះកិច្ចបញ្ជិកានិងត្រួតពិនិត្យតាមប្រព័ន្ធFMIS ឱ្យបានពេញលេញ និងទាន់ពេលវេលា។
៣/ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមផ្សេងៗ របស់រតនាគារខេត្ត ៕


លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។
សារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តមនៃព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់៨៤ យាងចូល៨៥ ព្រះវស្សា របស់ ហ្លួងម៉ែជាអម្ចាស់ជីវិត ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជាបឋមនាងខ្ញុំម្ចាស់ ក្នុងនាមសមាជិក សមាជិកា នៃកាកបាទក្រហមកម្ពុជាគ្រប់រូប សូមព្រះបរមរាជានុញ្ញាតចូលរួមសម្តែងការអបអសាទរដោយក្តីសោមនស្សរីករាយ និងសូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរសួស្តី សិរីវឌ្ឍនមង្គលគ្រប់ប្រការ សូមសម្តេច ព្រះមហាក្សត្រី ជាអម្ចាស់ជីវិត ទ្រង់ស្តេចព្រះប្រកបដោយព្រះរាជសុខភាព និងព្រះពលានុភាពខ្លាំងក្លា ព្រះបញ្ញា ញាណភ្លឺថ្លាត្រចះត្រចង់វាងវៃ ព្រះជន្មា ទីឃាយឺនយូរដល់រយព្រះវស្សា ដើម្បីស្តេចគង់ប្រថាប់ជាម្លប់ត្រជាក់ត្រជំ ប្រទានប្រជាពលរដ្ឋជាកូន ជាចៅ ចៅទួត ចៅលួត របស់ ព្រះអង្គ ជ្រកកោនដោយក្តីសុខដុមរមនាជាភិយ្យោភាពអស់កាលដ៏យូរអង្វែងតរៀងទៅ»។
សូមអានសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរខាងក្រោម៖


លិខិតមិត្តអ្នកអាន៖ រវាងសេរីភាពនិងជីវិត តើមួយណាសំខាន់ជាង?

ព្រឹត្តិការណ៍ជាច្រើនដែលបាននិងកំពុងកើតឡើងក្នុងពិភពលោក បានផ្តល់ឲ្យយើងនូវគំនិតគួរឲ្យពិចារណាជាច្រើនក្នុងនោះ ទស្សនៈទានមួយដែលសំខាន់ជាងគេគឺ សេរីភាព និងភាពសុខសានរបស់សង្គមមនុស្ស ឬក៏និយាយឲ្យធ្ងន់ជាងនេះគឺសេរីភាពនិងជីវិត តើមួយណាសំខាន់ជាង?
ជាការពិត មនុស្សជាច្រើនច្បាស់ជាឆ្លើយថាចង់បានទាំង២ គឺសេរីភាពផង និងជីវិតប្រកប​ដោ​យភាពសុខសានក្នុងសង្គមផង។ ចម្លើយនេះមិនខុសទេពីព្រោះរបស់ទាំង២យ៉ាងនេះសំខាន់ណាស់ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។ ប៉ុន្តែ នៅលើសាច់ការជាក់ស្តែងរបស់ទាំង២នេះវាមិនអាចដើរទៅមុខស្របគ្នាក្នុងពេលជាមួយគ្នាបានស្រួលរហូតឡើយជាពិសេសនៅពេលមួយដែលមនុស្សកាន់តែជោរនឹងពាក្យថាសេរីភាព ហើយមើលឃើញសេរីភាពថាសំខាន់ជាងអ្វីៗទាំងអស់ ពេលនោះមនុស្សនឹងលង់ខ្លួនញៀនជាមួយសេរីភាពរហូតដល់បណ្តោយឲ្យសេរីភាពបំផ្លាញភាពសុខសានរបស់សង្គមនិងបំផ្លាញភាពសុខសានរបស់ខ្លួនឯងឬរហូតដល់បំផ្លាញជីវិតរបស់យើងតែម្តង។ អ្វីដែលបាន និងកំពុងកើតឡើងនៅលោកខាងលិចដែលយើងនិយមហៅថា ប្រទេសលោកសេរីនាពេលនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងល្អពីតម្លៃនៃសេរីភាព និងតម្លៃនៃជីវិតមនុស្សដែលយើងគួរតែថ្លឹងថ្លែង។
ជាការពិត បណ្តាប្រទេសលោកសេរីបានផ្តល់តម្លៃខ្លាំងណាស់ដល់សេរីភាព។ ពួកគេតែងមានអំនួតអំពីសេរីភាពនិងតម្កល់សេរីភាពខ្ពស់ជាងអ្វីៗទាំងអស់ដែលពេលខ្លះសូម្បីតែច្បាប់ក៏មិនហ៊ានប៉ះពាល់ដល់សេរីភាពដែរពីព្រោះពួកគេយល់ថា សេរីភាពនេះហើយដែលបណ្តាប្រទេសលោកសេរីទាំងនោះក្លាយជាសង្គមជឿនលឿន ស៊ីវីឡាយ និងក្លាយជាមហាអំណាចគ្រប់គ្រងពិភពលោកទាំងមូល។ លោកសេរី ក៏បានដើរតួជាជើងឯកខាងប្រជាធិបតេយ្យខាងការគោរពសិទ្ធិមនុស្ស និងខាងសេរីភាពបញ្ចេញមតិអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែ បើគេពិនិត្យឲ្យស៊ីជម្រៅសង្គមលោកសេរី ក៏មិនមែនល្អផូរផង់ដូចដែលយើងគិតនោះឡើយ។
នៅលើជ្រុងម្ខាងទៀត សេរីភាព បានក្លាយជាអំណោយផលយ៉ាងល្អដល់ជនខិលខូចដែល​​ពួកគេអាចដើរលួចប្លន់ ធ្វើបាបគេឯងតាមអំពើចិត្តនិងបានបង្កការភ័យខ្លាចដល់មនុស្សជាច្រើនក្នុងសង្គម។ មានតែក្រុមមនុស្សអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចប៉ុណ្ណោះដែលទទួលបានភាពសុខសានប្រៀបបានឋានសួគ៌។ ដោយឡែក អ្នកក្រដែលរស់នៅក្នុងសង្កាត់តោក​យ៉ា​កត្រូវរស់ក្នុងភាពភ័យខ្លាចនិងអសន្តិសុខជាប្រចាំក្រោមអំណាចនៃជនទុច្ចរិតនិងការមិនអើពើរបស់សមត្ថកិច្ចដោយសារសម្ពាធនៃពាក្យពីរម៉ាត់គឺ «សេរីភាពនិងការគោរពសិទ្ធិមនុស្ស»។ ពលរដ្ឋដែលរស់ក្នុងសង្កាត់ក្រីក្រក្នុងបណ្តាប្រទេសលោកខាងលិចបានយល់ច្បាស់អំពីបញ្ហានេះ។
អ្វីដែលធ្វើឲ្យយើងកាន់តែភ្លឺភ្នែកថែមទៀតនៅពេលនេះគឺការគ្រប់គ្រងវិបត្តិកូវីដ១៩ និងវិបត្តិនៃការរើសអើងពូជសាសន៍ដែលបង្កជាបាតុកម្មរហូតឈានដល់អំពើហិង្សាធ្វើឲ្យទីក្រុងធំៗរបស់សហរដ្ឋអាមេរិកក្លាយជាសមរភូមិប្រយុទ្ធក្រោមអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅដែលមើ​លទៅមិនខុសពីរឿងកុនហ៊ូលីវូដឡើយ។ គុណវិបត្តិនៃសេរីភាពជ្រុលហួសហេតុបានបំផ្លាញភាពសុខសានរបស់សង្គមនិងក៏កំពុងរុញច្រានសង្គមលោកសេរីជាពិសេសសហរដ្ឋអាមេរិកឲ្យធ្លាក់ក្នុងវិបត្តិដ៏សែនជ្រៅហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺជីវិតមនុស្សរាប់សែននាក់បានស្លាប់និងបន្តស្លាប់ជារៀងរាល់ថ្ងៃ។
អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនដល់ជាង២លាននាក់ខណៈដែលអ្នកស្លាប់កើនជិត១២ម៉ឺននាក់ដែលជាចំនួនច្រើនជាងគេបំផុតក្នុងពិភពលោកហើយគេក៏មិនដឹងថាចំនួនអ្នកឆ្លងនិងអ្នក ស្លាប់នឹងកើនដល់កម្រិតណាទេនៅទីបំផុត?
ក្នុងចំណោមហេតុផលជាច្រើនដែលនាំដល់សោកនាដកម្មនេះមានហេតុផលដ៏សំខាន់មួយដែ​លមិនអាចមើលរំលងបាន នោះគឺដោយសារតែមនុស្សជោរនឹងសេរីភាពមិនស្តាប់បង្គាប់អាជ្ញាធរ និងដោយសារតែមនុស្សមានអំនួតជ្រុលថាខ្លួនរស់ក្នុងសង្គមស៊ីវីឡាយមិនងាយស្លាប់ដោ​យជំងឺឆ្លងឡើយ។ ចំណែកឯអាជ្ញាធរវិញ ក៏មិនហ៊ានចាត់វិធានការតឹងតែងដែរពីព្រោះតែខ្លាចប៉ះពាល់ដល់សេរីភាពនិងសិទ្ធិមនុស្សដែលសង្គមរបស់គេចាត់ទុកជាវត្ថុដែលមិនអាចប៉ះ ពា​ល់បាន។ ទីបំផុតគឺសេរីភាពហួសហេតុ និងសិទ្ធិមនុស្សជ្រុលនិយមនេះហើយដែលបានបំផ្លា​ញភាពសុខសាន្តរបស់សង្គមនិងបំផ្លាញជីវិតមនុស្សយ៉ាងរង្គាល។
ដោយឡែក ក្នុងបណ្តាប្រទេសនៅអាស៊ីវិញក្នុងនោះក៏មានកម្ពុជាផងដែរដែលអាចគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩។ នេះដោយសារតែមនុស្សនៅអាស៊ីនិយាយជារួម និងនៅកម្ពុជា​និយាយដោយឡែកបានឲ្យតម្លៃលើវិន័យនិងសណ្តាប់ធ្នាប់ជាធំ។ ហេតុដូច្នេះហើយបានជានៅពេលមានគ្រោះអាសន្នកើតឡើងដូចជារោគឆ្លងកាចសាហាវកូវីដ-១៩ ជាដើម រដ្ឋាភិបាលបានដាក់ចេញនូវវិធានការច្បាស់លាស់និងម៉ឺងម៉ាត់ហើយពលរដ្ឋគ្រប់គ្នាគោរពតាម។ ចំណែកឯអ្នកល្មើសនឹងវិន័យ ឬបទបញ្ជាត្រូវទទួលរងវិធានការចាំបាច់មួយចំនួនូចជាការព្រមាន ការបង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឬក៏ឃាត់ខ្លួនមួយរយៈដើម្បីបង្ការកុំឲ្យបង្កបញ្ហាដល់អ្នកដទៃ ឬដល់សង្គមទាំងមូល។
វិធានការទាំងនេះត្រូវបានអ្នកប្រជោរនិយមខាងសេរីភាពរិះគន់ថាជាការបំបិទសេរីភាពបញ្ចេ​ញ​មតិឬការបំពានសិទ្ធិមនុស្សជាដើម។ ប៉ុន្តែ សំណួរនៅត្រង់ថា «តើវិធានការកម្រិតសេរីភាពបន្តិចបន្តួចនេះវាមិនប្រសើរជាងការបណ្តែតបណ្តោយឲ្យមនុស្សស្លាប់រាប់ពាន់ រាប់ម៉ឺន ឬរាប់សែននាក់ ទេឬ? » «តើរវាងការបិទសិទ្ធិសេរីភាពមនុស្សមួយចំនួនក្នុងមួយរយៈណាមួយតែគ្មា​នអ្នកស្លាប់ ហើយនឹងការបើកសេរីភាពពេញទីតែបណ្តោយឲ្យមនុស្សស្លាប់គរជើងគ្នា តើ ជម្រើសមួយណាប្រសើរជាង?»។ មានតែអ្នកឆ្លងកូវីដ-១៩ និងគ្រួសារអ្នកស្លាប់ទេដែលអាចផ្តល់ចម្លើយច្បាស់លាស់ចំពោះសំណួរនេះបាន។
សរុបទៅ សេរីភាពក៏សំខាន់ រីឯជីវិតមនុស្សដែលត្រូវការរស់ក្នុងភាពសុខសានក្នុងសង្គមក៏សំ​ខាន់និងចាំបាច់មិនអាចខ្វះបាន។ ប៉ុន្តែ បើនិយាយពីមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សគឺជីវិតដែលមានតម្លៃជាងអ្វីៗទាំងអស់។ ប្រសិនបើមាន វត្ថុទាំង២យ៉ាងគឺជីវិតសុខសាន្តផង និងសេរីភាពផងគឺពិតជាល្អប្រសើរណាស់។ ប៉ុន្តែ ពេលខ្លះឬកាលៈទេសៈខ្លះ វាតម្រូវឲ្យមានជម្រើសមួយជាអាទិភាពជាងជម្រើសមួយទៀត។ ក្នុងករណីនេះ ប្រសិនបើគេពិតជាផ្តល់តម្លៃដល់សិទ្ធិមនុ​ស្សពិតប្រាកដគេប្រាកដជាផ្តល់តម្លៃដល់ជីវិត មនុស្សជាអាទិភាពទី១មិនខាន។ កាត់បន្ថយសេរីភាពខ្លះដើម្បីសង្គ្រោះជីវិតមនុស្សគឺជាជម្រើសល្អប្រសើរជាងការកាត់បន្ថយជីវិតមនុស្សជាថ្នូរនឹងសេរីភាព។ ប្រសិនបើដូច្នោះមែន ចំណាត់ការនានាដែលរដ្ឋាភិបាលកម្ពុជាបានចាត់ឡើងគឺជាជម្រើសត្រឹមត្រូវពីព្រោះទាំងនោះគឺជាចំណាត់ការដែលបានផ្តល់តម្លៃដល់ជីវិតមនុ​ស្សខ្ពស់ជាងសេរីភាព។
ចំណែកអ្នកដែលគិតថា ការស្លាប់មនុស្សរាប់សែននាក់គឺជារឿងធម្មតាឲ្យតែមនុស្សមានសេរីភាពអាចធ្វើអ្វីតាមអំពើចិត្តនោះគឺជាការប្រមាថជីវិតមនុស្សដ៏ឃោរឃៅអមនុស្សធម៌បំផុត។ ឯណាទៅពាក្យថា គោរពសិទ្ធិមនុស្សដែលពួកគេតែងតែអួតអាងថាជាជើងឯកនោះ?៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ



លោកឧបនាយករដ្ឋមន្រ្តី ស ខេង ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាងនាមថ្នាក់ដឹកនាំ មន្រ្តីរាជការ និងនគរបាលជាតិនៃក្រសួងមហាផ្ទៃ បានថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ហ្លួងម៉ែជាអម្ចាស់ជីវិតលើត្បូងនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០នេះ។
សូមអានសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរខាងក្រោម៖


លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ អំពាវនាវដល់កងទ័ពទាំងអស់ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើងនូវស្នាដៃនិងសមិទ្ធិផលនានាដែលវីរជនយើងបានន្សល់ទុក

នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ក្មួយៗកងទ័ពទាំងអស់ ត្រូវចូលរួមថែរក្សា ការពារ និងលើកតម្កើងនូវស្នាដៃនិងសមិទ្ធិផលនានា ដែលវីរជនយើងបានន្សល់ទុក ដើម្បីធ្វើជាមូលដ្ឋានដល់ដំណើរការនៃការកសាងខឿនការពារជាតិរបស់យើង ឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា ប្រទេសកម្ពុជា បានចាប់ផ្តើមធ្លាក់ចូលក្នុងភ្លើងសង្រ្គាមក្រោយពេលលោក លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តម សីហនុ រហូតធ្វើឱ្យកើតមានរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ក្រោយរំដោះប្រទេ សពីរបប ប៉ុល ពត ក៏ដោយ កម្ពុជាក៏នៅតែមិនទាន់បញ្ចប់សង្រ្គាមទេ គឺក្រោមនយោបាយឈ្នះឈ្នះនៅចុងឆ្នាំ១៩៩៨ ទើបកម្ពុជាអាចទទួលបានសុខសន្តិភាពពេញលេញ និងមានឱកាសកសាងជាតិ និងសមិទ្ធិផលជាតិនានារហូតដល់សព្វថ្ងៃនេះ៕

បុណ្យសមុទ្រឆ្នាំ២០២០៖ កម្ពុជាជាគោ លដៅទេសចរណ៍មានសុវត្ថិភាពនិងគុណភាពសេវាកម្មប្រសើរជាងមុន

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ បានដឹកនាំមន្ត្រីរាជការ កម្លាំងសមត្ថកិច្ច និងក្រុមការងារជំនាញពាក់ព័ន្ធបើកកិច្ចប្រជុំមួយនៅសាលា ខេត្តព្រះសីហនុ និងបន្តចុះត្រួតពិនិត្យទីតាំងជាក់ស្ដែងមួយចំនួនដើម្បីដាក់ផែនការត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នាចុងឆ្នាំ២០២០នេះ។
នៅក្នុងកិច្ចប្រជុំនោះ លោករដ្ឋមន្ត្រី ថោង ខុន បានលើក ឡើងថា ក្នុងករណីដែលសភាពការណ៍កូវីដបានធូរស្រា ល ហើយរាជរដ្ឋាភិបាលអនុញ្ញាត ក្រសួងទេសចរណ៍គ្រោងកំណត់យកការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ នាចុងឆ្នាំ២០២០នេះ ជាយុទ្ធនាការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ និងធានាបានសុវត្ថិភាពទេសចរណ៍ដើម្បីផ្សព្វផ្សាយទៅកាន់ទីផ្សារទេសចរណ៍អន្តរជាតិថា កម្ពុជានៅតែជាគោលដៅទេស ចរណ៍មានសុវត្ថិភាព និងមានគុណភាពសេវាកម្មទេស ចរណ៍ល្អប្រសើជាងមុន។
ក្នុងនាមគណៈកម្មាធិការគ្រប់គ្រងការអភិវឌ្ឍតំបន់ឆ្នេរ គ.អ.ឆ.ក លោករដ្ឋមន្ត្រី បានស្នើដល់រដ្ឋបាលខេត្តព្រះ សីហនុ និងបានណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវរៀ បចំឱ្យបាននូវបង្គន់អនាម័យសាធារណៈឱ្យបានច្រើនក ន្លែងនិងមានស្ដង់ដារត្រឹមត្រូវដើម្បីដាក់បម្រើជូនភ្ញៀវទេ សចរដែលមកទស្សនានៅខេត្តព្រះសីហនុនេះ។ លោក ក៏បានបន្តណែនាំដល់មន្ទីរទេសចរណ៍ខេត្តត្រូវរៀបចំកែលម្អឡើងវិញនូវបញ្ជរព័ត៌មានទេសចរណ៍ដើម្បីផ្ដល់ភាពងាយស្រួយដល់ទេសចក្នុងការទទួលបានព័ត៌មានទេស ចរណ៍នៅក្នុងខេត្ត ឬនៅតាមគោលដៅទេសចរណ៍នានា ពិសេសត្រូវរៀបចំឱ្យមានសៀវភៅបង្ហាញផ្លូវទេសចរណ៍ (Book Guide) និងត្រូវធ្វើបច្ចុប្បន្នភាពជាប្រចាំ។
ក្រោយចប់កិច្ចប្រជុំខាងលើ ថ្នាក់ដឹកនាំទាំងពីររួមទាំងមន្ត្រីរាជការមួយចំនួន ក៏បានបន្តចុះត្រួតពិនិត្យនៅតាម ផ្លូវ ឆ្នេរ និងចុះកំណត់ទីតាំងត្រៀមប្រារព្ធពិធីបុណ្យសមុទ្រផងដែរក្នុងនោះមានពីរទីតាំងដែលស្ថិតក្នុងការ ពិចារណាគឺនៅបរិវេណរង្វង់មូលព្រះថោងនាងនាគនិងមួយទីតាំងទៀតនៅឆ្នេរពយជំទាវម៉ៅ ដែលនៅជិតដើមឈើចាំស្នេហ៍៕





លោក សាយ ឈុំ ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃព្រឹទ្ធសភា បានថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
សូមអានសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរខាងក្រោម៖


ពិធីសម្ពោធដាក់ឱ្យដំណើរការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យរដ្ឋបាលស្រុកប្រាសាទបាគង

សៀមរាប៖ ដើមី្បលើកកម្ពស់គោលការណ៍អភិបាលកិច្ចល្អ និង ការកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធដាក់ឲ្យដំណើរការនូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប។
នាឱកាសនោះដែរ លោក ទៀ សីហា បានបញ្ជាក់ថា ថ្ងៃនេះយើងបានទទួលសមិទ្ធិផលថ្មី នូវការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋនៅរដ្ឋបាលស្រុកប្រាសាទបាគង គឺធ្វើទៅតាមការផ្ទេរអំណាចរបស់អន្តរក្រសួងដើមី្បបម្រើនូវសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានរហ័ស។
ដូច្នេះការិយាល័យច្រកចេញចូលតែមួយនេះ ជាការលើកកម្ពស់គោលការអភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធរដ្ឋបាលដោយពង្រីកវិសាលភាពសេវាកម្មទាំងអស់ក្នុងក្របខណ្ឌសមត្ថកិច្ចរបស់ក្រុង ស្រុក ខណ្ឌ ដែលត្រូវផ្តល់ជូន អតិថិជននៅកន្លែងតែមួយ និង កែលម្អការផ្តល់សេវាសាធារណៈក្នុងការកាត់បន្ថយអំពើពុករលួយ និងបង្កើននូវការជឿទុកចិត្តពីប្រជាពល រដ្ឋលើប្រព័ន្ធរដ្ឋបាល និងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការផ្តល់មតិយោបល់និងការរិះគន់ស្ថាប នាដើមី្បកែលម្អការអនុវត្តលើប្រព័ន្ធរដ្ឋបាលក្នុងការបង្ខិតរដ្ឋបាលឲ្យនៅកៀកជិតប្រជាពលរដ្ឋ និងបង្កភាពងាយ ស្រួលក្នុងការផ្តល់សេវាប្រជាពលរដ្ឋឲ្យឆាប់រហ័សប្រកប ដោយប្រសិទ្ធភាព គុណភាព តម្លាភាពឆ្លើយតបទាន់ពេលវេលាទៅនឹងសេចក្តីតម្រូវការរបស់ប្រជាពលរដ្ឋ។
លោកអភិបាលខេត្ត បានលើកនូវអនុសាសន៍មួយចំនួន ដើមី្បជាមូលដ្ឋានគ្រឹះដល់អាជ្ញាធរស្រុក មន្ត្រីរាជការដែលចំណុះឲ្យរដ្ឋបាលស្រុកប្រាសាទបាគងទាំងអស់ត្រូវប្រកាន់ភ្ជាប់នៅភាពទៀងត្រង់ អព្យាក្រឹត្យភាព តម្លាភាព ស្មើរភាពគ្នា កត្តាសំខាន់នោះគឺត្រូវតែប្រកបទៅដោយវិជ្ជាជីវៈទៅតាមចំណេះជំនាញរបស់ខ្លួនដោយមិនត្រូវប្រកាន់យកនៅឥរិយាបទដែលមិនល្អក្នុងពេលដែលកំពុងតែអនុវត្តន៍តួនាទី ឬបំពេញការងារក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋ ដោយមិនត្រូវប្រើប្រាស់សម្តីមិនសមរម្យពេលពួកគាត់មករកសេវាសាធារណៈរបស់យើង និងមិនត្រូវយកការបម្រើសេវាធារណៈរបស់រដ្ឋនេះ ធ្វើអាជីវកម្ម ជាតម្លៃជើងសារសម្រាប់រត់ការឯក សារណាមួយដែលប្រជាពលរដ្ឋយើងត្រូវការចាំបាច់ ព្រោះវាជាទង្វើមួយដែលខុសនឹងច្បាប់។
លោក ទៀ សីហា បានបន្តថា ក្នុងនាមជាមន្ត្រីបម្រើការងារក្នុងវិស័យសាធារណៈរបស់រដ្ឋគឺត្រូវអនុវត្តន៍ទៅតាមច្បាប់ក្បួនប្រកបដោយវិជ្ជាជីវ:ត្រឹមត្រូវ ហើយមានការគោរព និងឲ្យតម្លៃចំពោះគ្នា គោរពតួនាទី ពេលវេលា ហើយខិតខំបំពេញការងារក្នុងការបម្រើសេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានល្អ៕




ក្រសួងសុខាភិបាលកម្ពុជា៖ រកឃើញអ្នកជាសះស្បើយពីជំងឺកូវីដ១៩ ចំនួន ១នាក់ និងមិនមានករណីឆ្លងថ្មីនោះទេ

ក្រសួងសុខាភិបាល បានចេញសចក្តីប្រកាសនៅថ្ងៃនេះ អ្នកជំងឺកូវីដ១៩ម្នាក់ទៀត បានជាសះស្បើយ និងមិនមានករណីឆ្លងជំងឺកូវីដ-19ថ្មីទេ ខណៈអ្នកជាសះស្បើយសរុបទាំងអស់កើនដល់១២៦នាក់ ចំណែកអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅសល់ចំនួន២នាក់។ គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។

អ្នកជំងឺកូវីដ១៩ ដែលជាសះស្បើយនៅពេលនេះ គឺជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ មានទីលំនៅឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ជាអ្នកដំណើរដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន បានព្យាបាលជាសះស្បើយដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសចំនួន២ដង និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលខាងក្រោម៖




ស្ពានថ្មថ្មី ក្បែរស្ពានថ្មចាស់ដែលមានអាយុកាល១០០ឆ្នាំ ពេលនេះកំពុងដំណើរការសាងសង់បានប្រមាណ៨០% ហើយ!

បាត់ដំបង៖ នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង អមដំណើរដោយលោក សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានថ្មថ្មី ទន្ទឹមស្ពានថ្មចាស់ ទល់មុខអគារសាលាខេត្តបាត់ដំបង ដែលបានកំពុងដំណើរការសាងសង់បានប្រមាណ៨០% ហើយគ្រោងនឹងបញ្ចប់រយៈពេល២ខែទៀត គឺនៅក្នុងអំឡុងខែសីហា នេះផងដែរប្រសិនបើអាកាសធាតុមានអំណោយផលល្អ។ នៅក្នុងដំណើរចុះពិនិត្យនោះដែរ លោកអភិបាលខេត្ត បានពិនិត្យអំពីលក្ខណៈបច្ចេកទេស និងពិនិត្យរៀបចំគ្រោងស្ថាបនាផ្លូវផ្នែកខាងលិចនៃស្ពានដើម្បីជួយសម្រួលដល់ការធ្វើដំណើរមួយផ្នែកជូនបងប្អូនប្រជាពលរដ្ឋនៅពេលបញ្ចប់ការសាងសង់ស្ពាននេះរួចរាល់ផងដែរ។
សូមបញ្ជាក់ផងដែរថា ការស្ថាបនាសាងសង់ស្ពានថ្មថ្មី ទន្ទឹមគ្នាជាមួយនឹងស្ពានថ្មចាស់ដែលមានប្រវត្តិសាស្ត្របន្សល់ទុកពីសម័យអាណានិគមនិយមបារាំងមានចំណាស់អាយុកាលជាង ១០០ឆ្នាំមកនេះគឺស្ថិតនៅផ្នែកខាងត្បូងស្ពានចាស់ និងនៅចន្លោះពីគ្នាប្រវែង០៦ម៉ែត្រនៃស្ពានថ្មចាស់ ត្រូវបានប្រារព្វពិធីក្រុងពាលីបើកការដ្ឋានសាងសង់ហើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ កន្លងទៅនេះដោយកងកម្លាំងវិស្វកម្មក្រោមវត្តមានជាអធិបតីពីលោក ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង និងលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនជាទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃផងដែរ។
សម្រាបជូនផងដែរថា ស្ពានថ្មថ្មី ដែលសាងសង់ទន្ទឹមស្ពានថ្មចាស់នេះ មានរចនាបថដូចគ្នាទៅនឹងស្ពានថ្មចាស់ដែលមានបណ្តោយប្រវែង១០០ម៉ែត្រ និងទទឹង៨ ម៉ែត្រ ហើយនឹងគ្រោងបញ្ចប់ការសាងសង់នៅខែសីហា ខាងមុខនេះផងដែរ៕




(Video)៖ លិខិតមិត្តអ្នកអាន៖ ចលនាមាតាធម្មជាតិ និងក្រុមជនក្បត់ជាតិបាននិងកំពុងបញ្ឆេះបដិវត្តន៍ពណ៌សារជាថ្មីដោយជ្រកក្រោមស្លាកបរិស្ថាន និងធនធានធម្មជាតិ

លោក ហេង សំរិន ថ្វាយសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម

លោក ហេង សំរិន ប្រធានរដ្ឋសភា តាងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកានៃរដ្ឋសភា បានថ្វាយនូវសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។
សូមអានសារលិខិតថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរខាងក្រោម៖