Wednesday, June 17, 2020

លិខិតមិត្តអ្នកអាន៖ រវាងសេរីភាពនិងជីវិត តើមួយណាសំខាន់ជាង?

ព្រឹត្តិការណ៍ជាច្រើនដែលបាននិងកំពុងកើតឡើងក្នុងពិភពលោក បានផ្តល់ឲ្យយើងនូវគំនិតគួរឲ្យពិចារណាជាច្រើនក្នុងនោះ ទស្សនៈទានមួយដែលសំខាន់ជាងគេគឺ សេរីភាព និងភាពសុខសានរបស់សង្គមមនុស្ស ឬក៏និយាយឲ្យធ្ងន់ជាងនេះគឺសេរីភាពនិងជីវិត តើមួយណាសំខាន់ជាង?
ជាការពិត មនុស្សជាច្រើនច្បាស់ជាឆ្លើយថាចង់បានទាំង២ គឺសេរីភាពផង និងជីវិតប្រកប​ដោ​យភាពសុខសានក្នុងសង្គមផង។ ចម្លើយនេះមិនខុសទេពីព្រោះរបស់ទាំង២យ៉ាងនេះសំខាន់ណាស់ដែលមនុស្សគ្រប់រូបតែងតែប្រាថ្នាចង់បាន។ ប៉ុន្តែ នៅលើសាច់ការជាក់ស្តែងរបស់ទាំង២នេះវាមិនអាចដើរទៅមុខស្របគ្នាក្នុងពេលជាមួយគ្នាបានស្រួលរហូតឡើយជាពិសេសនៅពេលមួយដែលមនុស្សកាន់តែជោរនឹងពាក្យថាសេរីភាព ហើយមើលឃើញសេរីភាពថាសំខាន់ជាងអ្វីៗទាំងអស់ ពេលនោះមនុស្សនឹងលង់ខ្លួនញៀនជាមួយសេរីភាពរហូតដល់បណ្តោយឲ្យសេរីភាពបំផ្លាញភាពសុខសានរបស់សង្គមនិងបំផ្លាញភាពសុខសានរបស់ខ្លួនឯងឬរហូតដល់បំផ្លាញជីវិតរបស់យើងតែម្តង។ អ្វីដែលបាន និងកំពុងកើតឡើងនៅលោកខាងលិចដែលយើងនិយមហៅថា ប្រទេសលោកសេរីនាពេលនេះគឺជាកញ្ចក់ឆ្លុះបញ្ចាំងយ៉ាងល្អពីតម្លៃនៃសេរីភាព និងតម្លៃនៃជីវិតមនុស្សដែលយើងគួរតែថ្លឹងថ្លែង។
ជាការពិត បណ្តាប្រទេសលោកសេរីបានផ្តល់តម្លៃខ្លាំងណាស់ដល់សេរីភាព។ ពួកគេតែងមានអំនួតអំពីសេរីភាពនិងតម្កល់សេរីភាពខ្ពស់ជាងអ្វីៗទាំងអស់ដែលពេលខ្លះសូម្បីតែច្បាប់ក៏មិនហ៊ានប៉ះពាល់ដល់សេរីភាពដែរពីព្រោះពួកគេយល់ថា សេរីភាពនេះហើយដែលបណ្តាប្រទេសលោកសេរីទាំងនោះក្លាយជាសង្គមជឿនលឿន ស៊ីវីឡាយ និងក្លាយជាមហាអំណាចគ្រប់គ្រងពិភពលោកទាំងមូល។ លោកសេរី ក៏បានដើរតួជាជើងឯកខាងប្រជាធិបតេយ្យខាងការគោរពសិទ្ធិមនុស្ស និងខាងសេរីភាពបញ្ចេញមតិអស់ជាច្រើនទសវត្សរ៍មកហើយ។ ប៉ុន្តែ បើគេពិនិត្យឲ្យស៊ីជម្រៅសង្គមលោកសេរី ក៏មិនមែនល្អផូរផង់ដូចដែលយើងគិតនោះឡើយ។
នៅលើជ្រុងម្ខាងទៀត សេរីភាព បានក្លាយជាអំណោយផលយ៉ាងល្អដល់ជនខិលខូចដែល​​ពួកគេអាចដើរលួចប្លន់ ធ្វើបាបគេឯងតាមអំពើចិត្តនិងបានបង្កការភ័យខ្លាចដល់មនុស្សជាច្រើនក្នុងសង្គម។ មានតែក្រុមមនុស្សអ្នកមានទ្រព្យសម្បត្តិ និងអ្នកមានអំណាចប៉ុណ្ណោះដែលទទួលបានភាពសុខសានប្រៀបបានឋានសួគ៌។ ដោយឡែក អ្នកក្រដែលរស់នៅក្នុងសង្កាត់តោក​យ៉ា​កត្រូវរស់ក្នុងភាពភ័យខ្លាចនិងអសន្តិសុខជាប្រចាំក្រោមអំណាចនៃជនទុច្ចរិតនិងការមិនអើពើរបស់សមត្ថកិច្ចដោយសារសម្ពាធនៃពាក្យពីរម៉ាត់គឺ «សេរីភាពនិងការគោរពសិទ្ធិមនុស្ស»។ ពលរដ្ឋដែលរស់ក្នុងសង្កាត់ក្រីក្រក្នុងបណ្តាប្រទេសលោកខាងលិចបានយល់ច្បាស់អំពីបញ្ហានេះ។
អ្វីដែលធ្វើឲ្យយើងកាន់តែភ្លឺភ្នែកថែមទៀតនៅពេលនេះគឺការគ្រប់គ្រងវិបត្តិកូវីដ១៩ និងវិបត្តិនៃការរើសអើងពូជសាសន៍ដែលបង្កជាបាតុកម្មរហូតឈានដល់អំពើហិង្សាធ្វើឲ្យទីក្រុងធំៗរបស់សហរដ្ឋអាមេរិកក្លាយជាសមរភូមិប្រយុទ្ធក្រោមអណ្តាតភ្លើងយ៉ាងសន្ធោរសន្ធៅដែលមើ​លទៅមិនខុសពីរឿងកុនហ៊ូលីវូដឡើយ។ គុណវិបត្តិនៃសេរីភាពជ្រុលហួសហេតុបានបំផ្លាញភាពសុខសានរបស់សង្គមនិងក៏កំពុងរុញច្រានសង្គមលោកសេរីជាពិសេសសហរដ្ឋអាមេរិកឲ្យធ្លាក់ក្នុងវិបត្តិដ៏សែនជ្រៅហើយអ្វីដែលគួរឲ្យរន្ធត់បំផុតនោះគឺជីវិតមនុស្សរាប់សែននាក់បានស្លាប់និងបន្តស្លាប់ជារៀងរាល់ថ្ងៃ។
អ្នកឆ្លងកូវីដ-១៩ នៅអាមេរិកកើនដល់ជាង២លាននាក់ខណៈដែលអ្នកស្លាប់កើនជិត១២ម៉ឺននាក់ដែលជាចំនួនច្រើនជាងគេបំផុតក្នុងពិភពលោកហើយគេក៏មិនដឹងថាចំនួនអ្នកឆ្លងនិងអ្នក ស្លាប់នឹងកើនដល់កម្រិតណាទេនៅទីបំផុត?
ក្នុងចំណោមហេតុផលជាច្រើនដែលនាំដល់សោកនាដកម្មនេះមានហេតុផលដ៏សំខាន់មួយដែ​លមិនអាចមើលរំលងបាន នោះគឺដោយសារតែមនុស្សជោរនឹងសេរីភាពមិនស្តាប់បង្គាប់អាជ្ញាធរ និងដោយសារតែមនុស្សមានអំនួតជ្រុលថាខ្លួនរស់ក្នុងសង្គមស៊ីវីឡាយមិនងាយស្លាប់ដោ​យជំងឺឆ្លងឡើយ។ ចំណែកឯអាជ្ញាធរវិញ ក៏មិនហ៊ានចាត់វិធានការតឹងតែងដែរពីព្រោះតែខ្លាចប៉ះពាល់ដល់សេរីភាពនិងសិទ្ធិមនុស្សដែលសង្គមរបស់គេចាត់ទុកជាវត្ថុដែលមិនអាចប៉ះ ពា​ល់បាន។ ទីបំផុតគឺសេរីភាពហួសហេតុ និងសិទ្ធិមនុស្សជ្រុលនិយមនេះហើយដែលបានបំផ្លា​ញភាពសុខសាន្តរបស់សង្គមនិងបំផ្លាញជីវិតមនុស្សយ៉ាងរង្គាល។
ដោយឡែក ក្នុងបណ្តាប្រទេសនៅអាស៊ីវិញក្នុងនោះក៏មានកម្ពុជាផងដែរដែលអាចគ្រប់គ្រងបានយ៉ាងល្អនូវជំងឺកូវីដ-១៩។ នេះដោយសារតែមនុស្សនៅអាស៊ីនិយាយជារួម និងនៅកម្ពុជា​និយាយដោយឡែកបានឲ្យតម្លៃលើវិន័យនិងសណ្តាប់ធ្នាប់ជាធំ។ ហេតុដូច្នេះហើយបានជានៅពេលមានគ្រោះអាសន្នកើតឡើងដូចជារោគឆ្លងកាចសាហាវកូវីដ-១៩ ជាដើម រដ្ឋាភិបាលបានដាក់ចេញនូវវិធានការច្បាស់លាស់និងម៉ឺងម៉ាត់ហើយពលរដ្ឋគ្រប់គ្នាគោរពតាម។ ចំណែកឯអ្នកល្មើសនឹងវិន័យ ឬបទបញ្ជាត្រូវទទួលរងវិធានការចាំបាច់មួយចំនួនូចជាការព្រមាន ការបង្ខំឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពឬក៏ឃាត់ខ្លួនមួយរយៈដើម្បីបង្ការកុំឲ្យបង្កបញ្ហាដល់អ្នកដទៃ ឬដល់សង្គមទាំងមូល។
វិធានការទាំងនេះត្រូវបានអ្នកប្រជោរនិយមខាងសេរីភាពរិះគន់ថាជាការបំបិទសេរីភាពបញ្ចេ​ញ​មតិឬការបំពានសិទ្ធិមនុស្សជាដើម។ ប៉ុន្តែ សំណួរនៅត្រង់ថា «តើវិធានការកម្រិតសេរីភាពបន្តិចបន្តួចនេះវាមិនប្រសើរជាងការបណ្តែតបណ្តោយឲ្យមនុស្សស្លាប់រាប់ពាន់ រាប់ម៉ឺន ឬរាប់សែននាក់ ទេឬ? » «តើរវាងការបិទសិទ្ធិសេរីភាពមនុស្សមួយចំនួនក្នុងមួយរយៈណាមួយតែគ្មា​នអ្នកស្លាប់ ហើយនឹងការបើកសេរីភាពពេញទីតែបណ្តោយឲ្យមនុស្សស្លាប់គរជើងគ្នា តើ ជម្រើសមួយណាប្រសើរជាង?»។ មានតែអ្នកឆ្លងកូវីដ-១៩ និងគ្រួសារអ្នកស្លាប់ទេដែលអាចផ្តល់ចម្លើយច្បាស់លាស់ចំពោះសំណួរនេះបាន។
សរុបទៅ សេរីភាពក៏សំខាន់ រីឯជីវិតមនុស្សដែលត្រូវការរស់ក្នុងភាពសុខសានក្នុងសង្គមក៏សំ​ខាន់និងចាំបាច់មិនអាចខ្វះបាន។ ប៉ុន្តែ បើនិយាយពីមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សគឺជីវិតដែលមានតម្លៃជាងអ្វីៗទាំងអស់។ ប្រសិនបើមាន វត្ថុទាំង២យ៉ាងគឺជីវិតសុខសាន្តផង និងសេរីភាពផងគឺពិតជាល្អប្រសើរណាស់។ ប៉ុន្តែ ពេលខ្លះឬកាលៈទេសៈខ្លះ វាតម្រូវឲ្យមានជម្រើសមួយជាអាទិភាពជាងជម្រើសមួយទៀត។ ក្នុងករណីនេះ ប្រសិនបើគេពិតជាផ្តល់តម្លៃដល់សិទ្ធិមនុ​ស្សពិតប្រាកដគេប្រាកដជាផ្តល់តម្លៃដល់ជីវិត មនុស្សជាអាទិភាពទី១មិនខាន។ កាត់បន្ថយសេរីភាពខ្លះដើម្បីសង្គ្រោះជីវិតមនុស្សគឺជាជម្រើសល្អប្រសើរជាងការកាត់បន្ថយជីវិតមនុស្សជាថ្នូរនឹងសេរីភាព។ ប្រសិនបើដូច្នោះមែន ចំណាត់ការនានាដែលរដ្ឋាភិបាលកម្ពុជាបានចាត់ឡើងគឺជាជម្រើសត្រឹមត្រូវពីព្រោះទាំងនោះគឺជាចំណាត់ការដែលបានផ្តល់តម្លៃដល់ជីវិតមនុ​ស្សខ្ពស់ជាងសេរីភាព។
ចំណែកអ្នកដែលគិតថា ការស្លាប់មនុស្សរាប់សែននាក់គឺជារឿងធម្មតាឲ្យតែមនុស្សមានសេរីភាពអាចធ្វើអ្វីតាមអំពើចិត្តនោះគឺជាការប្រមាថជីវិតមនុស្សដ៏ឃោរឃៅអមនុស្សធម៌បំផុត។ ឯណាទៅពាក្យថា គោរពសិទ្ធិមនុស្សដែលពួកគេតែងតែអួតអាងថាជាជើងឯកនោះ?៕
ដោយ៖ អ្នកនយោបាយតុកាហ្វេ



No comments:

Post a Comment