Wednesday, April 26, 2017

ទស្សនវិភាគ៖ នយោបាយនាំសង្គ្រាមចូលស្រុក

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ គណនីហ្វេសប៊ុក វិទ្យាស្ថាន ពលរដ្ឋវិជ្ជា បានបង្ហោះ​ផ្សាយនូវអត្ថបទមួយជាទស្សនវិភាគក្រោមចំណងជើងថា «នយោបាយនាំសង្គ្រាមចូលស្រុក» ដែលមានខ្លឹមសារដូចតទៅ៖
សង្គ្រាមកើតមាននៅកម្ពុជាពីអតីតកាល និងសង្គ្រាមកំពុងកើតមានបច្ចុប្បន្ននៅបណ្តាប្រទេសនានាលើពិភពលោក មានទឡ្ហីករណ៍ជាក់លាក់បញ្ជាក់ថា សង្គ្រាមក្នុងស្រុកទាំងនោះ កើតចេញពីហេតុផលនយោបាយនៃការដើរលើផ្លូវខុសរបស់ក្រុមអ្នកនិន្នាការប្រឆាំងនឹងរដ្ឋាភិបាល។ ដើម្បីអំណាច គឺក្រុមនិន្នាការនយោបាយប្រឆាំងនឹងរដ្ឋាភិបាល តែងដើរតួជាចលករនៃការផ្លាស់ប្តូរតាមឆន្ទៈសហរដ្ឋអាមេរិក ក្រោមលេសប្រជាធិបតេយ្យ និងសេរីភាព។ បើទោះ​បីជាក្រុមនិន្នាការប្រឆាំងនឹងរដ្ឋាភិបាល ដំបូងឡើយ គ្មានអាវុធ និងគ្មានទាហាន ក៏ពិតមែន តែបន្ទាប់មក អាវុធយុទ្ធភ័ណ្ឌ នឹងទទួលបាននៅពេលក្រោយ ដើម្បីចិញ្ចឹមសង្គ្រាម។ រីឯអ្នកគាំទ្រផ្កាប់មុខ ជាពិសេសយុវជនដែលទទួលការអប់រំមនោគមន៍វិជ្ជាពីមេដឹកនាំបក្សប្រឆាំង នឹងត្រូវបំពាក់អាវុធក្លាយខ្លួនជា «យុវសកម្មប្រយុទ្ធ»
ទិដ្ឋភាព «យុវសកម្មប្រយុទ្ធ» នៅកម្ពុជា បានបង្ហាញឱ្យប្រជាជនកម្ពុជា មើលឃើញច្បាស់ក្រ​ឡែតរួចទៅហើយក្នុងរូបភាពកុប្បកម្មបះបោរ ដឹកនាំដោយលោក សម រង្ស៊ី និងលោក កឹម សុខា ក្រោយការបោះឆ្នោតឆ្នាំ២០១៣។ នេះហើយជាពន្លកនយោបាយដែលត្រូវពិចារណាថាតើហេតុផលនយោបាយអ្វីដែលសំអាងថា មេដឹកនាំគណបក្សសង្គ្រោះជាតិ នឹងនាំសង្គ្រាមចូលស្រុក ដូចកាលជំនាន់ក្រុមលោក លន់ នល់/ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ កាន់អំណាច?
មេដឹកនាំគណបក្សសង្គ្រោះជាតិប្រកាន់យកគោលនយោបាយធំៗបីដែលគ្រោះថ្នាក់ដល់ជាតិ គឺ៖
១- នយោបាយអាមេរិកាំងនិយម ដោយយកអាមេរិក ជាចៅហ្វាយនៃនយោបាយកម្ពុជា។ នេះជានយោបាយបំផ្លាញអព្យាក្រិត្យអចិន្ត្រៃយ៍កម្ពុជា។ ដើម្បីយកអាមេរិកជាខ្នងបង្អែកនៃមហិច្ឆិតាអំណាច មេដឹកនាំគណបក្សសង្គ្រោះជាតិ ហ៊ានធ្វើនយោបាយដោះដូរ លក់អធិបតេយ្យភាពជាតិ ដោយបើកដៃឱ្យអាមេរិកយកកម្ពុជាធ្វើជាឈ្នាន់សម្រាប់ត្រួតត្រាតំបន់។ នេះជានយោ​បាយ​នាំសង្គ្រាមចូលស្រុក ជាថ្មីម្តងទៀត ចម្លងតាមក្រុមលោក លន់ នល់/ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ។
២- នយោបាយលាបពណ៌ បញ្ឆេះកំហឹងវណ្ណៈ បំបែកបំបាក់សង្គមជាតិ។ មេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រកាន់យកមនោគមន៍វិជ្ជាបញ្ឆេះកំហឹងវណ្ណៈឱ្យអ្នកក្រខឹងអ្នក​​មាន ដែលធ្វើឱ្យសង្គមជាតិបែកបាក់ និងធ្វើនយោបាយលាបពណ៌ឱ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល។
៣- នយោបាយប្រឆាំងពូជសាសន៍ គឺមេដឹកនាំគណបក្សសង្គ្រោះជាតិយករឿងប្រវត្តិសាស្ត្រដ៏យូរលង់សម័យសក្តិភូមិនៃការបាត់បង់ទឹកដី មកបញ្ឆេះកំហឹងជាតិនិយមឱ្យខ្មែរជំនាន់ក្រោយស្អប់វៀតណាម។
ដូច្នេះ ប្រជាជនកម្ពុជា ត្រូវប្រកាន់ជំហររឹងមាំថែរក្សាសន្តិភាព ដោយត្រូវរួមគ្នាទប់ស្កាត់ធ្វើយ៉ាងណាកុំឱ្យមេដឹកនាំគណបក្សសង្គ្រោះជាតិ មានឱកាសយកគោលនយោបាយដ៏គ្រោះថ្នាក់នេះ មកអនុវត្តបានឱ្យសោះ ពោលគឺ មិនផ្តល់ការគាំទ្រលើសន្លឹកឆ្នោតដល់គណបក្សសង្គ្រោះជាតិ។ សន្លឹកឆ្នោតរបស់យើងម្នាក់ៗជាពលរដ្ឋ ត្រូវមានកាតព្វកិច្ចធ្វើការសម្រេចចិត្តផ្តល់នូវគុណតម្លៃនៃការថែរក្សាសន្តិភាពយូរអង្វែង ជាមូលដ្ឋាននៃដំណើរការប្រជាធិបតេយ្យ និងការអភិ​វឌ្ឍជាជំហានៗ៕

ប្រភព៖ វិទ្យាស្ថាន ពលរដ្ឋវិជ្ជា


លិខិតមិត្តអ្នកអាន៖ សង្គ្រាម និងរឹបអូសទ្រព្យសម្បត្តិអ្នកមាន

រាស្រ្តខ្មែរនៅចាំច្បាស់ណាស់ថា អ្នកនយោបាយ សម រង្ស៊ី បានធ្វើប្រជាភិថុតិថា បើបក្សខ្លួនឈ្នះឆ្នោត នឹងរឹបអូសយកទ្រព្យសម្បត្តិដីធ្លីពីអ្នកមាន ឧកញ៉ាទាំងឡាយមកវិញ និងព្រមានពីការបង្ក្រាបតាមបែបយោធា បើសិនជាគណបក្សខ្លួនឈ្នះឆ្នោតមិនមានការផ្ទេរអំណាចឱ្យទេនោះ។ សារទាំងនេះគឺពិតជាគួរឱ្យភ័យខ្លាច ខណៈសម រង្ស៊ី មានកំហឹងបុគ្គល និងគ្រួសារជាប់ក្នុងខ្លួន និងបានជាប់ជាជើងឯកខាងរើសអើងជាតិសាសន៍និយម ពូកែសាបព្រោះគ្រាប់ពូជជេរ និងហិង្សាដល់សកម្មជនរបស់ខ្លួន។
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ នៅអំឡុងពេលធ្វើសមាជវិសាមញ្ញបក្សព្រះអាទិត្យ មេបក្សថ្មី កឹម សុខា បានថ្លែងថា នឹងមិនមានការរឹបអូសដីធ្លីទ្រព្យសម្បត្តិឡើយ និងក៏មិនមាន កើតសង្គ្រាមដែរ បើសិនបក្សខ្លួនឈ្នះការបោះឆ្នោត។ ការថ្លែងនេះគឺជាការទះកំផ្លៀង សម រង្ស៊ី ជាច្រើនដៃ និងបានព្រមានថា សារដែល សម រង្ស៊ី ធ្លាប់បាននិយាយចេញមកនេះ គ្មានប្រយោ​ជន៍អ្វីទាំងអស់ និងនាំទុក្ខដាក់ខ្លួនតែប៉ុណ្ណោះ។
គេនៅចាំបានថា សម រង្ស៊ី ជាអ្នកគម្រាមអំពីការរឹបអូសទ្រព្យសម្បត្តិ ការបង្ក្រាប, កឹម សុខា ជាអ្នកសម្រួលមកវិញនៅពេលដែលរាស្ត្រខ្មែរនិយាយពីសន្តិភាព ការពារស្ថិរភាព និងការអភិវឌ្ឍ! តើ កឹម សុខា អាចគ្រប់គ្រងសកម្មជនរបស់ខ្លួនបានទេ មិនឱ្យផ្ទុះជម្លោះបានទេ ក្នុងពេលអនាគត ខណៈមានបរទេសរង់ចាំជួយពីក្រោយខ្នងដើម្បី ប្រឆាំងនឹងសន្តិភាព និងការអភិវឌ្ឍដែល រាជរដ្ឋាភិបាល និងប្រជាជនកំពុងតែមាននេះ? អ្វីដែល កឹម សុខា ប្រកាសថា មិនមានសង្គ្រាម គ្មានការរឹបអូសយកទ្រព្យសម្បត្តិ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោត គឺជាប្រជាភិថុតិមួយ ដើម្បីបន្លំភ្នែករាស្ត្រ ស្តារប្រជាប្រិយភាពឡើងវិញតែប៉ុណ្ណោះ។ ការប្រកាសល្អ តែគំនិតនៅតែអាក្រក់ដដែល ! សង្គ្រាមនឹងកើតឡើងពិតប្រាកដ ពីព្រោះអ្នកគាំទ្រ បក្សសង្គ្រោះជាតិមួយចំនួន គឺជាជនជ្រុលនិយមរើសអើងប្រឆាំងនឹងជាតិសាសន៍ និងអ្នកខ្លះបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើត្រី ឬស្រមោច។
កឹម សុខា ប្រឹងស្រែកនៅមុខអ្នកកាសែតថា ក្រុមខ្លួនមិនមានប្រភពមកពីអ្នកធ្វើសង្គ្រាម តែវាជាការបំភ្លៃ នរណាមិនដឹងថា កឹម សុខា ប៉ុល ហំម សឺន ស៊ូប៊ែរ្តិ៍ និងអ្នកមួយចំនួនទៀតចេញពីចលនារណសិរ្សរំដោះប្រជាពលរដ្ឋខ្មែររបស់សម្តេចបវរសេដ្ឋា សឺន សាន ដែលជាចលនាកម្លាំងប្រដាប់អាវុធមួយនៅជាយដែន? នរណាមិនដឹងថា សម រង្ស៊ី និងមន្ត្រីមួយចំនួនទៀត ដែលបំបែកខ្លួនមកបង្កើតគណបក្សជាតិខ្មែរ ចេញពីចលនាហ៊្វុនស៊ិនប៉ិច? ទាំង កឹម សុខា សម រង្ស៊ី ប៉ុល ហំម និងអ្នកមួយចំនួនទៀតបានចេញពីចលនាកម្លាំង ត្រីភាគីដែលបានគាំទ្រ និងសហការជាមួយក្រុមខ្មែរក្រហមក្នុងការវាយប្រហារប៉ុនប៉ងនាំខ្មែរក្រហម មកកាន់អំណាចវិញនៅកម្ពុជា ក្រោយពេលរបបសម្លាប់មនុស្សដ៏ច្រើននេះត្រូវបានផ្តួលរំលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។តើនេះមិនមែនមកពីប្រភពសង្គ្រាមទេឬ?
ខណៈរាស្ត្រខ្មែររងគ្រោះវេទនាដោយសាររបបខ្មែរក្រហមម្តងហើយ ជាតិនិងប្រជាជនកម្ពុជារងគ្រោះបានរងគ្រោះម្តងទៀត ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អន្តរជាតិពីឆ្នាំ១៩៧៩ ដល់ឆ្នាំ ១៩៩១ ហាក់ដូចជា កម្ពុជារងគ្រោះមិនទាន់គ្រប់គ្រាន់ ដោយហាមឃាត់រាល់ជំនួយអភិវឌ្ឍន៍សព្វបែបយ៉ាងក្រុមអស់លោកបានសប្បាយ រីករាយនឹងទុក្ខសោករបស់រាស្ត្រខ្មែរ សើចក្អាកក្អាយជាមួយក្រុមខ្មែរក្រហមនៅជាយដែន និងបានអំពាវនាវឱ្យបន្ថែមសម្ពាធមកលើរាស្ត្រខ្មែរ។
រាស្ត្រខ្មែរខំប្រឹងត្រដររស់ដោយដៃ ម្ខាងខិតខំស្តារ និងកសាងអភិវឌ្ឍប្រទេសជាតិឡើងវិញ និងដៃម្ខាងទៀតប្រយុទ្ធទប់ស្កាត់ការវិលត្រឡប់មកវិញនូវរបបខ្មែរក្រហមប្រល័យពូជសាសន៍។ កឹម សុខា គ្រាន់តែជាចោរលួចអង្កររាស្ត្ររងគ្រោះ និងបានរត់ចូលព្រៃ។ មេដឹកនាំបក្សសង្គ្រោះជាតិ ដែលមិនបានចូលរួមរំដោះប្រទេសប្រជាជន ពីរបបខ្មែរក្រហម និងមិនបាននាំមកនូវសន្តិភាពសម្រាប់កម្ពុជា ក៏គួរយល់ថាសង្គ្រាម និងរបបខ្មែរក្រហមបានសម្លាប់ស្ទើរសូន្យនូវធនធានមនុស្ស ជំងឺផ្លូវចិត្តរបស់ជនរងគ្រោះ ក្នុងរបបខ្មែរក្រហម ហើយជនរងគ្រោះទាំងនេះបាន ខិតខំត្រដរបន្តជីវិតនៅក្នុងសង្គមដែលបាក់បែកខ្ចាត់ខ្ចាយ គួបផ្សំនឹងបច្ច័យដ៏ឃោរឃៅដែលកើតចេញពីទណ្ឌកម្មរបស់អង្គការសហប្រជាជាតិទាំងអស់នេះបានបន្សល់ទុកនូវស្នាមរបួសដ៏ជ្រៀលជ្រៅ ដែលនៅមិនទាន់ជាសះ និងផលអាក្រក់មិនអាចគណនាបាននៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន។ បក្សប្រឆាំងបច្ចុប្បន្ន នៅតែបន្តវប្បធម៌នេះដដែល ដោយអាងអីហៅឱ្យបរទេសដាក់សម្ពាធ អាងអីអំពាវនាវឱ្យបរទេសកាត់ជំនួយ និងឈប់ទិញផលិតផល វាយនភ័ណ្ឌសម្លៀកបំពាក់ពីកម្ពុជា។
រឿងរ៉ាវឈឺចាប់ ឈាម និងទឹកភ្នែករាស្ត្រខ្មែរ នាពេលកន្លងទៅទើបនឹងធូរស្បើយនៅពេលនេះ ជាមួយការរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ និងបាននិយាយពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាព។ តើនៅក្នុងសង្គ្រាមស៊ីវិល អ្នកទាំងនោះមានបាននិយាយពីបញ្ហាទាំងអស់នេះទេ ព្រោះសូម្បីជីវិត ខ្លួនមិនដឹងថារក្សាគង់បានយូរប៉ុនណាផង។ ឥឡូវនៅពេលដែលកម្ពុជាមានសន្តិភាព ចាប់ផ្តើមមានកេរ្តិ៍ឈ្មោះល្បីរន្ទឺរនៅលើឆាកអន្តរជាតិតាមរយៈសកម្មភាពមនុស្សធម៌ កីឡា ការអប់រំការចូលរួមថែរក្សា សន្តិភាពពិភពលោកក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មជ្ឈដ្ឋានជ្រុលនិយម មួយចំនួនបានញុះញង់ក្រោមការរៀបចំផែនការរបស់បរទេសដែលមិនសប្បាយចិត្តនឹង កម្ពុជារីកចម្រើន និងមិនសប្បាយចិត្តដោយសារតែកម្ពុជាមានមោទ​នភាពគ្រប់គ្រងប្រទេសមិនចំណុះឱ្យខ្លួនទៅវិញ។ ស្ថានភាពបាតុកម្មតវ៉ាលទ្ធផលបោះឆ្នោតឆ្នាំ ២០១៣ គឺជាឧទាហរណ៍ស្រាប់នៃការសាកល្បងកម្លាំងដែលបក្សប្រឆាំងបានធ្វើក្រោមការជួយឧបត្ថម្ភគាំទ្ររបស់បរទេសជាចៅហ្វាយនាយរបស់ខ្លួនដោយមិនញញើត នឹងបញ្ឆេះភ្លើងសង្គ្រាមនៅកម្ពុជាឡើយដោយគួបផ្សំនឹងការដុតកំហឹងសកម្មជនរបស់ខ្លួនឱ្យកើតអំពើស្អប់ ខ្ពើមជាតិសាសន៍ឯងដែលមានគំនិត និងនិន្នាការនយោបាយមិនដូចខ្លួននិងរើសអើងជាតិសាសន៍។
ខណៈចរន្តនៃការផ្លាស់ប្តូរបំពក់ដោយបក្សប្រឆាំងមិនយល់ពីផលវិបាកនៃសង្គ្រាមកើតឡើង និងមានចរន្តពីរកំពុងតែកក្រើកឡើងរវាងក្រុមអ្នកចង់បានរក្សាសន្តិភាព និងអ្នកចង់បានសង្គ្រាម, រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំប្រទេស ជាពិ​សេ​សស្ថាបនិកសន្តិភាពនៅកម្ពុជា លោក ហ៊ុន សែន ធ្លាប់បានប្រកាសយ៉ាងម៉ឺងម៉ាត់ថា ទោះ​បីជាក្នុងតម្លៃណាក៏ដោយ កម្ពុជាត្រូវរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យបាន។ ដូច្នេះ កឹម សុខា ដែល​ទទួលបានពរជ័យពីទេវតា ឡើងធ្វើមេបក្សថ្មីនៃបក្សព្រះអាទិត្យនេះដែលបានទះកំផ្លៀង សម រង្ស៊ី ជាការប្រពៃណាស់ដើម្បីឱ្យអ្នកនយោបាយអង្ករកំប៉ុង មាត់អត់គម្របនេះរាងចាល និងកឹម សុខា ខ្លួនឯងព្រមទាំងបក្សពួកគួរលះបង់គំនិតអាក្រក់ទាំងឡាយរួមទាំងការពឹងបរ​ទេសផងដើម្បីបំផ្លិចបំផ្លាញសន្តិភាពនៅកម្ពុជា ព្រោះរាស្ត្រខ្មែររស់នៅហែលឆ្លងកាត់ឆ្អែតឆ្អន់ហើយសង្គ្រាមនោះ។ រាស្ត្រខ្មែរត្រូវការសន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ ចៅចាក់ស្មុក

ជប៉ុន បានផ្តល់នូវ​គម្រោងលើក​កម្ពស់បទដ្ឋាន​សុខភាព និងសុវត្ថិ​ភាពការងារដល់​វិស័យ​សំណង់នៅនៅកម្ពុជា

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ជប៉ុនបានផ្តល់នូវគម្រោងលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារដល់វិស័យសំណង់នៅនៅកម្ពុជា។ លោករដ្ឋមន្ត្រី អ៊ិត សំហេង បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីពិសារអាហារការងារថ្ងៃត្រង់ ជាមួយលោក Yasuo Ariga អ្នកសម្របសម្រួល នៃកម្មវិធីរបស់អង្គការអន្តរជាតិខាងការងារជប៉ុន លោក Francisco Santos-O’Connor មន្ត្រីជំនាញជាន់ខ្ពស់ផ្នែកសុខភាព និងសុវត្ថិភាពការងារ លោក Jungho Choi មន្ត្រីជំនាញផ្នែកសុខភាព និងសុវត្ថិភាពការងារ និងលោក ទុន សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ។
នៅក្នុងឱកាសផងដែរ លោក អ៊ិត សំហេង ក៏បានថ្លែងអំណរគុណដល់អង្គការអន្តរជាតិខាងការងារជប៉ុន ដែលបានផ្តល់នូវ “គម្រោងលើកកម្ពស់បទដ្ឋានសុខភាព និងសុវត្ថិភាពការងារវិស័យសំណង់នៅក្នុងប្រទេសកម្ពុជា” របស់អង្គការអន្តរខាងការងារជប៉ុន ដែលជាគម្រោងលើកទី២ ក្រោមកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការអន្តរជាតិខាងការងារជប៉ុន។
សូមជម្រាបផងដែរថា គម្រោងនេះ មានសារៈសំខាន់ក្នុងការជួយដល់វិស័យសំណង់ក្នុងការគ្រប់គ្រងធនធានមនុស្ស និងការពារសុវត្តិភាពការងារ ដែលជាវិស័យមួយកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ហើយជាវិស័យមួយដែលកំពុងស្រូបយកកម្លាំងពលកម្មច្រើន ដូចនេះការអបរំផ្សព្វផ្សាយនូវបញ្ហាសុខភាព សុវត្តិភាពការងារជាការសំខាន់ ដែលត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា៕




ទីព្រះស្រែ​ក្នុងស្រុកកំចាយមារ​ កំពុងត្រូវ​បានរៀបចំ​ដើម្បីត្រៀមសម្រាប់​ពិធីច្រត់ព្រះនង្គ័ល​

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នឹងស្តេចយាង ជាព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរការ នព្វស័ក ពុទ្ធសករាជ ២៥៦១ នៅទីព្រះស្រែ ឃុំស្មោងខាងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។
អាជ្ញាធរខេត្ពព្រៃវែង និង ក្រុមការងារកំពុងតែមមាញឹករៀបចំទីព្រះស្រែ និងរោងពិធីមុននឹងព្រះរាជពិធីផ្លូវការ នឹងមកដល់នាពេលឆាប់ៗ។
សូមជំរាបថា ព្រះរាជពិធីច្រត់ព្រះនង្គ័លតែងតែត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» ជាពិសេសការបង្កបង្កើនផលកសិកម្ម និងជាការដាស់តឿនក្រើនរំឭក ដល់ប្រជាជនខ្មែរយើងដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ៕



ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក កោតសរសើរចំពោះសមិទ្ធផលនិងការអភិវឌ្ឍរបស់រាជ រដ្ឋាភិបាលកម្ពុជាជាងពីរទស្សវត្សកន្លងមកនេះ

លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា បានថ្លែងកោតសរសើរចំពោះសមិទ្ធផលនិងការអភិវឌ្ឍរបស់រាជ រដ្ឋាភិបាលកម្ពុជាជាងពីរ​ទស្សវត្សកន្លងមកនេះ។ នេះបើយោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងការបរទេស និង​សហប្រតិបត្តិការអន្តរជាតិស្តីពីលទ្ធផលនៃ​ជំនួបរវាងលោក​ទេ​សរដ្ឋមន្រ្តី ប្រាក់ សុខុន និង​លោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការ​បរទេស​អា​មេរិ​ក​ទទួលបន្ទុកកិច្ចការ​អាស៊ី​បូព៌ាកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ម្សិញមិញនេះ។
សេចក្តីជូនព័ត៌មាន ក៏បានបញ្ជាក់ថា លោក Patrick Murphy បានកោតសរសើរចំពោះសមិទ្ធ​ផល និងការអភិវឌ្ឍដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានជាង២ទស្សវត្សកន្លងមកនេះ ហើយ​លោក ក៏បានសម្តែងពីភាពរីករាយចំពោះស្ថានភាពដ៏ល្អនៃទំនាក់ទំនង និងកិច្ច​សហ​ប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ​សហ​ប្រតិបត្តិការមេគង្គ។
លោក Patrick Murphy ក៏បានបញ្ជាក់ថា រដ្ឋមន្រ្តីការបរទេសអាមេរិក Rex Tillerson បាន​ស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងរដ្ឋមន្រ្តីការ​បរ​ទេសអាស៊ានផ្សេងទៀតដើម្បីចូលរួមកិច្ចប្រជុំពិសេសរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន និង អាមេរិកនាពេលខាងមុខ៕




កម្ពុជា-ឡាវ បង្ហាញ​ពីគោល​បំណងពង្រឹង​មិត្តភាព និង​កិច្ចសហការ​បន្ថែម​នៅតាម​ព្រំដែន

នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព បានបង្ហាញពីគោលបំណងដូចគ្នា គឺការពង្រឹងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការបន្តកិច្ចសហការនៅតាមព្រំដែន និងការចូលរួមទប់ស្កាត់សកម្មភាពខុសច្បាប់នានា រួមទាំងការជួញដូរខុសច្បាប់មួយចំនួនទៀតរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្រោយជំនួបពិភាក្សាការងារនេះ។
នៅក្នុងឱកាសនោះផងដែរ លោក ស៊ុមកែវ ស៊ីឡាវង្ស បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨ខាងមុខ ប្រទេសឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំទ្វេរភាគីរវាងកម្ពុជា និងឡាវ។ ទន្ទឹមនេះប្រទេសកម្ពុជា និងប្រទេសឡាវ នឹងបន្តការផ្លាស់ប្តូរព័ត៌មាន រួមនិងការដោះស្រាយបញ្ហាផ្សេងៗ ដែលអនុវត្តន៍ទៅតាមគោលការណ៍របស់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា លោកចង់ឃើញការងារ ដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយនោះ ត្រូវបានអនុវត្តន៍ឲ្យបានពេញលេញ។ លោកក៏បានថ្លែងបញ្ជាក់ថា បើទោះបីជាអាកាសធាតុមានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែមិត្តភាពរវាងប្រទេសទាំងពីរ គឺមិនមានការប្រែប្រួលនោះទេ។
សូមជម្រាបផងដែរថា ព្រំដែនរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រវែង ៥៤០គីឡូម៉ែត្រ ដែលមកដល់ពេលនេះភាគីទាំងពីរបានសម្រេចបោះបង្គោលព្រំប្រទល់ បាន៨៧ភាគរយរួចមកហើយ ។ រីឯកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតាមតំបន់ព្រំដែនក៏ត្រូវបានផ្សារភ្ជាប់ តាមរយៈការបើកច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលត្រូវបានសម្ពោធបើកអោយប្រើប្រាស់កាលពី ថ្ងៃទី១០ខែមករា ឆ្នាំ២០១៧កន្លងទៅផងដែរ។ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន គឺជាច្រកទ្វារអន្តរជាតិទ្វេភាគីដំបូងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ៕
អត្ថបទ៖ ប៊ុន ធី




បេក្ខភាព​លេខរៀងទី២ គណ​បក្សសង្គ្រោះ​ជាតិ នៅឃុំចំ​បក់ ស្រុក​បាទី លា​ឈប់​ដោយ​សា​រគណ​បក្សពុករ​លួយ និង​បក្ខពួក​និយម

លោក ហេង អេងឡុង អតីតជំទប់ទី១ របស់គណបក្សសមរង្ស៊ី បច្ចុប្បន្នជាបេក្ខភាព ឈរលេខរៀងទី២ របស់គណបក្សសង្គ្រោះជាតិ នៅឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ បានលា
ឈប់ពីគណបក្សសង្គ្រោះជាតិ ។
លោក ហេង អេងឡុង បានឱ្យដឹងថា ការដែលលោកចាកចេញពីគណបក្សសង្គ្រោះជាតិនេះ ក៏ដោយសារគណបក្សនេះពុករលួយ បក្ខពួកនិយម បោកប្រាស់ ភូតភរ កុហក លំអៀង អ្នកធ្វើតិចបានផលច្រើន ឯអ្នកខំប្រឹងគ្មានលុយឱ្យថ្នាក់លើ និងមិនពូកែអែបអបមេកើយ មិនដែលបានផល និងត្រូវគេទុកចោល ធ្វើឱ្យលោកមិនអាចទទួលយកបាន និងអស់ជំនឿពីបក្សនេះ ៕





លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នះ លោក ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាពុទ្ធិកបឋមសិក្សា និងសមិទ្ធផលនានា ក្នុងវត្តយសមេត្រី ស្ថិតក្នុងឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយមានការអញ្ជើញចូលរួមពីសមាជិកសមាជិកាព្រឹទ្ធសភា អាជ្ញាធរស្រុក ខេត្ត សមនសិស្ស យាយជីតាជី លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋជាច្រើនរូប។
សូមបញ្ជាក់ថា សាលាពុទ្ធិកបឋមសិក្សាដែលសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ មានបណ្តាយ១៨ម៉ែត្រ ទទឹង១០.៥ម៉ែត្រ កំពស់៧ម៉ែត្រ ចាប់កសាងពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧៕ 






ប្រធានក្រុមប្រឹក្សាយុវជនបក្សសង្គ្រោះជាតិ ខេត្តកំពង់ស្ពឺសម្រេចចិត្តដោះអាវ​ និងលាលែងពីដំណែង​ ដោយងាកមក​រួមរស់ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​

លោក វួក ធួន ប្រធានក្រុមប្រឹក្សាយុវជនគណបក្សសង្គ្រោះជាតិ និងជាបេក្ខជនពេញសិទ្ធិលេខរៀងទី៧ ប្រចាំនៅឃុំកាត់ភ្លុក ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ  បានសម្រេចចិត្តដោះអាវ និងលាលែងពីប្រធានយុវជន និងបេក្ខភាពក្រុមប្រឹក្សាឃុំ ងាកមកចូលរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយលើកឡើងថា បក្សប្រឆាំងពុករលួយ បក្ខពួកនិយម សន្យាបានតែមាត់។
ការដែលលោកចាកចេញពីគណបក្សសង្គ្រោះជាតិនេះ ក៏ដោយសារគណបក្សនេះពុករលួយ បក្សពួកនិយម អ្នកធ្វើតិចបានផលច្រើន ឯអ្នកខំប្រឹងគ្មានលុយឱ្យថ្នាក់លើ និងមិនពូកែឯបអបមេកើយ មិនដែលបានផល និងត្រូវគេទុកចោលទៀតផង។
លោកបានបន្តថា ដោយមើលឃើញពីការខិតខំប្រឹងប្រែង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍជាតិ និងជាគណបក្សមានសាមគ្គីភាព និងប្រជាធិបតេយ្យផ្ទៃក្នុងខ្ពស់ ទើបលោកសម្រេចចិត្តមករួមរស់ជាមួយ។
ពិធីទទួលសមាជិកបក្សថ្មីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហេង សុខគង់ អនុប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកបរសេដ្ឋ ទទួលបន្ទុកឃុំកាត់ភ្លុក និងឃុំភក្តី និងមានការចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ស្រូយ អាដុល្លារ ប្រធានក្រុមការងារចុះជួយឃុំកាត់ភ្លុក លោកវេជ្ជបណ្ឌិត ស៊ឹម ពិសិដ្ឋ សមាជិកក្រុមការងារចុះជួយស្រុកបរសេដ្ឋ តំណាងគណបក្សស្រុកបរសេដ្ឋ ប្រធាន-អនុប្រធានគណបក្សឃុំ ភូមិ និងគណៈចលនាបោះឆ្នោតឃុំ ភូមិ ទាំង១១ភូមិ នៃឃុំកាត់ភ្លុក។
លោក ហេង សុខគង់ បានស្វាគមន៍ចំពោះការចូលមករួមរស់ជាគ្រួសារតែមួយ ជាមួយគណបក្សប្រជាជនកម្ពុជា លោកបានកោតសរសើរ ចំពោះស្មារតីភ្ញាក់រលឹកទាន់ពេលវេលារបស់ លោក វួក ធួន និងបានបញ្ជាក់ជូនដល់អង្គពិធីទាំងមូល ដែលនេះគឺជាសញ្ញាណបង្ហាញឱ្យកាន់តែច្បាស់លាស់ នៃបែបផែនការងាររបស់គណបក្សប្រឆាំង ដែលតែងអួតខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ បម្រើរាស្រ្ត និងបម្រើសង្គមនោះ តែធាតុពិតគឺបម្រើបក្សពួក បម្រើក្រុមគ្រួសារខ្លួន និងបម្រើមហិច្ឆតាក្រុមខ្លួនមួយក្តាប់តូច។
លោកបានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  មានសុខសន្តិភាព និងសុវត្ថិភាពពេញលេញ ប្រកបដោយការអភិវឌ្ឍឥតឈប់ឈរ បើបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា កម្ពុជានឹងបន្តនូវសុខសន្តិភាព និងភាពរីកចម្រើននេះ កាន់តែខ្លាំងឡើងថែមទៀត តែបើបោះឱ្យគណបក្សផ្សេង ហាក់ដូចជាយកអាយុជីវិតខ្លួនឯង គ្រួសារយើង និងសង្គមជាតិយើង ទៅផ្សងព្រេងដោយមិនដឹងគោលដៅ និងអនាគតពិតប្រាកដ៕



ប្រជាពលរដ្ឋខ្មែរ៣៦នាក់នៅអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសថា នឹងបញ្ជូនមកប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗ

ក្រៅអំពីបង្ហាញជំហរដែលចាត់ទុកការបាញ់មីស៊ីល និងការសាកល្បងធ្វើនុយក្លេអ៊ែររបស់កូរ៉េខាងជើងជាការរំលោភបំពាន ទៅលើសេចក្ដីសម្រេចចិត្តរបស់​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងឋានៈជាប្រទេសហត្ថលេខីនៃសន្ធិសញ្ញាស្ដីពីតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងតំបន់ពិសេសគឺនៅក្នុងឧបទ្វីបកូរ៉េ កម្ពុជា និងសហរដ្ឋអាមេរិក បានយល់ព្រម និងឯកភាពចំពោះសំណើដែលបានស្នើសុំធ្វើវិសោធនកម្ម លើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការបញ្ជូនពលរដ្ឋខ្មែរ ពីអាមេរិកមកមាតុភូមិវិញក្នុងនោះពលរដ្ឋខ្មែរ ៣៦នាក់ នៅសហរដ្ឋអាមេរិក ត្រូវបានរដ្ឋាភិបាលអាមេរិកប្រកាសថា នឹងបញ្ជូនមកប្រទេសកំណើតវិញ ក្នុងពេលឆាប់ៗ ខណៈមានពលរដ្ឋខ្មែរ៥នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃទី២៩មីនាកន្លងមកនេះ តាមអនុស្សរណៈ (MOU) ស្តីពីការធ្វើមាតុភូមិនិវត្តន៍ របស់ពលរដ្ឋខ្មែរពីអាមេរិកកាលពីឆ្នាំ២០០២។
លោក ជុំ សន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានថ្លែងឱ្យដឹងបែបនេះនៅក្រោយ​បញ្ចប់កិច្ចជំនួបរវាង លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស  និងសហប្រតិបត្តការអន្ដរជាតិ ជាមួយលោក Patrick Murphy ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៥ ខែមេសាឆ្នាំ២០១៧។
លោក ជុំ សន្ទរី បានឱ្យដឹងទៀតថា កម្ពុជាចាំបាច់ត្រូវពិនិត្យ និងស្នើសុំធ្វើវិសោធនកម្ម ទៅលើការចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការបញ្ជូនពលករខ្មែរពីអាមេរិកមកមាតុភូមិវិញ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែមានឆន្ទៈក្នុងការទទួលពលរដ្ឋខ្មែរនៅអាមេរិក ដែលមានទោសកំហុស និងបន្តដោះស្រាយបញ្ហាជាមួយអាមេរិក ដូច្នេះចាំបាច់ត្រូវធ្វើវិសោធនកម្ម ដើម្បីធានាបាននូវការអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមស្មារតីដើមនៃ MOU ដែលសំដៅធានាឱ្យបាននូវទិដ្ឋភាពមនុស្សធម៌ និងមេត្តាករុណា ក្នុងការអនុវត្តនូវកិច្ចព្រមព្រៀង ហើយបន្ទាប់ពីទទួលយកពលរដ្ឋទាំង៣៤នាក់ នេះហើយ គឺផ្អាកជាបណ្តោះអាសន្នមិនទទួលយកបន្តទៀតទេ។
ទាក់ទងនឹងបញ្ហានេះដែរ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន បានញ្ជាក់ថា កម្ពុជាបានបញ្ចប់ការតាក់តែងពង្រាងថ្មីនៃកិច្ចព្រមព្រៀងនេះហើយ គ្រោងនឹងបញ្ជូនទៅស្ថានទូតអាមេរិកក្នុងពេលឆាប់ៗខាងមុខ ដើម្បីឱ្យភាគីទាំងពីរ ពិភាក្សាគ្នាឡើងវិញលើពង្រាងថ្មីនេះ។
គួរបញ្ជាក់ថា បើយោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រចាំឆ្នាំ២០១៦ មានពលរដ្ឋខ្មែរ ធ្វើមាតុភូមិនិវត្តន៍ពីសហរដ្ឋអាមេរិក ចំនួន២៥លើក មានមនុស្ស ៤១នាក់ បើគិតត្រឹមឆ្នាំ២០១៧ ពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក ដែលបានធ្វើមាតុភូមិនិវត្តន៍មានចំនួន សរុប ២២៦លើក ក្នុងនោះមានពលរដ្ឋចំនួន ៥៤៤នាក់ ស្រី១៤នាក់ ដែលត្រូវរដ្ឋាភិបាលអាមេរិកបញ្ជូនឱ្យមករស់កម្ពុជាវិញ៕
អត្ថបទ៖ យន់ សាវឿន



សាលាឧទ្ធរណ៍ លើកពេលបើកសវនាការកាត់ទោស សកម្មជនបក្សប្រឆាំង ក្នុងសំណុំរឿងហិង្សានៅលើស្ពាននាគ

សាលាឧទ្ធរណ៍បានសម្រេចលើកពេលសវនាការ កាត់ទោសលោក មាជ សុវណ្ណារ៉ា រួមទាំងសកម្មជនគណបក្សប្រឆាំង១០នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងសំណុំរឿង ហិង្សានៅលើស្ពាននាគ ក្បែរទីលានប្រជាធិបតេយ្យ កាលពីឆ្នាំ២០១៤។
សវនាការនេះ ត្រូវបានលើកពេលទៅថ្ងៃក្រោយ ដោយមិនកំណត់ បន្ទាប់ពីអនុរក្សពន្ធនាគារ បានបញ្ជូនជនជាប់ចោទ ទៅដល់សាលាឧទ្ធរណ៍ បើតាមការបញ្ជាក់របស់ មន្រ្តីតុលាការ បានឱ្យដឹងកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ថា មូលហេតុដែលនាំឱ្យសាលាឧទ្ធរណ៍ លើកពេលសវនាការចំពោះសំណុំរឿងនេះ ដោយសារតែដើមបណ្តឹងមិនចូលខ្លួន។
សូមជំរាបផងដែរថា លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្រ្គោះជាតិ១០នាក់ផ្សេងទៀត ត្រូវបានតុលាការចោទពីបទ «ដឹកនាំកុបកម្ម និង អំពើចូលរួមចលនាកុបកម្ម» ប្រព្រឹត្តនៅចំណុចទីលានប្រជាធិបតេយ្យ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
លោក មាជ សុវណ្ណារ៉ា និងសកម្មជនCNRPទាំង១០នាក់ រួមមានឈ្មោះ អឿ ណារិន, ឃិន រឿន ហៅឃិន ចំរើន,នាង សុឃុន, សាន គឹមហេង, ស៊ុ ពុទ្ធី, កែ ឃីម ហៅ វិន ឌី, ទេព ណារិន, អាន បឋម ហៅ សុខុម, សាន សីហៈ និង អ៊ុក ពេជ្រសំណាង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៥ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារពី៧ឆ្នាំដល់២០ឆ្នាំ ពាក់ព័ន្ធនឹងហិង្សានៅក្បែរទីលានប្រជាធិបតេយ្យកាលពីខែកក្កដាឆ្នាំ២០១៤៕


កម្ពុជា និងវៀតណាម ឯកភាពគ្នាស្នើជំនាញការបារាំងជួយការងារបោះបង្គោលព្រំដែន

កម្ពុជា និងវៀតណាម ប្តេជ្ញាពន្លឿនការបោះបង្គោលព្រំដែនដែលនៅសេសសល់ឲ្យបានឆាប់ ដើម្បីធ្វើឲ្យតំបន់ព្រំដែននៃប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព និងការអភិវឌ្ឍ។
នៅក្នុងជំនួបរវាងលោក ហេង សំរិន ប្រធានរដ្ឋសភា និង លោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅថ្ងៃទី២៥ ខែមេសា នៅវិមានរដ្ឋសភា ភាគីទាំងពីរបានឯកភាពគ្នាអញ្ជើញអ្នកជំនាញព្រំដែនប្រទេសបារាំងដើម្បីឲ្យមកជួយពិនិត្យ និងចូលរួមបោះបង្គោលព្រំដែនកម្ពុជា និងវៀតណាមដែលនៅសល់ប្រមាណ១៦ភាគរយអោយបានចប់រួចរាល់នៅពេលឆាប់ៗខាងមុខនេះ។
លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យលោក ហេង សំរិន បានឱ្យដឹងថា ក្រោយពីបញ្ចប់ជំនួបនោះ ប្រមុខរដ្ឋាភិបាលវៀតណាម និងលោក ហេង សំរិន បានបង្ហាញពីការខិតជិតគ្នាដើម្បីស្វែងរកវិធីសាស្រ្តក្នុងចូលរួមដោះស្រាយបញ្ហាដែលនៅជាប់គាំងមួយចំនួនដែលធ្វើឲ្យការបោះបង្គ្រោលព្រំដែនមិនទាន់បានឯកភាពគ្នា។
សូមរំលឹកផងដែរថា ព្រំដែនកម្ពុជា វៀតណាម មានបណ្តោយ១២៧០គីឡូម៉ែត្រ ក្រុមបច្ចេកទេសនៃប្រទេសទាំងពីរ បានបោះបង្គោលព្រំដែនបានប្រវែងជិត១០០០គីឡូម៉ែត្រស្មើនឹងប្រវែង៨៤ភាគរយហើយ នៅសល់តែជាង១៦%ទៀតប៉ុណ្ណោះ។
ដោយឡែកទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មវិញ ភាគីទាំងពីរបានឯកភាពគ្នាជំរុញទំហំពាណិជ្ជកម្មអោយបានដល់គោលដៅ ៥ពាន់លានដុល្លានៅពេលឆាប់ៗខាងមុខនេះ។
ក្នុងជំនួបនោះដែរភាគីទាំងពីរបានលើកឡើងពីការរៀបចំរំលឹកខួបនៃទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម ៕






អភិបាល​ខេត្តកំពង់ធំ៖​ ការបន្តយក​ថ្លៃសេវាសាធារណៈ​ ពីប្រជាពលរដ្ឋ​ ជាទង្វើ​ខុសច្បាប់​ និងព្រមានចាត់វិធានការក្តៅ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មានការចូលរួមពីក្រុមការងារ និងបេក្ខជនពេញសិទ្ធិ និងឈរឈ្មោះជាច្រើនរយនាក់ បានព្រមានថា នឹងចាត់វិធានការក្តៅលើមន្ត្រីរាជការ មេឃុំ-ចៅសង្កាត់ណា ដែលនៅតែបន្តយកថ្លៃសេវាសាធារណៈផ្សេងៗ ពីប្រជាពលរដ្ឋ ព្រោះទង្វើនេះជាអំពើខុសច្បាប់ និងគាបសង្កត់ប្រជាពលរដ្ឋ។
លោកថ្លែងដូច្នេះ ក្នុងឱកាសនាំយកថវិការបស់លោកបណ្ឌិត ងួន ញ៉ិល ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំ ជាង៥០លានរៀល ឧបត្ថម្ភដល់បេក្ខជនដែលឈរឈ្មោះក្រុមប្រឹក្សាសង្កាត់ទាំង៨ ក្នុងក្រុងស្ទឹងសែន ចំនួន១១៤នាក់ និងបេក្ខជនឈរឈ្មោះមកពីឃុំចំនួន៥ ក្នុងស្រុកប្រាសាទសំបូរ ចំនួន៨៨នាក់ សរុបចំនួន២០២នាក់ ដោយម្នាក់ៗទទួលបានថវិកា ចំនួន២០ម៉ឺនរៀល និងជួយឧបត្ថម្ភដល់គណបក្សប្រជាជនក្រុងស្ទឹងសែន ចំនួន១០លានរៀល ឧបត្ថម្ភដល់ទីស្នាក់ការគណបក្សប្រជាជនស្រុកប្រាសាទសំបូរ ចំនួន១០លានរៀល។
លោកបានថ្លែងបន្តយ៉ាងដូច្នេះថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការបញ្ចុះតម្លៃនៃអាត្រាចងការប្រាក់ ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្សេងៗ មិនឲ្យយកសេវាផ្សេងៗពីប្រជាពលរដ្ឋ បញ្ចុះតម្លៃអគ្គិសនី ផ្តល់បណ្ណក្រីក្រដល់ប្រជាពលរដ្ឋ នៅពេលដែលលោកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យ ដោយមិនបាច់បង់ប្រាក់។
ហេតុដូច្នេះហើយ បើបុគ្គលណាប្រព្រឹត្តខុសនៅតែបន្តយកលុយថ្លៃសេវាផ្សេង ពីប្រជាពលរដ្ឋទៀត បើរកឃើញនឹងត្រូវមានទោសចំពោះមុខច្បាប់។
លោកអភិបាលខេត្តកំពង់ធំ បានបន្ថែមទៀតថា ផ្លូវគ្រួសក្រហមចំនួន៥ខ្សែ នៅក្រុងស្ទឹងសែន នឹងត្រូវបើកការដ្ឋានសាងសង់ចាក់កៅស៊ូ នៅមុនពេលបោះឆ្នោតជ្រើសរើសឃុំសង្កាត់ខាងមុខនេះ ហើយលោកក៏បានសំណូមពរបេក្ខជន និងក្រុមការងារទាំងអស់ ត្រូវតែពង្រឹងការងាររបស់ខ្លួន ចុះពន្យល់ប្រជាពលរដ្ឋនៅតាមផ្ទះ ឲ្យឈប់ជឿលើការដើរនិយាយភូតកុហក និងសន្យាខ្យល់របស់ជនអគតិមួយចំនួនតូចនោះតទៅទៀត៕

ជំទប់ទី១ និងសមាជិកបក្សសង្គ្រោះជាតិ ចំនួន១៨០នាក់ នៅស្រុកកំពង់សៀម សុំចូលជាមួយ CPP ដោយសារបក្សចាស់បោកប្រាស់និងភូតភរជាង១០ឆ្នាំហើយ

ដោយសារតែការឈឺចាប់ និងការបោកប្រាស់ ភូតភរ កុហក សមាជិកគណបក្សសង្គ្រោះជាតិ១៨០នាក់ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម បានចាកចេញពីបក្សនេះ ហើយសុំរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ជាក់ស្ដែងសកម្មជនទាំង១៨០នាក់នេះ ត្រូវបានលោក លន់ លឹមថៃ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម ទទួលការអបអរស្វាគមន៍ដោយក្តីរីករាយ នៅក្នុងពិធីបញ្ចូលសមាជិកគណបក្ស នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។ ក្នុងចំណោមសមាជិកទាំង១៨០នាក់ មានសមាជិកសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិចំនួន១៣៥នាក់ មកពីឃុំរំចេក ឃុំកៀនជ្រៃ និងឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ក្នុងនោះក៏មានជំទប់ទី១ ឃុំរំចេក១រូបផងដែរ របស់គណបក្សសិទ្ធិមនុស្សក្នុងមុខតំណែង ដែលបានលាលែង និងសុំចូលជាសមាជិកបក្សប្រជាជនកម្ពុជា។
លោក ចេង រស្មី ជំទប់ទី១ នៃឃុំរំចេក ស្រុកកំពង់សៀម មកពីគណបក្សសិទ្ធិមនុស្ស បាននិយាយថា លោកព្រមចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះលោកបានចាញ់បោកគណបក្សសង្រ្គោះជាតិ និងគណបក្សសិទ្ធិមនុស្សអស់រយៈពេលជិត១០ឆ្នាំហើយ ទាំងការដឹកនាំ ការធ្វើនយោបាយ គឺពោរពេញ ការបោកប្រាស់ ភូតភរ ទៅលើប្រជាពលរដ្ឋ មានការលំអៀង បក្សពួក និងពុករលួយជាប្រព័ន្ធ ដែលជាចុងក្រោយនេះធ្វើឱ្យគាត់អស់ជំនឿទាំងស្រុងតែម្តង។
ដោយសារលោក មើលឃើញពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈមោះមុត របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី បានធ្វើការងារបម្រើជាតិ និងប្រជាជនយ៉ាងពិតប្រាកដ របស់អាជ្ញាធរគ្រប់ថ្នាក់នៅមូលដ្ឋាន ទើបលោក និងសមាជិកផ្សេងទៀតបានសម្រេចចិត្តចុះចូលរួមរស់ ជាមួយគណបក្សប្រជាជនកម្ពុជាតែម្តង៕


ក្រសួងឧស្សាហកម្ម និងសិប្បកម្មពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងថែមទៀត ជាមួយ ADB លើការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា

កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ក្នុងជំនួបរវាងលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាមួយក្រុមបេសកកម្មកម្មវិធីក្នុងប្រទេសឆ្នាំ ២០១៧ (2017 Country Programming Mission) នៃធនាគារអភិវឌ្ឍន៍អាស៊ី ADB ដឹកនាំដោយលោក Samiuela Tukuafu ប្រធានធនាគារអភិវឌ្ឍអាស៊ីប្រចាំកម្ពុជា នៅទីស្តីការក្រសួង។ ដៃគូសន្ទនា បាន ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ ពីគម្រោងដែលក្រសួងឧស្សាហកម្ម និងសិប្បកម្ម កំពុងអនុវត្ត និងបណ្តាគម្រោងនានា ដែលគ្រោងស្នើសុំនាពេលអនាគត ទាក់ទងនឹងវិស័យផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា។
ក្នុងឱកាសនោះ ADB បានលើកឡើងពីផែនការកម្មវិធីក្នុងប្រទេសរបស់ខ្លួនសម្រាប់អនុវត្តនៅកម្ពុជា រួមមាន ៖
-ឆ្នាំ២០១៧ គ្រោងនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងទឹកស្អាត និងអនាម័យខេត្ត ដែលមានទំហំថវិការឥណទានរបស់ADB ចំនួន ៥០ លានដុល្លាអាមេរិក។
-ឆ្នាំ២០១៧ គម្រោងអភិវឌ្ឍដៃគូរវាងរដ្ឋ និងឯកជន (PPP)
-ឆ្នាំ២០១៨ គម្រោងជំនួយបច្ចេកទេស ដែលមានថវិកា ជាជំនួយឥតសំណងប្រមាណ ១,៥ លានដុល្លារអាមេរិកសម្រាប់សិក្សារៀបចំគម្រោងទឹកស្អាត និងអនាម័យដំណាក់កាលទី២
-ឆ្នាំ២០២០ គ្រោងនឹងអនុម័តគម្រោងទឹកស្អាត និងអនាម័យខេត្តជំហ៊ានទី២ ដែលមានថវិកា របស់ADB ចំនួន ៥០ លានដុល្លារអាមេរិក។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសាទរនូវគម្រោងបេសកកម្មកម្មវិធី របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB និងស្នើឲ្យADB ផ្តល់សារៈសំខាន់ចំពោះគម្រោងអភិវឌ្ឃន៍ជាអាទិភាពមួយចំនួន រួមមានៈ
-រោងចក្រទឹកស្អាតនៅខេត្តស្ទឹងត្រែង ដែលបច្ចុប្បន្ននៅប្រើបំពង់បណ្តាញចាស់តាំងពីជំនាន់បារាំង កំពុងមានបញ្ហាធ្លាយលេចជាច្រើនកន្លែង ដែលតម្រូវឲ្យមានការផ្លាស់ប្តូរថ្មី និងកែតម្រូវប្រព័ន្ធដទៃទៀត
-គម្រោងផ្គត់ផ្គង់ពង្រីកវិសាលភាពទឹកស្អាត នៅក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទីប្រជុំជនជាប់ព្រំដែន មានសកម្មភាពពាណិជ្ជកម្មមមាញឹក ជាពិសេសជាតំបន់សេដ្ឋកិច្ចពិសេស ប្រមូលផ្តុំដោយរោងចក្រ សហគ្រាស និងកម្មករ និងគម្រោងពង្រីកសេវាគ្របដណ្តប់បណ្តាញផ្គត់ផ្គង់ទឹកស្អាត នៅខេត្តសៀមរាប ដែលជាខេត្តគោលដៅទេសចរណ៍ដ៏សំខាន់របស់ពិភពលោក៕

ប្រធានអាជ្ញាធរជាតិអប្សរាជួបប្រជុំជាមួយមន្រ្តីរាជការថ្នាក់ដឹកនាំនៃអាជ្ញាធរអប្សរាដើម្បីយល់ច្បាស់អំពីដំណើរការស្ថាប័ននិងការគ្រប់គ្រងរមណីយដ្ឋានអង្គរ

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានថ្មីនៃអាជ្ញាធរជាតិអប្សរា លោកស្រី ភឿង សកុណា នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានជួបប្រជុំជាមួយមន្រ្តីរាជការ ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា ដើម្បីស្វែងយល់បន្ថែមនូវការងារអនុវត្តជាក់ស្តែងនៃស្ថាប័ន និងការគ្រប់គ្រងនៅរមណីយដ្ឋានអង្គរ។

ជំនួបប្រជុំនេះ ត្រូវបានរៀបចំឡើងនៅទីស្នាក់ការអាជ្ញាធរជាតិអប្សរា និងក៏ជាលើកទី២ផងដែរ បន្ទាប់ពី​អាជ្ញាធរជាតិអប្សរាត្រូវបានរាជរដ្ឋាភិបាលផ្ទេរការគ្រប់គ្រងពីទីស្តីការគណៈរដ្ឋមន្ត្រី ឲ្យស្ថិតនៅក្រោមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

តាមគម្រោងកិច្ចប្រជុំនេះនឹងដំណើរការរយៈពេល២ថ្ងៃ គឺរសៀលថ្ងៃទី២៥ និងព្រឹកថ្ងៃទី២៦ ខែមសា ដែលគ្រប់នាយកដ្ឋាន និងអង្គភាពចំណុះរបស់អាជ្ញាធរជាតិអប្សរាទាំងអស់នឹងលើកឡើងនូវសកម្មភាពការងាររបស់ខ្លួន និងសំណូមពររាល់បញ្ហាលំបាកផ្សេងៗ ដើម្បីដាក់ជូនប្រធានអាជ្ញាធរជាតិអប្សរាដោះស្រាយ៕



ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ នាយករដ្ឋមន្ត្រីវៀតណាម

ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន ប្រធានសមាគមមិត្តភាព កម្ពុជា-វៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី ង្វៀង ស៊ុនហ្វុក នៅសណ្ឋារគារសូហ្វីតែល រាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧។

ក្នុងឱកាសនោះលោកស្រីក៏បានថ្លែងអំណរគុណដល់នាយករដ្ឋមន្ត្រីវៀតណាម ដែលដឹកនាំគណៈប្រតិភូមកបំពេញ បេសកកម្មជាផ្លូវការនៅកម្ពុជា ហើយក៏បានឆ្លៀតឱកាសមកជួបសំណេះសំណាលជាមួយប្រតិភូសមាគមមិត្តភាពកម្ពុជា-វៀតណាម ។ លោកស្រីក៏បានវាយតម្លៃខ្ពស់ដល់រាជរដ្ឋាភិបាលវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាចាប់តាំងសម័យតស៊ូរហូតដល់បច្ចុប្បន្ន។
នាយករដ្ឋមន្ត្រីវៀតណាមក៏បានកោតសសើរដល់ការខិតខំរបស់សមាគមមិត្តភាពកម្ពុជា-វៀតណាមដែលបានអនុវត្តនាពេលកន្លងមក ដោយបានរក្សានូវចំណងមិត្តភាពបានយ៉ាងល្អប្រសើរ ហើយក៏បានវាយតម្លៃខ្ពស់ដល់ការអភិវឌ្ឍកម្ពុជាបានយ៉ាងឆាប់រហ័សក្នុងរយៈពេលកន្លងមកនេះ៕




ខ្យល់កន្ត្រាក់នឹងបន្តកើតមានស្ទើរទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ មេសា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពអាកាសធាតុនៅកម្ពុជា ដោយបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ បន្តបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេស នាថ្ងៃទី២៨ ទី២៩ និងទី៣០ ខែមេសា ២០១៧ ខណៈភ្លៀងនឹងបន្តធ្លាក់រាយប៉ាយ ក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតដល់ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧៕


នៅថ្ងៃស្អែកនេះ សាលារាជធានីភ្នំពេញនឹងធ្វើសន្និសីទសារព័ត៌មានពីដំណើរការដោះស្រាយផលប៉ះពាល់របស់ប្រជាពលរដ្ឋនៅតំបន់បឹងកក់

រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ ថា រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំធ្វើសន្និសីទសារព័ត៌មានជាសាធារណៈអំពីដំណើរការដោះស្រាយជូនប្រជាពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍តំបន់បឹងកក់។

ការធ្វើសន្និសីទសារព័ត៌មាននេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ នៅវេលាម៉ោង ១៤ និង៣០នាទីរសៀលនៅសាលារាជធានីភ្នំពេញ សាលប្រជុំអគារសាងសង់ថ្មីជាន់ទី១។


វីដេ​អូ​ឯកសារ «វប្បដិសារី នៃអ្នក​ដឹកនាំ​ចលនា​បដិវត្តពណ៌ »