Wednesday, April 26, 2017

កម្ពុជា-ឡាវ បង្ហាញ​ពីគោល​បំណងពង្រឹង​មិត្តភាព និង​កិច្ចសហការ​បន្ថែម​នៅតាម​ព្រំដែន

នៅក្នុងជំនួបពិភាក្សាទ្វេភាគីរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីសន្តិសុខសាធារណៈ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៧នេះ នៅវិមានសន្តិភាព បានបង្ហាញពីគោលបំណងដូចគ្នា គឺការពង្រឹងមិត្តភាព និងសាមគ្គីភាព រវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសការបន្តកិច្ចសហការនៅតាមព្រំដែន និងការចូលរួមទប់ស្កាត់សកម្មភាពខុសច្បាប់នានា រួមទាំងការជួញដូរខុសច្បាប់មួយចំនួនទៀតរវាងប្រទេសទាំងពីរ។ នេះបើតាមការបញ្ជាក់របស់ លោក កៅ គីមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅក្រោយជំនួបពិភាក្សាការងារនេះ។
នៅក្នុងឱកាសនោះផងដែរ លោក ស៊ុមកែវ ស៊ីឡាវង្ស បានមានប្រសាសន៍ថា នៅឆ្នាំ២០១៨ខាងមុខ ប្រទេសឡាវ នឹងទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំទ្វេរភាគីរវាងកម្ពុជា និងឡាវ។ ទន្ទឹមនេះប្រទេសកម្ពុជា និងប្រទេសឡាវ នឹងបន្តការផ្លាស់ប្តូរព័ត៌មាន រួមនិងការដោះស្រាយបញ្ហាផ្សេងៗ ដែលអនុវត្តន៍ទៅតាមគោលការណ៍របស់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានលើកឡើងថា លោកចង់ឃើញការងារ ដែលប្រទេសទាំងពីរបានឯកភាពគ្នារួចហើយនោះ ត្រូវបានអនុវត្តន៍ឲ្យបានពេញលេញ។ លោកក៏បានថ្លែងបញ្ជាក់ថា បើទោះបីជាអាកាសធាតុមានការប្រែប្រួលយ៉ាងណាក៏ដោយ ប៉ុន្តែមិត្តភាពរវាងប្រទេសទាំងពីរ គឺមិនមានការប្រែប្រួលនោះទេ។
សូមជម្រាបផងដែរថា ព្រំដែនរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសឡាវ មានប្រវែង ៥៤០គីឡូម៉ែត្រ ដែលមកដល់ពេលនេះភាគីទាំងពីរបានសម្រេចបោះបង្គោលព្រំប្រទល់ បាន៨៧ភាគរយរួចមកហើយ ។ រីឯកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតាមតំបន់ព្រំដែនក៏ត្រូវបានផ្សារភ្ជាប់ តាមរយៈការបើកច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន នៃខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ ដែលត្រូវបានសម្ពោធបើកអោយប្រើប្រាស់កាលពី ថ្ងៃទី១០ខែមករា ឆ្នាំ២០១៧កន្លងទៅផងដែរ។ ច្រកទ្វារអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន គឺជាច្រកទ្វារអន្តរជាតិទ្វេភាគីដំបូងរវាងប្រទេសកម្ពុជា និងប្រទេសឡាវ៕
អត្ថបទ៖ ប៊ុន ធី




No comments:

Post a Comment