Tuesday, June 16, 2020

រឿងដើមកំណើតទីក្រុងភ្នំពេញ

ភ្នំដែលសន្មតជានាមទីក្រុងរបស់ខ្មែរ គឺទីក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោយមានរឿងដំណាលថា:


ក្នុងកាលកន្លងទៅហើយ (គ.ស. ១៣៧២) មានយាយចាស់ម្នាក់ឈ្មោះ ” ពេញ ” ជាអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅៗ ក្បែរមាត់ច្រាំងទន្លេបួនមុខ ។ ផ្ទះគាត់សង់នៅលើទួលមួយខាងកើតភ្នំតូចមួយ ។ ថ្ងៃមួយ ទីនោះមានភ្លៀងធ្លាក់ខ្លាំង ទឹកទន្លេជន់លិចរហាចរហឹម ដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីរមួយធំអណ្ដែតមកក្បែរច្រាំង ហើយដោយអំណាចទឹកហូរសងចុះឡើង ដើមគគីរនោះចេះតែអណ្ដែតវិលវល់ នៅក្បែរមាត់ច្រាំងនោះ ។លុះដូនពេញឃើញដូច្នោះ ក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងឲ្យមកជួយទាញយកគគីរនោះ ។ អ្នកជិតខាងក៏នាំគ្នាយកពួរទៅចង ហើយអូសរំកិលបន្តិចម្ដងៗ ទាល់តែមកដល់លើមាត់ច្រាំង ។ ពេលដែលដូនពេញ យកកំណាត់ឈើទៅកោសកៀរសំអាតភក់ចេញ គាត់បានឃើញក្នុងប្រហោងឈើគគីរនោះមានព្រះពុទ្ធរូប ៤ ព្រះអង្គតូចៗ ធ្វើអំពីសំរឹទ្ធិ នឹងទេវរូបមួយអង្គទៀត ធ្វើអំពីថ្ម ទេវរូបនោះទ្រង់ឈរ ព្រះហស្តម្ខាងទ្រង់ដំបង ព្រះហស្តម្ខាងទៀតទ្រង់ស័ង្ខ ព្រះកេសាបួង ។ ដូនពេញនឹងអ្នកជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ ដោយរើសបានរបស់ជាទីគោរព ក៏នាំគ្នាដង្ហែព្រះបដិមាករទាំងនោះមកដល់ផ្ទះដូនពេញ ហើយដូនពេញចាត់ការសង់ខ្ទមមួយតូច តម្កល់ជាបណ្ដោះអាសន្ន ។ ថ្ងៃក្រោយមកដូនពេញអំពាវនាវឲ្យអ្នកជិតខាង ជួយលើកដីពូនភ្នំដែលនៅខាងលិចផ្ទះគាត់នោះឲ្យទៅភ្នំធំមែនទែន ។ បន្ទាប់ពីនោះគាត់ឲ្យអារឈើគគីរធ្វើជាសសរវិហារ ដែលគាត់បម្រុងនឹងសង់លើភ្នំនោះ ។ ក្នុង គ.ស. ១៣៧២ ដូនពេញនឹងអ្នកស្រុកជាច្រើនអ្នកស្រុះស្រួលបបួលគ្នាសាងវិហារមួយខ្នង ប្រក់ស្បូវភ្លាំង នៅលើកំពូលភ្នំនោះ ហើយគាត់ដង្ហែព្រះពុទ្ធរូបសំរឹទ្ធិ ៤ ព្រះអង្គ ទៅតម្កល់ទុកក្នុងវិហារនោះ ។ ចំណែកទេវរូបថ្ម ១ អង្គ គាត់ដង្ហែទៅតម្កល់ទុកលើអាសនៈមួយនៅជើងភ្នំខាងកើត ហើយដោយគាត់យល់ថា ទេវរូបនោះអណ្ដែតទឹករសាត់មកពីស្រុកលាវ នឹងមានបែបភាពដូចជាលាវ គាត់ក៏បានសន្មតនាមថា ” អ្នកតាព្រះចៅ ” ។ នាមចាប់មកដល់សព្វថ្ងៃនេះ ។
កាលសាងវិហាររួចហើយ គាត់និមន្តព្រះសង្ឃមកគង់លើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមានឈ្មោះថា ” វត្តភ្នំដូនពេញ ” ដែលសព្វថ្ងៃនេះ ហៅកាត់ខ្លីថា ” វត្តភ្នំ ” ហើយទីភូមិនោះ គេហៅថា ” ភ្នំពេញ ” តាំងពីពេលនោះមក រហូតដល់សព្វថ្ងៃ ។
ឯព្រះពុទ្ធរូប ៤ ព្រះអង្គ និងអ្នកតាព្រះចៅនោះបានបញ្ចេញឥទ្ធិឫទ្ធីឲ្យឃើញពូកែស័ក្ដិសិទ្ធណាស់ អ្នកណាបន់ស្រន់ក៏បានសម្រេចដូចបំណងពិត ( នេះជំនឿរបស់អ្នកស្រុក ) ។
នេះហើយជាដើមកំណើតក្រុងភ្នំពេញ ដែលក្រោយពីនោះរវាង ៦០ ឆ្នាំ បានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញ លើកទី ១
ព្រះរាជពង្សាវតារប្រទេសកម្ពុជា ចែងថា ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់គ្រប់គ្រងរាជសម្បត្តិគង់នៅក្នុងព្រះបរមរាជវាំង មហានគរ (នគរធំ) បាន ១៥ ឆ្នាំ លុះមកដល់ឆ្នាំគម្រប់ ១៦ នៃរជ្ជកាលរបស់ព្រះអង្គ ទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបាន ក៏មានព្រះបញ្ជាឲ្យកសាងព្រះរាជវាំងថ្មីនៅទួលបាសាណ ក្នុងខេត្តស្រីឈរ ដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
នៅថ្ងៃទី ១៣ រោច ខែមិគសិរ ឆ្នាំជូតចត្វាស័ក ព. ស. ១៩៧៦ ច.ស. ៧៩៤ គ. ស. ១៤៣២ ព្រះបាទសម្ដេចបរមរាជា (ពញាយ៉ាត) ទ្រង់ស្ដេចយាងចេញចាកមហានគរ មួយអន្លើដោយរាជសេវកាមាត្យ នាហ្មឺនសព្វមុខមន្ត្រីជាដើម ដោយព្រះទីន័ងនាវាតាមជលមាគ៌ាមក លុះថ្ងៃ ១៥ កើត ខែបុស្ស ឆ្នាំជូតចត្វាស័ក ស្ដេចយាងដល់ទួលបាសាណ ស្ដេចគង់នៅជាសុខសម្រាន្តក្នុងព្រះរាជវាំងបាសាណនោះ បានត្រឹមតែជាង ១ ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែឡើងលិចទីនោះរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាឲ្យសម្ដេចចៅពញា កែ នឹងឧកញ៉ាហោរាធិបតី ខៀវ ព្រមដោយមន្ត្រីឯទៀតខ្លះផង ដែលស្គាល់ទីដីមានជយភូមិ ឲ្យទៅពិនិត្យមើលទីដីនៅជិតភ្នំដូនពេញ ឃើញថា ទីដីនៅទិសអាគ្នេយ៍ភ្នំដូនពេញមានជយភូមិល្អ ព្រះអង្គក៏មានព្រះរាជបញ្ជា ឲ្យកសាងព្រះរាជវាំងថ្មីនៅត្រង់នោះ ។
នៅថ្ងៃ ៩ កើត ខែពិសាខ ឆ្នាំ ខាលឆស័ក ព. ស. ១៩៧៨ ច. ស. ៧៩៦ គ. ស. ១៤៣៤ ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ស្ដេចយាងចាកចេញព្រះបរមរាជវាំងបាសាណ, នៅថ្ងៃ ១៥ កើត ខែពិសាខ នុ៎ះឯង ស្ដេចយាងចូលគង់ក្នុងព្រះរាជវាំងថ្មីនាទិសអាគ្នេយ៍ ភ្នំដូនពេញ ។
នៅថ្ងៃ ១១ រោច ខែពិសាខ ឆ្នាំម្សាញ់ នព្វស័ក ព. ស. ១៩៨១ ច. ស. ៧៩៩ គ. ស. ១៤៣៧ ព្រះប្រទានក្រុងថ្មីនេះថា ក្រុងចតុម្មុខមង្គល ។ ឯទន្លេ ៤ មុខ ដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាម មកយូរហើយនោះ ទ្រង់ប្រទានឈ្មោះថា ទន្លេចតុម្មុខបូព៌ា វិញ ។ល។ ព្រះអង្គមានព្រះរាជបញ្ជាឲ្យឧកញ៉ាតេជោ ស្រីចៅហ្វាយស្រុកសំរោងទង ជាអ្នកកាន់ការលើកដីចាប់លុបបំពេញភ្នំដូនពេញឲ្យរីកធំខ្ពស់ឡើងផង ។ ទីក្រហូងជ្រៅដែលកើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងតេជោ រៀងមក គឺទីដីត្រង់ផ្សាថ្មីសព្វថ្ងៃនេះ ។ល។ ទ្រង់មានព្រះរាជបញ្ជាឲ្យឧកញ៉ា ផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែក១ នៅខាងត្បូងភ្នំដូនពេញ ដែលជាប់មានឈ្មោះថា ព្រែកឧកញ៉ាផ្លុង ហើយចំណេរកាលតមកហៅថា ព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹមនៅខាងកើតព្រះសក្យមុនីចេតិយសព្វថ្ងៃនេះ ។ល។
ព្រះបាទសម្ដេចព្រះបរមរាជា (ពញាយ៉ាត) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវិហារលើទីដីខ្ពស់ដែលចាក់ថែមថ្មី ត្រង់កន្លែងវិហារចាស់របស់ដូនពេញ ឲ្យកសាងព្រះចេតិយធំៗ ពីខាងក្រោយវិហារ ។ល។ ទ្រង់បញ្ញត្តឲ្យហៅវត្តភ្នំដូនពេញថា វត្តព្រះចេតិយបព៌ត ដូច្នេះវិញ (លុះចំណេរកាលតមកមហាជនបែរជាហៅវត្តនេះថា វត្តភ្នំដូនពេញ អ្នកខ្លះហៅថាវត្តភ្នំពេញ ឬថា វត្តភ្នំ ជាប់តរៀងមក ) ទ្រង់មានព្រះរាជបញ្ជាឲ្យកសាងវត្ត ៦ ដទៃទៀត គឺ
១- វត្តកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ,
២- វត្តលង្កា នៅត្រង់ទិសខាងកើតឆៀងឦសានភ្នំដូនពេញ,
៣- វត្តព្រះពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែកនាទិសខាងជើងភ្នំពេញ
បានជាទ្រង់ព្រះរាជទាននាមវត្តទាំង ៣ នេះដូច្នេះ ដើម្បីឲ្យសមនឹងដំណើររឿងដែលថា ព្រះឃោសាចារ្យទៅចម្លងគម្ពីរអំពីកោះលង្កា ។.
៤- វត្តពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំពេញ ជិតជាប់នឹងមាត់ព្រែកឧកញ៉ាផ្លុង ឆ្ងាយបន្តិចពីវត្តកោះ ។ ព្រះពុទ្ធរូបអង្គធំដែលតម្កល់ក្នុងវិហារវត្តពាមផ្លុងនោះ មានព្រះនាមថា ព្រះស្រកាលេញ ព្រោះគេបិទមាសរំលេចមានសណ្ឋានស្រដៀងនឹងស្រកាត្រីលេញ
៥- វត្តឧណ្ណាលោម ដែលមាននាមនេះស្រេចស្រាប់មកពីយូរហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះឧណ្ណាលោម (រោមប្រជុំចិញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកណ្ដាលព្រះចេតិយទាន ៥ ខាងលិចវត្តឧណ្ណាលោមសព្វថ្ងៃនេះ
៦- វត្តខ្ពបតាយ៉ង ដោយយកនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកនៅនឹងខ្ពបនោះមុនគេ លុះចំណេរកាលមក វត្តខ្ពបតាយ៉ង គឺវត្តបទុមវតីសព្វថ្ងៃនេះ ។
បន្ទាប់ពីនោះ ព្រះបរមរាជា (ពញាយ៉ាត) ព្រះអង្គមានព្រះរាជបញ្ជាឲ្យជីកព្រែកមួយទៀតនៅទិសខាងត្បូងព្រះបរមរាជវាំង ហើយឲ្យលើកកំពែងព័ទ្ធជុំវិញក្រុង ។ ព្រែកនៅខាងត្បូងនោះឲ្យឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះ មានអូរ ១ ហៅថា អូរគរ ។ មានព្រែក ១ នៅខាងជើងភ្នំហៅថា ព្រែកពុំពាយ ប៉ុន្តែដោយហេតុត្រង់កន្លែងនោះ មានរោងចិនដំដែកវិញ ។
នៅតាមមាត់ទន្លេ ៤ មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាឲ្យលើកដីជាកំពែងដើម្បីការពារទឹកទន្លេកុំឲ្យឡើងលិចទីក្រុង ។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការនិងអ្នកស្រុកសង់ផ្ទះសម្បែងបានតាមចិត្ត ។ ឯភូមិភាគខាងលិចទីក្រុងសុទ្ធតែជាវាលស្រែ ។
បួនឆ្នាំក្រោយមក ព្រះនារាយណ៍រាជាជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា (ពញាយ៉ាត) បានត្រូវតាំងជាព្រះឧបរាជ ហើយទ្រង់ទៅសាងប្រាសាទគង់នៅឯជ្រោយរលួស ។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា ជាព្រះរាជបុត្របន្ទាប់នៃព្រះបរមរាជា (ពញាយ៉ាត) ទ្រង់ទៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថា ទួលព្រះស្រី នៅខាងជើងវត្តព្រះពុទ្ធមានបុណ្យ ។
ការស្ថាបនាព្រះរាជវាំងនៅទីក្រុងភ្នំពេញលើកទី ២
នៅថ្ងៃព្រហស្បតិ៍ ៤ កើត ខែបុស្ស ឆ្នាំឆ្លូវសប្ដស័ក ព. ស. ២៤០៩ ម. ស. ១៧៨៧ ច. ស. ១២២៧, គ. ស. ១៨៦៥ ម៉ោង ៩ ព្រឹក ព្រះបាទសម្ដេចព្រះនរោត្តម បរមរាមទេវាវតារ (ព្រះសុវណ្ណកោដ្ឋ) ស្ដេចយាងចេញចាកព្រះបរមរាជវាំងស្រះសារពើយុត្ត ក្រុងឧត្តុង្គមានជ័យ មកគង់ក្រុងភ្នំពេញ ចតុម្មុខនគរ ។
ការកសាងក្រុងភ្នំពេញ ក្នុងរជ្ជកាលព្រះករុណានរោត្តមនេះ ជាការកសាងលើកទី ២ តពីទី ១ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) បានប្រកបដោយជោគជ័យ សិរីមង្គល រុងរឿង ចម្រើន ឋិតថេររហូតមកដល់សព្វថ្ងៃសម័យបច្ចុប្បន្ន ។
ប្រភព ៖ អក្សរសាស្រ្តខ្មែរ






អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ

ប៉ៃលិន៖ ក្នុងឱកាសអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានមានប្រសាសន៍លើកឡើងថា ដោយសាររដូវនេះជារដូវមានភ្លៀងធ្លាក់ច្រើននិងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ពិសេសកូនចៅតូចៗដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួននិងសេចក្តីសុខក្រុមគ្រួសារទាំងមូល។
លោកអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់បន្ថែមថា គ្រោះថ្នាក់ធម្មជាតិគឺតែងតែកើតមានឡើងជាយថាហេតុ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់និងប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឲ្យបានលឿនដើម្បីឱ្យក្រុមការងារចុះទៅជួយអន្តរាគមន៍និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន។
លោក ផាន់ ចាន់ធុល បានមានប្រសាសន៍បន្តថា បើទោះបីជាអំណោយសង្គ្រោះបន្ទាន់ទាំងនេះមិនអាចបំពេញតាមតំរូវការ និងការលំបាករបស់បងប្អូនក៍ពិតមែន តែក៏អាចដោះស្រាយបានមួយរយៈពេលផងដែរ ដូច្នេះសូមលោកតា លោកយាយ អ៊ុពូមីង និងបងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ចឹមជីវិតដូចជាការបង្ករបង្កើនផលដាំដំណាំ និងការចិញ្ចឹមសត្វលក្ខណៈគ្រួសារឱ្យបានកាន់តែច្រើនដើម្បីលើកកម្ពស់ជីវភាពឱ្យបានប្រសើជាងមុន។
នៅក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍អំពាវនាវឱ្យប្រជាពលរដ្ឋត្រូវរស់នៅមានអនាម័យជាប្រចាំដោយលាងដៃនឹងសាប៊ូ ឬអាល់កុលអោយបានញឹកញាប់ នឹងត្រូវពាក់ម៉ាស់ ឬប្រើប្រាស់កន្សែងនៅពេលចេញទៅខាងក្រៅហើយប្រសិនបើមានសាច់ញាតិទើបត្រលប់មកពីក្រៅប្រទេស ត្រូវធ្វើការពន្យល់ និងអប់រំពួកគាត់ព្រមទាំងដាក់ខ្លួននៅដាច់ដោយឡែក រយះពេល១៤ថ្ងៃសិនចាំចូលមកស្និតស្នាលជាមួយជាមួយសាច់ញាតិក្រុមគ្រួសារ ឬបងប្អូននៅមូលដ្ឋាន ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃមេរោគកូវីដ១៩នៅសហគមន៍ ហើយបើមានអាការៈសង្ស័យណាមួយត្រូវប្រញាប់មកកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែក ឬទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមមកលេខ១១៥។
សូមរំលឹកថា កាលពីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២០ នៅខេត្តប៉ៃលិន មានភ្លៀងធ្លាក់យ៉ាងខ្លាំងលាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ចំនួន ០៨គ្រួសារ នៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយអាជ្ញាធរខេត្ត បានផ្តល់អំណោយសង្គ្រោះបន្ទាន់ ដល់គ្រួសាររងគ្រោះដោយក្នុង១គ្រួសារៗ រួមមាន៖ កៅស៊ូតង់ ១ អង្ករ ២៥គីឡូក្រាមមី១កេះ ទឹកត្រី១យួ ត្រីខ ១យួ និងប្រេងឆា១ដបផងដែរ៕




កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

ស្វាយរៀង៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលប្រជុំសាលាក្រុងស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២០ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងស្វាយរៀង ក្រោមគណៈអធិបតីភាព លោក ជុក មន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងលោក សំ សិរីរតន៍ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងស្វាយរៀង។
ទន្ទឹមនោះ ក៏មានការអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ក្រុមការងារចុះមូលដ្ឋានក្រុង សមាជិកក្រុមប្រឹក្សាខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង លោកអភិបាលក្រុង លោក លោកស្រីអភិបាលរងក្រុង កងកម្លាំងចំណុះសាលាក្រុងទាំង៣ លោកនាយក នាយករងរដ្ឋបាលសាលាក្រុង លោក លោកស្រី ប្រធានការិយាល័យ-អនុប្រធាន-អង្គភាពចំណុះសាលាក្រុង លោក លោកស្រីចៅសង្កាត់ទាំង៧ក្នុងក្រុងស្វាយរៀង សរុបវត្តមានចំនួន៣៤នាក់៕



អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងវេទិការផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកទឹកផុស

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានរៀបចំវេទិកាដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន និងការបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស ជូនដល់ប្រជាពលរដ្ឋរស់នៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក ឈួរ ច័ន្ទ ឌឿន អភិបាលខេត្ត និងជាប្រធានគណៈកម្មា ធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត លោកស្រី ប៊ន សុភី អភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង។
ពិធីនេះដែរក៏មានការចូលរួមពីអភិបាលរងខេត្ត អភិបាលស្តីទីស្រុកទឹកផុស លោកស្រីឧត្តមសេនីយ៍ត្រី មាស សុម៉ាលី ស្នងការរង នគរបាលខេត្តកំពង់ឆ្នាំង លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ក្នុងគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត កម្លាំងមានសមត្ថកិច្ច, មេ ឃុំ មេភូមិ អាជ្ញាធរ ក្រុមការងារ របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត និងប្រជាពលរដ្ឋជាច្រើនទៀតចូលរួមផងដែរ។
លោកស្រី ប៊ន សុភី អភិបាល រងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ពីគោលបំណងនៃការរៀបចំវេទិកា គឺដើម្បីឱ្យប្រជាពលរដ្ឋយល់កាន់តែច្បាស់អំពីការធ្វើចំណាកស្រុក ជៀសវាងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន តាមការឃោសនា របស់មេខ្យល់អូសទាញនិងដើម្បីបង្ការទប់ស្កាត់អំពើជួញដូរមនុស្សតាមគ្រប់រូបភាពផងដែរ។
លោក ឈួរ ច័ន្ទ ឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានកោតសរសើរ ដល់គណៈកម្មាធិការ គ.ខ.ប.ជ ខេត្ត និងក្រុមលេខាធិការដ្ឋាន និងក្រុមការងារជំនាញអន្តរ មន្ទីរ អង្គភាព ដែលបានយកចិត្តទុកដាក់អនុវត្តការងាររួមគ្នា ដើម្បីបង្ការ និងទប់ស្កាត់ ព្រមទាំងចាត់វិធានការតាមច្បាប់ឱ្យបានទាន់ពេលវេលា ចំពោះជនល្មើស និងមេខ្យល់ដែលបានប្រើប្រជាភិថុតតាមគ្រប់រូបភាព។
ក្នុងនោះដែរ លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីលោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ), លោកស្រី ជូ ប៊ុនអេង អនុអចិន្ត្រៃយ៍ គ.ជ.ប.ជ និងបានធ្វើផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់៖
១. យល់ពីផលប៉ះពាល់ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ប្រុងប្រយ័ត្ន ចំពោះមេខ្យល់គ្រប់រូបភាព។
២. រាយការណ៍ បន្ទាន់ទៅក្រុមការងារថ្នាក់ស្រុក ឃុំ ភូមិ ប៉ុស្ត៍ ដែលនៅជិត ចំពោះករណីសង្ស័យ មានជនណាមកឃោសនា។
៣.ចូររួមសាមគ្គីសហការគ្នា ជួយគ្នាទៅវិញទៅមកដោយមិនឲ្យមានការរើសអើង។
៤. ចូលរួមអនុវត្តន៍ ភូមិឃុំ មានសុវត្ថិភាព។
៣. ត្រូវរក្សាអនាម័យ អនុវត្តវិធានការការពារខ្លួនពីជំងឺផ្សេងៗជាពិសេសជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក ត្រូវតែប្រុងប្រយ័ត្ន និងអនុវត្តនូវវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជា និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានជាប្រចាំដើម្បីចូលរួមទាំងអស់គ្នាកុំឱ្យកើតមានជំងឺកូវីដ១៩ នៅក្នុងដំណាក់កាលដែលមានរលកទី២នេះនៅក្នុងសហគមន៍យើងជាដាច់ខាត។
លោកអភិបាលខេត្ត បានធ្វើការអំពាវនាវបន្ថែមទៀតឱ្យប្រជាពលរដ្ឋទាំងអស់គ្នាត្រូវបង្កើនការផលិតផ្នែកកសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹមសត្វជាដើម ដើម្បីដោះស្រាយបញ្ហាជីវភាព។ ក្នុងនោះ លោក បានជូនថវិកាប្រជាពលរដ្ឋ ចំនួន ៥០នាក់ ក្នុងម្នាក់ៗទទួលបាន ៣០ ០០០រៀល និងឧបត្តម្ភដល់ក្រុមការងារ របស់លេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្ត ចំនួន ៤០០ ០០០រៀលផងដែរ៕




រដ្ឋបាលខេត្តកែប រៀបចំព្រះរាជពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ

កែប៖ នៅព្រឹកថ្ងៃអង្គារទី១៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តកែប ដឹកនាំដោយលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី ស ម៉ាលីដា រួមដំណើរដោយ លោកស្រី អ៊ុល ភីរុណ អភិបាលរងខេត្ត និងជាប្រធានស្តីទីគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អនុប្រធានសមាជិក សមាជិកា អនុសាខា គណៈកម្មាធិការសាខាកកាបាទក្រហមកម្ពុជាខេត្ត ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំង មន្រ្តីរាជការទូទាំងខេត្ត និងយុវជនគ្រប់ប្រភេទ បានប្រគេនចង្ហាន់ និងទេយ្យវត្ថុ ជូនព្រះសង្ឃក្នុងពិធីចម្រើនព្រះជន្មវស្សាសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ស្ថិតនៅវត្តសត្ថារ៉ាមភ្នំពោន ឃុំពងទឹក ស្រុកដំណាក់ចង្អើរ។
បន្ទាប់ពីបានស្តាប់នូវសារលិខិតថ្វាយព្រះពរសម្តេចព្រះប្រធានកិត្តិយសកាកក្រហមកម្ពុជា ដែលអានដោយលោកស្រី អ៊ុល ភីរុណ ប្រធានស្តីទីគណៈកម្មាធិការសាខាកក្រកខេត្ត រួចមក លោក សោម ពិសិដ្ឋអភិបាល នៃគណៈអភិបាលខេត្តកែប បានបញ្ជាក់ថា ការទប់ស្កាត់អំពីការរីករាលដាលនៃជំងឺកូវីដ១៩ ត្រូវអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយមានអនាម័យល្អជាប្រចាំ លាងដៃនឹងសាប៊ូ ឬប្រើទឹកអាល់កុល ជាពិសេសត្រូវរក្សានូវគម្លាតសង្គមឲ្យបានជាដាច់ខាត ព្រោះជំងឺកូវិដ១៩នេះ មិនទាន់បានចេញឆ្ងាយពីខ្លូនយើងនៅឡើយទេ។ លោក បានបញ្ជាក់ថា ថ្វីត្បិតតែកម្ពុជាមិនមានការឆ្លងក្នុងសហគមន៍ក៏ដោយ ក៏ត្រូវតែការពារខ្លួនយើងជានិច្ច។
លោកស្រីប្រធានស្តីទីកាកបាទក្រហមកម្ពុជាខេត្ត បានបញ្ជាក់ជូនថា សម្ភារជាចង្ហាន់ និងទេយ្យវត្ថុ ដែលបានប្រគេនព្រះសង្ឃ ក្នុងថ្ងៃនេះ រួមមាន អង្ករ ចំនួន១០បាវ ត្រីខកំប៉ុងចំនួន ១កេស ទឹកស៊ីអ៊ីវចំនួន ៥ឡូរ មីចំនួន ៨កេស ទឹកផ្លែឈើ ចំនួន ៥កេស ទឹកសុទ្ធ១០កេស សម្រាប់ប្រគេនជូនដល់ព្រះសង្ឍ ៣២អង្គ និងចង្ហាន់ចំនួន១០ស្រាក់ រួមទាំងស្លាដក បច្ច័យជូនដល់យាយជីតាជីផងដែរ។ លោកស្រីប្រធានស្តីទីបានបន្ថែមទៀតថា ក្រៅពីនេះ ក៏នៅមានថវិកា ចំនួន ៦,២០០,០០០ រៀលទៀតសម្រាប់កសាងវត្ត បើសរុបជាថវិកាទាំងអស់គឺ ៩,៥៨៧,០០០ រៀល៕





រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល

ពោធិ៍សាត់៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំកម្មវិធីផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញជាគណ:អធិបតីពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្តពោធិ៍សាត់ និងលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នៅវេទិកាក្នុងសាលាខេត្តពោធិ៍សាត់។
ក្នុងពិធីនេះដែរ ក៏មានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី តំណាងសាលាដំបូងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ប្រធាន អនុប្រធាន មន្ទីរ អង្គភាពនានាជុំវិញខេត្ត ក្រុមប្រឹក្សា និងគណៈអភិបាលក្រុងស្រុក ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលខេត្តពោធិ៍សាត់ជាច្រើនទៀត។
ពិធីប្រកាសនេះមានគោលបំណងនៃការដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត បានន័យថាមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានី-ខេត្ត ត្រូវបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានីខេត្ត ជាអ្នកគ្រប់គ្រងដោយផ្ទាល់ តាមរចនាសម្ពន្ធគ្រប់គ្រងរដ្ឋបាលថ្មី៕




សាខាកាកបាទក្រហមកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយសម្តេចម៉ែ គម្រប់៨៤ យាងចូល ៨៥ព្រះវស្សា

ត្បូងឃ្មុំ៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ បានប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រីនរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្នូ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលទ្រង់គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០ខាងមុខនេះ។
ពិធីចម្រើនមង្គលដ៍ថ្លៃថ្លានេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាពលោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោក ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពីសំណាក់អភិបាលរងខេត្ត លោក លោកស្រី សមាជិកគណៈកម្មាធិការសាខា អនុសាខាកាកបាទក្រហមខេត្ត ក្រុង ស្រុក សមាជិកាសាខា យុវជនស្ម័គ្រកាកបាទក្រហម និងលោកយាយ លោកតា យ៉ាងច្រើនកុះករ នៅបរិវេណវត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។
លោក ជាម ច័ន្ទសោភ័ណ តាងនាមថ្នាក់ដឹកនាំគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ លោក លោកស្រី ព្រមទាំងយុវជនអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៃសាខាកាកបាទក្រហមកម្ពុជាខេត្តទាំងអស់ សូមព្រះរាជានុញ្ញាតក្រាបបង្គំទូលថ្វាយព្រះសព្ទ សាធុការ បវរសួស្ដី សិរីមង្គល វិបុលសុខ ជាមួយនឹងមនោសញ្ចេតនា កត្តញ្ញូកតា វេទិតាធម៌ដ៏ជ្រាលជ្រៅ ចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់ប្រកបដោយព្រះសុខភាពល្អ មានព្រះជន្មាយុយឺនយូរ បានបន្តគង់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅ ចៅទួត ចៅលួត ជាដរាបរៀងទៅ។
ក្នុងនាមសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ខ្ញុំម្ចាស់ចងចាំជានិច្ចនូវព្រះរាជលំអានដ៏ប្រសើរថ្លៃថ្លានៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានបូជាព្រះកាយពល បំពេញព្រះរាជកិច្ចដ៏ឧត្តុងឧត្តមយាងដង្ហែព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ក្នុងព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្ត្រដ៏គួរឱ្យស្ញប់ស្ញែង ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដីសុខសន្តិភាព ស្ថិរភាព និងវឌ្ឍនភាពជាតិ ក្នុងគ្របវិស័យ ហើយដែលនេះជាព្រះគំរូវីរៈភាពនៃមាគ៌ាដឹកនាំដ៏ត្រចះត្រចង់គ្មានអ្វីប្រៀបផ្ទឹមបានឡើយ។
ជាគារវកិច្ចភក្ដីដ៏ខ្ពង់ខ្ពស់បំផុត និងព្រះករុណាទិគុណយ៉ាងជ្រាលជ្រៅនោះ ក្នុងនាមប្រធានគណៈកម្មាធិការសាខា ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គ្រប់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាព្រះមហាស្វេតឆ័ត្រ ព្រះបារមីនៃអតីតព្រះមហាក្សត្រ ពហរះមហាក្សត្រីយានីខ្មែរ គ្រប់ព្រះអង្គ ព្របារមីព្រះករុណាព្រះបរមរតនកោដ្ឋ ជាពិសេសទេវតាឆ្នាំថ្មីព្រះនាម គោរគទេវី សូមជួយបីបាច់ថែរក្សាសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជានុរាស្រ្តខ្មែរ ជាកូនចៅ ចៅទួត របស់ព្រអង្គទូទាំងព្រះរាជាណាចក្រកម្ពុជាជារៀងដរាបរៀងទៅ។
ក្នុងឱកាសដ៏មហាប្រសើរ គណៈអធិបតី និងសមាជិកកាកបាទក្រហម ក៏បានប្រគេននូវទេយ្យទានដល់ ព្រះមេគណ ព្រះអនុគណខេត្ត ព្រះគ្រូចៅអធិការវត្ត និងព្រះសង្ឃចំនួន៧អង្គ មាន៖ អង្ករ ទឹកក្រូច ទឹកសុទ្ធ មី និងបច្ច័យមួយចំនួន ព្រមទាំងចែកថវិការលោកតាលោកយាយ១០០នាក់ ក្នុងម្នាក់១មុឺនរៀលផងដែរ៕



កំណាព្យ៖ មេឧទ្ទាម

គេឯងតែងស្គាល់សមរង្ស៊ី   រស់នៅប៉ារីសពីកុមារ
សញ្ជាតិបារាំងមានមហិច្ឆតា   មកចង់ធ្វើការនៅដីអាយ  ។

ដើមឡើយមេបក្សហាក់ត្រឹមត្រូវ   ក្រោយមកធ្លាក់ទៅផ្លូវមហន្តរាយ
ជាពិរុទ្ធជនលែងគិតឆ្ងាយ   ដោយសារខ្លួនណាយច្បាប់មាត្រា  ។

ជាមេឧទ្ទាមបៀមគ្រោះថ្នាក់   ឃុបឃិតលួចលាក់ជាក់នេត្រា
កាត់ទឹកកាត់ដីព្រៃព្រឹក្សា   ក្បត់ជាតិខេមរាមហាក្សត្រឯង  ។

ក្រោយពេលចាញ់ឆ្នោតសារជាថ្មី   ពីរពាន់ដប់បីយ៉ាងជាក់ស្ដែង
ក៏បែកគំនិតគិតចាត់ចែង   ហ៊ានលេងប្រលែងល្បែងអគ្គី  ។

លែងស្គាល់ខ្មៅសល្អអាក្រក់   កាន់តែវីវក់ឈ្លក់ញាំញី
ថាមានតែខ្លួនពុំមានពីរ   មើលឃើញគិរីថាទន្លេ  ។

មើលឃើញស្រមោលថាការពិត   ដោយសារគំនិតគិតគ្នាន់គ្នេរ
រវើរវាយឆ្ងាយពីគេ   មើលឃើញដើមឃ្លេថាស្នាយបឹង  ។

ដោយសារមហិច្ឆតាប្រាថ្នាច្រាន   បង់បោយហួសប្រាណប្រមាណដឹង
ឃើញធំថាតូចស្ដួចក្រញឹង   ស្គាំងស្គមកំព្រឹងថាអង់អាច  ។

រស់នៅតែឯងតែងអាត្មា   តាំងខ្លួនដូចខ្លាមហាអំណាច
ពេលនេះធ្លាក់ខ្លួនជាបិសាច   គំនិតកោងកាចខ្លាចពេកកូវ  ។

គំនិតក្បត់ជាតិក្បត់សាសនា   ក្បត់មហាក្សត្រាយ៉ាងអាស្រូវ
ដូចសមសារីដែលជាឳ   គួររកផ្លូវត្រូវប្រសើរជាង  ៕

===========

*សម រង្ស៊ី៖ ថ្ងៃទី៣១ ខែសិហា ឆ្នាំ១៩៥៩ មានការផ្ទុះក្នុងព្រះបរមរាជវាំងបណ្ដាលឱ្យប្រធានពិធីការព្រះអង្គម្ចាស់ មគ្គវណ្ណ និងមន្ត្រី ២នាក់ ស្លាប់។ ព្រះបរមរតនកោដ្ឋ បានសង្ស័យលើពួកខ្មែរសេរីដែលមាន សម សារី ផង។

===========

ថ្ងៃអង្គារ ទី១៦ ខែមិថុនា ឆ្នាំ២០២០
និពន្ធដោយ លោកអ៊ុ មូលមិត្ត


ទោះបីជាជំងឺកូវីដ-១៩ ​មានការឆ្លងរីករាលដាល​នៅលើពិភពលោក​យ៉ាងណាក៏ដោយ​ កាកបាទក្រហមកម្ពុជា​ នៅតែបន្តសកម្មភាពមនុស្សធម៌ជានិច្ច

ស្វាយរៀង៖ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ដឹកនាំដោយលោកស្រី ដួង វណ្ណា ប្រធានកិត្តិយសសាខា លោកស្រី ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានគណៈកម្មាធិការសាខា និងសហការី បានបន្តនាំយកអំណោយមនុស្សធម៌របស់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈសាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់គ្រួសារងាយរងគ្រោះ(ចាស់ជារា១៦គ្រួសារ កុមារកំព្រា៥គ្រួសារ ស្ត្រីមេម៉ាយ១១គ្រួសារ អ្នករស់នៅជាមួយមេរោគអេដស៍៣នាក់ ជនចំណាកស្រុក២គ្រួសារ និងគ្រួសារមានជីវភាពខ្វះខាត២ គ្រួសារ ) សរុបចំនួន៣៩គ្រួសារ ក្នុងស្រុកស្វាយជ្រំ មកពីពីរឃុំគឺ ឃុំស្វាយធំ២១គ្រួសារ និងឃុំគ្រួស១៨ គ្រួសារ។
នាឱកាសនោះ លោកស្រី បានថ្លែងថា ទោះបីជំងឺឆ្លងកូវីដ១៩ មានការរីរាលដាល នៅលើពិភពលោកយ៉ាងណាក៏ដោយ កាកបាទក្រហមកម្ពុជា នៅតែយកចិត្តទុក្ខដាក់ជាប់ជានិច្ច ជាពិសេសការផ្តាំផ្ញើសាកសួរទុក្ខពីសំណាក់លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចជាកាលតែងតែគិតគូរពីសុខទុក្ខ សុខភាពនិងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរនោះឡើយ។ ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។
ជាមួយគ្នានោះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ កាកបាទក្រហមកម្ពុជា ក៏បានរៀបចំនិងបានអនុវត្តវិធានការមួយចំនួន ដើម្បីផ្ដល់កិច្ចអន្តរាគមន៍ជាបន្ទាន់ដល់ប្រជាជនកម្ពុជាទាំងអស់ ដែលរងនូវផលប៉ះពាល់ដល់ជីវភាពរស់នៅ ជាពិសេស គ្រួសារក្រីក្រនិងគ្រួសារទទួលរងផលប៉ះពាល់ខ្លាំងជាងគេ ហើយលោក ដួង វណ្ណា ក៏បានផ្តាំផ្ញើបន្ថែមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសារទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហេសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង៣៩គ្រួសារ ក្នុង១គ្រួសារទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ១០កំប៉ុង អាវយឺត២ សាប៊ូ២ដុំ ក្រម៉ា១ ម៉ាស់១ និងថវិកា ៤០,០០០ រៀល៕



ប្រេងសាំងបន្ត​ឡើងដល់២៨៥០រៀល​ក្នុង​មួយ​លីត្រហើយ

យោង​តាម​តម្លៃ​កំណត់​ឲ្យ​លក់រាយ​តាម​ស្ថានីយ៍ ដែលអនុវត្ត​ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ​២០២០ បាន​កំណត់ឲ្យប្រេងសាំងធម្មតា​លក់តម្លៃ ២៨៥០រៀល​ក្នុង​មួយលីត្រ ដែលតម្លៃនេះឡើង ១៥០រៀល​បើធៀប​នឹង​តម្លៃកាលពីដើមខែមិថុនា។
ដោយ​ឡែកសម្រាប់ប្រេងម៉ាស៊ូតវិញ ត្រូវ​បាន​កំណត់​ក្នុងតម្លៃ ២៦០០រៀល​ក្នុង​មួយលីត្រ ឡើង​ថ្លៃ១០០រៀល បើធៀបនឹង​ដើមខែមិថុនា។
ខាងក្រោមនេះ គឺជាតារាងតម្លៃប្រេងដែលកំណត់ដោយ​ក្រសួងពាណិជ្ជកម្ម៖



ពិធីប្រកាសផ្សព្វផ្សាយនិងដាក់ឱ្យដំណើរការមន្ទីរសុខា ភិបាលនៃរដ្ឋបាលខេត្ត នៅសាលាខេត្តបាត់ដំបង

បាត់ដំបង៖ នៅរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលមានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរង នៃគណៈអភិបាលខេត្ត លោក លោកស្រីនាយក នាយករង រដ្ឋ បាលសាលាខេត្ត នាយក នាយករង ទីចាត់ការ អង្គភាព ចំណុះរចនាសម្ព័ន្ធខេត្ត លោក លោកស្រី ប្រធាន អនុប្រ ធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោក អភិបាល អភិ បាលរងក្រុង ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
លោក ងួន រតនៈ បានថ្លែងបញ្ជាក់ថា បន្ទាប់ពីរាជរដ្ឋា ភិបាលបានដាក់ចេញនូវអនុក្រឹត្យស្តីពីការប្រគល់មុខងារការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលទៅឱ្យរដ្ឋបា លរាជធានី ខេត្ត នាចុងឆ្នាំ២០១៩ កន្លងមក បើទោះយើងកំពុងបញ្ហាស្ថានភាពលំបាកដោយសារការរីករាលដាលជម្ញឺកូវីដ១៩ រដ្ឋបាលខេត្តនៅតែបន្តអនុវត្តគោលនយោ បាយការដាក់ចេញការកំណែទ្ររបស់រាជរដ្ឋាភិបាលលើការងារការផ្ទេរមុខងារលើកវិស័យសុខាភិបាលផងដែរ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះការផ្សព្វផ្សាយនេះដើម្បីបង្ហាញជូនដល់ថ្នាក់ដឹកនាំនៃរដ្ឋបាលខេត្ត រួមទាំងប្រធានមន្ទីរ មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលពីការអនុវត្តតួនាទី និងភារកិច្ចលើការគ្រប់គ្រង និងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ប្រកបដោយការ ទទួលខុសត្រូវមានប្រសិទ្ធភាព តម្លាភាព ស្របតាម គោលការណ៍និងនីតិវិធីថ្មីៗ ដូចបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនិងការផ្ទេរមុខងារក្នុងវិស័យសុខាភិបាល មកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្ត។ ប្រធានមន្ទីរសុខាភិបាលក៏ត្រូវមានការទទួល ខុសត្រូវ និងគណនេយ្យភាពចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រងការចាត់ចែងការគាំទ្រ ផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលខេត្ត។
សូមបញ្ជាក់បន្ថែមថា ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឱ្យមកស្ថិតក្រោមរចនាសម្ព័ន្ធខេត្តនាពេលនេះ មានបុគ្គលិកចំនួនប្រមាណ ១៣០០ នាក់ ព្រមទាំងធនធាន និងការទទួល ខុសត្រូវមករដ្ឋបាលខេត្តផងដែរ៕




នាយកល្អ គ្រូបង្រៀនល្អ និងគ្រូឆ្នេីម ១៥នាក់ ក្នុងខេត្តកំពង់ចាម ទទួលបានប័ណ្ណសរសើរពានរង្វាន់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន


ខេត្តកំពង់ចាម​៖លោក​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និង​គ្រូ​ឆ្នេីម​​ នៅ​តាម​សាលា​បឋម​សិក្សា​នានា​ ក្នុង​ខេត្ត​កំពង់ចាម​ ចំនួន​១៥នាក់​ ទទួលបានបណ្ណ័សសេីរ​ ពានរង្វាន់​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​​ ការ​ផ្តល់​ពានរង្វាន់​ជ័យលាភី​​នេះ​ត្រូវ​បាន​ធ្វេី​ឡើង​នារសៀល​ថ្ងៃ​ទី​១៥​ ខែមិថុនា​ ឆ្នាំ​២០២០​ នៅ​សាលា​គរុកោសល្យ​ និង​វិក្រិតការ​ខេត្តកំពង់ចាម​​ ក្រោម​វត្តមាន​លោកបណ្ឌិត​សភាចា​រ្យ​ ហង់​ ជួនណារ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្ត​កំពង់ចាម​ ​ថ្នាក់ដឹកនាំ​មន្ទីរ​ពាក់ព័ន្ធ​ និង​លោកគ្រូ​ អ្នក​គ្រូជា​ច្រើន​រូប​ផង​ដែរ​។
ឆ្លៀតក្នុងឱកាសនោះដែរ​ លោកបណ្ឌិតសភាចារ្យហង់ ជួនណារ៉ុន បាន​ថ្លែង​ថា​ តាម​រយៈ​ការ​ផ្តល់​ពានរង្វាន់​នេះ​ គឺជា​ការ​លើក​ទឹកចិត្ត​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​ របស់​លោក​គ្រូ​ អ្នកគ្រូ​ ហើយ​ក៏​ សូមឲ្យ​​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​នេះតទៅ​ទៀតពីព្រោះ​ថា​នាយក​ល្អ​ គ្រូ​បង្រៀន​ល្អ​ និងសាលា​រៀន​ល្អ​ស្អាត​​ គឺជា​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អប់រំ​សិក្សា​​ ផងដែរ​។
ជាមួយ​គ្នា​នោះ​ លោកបណ្ឌិតសភាចារ្យ​ បានធ្វើការថ្លែងអរគុណដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានខិតខំបង្រៀន ទាំងការបង្រៀនដោយផ្ទាល់ មុនពេល​ផ្ទុះនូវជម្ងឺកូវីដ១៩ និងការសិក្សាពីចម្ងាយក្ដី ដើម្បីចូលរួមកែខៃគុណភាពអប់រំ​សិក្សា​ ឲ្យបាន​ល្អ​ប្រសើរ​ឡើង​ថែម​មួយ​កម្រិត​ទៀត​ ព្រោះបើគ្មានការទំនាក់ទំនងរវាងគ្រូ និងសិស្សទេនោះ ប្រសិទ្ធភាពនៃការបង្រៀនក៏មិនមានជាលក្ខណៈពេញលេញនោះដែរ។​
គួរបញ្ចាក់ផងដែរថា​ លោកគ្រូ​ អ្នក​គ្រូ​ ដែលទទួលបានពានរង្វាន់​ និងបណ្ណ័សសេីរពី​ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ ក្នុងខេត្តកំពង់ចាម​ មានចំនួន១៥នាក់​ ក្នុងនោះមាន នាយកសាលាដែលដឹកនាំល្អ​ ចំនួន៥នាក់​ គ្រូល្អចំនួន៣នាក់ គ្រូឆ្នេីមភាសាខ្មែរចំនួន៤នាក់​ និងគ្រូឆ្នេីមគណិតចំនួន៣នាក់ផងដែរ​ ៕






ពិធីផ្សព្វផ្សាយ​អប់រំវគ្គជីវភាពនយោបាយ​ និងពិធីផ្ទេរ​ប្រគល់ពលទាហានថ្មី​

កំពង់ឆ្នាំង៖ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំប្រារព្ធពិធីផ្សព្វផ្សាយអប់រំវគ្គជីវភាពនយោបាយ និងពិធីផ្ទេរប្រគល់ពលទាហានថ្មីទៅតាមបណ្ដាកងឯកភាពចំណុះ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ ធន ធឿន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងមានការចូលរួមពីលោកមេបញ្ជាការរង,លោកនាយសេនាធិការរងព្រមទាំងនាយទាហានថ្នាក់ដឹកនាំអង្គភាព និងពលទាហានថ្មីទាំងអស់។
នៅក្នុងពិធីនោះ លោកមេបញ្ជាការ បានលើកយកនូវសភាពការណ៍ជាតិ-អន្តរជាតិ ដែលកំពុងកើតមានក្នុងពេលបច្ចុប្បន្នមកធ្វើការផ្សព្វផ្សាយជូនដល់អង្គពិធីទាំងមូលព្រមទាំងបានលើកឡើងអំពីស្ថានភាពជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសកលពាសពេញពិភពលោក ប៉ុន្តែប្រទេសកម្ពុជារបស់យើងដែលមានការដឹកនាំប្រកបដោយភាពវៃឆ្លាតរបស់ថ្នាក់ដឹកនាំកំពូល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខដឹកនាំបានធ្វើការទប់ស្កាត់ និងចាត់វិធានការបញ្ជៀសឲ្យបាននៅការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដ៏កាចសាហាវនេះ។
ទោះបីជំងឺកូវីដ១៩ នេះមានការស្រាកស្រានទៅហើយក៏ដោយក៏យើងមិនត្រូវបំភ្លេចវាដែរ ត្រូវបន្តធ្វើអនាម័យខ្លួនប្រាណ ឲ្យបានជាប់ជាប្រចាំ ត្រូវពាក់ម៉ាស់នៅពេលដែលចាកចេញពីផ្ទះ ឬពីកន្លែងធ្វើការ ធ្វើការលាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយនឹងសាប៊ូ ឬទឹកអាល់កុល ព្រមទាំងស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារបាននូវសុខភាពរបស់អ្នក និងក្រុមគ្រួសារអ្នក ពីជំងឺឆ្លងកូវីដ១៩ នេះ។
បន្ទាប់ពីបានធ្វើការផ្សព្វផ្សាយនៅរាល់សភាពការណ៍ជាតិ-អន្តរជាតិ និងសភាពការណ៍ថ្មីៗស្តីពីជំងឺកូវីដ១៩ រួចមក លោកមេបញ្ជាការ បានប្រកាស និងប្រគល់ពលទាហានថ្មីជូនដល់កងឯកភាពចំណុះ តាមផែនការរបស់ថ្នាក់លើ នឹងធ្វើការក្រើនរំលឹកដល់ប្អូនៗដែលជាពលទាហានថ្មីចាប់ពីពេលនេះតទៅត្រូវមានស្មារតី និងឆន្ទ:ក្នុងការចូលរួមបំពេញតួនាទីភារកិច្ចជាកងទ័ពល្អ ហើយត្រូវគោរពវិន័យជាកងទ័ពឲ្យបានហ្មត់ចត់ ត្រូវមានស្មារតីស្មោះត្រង់ដាច់ខាតចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ស្មោះត្រង់ដាច់ខាតចំពោះរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។
លើសពីនោះ ឧត្តមសេនីយ៍ទោ ធន ធឿន បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំអង្គភាព ពេលទទួលបានពលទាហានថ្មីហើយនោះ ត្រូវបន្តធ្វើការអប់រំណែនាំដល់ប្អូនៗដែលជាពលទាហានថ្មីទាំងនេះ ដើម្បីពង្រឹងសមត្ថភាពយល់ដឹងលើវិស័យការពារជាតិ៕


អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការស្ថាបនាច្រាំងទន្លេបាក់ស្រុត ដោយសារទឹកជំនន់ក្នុងឆ្នាំកន្លងទៅ

នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុងកំពង់ចាម បានចុះពិនិត្យការស្ថាបនា ច្រាំងទន្លេ នៅក្រុងកំពង់ចាម និងនៅស្រុកកោះសូទិន ដែលបានរងនូវការបាក់ស្រុត ដោយសារទឹកជំនន់ក្នុងឆ្នាំកន្លងទៅ ។
គំរោងទាំងនេះ ជាការឆ្លើយតបនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ដែលបាក់ស្រុតច្រាំង ហើយអាជ្ញាធរខេត្តបានស្នើសុំរាជរដ្ឋាភិបាលជួយស្ថាបនា។
ក្រោយពីបានចុះពិនិត្យឃើញថា ការរដ្ឋានដែលបានសាងសង់រួច ១០០% មាននៅឃុំបឹងកុក ប្រវែង ២១ម៉ែត្រ និងនៅមុខសួនច្បារមាត់ទន្លេ ក្រុងកំពង់ចាម ប្រវែង ៧០ម៉ែត្រ បានស្ថាបនាឡើងវិញ ១០០% ហើយនៅសង្កាត់កំពង់ចាម ប្រវែង ៥៣ម៉ែត្រ កំពុងសាងសង់បាន 30% នៅឃុំពង្រ ស្រុកកោះសូទិន ប្រវែង ៥៥ម៉ែត្រ កំពុងសាងសង់បាន ៣០% ។
លោកអភិបាលខេត្តកំពង់ចាម បានចាត់អោយមន្ត្រីជំនាញបន្តសិក្សាលើកគំរោងមួយកន្លែងទៀតមានប្រវែង ១៥០ម៉ែត្រ ស្ថិតនៅភូមិជីហែ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន និងនៅឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ នាពេលបន្តបន្ទាប់ទៀត។
លោកអភិបាលខេត្ត បានបន្តដំណើរចុះពិនិត្យទីតាំគំរោងផ្លូវ ០១ខ្សែ ប្រវែង ២៦៩៧ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្រាលកៅស៊ូ DBST ដែលជាគម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហានទី២ ដែលតភ្ជាប់ពីឃុំពង្រ ទៅឃុំមហាលាភ ស្រុកកោះសូទិន ជាផ្លូវអន្តរឃុំ។ ផ្លូវ ១ខ្សែនេះអាចជួយសម្រួលដល់ការធ្វើចរាចរណ៍ និងដឹកកសិផលរបស់បងប្អូនប្រជាកសិករក្នុងមូលដ្ឋានស្រុកកោះសូទិន ដែលប្រើប្រាស់ថវិកាឆ្នាំ២០២០ របស់គម្រោងកាត់បន្ថយភាពក្រីក្រ អភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់បឹងទន្លេសាបជំហានទី២ គ្រោងនឹងបើកការដ្ឋានសាងសង់នៅដើមខែកក្តដាខាងមុខនេះ ដោយគ្រោងប្រើរយៈពេលស្ថាបនា ៣ខែ៕



កម្មវិធីព័ត៌មាន​វិទ្យា​នឹងជំរុញការអនុវត្តការងាររដ្ឋបាលឱ្យកាន់មានប្រសិទ្ធភាព និងលឿនរហ័ស

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោក ស្រ៊ន សំឫទ្ធី អភិបាលរង​ខេត្ត​កំពង់ឆ្នាំង​ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារស្ដីពីការដាក់ឲ្យដំណើរការសាកល្បងកម្មវិធីព័ត៌មានវិទ្យា​សម្រាប់ការគ្រប់គ្រង​ និ​ងផ្ដល់សេវា​នៅក្នុង​អង្គភាព​ច្រក​ចេញ​ចូលតែមួយ​ខេត្ត។
នៅក្នុង​កិច្ចពិភាក្សានោះដែរ ក៏មានការចូលរួមពីលោក អ៊ុក កីឡា ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង លោក​ លៀង ជុំ​សុបិន្ត នាយករង​រដ្ឋបាល​សាលា​ខេត្ត​ លោក​ លី សុភា ប្រធាន​មន្ទីរ​រៀបចំដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​ លោកគង្គ ឃាង អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោកប្រធាន និងអនុប្រធានអង្គភាពច្រកចេញចូលតែមួយ។
គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីផ្សព្វផ្សាយពីកិច្ចដំណើរការសាកល្បងកម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង​ និង​ផ្ដល់សេវា​នៅក្នុងអង្គភាព​ច្រកចេញ​ចូលតែមួយ ដោយក្នុងនោះខេត្តកំពង់ឆ្នាំង ត្រូវបានក្រសួងមហាផ្ទៃជ្រើសរើសឲ្យដាក់ដំណើរការសាកល្បង ក្នុងចំណោមរាជធានីខេត្តចំនួន៩។
នៅក្នុងកិច្ចប្រជុំក៏បានពិភាក្សាផងដែរអំពីការបន្តជំរុញអនុវត្តការងារផ្ដល់សេវាជូនប្រជាពលរដ្ឋ នៅអង្គភាពច្រកចេញចូលតែមួយខេត្ត ឲ្យកាន់តែមានប្រសិទ្ធភាព លឿនរហ័ស ឆ្លើយតបតាមតម្រូវការរបស់អ្នកមកទទួលសេវា៕


សប្បុរសជនបានចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា គឺសបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសធម៌

សៀមរាប៖ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប លោក ស៊ុំ សំអន នាយកសាខា តំណាងលោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានជួបសំណេះសំណាល និងទទួលថវិកាអបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហមអឌ្ឍចន្ទក្រហម ឆ្នាំ២០២០ ពីលោក ធិននី វិធូ អភិបាលស្រុកវ៉ារិន​ និងលោក​ ស៊ីន​ ចាន់ថុល​ អភិបាលស្រុកពួក​។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុកទាំងពីរខាងលេី បានឱ្យដឹងថា ថវិកាដែលប្រគល់ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាពេលនេះ គឺជាទឹកចិត្តសប្បុរសរបស់មន្ត្រីរាជការរដ្ឋបាលស្រុក និងសប្បុរសជនក្នុងស្រុក​ ក្នុងការរួមចំណែកជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃរដ្ឋបាលស្រុក ព្រមទាំងក្រុមគ្រួសារនៃសប្បុរសជន បានបរិច្ចាគដោយសទ្ធាជ្រះថ្លា ហើយនេះក៏ជាវប្បធម៌នៃការចែករំលែកជួយគ្នា ទោះតិចក្ដីច្រើនក្ដី តែជាទឹកចិត្តជួយគ្នាក្នុងគ្រាក្រគ្រាលំបាក។
ក្នុងឱកាសនោះដែរលោក ស៊ុំ សំអន នាយកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តដ៏សប្បុរសធម៌របស់មន្ត្រីរាជការរដ្ឋបាលស្រុកទាំងពីរ និងសប្បុរសជន ដែលបានយកចិត្តទុកដាក់ចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ គឺសបញ្ជាក់ពីទឹកចិត្តដ៏សប្បុរសធម៌ចំពោះបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។
នៅក្នុងកាយវិកាដ៏មនុស្សធម៌នេះ គឺជាការចូលរួមរបស់សប្បុរសជនជាមួយសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានលោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។ សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នឹងប្រើប្រាស់នូវថវិកានេះ ឱ្យចំគោលដៅមនុស្សធម៌ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាមគោលការណ៍គ្រឹះទាំង៧ប្រការរបស់ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម។
ថវិកាដែលទទួលបានរួមមាន៖
-អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកវ៉ារិនថវិកាចំនួន ៦,១០០,៥០០(មួយលានមួយរយពាន់ប្រាំរយ)រៀល
– អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក ថវិកាចំនួន ៨,០០០,០០០(ប្រាំបីលាន)រៀល។
– សណ្ឋាគារ អង្គរ អេរ៉ា និងបាយ័ន អេរ៉ា ថវិកាចំនួន ១,០០០(មួយពាន់)ដុល្លារអាមេរិក។
– លោក សួង សុភា អនុប្រធានកិត្តិយសាខា ថវិកាចំនួន១០០(មួយរយ)ដុល្លារអាមេរិក៕

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់៖ ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនយើងបានលះបង់អ្វីៗគ្រប់បែប យ៉ាងសូម្បីជីវិត

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានគូសបញ្ជាក់ថា ដើម្បីសង្គ្រោះជាតិពីរបបវាលពិឃាដ វីរជនយើងបានលះបង់អ្វីៗគ្រប់ បែបយ៉ាង។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានរំលឹកបន្ថែមថា ពួកគាត់បានលះបង់ភាពសុខសាន្តផ្ទាល់ខ្លួនចាក ចោលគ្រួសារដោយក្តីសោកសង្រេង និងហែលឆ្លងគ្រោះថ្នាក់រាប់មិនអស់ដើម្បីបុព្វហេតុជាតិមាតុភូមិនិងប្រជាជន ហើយពួកគាត់លែងខ្លាចសូម្បីតែសេចក្តីស្លាប់។
គួរបញ្ជាក់ថា ការលើកឡើងដូចនេះរបស់លោកឧបនា យករដ្ឋមន្ត្រី ទៀ បាញ់ ស្របពេលដែលកម្ពុជាជិតឈានព្រឹត្តិការណ៍ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ដែលជាការចាប់ផ្តើមចេញដំណើរឆ្ពោះទៅសង្រ្គោះជាតិពីរបបប្រល័ យពូជសាសន៍ប៉ុល ពត ដែលបានដឹកនាំកម្លាំងចលនា តស៊ូ រួមយុទ្ធមិត្តដោយយកអាយុជីវិតធ្វើជាដើមទុនរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៕