Monday, April 23, 2018

ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ (មានវីដេអូ)

នៅរសៀលថ្ងៃទី២៣ ខែមេសានេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ចេញ នូវវីដេអូមានរយៈពេល(១៨នាទី ១១វិនាទី) មានចំណងជើងថា ” ក្រុមចលនាដែលនាំគ្រោះថ្នាក់សម្រាប់ជាតិ “។

រហូតមកដល់ពេលនេះមានរយៈពេល២០ឆ្នាំហើយ ដែលប្រទេសកម្ពុជាបានស្គាល់សុខសន្តិភាពពេញលេញ មានការឯកភាពជាតិ ដោយមានតំបន់ត្រួតត្រាតែមួយ មិនមានជម្លោះប្រដាប់អាវុធរវាងជាតិសាសន៍ខ្លួនឯង។ កម្ពុជាដែលពិភពលោក ធ្លាប់ល្បីថាជាប្រទេសវាលពិឃាដ សព្វថ្ងៃនេះបានក្លាយមកជាប្រទេសមានការរីកចម្រើនគ្រប់វិស័យ មានកិត្តិសព្ទ ស្មើមុខ ស្មើមាត់ជាមួយប្រទេសដទៃទាំងក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ទោះជាយ៉ាងណាសុខសន្តិភាពនេះ តែងតែមាន ការរំខានពីក្រុមចលនាឧទ្ទាមមួយចំនួនដោយសហការជាមួយបរទេស បង្កើតចលាចល បង្ករភាពវឹកវរម្តងហើយម្តងទៀត ក្រោមមហិច្ឆតាដណ្តើមអំណាចផ្លូវកាត់ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត។ តែទោះជាយ៉ាងណា ចេតនាទុច្ចរិតទាំងនោះមិនបានសម្រេចនោះទេក្រោមការដឹកនាំរបស់ស្ថាបនិកសន្តិភាព សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកមិនអនុញ្ញាតិឱ្យជនទុច្ចរិតទាំងនោះឆក់ប្លន់សន្តិភាពដែលយកអាយុជីវិត របស់វីរៈជនខ្មែរទៅប្តូរមកនោះបានជាដាច់ខាត។
ភស្តុតាងខាងលើនេះ បានបញ្ជាក់ឱ្យឃើញច្បាស់ហើយថា ក្រុមចលនាឧទ្ទាមក្បត់ជាតិ ដឹកនាំដោយ សម រង្ស៊ី សម សេរី និងបក្ខពួកពិតជាបានសហការគ្នាជាប្រព័ន្ធ ដោយមានការជ្រោមជ្រែងពីបរទេស ពិតជាមានចេតនាបំផ្លាញភាពសុខសាន្ត របស់ប្រជាពលរដ្ឋ ក្នុងមហិច្ឆតាធ្វើយ៉ាងណាដណ្តើមអំណាចឱ្យខានតែបាន បើទោះបីជាអំពើទាំងនោះបង្កការខូចខាត ធ្ងន់ធ្ងរ ឬនាំឱ្យប្រទេសជាតិវឹកវចលាចលយ៉ាងណាក្តី។
ដូច្នេះ ទោះក្នុងតម្លៃណាក៏ដោយ រាល់ចំណាត់ការតាមផ្លូវច្បាប់របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ឬបំផ្លាញផែនការទុច្ចរិតរបស់ក្រុមជន ឬចលនាឧទ្ទាមណាមួយដែលមានផែនការកខ្វក់ បង្កគ្រោះថ្នាក់ដល់សង្គមជាតិ គឺជាការចាំបាច់បំផុត ដើម្បីការពាររដ្ឋធម្មនុញ្ញ និងធានាឱ្យបានជាដាច់ខាតនូវសុខ សន្តិភាព ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋកម្ពុជាទាំងមូល ដែលកំពុងសាទរ យ៉ាងកក់ក្តៅបំផុត ក្រោមដំបូលនៃសុខសន្តិភាពនេះ! សូមអញ្ជើញទស្សនាវីដេអូខាងក្រោម៖


តើសង្រ្គាមពាណិជ្ជកម្ម ចិន-អាមេរិក ពិតជាផ្ទុះឡើងមែនទេ?

គោលដៅនៃបទបញ្ជាដ៏ចម្រូងចម្រាសរបស់លោក Donald Trump គឺដើម្បីបម្រើដល់គោលនយោបាយធ្វើឱ្យអាមេរិកអស្ចារ្យឡើងវិញ (American Great Again)។ បទបញ្ជាចុងក្រោយ​របស់គាត់បានដាក់ចេញនៅថ្ងៃទី២២ ខែមីនា ដោយបានស្នើតំឡើងពន្ធគយ ២៥ ភាគ​រយ ស្មើនឹង ៦០ ពាន់លានដុល្លារលើទំនិញនាំចូលពីប្រទេសចិន។ លោក Trump បាននិយាយថា យុគ្គសម័យនៃការ “ដើរខ្សែក្រោមផ្នែកសេដ្ឋកិច្ច” នឹងត្រូវបានបញ្ចប់។ រដ្ឋា​ភិបាល​ទីក្រុងប៉េកាំងពុំទាន់បានសម្រេចចុងក្រោយឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់លោក Trump ទេ តែបានប្រកាសថា ខ្លួននឹងតំឡើងពន្ធដែលមានទឹកប្រាក់ ៣ ពាន់លានដុល្លារ លើទំនិញនាំចូលពីអាមេរិក។
ទំនាក់ទំនង អាមេរិក-ចិន កាន់តែស្មុគស្មាញ ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ពាណិជ្ជ​កម្ម និងបញ្ហា​សន្តិសុខ ដែលភាគីទាំងពីរមិនអាចបំបែកបាន។ ហេតុអ្វីបានជាលោក Trump បង្កើតនូវ​ការគម្រាមកំហែងនេះឡើង។ ទីមួយ អំឡុងពេលឃោសនាបោះឆ្នោត លោក Trump បាន​និយាយហើយនិយាយទៀតថា ចិនបានដើរខ្សែលើអាមេរិកពាក់ព័ន្ធនឹងពាណិជ្ជ​កម្ម។ ដូច្នោះ គាត់ត្រូវដោះស្រាយស្ថានភាពនេះ។ ទីពីរ រដ្ឋបាលលោក Trump បានគម្រាមចាត់​វិធានការនេះដើម្បីទប់ទល់នឹងចិនពាក់ព័ន្ធនឹងបញ្ហា៖ ទីមួយ កម្មសិទ្ធិបញ្ហា ដែល​លួច​យក​ដោយចិន និងទីពីរ ការកាត់បន្ថយការបង្កើនឱនភាពពាណិជ្ជកម្មជាមួយចិន។
តើទំនាក់ទំនងពាណិជ្ជកម្ម ចិន-អាមេរិក ធ្លាក់ចូលស្ថានភាពនេះដោយរបៀបណា? ចិនត្រូវបានចោទប្រកាន់ថា បាន​លួច​យក​សិទ្ធិ​លើ​កម្ម​សិទ្ធិ​បញ្ហា Intellectual Property Right (IPR) បើទោះបីជា ពិធីសាររបស់ WTO បានហាមប្រាមក៏ដោយសកម្មភាពបែបនេះក៏​ដោយ។ កត្តានេះបានកើតឡើងពីរផ្លូវ ទីមួយ តាមរយៈចារកិច្ចឧស្សាហកម្មខុសច្បាប់ និងទីពីរ ក្រុមហ៊ុនអាមេរិកតម្រូវឱ្យផ្ទេរបច្ចេកវិទ្យាដល់ក្រុមហ៊ុនចិន នៅក្នុងភាគហ៊ុនរួមនៅក្នុងប្រទេសចិន។ យើងតាមការប៉ាន់ស្មានការលួចយក IPR បានធ្វើឱ្យពាណិជ្ជកម្មរបស់អាមេរិកខាតបង់ ៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
តុល្យភាពពាណិជ្ជកម្មគាំទ្រដល់ចិនមានទឹកប្រាក់ ៣៧៥ ពាន់លានដុល្លារ នៅខែធ្នូ ឆ្នាំ​២០១៧​។ តើអតុល្យភាពនេះកើតឡើងដោយរបៀបណា? រោងចក្រអាមេរិក បានបោះទីតាំងនៅ​ចិន ដើម្បីទាញយកផលប្រយោជន៍ពីកម្លាំងពលករតម្លៃទាប។ ផលិតផលសម្រេច​មក ត្រូវនាំចូលទៅកាន់អាមេរិក ដោយដាក់ថា “ផលិតនៅប្រទេសចិន” ហើយលក់ក្នុង​តម្លៃទាប បើ​ធៀបទៅនឹងផលិតផលដូចគ្នា ដែលផលិតនៅអាមេរិក។ “ផលិតផលដែលផលិតនៅអាមេរិក” មិនអាចប្រកួតប្រជែងនៅក្នុងទីផ្សារអន្តរជាតិបានទេ ដោយសារថ្លៃដើមនៃការផលិត​របស់ពួកគេមានតម្លៃខ្ពស់ លើកលែងតែម៉ាស៊ីនបច្ចេកវិទ្យាទំនើបៗ។​
ទាក់ទិននិងសេដ្ឋកិច្ច ចិនបានកើនឥទ្ធិពល ដោយការទិញមូលប័ត្រហិរញ្ញវត្ថុអាមេរិក​។ នៅ​ខែ​មករា ឆ្នាំ២០១៨ អាមេរិកបានជំពាក់បំណុលចិន ១,១៧ ទ្រីលានដុល្លារ។ តាម​រយៈការ​ទិញមូលប័ត្រអាមេរិក ចិនបានជួយដោយផ្ទាល់ដល់អត្រាការប្រាក់ធនាគារនៅអាមេរិក​ទាប។ ប្រសិន​បើចិនឈប់ទិញមូលប័ត្រហិរញ្ញវត្ថុអាមេរិក រដ្ឋាភិបាលសហព័ន្ធអាមេរិក​នឹងត្រូវខ្ចីប្រាក់​ពីធនាគារក្នុងស្រុកដើម្បីផ្គត់ផ្គង់គម្រោងថវិការបស់ខ្លួន ហើយវានឹងជំរុញ​អត្រាការប្រាក់ឡើងខ្ពស់។ កត្តានេះ វានឹងប៉ះពាល់ដល់វិស័យហិរញ្ញវត្ថុយ៉ាង ដែលនឹងធ្វើ​ឱ្យ​មានវិបត្តិសេដ្ឋកិច្ចនៅលើពិភពលោក។ ចិនដឹងថា វិបត្តិសេដ្ឋកិច្ច នឹងធ្វើឱ្យតម្រូវការផលិត​ផលរបស់ខ្លួនធ្លាក់ចុះ ហើយបើលោក Trump នៅតែជំរុញរឿងនេះឡើង ទី​ក្រុង​ប៉េកាំង​ប្រហែលជាមិនស្ទាក់ស្ទើរក្នុងទារបំណុលពីអាមេរិកទេ។
តើទីក្រុងវ៉ាស៊ីនតោនអាចកាត់បន្ថយឱនភាពពាណិជ្ជកម្មជាមួយចិនបានទេ? វាប្រហែលជាអាច​បានដោយផ្នែក តាមរយៈការចរចា ក៏ប៉ុន្តែ មិនមែនតាមរយៈសង្រ្គាមពាណិជ្ជកម្មទេ។ ហេតុ​ផលសាមញ្ញមួយគឺថា ការតំឡើងពន្ធលើទំនិញរបស់ចិន នឹងធ្វើឱ្យតម្លៃកើនឡើង ហើយ​ថា ផលិតផល “ផលិតនៅប្រទេសចិន” និងថយចុះ ដែលកត្តានេះនឹងកាត់បន្ថយពាណិជ្ជកម្មអាមេរិក។
ទាំងពាណិជ្ជកម្មអាមេរិក និងចិន នឹងប្រឈមនឹងការបាត់បង់ការងារ។ បើទោះបីជា ក្រុមហ៊ុន​មួយចំនួនវិលមកអាមេរិកវិញក៏ដោយ វាក៏មិនអាចបង្កើនការងារនៅអាមេរិកគ្រប់គ្រាន់បាន​ដែរ ដោយសារតែរោងចក្រភាគច្រើននឹងត្រូវប្រើប្រាស់ឧបករណ៍ទំនើបៗ មិនមែនកម្លាំង​ពលកម្មអាមេរិកទេ។
គោលនយោបាយរបស់លោក Trump មិនមានអ្វីពាក់ព័ន្ធច្រើនទៅនឹងបញ្ហាសេដ្ឋ​កិច្ចទេ។ វាគឺជាយុទ្ធសាស្រ្តនយោបាយ។ តើលោក Trump អាចជំរុញចិនឱ្យបើកចំហសេដ្ឋកិច្ចពេញទំហឹងបានទេ? ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីប្រកាសធ្វើឡើងដោយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង អំពីការតំឡើងពន្ធទៅវិញទៅមកនេះ នៅតែជាការគំរាមកំហែង។ លោក Larry Kudlow ទីប្រឹក្សាសេដ្ឋកិច្ចលោក Trump បាននិយាយ​ថា អាមេរិកមិន​ស្វែងរកសង្រ្គាមពាណិជ្ជកម្មទេ។ រចនាសម្ព័ន្ធពន្ធគយ មិនទាន់ត្រូវបានអនុម័តនៅឡើយ គ្រាន់តែស្នើឡើងប៉ុណ្ណោះ។
សង្រ្គាមពាណិជ្ជកម្មមិនត្រឹមតែប៉ះពាល់ដល់ប្រទេសសេដ្ឋកិច្ចធំបំផុតទាំងពីរនេះទេ ក៏ប៉ុន្តែ នឹង​ប៉ះពាល់ដល់ពាណិជ្ជកម្មពិភពលោកទាំងមូល ដោសារតែវានឹងមានឥទ្ធិពលដល់ប្រទេសទីបី ដែលរកស៊ីជាមួយអាមេរិក ឬក៏ចិន៕

ប្រភព៖ The Daily Star ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨

លោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីបុណ្យបញ្ចុះខ័ណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានាវត្តថ្មកែវ


កំពង់ឆ្នាំង៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិ​ចុះមូលដ្ឋាន​ខេត្តកំពង់ឆ្នាំង និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និងភរិយា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះខណ្ឌសីមាឆ្លងព្រះវិហារ និងសម្ពោធសមិទ្ធផលនានានៅវត្តថ្មកែវ ស្ថិតនៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្មាំង ៕



(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែង ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់​នូវសណ្ឋាគារលំដាប់ផ្កាយ៥ « The Royal Sands Koh Rong »

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថាកោះទាំងអស់សុទ្ធតែ​ជា​សម្បត្តិ​របស់​រដ្ឋ និងអំ​ពាវ​នាវ​ឱ្យ​បញ្ឈប់​ស​កម្ម​ភាព​ទន្ទ្រាម​ដី​ខុស​ច្បាប់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះ ក្នុងពិធីសម្ពោធ​បើក​ឱ្យ​ដំណើរ​ការជាផ្លូវការ សណ្ឋាគារលំដាប់ផ្កាយ៥ «ដឹរ៉ូយ៉ាល់ សេន កោះរ៉ុង» ស្ថិតភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ បានមានធ្វើការបញ្ជាក់ថា កោះទាំងអស់សុទ្ធតែជាទ្រព្យសម្បត្តិរបស់រដ្ឋ ការដាក់ឱ្យក្រុមហ៊ុនឯកជនវិនិយោគនៅលើកោះ គឺក្រុមហ៊ុនមានត្រឹមតែសិទ្ធិសា្នក់នៅ សិទ្ធិទទួលផលតែប៉ុណ្ណោះ ប៉ុន្តែមិនមានសិទ្ធិចាត់ចែងនោះទេ ។

លោកនាយករដ្ឋមន្ត្រី បានលើកឡើងថា កោះទាំងអស់ជារបស់រដ្ឋគ្រាន់តែរដ្ឋសម្បទានឱ្យក្រុមហ៊ុន​ឯក​ជន​វិនិយោគ ដើម្បីធ្វើការសាងសង់នូវសណ្ឋាគារ កន្លែងកម្សាន្ត ក្នុងគោលដៅទាក់ទាញទេសចរណ៍ បង្កើតការងារឱ្យប្រជាពលរដ្ឋធ្វើ ហើយនៅពេលវេលាដែលកំណត់ណាមួយ នឹងត្រូវប្រគល់ឱ្យរដ្ឋវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ថែមថា ជាការពិតភ្ញៀវទេសចរណ៍មិនអាចដេកក្រោមដើមឈើនោះទេ ដំណើរកម្សាន្តណាមួយគឺមិនអាចគ្មានការបដិសណ្ឋានកិច្ចទេបានទេ ដូច្នេះហើយបានជាត្រូវមានការបង្កើតសណ្ឋាគារ។ លោកបានលើកឡើងថា កន្លងមកមានការយល់ច្រឡំ ថាកោះរ៉ុងជារបស់ក្រុមហ៊ុន ដូច្នេះលោកសូមបញ្ជាក់ថា កោះរ៉ុងមិនមែនរបស់ឧកញ៉ា គិត ម៉េង ទេ ការពិតរដ្ឋជួលឱ្យប៉ុណ្ណោះ។

លោកនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងទៅខ្ញុំបានចេញអនុក្រឹត្យមួយដោះស្រាយបញ្ហាដីនៅលើកោះរ៉ុងនេះ ដែលក្នុងនោះ ទី១-រដ្ឋបានប្រគល់ដីឱ្យប្រជាពលរដ្ឋទាំងអស់ចំនួន​ ១២២១​ក្បាល​ដី ដោយបានប្រគល់ដីចំនួន ៦៣៧ក្បាលដីរួចហើយ ឱ្យទៅប្រជាពលរដ្ឋចំនួន ២៩៤គ្រួសារដែល​រស់នៅអចិន្ត្រៃយ៍ នៅសល់ ៥៨៤ក្បាលដីទៀត មិនទាន់ប្រគល់ចេញទេព្រោះក្បាលដីខ្លះ កំពុងពិនិត្យមើល ដោយសារតែមានការទន្ទ្រាមកាន់កាប់ពីប្រជាពលរដ្ឋដែលមកពីកន្លែងឆ្ងាយ ឬមកពីកន្លែងផ្សេងទៀត មិនមែនប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍។ លោកបន្តថា លោក​មិន​ជឿ​ថា​ពល​រដ្ឋនៅកោះរ៉ុងមានច្រើនទេ។ ក្រៅពីកោះរ៉ុង ក៏នៅមានការទន្ទ្រាមកាន់កាប់យកឆ្នេរកន្លែងផ្សេង​ដូចគ្នាក៏ចឹងដែរ។ ដីរបស់កងទ័ពជើងទឹកក៏ចឹងដែរ មានការទន្ទ្រាមយក ហើយថាជាដីរបស់គាត់។

ជុំវិញបញ្ហាដីនៅលើកោះរ៉ុងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ការដោះស្រាយ ឱ្យ​ទៅ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់។ លោក​​នាយករដ្ឋមន្ត្រី បានលើកឡើងថា កន្លងមករដ្ឋាភិបាលគឺអង្គុយចាំបក់ផ្សែង ដូច្នេះឥឡូវលោក​​ចង់ពន្លត់ភ្លើងនៅកោះរ៉ុងតែម្តង។ លោកក៏ចង់មើលមុខមន្ត្រីមានអំណាច និងអ្នកមានលុយដែល​​នៅពីក្រោយខ្នងរឿងនេះ។ លោកនាយករដ្ឋមន្ត្រី បានបន្តថាម្នាក់ៗមានដីច្រើនហើយ រាប់រយពាន់​ហិកតាហើយ ច្រើនជាងនាយករដ្ឋមន្ត្រីទៅទៀត។ លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា លោកមិនមាន​ដីច្រើនទេ ដោយសារលោកមិនមែនជាមនុស្សលោភលន់ ហើយការដែលមិនលោភលន់នេះហើយ ទើបលោកនៅមានទឹកមាត់ប្រៃ នឹងអាច ចង្អុលមុខពួកអ្នកទន្ទ្រាមដីបាន៕






លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឱ្យដកសិទ្ធិវិនិយោគលើកោះ ចំពោះក្រុមហ៊ុនណាដែលទទួលបានសិទ្ធិហើយទុកចោលមិនធ្វើការអភិវឌ្ឍ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅស្ថានភាពដែលផ្តល់សិទ្ធិវិនិយោគកោះទៅឱ្យវិនិយោគិនដើម្បីធ្វើការអភិវឌ្ឍ ប៉ុន្តែពួកគេមិនបានធ្វើអ្វីសោះ គឺទុកចោលយូរឆ្នាំចាំតែលក់គម្រោងថាជា «ស្ថានភាពដំរីផើម» ហើយលោកបានដាក់បទបញ្ជាឱ្យធ្វើការដកហូតត្រលប់មកវិញ ដែលមានក្រុមហ៊ុនចំនួន ៣០ ប្រឈមនឹងការដកហូតសិទ្ធិវិនិយោគ ដោយលោកនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា «កោះមួយចំនួនដែលនៅក្នុងសមុទ្រ ដែលចុះហត្ថលេខារាប់ឆ្នាំហើយនោះ ហើយដែលមិនបានអនុវត្តន៍ ហើយគិតតែពីដើរលក់គម្រោង គឺអត់មានទេ ទោះជាលោកឯងលក់ ក៏ខ្ញុំមិនឱ្យដែរ លក់យកលុយគេអាហ្នឹងជាប់គុកខ្លួនឯងទេ ចាប់ដៃគូបាន ប៉ុន្តែមិនអនុញ្ញាតឱ្យលក់នោះទេ អាហ្នឹងស្ថានភាពពិតប្រាកដ ដែលយើងត្រូវសើរើពិនិត្យមើលព្រោះចុះហត្ថលេខាហើយមិនព្រមធ្វើ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងដូច្នេះក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រគល់ភារកិច្ចនេះជូន លោក សុខ ចិន្តាសោភា ប្រតិភូអមនាយករដ្ឋមន្រ្តី ធ្វើការពិនិត្យដើម្បីដកហូតកោះទាំងនោះត្រលប់មកវិញ ហើយរៀបចំការវិនិយោគសារជាថ្មី ដោយលោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «មិនអាចឱ្យកោះរបស់យើងដូចរបៀបសព្វថ្ងៃនេះ ដោយគ្មានការគ្រប់គ្រង ហើយអ្នកដែលបានទទួលសិទ្ធិធ្វើការវិនិយោគនោះចេះតែដើរលក់បន្ត បើចាប់ដៃគូគឺអនុញ្ញាត ប៉ុន្តែដៃគូគេលែងហ៊ានចូលមកជាមួយអ្នកទាំងនោះ ដូច្នេះតើរង់ចាំអ្វីទៀត?»។

លោកនាយករដ្ឋមន្ត្រីបានបន្តថា «ដូចកោះទន្សាយនៅតែទន្សាយ ដកមុនគេ ដកអាកោះទន្សាយហ្នឹងតែម្តង ខ្ញុំបញ្ជាឱ្យដកអាកោះទន្សាយ ទៅពិនិត្យមើលកោះទន្សាយ កោះទន្សាយដូចជា ៣ក្រុមហ៊ុន អត់ធ្វើទទេទាំងអស់»៕







លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារលិខិតជូនជនរួមជាតិ នាឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារលិខិតជូនជនរួមជាតិ នាឱកាសទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ “ត្រៀមរួចជាស្រេច ចូលរួមលុបបំបាត់ជំងឺគ្រុនចាញ់” ។

សូមអានខ្លឹមសារនៃសារលិខិតរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាននៅខាងក្រោមដូចតទៅ៖


លោក សាយ ឈុំ បន្តជាប់ឆ្នោតជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ បន្តទៀត

លោក សាយ ឈុំ បានបន្តជាប់ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ បន្តទៀត ដែលការបោះឆ្នោតនេះ បានធ្វើឡើង នៅក្នុងសម័យប្រជុំលើកដំបូង ក្រោមព្រះរាជអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះមហាក្សត្រ។

ការបើកសម័យប្រជុំលើកដំបូងនេះ ក៏មានការចូលរួមពីឥស្សរជនកំពូលៗ របស់កម្ពុជារួមមានដូចជា លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹងពាក់កណ្តាល នៃសមាជិករដ្ឋសភា ៕



លោក នៃ ប៉េណា ជាប់ជាអនុប្រធានទី១ ខណៈលោក ទេព ងន ជាប់ជាអនុប្រធានទី២ព្រឹទ្ធសភា សម្រាប់អាណត្តិទី៤

បន្ទាប់ពីបោះឆ្នោតគាំទ្រលោក សាយ ឈុំ ជាប្រធានព្រឹទ្ធសភា សម្រាប់អាណត្តិទី៤ នៅក្នុងកិច្ចប្រជុំនៅព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨នេះផងដែរនោះ សមាជិកព្រឹទ្ធសភាទាំង៦២រូប ក៏បានបន្តបោះឆ្នោតគាំទ្រ លោក នៃ ប៉េណា ឱ្យធ្វើអនុប្រធានទី១ និងលោក ទេព ងន ធ្វើជាអនុប្រធានទី២ព្រឹទ្ធសភា។

ការបើកសម័យប្រជុំលើកដំបូងនេះ ត្រូវបានធ្វើឡើងក្រោមព្រះរាជអធិប​តីភាពដ៏ខ្ពង់ខ្ពស់ ព្រះមហាក្សត្រ ហើយក៏មានការចូលរួមពីឥស្សរជនជាន់ខ្ពស់មកពីស្ថាប័នផ្សេងទៀតដូចជា លោក ហេង សំរិន ប្រធានរដ្ឋសភា, លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ថា ព្រឹទ្ធសភា មានអាណត្តិ៦ឆ្នាំ។ សមាជិកព្រឹទ្ធសភា មានចំនួន៦២រូប ដែលស្មើនឹងពាក់កណ្តាល នៃសមាជិករដ្ឋសភា។

បន្ទាប់ពីបោះឆ្នោតជ្រើសរើសក្បាលម៉ាស៊ីនដឹកនាំរួចហើយ លោក សាយ ឈុំ ក៏បានប្រកាសបិទបញ្ចប់កិច្ចប្រជុំ លើកដំបូងនេះតែម្តង ៕





អភិបាលខេត្តតាកែវ អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៌ផលិតផលសក្តានុពលខេត្តតាកែវ និងផលិតផលបរទេសឆ្នាំ២០១៨

តាកែវ៖ នៅថ្ងៃច័ន្ទ ទី២៣ ខែមេសា ឆ្នាំ២០១៨នេះ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកពិព័រណ៌ផលិតផលសក្តានុពលខេត្តតាកែវ និងផលិតផលបរទេស ឆ្នាំ២០១៨នៅបរិវេណលេខា ធិការដ្ឋានក្រុមប្រឹក្សាខេត្ត។

ក្រៅពីថ្លែងអំណរគុណដល់មន្ទីរពាណិជ្ជកម្ម ដែលបានខិតខំក្នុងការជំរុញដល់ការចុះបញ្ជីពាណិជ្ជកម្ម របស់ ក្រុមហ៊ុននានា លោកអភិបាលខេត្ត ក៏បានលើកឡើងពីការរីកចម្រើននៅក្នុងខេត្តតាកែវ ដែលជាពិសេស គឺវិស័យកសិកម្ម និងវិស័យឧស្សាហកម្មដែលក្នុងនោះ វិស័យឧស្សាហកម្ម បានស្រូបយកកម្លាំងពលកម្ម រហូតដល់ ៤ម៉ឺននាក់។

ក្នុងឱកាសនោះលោកក៏បានថ្លែងអំណរគុណដល់ស្ថាប័នពាក់ព័ន្ធដែលបានរៀបចំពិព័រណ៌នេះឡើង ហើយសំណូមពរការលក់ផលិតផលត្រូវឆ្លើយតបទៅនឹងការចង់បានរបស់បងប្អូនប្រជាពលរដ្ឋយើង ដែលមានតម្រូវការចំពោះសម្ភារប្រើប្រាស់ ទាំងតម្លៃ និងគុណភាព ត្រូវឱ្យមានភាពសមស្របឱ្យទទួលយកបាន ហើយសូមកុំឱ្យមានការក្លែងបន្លំដែលនាំឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនោះលោកក៏បានជំរុញ ដល់សាខាកាំកុងត្រូលខេត្ត និងស្ថាប័នពាក់ព័ន្ធត្រូវបន្តតាមដានត្រួតពិនិត្យ និងចាត់វិធានការឱ្យបានតឹងរ៉ឹងចំពោះផលិតផលណាដែលខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពសាធារណៈ ហើយត្រូវរួមគ្នាកាត់បន្ថយនូវភាពអសកម្មទាំងនេះ និងឈានទៅលុបបំបាត់ចោលទាំងស្រុងពីទឹកដីខេត្តតាកែវរបស់យើង ៕








ផ្សាយបន្តផ្ទាល់(Live): លោកនាយរដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong »

ផ្សាយបន្តផ្ទាល់ពិសេស(Live): ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា យាងបើកសម័យប្រជុំដំបូងនីតិកាលទី៤ ព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នាវិមានព្រឹទ្ធសភា

(សូមទស្សនាវីដេអូ) ស្រមោលបដិវត្តន៍ពណ៌នៅកម្ពុជា

អ្នកនាំពាក្យក្រសួងមហាផ្ទៃ ចេញលិខិតចំហរថា វិទ្យុអាស៊ីសេរីមានចរិតល្ងង់ខ្លៅ យល់ច្រឡំ ថា «គេហុចដំបង ខ្លួនយល់ថាគេសំឡុត» និង «គេឱ្យលាមក យល់ថាជាផ្កា»

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានចេញលិខិតចំហរមួយថា អ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ពិតជាមានចរិតល្ងង់ខ្លៅ ដែលតែងតែយល់ច្រឡំអត្ថន័យថា គេហុចដំបង ខ្លួនយល់ថាគេសំឡុត និង គេឱ្យលាមក យល់ថាជាផ្កា។

ការចេញលិខិតចំហរទំនងជាប្រដៅវិទ្យុអាស៊ីសេរីនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុបរទេស បាន ដកស្រង់សម្តីលោក ទៅផ្សព្វផ្សាយបំភ្លៃ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ ដោយដាក់ចំណងជើងថា មន្ត្រីក្រសួងមហាផ្ទៃ ការតាមចាប់ខ្លួនមន្ត្រីបក្សប្រឆាំងពីក្រៅប្រទេសនាំឲ្យបែកបាក់ជាតិ»។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានបញ្ជាក់ឱ្យដឹងថា ក្នុងកិច្ចសម្ភាសន៍ នាថ្មីៗនេះ លោកបានប្រដៅវិទ្យុអាស៊ីសេរី ឱ្យមានមនសិការស្នេហាជាតិ ហើយកុំគិតតែធ្វើសកម្មភាពបម្រើបរទេស និងធ្វើនយោបាយឱ្យបរទេស ប៉ុន្តែសម្តីនេះ ត្រូវបានអ្នកសារព័ត៌មាន វិទ្យុអាស៊ីសេរី យកទៅកាឡៃទៅជារឿងផ្សេងទៅវិញ។

សូមបញ្ជាក់ផងដែរថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រកាសទាត់ចោលទាំងស្រុងនូវអត្ថបទចុះផ្សាយ និងការធ្វើអត្ថាធិប្បាយបំផ្លើស ក្នុងចេតនាញុះញង់របស់វិទ្យុអាស៊ីសេរីមួយនេះ។ ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបកស្រាយប្រាប់ជូនវិទ្យុអាស៊ីសេរី និងសាធារណមតិជាតិ និងអន្តរជាតិដូចតទៅ៖

១- ការចុះផ្សាយ និងការធ្វើបទអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជាវិជ្ជាជីវៈកាត់តយ៉ាងថោកទាបជាទីបំផុត ដែលមានបំណងធ្វើឱ្យខូចកិត្តិយស និងធ្វើឱ្យសាធារណមតិ មានការភាន់ច្រឡំ។

២- អ្វីដែលអ្នកនាំពាក្យក្រសួងមហាផ្ទៃ បានលើកឡើង គឺដើម្បីប្រៀនប្រដៅអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី ឱ្យមានមនសិការស្នេហាជាតិ និងកុំចេះតែធ្វើការងារបម្រើបរទេស ហើយបំផ្លាញជាតិសាសន៍ខ្លួនឯង។

៣- ការផ្សព្វផ្សាយជាច្រើនលើកច្រំដែលៗរបស់វិទ្យុអាស៊ីសេរី កាន់តែបង្ហាញឱ្យឃើញ រឹតតែ ច្បាស់ថា វិទ្យុអាស៊ីសេរី គឺជាវិទ្យុដែលមានគោលការណ៍មិនអព្យាក្រឹត និងមិនឯករាជ្យ ហើយធ្វើសកម្មភាពក្នុងគោលបំណងធ្វើឱ្យសង្គមជាតិមានការបែកបាក់ និងធ្លាក់ក្នុងភាព វឹកវរ។

៤- ការចុះផ្សាយ និងការអត្ថាធិប្បាយរបស់វិទ្យុអាស៊ីសេរី គឺជារឿងគួរឱ្យអស់សំណើច និង ស្តែងឱ្យឃើញនូវចរិតល្ងង់ខ្លៅរបស់អ្នកសារព័ត៌មានវិទ្យុអាស៊ី ដែលយល់ច្រឡំថា គេហុច ដំបង ខ្លួនយល់ថាគេសំឡុត និង គេឱ្យលាមក ខ្លួនយល់ថាជាផ្កា ទៅវិញ ដែលចរិតបែបនេះ វិទ្យុអាស៊ីសេរីធ្លាប់បានធ្វើរាប់មិនអស់រួចមកហើយ៕