Tuesday, January 21, 2020

សេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី "បច្ចុប្បន្នភាព និងវឌ្ឈនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន"

សេចក្ដីជូនដំណឹងរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលស្ដីពី "បច្ចុប្បន្នភាព និងវឌ្ឈនភាព របស់ក្រសួងសាធារណការ និងដឹកជញ្ជូន" ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។

សូមអានអត្ថបទទាំងស្រុងដូចខាងក្រោម៖




លោក គង់ គាំ រិះគន់មេឧទ្ទាមសម រង្ស៊ី ដែលតែងប្រើគ្រប់វិធីដើម្បីភ្ជាប់ខ្លួនជាមួយជនជាប់ចោទកឹម សុខា

លោក សម រង្ស៊ី ជារឿយៗ បានស្នើឲ្យលោកនាយករដ្ឋ មន្ត្រី ហ៊ុន សែន ប្តឹងលោកពីទោសក្បត់ជាតិឲ្យដូចកឹម សុខានោះ ត្រូវបានលោក គង់ គាំ ដែលជាអតីតទីប្រឹក្សាជាន់ខ្ពស់ របស់អតីតគណបក្សសង្រ្គោះជាតិ (CNRP) បានធ្វើការរិះគន់ថា តើឲ្យប្តឹងយ៉ាងម៉េចបើមានបណ្តឹងម្តងៗ គឺរត់ប្រូចទៅស្រុកគេបាត់។​ គេសង្កេតឃើញថា លោក សម រង្ស៊ី ឲ្យតែមានបណ្តឹងពីសំណាក់មន្រ្តីជាន់ ខ្ពស់ រាជរដ្ឋាភិបាលម្តងណា គឺលោកតែងតែរត់គេចខ្លួនទៅបរទេសដើម្បីគេចពីសំណាញ់ច្បាប់​ប៉ុន្តែក្នុងគោល បំណងទាមទារចំណាប់អារម្មណ៍ពីមហា​ជន ក៏ដូចជាផ្សារភ្ជាប់ខ្លួនជាមួយ លោក កឹម សុខា គឺលោក សម រង្ស៊ី ម្តងជាពីរដង តែងតែស្នើឲ្យលោក ហ៊ុន សែន ប្តឹងខ្លួនក្រោមហេតុពីទោសក្បត់ជាតិ ព្រោះលោកអះអាងថា លោក និងលោក កឹម សុខា ជាមនុស្សតែមួយ។
លោក សម រង្ស៊ី ក្នុងហ្វេសប៊ុក បង្ហាញសារជាញឹកញាប់ក្នុងការទាមទារ ឲ្យមានការកាត់ទោសលោកក្បត់ជាតិ។ សំណេររបស់លោកកាលពីថ្ងៃ១៤ ធ្នូ ចុងឆ្នាំនេះលើក ឡើងថា “កាត់ទោសខ្ញុំផងដែរទៅ ពីបទក្បត់ជាតិ ទន្ទឹមលោក កឹម សុខា ពីព្រោះខ្ញុំបានពាក់ព័ន្ធច្រើនជាង ញឹក ញាប់ជាង ហើយស៊ីជម្រៅជាងលោក កឹម សុខា ក្នុងការ ទាក់ទងជាមួយអង្គការអាមេរិកាំងនានាដើម្បីនាំមកនូវលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ ២០១៣ គឺនៅ ពេលដែលគេដកស្រង់ពាក្យសម្តីលោក កឹម សុខា ជាអនុ ប្រធានគណបក្សសង្គ្រោះជាតិ យកមកធ្វើជាមូលដ្ឋាននៃការចោទប្រកាន់ពីបទក្បត់ជាតិនោះ” ។
នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ លោក គង់ គាំ ដោយ​សារឃើញការបង្ហោះសាររបស់អតីតមេបក្សខ្លួនច្រើនដងពេក បានតបទៅវិញថា “អតីតថ្នាក់ដឹកនាំ និងសកម្មជន​CNRPកំពុងជ្រួលច្របល់ គឺក្រុមត្រាំត្រែងគ្មានកោះត្រើយនៅឯនាយសមុទ្រ មាន សម រង្ស៊ី (ទណ្ឌិត-ឧទ្ទាម) ឲ្យគេប្តឹងពីបទក្បត់ជាតិទៀតយ៉ាងម៉េចបើប្តឹងប្រូចៗ។ ក្រុមត្រឹមត្រូវ (សុំសិទ្ធិបង្កើតគណបក្សនយោបាយថ្មី) និងក្រុមត្រេតត្រត (ត្រៀមសុំសិទ្ធិ)”។
លោកថា ក្នុងនាមជាអតីតទីប្រឹក្សាជាន់ខ្ពស់របស់អតីត​CNRP ដែលជាប់បម្រាមធ្វើនយោបាយ ដោយសាល​ដីកាតុលាការកំពូលកម្ពុជា តែបានសុំសិទ្ធិ និងទទួលបាននីតិសម្បទាធ្វើនយោបាយឡើងវិញ ហើយបច្ចុប្បន្នមានតួនាទីជាប្រធានកិត្តិយស គណបក្សឆន្ទៈខ្មែរនោះ រំលឹកថា កន្លងមកទាំង លោក សម រង្ស៊ី ទាំងលោក កឹម សុខា ព្រមទាំងសកម្មជនអតីតCNRP ទាំងអស់គ្នាសុទ្ធតែបានកំណត់ថា អស់ពីលោកសម រង្ស៊ី និងលោកកឹម សុខា គឺនៅមានសម រង្ស៊ី-កឹម សុខា រាប់សែនលាននាក់ និងថាគណបក្សសង្គ្រោះជាតិ បានរំលាយតែលើក្រដាសទេ គឺមិនអាចរំលាយពីក្នុងបេះដូងរបស់ប្រជាពលរដ្ឋខ្មែរបានឡើយ ។

អ្នកនយោបាយជើងចាស់នេះបន្តថា តាមហេតុផល ដូចបានរំលឹកទាំងអស់គ្នាដែលមានគោលជំហរ និងឧត្តមគតិប្រជាធិបតេយ្យសេរី ពហុបក្ស ចង់បានការផ្លាស់ប្តូរ តាម រយៈការបោះឆ្នោត ជាទៀងទាត់រៀងរាល់ប្រាំឆ្នាំម្តង ពិសេសនៅឆ្នាំ២០២២ និង២០២៣ កុំភ្លេចចូលរួមគាំទ្រ គណបក្សឆន្ទៈខ្មែរ របស់ខ្មែរ មានទឹកចិត្តជាខ្មែរ ខ្មែរបម្រើបំណងខ្មែរ គឺជាប៉ូលនយោបាយថ្មី វប្បធម៌នយោបាយថ្មី រូបសញ្ញាព្រះអាទិត្យថ្មី ជម្រើសថ្មី ផ្លាស់ប្តូរថ្មី ដើម្បីអោយមានពហុបក្សក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្នុងសភាជាថ្មីតទៅកុំបីខាន៕


លោកឧបនាយករដ្ឋមន្រ្ដី ស ខេង ដាក់ចេញអនុសាសន៍ ៨ចំណុច ដើម្បីឲ្យស្ថាប័នពាក់ព័ន្ធអនុវត្តជាបន្ទាន់ សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

លោកឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់ចេញអនុសាសន៍សំខាន់ៗ ចំនួន៨ចំណុច ឲ្យស្ថាប័នពាក់ព័ន្ធ ចំណុះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏ដូចជាអនុគណៈកម្មការពាក់ព័ន្ធ និងជាពិសេសប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោករាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់អនុវត្ត សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
អនុសាសន៍ទាំង៨ចំណុច ដែលលោកឧបនាយករដ្ឋមន្រ្ដី ស ខេង ដាក់ចេញក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ រួមមាន៖
*ទី១៖ ត្រូវពង្រឹងយន្តការនៅថ្នាក់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពដឹកនាំការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយត្រូវកែលម្អផែនការសកម្មភាព របៀបរបបការងារ និងការបែងចែកភារកិច្ចស្របតាម ដែនសមត្ថកិច្ចឲ្យបានច្បាស់លាស់។
ទី២៖ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយអប់រំឲ្យបានទូលំទូលាយ ស៊ីជម្រៅដល់គ្រប់គោលដៅ ទាំងក្នុងអង្គភាពកងកម្លាំងស្ថាប័នរដ្ឋ ឯកជន និងសហគមន៍ ឲ្យបានជ្រួតជ្រាបយល់ដឹងអំពី ច្បាប់ចរាចរណ៍ផ្លូវគោក ចូលរួមគោរព និងអនុវត្តច្បាប់ បង្កើតជាចលនាគោរពច្បាប់ចរាចរណ៍ នៅទូទាំងប្រទេស។ ជាមួយគ្នានេះ នៅតាមគ្រប់អង្គភាពកងកម្លាំង ស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតឲ្យមានបទបញ្ជាផ្ទៃក្នុង ដើម្បីលើកកម្ពស់ស្មារតីអនុវត្តច្បាប់ចរាចរណ៍ និងធ្វើជាគំរូដល់ប្រជាពលរដ្ឋ។
*ទី៣៖ ត្រូវពង្រឹងវិធានការរឹតបន្ដឹងច្បាប់ ចំពោះអ្នកជិះទោចក្រយានយន្ត អ្នកបើកបររថយន្តដឹកជញ្ជូនកម្មករ ដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ជាពិសេសតម្រូវឲ្យពាក់មួកសុវត្ថិភាព តម្រូវឲ្យមានបណ្ណបើកបររថយន្ត ការដឹកជញ្ជូនមិនលើសកម្រិតកំណត់ និងលក្ខខណ្ឌសុវត្ថិភាពផ្សេងៗទៀត។
*ទី៤៖ ត្រូវពង្រឹងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយផ្តោតលើការបន្តកសាង និងជួសជុលផ្លូវស្ពាន ការត្រួតពិនិត្យកែសម្រួលប្រព័ន្ធផ្លូវ និងទិសចរាចរណ៍ ការគ្រប់គ្រងទ្រូងផ្លូវ ចិញ្ចើមផ្លូវ ការបង្កើតចំណតសាធារណៈ និងឯកជន ការបំពាក់កាមេរ៉ា សុវត្ថិភាពចរាចរណ៍តាមគោលដៅអាទិភាព ការបំពាក់ភ្លើង សញ្ញា គំនូសសញ្ញា និងបរិក្ខាសុវត្ថិភាពចរាចរណ៍ឲ្យបានគ្រប់គ្រាន់។
ថ្នាក់រាជធានី-ខេត្ត ត្រូវបង្កើតបណ្តាញស្ម័គ្រចិត្តជំនួយដល់សមត្ថកិច្ច ក្នុងការរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍ នៅតាមតំបន់ទីប្រជុំជន សាលារៀន ចំណត។ល។ ចាប់ពីឆ្នាំនេះតទៅ យើងនឹងទទួលរៀបចំព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើន ដែលទាមទារឲ្យមានការរៀបរយសណ្តាប់ធ្នាប់ចរាចរណ៍ និងមានការចូលរួមគោរពច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប សំដៅបង្ហាញនូវវប្បធម៌ប្រពៃណីថ្លៃថ្នូរ សាងកិត្យានុភាពខ្ពង់ខ្ពស់ ដល់ជាតិរបស់យើង។
*ទី៥៖ ត្រូវជំរុញការងារប្រឡងប្រណាំង «តំបន់ពិសេស នៃសុវត្ថិភាពចរាចរណ៍ផ្លូវគោក» ដោយយកក្រុង ស្រុក ខណ្ឌ មួយធ្វើជាគោលដៅប្រឡងប្រណាំងគំរូ ក្នុងការដកស្រង់បទពិសោធន៍ ដើម្បីឈានទៅអនុវត្តបន្តនៅក្រុង ស្រុក ខណ្ឌ ផ្សេងទៀតនាឆ្នាំខាងមុខ។
*ទី៦៖ បន្តលើកកម្ពស់សមត្ថភាព និងគុណភាពរបស់កងកម្លាំងអនុវត្តច្បាប់ តាមរយៈការបណ្តុះបណ្តាល បំប៉នច្បាប់ ជំនាញឯកទេស ព្រមទាំងធ្វើការសិក្សា ផ្លាស់ប្តូរបទពិសោធន៍ ជាមួយបណ្តាប្រទេសនានា និងបំពាក់បន្ថែមនូវមធ្យោបាយ ឧបករណ៍ សម្ភារបម្រើឲ្យប្រតិបត្តិការ។ ជាមួយគ្នានេះ ត្រូវអប់រំកែលម្អអំពី អាកប្បកិរិយា សីលធម៌ វិន័យ ឲ្យបានល្អប្រសើរ ដើម្បីក្លាយជាប្រតិបត្តិករប្រកបដោយគុណធម៌ និងមនសិកាវិជ្ជាជីវៈ។
*ទី៧៖ ត្រូវជំរុញការសិក្សាស្រាវជ្រាវក្នុងប្រទេស និងពីបរទេសអំពីបទពិសោធន៍ល្អៗ នៃការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីផ្តើមស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង និងធានាអនុវត្តមានប្រសិទ្ធភាព។ ជាមួយនេះ ត្រូវជំរុញការអនុវត្តច្បាប់ដែលពាក់ព័ន្ធ ឲ្យបានម៉ឺងម៉ាត់ ដើម្បីគាំទ្រដល់ប្រសិទ្ធភាពអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
*ទី៨៖ អនុគណៈកម្មការទី១ អនុគណៈកម្មការទី២ អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក រាជធានី ខេត្ត អគ្គលេខាធិការដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវកសាងផែនការសកម្មភាពលម្អិត ចាត់អនុវត្តផែនការ និងទិសដៅរបស់ គ.ស.ច.គ ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ជាមួយនឹងការអប់រំផ្សព្វផ្សាយរំលឹកជាប្រចាំដល់មន្ត្រី បុគ្គលិកនិយោជិតឲ្យគោរពចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ ៕





ពីអតីតកាលអន្លង់វែងជាគឺជាតំបន់តស៊ូចុងក្រោយរបស់ពួកខ្មែរក្រហម តែបច្ចុប្បន្នទៅជាទីកន្លែងអភិវឌ្ឍ និងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង

ឧត្តរមានជ័យ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមរដ្ឋបាលខេត្ត និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង លើកទី២ ឆ្នាំ២០២០ និងការធ្វើសន្និសិទសារព័ត៌មានរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋបាលសាលាខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅសាលប្រជុំធំសាលាស្រុកអន្លង់វែង។
ជាមួយគ្នានេះក៏មានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធាននាយកដ្ឋានកីឡាទេសចរណ៍ អភិបាល -អភិបាលរងស្រុកអន្លង់វែង ប្រធានមន្ទីរទេសចរណ៍ អនុប្រធានមន្ទីរបរិស្ថាន តំណាងមន្ទីរអប់រំយុវជន និងកីឡា មន្ទីរសុខាភិបាល កងកម្លាំងទាំងបីប្រភេទ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង អ្នកពាក់ព័ន្ធនានា និងភាគីខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ។
ទន្ទឹមនេះ លោកអភិបាលរងខេត្ត បានរំលឹកដែរថា ស្រុកអន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ពួកខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់ជានិមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការអភិវឌ្ឍសង្គមជាតិរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឆ្នាំ២០២០នេះ ជាលើកទី២ ដែលស្រុកអន្លង់វែងបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះឡើង ដែលក្នុងព្រឹត្តិការណ៍លើកទី១ កន្លងទៅទទួលបានអ្នកចូលរួមចំនួនជាង១,៤០០នាក់ លើសពីការរំពឹងទុក ក្នុងនោះអ្នករត់ចម្ងាយ៣គីឡូម៉ែត្រប្រមាណជាង ១,៣០០នាក់ និងអ្នកដើរចម្ងាយ៦គីឡូម៉ែត្រប្រមាណជាង៦០០នាក់ ពិសេសក៏មានការចូលរួមពីប្រជាពលរដ្ឋថៃជិត២០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ថែរក្សាសណ្តាប់ធ្នាប់សម្អាត អនាម័យបរិស្ថានឱ្យបានស្អាតល្អទាំងមុន និងក្រោយចប់ព្រឹត្តការណ៍នេះ។ ជាពិសេសម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាម្ហូបអាហារ មិនត្រូវយកឱកាសនេះ ធ្វើការតំឡើងថ្លៃនោះទេ។ ម្យ៉ាងទៀតត្រូវមាន នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទុកដាក់វេចខ្ចប់សំរាម កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ៕



ក្រសួងធនធានទឹក៖ តំបន់មួយចំនួននឹងចុះត្រជាក់ ក្នុងរយ:ពេល១សប្តាហ៍នេះ

តំបន់មួយចំនួននឹងចុះត្រជាក់ ក្នុងរយ:ពេល១សប្តាហ៍នេះ ចាប់ពីថ្ងៃទី២១ ដល់២៨ ខែមករា ឆ្នាំ២០២០។ នេះបើតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម។
ក្រសួងធនធានទឹកបញ្ជាក់ថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា៖ ឥទ្ធិពលជ្រលងសម្ពាធខ្ពស់ និងខ្យល់មូសុងឦសានខ្សោយ គ្របដណ្តប់លើកម្ពុជា។
ស្ថានភាពបែបនេះ ធ្វើឲ្យ ចាប់ពីថ្ងៃទី ២១-២៧ ខែមករា៖
១៖ តំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
– សីតុណ្ហភាពអប្បបរមា មានពី ១៩-២២ °C – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១°C ។
២៖ តំបន់វាលទំនាបកណ្តាល
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
– សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤°C ។
៣៖ តំបន់មាត់សមុទ្រ
– សីតុណ្ហភាពអប្បបរមា មានពី ២២-២៤°C
– សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣°C។
ទន្ទឹមនោះ នៅបណ្តាខេត្តមាត់សមុទ្រអាចមានភ្លៀងក្នុងកម្រិតតិចតួច ៕

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដ

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ អញ្ជើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅបន្ដឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅទីស្ដីការក្រសួងមហាផ្ទៃ ដែលមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិជាច្រើនរូបទៀត។ ពិធីនេះក៏មានការប្រគល់ប័ណ្ណសរសើរដល់ក្រសួង ស្ថាប័ន និងអង្គភាពសារព័ត៌មាន ដែលបានចូលរួមផ្សព្វផ្សាយសកម្មភាពផ្សេងៗ ដែលពាក់ព័ន្ធនឹងចរាចរណ៍នេះផងដែរ។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៩ អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ មានចំនួន១,៩៨១នាក់ ដែលចំនួននេះមានការកើនលើសពីឆ្នាំ២០១៨ ចំនួន២២០នាក់។ ចំណែកអ្នករងរបួសមាន ចំនួន៦,១៤១នាក់ កើនជាងឆ្នាំ២០១៨ ចំនួន១,៣៧១នាក់។
ដោយសារចរាចរណ៍មានភាពមមាញឹកខ្លាំង កំណើនយានយន្ត មានការកើនដល់ ៣៧ភាគរយ ដែលក្នុងនោះការអភិវឌ្ឍប្រទេស និងសេដ្ឋកិច្ចមានការរីកចម្រើន ហេតុដូច្នេះទើបធ្វើឲ្យមានការកើនឡើង អត្រាគ្រោះថ្នាក់ចរាចរណ៍២៦ភាគរយ និងចំនួនអ្នកស្លាប់ មានការកើនឡើងចំនួ២២០នាក់ ស្មើនិង១២ភាគរយ និងចំនួនអ្នករបួសកើនឡើង២៩ភាគរយ បើប្រៀបធៀបជាមួយ ឆ្នាំ២០១៨។
កត្តាដែលនាំឲ្យមានការកើនឡើង នៃចំនួនគ្រោះថ្នាក់ចរាចរណ៍ទី១៖ ដោយសារកត្តាសត្យានុម័ត ចរាចរណ៍មានភាពមមាញឹក និងទី២៖ ការយល់ដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត ដែលក្នុងនោះរួមមាន ការបើកបរលើសល្បឿនកំណត់, ការមិនគោរពសិទ្ធិអាទិភាព, បញ្ហាវ៉ាជែង, បត់ខ្វះការប្រុងប្រយ័ត្ន និងបញ្ហាបើកបរពេលស្រវឹងផងដែរ ៕