Tuesday, January 21, 2020

ពីអតីតកាលអន្លង់វែងជាគឺជាតំបន់តស៊ូចុងក្រោយរបស់ពួកខ្មែរក្រហម តែបច្ចុប្បន្នទៅជាទីកន្លែងអភិវឌ្ឍ និងរៀបចំព្រឹត្តិការណ៍រត់ប្រណាំង

ឧត្តរមានជ័យ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ក្នុងនាមរដ្ឋបាលខេត្ត និងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមជាគណៈអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារត្រៀមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងអន្លង់វែង លើកទី២ ឆ្នាំ២០២០ និងការធ្វើសន្និសិទសារព័ត៌មានរៀបចំដោយក្រសួងទេសចរណ៍ រដ្ឋបាលសាលាខេត្តឧត្តរមានជ័យ សាលាស្រុកអន្លង់វែង និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង នៅសាលប្រជុំធំសាលាស្រុកអន្លង់វែង។
ជាមួយគ្នានេះក៏មានការចូលរួមពីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ ប្រធាននាយកដ្ឋានកីឡាទេសចរណ៍ អភិបាល -អភិបាលរងស្រុកអន្លង់វែង ប្រធានមន្ទីរទេសចរណ៍ អនុប្រធានមន្ទីរបរិស្ថាន តំណាងមន្ទីរអប់រំយុវជន និងកីឡា មន្ទីរសុខាភិបាល កងកម្លាំងទាំងបីប្រភេទ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង អ្នកពាក់ព័ន្ធនានា និងភាគីខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ។
ទន្ទឹមនេះ លោកអភិបាលរងខេត្ត បានរំលឹកដែរថា ស្រុកអន្លង់វែងគឺជាតំបន់តស៊ូចុងក្រោយរបស់ពួកខ្មែរក្រហម ប៉ុន្តែតំបន់នេះក៏ជាចំណុចរបត់ជានិមិត្តរូបមួយ នៃការងើបចេញពីអតីតកាលដ៏សោកសង្រេងរបស់កម្ពុជាដែរ។ បន្ទាប់ពីការធ្វើសមាហរណកម្មចុងក្រោយនៅស្រុកអន្លង់វែង នៅក្នុងឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះឈ្នះរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កម្ពុជាទទួលបាននូវសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងមានការអភិវឌ្ឍសង្គមជាតិរីកចម្រើនលើគ្រប់វិស័យ។
នៅក្នុងឆ្នាំ២០២០នេះ ជាលើកទី២ ដែលស្រុកអន្លង់វែងបានរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនេះឡើង ដែលក្នុងព្រឹត្តិការណ៍លើកទី១ កន្លងទៅទទួលបានអ្នកចូលរួមចំនួនជាង១,៤០០នាក់ លើសពីការរំពឹងទុក ក្នុងនោះអ្នករត់ចម្ងាយ៣គីឡូម៉ែត្រប្រមាណជាង ១,៣០០នាក់ និងអ្នកដើរចម្ងាយ៦គីឡូម៉ែត្រប្រមាណជាង៦០០នាក់ ពិសេសក៏មានការចូលរួមពីប្រជាពលរដ្ឋថៃជិត២០០នាក់។
ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានជម្រុញឱ្យអាជ្ញាធរស្រុក កងកម្លាំង និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវចូលរួមសហការ ថែរក្សាសណ្តាប់ធ្នាប់សម្អាត អនាម័យបរិស្ថានឱ្យបានស្អាតល្អទាំងមុន និងក្រោយចប់ព្រឹត្តការណ៍នេះ។ ជាពិសេសម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ផ្ទះស្នាក់ ភោជនីយដ្ឋាន អាហារដ្ឋាន សេវាម្ហូបអាហារ មិនត្រូវយកឱកាសនេះ ធ្វើការតំឡើងថ្លៃនោះទេ។ ម្យ៉ាងទៀតត្រូវមាន នូវស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទុកដាក់វេចខ្ចប់សំរាម កាកសំណល់ផ្សេងៗឱ្យបានត្រឹមត្រូវ៕



No comments:

Post a Comment