Tuesday, July 19, 2022

ក្រសួងការងារនឹងចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត នៅតាមរោងចក្រ សហគ្រាស

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចុះធ្វើជំរឿន និងផ្ទៀងផ្ទាត់ទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត និងបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ 

ជាមួយគ្នានេះដែរ ក្រសួងការងារ បានក្រើនរំឮក ដល់ម្ចាស់រោងចក្រសហគ្រាស ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត និងមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី ខេត្ត និងណែនាំកម្មករនិយោជិតឱ្យទៅចាក់វ៉ាក់សាំងដូសជំរុញ ព្រមទាំងត្រូវបំពេញព័ត៌មាននៃការចាក់វ៉ាក់សាំង ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមពាក់ព័ន្ធវិស័យការងារតាមរយៈគេហទំព័រ https://lacms.mlvt.gov.kh (https://lacms.mlvt.gov.kh/)។

ទន្ទឹមនឹងនេះ ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានរោងចក្រ សហគ្រាស ចំនួនកម្មករនិយោជិតតាមរយៈគេហទំព័រខាងលើ និងរៀបចំបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាសឱ្យបានត្រឹមត្រូវ។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់ ឬនាយក រោងចក្រ សហគ្រាស អាចសាកសួរព័ត៌មានក្នុងក្រុម «សម្រាប់និយោជក» តាមរយៈតេឡេក្រាម https://t.me/EmployerChat។

អធិការការងារនឹងចុះត្រួតពិនិត្យទិន្នន័យចាក់វ៉ាក់សាំងរបស់កម្មករនិយោជិត បច្ចុប្បន្ន ភាពព័ត៌មានរោងចក្រ សហគ្រាស និងចំនួនកម្មករនិយោជិត ព្រមទាំងការបង្កើតក្រុមការងារសុវត្ថិភាព និងសុខភាពការងារប្រចាំរោងចក្រ សហគ្រាស។ ក្នុងករណីម្ចាស់ ឬនាយករោងចក្រ សហគ្រាសមិនបានអនុវត្តតាមខ្លឹមសារនៃសេចក្ដីជូនដំណឹងនេះ ត្រូវចាត់ទុកថាល្មើសនឹងមាត្រា ៣៨២ នៃច្បាប់ស្តីពីការងារ ដែលត្រូវទទួលរងការពិន័យ និងចាត់វិធានការតាមផ្លូវច្បាប់ពីអធិការការងារ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយករោងចក្រ សហគ្រាសទាំងអស់អនុវត្តបានត្រឹមត្រូវតាមសេចក្តីជូនដំណឹងនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕



សេចក្ដីប្រកាសព័ត៌មាន លើលទ្ធផលនៃសន្និសីទសារព័ត៌មានស្ដីពី "សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ"

ក្រសួងការងារ៖ អតីតបុគ្គលិកណាហ្គាវើលដ៍ ៥នាក់បន្ថែមទៀត ព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុន

(ភ្នំពេញ)៖ ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ មានអតីតបុគ្គលិកណាហ្គាវើលដ៍ ចំនួន ៥រូបបន្ថែមទៀត ក្នុងចំណោមអតីតបុគ្គលិកដែលមិនទាន់ឯកភាពទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យា បានមកទទួលយកដំណោះស្រាយតាមរយៈការធ្វើលិខិតព្រមព្រៀងទទួលយកប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារពីក្រុមហ៊ុនរួចហើយ។



តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការងារ បានឱ្យដឹងថា គិតមកដល់ថ្ងៃនេះ មានអតីតបុគ្គលិកសរុបចំនួន ២១៥រូប ក្នុងចំណោម ៣៧៣រូប បានយល់ព្រមទទួលយកការទូទាត់នូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយក្រុមហ៊ុន ដែលធ្វើឱ្យចំនួនអតីតបុគ្គលិកដែលមិនព្រមទទួលយកសំណងនៅសល់ត្រឹម ១៥៨រូប។

ការិយាល័យអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា នាពេលកន្លងមក មានបងប្អូនអតីតបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ មួយចំនួន បានគោរពស្នើសុំ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យជួយអន្តរាគមន៍ ក្រុមហ៊ុនផ្តល់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារស្របតាមច្បាប់ស្តីពីការងារ ចំពោះបងប្អូនអតីតបុគ្គលិកដែលត្រូវបានបញ្ឈប់ពីការងាររួម និងស្វែងរកឱកាសការងារថ្មី ដើម្បីទទួលបានប្រាក់ចំណូលទៀងទាត់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។

នាពេលកន្លងមក មន្ត្រីជំនាញរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើការពិនិត្យផ្ទៀងផ្ទាត់ការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារជាមួយតំណាងក្រុមហ៊ុន ហើយពិនិត្យឃើញថា ការទូទាត់ចំនួន ៤ចំណុច គឺបានត្រឹមត្រូវស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការបញ្ឈប់ពីការងាររួម។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងត្រៀមខ្លួនដើម្បីជួយសម្របសម្រួលពាក់ព័ន្ធនឹងការជួយស្វែងរកឱកាសការងារថ្មីសម្រាប់បងប្អូនអតីតបុគ្គលិកផងដែរ៕



វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិក អាចជួយអ៊ុយក្រែនបានយូរប៉ុនណា?


(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថានឹងបន្តផ្ដល់ការគាំទ្រដល់អ៊ុយក្រែន «ដរាបណាអ៊ុយក្រែនត្រូវការ»។ ដោយគ្រាន់តែគិតពី ជំនួយយោធាតែមួយមុខ រដ្ឋបាលលោក បៃដិនបានផ្ដល់ជំនួយដល់ទៅជាង ៨ពាន់លានដុល្លារមកទល់នឹងពេលនេះ ហើយកាលពីខែឧសភាកន្លងទៅ សភាទាំង២ របស់សហរដ្ឋអាមេរិក ក៏បានអនុម័តផងដែរនូវកញ្ចប់ជំនួយ ៤០ពាន់លានដុល្លារដែលជាកញ្ចប់ថវិកាមានទំហំធំជាងការស្នើសុំរបស់លោក បៃដិន និងច្រើនជាង កញ្ចប់ថវិកាយោធាប្រចាំឆ្នាំរបស់បណ្ដាប្រទេសនៅអឺរ៉ុបទៅទៀត ដើម្បីជួយអ៊ុយក្រែន និងដោះស្រាយផលវិបាកជាសកលបង្កឡើងដោយសង្រ្គាម។


ក៏ប៉ុន្តែ ខណៈសង្រ្គាមនៅអ៊ុយក្រែនបានឈានចូលជិតដល់ខែទី៦ ជាមួយការរំពឹងថាសង្រ្គាមនេះនឹងបន្តអូសបន្លាយពេលយូរតទៅមុខទៀត សម្ព័ន្ធមិត្តជិតស្និទ្ធ របស់លោក ចូ បៃដិន បាននាំគ្នាចោទសួរថាតើសហរដ្ឋអាមេរិកអាចនឹងហត់នឿយ ឬក៏អាចនឹងបន្តជួយអ៊ុយក្រែនដល់ពេលណា នៅក្នុងបរិបទដែលសូម្បីតែ ប្រជាប្រិយភាពរបស់លោក បៃដិន ខ្លួនឯងក៏កំពុងដាំក្បាលចុះក្រោមផងដែរ។ លោក បៃដិនកំពុងប្រឈមមុខនឹងបញ្ហាក្រពុលមុខជាច្រើនដូចជា អតិផរណា និងការឡើងថ្លៃប្រេងឥន្ធនៈដែលបាន និងកំពុងបង្កផលប៉ះពាល់ដល់ «អំណាចទិញ» របស់ប្រជាជនអាមេរិក រីឯគណបក្សសាធារណរដ្ឋត្រូវបានគេថាអាចនឹង ដណ្ដើមបានអាសនៈភាគច្រើននៅក្នុងការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២២ ឬក៏អាចត្រឡប់ទៅគ្រប់សភាតំណាងរាស្ត្រ រួមទាំងព្រឹទ្ធសភា សាជាថ្មីក៏ថាបាន។


លោក គ្រីស ខូន (Chris Coons) ជាសមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សប្រជាធិបតេយ្យ និងជាមិត្តជិតស្និទ្ធម្នាក់របស់លោក បៃដិន ដែលមានពេលខ្លះគេ ហៅរូបលោកថា «រដ្ឋមន្ត្រីការបរទេសស្រមោល» របស់លោក បៃដិន ធ្លាប់បានលើកឡើងពីការព្រួយបារម្ភពីការប្ដេជ្ញាចិត្តនៃប្រជាជនអាមេរិក និងរដ្ឋបាលលោក បៃដិន ចំពោះអ៊ុយក្រែន។ ថ្លែងប្រាប់កាសែត The Economist កាលពីមិថុនាកន្លងទៅ លោក គ្រីស ខូន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំពិតជាមានការព្រួយបារម្ភពី ការប្ដេជ្ញាចិត្តរបស់ប្រជាជនអាមេរិក និងមេដឹកនាំរបស់ពួកគេ ក្នុងការបន្តផ្ដល់ការគាំទ្រ ដារាបណាសង្រ្គាមនៅតែអូសបន្លាយ។ ពីព្រោះថាមេដឹកនាំរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងរង់ចាំមើលលោកខាងលិចហត់នឿយ»។


ជាការពិតណាស់ ជំនួយដែលសហរដ្ឋអាមេរិកផ្ដល់ឱ្យអ៊ុយក្រែន គឺមានរយៈពេលរហូតដល់ដំណាច់ឆ្នាំសារពើពន្ធនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២។ ប៉ុន្តែ គ្មាន នរណាម្នាក់ដឹងថាតើលុយទាំងនោះនឹងត្រូវចាយអស់នៅពេលណានោះទេ។ មិនតែប៉ុណ្ណោះ មានមនុស្សតិចតួចណាស់ នៅក្នុងសភាអាមេរិកទាំង២ដែលជឿជាក់ ថានឹងមានកញ្ចប់ថវិកាដ៏ធំថ្មីមួយទៀតសម្រាប់អ៊ុយក្រែន ត្រូវបានអនុម័តនៅមុនការបោះឆ្នោតពាក់កណ្ដាលអាណត្តិ ហើយមនុស្សភាគច្រើនជឿថាការអនុម័ត កញ្ចប់ថវិកានៅពេលខាងមុខអាចនឹងមានផលលំបាកច្រើន។


ម្យ៉ាងវិញទៀត នៅចំពោះមុខការបាក់បែកនយោបាយកាន់តែជ្រៅរវាងក្រុមអ្នកសាធារណរដ្ឋ និងប្រជាធិបតេយ្យ វាប្រហែលជាមិនមែនជារឿងភ្ញាក់ផ្អើលអ្វីទេដែល ក្រុមអ្នកសាធារណរដ្ឋអាចនឹងនាំគ្នាចោទសួរ ឬប្រឆាំងនឹង «សង្រ្គាមប្រូកស៊ី» របស់រដ្ឋបាលប្រធានាធិបតីរបស់លោក ចូ បៃដិននៅអ៊ុយក្រែន។ តួយ៉ាង ការស្ទង់មតិ មួយធ្វើឡើងដោយសាកលវិទ្យាល័យ University of Maryland បានរកឃើញថាគម្លាតនៃការគំាទ្រចំពោះអ៊ុយក្រែនរវាងអ្នកប្រជាធិបតេយ្យ និងសាធារណរដ្ឋ មានទំហំធំ ហើយការគាំទ្ររបស់ប្រជាជនអាមេរិកចំពោះអ៊ុយក្រែនប្រយុទ្ធប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី ក៏បានថយចុះដែរ បើធៀបទៅនឹងកាលពី ខែមីនាកន្លងទៅ។


បើតាមការស្ទង់មតិនេះដដែល នៅក្នុងចំណោមអ្នកប្រជាធិបតេយ្យ មាន ៧៨ភាគរយ យល់ព្រមទទួលយកការឡើងថ្លៃប្រេងឥន្ធនៈ និង ៧២ភាគរយថានឹងអត់ធ្មត់ ទៅនឹងអតិផរណា ដើម្បីជួយអ៊ុយក្រែន។ ចំណែកឯ នៅក្នុងចំណោមអ្នកសាធារណរដ្ឋវិញ មានតែ ៤៤ភាគរយ និង៣៩ភាគរយប៉ុណ្ណោះដែលគិតដូចគ្នានេះ។

ក្រុមមន្ត្រីអាមេរិកបានឱ្យដឹងថាមានកត្តាចំនួន៣ ដែលទំនងជានឹងជះឥទ្ធិពលលើការគាំទ្រដល់អ៊ុយក្រែន។ កត្តាទី១ នោះគឺភាពស្មុគស្មាញរបស់សភាអាមេរិកទាំង២ នៅក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ។ ប្រសិនបើគណបក្សសាធារណរដ្ឋអាចនឹងគ្រប់គ្រងសភាណាមួយ ឬក៏គ្រប់គ្រងទាំងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភា នោះថាតើក្រុមមួយណានៅក្នុងគណបក្សមួយនេះដែលនឹងមានអំណាចធំនៅក្នុងដៃ? ពោលគឺថាតើអំណាចនឹងស្ថិតនៅក្នុងដៃមនុស្សដូចជាលោក មីត ម៉ាកខុនណែល (Mitch McConnell) ជាប្រធានព្រឹទ្ធសភាសំឡេងភាគតិច ដែលបានបំពេញទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ដើម្បីបង្ហាញការគាំទ្រដល់លោក ហ្សេលេនស្គី? ឬក៏ក្រុមមនុស្សដែលស្មោះស័្មគ្រជាមួយលោក ដូណាល់ ត្រាំ និងនយោបាយ «ធ្វើឱ្យអាមេរិកអស្ចារ្យម្ដងទៀត» របស់លោក?


លោក ដូណាល់ ត្រាំ នៅតែមានអំណាចខ្លាំងនៅក្នុងបក្សសាធារណរដ្ឋ ហើយលោកធ្លាប់បានថ្កោលទោសកញ្ចប់ថវិកាជំនួយ ៤០ពាន់លានដុល្លាររបស់អាមេរិក សម្រាប់អ៊ុយក្រែន ដោយគូសបញ្ជាក់ដូច្នេះថា «ក្រុមអ្នកប្រជាធិបតេយ្យបានបញ្ជូនកញ្ចប់ជំនួយ ៤០ពាន់លានដុល្លារបន្ថែមទៀតទៅឱ្យអ៊ុយក្រែន ខណៈប្រជាជន អាមេរិកជាឪពុកម្ដាយ កំពុងតស៊ូចិញ្ចឹមកូនៗរបស់ខ្លួនទាំងលំបាក»។


កត្តា២ គឺថាតើសម្ព័ន្ធមិត្តអាមេរិកណាខ្លះ ជាពិសេសនៅក្នុងតំបន់អឺរ៉ុបដែលមានឆន្ទៈចង់បន្តជួយអ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី។ បណ្ដាប្រទេសអឺរ៉ុបមួយចំនួនដែលមាន ព្រំដែនជាប់ជាមួយរុស្ស៉ី សុទ្ធតែបារម្ភពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ថាមពលទាំងស្រុងពីរុស្ស៉ី លំហូរជនអន្តោប្រវេសន៍ និងការគំរាមកំហែងដោយយោធារបស់រុស្ស៉ី ដ្បិត ពួកគេនឹងងាយរងគ្រោះបំផុត បើជម្លោះរាលដាលកាន់តែធំ។ បានន័យថាទោះជាពួកគេចង់ជួយអ៊ុយក្រែន តែក៏ត្រូវគិតគូពីសុវត្ថិភាពប្រជាជន និងផលប្រយោជន៍ ជាតិរបស់ពួកគេដែរ។


ចំណែកឯ កត្តាទី៣ ដែលជាកត្តាធំបំផុត នោះគឺស្ថានការណ៍ជាក់ស្ដែងនៅឯសមរភូមិ។ ប្រសិនបើលោក ចូ បៃដិនអាចបង្ហាញសម្ព័ន្ធមិត្តថាអ៊ុយក្រែនកំពុងឈ្នះនៅ ក្នុងសង្រ្គាម ជាជាងជាប់ផុងនៅក្នុងសង្រ្គាមរុំារ៉ៃ នោះច្បាស់ណាស់ ការស្វែងរកការគាំទ្រពីសម្ព័ន្ធមិត្តគឺជារឿងងាយស្រួល។ ប៉ុន្តែ សង្រ្គាមអ៊ុយក្រែនសព្វថ្ងៃ បាន និងកំពុងវិវត្តន៍ទៅរកសង្រ្គាមរុំារ៉ៃទៅហើយ។ អ៊ុយក្រែនបានទទួលជោគជ័យ ក្នុងប្រើប្រាស់ប្រព័ន្ធមីស៊ីល HIMARS ដើម្បីវាយប្រហារលើទីបញ្ជាការ និងមូលដ្ឋាន ជាច្រើនរបស់កងទ័ពរុស្ស៉ីនៅឯសមរភូមិមុខ។ តែទោះជាយ៉ាងនេះក្ដី កងទ័ពអ៊ុយក្រែននៅតែជួបបញ្ហាប្រឈម ដោយចាញ់ប្រៀបរុស្ស៉ីខាងសព្វាវុធ ហើយលើសពីនេះទៅទៀត គោលដៅរបស់លោក ចូ បៃដិន នៅក្នុងសង្រ្គាមអ៊ុយក្រែនមិនមានភាពច្បាស់លាស់ទេ។ រដ្ឋបាលរបស់លោកបានឈប់និយាយពីការ ជួយឱ្យអ៊ុយក្រែន យកឈ្នះលើរុស្ស៉ី ហើយបែរជានាំគា្នត្រឡប់មកនិយាយថាធ្វើយ៉ាងណាដើម្បីកុំឱ្យអ៊ុយក្រែនបរាជ័យទៅវិញ។


គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនប្រព័ន្ធមីស៊ីល HIMARS និងអាវុធជាច្រើនទៅឱ្យអ៊ុយក្រែន តែគោលបំណងធំមួយទៀតរបស់លោក បៃដិនផ្ទាល់នោះគឺ បញ្ចៀសសង្រ្គាមដោយផ្ទាល់រវាងរុស្ស៉ី និងណាតូ (NATO) ជាមួយការដាក់លក្ខខណ្ឌកុំឱ្យកងទ័ពអ៊ុយក្រែន ប្រើប្រាស់អាវុធអាមេរិកដើម្បីវាយប្រហារចូលជ្រៅទៅ ក្នុងទឹកដីរុស្ស៉ី ហើយមកទល់នឹងពេលនេះរដ្ឋបាលលោក បៃដិន នៅតែបន្តបដិសេធបញ្ជូនប្រព័ន្ធមីស៊ីល ATACMS ដែលអាចបាញ់បានចម្ងាយ ៣០០គីឡូម៉ែត តាមការស្នើសុំរបស់អ៊ុយក្រែនឡើយ។


មានអ្នកខ្លះនិយាយថាសង្រ្គាមសព្វថ្ងៃ បានដើរដល់ដំណាក់កាល «គ្មានអ្នកឈ្នះ គ្មានអ្នកចាញ់» ហើយរដ្ឋបាលលោក បៃដិនគួរតែបង្កើនល្បឿនស្វែងរក ដំណោះស្រាយការទូត បញ្ចប់សង្រ្គាមឱ្យបានឆាប់។ តែសម្រាប់អ្នកគាំទ្រអ៊ុយក្រែនវិញ ពួកគេចង់ឱ្យលោក បៃដិនបង្កើនការបញ្ជូនឱ្យអាវុធឱ្យអ៊ុយក្រែន ហើយត្រូវ ហ៊ានប្រឈមមុខនឹងហានិភ័យដែលអាចនឹងកើតឡើង៕ ដោយៈ Fresh News