Tuesday, November 19, 2019

សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីជប់លៀងផ្លូវការជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលពិធីជប់លៀងផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាស់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មានជាតិ អន្តរជាតិ អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។
ថ្លែងនៅពិធីជប់លៀងផ្លូវការនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវសេចក្តីរីករាយដែលបានមកចូលរួមនៅក្នុងពិធីជប់លៀងជាផ្លូវការជូនគណៈប្រតិភូ នៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០០៩ ដែលប្រារព្ធឡើងយ៉ាងអធិកអធមនាពេលនេះ។
សម្តេចតេជោក៏បានថ្លែងអំណរគុណភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះបញ្ចាំងនូវចំណងមិត្តភាព សាមគ្គីភាពរវាងបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសគឺការពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិភាក្សារួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខសន្តិភាព និងវិបុល
ភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងពិភពលោក។
សម្តេចជោ នាយករដ្ឋមន្ត្រីបាមមានប្រសាសន៍បន្តទៀតថា ការជួបជុំទទួលទានអាហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយដែលប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់តែជិតស្និទ្ធ ជាពិសេសគឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគាំទ្រគ្នាទៅវិញទៅមក រួមគ្នាថែរក្សានូវគុណតម្លៃសកល និងសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក ដោយប្រកាន់ភ្ជាប់នូវការគោរព និងការយោគយល់គ្នា ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកទាំងបច្ចុប្បន្ន និងទៅអនាគត៕

















ទស្សនៈមិត្តអ្នកអាន៖ កម្ពុជា ដាច់ខាតមិនយកអធិបតេយ្យជាតិ ទៅដោះដូរជាមួយជំនួយ

ស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា នារយៈពេលចុងក្រោយនេះ បានបង្ហាញពីការវិវត្តគួរឲ្យកត់សម្គាល់។ ព្រឹត្តិការណ៍ ៩វិច្ឆិកា ដែលទណ្ឌិត សម រង្ស៊ី និងគូកន បានប្រកូកប្រកាសកៀរគរកម្លាំងទាំងក្នុង និងក្រៅប្រទេសដើម្បីធ្វើរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាល និងផ្លាស់ប្តូររបបនៅកម្ពុជា បានបរាជ័យទាំង​ស្រុង​ដ៏គួរឲ្យ​អា​​ម៉ាស់ជាទីបំផុតក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេសកម្ពុជា ជាពិសេសក្នុងរយៈពេលជាង ២០ឆ្នាំ ចុង​ក្រោ​យនេះ ក្រោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញ និងអនុវត្តដោយជោគ​ជ័យ​នយោ​បា​យ​ឈ្នះ​ឈ្នះដែលធ្វើឲ្យប្រទេសកម្ពុជាទាំងមូលទទួលបានសុខសន្តិភាពពេញលេញតាំងពី​ឆ្នាំ១៩៩៨មក​។
ត្បិតថា ព្រឹត្តិការណ៍ ៩វិច្ឆិកា ត្រូវបានទណ្ឌិត សម រង្ស៊ី កំណត់ថា ជាទឹកចុងក្រោយ និងជាវគ្គផ្តាច់ព្រ័ត្រក្នុង​ការផ្តួល​រំលំរដ្ឋាភិបាល បង្ខំឲ្យព្រះមហាក្សត្រដាក់រាជ្យ និងចុងក្រោយប្រែក្លាយកម្ពុជាពីរបបរាជានិយមទៅ​ជារបបសា​ធា​រណ​រដ្ឋក៏ពិតមែន តែ ៩វិច្ឆិកា គឺជាព្រឹត្តិការណ៍ប្រហារជីវិតនយោបាយរបស់ សម រង្ស៊ី និងគូកន ឲ្យវិនាសអន្តរាយ​ពីកម្ពុជាទៅវិញទេ។ គេអាចនិយាយបានថា ទណ្ឌិត សម រង្ស៊ី ធ្លាក់ក្នុង​អន្ទាក់ខ្លួនឯងសម្លាប់​ជីវិត​នយោ​បាយ​​របស់​ខ្លួន​ទាំង​ស្រុង ឬ ៩វិច្ឆិកា ជាថ្ងៃអន្សាររបស់ទណ្ឌិត​រត់ចោលគុករូបនេះ។
ស្របពេលដែលទណ្ឌិត សម រង្ស៊ី បានបរាជ័យដ៏អាម៉ាស់ក្នុងព្រឹត្តិការណ៍ ៩វិច្ឆិកា ហើយធ្វើដំណើរមាតុភូមិនិវត្តន៍ទៅស្រុកបារាំងវិញយ៉ាងរខេករខាកបំផុតនោះ ជនជាប់ចោទ កឹម សុខា ឯណេះវិញ ហាក់ដូចជាទទួល​បានជោគជ័យលើគូបដិបក្ខរបស់ខ្លួនតាមរយៈ ដេកផ្ទះ ឈ្នះឯង។ តាមពិតនយោបាយ ដេកផ្ទះ ឈ្នះឯង គឺជា​យុទ្ធសាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី តែ កឹម សុខា គឺជាអ្នកអនុវត្តន៍ហើយទទួលបានជោគជ័យយ៉ាង​ពិត​ប្រា​ក​ដ ទោះថា លោក កឹម សុខា មិនទាន់ទទួលបានសេរីភាពទាំងស្រុងក្តី​ តែលោក កឹម សុខា អាច​ដើរហើរបាននៅ​ជុំ​វិញ​ផ្ទៃ​ប្រទេសកម្ពុជា និងអាចជួបជជែកពិភាក្សា​ជាមួយបណ្តា​​ជនបរទេសទាំងឡាយបានដូចដើមឡើងវិញ គ្រាន់​តែថា មិនទាន់មានសិទ្ធិពេញលេញក្នុងការធ្វើ​នយោបាយ ពី​ព្រោះ​លោក កឹម សុខា ក៏​ស្ថិត​នៅក្នុង​ចំ​ណោ​ម​មនុស្ស ១១៨​រូប ដែល​ច្បាប់​ហាម​ឃាត់​សិទ្ធិ​នយោបាយ​រយៈពេល ៥ឆ្នាំ ក្រោយតុលាការ​រំលាយ​អង្គការ​ចាត់​តាំង​ធ្វើ​បដិវត្តន៍ពណ៌ផ្តួល​​រំលំ​រាជរដ្ឋាភិបាល​កម្ពុជាគឺ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។
​បើតាមមន្ត្រីស្និទ្ធនឹងក្រុម កឹម សុខា និយម បានបង្ហើបឲ្យដឹងថា តុលាការបន្ធូរបន្ថយលក្ខខណ្ឌចំពោះលោក កឹម សុខា គឺធ្វើ​ឡើងតាមការស្នើសុំពីក្រុមមេធាវីរបស់លោក កឹម សុខា គឺមិនពាក់ព័ន្ធទៅនឹងបញ្ហាប្រព័ន្ធ​អនុ​គ្រោះ​​ពន្ធ EBA ដូច​ការ​លើក​ឡើង​របស់​ក្រុម​មាន​និន្នាការ​ប្រឆាំង​នោះ​ឡើយ។ បើ​ដូច្នេះ មាន​ន័យ​ថា ​ក្រុម កឹម សុខា និយម ឆ្លៀតឱកាសដែលទណ្ឌិត សម រង្ស៊ី បរាជ័យក្នុង​យុទ្ធនាការ ៩វិច្ឆិកា និងក៏​ឆ្លៀតពេលដែលសហគមន៍អឺរ៉ុបទុកពេលឲ្យកម្ពុជាពិចារណាមួយខែ ជុំវិញបញ្ហាប្រព័ន្ធអនុគ្រោះពន្ធ EBA ថា គួរកាត់ផ្តាច់ ​ឬមិនគួរកាត់ផ្តាច់ ឬគ្រាន់​តែកាត់ផ្តាច់​ផ្នែក​ខ្លះ ពីព្រោះអឺរ៉ុបក៏ទទួល​បានផល​ប្រយោជន៍​ពី​ EBA នេះ​ដែរ ដែល​មើល​ពី​សម្បក​ក្រៅ​ទៅ​ហាក់​បីដូច​ជា​ សហភាព​អឺរ៉ុប​ដាក់​គំនាប​លើ​កម្ពុជា ឬរដ្ឋាភិបាល​កម្ពុជា​រង​គំនាប​ពី​អឺរ៉ុប​​អញ្ចឹង។រឿង​ EBA និងការបន្ធូរបន្ថយលក្ខខណចំពោះលោក កឹម សុខា តាម​ពិត​ គឺជារឿងពីរដាច់​ដោយ​ឡែកពីគ្នា​​។ បញ្ហា EBA មុន និងក្រោយគង់តែកាត់ផ្តាច់ដោយសារតែកំណើនសេដ្ឋកិច្ចរបស់កម្ពុជាដែលចេះតែកើនឡើងជារៀងរាល់​ឆ្នាំ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាញយដងហើយថា កម្ពុជាស្វា​គមន៍ការ​​វិនិយោគ​ពី​បរទេស ជា​ពិសេស​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ ពី​បណ្តា​ប្រទេស​ទាំង​អស់នៅ​លើ​សក​ល​លោក​ដោយ​​​មិន​ប្រកាន់​ប្លុក​កុម្មុយនិស្ត ឬប្លុក​សេរីឡើយ ឲ្យ​តែការ​វិនិយោគ​នោះ​ស្រប​តាម​ច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​របស់​កម្ពុជា ហើយ​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសកម្ពុជា​ពិតប្រាកដ​។ ជំនួយ​ដែលភ្ជាប់​លក្ខខណ្ឌ ឬដាក់​ស​ម្ពាធ ​បង្គាប់​បញ្ជា​រដ្ឋា​​ភិបាល​ គឺ​ដាច់​ខាត​មិន​អាច​ទទួល​យក​បាន​ឡើយ បើ​ទទួល​យក​ស្មើ​នឹង​ការ​លើក​យក​អ​ធិបតេយ្យ​ភាព​ជាតិ​ទៅឲ្យ​​បរទេស​គ្រប់​គ្រង​ដូច្នោះ​ដែរ​។ កម្ពុជា ស្វាគន៍​អឺរ៉ុប​បន្ត​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ព័ន្ធ EBA ដ​ល់​កម្ពុជា ត្បិត​ថា EBA បាន​រួម​ចំណែក​ជួយ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​មួយ​ផ្នែក តែ​ក៏​មិន​អាច​ធ្វើ​ឲ្យ​កម្ពុ​ជា​ក្លា​យ​ជា​ប្រ​ទេស​​អ្នក​មាន​ដែរ។ ផ្ទុយ​ទៅវិញ បើ​​អត់ EBA ក៏​កម្ពុជា​មិន​ស្លាប់​ដែរ។ កម្ពុជា មិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់​ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។​​​ ប៉ុន្តែ កម្ពុជាចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់​​ឃើ​ញកម្ពុជាកាន់តែរីកចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។
ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​​បានគូសបង្ហាញពីការបង្កើនប្រសិទ្ធភាពក្នុងការប្រមូលពន្ធ និងបញ្ជាក់អំពីរីកចម្រើនសេដ្ឋ​​កិច្ច​របស់កម្ពុជា ដែលបានដើរចេញពីស្ថានភាពដែលត្រូវបានគេហ៊ុមព័ទ្ធដោ​យទារុណកម្ម និងការកៀបសង្កត់​នាពេលអតីតកាល។ កំណើនសេដ្ឋកិច្ច ដែលកម្ពុជាសម្រេចបា​នក្នុងរង្វង់៧% ដែលជាគុណសម្បត្តិ និងជាចំណុចលេចធ្លោមួយរបស់កម្ពុជា បានធ្វើឱ្យរាជរដ្ឋាភិបាលបានដាក់គោលដៅនាំកម្ពុជាឆ្ពោះទៅក្លាយជាប្រទេសដែល​មានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលកម្រិតខ្ពស់នៅ​ឆ្នាំ២០៥០។​ ជាការពិត វឌ្ឍនភាពសេដ្ឋកិច្ចរបស់កម្ពុជា ក៏មានការចូលរួមចំណែកមួយផ្នែកណាមួយផងដែរ ពីជំនួយបរទេ​ស នៅគ្រាដែលកម្ពុជាកំពុងកសាងសក្ដានុពលរបស់ខ្លួនលើវិស័យសេដ្ឋកិច្ច ប៉ុន្តែទោះជាយ៉ាងនេះក្ដី កម្ពុជាមិនអាចដើម្បីតែចង់បានជំនួយបរទេស ត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរនោះទេ៕

ដោយ៖ សុខ សុវណ្ណ



ទស្សនៈមិត្តអ្នកអាន៖ សហគមន៍អឺរ៉ុប និងបច្ចឹមប្រទេសត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា

ក្រោយពេលដែលផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលនៅថ្ងៃទី៩ ខែវិច្ឆិកា របស់ក្រុមឧទ្ទាមក្បត់ជាតិដែលមាន សម រង្ស៊ី ជាមេខ្លោងត្រូវទទួលបរាជ័យយ៉ាងអាម៉ាស់នោះ ឥឡូវនេះ ក្រុមដដែលនេះបានប្តូរសមរភូមិនយោបាយរបស់គេមកវាយប្រហាររាជរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន លើបញ្ហាការពិនិត្យព្យួរប្រព័ន្ធអនុគ្រោះពន្ធទំនិញគ្រប់មុខលើកលែងតែអាវុធហៅកាត់ថា EBA ដែលសហភាពអឺរ៉ុបផ្តល់ជូនកម្ពុជាវិញម្តង។
ក្រុមឧទ្ទាមក្បត់ជាតិមួយក្តាប់តូចនេះ បានលើកយកបញ្ហា EBA នេះមកធ្វើជាប្រធានបទនៃការរិះគន់វាយប្រហារទៅលើរាជរដ្ឋាភិបាល ហើយមានចេតនាជំរុញឲ្យសហភាពអឺរ៉ុបដក EBA ពីកម្ពុជា និងបំភិតបំភ័យពលរដ្ឋខ្មែរអំពីបញ្ហានេះដើម្បីកេងចំណេញនយោបាយរបស់ខ្លួន និងដើម្បីបិទបាំងនូវបរាជ័យនៃផែនការធ្វើរដ្ឋប្រហារថ្ងៃ៩ វិច្ឆិកា របស់ពួកគេទៅវិញ។ ក្រុមចង្រៃនេះ មិនបានគិតអំពីផលប្រយោជន៍របស់កម្មករ កម្មការិនី និងផលប្រយោជន៍ជាតិខ្មែរទាំងមូលនោះឡើយ។ នរណាក៏ដឹងដែរថាបច្ចុប្បន្ននេះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ កំពុងទទួលបាននូវការងារធ្វើ និងមានប្រាក់បៀវត្សសមរម្យ និងប្រាក់ឈ្នួលកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។
ការលើកយកនូវប្រធានបទរឿង EBA ដើម្បីជាលេសបំភិតបំភ័យចំពោះកម្មករ និងអ្នកវិនិយោគនៅកម្ពុជា ដោយបំភ្លើសថានឹងមានឱនភាពសេដ្ឋកិច្ចនោះគឺជារឿងមិនពិត ពីព្រោះបើទោះបីជាគ្មាន EBA ក៏កម្ពុជានៅតែអាចធ្វើពាណិជ្ជកម្មនាំទំនិញគ្រប់មុខទៅលក់នៅអ៊ឺរ៉ុបបានដដែល ដោយគ្រាន់តែធ្វើការបង់ពន្ធនាំចូលដូចបណ្តាប្រទេសដ៏ទៃទៀតប៉ុណ្ណោះ។ ទោះជាយ៉ាងណា សហគមន៍អ៊ឺរ៉ុបមិនត្រូវធ្វើបុរេវិនិច្ឆ័យ និងតម្រូវនូវលក្ខខណ្ឌឱ្យកម្ពុជាអនុវត្តនូវអ្វីដែលដូចគ្នាបេះបិទទៅនឹងការចាក់រុក ចង់បានរបស់អតីតក្រុមប្រឆាំងដែលលើកឡើងតែពាក្យពីរម៉ាត់អំពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ សម្រាប់ក្រុមរបស់គេដែលបានប្រព្រឹត្តិកំហុសឆ្គងដ៏ធ្ងន់ធ្ងរបំពានច្បាប់ ដើម្បីដណ្តើមអំណាចតាមផ្លូវមិនប្រជាធិបតេយ្យនោះឡើយ។
សម្រាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោកបានបង្ហាញនូវគោលជំហរយ៉ាងម៉ឹងម៉ាត់ក្នុងការរក្សានូវឯករាជ្យភាព និងភាពជាម្ចាស់ប្រទេស ដោយអះអាងថា នឹងទប់ទល់ជាមួយនឹងការដាក់គំនាបសេដ្ឋកិច្ចពីសហគមន៍​អឺរ៉ុប និងក្រុមបច្ចឹមប្រទេស បើទោះបីជាពួកគេទាំងនោះត្រៀមអនុវត្តចំពោះកម្ពុជាយ៉ាងអយុត្តិធម៌ដើម្បីតែផលប្រយោជន៍កូនជឹងមួយក្តាប់តូចរបស់ខ្លួន និងដើម្បីកាន់កាប់ខាងភូមិសាស្ត្រនយោបាយរបស់ខ្លួនក្តី។ មានន័យថាប្រជាជនកម្ពុជា «មិនយកឯករាជ្យរបស់ជាតិ ទៅប្តូរជាមួយជំនួយជាដាច់ខាត»។ ការពិត ស្ថានការណ៍ពេលនេះ ត្រូវបានគេមើលឃើញថាក្រុមបច្ចឹមប្រទេស និងសហភាពអឺរ៉ុប បានចាប់យកយុទ្ធវិធីដដែលៗដើម្បីច្បាមយកប្រៀបឈ្នះខាងភូមិសាស្ត្រនយោបាយ នៅពេលដែលពួកគេបានមើលឃើញពីឥទ្ធិពលនៃមហាអំណាចចិន បាននិងកំពុងវាយលុកខ្លាំងខាងផ្នែកសេដ្ឋកិច្ចនៅតំបន់អាស៊ីអាគ្នេយ៍។ ដូច្នេះ សហគមន៍អឺរ៉ុបនិងបច្ចឹមប្រទេសមិនត្រូវយករឿងនយោបាយរបស់ក្រុមប្រឆាំងដែលបានប្រព្រឹត្តិខុសច្បាប់កន្លងមក មកលាយឡំជាមួយនិងកញ្ចប់ដែលពួកគេហៅថាប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ក្នុងការចរចារលើបញ្ហា EBA នោះឡើយ។ លក្ខខណ្ឌ ៥ចំណុចដែលក្រុមប្រឆាំងលើកឡើងដើម្បីឱ្យសហគមន៍អឺរ៉ុបយកមកដោះស្រាយនោះគឺគ្មានឥទ្ធិពលចំពោះការដោះលែងក្រុមជនដែលបានប្រព្រឹត្តិកំហុស ដោយគ្មានការកាត់ទោសនោះទេ។
ជាការពិតរាជរដ្ឋាភិបាលកម្ពុជា នៅតែប្រកាន់ជំហរក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងភាពស្មើមុខ និងស្មើសិទ្ធិជាមួយគ្រប់មិត្តអន្តរជាតិទាំងអស់ ។ ប៉ុន្តែ ការគម្រាមដាក់ទណ្ឌកម្ម ឬការសម្លុតថានឹងដកភាពអនុគ្រោះនេះ ឬអនុគ្រោះនោះ វាជាការបង្ហាញឱ្យឃើញពីការមើលស្រាលរបស់បរទេសចំពោះប្រជាជាតិមួយដែលមានអធិបតេយ្យភាពរបស់ខ្លួន ដែលប្រការនេះក្នុងនាមកម្ពុជាជារដ្ឋអធិបតេយ្យមួយមិនអាចទទួលយកបានឡើយ។ ប្រជាជនកម្ពុជា មិនចង់បាននូវសភាពការណ៍បែបនេះនោះទេ។ ប៉ុន្តែ យើងគ្រាន់តែចង់បានថាកម្ពុជាគឺជាប្រទេសមួយដែលឯករាជ្យ ដែលមានសិទ្ធិអនុវត្ត ច្បាប់ក្នុងប្រទេសខ្លួនបាន និងជាប្រទេសមួយដែលមានចំណងមិត្តភាព និងសាមគ្គីភាពជាមួយប្រទេសជាច្រើននៅលើពិភពលោកប៉ុណ្ណោះ។
ក្នុងន័យនេះ ដើម្បីនិរន្តរភាពសង្គម យន្តការនៃការអនុវត្តច្បាប់គឺជាអ្វីដែលរដ្ឋអំណាចត្រូវតែធ្វើដើម្បីធានាឱ្យបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម។ មតិភាគច្រើននៅតែមើលឃើញយ៉ាងច្បាស់ថា រាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងនីតិរដ្ឋ តាមរយៈការអនុវត្តច្បាប់ទប់ស្កាត់ភាពចលាចលក្នុងសង្គម។ ម្យ៉ាងទៀត លក្ខណ្ឌនៃការផ្តល់ EBA ក៏មិនបានដាក់លក្ខខណ្ឌឱ្យរាជរដ្ឋាភិបាលត្រូវតែបោះបង់ចោលនូវយន្តការអនុវត្តច្បាប់របស់រដ្ឋអធិបតេយ្យ ដើម្បីធានានូវគោលការណ៍នីតិរដ្ឋ និងប្រជាធិបតេយ្យនោះដែរ។ ដូច្នេះ ការធ្វើសកម្មភាពដែលផ្ទុយពីច្បាប់ ដូចជាការធ្វើសកម្មភាពដោយប្រើប្រាស់ឈ្មោះជាអតីតសកម្មជនមូលដ្ឋានគណបក្សសង្គ្រោះជាតិ ឬការធ្វើសកម្មភាពឱ្យមានការប្រមូលផ្តុំមនុស្សដើម្បីផ្សព្វផ្សាយនូវសារញុះញង់ ឬសកម្មភាពប្រមូលផ្តុំកម្លាំងដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងសកម្មភាពគាំទ្រគម្រោងវិលមកកម្ពុជាវិញរបស់ទណ្ឌិត សម រង្ស៊ី ដើម្បីមកធ្វើរដ្ឋប្រហារផ្លាស់ប្តូររបបរាជានិយមជាដើមនោះ គឺពិតជាចូលទៅក្នុងបទល្មើសញុះញង់ឱ្យមានការប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍ ដែលប្រឈមនឹងការជាប់ពន្ធនាគារ យ៉ាងប្រាកដ។
មកដល់ពេលនេះ បើទោះបីជាសហគមន៍អ៊ឺរ៉ុបបានផ្ញើរបាយការណ៍ចុងក្រោយរបស់ខ្លួនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីនឹងធ្វើការសន្និដ្ឋាន និងសម្រេចចិត្តយ៉ាងណាក្តីក៏ប្រជាជនកម្ពុជាទាំងមូលនៅតែបន្តខិតខំជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនដោយខ្លួនឯង ដោយមិនពឹងផ្អែកទាំងស្រុងទៅលើជំនួយពីបរទេសនោះឡើយ។ ជាក់ស្តែង តាមរយៈការវិនិយោគ និងការស្ម័គ្រចិត្តចូលរួមបង់ពន្ធជូនរដ្ឋ បានធ្វើឱ្យចំណូលថវិកាកើនឡើងដល់ជាង១ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៩ ដែលជាចំណូលបានពីពន្ធគយ និងពន្ធដារ ដែលចំណូលនេះជាចំណូលសារពើពន្ធសុទ្ធសាធ ហើយចំណូលនេះគឺអាចទ្រទ្រង់បានទាំងស្រុងនៅក្នុងការចំណាយទៅលើការបើកប្រាក់បៀវត្សជូនមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយគ្មានការព្រួយបារម្ភឡើយ។ ដូច្នេះ ប្រសិនបើសហគមន៍អ៊ឺរ៉ុបធ្វើការសំរេចចិត្តដោយខុសឆ្គងលើបញ្ហា EBA ចំពោះកម្ពុជានោះវានឹងគ្មានផលប៉ះពាល់អ្វីធំដុំដល់សេដ្ឋកិច្ចកម្ពុជាដូចការបំភ្លៃព័ត៌មានរបស់ក្រុមប្រឆាំងនោះឡើយ។ ប្រជាពលរដ្ឋត្រូវយល់ថា ប្រសិនបើកម្ពុជាពិតជាមិនទទួលបាននូវការអនុគ្រោះពន្ធនាំចូលទៅសហភាពអឺរ៉ុបនោះ មិនមែនមានន័យថាកម្ពុជាមិនអាចនាំទំនិញទៅលក់នៅសហភាពអឺរ៉ុបនោះទេ ហើយកម្មករ និយោជិតត្រូវបាត់បង់ការងារពីរោងចក្រកាត់ដេរនោះដែរ រាជរដ្ឋាភិបាលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិតជាមានវិធានការជាក់ស្តែងដើម្បីធ្វើឱ្យមាននិរន្តរភាពការងារទាំងនិយោជិត និងនិយោជកជាក់ជាមិនខាន ដូច្នេះគឺមិនមានការប៉ះពាល់អ្វីធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ដូចការបំប៉ោងព័ត៌មានរបស់ក្រុមប្រឆាំងឡើយ។
ទោះជាយ៉ាងណា សារនយោបាយថ្មីៗចុងក្រោយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា គឺជាគោលជំហរគន្លឹះចំពោះ​សហគមន៍អឺរ៉ុប និងក្រុមបច្ចឹមប្រទេសសម្រាប់គិតពិចារណា ហើយផ្លូវដែលប្រសើរនោះគឺសហគមន៍អឺរ៉ុប និងបច្ចឹមប្រទេសទេដែលត្រូវរួមដៃគ្នាជាមួយរាជរដ្ឋាភិបាលក្នុងការបន្តលើកស្ទួយប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ នៅកម្ពុជាដោយឈរលើគោលការណ៍ស្មើមុខនិងស្មើសិទ្ធិគ្នា៕

ដោយ៖ ពង្ស សុក្រឹត្យ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបអនុប្រធានាធិបតីសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា

នៅរសៀល ថ្ងៃអង្គារ ទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯ.ឧ U Henry Van Thio អនុប្រធានាធិបតីនៃសាធារណៈរដ្ឋសហភាពមីយ៉ាន់ម៉ា នៅវិមានសន្តិភាព។
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯ.ឧ U Henry Van Thio ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit) ដែលជាព្រឹត្តិការប្រវត្តិសាស្ត្របង្ហាញពីសាមគ្គីភាពក្នុងចំណោមប្រជាជាតិអាស៊ីប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបង្ហាញអំពីសាមគ្គីភាពរវាង មីយ៉ាន់ម៉ា និងកម្ពុជាក្នុងទំនាក់ទំនងទ្វេភាគីផងដែរ។ ជាមួយគ្នានោះ ឯ.ឧ U Henry Van Thio បានមានប្រសាសន៍ថា ពិតជារីករាយណាស់ដែល បានមកចូលរួមក្នុងវេទិកាអាស៊ីប៉ាស៊ីហ្វិកនេះ ហើយ ឯ.ឧ បានសម្តែងនូវការកោតសរសើរ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងសូមអបអរសាទរចំពោះជោគជ័យក្នុងការប្រព្រឹត្តទៅនៃកិច្ចប្រជុំកំពូលនេះ។ ទន្ទឹមនឹងនេះឯ.ឧ U Henry Van Thio បានរំលឹកពីទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-មីយ៉ាន់ម៉ា គឺថាឆ្នាំក្រោយជាខួប ៥៥ឆ្នាំនៃទំនាក់ទំនងការទូត នៃប្រទេសយើងទាំង លើសពីនេះទៀងដែរក្រៅពីទំនាក់ទំនងទេ្វភាគី គឺប្រទេសយើងទាំងពីរក៏មានកិច្ចទំនាក់ទំនងក្នុងតំបន់និងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន រួមទាំងកិច្ចប្រជុំកំពូលផ្សេងទៀតជាច្រើនផងដែរ។
នៅក្នុងកិច្ចពិភាក្សាគ្នានេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានរិះរកវិធីធ្វើយ៉ាងណាជំរុញទំហំពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើវិស័យវប្បធម៌ និងទេសចរណ៍ ។ កម្ពុជា-មីយ៉ាន់ម៉ា មានកិច្ចព្រមព្រៀងមួយចំនួនហើយ និងបានខិតខំអនុវត្តធ្វើយ៉ាងណាជំរុញឲ្យលើការហោះហើរត្រង់ ព្រោះកន្លងមកការហោះហើយត្រង់មិនមានភ្ញៀវគ្រប់គ្រាន់ ហើយក៏បានផ្អាកទៅវិញ។
ក្នុងវិស័យអប់រំ សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឲ្យជំរុញការផ្លាស់ប្តូរនិស្សិត តាមរយៈការផ្ដល់អាហារូបករណ៍ គ្នាទៅវិញទៅមក។ កន្លងមក ក្នុងការបំពេញទស្សនកិច្ច របស់លោកជំទាវ អុងសាន ស៊ូជីរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អាហារូបករណ៍ ដល់មីយ៉ាន់ម៉ាចំនួន១០ ហើយសូមឲ្យភាគីមីយ៉ាន់ម៉ា ពិនិត្យឆ្លើយតប ដើម្បីឲ្យមានកិច្ចព្រមព្រៀងជាមួយគ្នា លើបញ្ហានេះ។ ដោយសារនៅឆ្នាំក្រោយ មីយ៉ាន់ម៉ា នឹងធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី៣ ឯ.ឧ U Henry Van Thio បានអញ្ជើញសម្ដេចតេជោ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ។ ទន្ទឹមនឹងនេះ សម្តេចមានប្រសាសន៍ថា នឹងអញ្ជើញទៅចូលរួម ដើម្បីបង្ហាញពី សាមគ្គីភាពប្រជាជាតិ នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាចូលរួមក្នុងការកសាងសន្តិភាព សម្រាប់តំបន់ផងដែរ។ ជាមួយគ្នានេះផងដែរ ឯ.ឧ U Henry Van Thio បានថ្លែងអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រីដែលបានសន្យាថានឹងចូលរួមក្នុងកិច្ចប្រជុំកំពូលនោះ និងសូមជូនពរសម្ដេចតេជោ មានសុខភាពល្អ ជោគជ័យចំពោះការដឹកនាំកម្ពុជាបន្តទៀត។ ទន្ទឹមនឹងនោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តាំផ្ញើសួរសុខទុក្ខចំពោះលោកប្រធានាធិបតី ក៏ដូចជាលោកជំទាវ អុងសាន ស៊ូជី ផងដែរ។ ជាមួយគ្នានេះផងដែរ សម្តេចតេជោ ក៏បានជូនពរ ឯ.ឧ U Henry Van Thio និងគណប្រតិភូទាំងអស់ទទួលបានជោគជ័យលើកកិច្ចការជាបន្តបន្ទាប់ទៀត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីសហព័ន្ធសន្តិភាពសកល

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ បានទទួលពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ពីអង្គការសហព័ន្ធសន្តិភាពសកល (UPF) ក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ (2nd ASIA PACIFIC SUMMIT) ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ដែលលោកនាយករដ្ឋមន្ត្រីទទួលបាន ត្រូវបានបំពាក់ជូនដោយផ្ទាល់ពីសំណាក់លោកស្រីបណ្ឌិត Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល។
ផ្តើមចេញពីស្នាដៃនៃការដឹកនាំក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម កសាងនូវសុខសន្តិភាព ក៏ដូចជាអភិវឌ្ឍន៍មាតុភូមិកម្ពុជាឲ្យរីកចម្រើន រួមនឹងការចូលរួមចំណែកកសាងទំនាក់ទំនង និងជួយរក្សាសុខសន្តិភាពនៅក្នុងតំបន់ និងលើពិភពលោកផងនោះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស និងពានរង្វាន់ជាច្រើនពីសាកលវិទ្យាល័យ និងស្ថាប័នអន្តរជាតិនានា។ ចាប់ពីអំឡុងឆ្នាំ១៩៩៥ រហូតដល់ឆ្នាំ២០១៩នេះ លោក ហ៊ុន សែន ទទួលបានសញ្ញាបត្រកិត្តិយស, មេដាយកិត្តិយស និងពានរង្វាន់នានាជាច្រើន។ អង្គការសហព័ន្ធសន្តិភាពសកល (UPF) ជាអង្គការមិនមែនរដ្ឋាភិបាល ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ មានតួនាទីផ្តល់យោបល់ពិសេស ជូនក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម នៃអង្គការសហប្រជាជាតិ។

សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ បានប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតប ចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។ ក្នុងពិធីបើកកិច្ចប្រជុំកំពូលនេះ មានអ្នកចូលរួមប្រមាណជាង៨០០នាក់ រួមមានថ្នាក់ជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មាន និងស្ថាប័ននានាជាច្រើនទៀត។ កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកនេះ ធ្វើឡើងដើម្បីពង្រឹងភាពជាដៃគូរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលដែលមានខ្លឹមសារស្នូលដើម្បីសន្តិភាពនិងការអភិវឌ្ឍការប្រែប្រួលអាកាសធាតុ និងជម្លោះនិងដំណោះស្រាយក្នុងគ្រាសំខាន់៕



សម្តេចតេជោ ហ៊ុន សែន អញ្ជើញរៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

នៅល្ងាចថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញរៀបចំពិធីជប់លៀងផ្លូវការជូនដល់គណៈប្រតិភូអន្តរជាតិដែលបានអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ដែលពិធីជប់លៀងផ្លូវការនេះ ធ្វើឡើងនៅសណ្ឋាគារ សុខាភ្នំពេញ។
ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីសំណាក់ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន អង្គភាពសារព័ត៌មានជាតិ អន្តរជាតិ អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។
គេហទំព័រ Facebook សម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៦:៣០នាទីល្ងាច ពីសណ្ឋាគារសុខាភ្នំពេញ៕



ប្រសាសន៍ដើមទាំងស្រុង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរកម្ពុជា ក្នុង​ពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ទៅចូលរួមកីឡា SEA GAMES លើកទី៣០

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធីសំណេះសំណាលជាមួយប្រតិភូកីឡាកម្ពុជា ទៅចូលរួមកីឡា SEA GAMES លើកទី៣០ នៅប្រទេសហ្វីលីពីន
ថ្ងៃចន្ទ ៧រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-កម្ពុជា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-កម្ពុជា កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលនិងសង្គមស៊ីវិល «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ  ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»
ថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងបាងកក បានធ្វើការពិភាក្សាគ្នាជុំវិញបញ្ហាសន្តិសុខនៅក្នុងតំបន់


បញ្ហាសន្តិសុខនៅក្នុងតំបន់ ត្រូវបានលើកយកមកធ្វើការពិភាក្សាគ្នា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩។ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ អមតំណើរដោយ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេស និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការពារជាតិអាស៊ាន រួមនិងកិច្ចប្រជុំដែលពាក់ព័ន្ធមួយចំនួនទៀតនៅទីក្រុងបាងកក។
ថ្លែងបើកកិច្ចប្រជុំនាឱកាសនោះ លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រថៃបានសម្ដែងការកោតសរសើរ សមាជិកប្រទេសអាស៊ាន ចំពោះការបន្តការចូលរួមក្នុងការពង្រឹងកិច្ចសហប្រតិការអាស៊ាន ដែលអាចធ្វើឲ្យមានលទ្ធផលជាក់ស្ដែងទៅលើតួនាទីជាស្នូលរបស់អាស៊ាន ដើម្បីដោះស្រាយបញ្ហាផ្សេងៗ ក្នុងអាស៊ាន។ លោក ប្រាវីត វង្សសុវណ្ណ បានថ្លែងអំណរគុណប្រទេសអាស៊ានទាំងអស់ ក្នុងការដោះស្រាយបញ្ហា និងចូលរួមធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗដូចជា៖ ប្រឆាំងភេរវកម្ម សន្តិសុខលម្ហរសមុទ្រ សង្គ្រោះគ្រោះមហន្តរាយ ក៏ដូចជាកសាងជំនឿទុកចិត្តគ្នា ជាមួយប្រទេសបូក។
លោកសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ ជំរុញឲ្យអាស៊ានអាចរក្សាបាននូវសន្តិសុខ និងស្ថិរភាព ប្រកបដោយចីរភាព។ ក្នុងកិច្ចប្រជុំនោះ បណ្តារដ្ឋមន្ត្រីការពារជាតិអាស៊ានទាំងអស់ ក៏បានចែករំលែក និងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក ជុំវិញបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ ។
ថ្លែងទៅកាន់កិច្ចប្រជុំក្នុងឱកាសនោះដែល លោក ទៀ បាញ់ បានមានប្រសាសន៍ថា ការវិវត្តឥតឈប់ឈរ នៃភូមិសាស្រ្តនយោបាយ និងភូមិសាស្រ្តសេដ្ឋកិច្ច ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក បាននាំមកនូវបញ្ហាប្រឈមផ្នែកសន្តិសុខជាច្រើន។ ទន្ទឹមនឹងបញ្ហាសន្តិសុខបែបប្រពៃណី ដែលនៅតែបន្តចោទជាបញ្ហា យើងឃើញមានការលេចឡើងបន្តបន្ទាប់នូវបញ្ហាសន្តិសុខមិនមែនប្រពៃណី ដែលមានភាពស្មុគស្មាញ ដែលប៉ះពាល់គ្រប់វិស័យ ហើយដែលប៉ះពាល់ទៅលើសុខុមាលភាព និងការរស់នៅរបស់ប្រជាជនយើង។ ក្នុងន័យនេះ លោកបានលើកយកបញ្ហារួមធំៗចំនួនពីរធ្វើការអត្ថាធិប្បាយ ដែលក្នុងនោះទី១៖ ទាក់ទងទៅនឹងការគំរាមកំហែងនៃភេរវកម្ម ដែលនៅក្នុងតំបន់នៅតែមានការព្រួយបារម្ភកាន់តែខ្លាំងឡើង អំពីការរីកសាយភាយនៃអំពើភេរវកម្ម ក៏ដូចជាផលប៉ះពាល់នៃសកម្មភាពទាំងនេះ មកលើសង្គមរបស់យើង។ យើងនៅតែមានការព្រួយបារម្ភចំពោះការត្រលប់មកវិញ នៃជនសកម្មប្រយុទ្ធ និងការផ្សព្វផ្សាយមនោគមវិជ្ជាជ្រុលនិយម ក៏ដូចជាឥទ្ធិពលមកលើក្រុមបណ្តាញភេរវកម្មក្នុងតំបន់។ ភាពងាយស្រួលក្នុងការទាញយក និងប្រើប្រាស់បច្ចេកវិទ្យាសំខាន់ៗមួយចំនួនដូចជា បច្ចេកវិទ្យាភាពព័ត៌មានវិទ្យា គ្រឿងយន្ត និងបច្ចេកវិទ្យាជីវសាស្រ្ត បានក្លាយជាការព្រួយបារម្ភសម្រាប់បរិយាកាសសន្តិសុខក្នុងតំបន់។ ការផ្សព្វផ្សាយដែលបណ្តាលឱ្យមានភាពភ័យខ្លាច និងការឃោសនាឱ្យមានការស្អប់ខ្ពើមតាមបណ្តាញសង្គមនានា គឺជាការយកបច្ចេកវិទ្យាធម្មតាមកប្រើប្រាស់ ក្នុងសកម្មភាព ភេរវកម្ម ហើយដែលអាចបង្កអោយមានភាពខូចខាតយ៉ាងច្រើន។
ចំពោះបញ្ហាទី២៖ លោកបានបញ្ជាក់ថា គឺការប្រកួតប្រជែងនៃប្រទេសមហាអំណាច។ គ្រឹះនៃសណ្តាប់ធ្នាប់ពិភពលោកហាក់ចាប់ផ្តើមរង្គោះរង្គើ ហើយអនាគតរបស់ពិភពលោកហាក់ស្ថិតក្នុងភាពមិនច្បាស់លាស់។ សង្គ្រាមពាណិជ្ជកម្ម អាចបង្កអោយមានផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោកទាំងមូល។ នៅពេលដែលសេដ្ឋកិច្ចពិភពលោកអន់ថយ វានឹងជះឥទ្ធពលដល់យើងទាំងអស់គ្នា។ ប្រសិនបើភាពតានតឹងនេះនៅតែបន្តឬកាន់តែដុនដាប វានឹងបង្កអោយបាត់បង់ជំនឿចិត្ត និងទំនុកចិត្តរវាងគ្នា។ លោក ទៀ បាញ់ បានបញ្ជាក់នូវឆន្ទៈក្នុងការបំពេញការងាររួមគ្នាជាមួយសមាជិកអាស៊ានទាំងអស់ ក្នុងនិម្មាបនកម្មសន្តិសុខបច្ចុប្បន្ន។ ក្នុងស្មារតីអាស៊ាន យើងនឹងរួមគ្នារក្សាឯកភាព និងសាមគ្គីភាពក្នុងការពិភាក្សា និងធ្វើការងារជាមួយដៃគូក្រៅតំបន់ ដើម្បីធានាអោយបាននូវសន្តិភាព ស្ថិរភាព សុវត្ថិភាព អភិវឌ្ឍន៍ និងវិបុលភាពក្នុងតំបន់ ៕



លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី៦ ស្តីពីបរិស្ថានសន្តិសុខតំបន់ និងអន្តរជាតិ នៅទីក្រុងបាងកក

ថៃ៖ បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន- នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ បានបន្តដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារ ជាតិ អាស៊ាន បូកលើកទី ៦ នៅទីក្រុងបាងកកបន្តទៀត។
កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ាន បូកលើកទី ៦ បាប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្ត្រីថៃ និងជាប្រធានកិច្ចប្រជុំ និង មានការចូលរួមពីរដ្ឋមន្ត្រីការពារជាតិអាស៊ាន និង រដ្ឋមន្ត្រីការពារជាតិប្រទេសបូក រួមមាន ៖ ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្ស៊េឡែន ឥណ្ឌា សហពន្ធ័រុស្ស៊ី និង សហរដ្ឋអាមេរិក។
តាមរយៈកិច្ចប្រជុំនេះ បានបង្ហាញរបាយការណ៍ពីលទ្ធផលការងារ ក្រុមការងារជំនាញ ( EWG )ទាំង ៧ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និង ផែនការអនុវត្តការងារបន្តរបស់ក្រុមការងារជំនាញ ( EWG ) សម្រាប់ ឆ្នាំ២០២០ ដល់២០២៣ របស់ប្រទេសនីមួយៗ។ ក្នុងរបាយការណ៍នៃការអភិវឌ្ឍថ្មីៗរបស់អាស៊ាន បានបញ្ជាក់ថា៖ រាល់ការចូលរួមកិច្ចប្រជុំទាំងអស់ បានចូលរួមដោះស្រាយបញ្ហាប្រឈម ផ្នែកសន្តិសុខបច្ចុប្បន្ន និងទៅអនាគត។ ទស្សនៈវិស័យរបស់អាស៊ាន គឺជំរុញឱ្យមានសន្តិភាព វិបុលភាពនៅក្នុងតំបន់។ ការជំរុញឱ្យមានសន្តិភាពស្ថិរភាពក្នុងតំបន់ គឺមានសារៈសំខាន់ គឺធ្វើឱ្យមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នៅក្នុងការចូលរួមផ្លាស់ប្តូរទស្សនៈ ស្តីពីបរិស្ថានសន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន បូកលើកទី៦ លោកឧបនាយករដ្ឋមន្រ្ដី ទៀ បាញ់ បានថ្លែងថា៖ បរិយាកាសសន្តិសុខ និងយុទ្ធសាស្ដ្រសកលកំពុងតែមានការវិវត្តន៍ឥតឈប់ឈរ ដែលបានបង្កើតនូវបញ្ហាប្រឈមថ្មីៗ និងធ្ងន់ធ្ងរផងដែរ។ ការរីកចម្រើនឥតឈប់ឈរ នៃបច្ចេកវិទ្យាអ៊ីនធើណែតកំពុងតែកែប្រែរូបរាងពិភពលោក របស់យើងក្នុងរូបភាពថ្មីមួយ។ វាបានបង្កលក្ខណៈសម្រាប់ការច្នៃប្រឌិតដ៏អស្ចារ្យនានា ដែលជំរុញឱ្យមានការរីកចម្រើនសេដ្ឋកិច្ច សង្គម និងវប្បធម៌ និងជួយយើងឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍នានា។ តែទន្ទឹមនេះក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរនៅពេលដែលវារីកសាយភាយ និងធ្លាក់ដល់ដៃតួអង្គមិនមែនរដ្ឋ ដូចជាពួកភេរវករជាដើម។
លោកឧបនាយករដ្ឋមន្រ្ដី បានបញ្ជាក់ទៀតថា៖ ភេរវកម្ម និងអំពើហឹង្សាជ្រុលនិយម នៅតែជាបញ្ហាប្រឈមក្នុងផ្នែកសន្តិសុខខ្លាំងបំផុត សម្រាប់សុវត្ថិភាព និងសុខដុមរមនានៅក្នុងសង្គមនាពេលបច្ចុប្បន្ន។ ការគំរាមកំហែងទាំងនេះ នឹងកាន់តែមានគ្រោះថ្នាក់ខ្លាំងឡើង នៅពេលដែលវាត្រូវបានច្របាច់បញ្ចូលជាមួយបច្ចេកវិទ្យាថ្មីៗ រាប់បញ្ចូលទាំងបច្ចេកវិទ្យាធម្មតាដូចជា បណ្តាញសង្គម ដើម្បីកេណ្ឌសមាជិកថ្មី និង បច្ចេកវិទ្យាស្មុគស្មាញដូចជាយន្ដហោះដ្រូនដែលបំពាក់ដោយអាវុធ។ បទពិសោធន៍បង្ហាញថា គ្មានប្រទេសណាអាចដោះស្រាយបញ្ហាភេវរកម្មតែម្នាក់ឯងបានទេ។ យើងយល់យ៉ាងច្បាស់ពីតួនាទីនៃយន្តការរួមគ្នាជាមួយដៃគូរបស់យើង និងតួនាទីរបស់វេទិកាកម្រិតតំបន់ និងអន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងជាមួយការគំរាមកំហែងនេះ។
លោកឧបនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា៖ ដើម្បីពង្រឹងសមត្ថភាពប្រឆាំងភេរវកម្ម និងសង្រ្គោះមហន្តរាយ កងយោធពលខេមរភូមិន្ទ បានធ្វើលំហាត់ហ្វឹកហ្វឺនជាមួយនឹងកងទ័ពរំដោះប្រជាជនចិន ស្តីពីការប្រឆាំងភេរវកម្ម និងសង្រ្គោះគ្រោះមហន្តរាយ។ ហើយទទឹមនេះ កម្ពុជាក៏ត្រៀមពង្រឹងសមត្ថភាពលើការសង្រ្គោះគ្រោះមហន្តរាយនេះ ដោយធ្វើលំហាត់ហ្វឹកហ្វឺនជាមួយប្រទេសវៀតណាម នៅខែធ្នូនេះផងដែរ។

នៅឱកាសញ្ចប់កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកលើកទី ៦ នាឱកាសនោះ លោក ប្រាវីត វង្សសុវណ្ណ ក៏បានប្រគល់វេនធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន និង កិច្ចប្រជុំដែលពាក់ព័ន្ធ ទៅឱ្យ លោក នាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលេច រដ្ឋមន្ត្រីការពារជាតិវៀតណាម ដែលត្រូវទទួលធ្វើជាម្ចាស់ផ្ទះបន្តនៅក្នុងឆ្នាំ២០២០ ខាងមុខនេះផងដែរ ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ បន្ទាប់ពីទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយបន្ទាប់ពីទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រគឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញដែលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖សន្តិភាពការបង្រួបបង្រួមជាតិការពឹងពាក់គ្នាទៅវិញទៅមកវិបុលភាពទៅវិញទៅមកនិងគុណតម្លៃសកល»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២% ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០%ក្នុងឆ្នាំ ២០១៩។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កានិងឱកាសការងារជាច្រើនដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ កម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា កាលពីជាង២ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើអាវុធដណ្តើមអំណាចគ្នាហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ សេរីនិងយុត្តិធម៌ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ លោកបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ (2nd Asia Pacific Summit 2019-Cambodia) ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញដែលកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖សន្តិភាពការបង្រួបបង្រួមជាតិការពឹងពាក់គ្នាទៅវិញទៅមកវិបុលភាពទៅវិញទៅមកនិងគុណតម្លៃសកល»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងបញ្ជាក់ថា កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាប្រទេស ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ។ កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាពនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ៕





លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍជាតិ

(FN)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព ប្រទេសកម្ពុជា។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ ប្រារព្ធឡើងក្រោមប្រធានបទ «ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកល»។
កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ មានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។ កម្មវិធីគ្រោងបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះក៏មានការប្រគល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។
 * ខាងក្រោមជាសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន៖

លោកជំទាវ ហាក់ ចា ហាន់ បួន (Hak Ja Han Moon) សហស្ថាបនិកសហព័ន្ធសន្តិភាពសកល
ឯកឧត្តម ចូសេ ដី វីនេរ៉ូ (Jose De Venecia) ប្រធានស្ថាបនិក អាយខាប់ (ICAPP)
ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា
ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាទីមេត្រី!
ថ្ងៃនេះខ្ញុំមានមោទនភាព និងសេចក្តីរីករាយ ដែលបានមកចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩កម្ពុជា ក្រោមប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន សន្តិភាព ការបង្រួបបង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណតម្លៃសកលដែលប្រារព្ធឡើងយ៉ាងឧឡារិកនាពេលនេះ ។
ខ្ញុំសូមស្វាគមន៍និងថ្លែងអំណរគុណឯកឧត្តម លោកជំទាវប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ប្រធានសភា សម្តេច ឯកឧត្តមលោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដែលកំពុងមានវត្តមាននៅកិច្ចប្រជុំកំពូលដ៏មានសារៈសំខាន់នេះ ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាខ្ញុំសូមថ្លែងអំណរគុណចំពោះសហព័ន្ធសន្តិភាពសកល និងលោកស្រីបណ្ឌិត ហាក់ ចាហាន មូន (Hak Ja Han Moon) ដែលជាសហស្ថាបនិកផ្ទាល់សម្រាប់កិច្ចសហការយ៉ាងជិតស្និទ្ធ និងគាំទ្រកិច្ចប្រជុំពូលនេះហើយខ្ញុំក៏សូមថ្លែងអំណរគុណចំពោះលោក ចូសេ ដី វីនេឦ (Jose de Venocia) ប្រធានស្ថាបនិកសន្និសីទអន្តរជាតិនៃគណបក្សនយោបាយអាស៊ី (ICAPP) សមាគមអន្តរជាតិនៃសមាជិកសភាដើម្បីសន្តិភាព (IAPP) ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។
ថ្ងៃនេះ កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្រ្តនេះ ស្របពេលដែលពិភពលោកកំពុងជួបវិបត្តិ និងបញ្ហាប្រឈមសកល រួមមាន :សង្គ្រាមពាណិជ្ជកម្ម ភូមិសាស្ត្រនយោបាយ និងការប្រកួតប្រជែងរបស់ប្រទេសមហាអំណាច សកម្មភាពវិទ្ធង្សនា សង្គ្រាមអូសបន្លាយនៅតំបន់មជ្ឈិមបូព៌ា ការប្រែប្រួលអាកាសធាតុ ភាពក្រីក្ររាំរ៉ៃ និងភេរវកម្មជ្រុលនិយមជាដើម ដែលបានគំរាមដល់សន្តិសុខវិបុលភាពសេដ្ឋកិច្ច និងពាណិជ្ជកម្ម ទាំងក្នុងតំបន់និងសកលលោកនិងអាចបំផ្លាញដល់វឌ្ឍនភាព ព្រមទាំងសមិទ្ធផលជាច្រើនឆ្នាំនៃការធ្វើសមាហរណកម្ម និងសកលភាវូបនីយកម្ម និងភាពសុខដុមរមនារបស់ប្រជាជន ។
ទន្ទឹមនេះ ទ្វីបអឺរ៉ុបដែលធ្លាប់តែមានភាពសុខសាន្តជាងគេលើសកលលោក ក៏កំពុងជួបប្រទះនូវវិបត្តិជាច្រើនដែលបណ្ណាលមកពីភាពតានតឹងផ្នែកនយោបាយ និងការធ្លាក់ចុះនូវទំនាក់ទំនងរវាងប្រទេសនឹងប្រទេស និងបញ្ហាប្រឈមសកលជាច្រើនទៀត ដែលបញ្ហាប្រឈមទាំងអស់នេះ ចាំបាច់ទាមទារឱ្យប្រទេសនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាសកលលោកបង្ហាញនូវឆន្ទៈរួមមួយដែលរឹងមាំ និងការឯកភាពគ្នាជាធ្លុងមួយ ដើម្បីនាំមកនូវសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជននៅក្នុងតំបន់ និងពិភពលោក។
អនុញ្ញាតឱ្យខ្ញុំបានរំលឹកបន្តិចអំពីបទពិសោធន៍កម្ពុជាកន្លងមក ដែលទាក់ទងនឹងប្រធានបទកិច្ចប្រជុំកំពូលថ្ងៃនេះគឺសន្តិភាពនិងការបង្រួបបង្រួមជាតិ ។ នៅក្នុងប្រវត្តិសាស្ត្រកម្ពុជា សង្គ្រាមឥណ្ឌូចិនពីឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍ពីឆ្នាំ១៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់ឫសគល់នូវហេដ្ឋារចនាសម្ព័ន្ធសង្គម-សេដ្ឋកិច្ចជាតិ។ ថ្វីត្បិតរបបខ្មែរក្រហមត្រូវបានបញ្ចប់នៅថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេសនៅតែបន្តអូសបន្លាយរហូត។
កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រាប់ការពារប្រទេស ពីការវិលត្រឡប់នៃរបបប្រល័យពូជសាសន៍ និងដៃម្ខាងទៀតធ្វើការអភិវឌ្ឍប្រទេសជាតិឡើងវិញ ពីចំណុចសូន្យ ជាមួយនឹងការការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចពីខាងក្រៅដោយអយុត្តិធម៌។ ខ្លួនខ្ញុំផ្ទាល់ក្រោយថ្ងៃរំដោះ ៧ មករា បានប្រមូលធនធានមនុស្សដែល សេសសល់ពីការកាប់សម្លាប់មានប្រហែល ១០០ នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ហើយតាមរយៈនេះ កម្ពុជាបានប្រកាន់យកគោលការណ៍ «អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្នកចេះតិចបង្រៀនអ្នកមិនចេះ» ដើម្បីមកធ្វើការនៅក្នុងក្រសួង-ស្ថាប័នរដ្ឋ រៀបចំស្តារប្រទេសជាតិឡើងវិញពីបាតដៃទទេ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានផលិតកម្មគ្រប់ប្រភេទត្រូវបានបំផ្លាញស្ទើរទាំងស្រុង។
ជាបន្តបន្ទាប់ ទោះបីកម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងបារីសនៅឆ្នាំ១៩៩១ និងបានរៀបចំការបោះឆ្នោតលើកទី១ ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរហូតហើយកត្តានេះ គឺជាមូលហេតុដែលជំរុញឱ្យខ្ញុំដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបញ្ចប់សង្គ្រាមរ៉ាំរៃ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ជាមួយនឹងលក្ខខណ្ជាអាទិភាពសំខាន់ ៣ យ៉ាង គឺ
ទី១. ការធានាថា បុគ្គលគ្រប់រូបអាចបន្តរស់រានមានជីវិត ទី២. ការធានាថាបុគ្គលគ្រប់រូបមានការងារ និងមុខរបរចិញ្ចឹមជីវិត
ទី៣• ការធានាការការពារនូវទ្រព្យសម្បត្តិរបស់ពួកគេទាំងអស់គ្នា ។
ការអនុវត្តដោយជោគជ័យនូវ «នយោបាយ ឈ្នះ-ឈ្នះ» នេះបានបញ្ចប់ជាស្ថាពរនូវសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជា និងបាននាំមកនូវសន្តិភាពពេញលេញ ព្រមទាំងការឯកភាពជាតិ និងឯកភាពទឹកដីទាំងស្រុងនៅចុងឆ្នាំ ១៩៩៨ ។ នេះ គឺជាសន្តិភាព និងការបង្រួបបង្រួមជាតិ ដែលសម្រេចបានមកដោយកម្ពុជាខ្លួនឯងផ្ទាល់ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធ ឬ គ្រាប់រំសេវ និងដោយគ្មានការបង្គាប់បញ្ជា ឬ ការជួយជ្រោមជ្រែងពីខាងក្រៅ។ ជាការពិតស្ថានភាពដូច្នេះពុំធ្លាប់កើតមានឡើយ ក្នុងរយៈពេលជាង ៥០០ ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រកម្ពុជា ដែលប្រជាជាតិយើងទាំងមូលស្រុះស្រួលគ្នា រស់នៅក្រោមដំបូលនៃរដ្ឋធម្មនុញ្ញតែមួយ ក្រោមការគ្រប់គ្រងរបស់រាជរដ្ឋាភិបាលតែមួយ ដោយគ្មានការបែងចែកកងកម្លាំងប្រដាប់អាវុធ និងតំបន់ត្រួតត្រាផ្សេងៗគ្នា ហើយប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយរួមរស់ជាមួយគ្នាក្នុងសុខសន្តិភាពនិងស្ថិរភាពយ៉ាងសុខដុមរមនាក្រោមម្លប់នៃ ព្រះរាជបល្ល័ង្ក និងព្រះមហាក្សត្រតែមួយអង្គជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ ហើយការអភិវឌ្ឍប្រកបដោយសមធម៌ និងបរិយាប័ន្ន គឺជាលក្ខខណ្ចាំបាច់សម្រាប់ការពង្រឹង និងការធានាឱ្យបាននូវសុខសន្តិភាពនិងស្ថិរភាពសង្គម។ សន្តិភាពដែលកម្ពុជាមានបច្ចុប្បន្ន គឺជាបទពិសោធន៍មួយរបស់ប្រទេសកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយសារសង្គ្រាម ហើយបច្ចុប្បន្នកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរមុខមាត់ថ្មីគួរជាទីមោទនៈ។
ជាការពិត កាលពីជាង ២ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើអាវុធដណ្តើមអំណាចគ្នា ហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាង
ទៀងទាត់ សេរីនិងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយ
ជាប្រទេស ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ ។
បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។
ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រគឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២ ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០
%ក្នុងឆ្នាំ ២០១៩ ។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។
ចំណែកវិស័យអប់រំ និងការថែទាំសុខភាពសាធារណៈ ក៏កាន់តែមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សុខសន្តិភាពពិភពលោក តាមរយៈការបពានកងរក្សាសន្តិភាព និងក្រុមដោះមីន ទៅកាន់ប្រទេសនានាលើសកលលោកក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។
ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជន សូមបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកលរួមមាន៖ ១. ភាពជ្រុលនិយមនិងចលនាជ្រុលនិយម ២. ការគាំពារនិយម និងឯកតានិយម ៣. ការប្រែប្រួលធាតុអាកាស ៤. ឧក្រិដ្ឋកម្មឆ្លងដែននិងការជួញដូរមនុស្ស ៥. ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និង ៦. វិសមភាព
សង្គម- សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ។
ទន្ទឹមនេះ ខ្ញុំសូមអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តាឡើងវិញនូវប្រព័ន្ធពហុភាគីអន្តរជាតិដែលបើកចំហប្រកបដោយបរិយាបន្ន និងគោរពយ៉ាងខ្លាប់ខ្លួននូវគោលការណ៍ច្បាប់ ដើម្បីបណ្តុះបណ្ហាលថ្នាលសង្គមមួយជាមួយនឹងចក្ខុវិស័យនិងទស្សនាទានថ្មីៗប្រកបដោយប្រសិទ្ធភាព
និងភាពច្នៃប្រឌិត ដែលជាតម្លៃសកលសម្រាប់មនុស្សជាតិ។
ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កម្ពុជា នឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកមួយ ដែលប្រជាជនគ្រប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា។
ជាទីបញ្ចប់ ជាមួយនឹងការប្រកាសបើក កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ ២០១៩- កម្ពុជា ជាផ្លូវការនាពេលនេះ ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំទទួលបានលទ្ធផលជាផ្លែផ្កា និងសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិអន្តរជាតិ សូមទទួលបាននូវសុខភាពបរិបូរណ៍ជាមួយនឹងសេចក្តីសុខសេចក្តីចម្រើន និងសម្រេចបានជោគជ័យគ្រប់ភារកិច្ច៕