Monday, August 24, 2020

ថ្នាក់ដឹកនាំមេគង្គ-ឡានឆាង ប្តេជ្ញារួមគ្នាដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំងឺកូវីដ-១៩ និងបញ្ហាផ្សេងៗទាំងក្នុងកម្រិតតំបន់និងសាកល

 នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងលើកទី៣ តាមរយៈប្រព័ន្ធវីដេអូ ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម»។

នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ថ្នាក់ដឹកនាំទាំងអស់បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសជាសមាជិក ក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ដោយឈរលើស្មារតីសាមគ្គីភាព ការគាំទ្រ និងជួយគ្នាទៅវិញទៅមក ការចែករំលែកព័ត៌មានទាន់ពេលវេលាអំពីការផ្ទុះនៃជំងឺ និងគោលការណ៍ណែនាំបច្ចេកទេសសម្រាប់ការបង្ការ គ្រប់គ្រង ការធ្វើរោគវិនិច្ឆ័យ និងាករព្យាបាល។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលរបស់ក្រសួងការបរទេស បានបញ្ជាក់ថា ថ្នាក់ដឹកនាំទាំងអស់ បានបញ្ជាក់សារជាថ្មីនូវឆន្ទៈដ៏មោះមុត និងការប្តេជ្ញារួមគ្នា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្នុងការដោះស្រាយផលប៉ះពាល់ដ៏ធ្ងន់ធ្ងរដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ-១៩ ក៏ដូចជាដោះស្រាយបញ្ហាផ្សេងៗទាំងក្នុងកម្រិតតំបន់និងសាកល សំដៅធានាឱ្យបាននូវការងើបឡើងវិញនៃការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ប្រកបដោយក្តីសង្ឃឹមខ្ពស់ក្រោយពីវិបត្តិនេះត្រូវបានបញ្ចប់៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖










បទអន្តរាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន លើកទី៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ

 

បទអន្តរាគមន៍ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន លើកទី៣ ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ








រយៈពេល៧ថ្ងៃ ខេត្តកំពង់ឆ្នាំង ទទួលបានភ្ញៀវទេសចរណ៍ចំនួន ៦៦ ៧០០នាក់ មកលេងកំសាន្តនៅតាមរមណីយដ្ឋាននានា

 កំពង់ឆ្នាំង៖ នៅក្នុងឱកាសឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រួមទាំងថ្ងៃឈប់សម្រាកចុងសប្តាហ៍ មានភ្ញៀវទេសចរណ៍ មកលេងកំសាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង មានចំនួន ៦៦ ៧០០នាក់ ដោយមានភាពសប្បាយរីករាយ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ភ្ញៀវទេសចរណ៍ជាតិដែលមកលេងកំសាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង មាន៖ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ថ្មក្រាល រមណីយដ្ឋានធម្មជាតិទឹកធ្លាក់អន្លង់ស្វាយ រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ស្រែអំពិល រមណីយដ្ឋានទំនប់ទឹកគង្គារ រមណីយដ្ឋានទំនប់អាចាំង រមណីយដ្ឋានទំនប់២០ឧសភា រមណីយដ្ឋានGreen Resort និងរមណីដ្ឋានធម្មជាតិភ្នំព្រះធាតុ។ លោក សេង សាលី បានបញ្ជាក់បន្ថែមទៀតថា គ្រប់រមណីដ្ឋានទាំងអស់ដែលភ្លៀវមកលេងកម្សាន្ត ធានាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ មិនមានបញ្ហាអ្វីកើតឡើងនោះឡើយ ក្នុងរយៈពេល៧ថ្ងៃនេះ។

សូមជម្រាបជូនផងដែរថា ក្រុមការងារនៃមន្ទីរទេសចរណ៍ខេត្ត សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង អាជ្ញាធរមូលដ្ឋាន បានអប់រំផ្សព្វផ្សាយ និងចែកខិតប័ណ្ណ ពីវិធីបង្ការការឆ្លងនៃជំងឺកូវីដ១៩ នៅតាមរមណីយដ្ឋានដែលភ្លៀវទេសចរណ៍មកលេងកម្សាន្តផងដែរ៕






កិច្ចអន្តរាគមន៍សម្របសម្រួលករណីទំនាស់ដីធ្លីស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល

 កោះកុង៖ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២២០ លោក សុខ សុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំសម្របសម្រួលករណីទំនាស់ដីធ្លីរវាងលោកស្រីឡាន់ តួង (លោកស្រី ភី តន ជាតំណាង) និងលោកស្រី ញ៉ូង អូន ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុក ស្រែអំបិល ខេត្តកោះកុង។

នៅក្នុងកិច្ចប្រជុំនេះ លោក សុខ សុទ្ធី អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំ បានអញ្ជើញភាគីម្ខាងៗចូលជួបម្តងម្នាក់ ដោយមានការចូលរួមពីមេភូមិត្រពាំង មេឃុំស្រែ អំបិល មន្ត្រីការិយាល័យភូមិបាលស្រុក និងអភិបាល ស្រុកអំបិល។

ករណីទំនាស់ដីធ្លីនេះ គឺកើតមានឡើងរវាងម្តាយក្មេក ឈ្មោះ ឡាន់ តួង (ស្លាប់) បានធ្វើការបែងចែកដីមួយកន្លែងនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ជូនប្តីប្រពន្ធលោកស្រី ញ៉ូង អូន (ដីកំពុងរស់នៅសព្វថ្ងៃ) ប៉ុន្តែប្តីប្រពន្ធនេះបានលែងលះគ្នា ហើយលោកស្រី ភី តន ជាកូនឈ្មោះ ឡាន់ តួង បានស្នើសុំការអន្តរាគមន៍ពីរដ្ឋបាលខេត្តដើម្បីប្រគល់ដីនោះទៅប្អូនប្រុសរបស់លោក ស្រី ត្រូវជាអតីតប្តីលោកស្រី ញ៉ូង អូន។

នៅករណីនេះ រដ្ឋបាលឃុំស្រែអំបិល និងរដ្ឋបាលស្រុកស្រែអំបិល ធ្លាប់បានធ្វើការសម្របសម្រួលជាច្រើនដងរួចមកហើយ ប៉ុន្តែលោកស្រី ភី តន មិនយល់ព្រម ហើយក៏បន្តស្នើសុំអន្តរាគមន៍ទៅរដ្ឋបាលខេត្ត។ ករណីនេះនឹងរង់ចាំការដោះស្រាយបន្តលើកក្រោយទៀត៕



លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ទស្សនៈសំខាន់ៗសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

 នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន៣ចំណុច សម្រាប់ការអភិវឌ្ឍ នាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ឆ្នាំ២០២០ បានរៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ដោយមានប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ ក្នុងនោះលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចែករំលែកទស្សនៈដូចតទៅ៖
ទី១៖ ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់របស់យើងគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពនឿនការរៀបចំ និងការសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ផ្នែកឧស្សាហកម្ម និងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រឹងការធ្វើសមាហរណកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ នៃអនុតំបន់របស់យើងចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង រយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ លោកសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហប្រធាន។

ទី២៖ អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងសានយ៉ា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿជាក់ថានេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយដើម្បីធានានូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជាក់ស្តែង ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ២០១៦មក កម្ពុជាបានទទួលគម្រោងចំនួន៥៥ ដែលគ្របដណ្ដប់លើសកម្មភាពសហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនយើងទាំងអស់គ្នា។

ទី៣៖ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ យើងត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ជាពិសេសគឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់របស់យើង។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ចំពោះពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យការងាររបស់ លោកនាយករដ្ឋមន្ត្រី លី កឺឈាង (Li Keqiang) និងគាំទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន៤ រួមមាន៖ ១៖ ការតភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី, ២៖ កិច្ចសហប្រតិបត្តិការធនធានទឹក, ៣៖ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យ កសិកម្ម និងបរិស្ថាន និង៤៖ ការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង៕









អ្នកឆ្លង COVID-19 លើពិភពលោកកើនដល់ជាង ២៣.៥លាននាក់ ស្លាប់ជាង ៨១ម៉ឺននាក់ និងជាសះស្បើយជាង ១៦លាននាក់!

 (បរទេស)៖ គិតត្រឹមម៉ោង ៧ព្រឹកថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២០នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៣,៥៧៧,៦០៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៨១២,១៨១នាក់ និងជាសះស្បើយឡើងវិញ ១៦,០៧៥,២៨៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៥,៨៧៤,១០៦នាក់ ស្លាប់ចំនួន ១៨០,៦០៤នាក់ និងជាសះស្បើយចំនួន ៣,១៦៧,០២៣នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីលមានអ្នកឆ្លង ៣,៦០៥,៧៨៣នាក់ ស្លាប់ចំនួន ១១៤,៧៧២នាក់ និងជាសះស្បើយ ២,៧០៩,៦៣៨នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសឥណ្ឌា។ ឥណ្ឌា មានអ្នកឆ្លង ៣,១០៥,១៨៥នាក់ ស្លាប់ ៥៧,៦៩២នាក់ និងជាសះស្បើយ ២,៣៣៦,៧៩៦នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖



សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន លើកទី៣

 

សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាន លើកទី៣ (3rd Mekong-Lancang Cooperation Summit) ថ្ងៃទី ២៤ ខែ សីហា ឆ្នាំ ២០២០ តាមរយៈប្រព័ន្ធវីដេអូ