Monday, August 24, 2020

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់ទស្សនៈសំខាន់ៗសម្រាប់ការអភិវឌ្ឍនាពេលអនាគតរបស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

 នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចូលរួមចែករំលែកនូវទស្សនៈផ្ទាល់ខ្លួនចំនួន៣ចំណុច សម្រាប់ការអភិវឌ្ឍ នាពេលអនាគត របស់កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ក្នុងកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាង ឆ្នាំ២០២០ បានរៀបចំឡើងក្រោមមូលបទ «ពង្រឹងភាពជាដៃគូ ដើម្បីវិបុលភាពរួម» ដោយមានប្រទេសឡាវធ្វើជាម្ចាស់ផ្ទះរៀបចំនូវកិច្ចប្រជុំ ក្នុងនោះលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន បានធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចែករំលែកទស្សនៈដូចតទៅ៖
ទី១៖ ក្នុងបរិការណ៍ដែលកំណើនសេដ្ឋកិច្ចសកលមានការធ្លាក់ចុះ ការបង្កើត និងរក្សាឱ្យបាននូវប្រភពកំណើនថ្មីនៅក្នុងអនុតំបន់របស់យើងគឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។ ដូចនេះ យើងត្រូវខិតខំពនឿនការរៀបចំ និងការសម្រេចឱ្យបាននូវខ្សែក្រវាត់អភិវឌ្ឍន៍សេដ្ឋកិច្ចមេគង្គ-ឡានឆាង (ML EDB) ដែលនឹងក្លាយជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសម្រាប់អនុតំបន់យើង។ ការលើកកម្ពស់នូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព ព្រមទាំងការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ ផ្នែកឧស្សាហកម្ម និងជំរុញបន្ថែមទៀត នូវពាណិជ្ជកម្មឆ្លងកាត់ព្រំដែន និងពង្រឹងការធ្វើសមាហរណកម្ម ខ្សែច្រវាក់ផ្គត់ផ្គង់ នៃអនុតំបន់របស់យើងចូលទៅក្នុងខ្សែច្រវាក់តម្លៃសកល។ ជាមួយគ្នានេះ ការធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏នឹងជួយលើកកម្ពស់ភាពប្រកួតប្រជែង រយៈពេលវែងនៃអនុតំបន់របស់យើងផងដែរ។ ក្នុងន័យនេះ លោកសូមគាំទ្រនូវវិធានការទាំងឡាយ ដែលមានចែងនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហប្រធាន។

ទី២៖ អស់រយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីកិច្ចប្រជុំកំពូលនៅទីក្រុងសានយ៉ា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជឿជាក់ថានេះគឺជាពេលវេលាសមស្របមួយ ដែលយើងត្រូវផ្តួចផ្តើមធ្វើការវាយតម្លៃ ដោយផ្អែកលើប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់មួយដើម្បីធានានូវប្រសិទ្ធភាព នៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង។ ជាក់ស្តែង ចាប់តាំងពីពេលដែលដាក់ឱ្យដំណើរការនូវមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការនេះ ក្នុងឆ្នាំ២០១៦មក កម្ពុជាបានទទួលគម្រោងចំនួន៥៥ ដែលគ្របដណ្ដប់លើសកម្មភាពសហប្រតិបត្តិការជាក់លាក់ ហើយយើងមានជំនឿថា បាននាំមកនូវការអភិវឌ្ឍជាក់ស្តែង និងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខុមាលភាព របស់ប្រជាជនយើងទាំងអស់គ្នា។

ទី៣៖ ពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលជាប្រធានបទដ៏ក្តៅបំផុតក្នុងឆ្នាំ២០២០ យើងត្រូវបង្ហាញពីសាមគ្គីភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងការប្រយុទ្ធប្រឆាំងនឹងសត្រូវរួមនេះដើម្បីធានាថាជំងឺនេះនឹងមិនបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសុខភាពសាធារណៈរបស់ជាតិយើង ជាពិសេសគឺមិនបំផ្លាញអនាគតប្រកបដោយវិបុលភាពសម្រាប់តំបន់របស់យើង។ នៅក្នុងបរិការណ៍នេះ ការលើកកម្ពស់ឱ្យកាន់តែស៊ីជម្រៅ នូវសមាហរណកម្មតំបន់ និងពហុភាគីនិយមប្រកបដោយប្រសិទ្ធភាព គឺជាអាទិភាពពិសេស ២បន្ថែមទៀត នៃសកម្មភាពរួមរបស់យើង។ ជាមួយគ្នានេះដែរ សម្តេចតេជោក៏សូមវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មិត្តចិនក្នុងការផលិតវ៉ាក់សាំង និងការប្តេជ្ញាចិត្តផ្តល់វ៉ាក់សាំងនេះ ក្នុងថ្លៃមួយសមស្រប សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

ចំពោះពាក់ព័ន្ធនឹងអនាគតនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្ដែងនូវការវាយតម្លៃខ្ពស់ ចំពោះចក្ខុវិស័យការងាររបស់ លោកនាយករដ្ឋមន្ត្រី លី កឺឈាង (Li Keqiang) និងគាំទ្រនូវសំណើរបស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងវិស័យអាទិភាពចំនួន៤ រួមមាន៖ ១៖ ការតភ្ជាប់តាមរយៈការកសាងខ្សែក្រវាត់អភិវឌ្ឍសេដ្ឋកិច្ចមេគង្គ-ឡានឆាង និងការជំរុញសហថាមភាពជាមួយនឹងច្រករបៀងពាណិជ្ជកម្ម តាមដី-សមុទ្រអន្តរជាតិថ្មី, ២៖ កិច្ចសហប្រតិបត្តិការធនធានទឹក, ៣៖ ការអភិវឌ្ឍប្រកបដោយចីរភាពក្នុងវិស័យ កសិកម្ម និងបរិស្ថាន និង៤៖ ការលើកកម្ពស់សុខភាពសាធារណៈ តាមរយៈការបង្កើតឡើងនូវសហគមន៍សុខភាពសាធារណៈមេគង្គ-ឡានឆាង៕









No comments:

Post a Comment