Saturday, June 17, 2017

(សូមទស្សនាវីដេអូ) ទស្សនវិភាគ៖ ក្រៅពីកញ្ចប់ថវិកា ៥០ ម៉ឺនដុល្លារ នៅមានសន្យាពី​តម្លៃកសិផល និងមីក្រូហិរញ្ញវត្ថុ



នៅពេលបោះឆ្នោតសម្រាប់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច គិតសំខាន់ជាងគេ គឺការរក្សាបាននូវស្ថិរភាព សន្តិភាព ដែលផ្ទុយពីគណបក្សនយោបាយក្រៅរដ្ឋាភិបាលជាពិសេសគណបក្សសង្គ្រោះជាតិដែលគិតតែពីរឿងឈ្នះការបោះឆ្នោតតែមួយមុខប៉ុណ្ណោះ។ ហេតុដូច្នេះហើយបានជាបក្សនេះបានសន្យាផ្តល់នូវអ្វីៗធំសម្បើមដែលមិនអាចធ្វើទៅបានងាយដើម្បីទាក់ទាញសន្លឹកឆ្នោតរបស់ប្រជាពលរដ្ឋ។

ការប្រកាសលទ្ធផលបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ នេះនឹងធ្វើឡើងនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧ ហើយក្រុមប្រឹក្សាឃុំ សង្កាត់ថ្មីនឹងចូលជំនួសក្រុមប្រឹក្សាឃុំសង្កាត់ចាស់។ យោងតាមលទ្ធផលក្រៅផ្លូវការ គណបក្សប្រជាជនកម្ពុជាឈ្នះការគ្រប់គ្រងឃុំជាង ៧០% ប្រមាណ ១១៦០ ឃុំសង្កាត់ ហើយគណបក្សសង្គ្រោះជាតិនឹងគ្រប់គ្រងឃុំសង្កាត់ ៣០% ប្រមាណ ៤៨០ ឃុំសង្កាត់ ។ ឃុំសង្កាត់នីមួយនឹងប្រកួតគ្នាអនុវត្តការងារបម្រើប្រជាពលរដ្ឋ ហើយអនុវត្តតាមកម្មវិធីនយោបាយដែលខ្លួនបានឃោសនាសន្យាជាមួយរាស្ត្រម្ចាស់ឆ្នោត។ សម្រាប់គណបក្សប្រជាជន នឹងបន្តការអភិវឌ្ឍឃុំសង្កាត់ខ្លួនបន្ថែមទៀត។

ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិដែលបានសន្យាខ្ពស់ក្នុងនោះមានការផ្តល់កញ្ចប់ថវិកា ៥០ម៉ឺនដុល្លារក្នុងមួយឃុំសង្កាត់ដែលខ្លួនឈ្នះ ការស្វែងរកតម្លៃសម្រាប់កសិផលដែលបានសន្យាថានឹងរកឱ្យបានល្អពេលខ្លួនជាប់ឆ្នោត ការលុបបំបាត់ចោលបញ្ហាគ្រឿងញៀន ពេលខ្លួនជាប់ជាមេឃុំចៅសង្កាត់ គឺជារឿងដែលប្រជាពលរដ្ឋរង់ចាំទទួលភ្លាមៗ បន្ទាប់មកគឺរឿងលុបបំណុលពីគ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារ ខណៈនៅតំបន់ខ្លះបេក្ខជនបក្សសង្គ្រោះជាតិត្រូវគេរាយការណ៍ថាបានដើរខ្សឹបប្រាប់អ្នកបោះឆ្នោតថា បើឈ្នះនឹងលុបបំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារចោល។ បើធ្វើមិនបាននោះប្រជាពលរដ្ឋនឹងមើលឃើញហើយ ថាតើបោកប្រាស់ ឬមិនបោកប្រាស់។ មេឃុំចៅសង្កាត់ថ្មីសូមត្រៀមឆ្លើយសំណួរទាំងនេះពីពលរដ្ឋក្នុងឃុំសង្កាត់ខ្លួនផង។

ដោយ៖ ចៅ ចាក់ស្មុក