Friday, November 11, 2022

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក


នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ  ក្លាស ស្វាប់​ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ។

ក្នុងជំនួបនេះ សាស្ត្រាចារ្យ  ក្លាស ស្វាប់​ (Klaus Schwab) បានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំនៅរាជធានីភ្នំពេញ  ហើយបានគោរពជម្រាបជូនសម្តេចតេជោថា លោកបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំងលើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍របស់ពួកគេលើបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងន័យនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់​ សូមគោរពសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះការអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស និងសក្កានុពលសម្រាប់ការអភិវឌ្ឍន៍កម្ពុជាកាន់តែខ្លាំងថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ សាស្ត្រាចារ្យ ក្លាស ស្វាប់​ ដែលបានយល់ព្រមអញ្ជើញមកចែករំលែកធាតុចូលនៅពេលដែលកម្ពុជាកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជាច្រើនដ៏ទៃទៀត៕









ទីម័រឡេស្តេ ចេញសេចក្តីថ្លែងការណ៍ សម្តែងភាពរីករាយចំពោះការសម្រេចជាគោលការណ៍របស់មេដឹកនាំអាស៊ាន ក្នុងការអនុញ្ញាតឱ្យទីម័រចូលជាសមាជិកអាស៊ាន ទី១១



(ភ្នំពេញ)៖ រដ្ឋាភិបាលទីម័រឡេស្ត នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងភាពរីករាយចំពោះការសម្រេចជា គោលការណ៍របស់មេដឹកនាំអាស៊ាន ក្នុងការអនុញ្ញាតឱ្យទីម័រចូលជាសមាជិកអាស៊ាន ទី១១ ហើយប្តេជ្ញាអនុវត្ត ដើម្បីក្លាយជាសមាជិកពេញសិទ្ធិ ឆាប់ៗនេះ។

តាមសេចក្ដីថ្លែងការណ៍ របស់រដ្ឋាភិបាលទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្ដេរ ដែលបានប្រកាសទទួលយកទីម័រឡេស្តេជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។

«យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការ ត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេ ដោយរួមបញ្ចូលទាំងការឈានទៅ សម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិត ទាំងបីរបស់អាស៊ាន»។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ទីម័រ។

រដ្ឋាភិបាលទីម័រក៏បានស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្តល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធិដល់ទីម័រឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទី ចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

រដ្ឋាភិបាលទីម័រឡេស្តេ សូមទទួលស្គាល់ និងសូមសំដែងនូវការអរគុណចំពោះការបន្តផ្ដល់ជំនួយ និងការគាំទ្រ ដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ ការគាំទ្រឥតងាក ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការ ផ្តល់ជំនួយកសាងសមត្ថភាពនានា៕




សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ចាំង​ មីង​ (Zhang Ming) អគ្គលេខាធិការនៃអង្គការកិច្ចសហប្រតិបត្តិការសៀងហៃ​។ 

ក្នុងជំនួបនេះ ឯកឧត្តម ចាំង​ មីង​ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោនាយកដ្ឋមន្ត្រី​ ដែលបានអញ្ជេីញឯកឧត្តម ចូលរួមកិច្ចប្រជុំក្នុងរាជធានីភ្នំពេញ​។  ឯកឧត្តម​ ចាំង​ មីង​ បានគោរពសម្តែង​ការកោតសរសេីរ​ និងបានអបអរសាទរជូនសម្តេចតេជោ​ ដែលបានដឹកនាំប្រទេសកម្ពុជាមានការរីកចម្រេីនបានយ៉ាងឆាប់រហ័ស​  និងកំពុងដឹកនាំកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ​ ព្រះរាជាណាចក្រកម្ពុជាយ៉ាងជោគជ័យ។ 

ឯកឧត្តម ចាំង​ មីង​ បានមានប្រសាសន៍គោរពជម្រាបជូនសម្តេចតេជោថា​ ​ អង្គការកិច្ចសហប្រតិបត្តិការសៀងហៃរីករាយចូលរួមកិច្ចសហប្រតិបត្តការណ៍​ ជាមួយអាស៊ាន​ ហេីយក៏ត្រៀមខ្លួនដេីម្បីចូលរួមជាមួយអាស៊ាន​ ប្រឈមជាមួយនឹងរាល់បញ្ហាទាំងឡាយស្ថិតនៅចំពោះមុខ​ ។ 

ជាការឆ្លេីយតប​ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណចំពោះ​ ឯកឧត្តម ចាំង​ មីង​ ដែលបានទទួលការអញ្ជេីញមកកម្ពុជាដេីម្បីចូលរួមចែករំលែកជាធាតុចូលក្នុងវេទិការកិច្ចសន្ទនា​អាស៊ានជាសកលលេីកទី២៕















សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តមប្រធានាធិបតី កូរ៉េខាងត្បូង

 នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម យូន សកយ៉ល (Yoon Suk-yeol) ប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងឱកាសដែល ឯកឧត្តម និងលោកជំទាវ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូល អាស៊ាន-កូរ៉េ។ 

ក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាដោយយកចិត្តទុកដាក់ ទាំងបញ្ហាតំបន់ផង និងបញ្ហាទ្វេភាគីផង។ ឯកឧត្តម ប្រធានាធិបតីកូរ៉េខាងត្បូង បានសំដែងនូវការគាំទ្រ និងពេញចិត្តចំពោះមជ្ឍភាពអាស៊ាននាពេលនេះ។ ឯកឧត្តម បានសម្ដែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកូរ៉េខាងត្បូង និងប្រទេសកម្ពុជា ជាពិសេសទៅលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ រវាងប្រទេសទាំងពីរ។ 

ឯកឧត្តមបានបន្តថា ប្រទេសយើងទាំងពីរមានទំនាក់ទំនងល្អនឹងគ្នាជាច្រើន ដូចជា ទំនាក់ទំនងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល វិស្ស័យឯកជន និងឯកជន រវាងប្រជាជន និងប្រជាជន ហើយក្នុងរយៈពេលត្រឹមតែ២៥ឆ្នាំតែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានការកើនឡើងជាង២០ដង។

 ក្នុងន័យនេះ ឯកឧត្តមប្រធានាធិបតី បានជម្រាបជូនសម្ដេចតេជោថា កូរ៉េចាត់ទុកការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា ក្នុងន័យនេះ ជំនួយក្រៅប្រទេសរបស់កូរ៉េ មកកម្ពុជាត្រូវបានបង្កើនឡើងបន្ថែមទៀត សម្រាប់ជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ ជាពិសេសកូរ៉េ នឹងជំរុញអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀតនៅពេលខាងមុខ និងពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ជាពិសេសដើម្បីចាប់យកឱកាសតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ការមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរជាដើម៕

 


សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំអាស៊ាន-ចិន បើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥

 

នៅរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) ដែលរៀបនៅសណ្ឋាគារ សុខាភ្នំពេញ។

កិច្ចប្រជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកិច្ចប្រជុំ និងឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្ត្រីចិន ជាសហប្រធានដឹកនាំកិច្ចប្រជុំ។

កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ក្នុងនោះក៏មានការចូលរួមពី ឯកឧត្តម លឹម ចុកហ៊យ អគ្គលេខាធិការអាស៊ាន ផងដែរ។

សូមបញ្ជាក់ថា ចិន បានក្លាយទៅជាដៃគូសន្ទនារបស់អាស៊ាន កាលពីឆ្នាំ១៩៩១។ កាលពីឆ្នាំ២០២១ អាស៊ាន និងចិន បានរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងនេះ។ ក្នុងកិច្ចប្រជុំនោះ មេដឹកនាំអាស៊ាន និងចិន បានសម្រេចបង្កើនកម្រិតទំនាក់ទំនងរវាងអាស៊ាន និងចិន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយទទួលស្គាល់ថា ទំនាក់ទំនងអាស៊ាន-ចិន គឺស្ថិតក្នុងចំណោមទំនាក់ទំនង ដែលប្រកបដោយថាមវន្តបំផុត មានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងបានរួមចំណែកដល់ការថែរក្សាសន្តិភាព ស្ថិរភាព អភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានដាក់សំណើ៥ចំណុចទៅកាន់អាស៊ាន ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ចិន។ សំណើទាំង៥ចំណុចនោះរួមមាន៖

១-កសាងផ្ទះដែលប្រកបដោយសន្តិភាពជាមួយគ្នា ខណៈដែលចិនត្រៀមជាស្រេចក្នុងការធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យការពារជាតិ ឱក្រិដ្ឋកម្មឆ្លងដែន និងក្នុងការចុះហត្ថលេខាលើពិធីសារចំពោះសន្ធិសញ្ញាស្តីពី តំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ។

២-កសាងផ្ទះមួយដែលមានសន្តិសុខជាមួយគ្នា ជាមួយការប្តេជ្ញាចិត្តរបស់ចិន ដើម្បីគាំទ្រចំពោះរបាំងការពារសុខភាពអាស៊ាន និងពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ។

៣-កសាងផ្ទះដែលមានវិបុលភាពជាមួយគ្នា ខណៈចិន និងផ្តល់គម្រោងវិនិយោគសម្រាប់ការអភិវឌ្ឍក្នុងទំហំទឹកប្រាក់ ១.៥ប៊ីលានដុល្លារអាមេរិក សម្រាប់រយៈពេល៣ឆ្នាំ និងត្រៀមជាស្រេចក្នុងការធ្វើការជាមួយអាស៊ាន ដើម្បីទាញយកផលប្រយោជន៍ពេញលេញភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP ) និងពីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិនដែលបានកែសម្រួលរួច និងក្នុងការបង្កើនការគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស។

៤-កសាងផ្ទះដ៏ស្រស់ស្អាតមួយជាមួយគ្នា ដោយផ្តោតកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយលើការអភិវឌ្ឍបៃតង និងសេដ្ឋកិច្ចពណ៌ខៀវ នៅក្នុងចំណោមកិច្ចសហប្រតិបត្តិការផ្សេងៗ។

៥-កសាងផ្ទះមួយប្រកបដោយមេត្រីភាពជាមួយគ្នា តាមរយៈការលើកកម្ពស់វិស័យទេសចរណ៍ ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជន ជាពិសេសក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំវ័យក្មេង៕

មេដឹកនាំអាស៊ាន ចាប់ផ្តើមបើកកិច្ចប្រជុំកំពូលអាស៊ាន (កិច្ចប្រជុំចង្អៀត) លើកទី៤១


(ភ្នំពេញ)៖ មេដឹកនាំអាស៊ាន នៅវេលាម៉ោង ១០៖៣០ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ (កិច្ចប្រជុំចង្អៀត) [41th ASEAN Summit (Retreat Session)] ក្រោមការអញ្ជើញជាអធិបតីភាពដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ានប្តូរវេន។

កិច្ចប្រជុំនេះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានអាស៊ាន។ កិច្ចប្រជុំនេះ ក៏មានការយាង និងអញ្ជើញចូលរួម ពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃ​ប្រ​ទេសប្រ៊ុយណេ​ដា​រូ​សាឡឹម, លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្ត្រីថៃ, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក លោក Tan Sri Datuk Azhar Azizan Harun ប្រធានសភាម៉ាឡេស៊ី តំណាងឱ្យនាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ដោយឡែកប្រទេសមីយ៉ាន់ម៉ា មិនមានតំណាងចូលរួមនោះឡើយ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលរៀបចំឡើងជាលើកទី៣ នៅកម្ពុជាក្នុងនាមជាប្រធានប្តូរវេន បាននិងកំពុង រៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

ព្រឹត្តិការណ៍កិច្ចប្រជុំកម្រិតកំពូលដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេល ៤ថ្ងៃនេះ រួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី២៥ ,កិច្ចប្រជុំកំពូលរំលឹកខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលរំព្ញកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា និង កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៉ីបូព៌ា (អាស៊ាន១០ ចិន អាមេរិក រុស្ស៉ី ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ឥណ្ឌា នូវ៉ែលហ្សេឡង់) លើកទី១៧។

ថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន ក៏នឹងអញ្ជើញចូលរួមកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្តីពីការស្តារឡើងវិញក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះ នឹងមានការអញ្ជើញចូលរួមពីប្រធានអង្គការអន្តរជាតិសំខាន់ៗមួយចំនួន ហើយថ្នាក់ដឹកនាំនៃដៃគូសន្ទនាអាស៊ានមួយចំនួន ក៏រំពឹងថានឹងចូលរួមក្នុងកិច្ចសន្ទនានេះផងដែរ។

សូមបញ្ជាក់ថា ឆ្នាំ២០២២នេះ គឺជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»៕