Monday, November 18, 2019

រសៀលថ្ងៃនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកចូលជួបសំណេះសំណាល មុនចេញទៅប្រកួតកីឡាស៊ីហ្គេម

នៅម៉ោង៤ល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីលោក នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ការអនុញ្ញាតរបស់លោកនាយករដ្ឋមន្ដ្រីខាងលើ មិនត្រឹមតែបង្កើនភាពស្និទ្ធស្នាល និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់កីឡាករ-កីឡាការិនីគ្រប់រូបនោះទេ គឺថែមទាំងផ្ដល់នូវភាពកក់ក្ដៅ និងកម្លាំងចិត្តមួយដ៏ពិសេស សម្រាប់អត្តពលិកគ្រប់ប្រភេទកីឡា ក្នុងការពង្រឹងស្មារតី និងឆន្ទៈប្រកួតប្រជែងកាន់តែមុះមុតថែមទៀតផង ។
គួរបញ្ជាក់ថា រាល់ពេលអត្តពលិកកម្ពុជា ត្រៀមចេញទៅចូលរួមប្រកួតហ្គេមផ្លូវការ ដូចជាស៊ីហ្គេម អាស៊ីហ្គេម និងអូឡាំពិកហ្គេមជាដើម មុនចេញដំណើរ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងអនុញ្ញាតឲ្យប្រតិភូ និងអត្តពលិកទាំងអស់ ចូលជួបសម្ដែងការគួរសម និងសំណេះសំណាលជានិច្ច ពិសេសលោកតែងរំឭកដល់កីឡាករ-កីឡាការិនី ត្រូវគោរពឲ្យបាននូវក្រមសីលធម៌ បទបញ្ជាការប្រកួត និងមិនត្រូវប្រើប្រាស់សារធាតុហាមឃាត់ឡើយ ដើម្បីរក្សាកិត្តិយស និងសេចក្ដីថ្លៃថ្នូរបស់ប្រទេសជាតិ ។
ចំពោះបេសកកម្មប្រកួតកីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន នាពេលឆាប់ៗខាងមុខ កម្ពុជាបានត្រៀមបញ្ជូនថ្នាក់ដឹកនាំ មន្ដ្រីកីឡា គ្រូបង្វឹក អាជ្ញាកណ្ដាល និងកីឡាករ-កីឡាការិនីសរុបប្រមាណ ៤០០នាក់ លើ ៣០ប្រភេទកីឡា ទៅចូលរួមប្រកួតប្រជែងដណ្ដើមមេដាយជូនជាតិ ក្នុងនោះមានដូចជាកីឡាតេក្វាន់ដូ WT, ប៉េតង់, ជឺជិតស៊ូ, ប្រដាល់គុនខ្មែរ, សីដក់, ប្រដាល់សកល, វាយកូនបាល់, ល្បុក្កតោ, ចំបាប់, បាល់ទះឆ្នេរខ្សាច់, បាល់ទាត់ U22, បាល់បោះ, អត្តពលកម្ម, ហែលទឹក, កាយសម្ព័ន្ធ, វាយកូនឃ្លីលើតុ, វាយសី, ទោចក្រាន, គុនដាវ, វាយកូនគោល, ទូកក្ដោង, ការ៉ាតេ, យូដូ, ទ្រីយ៉ាត្លុង, កីឡារាំ, សូហ្វតេន្នីស, ទូកប្រពៃណី-កានូ, ឃិក-ប៊ុកស៊ីង, E-Sports និងកីឡាហុកគី ៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ពុំមានការប្រគល់តំណែងមេឃុំ-ចៅសង្កាត់ឱ្យវិញនោះទេ

ការលើកឡើងក្នុងពេលថ្មីៗនេះថា នឹងមានការប្រគល់តំណែងមេឃុំ ចៅសង្កាត់ ហើយគេនឹងសងប្រាក់ខែទាំងអស់ត្រឡប់ទៅវិញ ត្រូវបានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គូសបញ្ជាក់ថា ការបោះឆ្នោតឃុំសង្កាត់ នឹងត្រូវធ្វើឡើងក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ហើយអ្នកដែលស្ថិតក្នុងតំណែងត្រូវបន្តដដែល។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១,៩៥៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះ ធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តវិញ នឹងត្រូវធ្វើយ៉ាងទៀតទាត់រៀងរាល់៥ឆ្នាំម្តង គឺនៅថ្ងៃអាទិត្យ សប្តាហ៍ទី៤ ក្នុងខែកក្កដា៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន៖ ការបន្ធូរបន្ថយទោស និងការបិទបញ្ចប់ការស៊ើបសួរគឺជានីតិវិធីរបស់តុលាការ ពុំមែនជាការដោះលែងនោះឡើយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ការបន្ធូរបន្ថយទោស និងការបិទបញ្ចប់ការស៊ើបសួរ ដើម្បីបញ្ជូនទៅជំនុំជម្រះគឺជានីតិវិធីរបស់តុលាការមានសមត្ថកិច្ច មិនមែនរួចទោសដូចការលើកឡើងរបស់បុគ្គលមួយចំនួននោះឡើយ។ លោកបន្តថា ព្រះមហាក្សត្រ ក៏មិនអាចប្រោសព្រះរាជទាន លើកលែងទោសឲ្យកើតនោះដែរ ដរាបណាតុលាការ មិនទាន់កាត់ទោសរួចរាល់។ លោកបានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្សសរុបចំនួន១​,៩៥​៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យដែលពិធីប្រគល់សញ្ញាបត្រនេះធ្វើឡើងនៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នីតិវិធីរបស់តុលាការគឺជាដំណើរការយូរ និងទាមទារនូវពេលវេលា៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ចូលរួមសោកស្តាយនិងរំលែកព្រះមរណទុក្ខព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកំណត់យកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃកាន់ទុក្ខចំពោះព្រះមរណទុក្ខ ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី និងបានណែនាំឱ្យគ្រប់ស្ថាប័នសាធារណៈទម្លាក់ទង់ជាតិពាក់កណ្តាលដើម្បីជាការគោរពកាន់ទុក្ខផងដែរ។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីប្រមាណ ៤០០នាក់ មុនចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ វិមានសន្ដិភាព រាជធានីភ្នំពេញ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបន្ថែមថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៤រសៀលខាងមុខនេះ លោកនឹងអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខ័ន្ត ព្រះសម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវីផងដែរ។
គួរបញ្ជាក់ថា សម្តេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានសុគតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង១២៖៣០នាទី ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា៕

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃរកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ – កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃរកម្ពុជា នឹងអនុញ្ញាតឲ្យប្រតិភូ គ្រូបង្វឹក និងកីឡាករ – កីឡាការរិនីប្រមាណ ៤០០នាក់ ចូលជួបសម្ដែងការគួរសម និងទទួលអនុសាសន៍ណែនាំមួយចំនួនពីសម្ដេច នៅវិមានសន្ដិភាព មុនអត្តពលិកកម្ពុជា ចេញទៅប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅរទេសហ្វីលីពីន ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ខាងមុខ ។
ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ២០១៩