Monday, November 02, 2020

រដ្ឋមន្ត្រីទេសចរណ៍៖ រយៈពេល៤ថ្ងៃ ភ្ញៀវចេញដើរកម្សាន្តនៅទូទាំងប្រទេសជាង ៦៤ម៉ឺននាក់ ប៉ុន្តែចំណាយតិច

 រយៈពេល៤ថ្ងៃ នាឱកាសឈប់សម្រាកព្រះរាជពិធីគ្រងព្រះបរមសិរីរាជ្យសម្បត្តិ និងព្រះរាជ្យពិធីបុណ្យអុំទូក ចាប់ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ មានភ្ញៀវទេសចរផ្ទៃក្នុងសរុប ៦៤៤,៦៩៨ នាក់ បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ប៉ុន្តែការចំណាយថមថយជាងមុន នេះបើតាមលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

លោករដ្ឋមន្ត្រីបានបន្តថា ក្នុងចំណោមភ្ញៀវទេសចរក្នុងស្រុកនោះ មានភ្ញៀវជាតិមានចំនួនប្រមាណ ៦៣៥,៥៦៨ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមានចំនួនប្រមាណ ៩,១៣០ នាក់។

លោក ថោង ខុន បានឱ្យដឹងទៀតថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តសៀមរាប៖ ១៦៧,២២៥ នាក់
* ខេត្តកំពត៖ ៧៣,៥៩២ នាក់
* ខេត្តព្រះសីហនុ៖ ៥៤,៤០០ នាក់
* ខេត្តកណ្តាល៖ ៥១,៨៦២ នាក់
* ខេត្តកំពង់ស្ពឺ៖ ៤៣,២៤៤ នាក់
* ខេត្តកែប៖ ៣៨,៥៥៨ នាក់
* ខេត្តកោះកុង៖ ២៨,២៧៥ នាក់
* ខេត្តមណ្ឌលគិរី៖ ២២,០២៣ នាក់។
ជាការគួរកត់សម្គាល់ និងការវាយតម្លៃបឋមបន្ថែមពីលើរបាយការណ៍ប្រចាំថ្ងៃ ក្រសួងបានសង្កេតឃើញថា លើកនេះ ដោយសារផលវិបាកពីគ្រោះទឹកជំនន់ តំបន់ពាយព្យដែលធ្លាប់ទទួលភ្ញៀវបានច្រើនមានការថមថយចំនួន។ ប៉ុន្តែនៅសៀមរាម-អង្គរ តំបន់ឆ្នេរសមុទ្រ និងនៅតំបន់ឦសាន្ត ពិសេសខេត្តមណ្ឌលគិរី ក៏នៅទទួលបានភ្ញៀវច្រើន។ ចំពោះរាជធានីភ្នំពេញ ទោះពុំមានការប្រារព្ធពិធីអុំទូក ក៏មានប្រជាពលរដ្ឋប្រមាណ៤០ ម៉ឺននាក់នាក់ បានដើរកម្សាន្តនៅគោលដៅសំខាន់ៗ ពិសេសនៅតំបន់កោះពេជ្រ ទស្សនាកាំជ្រួចនៅមាត់ទន្លេមុខព្រះបរមរាជវាំង តំបន់កម្សាន្តជ្រោយចង្វា និងតំបន់វិមានឈ្នះ-ឈ្នះ។

ក្នុងរយៈពេលឈប់បុណ្យអុំទូកនេះមានសកម្មភាពទេសចរណ៍ល្អប្រសើរ គ្រាន់តែតំបន់ខ្លះហាក់ថមថយបន្តិចបើធៀបនឹងការឈប់សម្រាកមុនៗ ដោយហេតុថាកាលឈប់សម្រាកសងចូលឆ្នាំ គឺជាការឈប់សម្រាកលើកទី១ បន្ទាប់ពីការផ្អាកមួយរយៈ រីឯកាលភ្ជុំបិណ្ឌ គឺជាការដើរកម្សាន្តបន្ត ក្រោយធ្វើបុណ្យនៅតាមវត្តអារាម។ រីឯពេលនេះ គឺជាពេលទើបក្រោយទឹកជំនន់ ហេដ្ឋារចនាសម្ពន្ធមួយចំនួនរងការខូចខាត និងខ្លះកំពុងជួសជុល។ ម្យ៉ាងទៀត ក៏ដោយការបារម្ភពីធាតុអាកាសឥទ្ធិពលព្យុះម៉ូឡាវផងដែរ។

ចំពោះការចំណាយ តាមការវាយតំលៃបឋម ការចំណាយរបស់ភ្ញៀវទេសចរមានកម្រិត ដោយសារពួកគាត់មួយចំនួនជ្រើសរើសការដើរកម្សាន្តជាក្រុមគ្រួសារ និងរៀបចំម្ហូបអាហារ តាមខ្លួនខ្លះ ខណៈដែលចំណូលមិនសូវមានច្រើនក្នុងដំណាក់កាលកូវីដ-១៩នេះ។ ទោះយ៉ាងណា ប្រជាជននៅតាមមូលដ្ឋាន និងវិស័យឯកជនមានភាពរីករាយជាមួយចរន្តភ្ញៀវទេសចរផ្ទៃក្នុងនេះនៅគ្រប់គោលដៅទេសចរណ៍។

ចំពោះការគ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់ជាទូទៅមានភាពល្អប្រសើរ មិនមានបញ្ហា ឬការរំខានណាមួយកើតឡើងគួរកត់សម្គាល់ទេ។
ដោយឡែក បញ្ហាប្រឈមដែលកើតមានឡើងកន្លងមក ជាពិសេសការគ្រប់គ្រងតម្លៃសេវា និងបញ្ហាសំរាម ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ ទោះបីនៅមានបញ្ហាខ្លះត្រូវបន្តដោះស្រាយ។

ទន្ទឹមនឹងនេះ គ្រប់គោលដៅទេសចរណ៍បានខិតខំអនុវត្តតាមដំបូន្មានក្រើនរំលឹករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ និងចុះពិនិត្យផ្ទាល់ដល់មូលដ្ឋានរបស់គណៈអភិបាលរាជធានី-ខេត្ត៕






ពិធីផ្តល់អំណោយសម្ភារៈជាគ្រឿងឧបភោគ បរិភោគរបស់សាលាអនុគណក្រុងកំពង់ចាម

កំពង់ចាម៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម បានអញ្ជើញទទួលអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ពីសាលាអនុគណក្រុងកំពង់ចាម ដែលដឹកនាំដោយព្រះបដ្ឋនវង្សាចារ្យ សា វីរៈ ព្រះអនុគណក្រុងកំពង់ចាម និងជាព្រះចៅអធិការវត្តខេមវ័នបឹងស្នាយ ក្រុងកំពង់ចាម។ ក្នុ្ងងកម្មវិធីក៏មានការនិមន្តចូលរួមពីមន្ត្រីសង្ឃនៃសាលាអនុគណក្រុងកំពង់ចាម និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត និងអាចារ្យគណៈកម្មការវត្តទាំង៤ ក្នុងក្រុងកំពង់ចាមផងដែរ។


លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពង់ចាម បានថ្លែងអំណរគុណ ចំពោះមន្ត្រីសង្ឃនៃសាលាអនុគណក្រុងកំពង់ចាម ក៏ដូចជាព្រះគ្រូចៅអធិការវត្តទាំង៤ រួមជាមួយមន្ត្រីសង្ឃគ្រប់ឋានាក្រម នៅក្នុងក្រុងកំពង់ចាម ដែលបានយកព្រះទ័យទុកដាក់ ជួយដល់ប្រជាពលរដ្ឋដែលជួបគ្រោះមហន្តរាយនានាក្នុងខេត្ត និងបាននាំយកនូវអំណោយជាគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកា ផ្ដល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នាឱកាសនេះ។ លោកអភិបាលខេត្ត បានចាត់ទុកកាយវិការនេះ គឺជាវប្បធម៌ នៃការចែករំលែក ដែលបុព្វបុរសខ្មែរយើង បានបន្សល់ទុក តាំងពីអតីតមកបច្ចុប្បន្ន ហើយត្រូវបានប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា មន្ត្រីក្រោមឱវាទ តែងតែងបានផ្សាភ្ជាប់វប្បធម៌នេះ ជារៀងមកផងដែរ ។  លោក អ៊ុន ចាន់ដា ក៏បានសន្យា នាំអំណោយទាំងអស់នេះ ទៅបន្តជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងមូលដ្ឋាននីមួយៗ នៃភូមិសាស្ត្រខេត្តកំពង់ចាម ជាបន្តទៀត ។


អំណោយសម្ភារៈ ជាគ្រឿងឧបភោគ បរិភោគ និងសម្ភារៈប្រើប្រាស់ រួមមាន ៖ អង្ករ ១.០៨០គីឡូក្រាម មី១០០កេស ទឹកត្រី ២២យួរ ទឹកស៊ីអ៊ីវ ២២យួរ ទឹកក្រូច ០៧កេស ថវិកា ១លានរៀល រួមនឹងសម្ភារៈប្រើប្រាស់មួយចំនួន ត្រូវបានព្រះមន្ត្រីសង្ឃនៃសាលាអនុគណក្រុងកំពង់ចាម ផ្ដល់ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត សម្រាប់ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រោះមហន្តរាយនានា ក្នុងខេត្តកំពង់ចាម៕





លោក ហេង សំរិនរដ្ឋសភា អញ្ជើញជាអធិបតីបើកសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០

 រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំរដ្ឋសភា លើកទី៥ នីតិកាលទី៦ នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហេង សំរិន ប្រធានរដ្ឋសភា ដោយមានវត្តមាន សមាជិក សមាជិការដ្ឋសភា ពេលផ្តើមសម័យប្រជុំ ចំនួន ១១៦រូប។ 


របៀបវារៈសម័យប្រជុំនាថ្ងៃនេះ មានចំនួន៦ គឺ៖ 

១- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ។

៣- ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។

៤- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើពិធីសារអនុវត្តកញ្ចប់សន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ានស្តីពីសេវាកម្ម។

៥- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា។

៦- ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕












ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានកូវីដ១៩ថ្មី លើស្ត្រីជនជាតិខ្មែរម្នាក់ ដែលត្រឡប់មកពីប្រទេសជប៉ុន បន្ទាប់ពីធ្វើតេស្តលើកទី២

 ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ បានចេញសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ពីករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន០១នាក់ និងមិនមានករណីជាសះស្បើយ។ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីនេះ ជាស្ត្រីជនជាតិខ្មែរអាយុ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់បុគ្គលនេះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

សូមកត់សម្គាល់ថា តាមជើងហោះហើរខាងលើនេះ មានបុរសជនជាតិប៉ូឡូញម្នាក់ បានធ្វើតេស្តលើកទី១ ពេលមកដល់កម្ពុជានោះ គឺវិជ្ជមានវីរុសកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ រីឯអ្នកដំណើរចំនួន ២នាក់ ដែលមានលទ្ធផល អវិជ្ជមានវីរុសកូវីដ-១៩ នៅពេលនោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័ក នៅតាមសណ្ឋាគារចំនួន ០៣កន្លែងនៅក្នុងរាជធានីភ្នំពេញ (ចំនួន២៦នាក់) និងនៅមណ្ឌលទ័ពអាកាស ចំនួន២៦នាក់ (ដែលនៅក្នុងចំនួននេះ មានស្ត្រីដែលរកឃើញមានវីរុសកូវីដ-១៩ ខាងលើនេះដែរ)។ ដូច្នេះ អ្នកដំណើរដែលនៅមណ្ឌលទ័ពអាកាស ទាំង២៥នាក់ ដែលមានហានិភ័យក្នុងការចម្លងបន្តពីស្ត្រីខាងលើនេះ តម្រូវឱ្យនៅបន្តធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃបន្ថែមទៀត ដើម្បីតាមដានសុខភាពជាបន្ត។

សូមជម្រាបថា គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅកម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប២៩២នាក់ (ស្រី្ត ៦០នាក់ និងបុរស ២៣២នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន២៨៣នាក់ (ស្រី៥៧នាក់ និងបុរស២២៦នាក់) និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន០៩នាក់៕




ពិធីចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥០០គ្រួសារដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

 ពោធិ៍សាត់៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ ២០២០ មានរៀបចំពិធីសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋ ចំនួន៥០០គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ក្នុងស្រុក តាលោសែនជ័យ ក្រោមអធិបតីភាពលោក រិន វីរៈ សមាជិក គណៈកម្មាធិការ កណ្ដាល គណបក្សប្រជាជនកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ហ៊ុន ម៉ាណែត សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់របស់លោកបណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្ត និងប្រធានគណៈកម្មាធិការគណបក្សប្រជាជន ខេត្តពោធិ៍សាត់ លោក ស៊ុយ ឌីម៉ង់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សប្រជាជន ចុះជួយស្រុកតាលោសែនជ័យ។

ពិធីនេះដែរផងដែរ បានប្រារព្ធធ្វើឡើងនៅវត្តថ្លុកដង្កោ ភូមិថ្លុកដង្កោ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ប្រកបដោយបរិយាកាសរីករាយ៕






លោកស្រី ម៉ែន សំអន ផ្តួចផ្តើមអង្គកឋិនទានប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅ មជ្ឈមណ្ឌលវិបស្សនាធុរ:សម្មាធិកែប

 កែប៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃចុងក្រោយ នៃបុណ្យអង្គកឋិនទាន រដ្ឋបាលខេត្តកែបដឹកនាំដោយលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈភិបាលខេត្តកែប បានរៀបចំកម្មវិធីអង្គកឋិនទាន នៅមជ្ឈមណ្ឌលវិបស្សនាធុរ:សម្មាធិកែបដើម្បីទទួលក្បួនដង្ហែរអង្គកឋិនទានដែលដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលមានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ប្រមូលបានបច្ច័យបានមួយចំនួនដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅ មជ្ឈមណ្ឌលវិបស្សនាធុរ: សម្មាធិកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ។

កម្មវិធីបុណ្យកឋិនទាននេះ មានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយដោយទទួលបានបច្ឆ័យចំនួន ៧៧,៣៨៤,០០០រៀលនិង ៦,៤៧០ដុល្លារ។ លោកស្រី ម៉ែន សំអន បានឧបត្ថម្ភសម្រាប់ក្រុមប្រឹក្សា ឃុំសង្កាត់ទាំងអស់ក្នុងម្នាក់ចំនួន៥០,០០០រៀល និងយុវជនគ្រប់ប្រភេទ ក្នុងម្នាក់ ចំនួន ៣០,០០០រៀល។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសប្រារព្ធកម្មបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន។ លោកបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពអោយបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៍ដូចជារួមគ្នាថែរក្សាអនាម័យអោយបានជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។

លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃការប្រារព្ធពិធីបុណ្យកឋិនទាន ហើយក៏ជាថ្ងៃបោសថសីល និងជាថ្ងៃដែលត្រូវប្រារព្ធពិធីអកបំបុក និងសំពះព្រខែ ដែលជាពិធីបុណ្យប្រពៃណីជាតិផងដែរ។ បុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែល បានចែកឋាន ទៅកាន់បរលោកខាងមុខព្រមទាំងបានជូននូវបុណ្យកុសល ជូនចំពោះលោក លោកស្រី និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យសូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ។ លោកស្រី ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដើម្បីឲ្យជំងឺកាចនេះត្រូវ ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬទឹកជែលកំចាត់មេរោគជាដើម៕






លោក អ៊ុក រ៉ាប៊ុន ដឹកនាំក្រុមការងារប្រារព្ធពិធីបុណ្យវេរប្រគេនបច្ច័យសម្រាប់ធ្វើការកសាងវត្តចំនួន០២ នៅក្នុងស្រុករលាប្អៀរ

 កំពង់ឆ្នាំង៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង លោក ភួង សោភា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំជើងគ្រាវ លោក ប៉ា សុខុម អនុរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយជ្រុំ លោក គឹម វាសនា អគ្គាធិការ បានអញ្ជើញប្រគេនបច្ច័យសំរាប់កសាងចំនួន ០២វត្ត នៅក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

សូមជម្រាបជូនផងដែរថា វត្តចំនួន ០២ ដែលបានទទួលបច្ច័យ គឺវត្តព្រះរាមរង្សី ស្ថិតនៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ និងវត្តវិហារលួង ស្ថិតនៅភូមិ អណ្ដូងច្រោះ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយក្នុង១វត្តទទួលបានបច្ច័យ ១០ លានរៀល៕





ប្រជាពលរដ្ឋ ២៥០គ្រួសារ មានជីវភាពខ្វះខាតដោយសាររងគ្រោះទឹកជំនន់ ទទួលបានអំណោយមនុស្សធម៌ជាស្បៀងអាហារក្នុងស្ថានភាពជួយសង្គ្រោះបន្ទាន់

 បន្ទាយមានជ័យ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកទូច សីហា លោក នង ធឿន អភិបាលរងស្រុក កងកម្លាំងនគរបាល មន្ត្រីអ្នមុខអ្នកការ បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រួសារក្រីក្រចំនួន២៥០គ្រួសារ នៅវត្តសិលាអណ្តែត ភូមិប៉ោយវត្ត ឃុំចង្ហា ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ភួយ ១ ទឹកសុទ្ធ១យួរ ត្រីខ ១យួរ ដែលជាអំណោយរបស់អ្នកឧញ៉ា កុក អាន សមាជិកព្រឹទ្ធសភា និងលោកស្រី ភូ ឆរីណា អគ្គនាយិកាក្រុមហ៊ុនហ្គោឌិនក្រោនរីសត។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក ក្តីនឹករលឹកពីសំណាក់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រីឧកញ៉ា ម៉ៅ ម៉ាល័យ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខលំបាករបស់បងប្អូនពុកម៉ែគ្រប់ពេលវេលា ។ នាឱកាសនោះផងដែរ ជួសមុខឱ្យលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ សិទ្ធិ ឡោះ ក៏បានសម្តែងនូវសោកស្តាយ និងរំលែកនូវការលំបាកជាមួយពលរដ្ឋរងគ្រោះដោយទឹកជំនន់ទាំងអស់។

ក្នុងឱកាសនោះលោកឧត្តមសេនីយត្រី សិទ្ធ ឡោះ ស្នងការនគរបាលខេត្ត បានមានប្រសាសន៍បន្តថា អំណោយទាំងអស់នេះ ទោះជាមិនបានគ្រប់ តម្រូវការរបស់បងប្អូនក៏ពិតមែនតែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយគ្រាផងដែរ។ ទន្ទឹមនោះដែរ លោកស្នងការនគរបាលខេត្ត បានថ្លែងអគុណចំពោះម្ចាស់អំណោយដែលបានយកចិត្តទុកដាក់និងមើលឃើញពីទុកលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតកំពុងជួបគ្រោះទឹកជំនន់នេះ។

ជាមួយគ្នានោះដែរ ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនតូចៗធ្លាក់ទឹកត្រូវរក្សាបរិស្ថានអនាម័យឱ្យបានល្អពិសេសកុំភ្លេចអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលទាំងអស់គ្នាដើម្បីជៀសវាងការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍។ឱកាសនោះលោកឧត្តមសេនីយ៍ស្នងការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងភរិយា ឧបត្ថម្ភប្រជាការពារ១០០នាក់ក្នុងម្នាក់ទទួលបានសារ៉ុង១ និងថវិកាចំនួន ៥០០០០០រៀលជូនដល់គណៈកម្មាការវត្តសំរាប់ចាត់ចែងប្រើប្រាស់ជាផលបុណ្យផងដែរ ៕





ពិធីចែកអំណោយរបស់អង្គការការីតាស់ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ឃុំ សរុបចំនួន ៧៩២គ្រួសារ

 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយលោក ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានអង្គការការីតាស់ និងប្រធានអង្គការស៊ីដូ បាននាំយកអំណោយរបស់អង្គការការីតាស់ ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ឃុំ សរុបចំនួន ៧៩២គ្រួសារ ក្នុងនោះឃុំសឿ ២៧២គ្រួសារ ឃុំចំណោម ២៥៨គ្រួសារ ឃុំរហាត់ទឹក ២០០គ្រួសារ ឃុំភ្នំតូច ៦២គ្រួសារ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ៥កំប៉ុង។

នាឱកាសនោះផងដែរ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងសប្បុរសជន អង្គារដៃគូទាំងអស់ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារ និងបានចុះទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់។

នៅចំពោះមុខពលរដ្ឋរងគ្រោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងនូវការសោកស្តាយរបស់បងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទះសម្បែង និងផលដំណាំជាដើម។

លោកទេសរដ្ឋមន្ត្រី បានលើកបង្ហាញផងដែរនូវវីរភាពនៃការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញ សម្តេចតេជោ បានបញ្ចេញថវិកាទិញស្រូវពូជបន្ថែមរហូតដល់ប្រមាណ ២ពាន់តោន និងពូជដំណាំផ្សេងៗជាច្រើនទៀត ចែកជូនប្រជាពលរដ្ឋ។ ក្នុងនោះសម្រាប់អ្នកធ្វើស្រែទទួលបានស្រូវពូជប្រមាណ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ ហើយអ្នកដាំដំណាំផ្សេងៗទទួលបានពូជដំណាំចំនួន ៦មុខ។ មិនតែប៉ុណ្តោះក្រសួងកសិកម្ម បានបញ្ជាគ្រឿងចក្រកសិកម្មត្រៀមចុះជួយពលរដ្ឋផងដែរ៕






លោក ងួន រតនៈ ថ្លែងអំណរគុណដល់កងកម្លាំងគ្រប់ប្រភេទក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះទឹក ជំនន់ ក្នុងខេត្តបាត់ដំបង

 បាត់ដំបង៖ នៅថ្ងៃទី៣១ ខែវិច្ឆកា ឆ្នាំ២០២០ លោក ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្ត ចូលរួមពិធីសំ ណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងភរិយា តាមរយៈលោក ដួង ដារា អនុរដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ជូនដល់គ្រួសាររងគ្រោះទឹកជំនន់ នៅស្រុកសំឡូត ខេត្តបាត់ដំបង ចំនួន ១០០០ គ្រួសារ ដែលមានការអញ្ជើញចូលរួមពីគណៈប្រតិភូមអមដំណើរ អស់លោក លោកស្រី អាជ្ញាធរមូលដ្ឋានជាច្រើនរូបផងដែរ។

ក្នុងឱកាសពិធីសំណេះសំណាលសួរសុខទុក្ខនេះដែរ លោក ងួន រតនៈ បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះកងកម្លាំងទាំងបីប្រភេទ ដែលខិតខំជួយសង្គ្រោះប្រជាពលរដ្ឋមកនៅទីទួលមានសុវត្ថិភាពបានទាន់ពេលវេលាក្រោមការយកចិត្តទុក្ខដាក់ពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់មធ្យាបាយ សម្ភារៈ និងស្បៀងអាហារសម្រាប់ដោះស្រាយជីវភាពមួយរយៈ ដើម្បីជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋយើង ដែលជួបគ្រោះទឹកជំនន់ផងដែរ។

គួរបញ្ជាក់ផងដែរថា អំណោយបានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនោះជាអំណោយដ៏ថ្លៃថ្លារបស់លោកទាំងទ្វេ ហើយក្នុងមួយគ្រួសារទទួល អង្ករ មី ត្រីខ ទឹកសុទ្ធ និងថវិកា ៥ម៉ឺនរៀលផងដែរ៕





ប្រមុខរដ្ឋាភិបាលឆ្លើយតបទាន់ពេវេលាជូនពុកម៉ែបងប្អូនប្រពលរដ្ឋរបស់យើង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀងកន្លងមក

 ពោធិ៍សាត់៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ នាយឧត្ដមសេនីយ៍គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេសអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តបានអញ្ជើញជួបពិភាក្សាដោះស្រាយស្រូវពូជជាបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹក ភ្លៀង ក្នុងខេត្តពោធិ៍សាត់រួមមាន ស្រុកកណ្តៀងស្រុកបាកាននិងក្រុងពោធិ៍សាត់សរុបមាន ៤៣ឃុំសង្កាត់ ២៩៥ភូមិ ខូចខាតលើផ្ទៃដី ២០៤១២ហិកតា ផ្ទៃដីត្រូវស្តារឡើងវិញ ១៤៥០៤ ហិកតា៕



ពិធីបិទវគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើងជូនដល់នាយទាហាន នាយទាហានរង និងពលទាហានចំណុះទីបញ្ជាការដ្ឋានយោធភូមិភាគទី៤

 ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពង់ លោក ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីបិទវគ្គហ្វឹកហ្វឺន បំប៉នជំនាញអាវុធគាំទ្រថ្មើរជើង ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាពទី៤ នៅទីបញ្ជាការកណ្តាល (អូរកូនតឹង) ស្ថិតក្នុងភូមិត្រពាំងក្រសាំង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

ក្នុងនោះក៏មានការអញ្ជើញចូលរួមពី អគ្គនាយករង អគ្គនាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ប្រចាំទិសទី៤ មេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង យោធភូមិភាគទី៤ អភិបាលរងខេត្តសៀមរាប មេបញ្ជាការកងពលតូចថ្មើរជើងលេខ ៤១ និង៤២ តំបន់ប្រតិបត្តិការសឹករងសៀមរាប ឧត្តរមានជ័យ កំពង់ធំ និងព្រះវិហារ កងការពារព្រំដែកគោកលេខ ៤០២ និង៤០៣ អង្គភាព ស្ថាប័នជំនាញ និងការិយាល័យ ចំណុះយោធភូមិភាគទី៤ទាំងអស់។

ថ្លែងនៅក្នុងពិធីនេះ ឧត្តមសេនីយ៍ឯក ពៅ ហេង បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនឹករឭកពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោកដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទជាប្រភពបន្តវេនទៅថ្ងៃអនាគត ជាពិសេសចំពោះនាយទាហាន នាយទាហានរង និងពលទាហានគ្រប់បណ្ដាកងឯកភាព ដែលឈរជើងនៅតាមបណ្ដោយបន្ទាត់ព្រំដែនដើម្បីធានាការពារបូរណភាពទឹកដី ការពារប្រជាជនឱ្យរស់នៅបានសុខសាន្តនិងបានកោតសរសើរក្នុងការខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់បណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤ ដែលបានត្រៀមកម្លាំងអន្តរាគមន៍ដោះស្រាយនូវគ្រោះមហន្តរាយផ្សេងៗនៅក្នុងទិសទទួលខុសត្រូវនិងបានប្រមូលផ្តុំកម្លាំង១០០% សម្រាប់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងការវាយប្រហារពីបាតុភូតផ្សេងៗ។

វគ្គហ្វឹកហ្វឺនបំប៉នជំនាញអាវុធគាំទ្រថ្មើរជើង នេះ មានរយៈពេល៩១ថ្ងៃ ស្មើនឹង៦៣៧ម៉ោង ដោយគិតចាប់ពីថ្ងៃទី០១ ខែសីហា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ មានកម្មសិក្សាការីចំនួន៨០នាក់ មកពីបណ្តាកងឯកភាពចំណុះយោធភូមិភាគទី៤៕







នាយឧត្តមសេនីយ៍ សៅ សុខា កោតសរសើរដល់កម្លាំងមានស្មារតីសាមគ្គី មានវិន័យ ជាគំរូល្អ

 ឧត្តរមានជ័យ៖ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រារព្ធពិធីសំណេះសំណាលសួរសុខទុក្ខអតីតនាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដែលបានចូល និវត្តន៍ ពិការបាត់បង់សមត្ថភាព និងគ្រួសារអាវុធហត្ថពលី មរណៈសរុបចំនួន ៤៦នាក់ ក្នុង១នាក់ឧបត្ថម្ភថវិកា ៥០ម៉ឺនរៀល។ នាយ នាយរង និងពលអាវុធហត្ថខេត្តចំនួន ១៦៦នាក់ ក្នុង១នាក់ ឧបត្ថម្ភថវិកា ១០ម៉ឺនរៀល។

ក្រៅពីនោះបានឧបត្ថម្ភថវិកាជូនដល់អតីតយុទ្ធជនចំនួន២៨គ្រួសារក្នុងខេត្តបន្ទាយមានជ័យសរុបចំនួន ២៨០លានរៀល ជូនដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ ទី៤ ទី៥ កងពលធំលេខ២ លេខ៣ កងពលតូចអន្តរាគមន៍លេខ៤១ លេខ៤២ លេខ៥១ តំបន់ប្រតិបត្តិការសិករងខេត្ត ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ក្នុង១អង្គភាពចំនួន៤០លានរៀល ព្រមទាំងឧបត្ថម្ភថវិកា១៣២សែនរៀល ជូនដល់ពេទ្យចំនួន១៣២នាក់ប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩។ ក្នុងពិធីនេះ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានកៀរគរថវិកាពីសប្បុរសជន ចំណាយក្នុងការឧបត្ថម្ភសរុបចំនួនប្រមាណ ៧៧៣លានរៀល។

នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានកោតសរសើរចំពោះកងកម្លាំងទាំងអស់មានការដឹកនាំ ការសាមគ្គី ការមានវិន័យ ជាគំរូ និងការអនុវត្តតួនាទី ភារកិច្ច របស់កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យទទួលបានលទ្ធផលល្អ៕





ពិធីបូជាប្រទីបព្រះខែក្នុងពិធីបុណ្យអកអំបុក បណ្តែតប្រទីប សំពះ ព្រះខែ ក្នុងវត្តវារីផាសុខារាម

 កំពង់ឆ្នាំង៖ នាយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក សុខ សន្ធីរ អភិបាលរងស្រុកទឹកផុស និងភរិយា បានអញ្ជើញចូលរួមពិធីបូជាប្រទីបព្រះខែ ក្នុងពិធីបុណ្យអកអំបុក បណ្តែតប្រទីប សំពះ ព្រះខែ ក្នុងវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ ស្ថិតនៅក្នុងឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ការបូជាប្រទីបនេះធ្វើឡើងដើម្បីដឹងពីទឹកភ្លៀង ដើមឆ្នាំ កណ្តាលឆ្នាំ និងចុងឆ្នាំ។

ពិធីបូជាប្រទីបព្រះខែ ក្នុងពិធីបុណ្យអកអំបុក បណ្តែតប្រទីប សំពះ ព្រះខែ រៀបចំដោយ ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន ជំនួយការសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា និជាព្រះចៅអធិការវត្ត វារីផាសុខារាម ហៅវត្តទឹកជុំ ឬអង្គជុំ។

ព្រះគ្រូវិចិត្រសីលញាណ ខុន ឆុន មានសង្ឃដីការថា ដោយប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទើបវិស័យព្រះពុទ្ធចក្រ និងអាណាចក្រ មានការរីកចម្រើនជាលំដាប់។ ព្រះអង្គបានមានសង្ឃដីការ ថ្លែងអំណរអរគុណចំពោះ ថ្នាក់ដឹកនាំស្រុក ពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួម ពិធីបុណ្យអកអំបុក បណ្តែតប្រទីប សំពះ ព្រះខែ ក្នុងពេលរាត្រីនេះយ៉ាងច្រើនកុះករ នឹងសូមសមប្រកបបាននូវសេចក្តីសុខ សេចក្តីចម្រើន ទទួលបានជោគជ័យគ្រប់ភារៈកិច្ច និងជួបប្រទះនូវពុទ្ធទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕




ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក វត្តប៉ាឆា ក្រុងក្រចេះ

 ក្រចេះ៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ដែលជាយប់ថ្ងៃ១៥កើត ព្រះច័ន្ទពេញបូណ៌មី និងជាថ្ងៃបុណ្យប្រពៃណីជាតិខ្មែរដ៏ធំមួយផងដែរ គឺបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក វត្តរដ្ឋបាលារាម(វត្តប៉ាឆា) ក្រុងក្រចេះ មានប្រារព្វពិធី ដាល់អំបុក អកអំបុក និងបណ្តែតប្រទីប សំពះព្រះខែ ក្រោមវត្តមានអញ្ជើញចូលរួមពីលោក វ៉ា ថន អភិបាលខេត្ត និងភរិយា រួមនិងអភិបាលរងខេត្ត មន្រ្តីរាជការ និងប្រជាពលរដ្ឋ ពុទ្ធបរិស័ទជាច្រើនកុះករផងដែរ។

លោក វ៉ា ថន អភិបាលខេត្ត មានប្រសាសន៍បញ្ជាក់ថា ព្រះរាជពិធីបុណ្យបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណីរបស់ដូនតាខ្មែរយើង បាននាំគ្នាប្រារព្វធ្វើឡើងជារៀងរាល់ឆ្នាំតាមការកំណត់ ជាពិសេសគឺពិធីធំដែលតែងតែប្រារព្វនៅមុខព្រះបរមរាជវាំង នៅរាជធានីភ្នំពេញ។ ប៉ុន្តែក្នុងឆ្នាំនេះ ជាការខកខាន ដោយប្រទេសកម្ពុជា ក៏ដូចជាទូទាំងប្រទេស ជួបនូវគ្រោះមហន្តរាយ ដោយជម្ងឺរាលត្បាតផ្លូវដង្ហើម គឺកូវីដ-១៩ ហើយជាពិសេសទៀតនោះ គឺកម្ពុជាបានទទួលរងនូវគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធនៅតាមបណ្តាលខេត្តមួយចំនួន។

លោក ក៏បានថ្លែងអំណរអរគុណចំពោះព្រះចៅអធិការវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ដែលតែងតែប្រារព្ធពិធីបុណ្យនេះជារៀងរាលឆ្នាំមក ហើយឆ្នាំនេះគឺជាឆ្នាំលើកទី១៤នៃការប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះ ព្រះខែ អកអំបុក វត្តប៉ាឆា ក្រុងក្រចេះ។ ទន្ទឹមនឹងនោះ យើងទាំអស់គ្នា ក៏មិនត្រូវមានការធ្វេសប្រហែសចំពោះបញ្ហាគម្លាតសង្គម និងវិធានការការពារពីជម្ងឺផ្លូវដង្ហើមកូវីដ-១៩ផងដែរ បើទោះបីស្ថានភាពពេលនេះ មានការថយចុះក៏ដោយ តែយើងក៏មិនត្រូវភ្លេចវានោះទេ ត្រូវបន្តពង្រឹង និងអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន ជាពិសេសត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា៕