Monday, November 02, 2020

លោកស្រី ម៉ែន សំអន ផ្តួចផ្តើមអង្គកឋិនទានប្រមូលបច្ច័យវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅ មជ្ឈមណ្ឌលវិបស្សនាធុរ:សម្មាធិកែប

 កែប៖ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ ជាថ្ងៃចុងក្រោយ នៃបុណ្យអង្គកឋិនទាន រដ្ឋបាលខេត្តកែបដឹកនាំដោយលោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សោម ពិសិដ្ឋ អភិបាលនៃគណៈភិបាលខេត្តកែប បានរៀបចំកម្មវិធីអង្គកឋិនទាន នៅមជ្ឈមណ្ឌលវិបស្សនាធុរ:សម្មាធិកែបដើម្បីទទួលក្បួនដង្ហែរអង្គកឋិនទានដែលដឹកនាំដោយលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដែលមានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទាន ប្រមូលបានបច្ច័យបានមួយចំនួនដើម្បីវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមានៅ មជ្ឈមណ្ឌលវិបស្សនាធុរ: សម្មាធិកែប ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប ។

កម្មវិធីបុណ្យកឋិនទាននេះ មានការចូលរួមពី ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ្ធជិតឆ្ងាយដោយទទួលបានបច្ឆ័យចំនួន ៧៧,៣៨៤,០០០រៀលនិង ៦,៤៧០ដុល្លារ។ លោកស្រី ម៉ែន សំអន បានឧបត្ថម្ភសម្រាប់ក្រុមប្រឹក្សា ឃុំសង្កាត់ទាំងអស់ក្នុងម្នាក់ចំនួន៥០,០០០រៀល និងយុវជនគ្រប់ប្រភេទ ក្នុងម្នាក់ ចំនួន ៣០,០០០រៀល។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត មានប្រសាសន៍ថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសប្រារព្ធកម្មបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន។ លោកបានបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពអោយបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឲ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៍ដូចជារួមគ្នាថែរក្សាអនាម័យអោយបានជាប់ជានិច្ច ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជាផងដែរ។

លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា ថ្ងៃនេះជាថ្ងៃចុងក្រោយ នៃការប្រារព្ធពិធីបុណ្យកឋិនទាន ហើយក៏ជាថ្ងៃបោសថសីល និងជាថ្ងៃដែលត្រូវប្រារព្ធពិធីអកបំបុក និងសំពះព្រខែ ដែលជាពិធីបុណ្យប្រពៃណីជាតិផងដែរ។ បុណ្យកុសលទាំងឡាយ ដែលកើតពីសទ្ធាជ្រះថ្លា ធ្វើបុណ្យកឋិនទាន សាមគ្គី ជូនចំពោះ ជីដូន ជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែល បានចែកឋាន ទៅកាន់បរលោកខាងមុខព្រមទាំងបានជូននូវបុណ្យកុសល ជូនចំពោះលោក លោកស្រី និងពុទ្ធបរិស័ទ ចំណុះជើងវត្ត ជាអ្នកផ្តើមបុណ្យសូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើនរៀងរហូតតទៅ។ លោកស្រី ក៏បានផ្តាំផ្ញើដល់ពុទ្ធបរិស័ទ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវរក្សាគម្លាតសុវត្ថិភាពសង្គម និងធ្វើអនាម័យជាប្រចាំ ដើម្បីជៀសផុតពីជំងឺ កូវីដ-១៩ ដើម្បីឲ្យជំងឺកាចនេះត្រូវ ធ្វើអនាម័យជាប្រចាំ ដូចជាលាងដៃនិងសាប៊ូ ឬអាកុល ឬទឹកជែលកំចាត់មេរោគជាដើម៕






No comments:

Post a Comment