Monday, November 02, 2020

ពិធីចែកអំណោយរបស់អង្គការការីតាស់ ចែកជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ឃុំ សរុបចំនួន ៧៩២គ្រួសារ

 បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០ លោក គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរ ដោយលោក ខេង ស៊ុម ប្រធាន ក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ប្រធានអង្គការការីតាស់ និងប្រធានអង្គការស៊ីដូ បាននាំយកអំណោយរបស់អង្គការការីតាស់ ចែកជូនប្រជាពលរដ្ឋ រងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ចំនួន៤ឃុំ សរុបចំនួន ៧៩២គ្រួសារ ក្នុងនោះឃុំសឿ ២៧២គ្រួសារ ឃុំចំណោម ២៥៨គ្រួសារ ឃុំរហាត់ទឹក ២០០គ្រួសារ ឃុំភ្នំតូច ៦២គ្រួសារ ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នាពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ៥កំប៉ុង។

នាឱកាសនោះផងដែរ ជួសមុខឱ្យប្រជាពលរដ្ឋរងគ្រោះ លោកអភិបាលខេត្ត បានថ្លែងនូវអំណគុណយ៉ាងជ្រាលជ្រៅចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ព្រមទាំងសប្បុរសជន អង្គារដៃគូទាំងអស់ ដែលជានិច្ចកាលបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយបានផ្តល់អំណោយសង្គ្រោះជាស្បៀងអាហារ និងបានចុះទៅសួរសុខទុក្ខពលរដ្ឋដោយផ្ទាល់។

នៅចំពោះមុខពលរដ្ឋរងគ្រោះលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវការសាកសួរសុខទុក្ខរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា ចំពោះបងប្អូនប្រជាពលរដ្ឋដែលបានទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយមានជ័យ និងចូលរួមសម្តែងនូវការសោកស្តាយរបស់បងប្អូនដែលទទួលរងផលប៉ះពាល់ផ្ទះសម្បែង និងផលដំណាំជាដើម។

លោកទេសរដ្ឋមន្ត្រី បានលើកបង្ហាញផងដែរនូវវីរភាពនៃការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោកទេសរដ្ឋមន្ត្រី បានលើកឡើងថា ដើម្បីស្តារជីវភាពពលរដ្ឋឡើងវិញ សម្តេចតេជោ បានបញ្ចេញថវិកាទិញស្រូវពូជបន្ថែមរហូតដល់ប្រមាណ ២ពាន់តោន និងពូជដំណាំផ្សេងៗជាច្រើនទៀត ចែកជូនប្រជាពលរដ្ឋ។ ក្នុងនោះសម្រាប់អ្នកធ្វើស្រែទទួលបានស្រូវពូជប្រមាណ ១០០គីឡូក្រាម ក្នុងមួយគ្រួសារ ហើយអ្នកដាំដំណាំផ្សេងៗទទួលបានពូជដំណាំចំនួន ៦មុខ។ មិនតែប៉ុណ្តោះក្រសួងកសិកម្ម បានបញ្ជាគ្រឿងចក្រកសិកម្មត្រៀមចុះជួយពលរដ្ឋផងដែរ៕






No comments:

Post a Comment