Thursday, July 26, 2018

ចៅ ចាក់ស្មុក៖ ជាតិជាពលរដ្ឋខ្មែរ ប៉ុន្តែបេះដូងបរទេសនិយម !

នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៨នេះ ទំព័រហ្វេសប៊ុករបស់ ចៅ ចាក់ស្មុក បានបង្ហោះផ្សាយ អត្ថបទមួយក្រោមចំណងជើងថា«ជាតិជាពលរដ្ឋខ្មែរ ប៉ុន្តែបេះដូងបរទេសនិយម » ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខដ៏ខ្លីនេះ ក្រុមជនបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមមានក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុក ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិមួយចំនួនដែលមាននិន្នាការ រកក្រុមប្រឆាំងបម្រើផលប្រយោជន៍បរទេស និងក្រុមប្រព័ន្ធផ្សព្វផ្សាយបរទេសរួមនឹងប្រព័ន្ធ ផ្សព្វផ្សាយក្នុងស្រុកដែលស៊ីឈ្នួលបរទេស បានប្រើប្រាស់គ្រប់ល្បិចកលទុច្ចរិតទាំងអស់ដើម្បីរំខាន អុកឡុក ក្រឡុក និងបង្កាច់ បង្ខូច និងបំផ្លាញការបោះឆ្នោតដោយបានធ្វើការផ្សព្វផ្សាយញុះញង់ និងទម្លាក់តម្លៃនៃការបោះឆ្នោតនេះឱ្យទាបបំផុត។ ប្រព័ន្ធផ្សព្វផ្សាយបរទេសរួមមានវិទ្យុសំឡេងសហរដ្ឋអាមេរិក វិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងប្រជាធិបតេយ្យដែលពលរដ្ឋខ្មែរដឹងថាជាវិទ្យុបម្រើឱ្យបុព្វហេតុក្រុមប្រឆាំង និងការពារផល ប្រយោជន៍ចៅហ្វាយនាយបរទេសរបស់ខ្លួន បានបន្ទរដោយឥតអៀនខ្មាស និងបានរំលោភបំពានវិជ្ជាជីវៈសារព័ត៌មាន ធ្វើបុរេវិនិច្ឆ័យលើស្ថានភាពកម្ពុជាដោយវាយតម្លៃថា «កម្ពុជាកំពុងរសាត់អណ្តែត» និងបន្ទរតាមលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ អ.ស.ប ពោរពេញដោយភាពលម្អៀង និងគ្មានមូលដ្ឋានព័ត៌មាន ច្បាស់លាស់និងជឿទុកចិត្តបានថាការបោះឆ្នោតនៅកម្ពុជាជា«ការបោះឆ្នោតក្លែងក្លាយ»។
ការផ្សព្វផ្សាយថាកម្ពុជាកំពុងរសាត់អណ្តែត សិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យកម្ពុជាបានស្លាប់ទៅ ហើយ និងការបំភ្លៃថាការបោះឆ្នោតដែលកម្ពុជាកំពុងតែរៀបចំគឺជាការបោះឆ្នោតក្លែងក្លាយ នេះគ្រាន់តែជាលេសដើម្បីពួកគេញុះញង់ឱ្យមានការបះបោរនិងបង្កចលាចលសង្គមបង្កើតភាពវឹកវរ និងបង្កើនក្តីព្រួយបារម្ភ ឱ្យប្រជាពលរដ្ឋខ្មែរដូចដែលពួកគេបានបំភ័យពលរដ្ឋខ្មែរក្នុងការបោះឆ្នោតនាពេលកន្លងទៅដែរ។ នេះជាផែន ការបំផ្លាញការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យរបស់ក្រុមអ្នកនយោបាយរត់ចោលស្រុក និងចៅហ្វាយនាយបរទេសរបស់ពួកគេក្នុងចេតនាសងសឹកជំនួសក្រុមប្រឆាំងក្រៅច្បាប់នៃខ្មោចបក្សសង្គ្រោះជាតិ កូនជឹងរបស់ពួកគេដែលត្រូវបានរំលាយដោយច្បាប់ និងបានបាត់បង់សិទ្ធិប្រកួតប្រជែងក្នុងការបោះឆ្នោតព្រោះពួកគេត្រូវបានរកឃើញថា ឃុបឃិតជាមួយបរទេសក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជា។ ពួកគេបានព្យាយាមបំពុលសង្គមខ្មែរពីខាងក្រៅ និយាយអាក្រក់ ញុះញង់ពលរដ្ឋខ្មែរពីក្រៅប្រទេសមកដោយបំផ្លើសការពិត និងបំភ័ន្តមតិសាធារណៈ មិនបានឆ្លុះបញ្ចាំង ឬក៏លាក់បាំងការពិតនៅកម្ពុជា។ ពលរដ្ឋខ្មែរមួយប្រទេសលើកលែងតែក្រុមអ្នកប្រឆាំងងុបងល់ និងសកម្មជនដែលតាមស៊ីកេរខ្មោចបក្សសង្គ្រោះជាតិមួយក្តាប់តូចចេញ ពិតជាបានដឹងថាកម្ពុជាពិតជាក់ស្តែងយ៉ាងណាដែលខុសពីកម្ពុជានៅលើបបូរមាត់ក្រុមប្រឆាំង ជនបរទេស និងប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេមួយក្តាប់តូច។ ក្រុមបំផ្លាញកម្ពុជាកំពុងតែវង្វេងនឹងពាក្យថា ក្លែងក្លាយ ដែលក្រុមខ្លួនបានបង្កើតឡើងដើម្បីបំពុលបរិយាកាសសង្គមជាពិសេសក្នុងការបោះឆ្នោត។
ប្រសិនបើការបោះឆ្នោត ដែលកម្ពុជាកំពុងតែរៀបចំនេះក្លែងក្លាយ នោះជំនួយរបស់ប្រទេសជប៉ុន ចិន រួមនឹងប្រទេសមួយចំនួនទៀតចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏ក្លែងក្លាយដែរឬ? បើគេ ថាការបោះឆ្នោតក្លែងក្លាយ នោះអ្នកសង្កេតការណ៍អន្តរជាតិជាង ២០០នាក់មកពី ៥២ ប្រទេសផ្សេងគ្នា រាប់ទាំងអ្នកសង្កេតការណ៍មកពីប្រទេសជាចៅហ្វាយនាយបរទេសរបស់ពួកគេដែលនឹងមកសង្កេតការណ៍លើ ការបោះឆ្នោតខាងមុខនេះក៏ក្លែងក្លាយដែរឬ? ប្រសិនបើការបោះឆ្នោតក្លែងក្លាយ តើគណបក្សនយោបាយចំនួន ២០ ដែលកំពុងតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងសកម្មបំផុត នៅទូទាំងប្រទេសកម្ពុជា ក៏ ក្លែងក្លាយដែរឬ? ប្រសិនបើការបោះឆ្នោតក្លែងក្លាយ តើលោក យ៉ង សាំងកុមារ លោក យ៉េង វិរៈ មេដឹកនាំគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីលទ្ធិប្រជាធិបតេយ្យ  លោក ម៉ម សូណង់ដូរ ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ លោកគង់ មុនីកា ប្រធានគណបក្ស ឆន្ទៈខ្មែរ ប្អូនប្រុសសពបណ្ឌិត កែម ឡី ប្រធានគណបក្សខ្មែរតែមួយក៏ក្លែងក្លាយដែរឬ? បើសិនជាការបោះឆ្នោតនេះក្លែងក្លាយ គឺឈ្មោះប្រជាពលរដ្ឋដែលមានក្នុងបញ្ជីបោះឆ្នោតជាង ៨ លាននាក់រួមមានទាំងរូបថត អាសយដ្ឋាន រួមនឹងលេខអត្តសញ្ញាណប័ណ្ណផងនោះ ក៏ក្លែងក្លាយដែរឬ? ប្រសិនបើការបោះឆ្នោតក្លែងក្លាយ ការិយាល័យបោះឆ្នោត រួមនឹងសន្លឹកឆ្នោត ទឹកខ្មៅ និងមន្ត្រីដែលបម្រើការងារឱ្យការបោះឆ្នោតក៏ក្លែងក្លាយដែរឬ? នេះពិតជាបានបង្ហាញយ៉ាងច្បាស់ថា ប្រព័ន្ធផ្សព្វផ្សាយ និងក្រុមអ្នកនយោបាយប្រឆាំងទាំងនេះពូកែ មួលបង្កាច់ និងបំភ្លៃការពិតមែន!
នេះក៏បង្ហាញឱ្យដឹងថា អ្នកកាសែតខ្មែរបម្រើការនៅក្នុងប្រព័ន្ធផ្សព្វផ្សាយបរទេស និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក ដែលទទួលជំនួយពីក្រៅប្រទេសមិនមានបេះដូងជាជនជាតិខ្មែរ មានជាតិនិយមឡើយ ប៉ុន្តែជាជនវង្វេងជាតិ យកបរទេសធ្វើជាម៉ែឪ។ ពួកគេបានអនុវត្តយ៉ាងសកម្មផែនការទុច្ចរិតបដិវត្តន៍ពណ៌ដោយពួកគេបានក្បត់វិជ្ជាជីវៈសារព័ត៌មាន ផ្សាយលម្អៀង និងបង្កប់ដោយភាពញុះញង់ បំផ្លើសការពិត បំភ័ន្តមតិជាតិ និងអន្តរជាតិ បង្កចលាចលសង្គម បង្កើតឱ្យមានភាពខឹងសម្បារ និងស្អប់ខ្ពើម មិនគោរពច្បាប់។ អតីតមន្ត្រីសេអ៊ីអារបស់អាមេរិកម្នាក់ បានឱ្យដឹងនៅក្នុងខ្សែវីដេអូអំពីតួនាទីរបស់សេអ៊ីអាក្នុងការផ្តួលរំលំរបបដឹកនាំមួយ ដែលពួកគេមិនចូលចិត្តគឺដើម្បីផ្លាស់ប្តូររបបមួយ គេអាចធ្វើវិធីជាច្រើនដូចជាការផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់បក្សប្រឆាំង ធ្វើឃាតលើសេដ្ឋកិច្ច ឬដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការធ្វើឃាតនយោ
បាយ បង្កចលាចលសង្គម និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ពីមុនគេអាចចំណាយដើមទុនច្រើនដើម្បីគ្រប់គ្រងកាសែត ប៉ុន្តែបច្ចុប្បន្ននេះគឺងាយស្រួលបំផុត គឺគ្រាន់តែទិញអ្នកសារព័ត៌មានតែប៉ុណ្ណោះ នោះវាជាការស្រេច។ អ្នកកាសែតបម្រើឱ្យប្រព័ន្ធផ្សព្វផ្សាយបរទេស និងនៅក្នុងស្រុក ព្រមទាំងអ្នកកាសែតជាជនបរទេសមួយចំនួនបានខំប្រឹងសរសេរអត្ថបទបែបអវិជ្ជមានខ្លាំង និងបង្កប់ដោយការជ្រៀតជ្រែក និងគំនុំសងសឹកមកលើកម្ពុជា។ ក្នុងអត្ថបទរបស់គេគឺត្រូវតែមានចំណុចអវិជ្ជមាន អវិជ្ជមាននិងមានតែអវិជ្ជមានជានិច្ច ដើម្បី កសាងកេរ្តិ៍ឈ្មោះ ហើយអត្ថបទមានចរិតវាយប្រហាររដ្ឋាភិបាល និងជាពិសេសគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អត្ថបទនោះគឺមានតម្លៃថ្លៃខ្លាំង។ ពួកគេបានដើរតួនាទីជាអ្នកនាំពាក្យបក្សប្រឆាំង និងតំណាងផលប្រយោជន៍ចៅហ្វាយនាយបរទេសរបស់ពួកគេ ក្រោមរូបភាពប្រព័ន្ធផ្សព្វផ្សាយ។ ពួកគេជាអ្នកបំផ្លាញសេរីភាព និងវិជ្ជាជីវៈសារព័ត៌មាន និងជាឧបករណ៍ដាច់ថ្លៃនៃផែនការបដិវត្តន៍ពណ៌ ដោយ ប្រឹងឃោសនា និងនិយាយអ្វីដែលផ្ទុយពីការពិត និងលាបពណ៌ឱ្យទៅជាក្លែងក្លាយ។ បើអ្វីៗទាំងអស់សុទ្ធតែក្លែងក្លាយ អញ្ចឹង! មានតែខ្មោចគណបក្សសង្គ្រោះជាតិ (CNRP) តែមួយគត់ដែលពិត គឺពិតជាអាយ៉ងនិងកូនអុកដាច់ថ្លៃរបស់អាមេរិកពិតប្រាកដមែន៕
ដោយ ចៅចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៨

បោះឆ្នោតខែកក្កដា ឆ្នាំ ២០១៨៖ ពលរដ្ឋជាង ៧០% ត្រូវបានរំពឹងថានឹងអញ្ជើញទៅបោះឆ្នោតបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរ

នៅសល់តែ ៤ ថ្ងៃទៀតប៉ុណ្ណោះ កម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី
៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨ ដោយមានការចូលរួមប្រកួតប្រជែងពីគណបក្សនយោបាយចំនួន ២០ ដើម្បីដណ្តើមយកអាសនៈ នៅក្នុងរដ្ឋសភាចំនួន ១២៥។ យោងតាមទិន្នន័យរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)  ពលរដ្ឋខ្មែរចំនួន  ៨ ៣៨០ ២១៧  នាក់បានចុះឈ្មោះបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សម្រាប់ខែកក្កដា ឆ្នាំ ២០១៨ នេះ។ ក្នុងចំណោមពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតនេះ តើនឹងមានពលរដ្ឋខ្មែរប៉ុន្មានភាគរយ ត្រូវបានរំពឹងថានឹងអញ្ជើញទៅបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ខាងមុខ ខណៈនៅពេលនេះមានចរន្តនៃក្រុមអ្នកនយោបាយរត់ចោលស្រុកដឹកនាំដោយទណ្ឌិត សម រង្ស៊ី និងក្រុម កឹម សុខា នៃខ្មោចបក្សសង្គ្រោះជាតិ ដោយមានការជួយជ្រោម
ជ្រែងពីពួកបរទេសដែលជាចៅហ្វាយនាយរបស់ខ្លួន បាននិងកំពុងធ្វើយុទ្ធនាការរារាំងប្រជាពលរដ្ឋមិនឱ្យ ទៅបោះឆ្នោត ដើម្បីបម្រើផលប្រយោជន៍នយោបាយខ្លួន និងសងសឹកផ្នែកនយោបាយដោយសារតែខ្លួនអស់បក្ស និងអស់សិទ្ធិធ្វើនយោបាយព្រោះខ្លួនបានឃុបឃិតជាមួយបរទេសបំផ្លាញ និងក្បត់ប្រជាជាតិ
កម្ពុជា។ ចៅចាក់ស្មុក សូមធ្វើការវិភាគលើលទ្ធភាពរំពឹងទុកនៃការចូលរួមបោះឆ្នោតរបស់ប្រជាពលរដ្ឋខ្មែរ ដូចខាងក្រោម ដោយឈរនៅលើមូលដ្ឋានទិន្នន័យរបស់ គ.ជ.ប និងការបោះឆ្នោតនាពេលកន្លងមក៖
ទី១)ការបោះឆ្នោតពេលមានអតីតបក្សប្រឆាំង៖ នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ ២០១៣ ក្នុងចំណោមពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន
៩ ៨៧៥ ៤៥៣ នាក់ អ្នកដែលបានទៅបោះឆ្នោតមានចំនួន ៦ ៧៣៥ ២៤៤ នាក់ស្មើនឹង ៦៩,៧១%។ សំឡេងឆ្នោត ដែលគណបក្សប្រជាជនកម្ពុជាទទួលបាន ៣ ២៣៥ ៩៦៩ សំឡេង (៤៨,៨៣%) រីឯគណបក្សសង្គ្រោះជាតិទទួលបាន ២ ៩៤៦ ១៧៦ សំឡេង (៤៤,៤៦%)។ ចំណែកការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ ២០១៧ នៅក្នុងចំណោមពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៧ ៨៥៦ ០៣៣ នាក់ ចំនួនអ្នកដែលបានទៅបោះឆ្នោតមាន ៧ ១០៧ ៣៩៥ នាក់ ស្មើនឹង ៩០,៣៧%។ សំឡេងឆ្នោតដែលគណបក្សប្រជាជនកម្ពុជា ទទួលបាន ៣ ៥៤០ ០៥៦ សំឡេង (៥០,៧៦%) រីឯគណបក្សសង្គ្រោះជាតិទទួល បានសំឡេង ៣ ០៥៦ ៨២៤ (៤៣,៨៣%)។ ចំណែកសំឡេងដែលនៅសេសសល់ជាង ៥ សែនសំឡេង (ជាង ៦%) គឺជារបស់គណបក្សផ្សេងៗទៀត។ យោងតាមតួលេខរបស់ គ.ជ.ប ការបោះឆ្នោតសកលទាំង ៨ លើក ដែលកម្ពុជាបានរៀបចំ គឺនៅក្នុងមួយលើកៗ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតពីជាង ៦៧% រហូតដល់ជាង ៩៣%នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត។ នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ នេះ ក៏មានការរំពឹងទុកថា ប្រជាពលរដ្ឋខ្មែរនឹងអញ្ជើញទៅបោះឆ្នោតមានចំនួនច្រើនដូចសព្វមួយដងដែរ។
ទី២) ពលរដ្ឋខ្មែរមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជាង ៧០%នឹងអញ្ជើញទៅបោះឆ្នោត ពេលដែលគ្មានគណបក្សសង្គ្រោះជាតិ៖ យោងតាមទិន្នន័យនៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខែមិថុនា ឆ្នាំ ២០១៧ ដោយដកអាត្រានៃអ្នកបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិចេញ ចំនួនអ្នកដែលបានអញ្ជើញទៅបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជារួមនឹងគណបក្សផ្សេងទៀតមានចំនួនជាង ៥៦%។ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀត ខណៈអ្នកបោះឆ្នោតថ្មីនៅឆ្នាំ២០១៨ នេះមានការកើនឡើងប្រមាណជាង ៥ សែននាក់។ នៅក្នុងការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ នាពេលកន្លងទៅ គឺមានគណបក្សនយោបាយត្រឹម ៨ ប៉ុណ្ណោះដែលបានចូលរួមប្រកួតប្រជែង និងមានអ្នកមិនទៅបោះឆ្នោតជាង ៧ សែននាក់។ សម្រាប់ការ បោះឆ្នោតសកលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ នេះ គណបក្សនយោបាយ ២០ ចូលរួម ដែលគណបក្សនយោបាយនីមួយៗមានកំណើននៃអ្នកគាំទ្ររបស់ខ្លួនរួម ជាមួយកំណើននៃអ្នកបោះឆ្នោតថ្មី និងគណបក្សខ្លះបានរលាយខ្លួន ហើយសមាជិកសមាជិកាចាស់ទៅបង្កើតជា គណបក្សថ្មី និងមានសមាជិកចាកចេញពីបក្សដែលស្លាប់ទៅចូលរួមជីវភាពនយោបាយជាមួយគណបក្សថ្មី ឬមក ជាមួយគណបក្សប្រជាជនកម្ពុជាព្រោះសកម្មជន និងអ្នកគាំទ្រមួយចំនួនធំ មិនបន្តដេកឱបខ្មោចបក្សទៀតនោះឡើយ។ គណបក្សចំនួន ៤ ដែលជាគណបក្សបែកចេញពីខ្មោចគណបក្សសង្គ្រោះជាតិ និងបានស្រូបយកអ្នកគាំទ្រមកជាមួយដែរនោះ គឺគណបក្សប្រជាធិបតេយ្យមូលដ្ឋានរបស់លោក យ៉ង សាំងកុមារ និងលោកយ៉េង វិរៈ គណបក្សឆន្ទៈខ្មែររបស់លោក គង់ មុនីកា គណបក្សខ្មែរតែមួយរបស់ប្អូនសពលោក កែម ឡី និងគណបក្សខ្មែរក្រោក។
យោងតាមការវាយតម្លៃបឋមឈរលើការចូលរួមគាំទ្រនៅក្នុងយុទ្ធនាការបោះឆ្នោត អ្នកគាំទ្របក្សទាំងនេះ អាចស្រូបយកកម្លាំងពីខ្មោចបក្សប្រឆាំងបានយ៉ាងតិចបំផុតប្រមាណ ២០% នៃចំនួនសំឡេងសរុប ៣ លានសំឡេងរបស់បក្សនេះ ដែលទទួលបានក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ប៉ុន្តែ គេក៏មិនត្រូវភ្លេចថា គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោក ខឹម វាសនា ក៏បានកើនឡើងនូវចំនួនអ្នកគាំទ្រគួរកត់សម្គាល់ផងដែរ ក្រោយពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ បងប្អូនដែលធ្លាប់គាំទ្រខ្មោចបក្សសង្គ្រោះ ជាតិមួយចំនួន ដែលជាអតីតអ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិចរបស់សម្តេចក្រុមព្រះ និងគណបក្សខ្មែររួបរួម ជាតិរបស់លោកញឹក ប៊ុនឆៃ ក៏រំពឹងថានឹងងាកមកចូលរួមនិងគាំទ្របក្សទាំងពីរនេះវិញផងដែរ។ លោក ញឹក ប៊ុនឆៃ មានជំនឿចិត្តថានឹងអាចទាញយកបានសំឡេងប្រមាណ ១៥%ពីសំឡេងខ្មោចគណបក្សសង្គ្រោះជាតិ ហើយគណបក្សហ៊្វុនស៊ិនប៉ិចក៏រំពឹងដូចគ្នានេះដែរ។
ម្យ៉ាងទៀត បើពិនិត្យលើចំនួនសមាជិក របស់បក្សប្រជាជនកម្ពុជា គណបក្សនេះ មានសមាជិកចំនួនជិត ៦ លាននាក់ ហើយយើងយល់ថា សមាជិកគណបក្សប្រជាជនមិនតិចជាង ៦ លាននោះទេ ដែលពិតជានឹងចេញទៅបោះឆ្នោត ដោយហេតុផលសត្យានុម័តផង និងក៏ជៀសវាង « ការជាន់ដានចោរ » ផងដែរនោះ ចំនួននេះប្រហាក់ប្រហែល ៦០% នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតសរុប។ គេមិនអាចសន្និដ្ឋានថា ប្រជាពលរដ្ឋដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិកាលពីឆ្នាំ ២០១៧ សុទ្ធតែមិនអញ្ជើញទៅបោះឆ្នោតតាមការញុះញង់របស់ សម រង្ស៊ី និងគូកនទេ គឺពួកគាត់ក៏នឹងទៅបោះឆ្នោតផងដែរព្រោះពួកគាត់បំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋខ្មែរដ៏ល្អផង និងដោយសារតែពួកគាត់មានជម្រើសគណបក្សផ្សេង ឬយល់ថាគណបក្សកាន់អំណាចបានកសាងសមិទ្ធិផលនិងស្នាដៃជាច្រើន ជូនជាតិកម្ពុជា ជាពិសេសទាំងសកម្មជន និងអ្នកគាំទ្រភាគច្រេីនរបស់អតីតគណបក្សប្រឆាំង បានភ្ញាក់រលឹក និងទទួលស្គាល់នូវការពិតចំពោះមេបក្សទាំងពីរបស់ខ្លួនគឺសម រង្ស៊ី និងកឹមសុខា ដែលពិតជាបានក្បត់ជាតិ និងបម្រើផលប្រយោជន៍យុទ្ធសាស្ត្រនយោបាយរបស់បរទេសមែន។ ដូច្នេះពួកគាត់ចាំបាច់ត្រូវបោះឆ្នោតជូនគណបក្សកាន់អំណាចបន្តដឹកនាំប្រទេសដើម្បីថែរក្សាសុខសន្តិភាព និង ការអភិវឌ្ឍ ដែលខ្លួនមានសព្វថ្ងៃឱ្យបានគង់វង្សល្អ។ នៅតែអតីតសកម្មជនឆ្អិនឆ្អៅ និងអ្នកងុបខ្លាំង នៃ ខ្មោចបក្សសង្គ្រោះជាតិតែប៉ុណ្ណោះដែលនៅដេកឱបខ្មោចបក្សនេះទៀត។ ចំណែករូបភាពដែល ក្រុមខ្មោចបក្សសង្គ្រោះជាតិយកមកឃោសនាលើកម្រាមដៃ និងញុះញង់មិនឱ្យប្រជាពលរដ្ឋទៅបោះឆ្នោត គឺភាគច្រើនសុទ្ធតែអ្នកដែលរស់នៅក្រៅប្រទេស និងភាគច្រើនគ្មានសិទ្ធិបោះឆ្នោតថែមទៀត។
ជាមួយគ្នានេះ បើយោងតាមការស្ទង់មតិមួយដែលធ្វើឡើងលើបណ្តាញហ្វេសប៊ុកពិភពចែករំលែក និងកម្សាន្ត ក្នុងចំណោមគណនីហ្វេសប៊ុកចូលរួមបោះឆ្នោតឆ្លើយនឹងសំណួរថា តើបងប្អូននឹងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨ ដែរឬទេ? លទ្ធផលដែលបានប្រកាសកាលពីរាត្រីថ្ងៃទី២១ ខែ
កក្កដា ឆ្នាំ២០១៨ ចម្លើយគឺ ៨៤% ឆ្លើយថា នឹងទៅបោះឆ្នោត ហើយ ១៦% ឆ្លើយថានឹងមិនទៅបោះឆ្នោតទេ។ នេះគឺគ្រាន់តែជាការស្ទង់មតិលើបណ្តាញទំនាក់ទំនងសង្គមប៉ុណ្ណោះ។
អ្វីដែលគួរឱ្យទុកចិត្តបំផុតនោះ យោងតាមការវាយតម្លៃបឋមដោយឈរនៅលើទិន្នន័យជាក់ស្តែងនៃឈ្មោះអ្នកមានសិទ្ធិ បោះឆ្នោតនៅក្នុងបញ្ជីបោះឆ្នោត និងចំនួននៃសមាជិកគណបក្សនីមួយៗ និងអាត្រានៃការចូលរួមបោះឆ្នោត នាពេលកន្លងទៅ ចំនួនពលរដ្ឋខ្មែរដែលត្រៀមខ្លួនទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខ អាចនឹងមានចំនួនយ៉ាងហោចណាស់ក៏ជាង 70% ដែរនៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ ២០១៨ នេះ៕
ដោយ ចៅ ចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ ២០១៨


ទស្សនៈកូនខ្មែរ៖ ការរលាយបក្សសង្គ្រោះជាតិជាបណ្តាសារចំពោះជនក្បត់ជាតិ!

ការរលត់រលាយនៃអតីតបក្សចេញពីពិភពនយោបាយប្រទេសកម្ពុជាមិនមែនជារឿងចៃដន្យ ឬជាចេតនារបស់អ្នកណានោះទេ តែជាបណ្តាសាររបស់ព្រលឹងអ្នកស្នេហាជាតិ និងដូនតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រអច្ឆរិយៈ ចំពោះជនក្បត់ជាតិយ៉ាងពិតប្រាកដ។ វាមិនមែនជារឿងថ្មីទេដែលអ្នកនយោបាយត្រកូល សម រង្ស៊ី ត្រូវបានជាប់ចោទពីបទក្បត់ជាតិ និងត្រូវបានច្បាប់កាត់ទោសតាំងពីជំនាន់ឪពុកគាត់ឈ្មោះ សម សារី មកម្ល៉េះពោលគឺអ្វីដែលលោក សម រង្ស៊ី ធ្វើ និងអ្វីដែលគាត់ទទួលផលវាគឺជា«ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។
ថ្វីត្បិតតែបច្ចុប្បន្ន យើងរស់នៅក្នុងយុគសម័យវិទ្យាសាស្ត្រជឿនលឿន ប៉ុន្តែ មនុស្សគ្រប់រូបជាពិសេសជនជាតិអាស៊ី ក្នុងនោះក៏មានជនជាតិខ្មែរយើងដែរគឺមានអបិយជំនឿជាប់នឹងខ្លួន។ យើងជឿលើវត្ថុស័ក្តិសិទ្ធិ យើងជឿលើបារមីព្រះពុទ្ធសាសនា យើងជឿលើព្រលឹងដូនតា និងជាពិសេសជឿលើបុណ្យ និងបាប ពោលគឺ អ្នកសាងអ្វីនឹងទទួលផលនោះ។ ក្នុងន័យនេះ បើយើងក្រឡេកមើលក្នុងអបិយជំនឿនេះ យើងនឹងឃើញថាអ្វីៗគ្រប់យ៉ាងដែលនាំដល់ការរលត់រលាយនៃគណបក្សសង្គ្រោះជាតិគឺជាបណ្តាសារដែលមិនអាចចៀសផុត ហើយការរលាយបក្សសង្គ្រោះជាតិមិនមែនជាការខាតបង់នោះទេ តែជាភ័ព្វការរំដោះគ្រោះរបស់ប្រទេសកម្ពុជាទៅវិញទេ។
គេនៅចាំបានថា នៅមុនការរំលាយអតីតបក្សប្រឆាំង ដោយអំណាចសាលដីកាតុលាការកំពូល គ្រូទាយដ៏ល្បីល្បាញនៅប្រទេសថៃបានទស្សន៍ទាយថា គណបក្សសង្គ្រោះជាតិនឹងទទួលរងគ្រោះធំរហូតដាច់ក្បាល និងឈានទៅរលំរលាយតែម្តង។ គេក៏បានលឺសម្តីរបស់លោកស្រី ពោធិតី សាវត្តី ប្រធានគណបក្សធម្មាធិបតេយ្យបាននិយាយយ៉ាងច្បាស់ថា គាត់បានបដិសេធមិនចូលធ្វើនយោបាយជាមួយគណបក្សសង្គ្រោះជាតិទេបើទោះបីជាលោក សម រង្ស៊ី និងលោក កឹម សុខា រួមទាំងមិត្តភ័ក្តិបញ្ចុះបញ្ចូលយ៉ាងណាក្តី។ មូលហេតុពីព្រោះគ្រូផ្លូវងងឹតបានប្រាប់គាត់ថា គណបក្សនេះនឹងរលាយដោយសារតែទង្វើមិនស្មោះត្រង់របស់មេដឹកនាំ។
គឺដោយសារតែបណ្តាសារដែលមិនអាចចៀសផុតនេះហើយ ទើបទីបំផុត លោក កឹម សុខា បានធ្លោយមាត់និយាយចេញមកទាំងស្រុងអំពីផែនការក្បត់ជាតិរបស់ខ្លួនក្រោមការជួយរៀបចំជ្រោមជ្រែង និងចាត់ចែង ផ្តល់យុទ្ធសាស្ត្រ យុទ្ធវិធី និងថវិការពីសំណាក់សហរដ្ឋអាមេរិកដើម្បីរៀបគម្រោងធ្វើបដិវត្តន៍ពណ៌នៅកម្ពុជាដោយយកគំរូតាមអតីតយូហ្គោស្លាវី។ ជាធម្មតា លោក កឹម សុខា មិនអាចនិយាយរឿងនេះចេញជាសាធារណៈបានទេ ប៉ុន្តែ ដោយសារបណ្តាសារឬទំនាយដែលគ្មានអ្នកណាអាចគេចផុតបានឡើយ។ ដូច្នេះ លោក កឹម សុខា និយាយរឿងនេះចេញមកគឺដោយសារគណបក្សសង្គ្រោះជាតិត្រូវបណ្តាសារ ហើយដល់ពេលដែលត្រូវរលាយរលត់ហើយ។
នៅលើទិដ្ឋភាពយោបាយវិញ ក៏មានអ្នកនយោបាយជាច្រើនរួមទាំងអ្នកដែលធ្លាប់រួមដំណើរជាមួយ សម រង្ស៊ី ជាច្រើនផងក៏បានមើលឃើញជាស្រេចថា ដំណើររបស់បក្សសង្គ្រោះជាតិមិនត្រឹមតែមិនទទួលជោគជ័យប៉ុណ្ណោះទេ តែជាដំណើរនយោបាយដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ។ មូលហេតុគឺ ដោយសារទណ្ឌិតសម រង្ស៊ី ធ្វើនយោបាយសាបព្រួសវប្បធម៌អាក្រក់យ៉ាងច្រើនសម្រាប់ប្រទេស មានជាអាទិ៍ វប្បធម៌លាបពណ៌ ការបញ្ឆេះកំហឹងពូជសាសន៍ ញុះញង់ឲ្យខ្មែរស្អប់គ្នា យកមេដឹកនាំប្រទេស និងអ្នកមាន ជាសត្រូវ ដែលមើលទៅមិនខុសពីមនោគមន៍វិជ្ជាពួកខ្មែរក្រហម។ មានអ្នកនយោបាយខ្មែរជាច្រើនបានទស្សន៍ទាយទុកជាមុនថា គណបក្សសង្គ្រោះជាតិនឹងត្រូវរលាយនៅថ្ងៃណាមួយជាក់ជាមិនខាន។ ដោយសារហេតុផលនេះហើយបានជាពួកគេងាកទៅបង្កើតគណបក្សនយោបាយថ្មីជាបន្តបន្ទាប់។
ជាការពិត តាមទស្សនៈកម្មផល អ្នកសាងអំពើអាក្រក់នឹងទទួលផលអាក្រក់ ហើយបើសិនជាអំពើអាក្រក់នោះវាធ្ងន់ធ្ងរ កម្មនឹងផ្តល់ផលភ្លាមៗដោយមិនចាំបាច់ជាតិក្រោយឡើយ ជាពិសេសទាក់ទងនឹងអំពើក្បត់ជាតិ។ ប្រទេសកម្ពុជាជាព្រះរាជាណាចក្រអច្ឆរិយៈ ដែលមានវត្ថុស័ក្តិសិទ្ធិជាច្រើនចាំការពារប្រទេស និងប្រជាជននេះមិនឲ្យសាបសូន្យឡើយបើទោះជាធ្លាក់ក្នុងរបបវាលពិឃាតដូចជំនាន់ខ្មែរក្រហមក៏ដោយ ក៏គង់នៅមានវីរៈបុរសជិះសេះសចេញមុខមកជួយសង្គ្រោះឲ្យរួចផុតពីសេចក្តីស្លាប់ និងផុតពីក្តីវិនាស ហើយបានកសាងប្រទេសនេះឲ្យរស់ឡើងវិញនិងមានភាពថ្កើងថ្កានលើសដើម។ នេះជាអភូតហេតុដ៏អស្ចារ្យណាស់សម្រាប់ប្រទេស និងប្រជាជាតិដ៏កម្សត់មួយនេះ។
ដូច្នេះ អ្នកដែលខំប្រឹងឃោសនាអកុសលដើម្បីស្រោចស្រង់គណបក្សគ្រោះមួយនេះមិនត្រឹមតែមិនទទួលបានផលអ្វីប៉ុណ្ណោះទេ តែក៏អាចទទួលរងបណ្តាសារហើយអាចមានវាសនាមិនខុសពីដូចគណបក្សនេះក៏ថាបាន។ លទ្ធផលបានបង្ហាញឲ្យយើងឃើញនឹងភ្នែកហើយ។ ក្រុមដែលនៅតែងប់ងល់នឹងមនោគមន៍វិជ្ជារបស់សម រង្ស៊ី មានតួយ៉ាងដូចជា មូរ សុខហួរ ជាដើម នឹងបានភ្លឺភ្នែក ភ្ញាក់ខ្លួនដូចខ្មោច ៧ថ្ងៃនៅបន្ទាប់ពីការបោះឆ្នោតថ្ងៃទី ២៩ កក្កដាខាងមុខនេះនៅពេលដែលឃើញថា ពលរដ្ឋយ៉ាងច្រើនកុះករចេញទៅបោះឆ្នោត។ ពួកគេនឹងភាន់ភាំងគាំងបេះដូងម្តងទៀតដូចកាលពីការចាប់ខ្លួន កឹម សុខា ដូច្នោះដែរ គឺគ្មានអ្នកណាស្តាប់តាមក្រុមក្បត់ជាតិដែលកំពុងទទួលបណ្តាសារពីគ្រប់ទិសទីនោះឡើយ។ មនុស្សជំពូកនេះ ទោះបីជាព្រះក៏ប្រោសមិនរួចដែរ៕

ដោយ៖ លោកតាអាចារ្យម្នាក់

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៖ អំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា ព្រោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ប្រមុខដឹកនាំគណបក្សប្រជាជនកម្ពុជា បានរំលឹកថា នៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនឹងឈានចូលមកដល់ហើយ។ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋត្រៀមខ្លួនទៅបោះឆ្នោតឲ្យបានគ្រប់គ្នា។
ទន្ទឹមនឹងការអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតនៅលើទំព័រ Facebook នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានអំពាវនាវទៅដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឲ្យចូលរួមឃោសនាពន្យល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតឲ្យបានច្បាស់នូវ គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងសិទ្ធិសេរីភាព ព្រមទាំងកាតព្វកិច្ចពលរដ្ឋក្នុងការចូលរួម បោះឆ្នោតជ្រើសរើសមេដឹកនាំប្រទេស។
លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះ​ឆ្នោត គឺពង្រឹងនូវសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ ដែលនាំឲ្យប្រទេសជាតិកាន់តែរីកចម្រើន។
សារនយោបាយនៅលើទំព័រ Facebook នៅព្រឹកថ្ងៃនេះ ក៏មិនខុសពីសព្វមួយដងដែរ គឺលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បន្តថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលមានជំនឿ និងទុកចិត្តលើគណបក្ស ប្រជាជនកម្ពុជាតាំងពីដើមរហូតមក។ លោកនាយករដ្ឋមន្រ្ដី បន្ថែមទៀតថា អ្វីគ្រប់យ៉ាងដែលគណបក្ស ប្រជាជនកម្ពុជាកំពុងខិតខំធ្វើ គឺដើម្បីផលប្រយោជន៍កម្ពុជាទាំងមូល។

លោកបានគូសបញ្ជាក់ដូច្នេះ «អរគុណបងប្អូនជនរួមជាតិដែលមានជំនឿជឿជាក់ និងទុកចិត្តលើ គណបក្សប្រជាជនតាំងពីដើមរហូតមក។ បងប្អូនយល់ច្បាស់ណាស់ថា គណបក្សប្រជាជន គឺជារបស់យើង ទាំងអស់គ្នា​។​ គ្រប់អ្វីៗទាំងអស់ដែលគណបក្សប្រជាជនកំពុងខិតខំ​ធ្វើ គឺដើម្បីផល​ប្រយជន៍កម្ពុជាទាំងមូល»។ សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិតកាលទី៦ នឹងឈានចូលមកដល់នៅថ្ងៃអាទិត្យ សប្តាហ៍នេះ ពោលសល់តែ៣ថ្ងៃប៉ុណ្ណោះ។ ការបោះឆ្នោតអាណត្តិនេះមានគណបក្សនយោបាយចូលរួម ប្រកួតប្រជែងរហូតដល់ទៅ២០ ជាចំនួនមួយដ៏ច្រើនជាង ដែលការបោះឆ្នោត៥អាណត្តិកន្លងទៅមិនមាន គណបក្សនយោបាយចូលរួមប្រកួតប្រជែងច្រើនបែបនេះនោះឡើយ ៕




ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់នៅខេត្តស្ទឹងត្រែង បានទទួល មុងជ្រលក់ថ្នាំ ព្រមទាំងការពិនិត្យដោយក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចល័ត របស់មន្ទីរសុខាភិបាល

ស្ទឹងត្រែង៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់ថា ជំនួយបន្ថែម ជាមុងជ្រលក់ថ្នាំចំនួន ៤០០០មុង និងថ្នាំពេទ្យ ក្រសួងបានដឹកទៅដល់​គោលដៅ និងចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ នៅខេត្តស្ទឹងត្រែង រួចរាល់ហើយ។
លោកបញ្ជាក់ថា នៅថ្ងៃដដែលនេះដែរ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តចល័ត របស់មន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដឹកនាំដោយលោក អ៊ុង សូវៀត សហការជាមួយមណ្ឌលសុខភាពសៀមប៉ាង បានចុះទៅ ភូមិ ញាំងស៊ុធំ, ឡាកាយ និងទីទួលសុវត្ថិភាព កោះទន្សាយ ឃុំសន្តិភាព នឹងបានចែកមុងជ្រលក់ថ្នាំចំនូន​១៥០មុង​(មុងអង្រឹង​១០០,មុងគ្រែ៥០, ផ្តល់ថ្នាំបង្ការ ជំងឺកញ្ជ្រឹល និងគ្រុនស្វិតដៃជើងដល់កុមារ ចំនួន៥០នាក់ ចែកថ្នាំ chloramine ១៧,០០០ គ្រាប់,អប់រំសុខភាព បាន២០៨នាក់ និងពិនិត្យព្យាបាលជំងឺ បានចំនួន១២៣នាក់។
សូមជម្រាបថា បន្ទាប់ពីទទួលបានដំណឹងពីការលិចលង់ដោយទឹកជំនន់ ដែលហូរធ្លាក់ពីប្រទេសឡាវ ដោយប្រជាពលរដ្ឋកម្ពុជារស់នៅតំបន់មួយចំនួន ក្នុងខេត្តស្ទឹងត្រែង ត្រូវបានជម្លៀសរកទីទួលសុវត្ថិភាពនោះ នៅព្រឹកមិញនេះ លោក ម៉ម ប៊ុនហេង ក៏បានប្រាប់ឲ្យប្រធានមន្ទីរសុខាភិបាលខេត្ត ប្រញាប់ចុះចែក​មុងជ្រលក់ថ្នាំ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លងផ្សេងៗ ពិសេសជំងឺគ្រុនចាញ់ជូនដល់កុមារ និងស្ត្រីមានផ្ទៃពោះ ដែលងាយរងគ្រោះដោយសារទឹកជំនន់នោះ។

លោក ម៉ម ប៊ុនហេង ក៏សូមអំពាវនាវដល់បងប្អូនទាំងអស់ ការពារសុខភាពតាមរយៈការហូបស្អាត ទឹកស្អាត និងកុំឲ្យកូនតូចៗ លេងទឹកដោយធ្វេសប្រហែសដោយសោះ ព្រោះអាចមានគ្រោះថ្នាក់ជាយថាហេតុ។ គិមមកដល់វេលាយប់នេះ ទឹកជំនន់ដែលហូរចេញពីការបាក់ទំនប់ Se-Pian Se Nam Noi ក្នុងខេត្ត Attapeu ប្រទេសឡាវ បានមកដល់ព្រំដែនប្រទេសកម្ពុជាជាបណ្តើរៗហើយ និងបានលិចចូលតំបន់មួយចំនួន នៅក្នុងឃុំថ្មកែវ ឃុំសន្តិភាព និងឃុំសេកុង នៃស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ការលិចលង់នេះ បង្ខំឲ្យអាជ្ញាធរត្រូវជម្រៀលប្រជាជនទៅរកកន្លែងសុវត្ថិភាពមួយចំនួនផងដែរ ៕






គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពីការសរុបព្រឹត្តិការណ៍ទូទៅនៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការសរុបព្រឹត្តិការណ៍ទូទៅ នៃដំណើរការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ និងការបិទផ្សាយបញ្ជីបោះឆ្នោត និងបញ្ជីទីតាំងការិយាល័យ នៅតាមការិយាល័យបោះឆ្នោត នៅថ្ងៃទី២៧ ខែកក្កដា ស្អែកនេះ វេលាម៉ោង៤៖០០នាទីរសៀល នៅសាលសន្និសីទសារព័ត៌មាន នៃទីស្តីការ គ.ជ.ប។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកក្កដានេះ។
គ.ជ.ប បានឱ្យដឹងថា ភាគីពាក់ព័ន្ធដែលចូលរួមក្នុងឱកាសនោះរួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញ, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន, ជំនាញការ JACA និងជំនាញការកូរ៉េ ប្រចាំនៅ គ.ជ.ប និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិផងដែរ ៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖


លោក មាស សុភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាបក្សចំនួន ១.០០០នាក់នៅស្រុកឆែប

ព្រះវិហារ៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨នេះ លោក មាស សុភា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងជាបេក្ខជនពេញសិទ្ធិ ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ មណ្ឌលខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការបក្សខេត្ត បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងបង្ហាញបេក្ខជនតំណាងរាស្រ្តបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដល់សមាជិក សមាជិកាបក្ស នៅស្រុកឆែប ចំនួន ១.០០០នាក់នៅក្នុងបរិវេណវត្តសុវណ្ណគីរី ឃុំឆែបមួយ ស្រុកឆែប ។

ក្នុងពិធីនោះ សមាជិក សមាជិកាបក្សទាំងអស់បាន ប្តេជ្ញាចិត្តខ្ពស់ក្នុងការទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨ ៕







វីដេអូស្តីពី៖ ស្ថានភាពរស់នៅរបស់ ឆ្មាំ ពលករនៅប្រាសាទបេងមាលា មុននិងក្រោយចូលបំពេញការងារនៅអាជ្ញាធរជាតិអប្សរា

ថ្ងៃស្អែកប្រមុខបក្សកាន់អំណាច នឹងចេញដឹកនាំសមាជិក ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោត

ប្រមុខគណបក្សប្រជាជនកម្ពុជា លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន នឹងចេញដឹកនាំសមាជិក សមាជិកាប្រមាណ ២៥ម៉ឺននាក់ បិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ស្អែកនេះ។
យោងតាមលិខិតលោក សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា ផ្ញើទៅកាន់ប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា តាមរាជធានី-ខេត្តនាពេលកន្លងទៅបានឲ្យដឹងថា ការដឹកនាំក្បួនបិទយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតនេះ នឹងធ្វើការជួបជុំ ព្រមទាំងដង្ហែក្បួនចេញពីមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
បើតាមលិខិតដដែលនេះបានគូសបញ្ជាក់ថាថា មុននឹងចេញដង្ហែក្បួនលោកប្រមុខបក្សកាន់អំណាច នឹងមានការថ្លែងសារនយោបាយជូនមហាជន ហើយការថ្លែងសារនេះ នឹងផ្សាយផ្ទាល់តាមទូរទស្សន៍ វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត ដែលបក្សបានជួលរួចរាល់ហើយនោះ។
ការចេញដឹកនាំក្បួនបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ថ្ងៃស្អែកនេះ គឺជាការដឹកនាំក្បួនឃោសនារកសំឡេងឆ្នោត ជាលើកទីពីរហើយ សម្រាប់ប្រមុខបក្សកាន់អំណាច។ កាលពីក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នាឆ្នាំ២០១៧កន្លងទៅ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ក៏បានចេញដឹកនាំយុទ្ធនាការឃោសនារកសំឡេងឆ្នោតបែបនេះផងដែរ។
ចាប់តាំងពីការបោះឆ្នោតឡើងដំបូងនាឆ្នាំ១៩៩៣ លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន មិនដែលចេញដឹកនាំ ក្បួនឃោសនារកសំឡេងឆ្នោតនោះឡើយ ពោលប្រមុខបក្សរូបនេះតែងធ្វើសកម្មភាពខ្លាំងនៅមុនយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតចូលមកដល់។ លុះដល់ថ្ងៃឃោសនារកសំឡេងឆ្នោត លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន តែងតែរក្សាភាពស្ងប់ស្ងាត់។
ដូច្នេះសម្រាប់ការចេញដឹកនាំក្បួនឃោសនាដោយផ្ទាល់របស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានធ្វើឲ្យ មហាជន មានការចាប់អារម្មណ៍ខ្លាំង។ ជាពិសេសតាមរយៈសកម្មភាពនេះ បានបង្ហាញថា ប្រមុខបក្សកាន់ អំណាចរូបនេះ បានផ្តល់តម្លៃខ្ពស់លើការប្រកួតប្រជែងជាលំអាន នៃលទ្ធិប្រជាធិបតេយ្យដែលកម្ពុជាកំពុង ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួននោះ។
ក្រៅពីគណបក្សប្រជាជនកម្ពុជា ដែលមានកម្លាំងរហូតដល់ទៅ ២៥ម៉ឺននាក់ចេញដង្ហែបិទក្បួនយុទ្ធនាការ ឃោសនា រកសំឡេងឆ្នោតទៅ នៅក្នុងរាជធានីភ្នំពេញនេះ ក៏មានគណបក្សនយោបាយ៥ផ្សេងទៀត បានចេញដង្ហែបិទយុទ្ធនាការឃោសនារកសំឡេងឆ្នោតផងដែរ។ នេះបើតាមរបាយការណ៍គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។

របាយការណ៍បានឲ្យដឹងថា គណបក្សនយោបាយទាំង៥នោះរួមមាន៖ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរក្រោក, គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សហ៊្វុនស៊ិនប៉ិច។ បើតាមរបាយការណ៍ដដែលនេះ បានឲ្យដឹងថា ការដង្ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅក្នុងរាជធានីភ្នំពេញ មានអ្នកចូលរួមសរុបទាំងអស់ជាង ៣២ម៉ឺននាក់ និងមានរថយន្តចំនួន ៣,៦៧០គ្រឿង ម៉ូតូកង់បីជិត ១ពាន់គ្រឿង និងម៉ូតូជាង ៨ពាន់គ្រឿងផងដែរ ៕



រាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងអនុគ្រោះពន្ធដារជាច្រើនប្រភេទ ព្រមទាំងគ្មានការដំឡើងពន្ធ ឬបង្កើតពន្ធថ្មីនោះឡើយ!

រយៈពេលកន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារជាច្រើន ក្នុងគោលដៅជំរុញនិងលើកទឹក​ចិត្ត​វិនិយោគ បង្កើនផលិតភាព និងឱកាសការងារ សម្រួល និងលើកទឹកចិត្តដល់ការប្រកប​អាជីវកម្ម​របស់​ប្រជាពលរដ្ឋតូចតាច និងជួយកាត់បន្ថយដល់បន្ទុកចំណាយជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ការលើកទឹកចិត្ត និងអនុគ្រោះផ្នែកពន្ធដារកន្លងមកក្នុងនោះរួមមាន៖
១- ការអនុគ្រោះពន្ធចំពោះគម្រោងវិនិយោគ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (ឆ្នាំ២០០៣)តាមរយៈច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីវិនិយោគ រាជរដ្ឋាភិបាលកម្ពុជាបាន៖
* លើកលែងពន្ធលើប្រាក់ចំណូល ដល់គម្រោងវិនិយោគដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ចំពោះរយៈពេលគន្លឹះបូកនឹងរយៈពេល៣ឆ្នាំ បូកនឹងរយៈពេលអាទិភាព ដែលអាចមានរយៈពេលអតិបរមាស្មើនឹង៩ឆ្នាំ
* លើកលែងពន្ធអប្បបរមា ស្មើនឹង១%នៃផលរបរប្រចាំឆ្នាំ
* លើកលែងពន្ធគយ ចំពោះការនាំចូលគ្រឿងសម្ភារបរិក្ខារផលិតកម្ម សម្ភារសាងសង់ វត្ថុធាតុដើម ផលិតផលពាក់កណ្ដាល សម្រេចបម្រើផលិតកម្ម។
២៖ ការលើកទឹកចិត្តផ្នែកពន្ធដល់វិស័យមូលបត្រ (ឆ្នាំ២០១៥)
តាមរយៈអនុក្រឹត្យលេខ ០១. អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ ស្ដីពីការលើកទឹកចិត្តពន្ធដារ ក្នុងវិស័យមូលបត្រ រាជរដ្ឋាភិបាលកម្ពុជាបាន៖
* លើកលែងពន្ធលើប្រាក់ចំណូលចំនួន៥០% នៃពន្ធលើប្រាក់ចំណូលត្រូវបង់សរុបសម្រាប់រយៈពេល៣ឆ្នាំ
* អនុគ្រោះបំណុលពន្ធលើប្រាក់ចំណូលទាំងស្រុង រយៈពេល៥ឆ្នាំ
* លើកលែងពន្ធកាត់ទុកចំនួន៥០% លើការប្រាក់ និងភាគលាភ បានមកពីការកាន់កាប់ និងទិញ-លក់មូលបត្រ រយៈពេល៣ឆ្នាំ។
៣- ការលុបរបបពន្ធម៉ៅការ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ស្តី ពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយលើកទឹកចិត្តផ្នែកពន្ធដារ ដោយបានលុបរបបពន្ធម៉ៅការ និងបានកំណត់កម្រិតផលរបរ ដែលត្រូវជាប់ពន្ធ ដែលក្នុងនោះ ប្រជាពលរដ្ឋដែលប្រកបអាជីវកម្ម នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានផលរបរប្រចាំឆ្នាំក្រោម២៥០លានរៀល (ប្រមាណ ៦២,៥០០ដុល្លារសហរដ្ឋអាមេរិក) មិនត្រូវជាប់ពន្ធលើប្រាក់ចំណូលនោះទ្បើយ។
៤- ការលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦នេះដែរ ដើម្បីសម្រួលដល់ជីវភាព និងកាត់បន្ថយបន្ទុកបង់ពន្ធរបស់ប្រជាពលរដ្ឋតូចតាច រាជរដ្ឋាភិបាលបានសម្រេចលុបចោលការប្រមូលពន្ធ លើមធ្យោបាយដឹកជញ្ជូននិងយានជំនិះគ្រប់ប្រភេទ ចំពោះ ទោចក្រយានយន្ត (ម៉ូតូ) និងត្រីចក្រយានយន្តគ្រប់ប្រភេទ, ត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល, ជលយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់១៥០សេះ។
៥- ការលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ (ឆ្នាំ២០១៦)
តាមរយៈច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦ ប្រកាសលេខ ២៧៣ សហវប្រក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ស្ដីពីការប្រមូលពន្ធប្រថាប់ត្រា របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានលើកលែង និងអនុគ្រោះពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិរវាងឳពុក-ម្ដាយបង្កើតនិងកូនបង្កើត, ប្ដីនិងប្រពន្ធ, យាយ-តាបង្កើតនិងចៅបង្កើត។
លើសពីនេះ ក៏បានលើកលែងពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធិទោចក្រយានយន្ត ត្រីចក្រយានយន្តគ្រប់ប្រភេទ ត្រាក់ទ័រ និងជនយានយន្តគ្រប់ប្រភេទ ដែលមានកម្លាំងដល់ ១៥០សេះ។
៦- ការអនុគ្រោះចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ (ឆ្នាំ២០១៦)តាមរយៈប្រកាសលេខ ០៥៣៦ សហវប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីចំណាត់ថ្នាក់នៃអនុលោមភាពសារពើពន្ធ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវយន្តការលើកទឹកចិត្ត និងអនុគ្រោះពន្ធចំពោះសហគ្រាស ដែលមានអនុលោមភាពសារពើពន្ធខ្ពស់ ដែលក្នុងនោះរួមមាន៖ ការអនុគ្រោះពន្ធអប្បបរមា១% នៃផលរបរប្រចាំឆ្នាំ, ការបង្វិលសងអាករលើតម្លៃបន្ថែម ដោយពុំចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន, និងការមិនធ្វើសវនកម្មក្នុងរយៈពេលសុពលភាព នៃការលើកទឹកចិត្តដែលអ្នកជាប់ពន្ធ មានអនុលោមភាពសារពើពន្ធខ្ពស់ទទួលបាន។
៧- ការលើកលែងពន្ធក្នុងវិស័យអប់រំ អគ្គិសនី ទឹកស្អាត កសិកម្ម អនាម័យ និងម្ហូបអាហារ (ឆ្នាំ២០១៧-២០១៨)
តាមរយៈច្បាប់ស្ដីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជាបានលើកលែងអាករលើតម្លៃបន្ថែម ដោយចាត់ទុកជាការផ្គត់ផ្គង់ មិនជាប់អាករនូវការផ្គត់ផ្គង់មួយចំនួនដូចខាងក្រោម៖
* សេវាសិក្សាអប់រំ
* ថាមពលអគ្គិសនីនិងទឹកស្អាត
* ផលិតផលកសិកម្មមិនទាន់កែច្នៃ
* សេវាប្រមូល ឬសម្អាតកាកសំណល់រឹង-រាវ។
បន្ថែមពីនេះទៀត តាមរយៈប្រកាសលេខ ៣៦១ សហវ.ប្រក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវការលើកទឹកចិត្តបន្ថែម ដោយដាក់ជាបន្ទុករបស់រដ្ឋ នូវអាករលើតម្លៃបន្ថែមលើមុខទំនិញ ដែលជាអាហារជាមូលដ្ឋាន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលមុខទំនិញចាំបាច់ទាំងនោះរួមមាន៖ ត្រី សាច់ ស៊ុតសត្វ ស្ករ អំបិល ទឹកត្រី ទឹកស៊ីអ៊ីវគ្រប់ប្រភេទ។
៨- ការលើកទឹកចិត្តចំពោះសហគ្រាសធុនតូច និងមធ្យម ដែលចុះបញ្ជីដោយស្ម័គ្រចិត្ត (ឆ្នាំ២០១៧)តាមរយៈអនុក្រឹត្យលេខ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្ត របស់សហគ្រាសធុនតូច និងសហគ្រាសធុនមធ្យម រាជរដ្ឋាភិបាលកម្ពុជា បានលើកលែងនូវពន្ធលើប្រាក់ចំណូល រយៈពេល ២ឆ្នាំ ចំពោះសហគ្រាសធុនតូចនិងមធ្យម ដែលចុះបញ្ជីពន្ធដារដោយស្ម័គ្រចិត្ត។
៩- ការលុបចោលពន្ធសត្តឃាត និងការដំឡើងកម្រិតពិដាន នៃប្រាក់បៀវត្សជាប់ពន្ធ (ឆ្នាំ២០១៨)បន្ថែមលើការអនុគ្រោះ និងលើកលែងពន្ធជាហូរហែកន្លងមក តាមរយៈការអនុវត្តច្បាប់ ស្ដីពីហិរញ្ញវត្ថុសម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៨ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញបន្ថែមទៀត នូវការអនុគ្រោះពន្ធដែល​ជាការជួយ​សម្រួលដល់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទូទៅ និងជាការលើកកម្ពស់ជីវភាពរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិតនានា តាមយន្តការធំៗពីរគឺ៖ (១)- ការលុបចោល​ពន្ធសត្តឃាត និង (២)- ការដំឡើងកម្រិតពិដាននៃប្រាក់បៀវត្ស ដែលត្រូវជាប់ពន្ធរបស់កម្មករនិយោជិត រហូតដល់ ១,២០០,០០០រៀល ស្មើនឹងប្រមាណ ៣០០ដុល្លារសហរដ្ឋអាមេរិក ដែលក្នុងន័យនេះ មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កងកម្លាំងប្រដាប់អាវុធ និងកម្មករនិយោជិត ដែលមានប្រាក់បៀវត្សត្រឹម ៣០០ដុល្លារ មិនជាប់ពន្ធលើប្រាក់បៀវត្សនោះទ្បើយ។

ទាំងអស់នេះហើយ គឺបង្ហាញឲ្យឃើញយ៉ាងច្បាស់ នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ គឺតែងតែគិតគូរ​ពីជីវភាព​រស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប សំដៅធ្វើយ៉ាងណាឲ្យប្រទេសដ៏កម្សត់ ធ្លាប់ធ្លាក់ចូលក្នុងភ្លើងសង្គ្រាម​រាប់សិប​ឆ្នាំនេះ បានរីកចម្រើន និងអភិវឌ្ឍន៍កាន់តែខ្លាំងក្លាឡើងថែមទៀត ៕