Friday, May 31, 2019

កម្ពុជា-ជប៉ុន ចុះហត្ថាលេខាលើពិធីសារ ២ចំណុចសំខាន់ៗ សម្រាប់ការអភិវឌ្ឍ

ក្នុងដំណើរបំពេញទស្សនកិច្ច និងបេសកកម្មការងារថ្ងៃចុងក្រោយនៅលើទឹកដីជប៉ុននាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារមួយចំនួនជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ៊្សូ។
បញ្ហាពង្រឹង និងពង្រីកនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រមទាំងបញ្ហាក្នុងតំបន់ និងនៅលើពិភពលោកផងដែរ ត្រូវបានគេរំពឹងថា នាយករដ្ឋមន្ត្រីកម្ពុជា និងជប៉ុន លើកមកជជែកនៅក្នុងជំនួបនាថ្ងៃនេះ។
ក្រៅពីជំនួបពិភាក្សាការងារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក អាបេ ស៊ីនហ៊្សូ អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើពិធីសារសំខាន់ៗចំនួនពីរ ដែលជាជំនួយឥតសំណងរបស់ជប៉ុនសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។
ពិធីសារដែលចុះហត្ថលេខានោះរួមមាន៖ ទី១- ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
បន្ទាប់ពីពិធីចុះហត្ថលេខានេះទៅ លោកនាយករដ្ឋមន្ត្រីជប៉ុន រៀបចំអាហាថ្ងៃត្រង់ទទួលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងគណៈប្រតិភូផងដែរ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូនឹងបញ្ចប់ទស្សនកិច្ចនៅលើប្រទេសជប៉ុននៅថ្ងៃនេះហើយជាមួយលទ្ធផលដ៏គាប់ប្រសើរជាច្រើនសម្រាប់ជាប្រយោជន៍កម្ពុជា។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងអញ្ជើញមកដល់ប្រទេសកម្ពុជាវិញនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ៕



ពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុនដល់កម្ពុជា

នៅព្រឹកថ្ងៃទី៣១ ឧសភា ដែលជាថ្ងៃចុងក្រោយ នៃការស្នាក់អាស្រ័យអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីជប៉ុន ហ្សិនសូ អាបេ បានអញ្ជើញធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារនៃកិច្ចព្រមព្រៀងស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុនសម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២។
ឯកសារទាំងពីរនោះរួមមាន៖ ទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ ១.៨លានដុល្លារអាមេរិក) និងទី២-ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់ ៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាមេរិក។
ពិធីនេះដែរចុះហត្ថលេខារវាងលោក ហ៊ីដេហ៊ីសា ហូរីណូឈិ (Hidehisa Horinouchi) ឯកអគ្គរាជទូតវិសាមញនិងពេញសមត្ថភាពជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជាមួយលោក អ៊ឹង រចនា ឯកអគ្គរាជទូតវិសាមញ និងពេញសមត្ថភាពព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន៕







អាជ្ញាធរជាតិអប្សរាបិទវគ្គអប់រំបរិស្ថានកុមារក្នុងរមណីយដ្ឋានអង្គរ

ក្រោមកិច្ចសហការរវាងមន្ទីអប់រំ យុវជន និងកីឡាខេត្តសៀមរាប ស្ថាប័នធានាគុណភាពជប៉ុន (JQA) សាកលវិទ្យាល័យសូហ្វីយ៉ានៃប្រទេសជប៉ុន និងអាជ្ញាធរជាតិអប្សរាបានអនុវត្តកម្មវិធីអប់រំបរិស្ថានកុមារដើម្បីបញ្ជ្រៀបចំណេះដឹងអំពីបរិស្ថាន នៅសាលាបឋមសិក្សាដូនឪ សាលាបឋមសិក្សាត្រពាំងស្វាយ និងសាលាបឋមសិក្សាគោកគ្រើល។ កម្មវិធីបញ្ជ្រៀបចំណេះដឹងបរិស្ថាននេះមានរយៈពេល៧ខែ ពោលគឺចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៨ និងបានបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩។
ថ្លែងក្នុងពិធីបិទវគ្គ លោក Saturu KISHINO តំណាងស្ថាប័នធានាគុណភាពជប៉ុនបញ្ជាក់ថា ការ បណ្តុះគំនិតឱ្យកុមារមានទម្លាប់ចេះគិតនិងស្រឡាញ់បរិស្ថានពីក្មេង នឹងបណ្តុះគំនិតស្រឡាញ់បរិស្ថានរបស់ពួកគេកាន់តែច្រើននាពេលអនាគត។ កម្មវិធីនេះ បានជំរុញការផ្លាស់ប្តូរឥរិយាបថរបស់សិស្សដើម្បីលុបបំបាត់ឬកាត់បន្ថយសំរាមក្នុងសាលារៀនឱ្យមានទេសភាពស្អាត។ សម្រាប់ទិសដៅអនាគត លោកសង្ឃឹមថា សិស្សានុសិស្សនិងសាលាទាំងអស់នឹងមានភាពម្ចាស់ការ ឯករាជ្យក្នុង ការថែរក្សាបរិស្ថានដោយខ្លួនឯងព្រមទាំងអាចបង្រៀនសាលាផ្សេងៗឱ្យយល់ដឹងពីបរិស្ថានកាន់តែទូលំទូលាយ។
អ្នកគ្រូ អឿម វណ្ណៈ បង្រៀនថ្នាក់ទី៦ «ក» នៃសាលាបឋមសិក្សាដូនឪ បានកត់សម្គាល់ថា ក្រោយពីទទួលបានការអប់រំបរិស្ថាន សិស្សចេះសម្អាតបរិស្ថានជុំវិញខ្លួន ចេះញែកសំរាម និងបន្ថយការប្រើសំរាម ហើយយកចំណេះដឹងទៅអនុវត្តនៅតាមសហគមន៍បានទៀតផង។ អ្នកគ្រូនឹងបន្តជំរុញនិងបណ្តុះស្មារតីសិស្សក្នុងការស្រឡាញ់បរិស្ថានដល់ពួកគេគ្រប់ជំនាន់ព្រោះបរិស្ថានស្អាត នាំឱ្យមានសុខភាពល្អ និងអារម្មណ៍ស្រស់ថ្លា។
ក្នុងនាមប្រធានគ្រប់គ្រងប្រព័ន្ធបរិស្ថាននៃអាជ្ញាធរជាតិអប្សរា លោក សុខ លក្ខិណា ក៏បានថ្លែង អំណរគុណដល់ស្ថាប័នធានាគុណភាពជប៉ុនដែលបានចូលរួមជាមួយអាជ្ញាធរជាតិអប្សរាក្នុងការជំរុញនិងលើកកម្ពស់បរិស្ថានដ៏មានប្រសិទ្ធភាពក្នុងរមណីយដ្ឋានអង្គរព្រោះការងារបរិស្ថានចាំបាច់មានការចូលរួមទាំងអស់គ្នា និងប្រើរយៈពេលយូរទើបសម្រេចបានផល៕
អត្ថបទ៖ កញ្ញា ហ៊ីង ស្រីរ័ត្ន
រូបភាព៖ លោក ហាប់ គឹមអាន





កម្ពុជានៅតែបន្តធ្លាក់ភ្លៀងពីកម្រិតខ្សោយទៅមធ្យម ខណៈប្រជាពលរដ្ឋត្រូវប្រុងប្រយ័ត្នចំពោះបាតុភូផ្គររន្ទះ និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីបញ្ហាអាកាសធាតុនៅកម្ពុជា ចាប់ពីនេះ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ថាកម្ពុជានឹងមានភ្លៀងបន្តធ្លាក់ពីខ្សោយទៅមធ្យម នៅរាជធានី និងបណ្តាខេត្តភាគខាងក្រោម ពិសេសខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ៕

លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដឹកនាំគណៈប្រតិភូក្រសួងការពារជាតិ ទៅចូលរួមកិច្ចប្រជុំលកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅសិង្ហបុរី

តបតាមការអញ្ជើញរបស់ លោក Jom Chipman អគ្គនាយក និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន អន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រ នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់កម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨ នៅប្រទេសសិង្ហបុរី។
កិច្ចប្រជុំនេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅសណ្ឋាគារសាំងហ្គីឡា ប្រទេសសិង្ហបុរី។ នៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ នឹងចូលរួមកិច្ចពិភាក្សា លើប្រធានបទសំខាន់ៗដែលពាក់ព័ន្ធបញ្ហាសន្តិសុខក្នុងតំបន់។
នៅក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងមានកិច្ចពិភាក្សាទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសមួយចំនួនផងដែរ។
សម្រាប់ដំណើរទៅចូលរួមក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញអមដំណើរដោយ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ, នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋានការបរទេស, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងថ្នាក់ដឹកនាំក្រសួងការពារជាតិ យ៉ាងច្រើនផងដែរ ៕