Thursday, September 20, 2018

លោកទេសរដ្ឋមន្រ្តី គន់ គីម អញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណ បសស ជូនអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ

ព្រះសីហនុ៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ កណ្តាលសមាគមអតីតយុទ្ធជនកម្ពុជា និងលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាល និងប្រគល់ប័ណ្ណ បសស ជូនអតីតយុទ្ធ ជនកម្ពុជាខេត្តព្រះសីហនុចំនួន ១.០១៦នាក់។
លោកឧត្តមសេនីយ៍ទោ ហេង ប៊ុនទី ប្រធានសមាគមអតីតយុទ្ធជន ខេត្តព្រះសីហនុ មានប្រសាសន៍ថា បច្ចុប្បន្នអតីតយុទ្ធ ជនខេត្តព្រះសីហនុ មានចំនួន ១.០១៦នាក់ យើងបានធ្វើបច្ចុប្បន្នភាពបានចំនួន ៤៩៧នាក់ នៅសល់ ១៦៩នាក់ ក្នុងនោះ ជនពលី ២៤នាក់ ជនមរណ: ២១នាក់ ជនពិការ ១២៣នាក់ និវត្តជន៤២៣នាក់ សមាគមន៍អតីតយុទ្ធជនកម្ពុជា ខេត្តព្រះសីហនុ យកចិត្តទុកដាក់ត្រួតពិនិត្យ តាមដាន និងជួយអន្តរាគមន៍ ដល់សមាជិក សមាគមអតីតយុទ្ធជន ដែលមានជំងឺជួបការលំបាកខ្វះខាត ក្នុងជីវភាពតាមរយ:នៃការរៀបចំថវិកា និងសម្ភារ:មួយចំនួនដល់លំនៅដ្ឋាន ឬនៅមន្ទីរពេទ្យជាដើម។
លោកទេសរដ្ឋមន្ត្រី គន់ គីម ក៏បានមានប្រសាសន៍ថា ប័ណ្ណ បសស មានប្រសិទ្ធភាពក្នុងការរក្សាសម្រាប់យកទៅពិនិត្យ សម្រាកព្យាបាល នៅតាមមន្ទីរពេទ្យ ព្រមទាំងថ្លែងអរគុណដល់បងប្អូនអតីតយុទ្ធជនដែល មាន ទំនុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងជាការចូលរួមចំណែករបស់ អតីតយុទ្ធ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងថ្លែងអំណគុណប្រធាន សមាគមន៍ អតីតយុទ្ធជនខេត្ត បានខិតខំកសាងផ្ទះ ជួយសម្រួលជីវភាព រស់នៅ ដល់អតីតយុទ្ធជន នៅតាមឃុំ សង្កាត់ ស្រុក ក្រុង ពិសេសថែរក្សា សុខភាពដល់អតីតយុទ្ធជនរបស់យើង តាមលទ្ធភាពដែលអាចធ្វើទៅបាន ធានាសុវត្ថិភាព និងផ្តល់របបសន្តិសុខសង្គមជូនដល់អតីតយុទ្ធជន បានទាន់ពេលវេលា។
លោកទេសរដ្ឋមន្ត្រី បានបន្តថា ការចែកប័ណ្ណ បសស ពេលនេះ អាចឱ្យបងប្អូនអតីតយុទ្ធជនរបស់យើងយកទៅពិនិត្យ ព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យណាក៏បាន ហើយយើងនឹងបន្តធ្វើប័ណ្ណចែកជូនគ្រួសារ មរណ:បន្ថែមទៀត។ ដំណាក់កាលទីមួយ យើងធ្វើការចែកប័ណ្ណ បសស ជូនដល់រអតីតយុទ្ធជន និងដំណាក់កាលទី២ យើងនឹងបន្តធ្វើប័ណ្ណចែក ជូនគ្រួសារអតីតយុទ្ធជនទទួលមរណ:បន្តទៀត ដោយសារអតីតយុទ្ធជន របស់យើងនៅទូទាំងប្រទេសមានជាង ១០ម៉ឺននាក់ ។ លោក ក៏បានផ្តាំផ្ញើឱ្យ ប្រធានសមាគមអតីតយុទ្ធជនខេត្តព្រះសីហនុត្រៀមរៀបចំដីសម្បទានសង្គមកិច្ចបែងចែកជូនដល់អតីតយុទ្ធជនរបស់យើងឱ្យបានគ្រប់គ្នា៕




លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជានៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ &ជប៉ុន (SSEAYP)

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូយុវជនកម្ពុជា នៃកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ &ជប៉ុន (SSEAYP) លើកទី៤៥ នៅទីស្តីការក្រសួង។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះមានរយៈពេល៥២ថ្ងៃ ដែលប្រតិភូ យុវជនកម្ពុជា នឹងត្រូវចេញដំណើរការនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ និងត្រលប់មកដល់កម្ពុជាវិញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨។ យុវជនអាស៊ាន និងជប៉ុនទាំងអស់៣៣០នាក់ នឹងត្រូវជួបគ្នាមុនដំបូង នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ដើម្បីចូលរួមកម្មវិធីបើកជាផ្លូវការ។ យុវជនទាំងអស់ នឹងត្រូវបែងចែងជាក្រុមដែលមានប្រទេសទាំង១១ ចូលរួមគ្នា ហើយធ្វើទស្សនកិច្ចទៅតំបន់ផ្សេងៗ នៅក្នុងប្រទេសជប៉ុន។ ពេលត្រឡប់ពីទស្សនកិច្ច ប្រតិភូយុវជនទាំងអស់ នឹងត្រូវបន្ដដំណើរ តាមនាវា១គ្រឿង ដែលមានឈ្មោះថា Nippon Maru ដើម្បីទៅកាន់ប្រទេសចំនួន៤ទៀត គឺប្រទេសប្រ៊ុយណេ, ប្រទេសហ្វីលីពីន, ប្រទេសថៃ និងប្រទេសវៀតណាម។
សូមជម្រាបថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើត ឡើងនៅក្នុងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ដោយសមាជិក ដែលជាអតីត ប្រតិភូយុវជនមួយចំនួន ក្រោមការជួយជ្រោមជ្រែងពីក្រសួង អប់រំយុវជន និងកីឡា។ សមាជិកសរុបរួមទាំង ឆ្នាំ២០១៨នេះ មានចំនួន៥៦៩នាក់ និងសមាជិកទាំង១១ប្រទេស មានអាស៊ាន និងជប៉ុន សរុបចំនួន ១៣,៧០៣នាក់។
សមាគមនេះ បង្កើតឡើងក្នុងគោលបំណង៤ សំខាន់ៗរួមមាន៖
ទី១៖ ជាឆ័ត្រមួយដែលថែរក្សា និងពង្រឹងទំនាក់ទំនងមិត្ដភាព សាមគ្គីភាព រវាងអតីតប្រតិភូទាំងអស់។
ទី២៖ រៀបចំវគ្គបណ្ដុះបណ្ដាលមុនពេលចេញដំណើរ ដើម្បីជាការចែករំលែក ចំណេះដឹង និងបទពិសោធន៍ គ្រប់ជ្រុងជ្រោយជូនប្រតិភូយុវជន ជំនាន់ក្រោយឱ្យចូលរួមកម្មវិធីប្រកបដោយប្រសិទ្ធភាព និងជោគជ័យ។
ទី៣៖ ប្រមូលផ្ដុំកម្លាំង ធនធាន និងបំផុសទឹកចិត្តឱ្យយុវជន ឱ្យចេះផ្ដួចផ្ដើម គំនិតក្នុងការបង្កើត និងចូលរួមគម្រោងជួយសង្គមឱ្យបានកាន់តែសកម្ម។
ទី៤៖ ចូលរួមសម្រេចឱ្យបាននូវគោលបំណងរបស់កម្មវិធីនាវាយុវជនអាស៊ី អាគ្នេយ៍ និងជប៉ុន៕




(សូមទស្សនាវីដេអូ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ករណីលោក កឹម សុខា ពុំមែនជាករណីឃុំខ្លួននៅផ្ទះនោះទេ

លោករដ្ឋមន្ត្រី ថោង ខុន ជួបពិភាគ្សាការងារជាមួយក្រុមហ៊ុនទេសចរណ៍ធំជប៉ុន ដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា-ជប៉ុន

ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចប្រជុំតុមូល ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី២ និងក្នុងឱកាសចូលរួមពិព័រណ៌ JATA នៅតូក្យូ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដាច់ដោយឡែកពីគ្នាជាមួយលោក Hiroyuki Takahashi ប្រធាន និង ជាគណប្រតិបត្តិ ក្រុមហ៊ុនទេសចរណ៍ជប៉ុន Japan Travel Bureau JTB និង លោក Kazufumi TAKAI ប្រធាន ក្រុមហ៊ុន Asia Pacific Express Tour APEX និង លោកស្រី Yuko ISHIDA អនុប្រធានសាកលវិទ្យាល័យ សេដ្ឋកិច្ចហីរ៉ូហ្សីម៉ា Hiroshima University of Economics HUE ។
កិច្ចពិភាក្សា បានផ្តោតជាសំខាន់លើការរិះរកវិធីជំរុញទេសចរជប៉ុនមកកម្ពុជា ក៏ដូចជាទេសចរប្រទេសទី៣ ពីជប៉ុនមកកម្ពុជា និងទេសចរ កម្ពុជានិងប្រទេសទី៣ ពីកម្ពុជាទៅជប៉ុន និងការផ្លាស់ប្តូរទស្សនកិច្ច និស្សិតឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។ គ្រប់ភាគីបានឯកភាពគ្នាថា ការជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ រួមមានការបង្កើតតំបន់ទេសចរណ៍ សម្រាប់សម្រាកកំសាន្ត រួមទាំងការយកចិត្តទុកដាក់ការពង្រឹងការអកិវឌ្ឍន៍សហគមន៍ទេសចរណ៍ស្អាត បៃតង តាមស្តង់ដារសហគមន៍ទេសចរណ៍អាស៊ាន ការអភិវឌ្ឍន៍និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ បេតិកភណ្ឌថ្មី ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក ការផ្សព្វផ្សាយគោលដៅទេសចរណ៍ទីក្រុងបាត់ដំបង ការវិនិយោគអោយមានសេវាស្នាក់នៅ សេវាហូបចុកគ្រប់គ្រាន់នៅតាមគោលដៅទេសចរណ៍ បេតិកភណ្ឌពិភពលោកថ្មីៗ សណ្ឋាគារប្រណិត ផ្កាយ៤ ផ្កាយ៥ នៅគ្រប់គោលដៅទេសចរណ៍ធំៗ ការបណ្តុះបណ្តាល ភាសា និងជំនាញ ការជំរុញអោយមានការហោះហើរត្រង់ពីជប៉ុន មកកាន់សៀមរាប ឬ ជប៉ុន ភ្នំពេញ សៀមរាប និង ការសម្រួលបែបបទធ្វើដំណើរ ដែលក្នុងនោះបញ្ហាទិដ្ឋាការក៏ត្រូវបានជជែកពិភាក្សាផងដែរ។
គួរកត់សម្គាល់ផងដែរថា ក្នុងកិច្ចពិភាក្សានេះ ការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ដើម្បី រួមចំណែកអបអរសារទរ ខួបលើកទី៦៥ ថ្ងៃ បង្កើតទំនាក់ទំនងការទូត រវាងកម្ពុជា- ជប៉ុន ដែលគ្រោងធ្វើចុងឆ្នាំ២០១៨នេះ និងរៀបចំព្រិត្តិការណ៍ Mekong Excahange Year 2018 ក៏ត្រូវបានលោក ថោង ខុន និង ក្រុមហ៊ុនJTB ក្រុមហ៊ុន APEX លើកយកមកពិភាក្សាគ្នាផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧ ទេសចរជប៉ុន មកកម្ពុជាមានចំនួនជាង២០ម៉ឺននាក់ ស្ថិតលំដាប់ទី៧ ក្នុងកំណើន ៧% រីឯទេសចរកម្ពុជាទៅទស្សនាជប៉ុន មានចំនួនប្រមាណ១ម៉ឺននាក់ផងដែរ៕







កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នឹងបើកសម័យប្រជុំនៅព្រឹកនេះ

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំបច្ចេក ទេសលើកទី៤ របស់គណៈកម្មាធិការសម្របសម្រួលអន្ដរជាតិ សម្រាប់ការអភរិក្ស និងការលើកតម្លៃថព្រះវិហារ ហៅកាត់ថា អាយស៊ីស៊ី-ព្រះវិហារ (ICC- Preah Vihear) នៅសាលសន្និសីទអង្គរនៃ អាជ្ញាធរជាតិអប្សរា។
កិច្ចប្រជុំគណៈកម្មាធិការ អាយស៊ីស៊ី-ព្រះវិហារ ដឹកនាំដោយសហប្រធាន នៃប្រទេសចិន និងប្រទេសឥណ្ឌា និងប្រទេសជាសមាជិកចំនួន ៦ទៀត រួមមាន ប្រទេសប៊ែកហ្សិក បារាំង ជប៉ុន សាធារណរដ្ឋកូរ៉េ ថៃឡង់ដ៍ និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមពីអ្នកជំនាញជាតិ និងអន្ដរជាតិ ដើម្បីពិភាក្សាគ្នាអំពីយន្តការនៃការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋាន ប្រាសាទព្រះវិហារ និងរមណីយដ្ឋានប្រាសាទកោះកែរ។
កិច្ចប្រជុំបច្ចេកទេសលើកទី៤ របស់គណៈកម្មាធិការ ICC-Preah Vihear នៅឆ្នាំនេះផ្តោការពិភាក្សាអំពីការងារកំណាយបុរាណប្រព័ន្ធបង្ហូរទឹកប្រាសាទព្រះវិហារ ការរៀបចំទីតាំងបដិសណ្ឋារកិច្ចលើភ្នំប្រាសាទព្រះវិហារ ការរៀបចំផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ និងការរៀបចំ កម្មវិធីអភិវឌ្ឍសហគមន៍នៅរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកែរ និងការងារចាំបាច់មួយចំនួនផ្សេងៗទៀត។
គួរបញ្ជាក់ថា អាជ្ញាធរជាតិព្រះវិហារ និងលេខាធិការដ្ឋានអចិន្រៃ្ដយ៍ ICC-Preah Vihear តែងតែរៀបចំកិច្ចប្រជុំនេះ២ដងក្នុងមួយឆ្នាំ ដែលរួមមានកិច្ច ប្រជុំពេញអង្គរៀបចំនៅរៀងរាល់ខែ មីនា និងកិច្ចប្រជុំបច្ចេកទេស តែងរៀប ចំនៅរាល់ខែ កញ្ញា៕



រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចំនួន ១៥ ថ្ងៃ

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើការជូនដំ​ណឹ​ងស្ដីពីការបិទផ្សព្វផ្សាយជាសាធារណៈនូវឯកសារនៃការ​វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ ភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រយៈពេល ១៥ ថ្ងៃ (ដោយរាប់បញ្ចូលទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៨ ដល់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៨។
នៅបរិវេណសា​លាបុណ្យ ត្រពាំងពោធិ៍ ក្នុងភូមិត្រពាំងពោធិ៍ ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

ថ្នាក់ដឹកនាំខេត្តកំពង់ធំ ជួបសំណេះសំណាលនិងប្រគល់រង្វាន់លើកទឹកចិត្តជូនដល់សិស្សប្រឡងជាប់និទ្ទេស A ១១នាក់

កំពង់ធំ៖ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ដល់សិស្សជ័យលាភីដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន ១១នាក់ មកពី០៦វិទ្យាល័យ ក្នុងខេត្តកំពង់ធំ ដោយម្នាក់ៗទទួលបានម៉ូតូ ០១គ្រឿង ឡេបថបយួរដៃ ០១គ្រឿង ទូរស័ព្ទដៃ ០១គ្រឿង និងថវិកា ១០០ដុល្លារអាមេរិក។
លោក សុខ លូ បានធ្វើការកោតសរសើរក្មួយៗសិស្សា​នុសិស្សទាំងអស់ដែលបានប្រឡងជាប់និទ្ទេស A ដោយសមត្ថភាពរបស់ខ្លួន ហើយការទទួលបានលទ្ធផលជោគ​ជ័យនេះកើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក្រោមការជួយបង្រៀន និងផ្តល់ចំណេះដឹងពីលោកគ្រូ អ្នកគ្រូ នៅតាមវិទ្យាល័យ ជាពិសេសកំណែ​ទម្រង់ប្រព័ន្ធអប់រំថ្មី របស់លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលធ្វើឱ្យប្រព័ន្ធអប់រំនៅកម្ពុជាកាន់តែមានភាពល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំនិងប្រកបដោយទំនួលខុសត្រូវខ្ពស់។
លោកអភិបាលខេត្ត បានមានប្រសាសន៍ណែនាំទៅកាន់យុវសិស្សជ័យលាភីថា ត្រូវបន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងភាសារបរទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនអន្តរជាតិជាច្រើន បានមកបណ្ដាក់​ទុននៅកម្ពុជា ដូចនេះកម្ពុជា ត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានផ្តាំផ្ញើដល់យុវសិស្សជំនាន់ក្រោយត្រូវស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូអ្នកគ្រូ ខិតខំរៀនសូត្រ ចៀសឱ្យឆ្ងាយពីគ្រឿង​ញៀនដើម្បីក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ ជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិរបស់យើង។
ជាចុងក្រោយលោកអភិបាលខេត្ត ក៏បានថ្លែងអំណរ គុណដល់សប្បុរសជនទាំងអស់ដែលបានជួយគាំទ្រជាសម្ភារៈ ថវិកា និងស្មារតី ដល់សិស្សជាប់និទ្ទេស A ក្នុងនោះមានលោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ងួន រាសី នាយកខុទ្ទកាល័យ លោក ងួន ញ៉ិល លោក ឬទ្ធី រស្មី ទីប្រឹក្សាលោក ងួន ញ៉ិល លោក យៀប ហេង ទីប្រឹក្សាលោក ងួន ញ៉ិល៕









លោក អ៊ិត សំហេង៖ ម្ចាស់ម៉ាកពាណិជ្ជនាម និងត្រីភាគីនឹងបង្កើត អនុសញ្ញារួម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវវិស័យកាត់ដេរនៅកម្ពុជា

លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា នៅអំឡុងពេលនេះ ម្ចាស់ពាណិជ្ជនាម (ម៉ាកយីហោ) សម្លៀកបំពាក់ល្បីៗលើពិភពលោក រួមជាមួយភាគីរាជរដ្ឋាភិបាល និយោជក និងសហជីព ក៏ដូចជាភាគីពាក់ព័ន្ធ កំពុងពិភាក្សាគ្នាលើគម្រោងបង្កើត អនុសញ្ញារួមមួយ ក្នុងគោលបំណងធ្វើឱ្យកាន់ប្រសើរឡើងនូវវិស័យកាត់ដេរ ក្នុងនោះការធានាការបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជា ក៏ជាគោល បំណងសំខាន់មួយដែរ។

លោករដ្ឋមន្ត្រី បានថ្លែងដូចនេះ នៅក្រោយជំនួបពិភាក្សាការងារ ជាមួយប្រតិភូតំណាងពាណិជ្ជនាមសម្លៀកបំពាក់ល្បីៗលើពិភពលោក ដឹកនាំដោយលោក Frank Hoffer នាយកប្រតិបត្តិគំនិតផ្ដួចផ្ដើម នៃគម្រោងសកម្មភាពដើម្បីការប្រែប្រួលផ្នែកលក្ខខណ្ឌការងារ ក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ (ACT) នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្ដីការក្រសួងការងារ។

លោក អ៊ិត សំហេង បានឱ្យដឹងថា ការពិភាក្សាគ្នានោះ គឺផ្តោតទៅលើអ្វីដែលជាវឌ្ឍនភាពរបស់គម្រោង ACT ដែលបានអនុវត្តក្នុងរយៈពេលកន្លងមកនោះ។ គោលដៅនៃគម្រោងនេះ គឺដើម្បីធ្វើឱ្យមានកិច្ចព្រមព្រៀងរួមគ្នាមួយ ឬហៅថា «អនុសញ្ញារួម» នៅក្នុងក្របខណ្ឌរោងចក្រ និងនៅក្នុងវិស័យ (លើក្របខណ្ឌរោងចក្រ)។

ចំពោះការពិភាក្សាគ្នាអំពីអនុសញ្ញារួមនេះ គឺធ្វើយ៉ាងណាទាក់ទាញដៃគូ ពាក់ព័ន្ធនានា ចូលរួមឱ្យបានកាន់តែច្រើន រួមទាំងអ្នកបញ្ជាទិញ ទាំងឡាយ ផងដែរ ពីព្រោះប្រសិនបើមានការឯកភាពក្នុងការរៀបចំអនុសញ្ញារួមនេះ អ្នកបញ្ជាទិញក៏ត្រូវធានាថានឹងបន្តកិច្ចសហប្រតិបត្តិការ ជាមួយអ្នកផ្គត់ផ្គង់នៅប្រទេសកម្ពុជា រយៈពេលវែងតទៅមុខទៀត អាចរហូតដល់ ៤ឆ្នាំ ឬ ៥ឆ្នាំ ឬច្រើនជាងនេះ។

ក្នុងឱកាសជួបពិភាក្សាខាងលើ លោករដ្ឋមន្ត្រី ក៏បានស្នើឱ្យគម្រោង ACT ដាក់បញ្ចូលនូវបញ្ហាផ្សេងៗ ដើម្បីធានាឱ្យកាន់តែប្រសើរឡើង សម្រាប់កម្មករនិយោជិតនៅកម្ពុជា ដូចជា ការធានាឱ្យនិយោជក និងអ្នកបញ្ជាទិញទាំងឡាយ គាំទ្រមកដល់កម្មវិធីរបបសន្តិសុខសង្គម ដែលទាក់ទងនឹងការធានារ៉ាប់រងហានិភ័យការងារ ការថែទាំងសុខភាព ហើយនៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងដាក់ឱ្យអនុវត្តនូវរបបសោធននិវត្ត។ ក្រៅពីនេះ លោកក៏បានស្នើឱ្យបញ្ចូលកម្មវិធីផ្សេងទៀត ដូចជា គម្រោងសុវត្ថិភាពចរាចរណ៍ បញ្ហាអនាម័យ និងសុខភាព ដើម្បីទប់ស្កាត់ករណីដួលសន្លប់ចំពោះកម្មករនិយោជិតក្នុងរោងចក្រនានាជាដើម។

លោក អ៊ិត សំហេង បានបង្ហាញនូវសុទិដ្ឋិនិយមថា ទៅថ្ងៃអនាគត គម្រោង ACT នេះ នឹងបន្តការពិភាក្សាគ្នាបន្តទៅទៀត ដើម្បីឈានទៅសម្រេច បាននូវការចុះអនុសញ្ញារួមមួយ ដូចមានរៀបរាប់នៅខាងលើ។ សូមជម្រាបថា គម្រោង ACT គឺជាកិច្ចព្រមព្រៀងថ្មីមួយរវាងម្ចាស់ម៉ាក កម្រិតពិភពលោកមួយចំនួន អាជីវករលក់រាយ និងសហជីពមួយចំនួន ដើម្បីផ្លាស់ប្តូរឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ និងសម្រេច បានប្រាក់ឈ្នួលសមរម្យសម្រាប់កម្មករនិយោជិត តាមរយៈការចរចា ជាសមូហភាពនៅថ្នាក់វិស័យ ដោយភ្ជាប់ជាមួយនឹងការគាំទ្រក្នុងការ កែសម្រួលបែបបទនៃការបញ្ជាទិញ និងម្ចាស់ម៉ាក។

គោលបំណងរបស់ ACT គឺការប្តេជ្ញាចិត្តកម្រិតអន្តរជាតិ ក្នុងការសម្រេច ឱ្យបានប្រាក់ឈ្នួលសមរម្យនៅក្នុងវិស័យមួយ ដោយបានបង្កើតឱ្យមានជា ក្របខណ្ឌមួយដែលគ្រប់ភាគីពាក់ព័ន្ធ រួមមាន ម្ចាស់ម៉ាក និងអាជីវករលក់ រាយ សហជីព រោងចក្រ សហគ្រាស និងរាជរដ្ឋាភិបាល អាចអនុវត្តទំនួល ខុសត្រូវ និងតួនាទីរបស់ខ្លួន ក្នុងការសម្រេចឱ្យបានប្រាក់ឈ្នួលសមរម្យ៕
















អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ករណីលោក កឹម សុខា ពុំមែនជាករណីឃុំខ្លួននៅផ្ទះនោះទេ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ថា ករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ គឺពុំមែនជាករណីឃុំខ្លួននៅផ្ទះនោះទេ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីជនត្រូវចោទឈ្មោះ កឹម សុខា ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ ពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ។ ទន្ទឹមនឹងនេះ ការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការហាមឃាត់ជនត្រូវចោទឈ្មោះ កឹម សុខា មិនឱ្យចាកចេញពីព្រំប្រទល់ដែនដីណាមួយជាកំណត់ គឺជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ ដែលធ្វើឡើងស្របតាមមាត្រា២២៣ កថាខណ្ឌទី២ ចំណុចទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយផ្អែកលើហេតុផលផ្នែកសន្តិសុខសុវត្ថិភាពរបស់ជនត្រូវចោទ និងដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ»។
ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើឡើងបន្ទាប់ពីសាធារណជនមួយចំនួន នៅតែមានការងឿយឆ្ងល់អំពីនីតិវិធីរបស់តុលាការ នៅក្នុងការអនុញ្ញាតឱ្យ លោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្នរយៈពេលជាង១សប្តាហ៍មកនេះ។
លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។ ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និង មិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ទៀតថា លោក កឹម សុខា ពេលនេះមានសេរីភាពគ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួន ក្នុងព្រំប្រទល់ដែនដីដែលកំណត់ដោយដីការសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានាដែលមិនស្ថិតនៅក្នុងក្របខណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបាន តែមិនអាចជួបបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសំណុំរឿងជាមួយ លោក កឹម សុខា ហើយដែលតុលាការកំពុងមានចំណាត់ការនោះទេ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ហេតុផលផ្នែកសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកកឹម សុខា គឺជារឿងសំខាន់ដែលចាំបាច់ត្រូវមានការចូលរួមសហការជាមុនរវាងសមត្ថកិច្ចតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធនានា បូករួមនឹងការចូលរួមរបស់ភាគីជនត្រូវចោទផងដែរ ដើម្បីចៀសវាងយថាភាពអាក្រក់ណាមួយ ផ្នែកសុវត្ថិភាពលើរូបលោកពីតួអង្គខាងក្រៅ។
សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីធ្លាយចេញនូវវីដេអូមួយ បង្ហាញថា លោកធ្វើតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបី និងយូហ្គោស្លាវី។ រហូតដល់ពេលនេះ ទោះបីជាលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការក៏ពិតមែន ប៉ុន្តែសំណុំរឿងរបស់លោក មិនបានបញ្ចប់នោះទេ ពោលតុលាការនៅតែកំពុងបន្តនីតិវិធីរបស់ខ្លួនចំពោះអំពើក្បត់ជាតិរបស់ លោក កឹម សុខា ដដែល៕