Friday, August 11, 2017

(សូមទស្សនាវីដេអូ) យើងជាជនជាតិខ្មែរក្រោកឡើង រួមគ្នាការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិប្រឆាំងការឈ្លានពានរបស់ឡាវ!!!

លោក ហ៊ុន សែន នឹងទៅជួបចរចាជាមួយភាគីឡាវមុនឈានដល់ការប្រកាន់យកវិធានយោធា និងផ្លូវតុលាការ

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបានបញ្ជាក់ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅកាន់ទីក្រុងវៀងច័ន្ទ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ ដើម្បីជួបចរចាក្នុងលក្ខណៈជាអ្នកជិតខាងជាមួយលោក ថោងលន់ ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីនៃប្រទេសឡាវ អំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និងស្នើឱ្យរដ្ឋាភិបាលឡាវដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួនចេញពីតំបន់ក្បែរអូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀង ប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននឹងខេត្តអាតាពើ ប្រទេសឡាវ។
ក្រសួងការបរទេស ក៏បានបញ្ជាក់ថា ដំណើរទៅជួបចរចាលើកនេះ គឺជាកាយវិការទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈចង់ដោះស្រាយជម្លោះដោយសន្តិវិធីជាមួយភាគីឡាវ មុននឹងឈានដល់ការប្រកាន់យកវិធានការផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ក្នុងករណីកិច្ចខិតខំចុងក្រោយរបស់កម្ពុជាមិនផ្តល់លទ្ធផលជាវិជ្ជមានទេនោះ៕

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖

អង្គភាព​តំបន់ប្រតិបត្តិការ​សឹករង​កំពង់ឆ្នាំង​ រៀបចំឱ្យ​សិក្ខាកាម​អនុវត្តន៍ជាក់ស្តែង​

ដើម្បីពង្រឹងសមត្ថភាពយល់ដឹងរបស់សិក្ខាកាមឱ្យកាន់តែប្រសើរឡើង ក្រោយពីហ្វឹកហាត់រៀនសូត្រ អស់រយៈពេលជាច្រើនថ្ងៃរួចមក អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំឱ្យសិក្ខាកាមអនុវត្តន៍ជាក់ស្តែង លើទីលាននៅក្នុងភូមិសាស្រ្តភ្នំជៀងលាង ស្ថិតក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីបញ្ចប់វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ ដែលមានកម្លាំងសិក្ខាកាមសរុបចំនួន ១០០ នាក់។
ការហ្វឹកហាត់ជាក់ស្តែងនេះ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដោយអនុវត្តន៍លើមេរៀន ( យុទ្ធដំណើរទ័ពថ្នាក់កងអនុសេនាធំ ជួបឧបសគ្គ ខ្មាំងវាយពួនស្ទាក់ ) ដោយមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីគ្រូ និងគណៈកម្មការគ្រប់គ្រងវគ្គ ជាពិសេសពីឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ធន ធឿន បានធ្វើការវាយតម្លៃខ្ពស់លើវគ្គហ្វឹកហ្វឺននេះ និងបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រប់គ្រងវគ្គ និងនាយទាហាន នាយទាហានរង ជាសិក្ខាកាមក្នុងវគ្គទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើឱ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថា ការហ្វឹកហ្វឺនរៀនសូត្រ គឺជាគោលដៅសំខាន់បំផុតរបស់កងទ័ព ក្នុងខឿនការពារជាតិ ការពារនូវរដ្ឋធម្មនុញ្ញ ពិសេសការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តទៀតថា យើងជាកងទ័ព ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការសេ្នហាជាតិ គោរពឱ្យបានហ្មឺងម៉ាត់ រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ក៏ដូចជា យោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រយុទ្ធប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬចង់ផ្តួលរំលំរាជរដ្ឋាភិបាលដោយជនអគតិ៕





ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង រៀបចំ​កិច្ចប្រជុំ​បូកសរុប​សភាពការណ៍​ កិច្ចប្រតិបត្តិការ​រក្សាសន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​

ខេត្តស្វាយរៀង៖ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧នេះ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបើកកិច្ចប្រជុំបូកសរុបសភាពការណ៍ កិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧ របស់ស្នងការដ្ឋាន នគរបាលខេត្តស្វាយរៀង និងផ្សព្វផ្សាយទិសដៅការងារឆមាសទី២ ឆ្នាំ២០១៧របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ស្នងការរង អនុប្រធានសេនាធិការ អនុប្រធានការិយាល័យកណ្តាល លោក លោកស្រី នាយ នាយរងការិយាល័យ អធិការ អធិការរងក្រុង/ស្រុក លោក លោកស្រី ជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៨០។ មានប្រសាសន៍ក្នុងកិច្ចប្រជុំនាពេលនោះ លោកឧត្តមសេនីយ៍ទោ បានលើកឡើងពីបទពិសោធន៍ និងជោគជ័យថ្មីៗ ដែលកងកម្លាំងនគរបាលបានសម្រេចជោគជ័យក្នុងឆមាសទី១ ឆ្នាំ២០១៧។
ព្រមជាមួយគ្នានោះ លោក ក៏បានដាក់ផែនការបន្ថែមទៀតដល់កងកម្លាំងនគរបាលខេត្តគ្រប់ថ្នាក់ រួមមាន៖ ១-ការងារប្រឆាំងគ្រឿងញៀន៖ បន្តយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងយកចិត្តទុកដាក់បង្ក្រាបមេក្លោងជួញដូរ ដើម្បីកុំឱ្យមានការប្រើប្រាស់កាន់តែកើនឡើង។ ២- ថ្នាក់ប៉ុស្តិ៍នគរបាលរដ្ឋបាល៖ ពាក់ព័ន្ធឥរិយាបថ គឺសូមបន្តយកចិត្តទុកបន្ថែមទៀតលើការងារផ្តល់សេវាជួនប្រជាពលរដ្ឋ គឺមិនត្រូវយកតម្លៃសេវាពីប្រជាពលរដ្ឋដាច់ខាត។ ៣- ការងារព្រហ្មទណ្ឌ៖ ពង្រឹងសមត្ថភាពបង្កាបង្ក្រាប ត្រូតពិនិត្យឡើងវិញគោលដៅប្រទាក់ក្រឡាឱ្យបានត្រឹមត្រូវ និងល្បាតពិនិត្យតាមគោលដៅ។ ៤- ការងារភូមិឃុំមានសុវត្ថិភាព៖ បន្តយកចិតទុកដាក់ ផ្សព្វផ្សាយបន្ថែមទៀត និងជំរុញឱ្យប្រជាពលរដ្ឋចូលរួមអនុវត្ត និងផ្តល់ព័ត៌មាន ហើយត្រូវរើសប្រជាការពារឱ្យបាន ៥នាក់ក្នុងមួយភូមិ។ ៥- ចំណុចចុងក្រោយនោះគឺត្រូវតែពង្រឹងគោលជំហរ សតិអារម្មណ៍ឱ្យបានល្អ ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងការពារសមិទ្ធផលដែលរដ្ឋាភិបាលបានកសាងឡើង។
នៅចុងបញ្ចប់នៃកិច្ចប្រជុំ លោកស្នងការ ក៏បានអញ្ជើញប្រគល់ម៉ូតូជូនដល់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យប្រឆាំងគ្រឿងញៀន សម្រាប់ជាមធ្យោបាយក្នុងការបង្ក្រាបបទល្មើសបន្តទៀត៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្រើនរំលឹកដល់ថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាទាំងអស់មានសាមគ្គីភាព និងការទទួលខុសត្រូវ

នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជាអធិប​តីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសចូលកាន់តំណែងប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងការប្រកាសគោរមងារបណ្ឌិតសភាចារ្យ និងសមាសភាពថ្នាក់ដឹកនាំ ក្រុមប្រឹក្សារាជបណ្ឌិតកម្ពុជាមួយចំនួនទៀត នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកបណ្ឌិត សុខ ទូច ដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមរៈ ត្រូវបានតែង​តាំងជា ប្រធានរាជ បណ្ឌិត្យសភាកម្ពុជា ជំនួសលោកស្រី ខ្លូត ធីតា។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរសាទរចំពោះមន្រ្តីរាជរដ្ឋាភិបាលដែលទទួលបាននូវគោរមងារជា បណ្ឌិ​ត​សភាចារ្យក្នុងនោះមាន ១-លោក អូន ព័ន្ឋមុនីរ័ត្ន ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ ២-លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ៣-លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី និង ៤-លោក ច័ន្ទ សំណព្វ អនុប្រធានរាជប​ណ្ឌិត្យសភាកម្ពុជា។ របស់មន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា និងអបអរសាទរចំពោះការតែងប្រធានរាជបណ្ឌិតសភាកម្ពុជា ថ្មីនាពេលនេះផងដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានក្រើនរំលឹកដល់បញ្ញាវ័ន្ត ជាពិសេសមន្ត្រីទាំងអស់ថា នៅលើលោកនេះគ្មាននរណាដែលចេះឬពូកែតែម្នាក់ឯងនោះទេ។ ការតាំង ខ្លួនចេះតែម្នាក់ឯងគឺនាំទៅកាន់ភាពឯកាមិនខាន។ យើងត្រូវតែមានការដាក់ខ្លួនជានិច្ច ទើបអ្នកដទៃនៅជុំវិញអាចធ្វើការជាមួយយើងបានហើយសម្រេចការងារផ្សេងៗបានរហស័លឿននិងជោគជ័យ។ មន្រ្តី យើងគឺត្រូវមានការទទួលខុសត្រូវ ហើយរួមសុខរួមទុក្ខជាមួយគ្នា៕




ប្រជាពលរដ្ឋចំនួន ១៨០នាក់ ស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

លោកវេជ្ជបណ្ឌិត សុខ ផេង ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងលោក សុខ ពុទ្ធិវុធ អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកទ្រាំង និងជាប្រធានក្រុមការងារចង្កោម៨ឃុំ អញ្ជើញសំណេះសំណាល និងបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ១៨០នាក់នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះតំណាងសមាជិកថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានបង្ហាញនូវអារម្មណ៍របស់ខ្លួនថា៖ ដោយសារមានការជឿជាក់ និងមើលឃើញជាក់ស្តែង ពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលបានកសាងអភិវឌ្ឍន៍ នាំមក និងថែរក្សាសន្តិភាព និងស្ថិរភាពន​យោបាយរបស់ប្រទេសជិត៤០ ឆ្នាំកន្លងមក ជាពិសេសការយកចិត្តទុកដាក់ រួមសុខ រួមទុក្ខជា​មួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ទើបប្រជាពលរដ្ឋចំនួន ១៨០នាក់ បានស្ម័គ្រចិត្តចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីរួបរួមជាមួយគណបក្សក្នុងការបន្តដឹកនាំកសាង អភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែរីកចម្រើនជឿនលឿនទៅមុខទៀត។
ក្រោយពីបានស្តាប់នូវអារម្មណ៍ពិតរបស់សមាជិកថ្មីរួចមកគណៈអធិបតី ក៏បានថ្លែងស្វាគមន៍បងប្អូនទាំងអស់ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា ហើយយើងនឹងរួមសុខ រួមទុក្ខជាមួយគ្នា រួមគ្នាការពារ កសាងសុខសន្តិភាព អភិវឌ្ឍន៍ប្រទេសជាតិរបស់យើងឱ្យរីកចម្រើន ហើយរួមគ្នាប្រឆាំងដាច់ខាតចំពោះជនណាដែលចង់បង្កឱ្យមានអស្ថិរភាពសង្គម៕










លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន លើកឡើងថា ដើម្បីមោទនភាពជាតិរបស់យើង ត្រូវប្រកាន់ខ្ជាប់ពាក្យស្មើភាព ស្មើសិទ្ធិ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោកបណ្ឌិត សុខ ទូច ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ បានបញ្ជាក់ថាដើម្បីមោទនភាពជាតិរបស់យើង ត្រូវប្រកាន់ខ្ជាប់ពាក្យស្មើភាព ស្មើសិទ្ធិ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា មិនមែនបានសេចក្តីថា ប្រទេសគេអ្នកមាន ប្រទេសគេធំ ខួរក្បាលរបស់គេសុទ្ធតែពូកែទាំងអស់នោះទេ។ លោក ក៏បានសម្តែងការជឿជាក់ថា កម្លាំងយុវជនដែលបានចូលរួមក្នុងការដឹកនាំរាជបណ្ឌិត្យសភានេះ នឹងបន្តការងាររបស់ខ្លួន ​ហើយនឹងធ្វើការកែទម្រង់ឱ្យបានល្អ៕





នៅថ្ងៃស្អែកនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញទៅកាន់ប្រទេសឡាវ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោកបណ្ឌិត សុខ ទូច ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ បានសម្តែងនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានវឌ្ឍនភាពដែលត្រូវឈានឡើងហួសពីនេះទៅទៀត។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៧ ស្អែកនេះ លោក នឹងអញ្ជើញទៅកាន់ប្រទេសឡាវ ដើម្បីពិភាក្សាជាលើកចុងក្រោយអំពីបញ្ហាភាពរកាំរកូសតាមព្រំដែនជាមួយលោកនាយករដ្ឋមន្រ្តីឡាវ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានផ្តល់ឱសានវាទចុងក្រោយនៃការដកទ័ព ឡាវចេញពីទឹកដីខ្មែរឱ្យផុតនៅថ្ងៃទី១៧ សីហាឆ្នាំ ២០១៧ នេះជាកំហិតដោយគ្មានលក្ខខណ្ឌ។ លោក ក៏បានបញ្ជាក់ថា កម្ពុជាមិនត្រូវការដីប្រទេសជិតខាងណាមួយចំអាមឡើយ ហើយប្រទេសជិតខាងដាច់ខាតមិនអនុញ្ញាតបំពានលើកម្ពុជាមួយចំអាមនោះដែរ៕\





ក្រសួងបរិស្ថាន ទទួលរូបថតសត្វស្លាបជិតផុតពូជនៅលើពិភពលោកចំនួន១០ផ្ទាំងពីអង្គការជីវិតសត្វព្រៃអន្តរជាតិ Birdlife International

រូបថតឯកសារបរិស្ថានស្តីពី ជីវៈចម្រុះ សត្វព្រៃ និងសត្វស្លាប ចំនួន១០ផ្ទាំងរបស់អង្គការជីវិតសត្វព្រៃអន្តរជាតិ (Birdlife International) ត្រូវបានប្រគល់ជូនក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថានក្រោមអធិបតីភាព លោក សូ ខនឫទ្ធីគុណ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន លោក Jonathan Charles Eames ទីប្រឹក្សាបច្ចេកទេសជាន់ខ្ពស់ អង្គការជីវិតសត្វព្រៃអន្តរជាតិ លោកស្រីអគ្គនាយក នៃអគ្គនាយកដ្ឋាន ចំណេះដឹង និងព័ត៌មានបរិស្ថាន និងក្រុមការងារស.ស.យ.ក.វិស័យបរិស្ថាន។

លោក Jonathan Charles Eames ទីប្រឹក្សាបច្ចេកទេសពីអង្គការ ជីវិតសត្វព្រៃអន្តរជាតិ Birdlife International បានឱ្យដឹងថា ការផ្តល់រូបថតចំនួន១០ផ្ទាំងនេះ គឺដើម្បីតាំងបង្ហាញ និងចែករំលែករូបភាពដែលជាប្រភេទសត្វកម្រនៅលើពិភពលោក ទៅដល់យុវជនក្រសួងបរិស្ថាន ក៏ដូចជាភ្ញៀវ ដែលបានមកក្រសួងបរិស្ថាន បានឃើញពីប្រភេទសត្វទាំងអស់ ដែលជាផ្នែកមួយក្នុងការគាំទ្រផ្នែកអប់រំផ្សព្វផ្សាយ ដល់ការអភិរក្សជីវៈចម្រុះនៅក្នុងប្រទេសកម្ពុជា។

នាឱកាសនោះ លោក សូខន ឫទ្ធីគុណ បានឱ្យដឹងថា តាមរយៈរូបថតនេះ គឺជាផ្នែកមួយ យ៉ាងសំខាន់ សម្រាប់យុវជន និងមន្រ្តីរាជការក្រសួងបរិស្ថាន បានស្គាល់ ក៏ដូចជាទទួលបាននូវ ឯកសារបន្ថែមទៀតសម្រាប់បណ្ណាល័យក្រសួងបរិស្ថាន ដែលជាទីកន្លែងសិក្សាស្រាវជ្រាវ ក្នុងការបង្កើនចំណេះដឹង ពាក់ព័ន្ធ នឹងបរិស្ថាន ជីវៈចម្រុះ សត្វព្រៃ និងសត្វស្លាប ដែលរូបថតទាំងនោះសុទ្ធតែជារូបដ៏កម្រ និងស្រស់ស្អាតក្នុងប្រទេសកម្ពុជា ។

សូមបញ្ជាក់ថា នេះជាលើកទី២ហើយដែលអង្គការ ជីវិតសត្វព្រៃអន្តរជាតិ បានផ្តល់មកក្រសួងបរិស្ថាន ដោយឡែកលើកនេះ គឺបានផ្តល់សុទ្ធតែរូបថតសត្វដែលកំពុងមានវត្តមាន នៅដែនជម្រកសត្វព្រៃសៀងប៉ាង ខេត្តស្ទឹងត្រែង ប៉ុន្តែជាប្រភេទសត្វ ដែលងាយរងគ្រោះ និងជិតផុតពូជ។ រូបសត្វទាំងនោះរួមមានសត្វក្រៀល សត្វអង្កត់ខ្មៅ សត្វត្រយ៉ងចង្កំកស ត្រយងយក្ស ត្រដកធំ សត្វត្រយ៉ងយក្ស ត្មាត ត្មាតភ្លើង និងរមាំងជាដើម។ រូបថតទាំងនេះ នឹងតាំងបង្ហាញក្នុងបណ្ណាល័យ នៃក្រសួងបរិស្ថាន សម្រាប់បើកជូនដល់មន្ត្រីរាជការ យុវជន សិស្ស-និសិ្សត និងសាធារណជនទូទៅសម្រាប់ធ្វើការសិក្សាស្រាវជ្រាវ ស្វែងយល់បានដឹង បានស្គាល់ ចេះស្រឡាញ់ និងចូលរួមថែរក្សា ការពារ និងអភិរក្សទាំងអស់គ្នា ព្រោះពួកវាជាទ្រព្យសម្បត្តិធម្មជាតិរបស់ពួកយើងទាំងអស់គ្នា៕




ការពារខ្លួនពីការព្យាបាទរបស់ទណ្ឌិត សម រង្ស៊ី

ទំព័រហ្វេសប៊ុកចៅចាក់ស្មុក ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៧ បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា «ការពារខ្លួនពីការព្យាបាទរបស់ទណ្ឌិត សម រង្ស៊ី» ដែលមានខ្លឹមសារដូចខាងក្រោម៖

គណបក្សសង្គ្រោះជាតិរបស់ កឹម សុខា បានចេញសេចក្តីថ្លែងការណ៍មួយ ហើយតាមរយៈសេចក្តីថ្លែងការណ៍នេះ បង្ហាញថា បក្សសង្គ្រោះជាតិនឹងកាន់តែអស់ផ្លូវដើរ និងលែងបានកេងចំណេញនយោបាយពីទណ្ឌិត សម រង្ស៊ី បន្តទៀតហើយ។ ប៉ុន្តែទន្ទឹមនឹងសេចក្តីថ្លែងការណ៍នេះ ទោះបីជាបង្កប់ន័យការពារខ្លួនជាមុន ប៉ុន្តែមានន័យស្មើនឹងទះកំផ្លៀងទណ្ឌិត សម រង្ស៊ី ហើយក៏ជាសារព្រមានទាំងមន្ត្រីនៅខាងក្នុងបក្សផង និងចំពោះ សម រង្ស៊ី ផងដែលកំពុងតែលោតស្វាម្នាក់ឯងនៅក្រៅប្រទេស សូមកុំយកខ្លួនមកបៀតបក្សសង្គ្រោះជាតិទៀតអី ឬនិយាយសាមញ្ញ កុំមកតាមចងកម្មពៀរតទៀតអី បើជ្រុលតែមានទោសជាប់ខ្លួន និងរត់គេចពីសំណាញ់ច្បាប់ទៅហើយនោះ សូមរស់នៅបានស្រួលនៅស្រុកបារាំងទៅចុះ។

ទោះចង់ឬមិនចង់ អ្នកស្និទ្ធនឹងសម រង្ស៊ី នឹងត្រូវអស់ឥទ្ធិពល ព្រោះមិនអាចយកឈ្មោះទណ្ឌិត សម រង្ស៊ី មកនិយាយជាមួយ កឹម សុខា ទៀតបានទេ ហើយ កឹម សុខា ក៏ញញឹមបិទមាត់មិនជិតដែរព្រោះអ្វីៗដំណើរការដោយរលូនដូចការគ្រោងទុកក្នុងសារសន្ទនាបែកធ្លាយរវាង កឹម សុខា និងលោក ហ៊ុន សែន។ តាមពិត គណបក្សសង្គ្រោះជាតិរបស់កឹម សុខា ពិតជាកំពុងភ័យព្រួយខ្លាច សម រង្ស៊ី ប្រើនយោបាយសងសឹក កឹម សុខា ដែលក្រោមពរជ័យទេវតាបានឡើងធ្វើមេបក្សហើយ ក្តោបបានបក្សទាំងមូលទៀត ដោយផ្សាភ្ជាប់ខ្លួនមកបក្សសង្គ្រោះជាតិចេញសារនយោបាយផ្តេសផ្តាសគ្មានការទទួលខុសត្រូវ ដែលអាចឱ្យគេប្តឹងរំលាយបក្សប្រឆាំងនេះបានព្រោះរំលោភច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម។

បើសម រង្ស៊ី នៅបន្តសកម្មភាពទៀត មានន័យថា សម រង្ស៊ី មិនសុខចិត្តឱ្យ កឹម សុខា ឡើងអុងអាត់ក្នុងបក្សដោយសុខស្រួលទេ ត្រូវតែព្យាយាមក្នុងការកម្ទេចបក្ស ព្រោះខ្លួនបានបាត់បង់អស់ទៅហើយ! តែទម្រាំនឹងដឹង សម រង្ស៊ី បានចាញ់យុទ្ធសាស្ត្រនយោបាយនេះបោសគូទខោ៕


លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញជំនឿថាកម្ពុជានឹងមានវឌ្ឍនភាពលើសពីនេះទៅទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោកបណ្ឌិត សុខ ទូច ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ បានសម្តែងនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានវឌ្ឍនភាពដែលត្រូវឈានឡើងហួសពីនេះទៅទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដំណាក់កាលអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ បានឆ្លងផុតហើយ។ ចំណុចនេះវាអាចប្រៀបធៀបជាមួយការវិវត្តន៍របស់ខ្លួនយើងម្នាក់ៗផងដែរ ពីស្ថានភាពទ្រុឌទ្រោម ទៅជាស្ថានភាពមានកម្លាំងកំហែង ពីស្ថានភាពខ្សត់ខ្សោយខាងចំណេះវិជ្ជា ក្លាយទៅជាអ្នកដែលមានចំណេះវិជ្ជា តាមរយៈនៃការខិតខំ ហើយការខិតខំទាំងអស់នេះ បាននាំប្រទេសជាតិយើងពីភាពខ្ទេចខ្ទាំ ពីទីក្រុងភ្នំពេញដែលមានមនុស្សរស់នៅជាង៧០នាក់ ឱ្យក្លាយទៅជាទីក្រុងមួយដូចគេដូចឯង ហើយជាទីក្រុងដែលមានសក្តានុពលផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជា បានកាត់បន្ថយភាពក្រីក្រពី១០០% មកនៅត្រឹមរង្វង់ ១៣% យើងបាននាំកម្ពុជាពីប្រទេសដែលមានចំណូលត្រឹមតែ២០០ដុល្លារនៅឆ្នាំ១៩៩៨ ឱ្យឡើងមកដល់ ១៣០០ ដុល្លារនៅឆ្នាំ២០១៦កន្លងទៅ។ នេះគឺជាវឌ្ឍនភាព ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់យើង យើងត្រូវឈានហួសពីនេះទៅទៀត៕






(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យឡាវដកកងទ័ពចេញពីទឹកដីកម្ពុជា!

(សូមទស្សនាវីដេអូ)៖ ការពារខ្លួនពីការព្យាបាទរបស់ទណ្ឌិត សម រង្ស៊ី

ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បង្ហាញលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា

ខុទ្ទកាល័យរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហាញនូវលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ដោយស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា នាព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧។
នៅក្នុងលិខិតចំនួន៣ទំព័ររបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូនលោក ថោងលន់ ស៊ីសូលីត កាលពីថ្ងៃទី០២ ខែសីហា​ ឆ្នាំ២០១៧ បានសរសេរនៅក្នុងកម្មវត្ថុថា៖ «សំណើស្នើ ឲ្យរដ្ឋាភិបាល នៃប្រទេសឡាវ ដកកងកម្លាំងប្រដាប់អាវុធ ចេញពីតំបន់ក្បែរអូរអាឡៃ និងតំបន់អូរតាង៉ាវ ព្រំដែនខេត្តស្ទឹងត្រែង និងខេត្តអាតាពើ ឡាវ»។
ខាងក្រោមនេះជាលិខិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្ញើជូននាយករដ្ឋមន្រ្តីឡាវ ស្នើឲ្យដកកងទ័ពចេញពីទឹកដីកម្ពុជា៖




ល្បិចជួយបក្សប្រឆាំងរបស់អង្គការសង្គមស៊ីវិលមួយចំនួន

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលមួយចំនួនតែងតែប្រើការវិភាគរបស់ខ្លួន តាមរយៈខ្លឹមសារ​លើកតម្កើងបក្សប្រឆាំង ហើយបន្ទាបបន្ថោកបក្សកាន់អំណាច។ នេះមិនមែនជាលើកទី១ទេដែលក្រុមសង្គមស៊ីវិលក្នុង និងក្រៅប្រទេស បានប្រើគ្រប់ល្បិចកលរបស់ខ្លួន ធ្វើការវិភាគន​យោបាយដោយលំអៀងខាងនយោបាយ កាន់ជើងបក្សប្រឆាំង និងបន្តុះបង្អាប់បក្សកាន់អំណាច។

លោក សុខ ឥសាន បានបន្ថែមថា ចរិតនិងអាកប្បកិរិយារបស់ក្រុមប្រឆាំងគឺផ្អែកលើមនោគមន៍វិជ្ជានៃសង្គ្រាមត្រជាក់ ដែលនៅសេសសល់ក្នុងខួរក្បាលរបស់មនុស្សមួយចំនួននោះ។ ពួកគេមានមហិច្ឆិតាផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដើម្បីអំណាចតែប៉ុណ្ណោះ ទោះបីពួកគេមិនអាចសម្រេចបានតាមការចង់បានក៏ដោយ ក៏គេនៅតែព្យាយាមដដែលជាដដែល ក្រោមការជួយឧបត្ថម្ភគាំទ្រពីចៅហ្វាយនាយបរទេសរបស់ខ្លួន។ ដូច្នេះ ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជាសមរភូមិជាមួយកម្លាំងប្រឆាំងនៅក្នុងប្រទេសទេ តែគឺជារណសិរ្សរបស់គណបក្សប្រជាជនកម្ពុជាជាមួយនឹងអានុភាពប្រតិកិរិយាថ្នាក់ពិភពលោកទៀតផង។

លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា អាស្រ័យហេតុនេះ វាទាមទារការខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ដើម្បីជម្នះលើមហិច្ឆិតារបស់អានុភាពអមិត្តទាំងនេះដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណសង្គមជូនប្រជាជន និងការពារជីវភាពរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជនតទៅ៕


លោក សោ ចាន់ដេត បញ្ជាក់ថាលោក កឹម សុខានឹងធ្វើដំណើរទៅជួប សម រង្ស៊ី នៅអាមេរិកដើម្បីស្វែងរកលុយតាមរយៈការសន្យាផ្តល់តំណែងខ្យល់!

កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ទំព័រហ្វេសប៊ុកដែលដាក់ឈ្មោះថា​ Sor Chan Deth បានបង្ហោះផ្សាយថា៖ តាមព័ត៌មានទើបទទួលបានមុននេះ លោកប្រធាន កឹម សុខា មានបំណងទៅ អាមេរិច នៅដើ​ម​ខែ ៩ ដើម្បីរៀបចំជួបអតីតលោកប្រធាន​ សម រង្ស៊ី ដោយសម្ងាត់នៅទីនោះ​ ដើម្បីរកលុយពីថ្នាក់ដឹកនាំ​ CNRP តាមរយៈការសន្យាផ្តល់តំណែងខ្យល់​​ (ថ្លៃចំណាយលើចំការម្រេច ឧបត្ថម្ភលើកងការពារនៅផ្ទះ និងចំការម្រេច​ និងចំណាយផ្សេងៗផ្ទាល់ខ្លួន)៕



(សូមទស្សនាវីដេអូ) «ទម្លាយការពិត៖ ចៅសង្កាត់ស្រីរបស់បក្សសង្គ្រោះជាតិ នាងរ៉ូហ្សិត ពិតជាស្រីពិសពុលដណ្តើមប្តីគេ!»

(សូមទស្សនាវីដេអូ) ព្រះមហាក្សត្រខ្មែរ ផ្ញើព្រះរាជសាររំលែក​ទុក្ខជូនប្រធានាធិបតី ស៊ី ជិនពីង ក្រោយមានករណី​រញ្ជួយដីនៅប្រទេសចិន

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តស្វាយរៀង ខិតខំបំពេញសំណូមពរ របស់ប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិកាសាធារណៈប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង បានអានរបាយការណ៍សង្ខេប អំពីសកម្មភាពរបស់ក្រុមការងារ នៅក្នុងឆមាសទី១ ឆ្នាំ២០១៧ ដោយរំលេចឲ្យឃើញពីសមិទ្ធផលនានាជាច្រើន ដែលក្រុមការងារសម្រេចបាន ឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទាំង៨ក្រុង ស្រុក នាពេលកន្លងមក។ លោក មែន វិបុល បានបន្តឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងបានសម្រេច ស្ថាបនានូវផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលខ្សាច់ភ្នំ ផ្លូវលំជនបទ ជាច្រើនខ្សែ រួមទាំងប្រឡាយទឹក អគារសិក្សា ស្ពាន លូបង្ហូរទឹក ជាពិសេសដោះស្រាយបាន នូវបញ្ហានានា ដែលជាសេវាតម្រូវការ និងសេវាសំណូមពរ បម្រើឲ្យផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារទាំងអស់ ដែលបានសហការយ៉ាងសកម្មចុះធ្វើវេទិកាសាធារណៈ និងជួបប្រាស្រ័យផ្ទាល់ ដោះស្រាយបញ្ហាសំណើ សំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ។ ទន្ទឹមនេះ លោកស្រីក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរៀងខ្លួនៗ ឲ្យបានច្រើនថែមទៀត ដើម្បីក្តាប់ឲ្យបាននូវចំណុចខ្វះខាត ដើម្បីកែលម្អ និងត្រូវបន្តជំរុញឲ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣។ លោកស្រីបន្ថែមទៀតថា ត្រូវជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់ រាល់សំណូមពរ ឫសគល់នៃបញ្ហា ការប្រឈម ការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់មកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕










ក្រសួងបរិស្ថានប្រជុំពិនិត្យ និងដោះស្រាយហេតុប៉ះពាល់បរិស្ថានសម្រាប់គម្រោងអាជីវកម្មថ្មអារ នៅស្រុកគីរីវង់ ខេត្តតាកែវ

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងបរិស្ថាន មានបើកកិច្ចប្រជុំអន្តរក្រសួងស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ សម្រាប់គម្រោងអាជីវកម្មថ្មអារ លើទំហំផ្ទៃដី ៨៥,៨០ហិកតា ដែលមានទីតាំងស្ថិតនៅតំបន់ភ្នំប្រជៀវ ក្នុងភូមិសាស្ត្រភូមិព្រាល និងភូមិដើមបេង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ របស់ក្រុមហ៊ុន WO LONG SHENG DA INTERNATIONAL INVESTMENT HOLDING GROUP ដែលសិក្សាវាយតម្លៃដោយក្រុមហ៊ុន PPIC Co., Ltd.។

គោលបំណងនៃកិច្ចប្រជុំអន្តរក្រសួងនេះ សំដៅពិនិត្យ និងពិភាក្សាលើបញ្ហាសំខាន់ៗដូចខាងក្រោម ដំណោះស្រាយផលប៉ះពាល់ដីធ្លីជាមួយប្រជាពលរដ្ឋនៅក្នុង និងជុំវិញតំបន់គម្រោង ជាមុនសិនមុននឹងចាប់ផ្ដើមអនុវត្តគម្រោង។ ការពិគ្រោះយោបល់ជាមួយអាជ្ញាធរ-ស្ថាប័នពាក់ព័ន្ធ ដើម្បីទទួលបាននូវមតិយោបល់លើផលប៉ះពាល់ដោយសារសកម្មភាពគម្រោង ការបញ្ចៀសហេតុប៉ះពាល់លើ សុខភាព និងសុវត្ថិភាពរបស់កម្មករ-និយោជិត និងប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់គម្រោង ការបញ្ចៀសហេតុប៉ះពាល់លើតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងក្រុមប្រាសាទភ្នំបាយ៉ង់។ ផែនការគ្រប់គ្រងលើការរំខានដោយសំឡេង-រំញ័រ និងគុណភាពខ្យល់ ជាពិសេសការហុយធូលី ដែលកើតចេញពីសកម្មភាពអាជីវកម្មដូចជា ការអារថ្ម និងការដឹកជញ្ជូនថ្ម ។ ការត្រួតពិនិត្យទៅលើការប្រើប្រាស់ថវិកាមូលនិធិបរិស្ថាន និងសង្គម ដើម្បីរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចិរភាព ។ ការប្រើប្រាស់ទីតាំងការដ្ឋាន និងស្ដារការដ្ឋានឡើងវិញនៅក្នុងដំណាក់កាលបញ្ចប់គម្រោង។
កិច្ចប្រជុំនេះដឹកនាំដោយ លោក ទា ជុប អនុរដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារសម្របសម្រួលការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន (ស.វ.ហ.ស្ថ.) សម្រាប់វិស័យរ៉ែ និងថាមពល ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន ដែលជាសមាជិក ស.វ.ហ.ស្ថ. តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរ៉ែ និងថាមពល ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ រដ្ឋបាលខេត្តតាកែវ មន្ទីរបរិស្ថានខេត្តតាកែវ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន ដែលជាលេខាធិការដ្ឋាន ស.វ.ហ.ស្ថ. តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា៕