Friday, August 11, 2017

ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តស្វាយរៀង ខិតខំបំពេញសំណូមពរ របស់ប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសណ្ឋាគារវ៉ៃគោ ក្រុងស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបសកម្មភាពការងារ និងការរៀបចំវេទិកាសាធារណៈប្រចាំឆមាសទី១ និងទិសដៅអនុវត្តបន្តឆ្នាំ២០១៧ របស់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅខេត្តស្វាយរៀង ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង និងជាអនុប្រធានអចិន្ត្រៃយ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀង បានអានរបាយការណ៍សង្ខេប អំពីសកម្មភាពរបស់ក្រុមការងារ នៅក្នុងឆមាសទី១ ឆ្នាំ២០១៧ ដោយរំលេចឲ្យឃើញពីសមិទ្ធផលនានាជាច្រើន ដែលក្រុមការងារសម្រេចបាន ឆ្លើយតបទៅនឹងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលបានលើកឡើង ក្នុងអង្គវេទិកាសាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានទាំង៨ក្រុង ស្រុក នាពេលកន្លងមក។ លោក មែន វិបុល បានបន្តឱ្យដឹងថា ក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀងបានសម្រេច ស្ថាបនានូវផ្លូវក្រាលកៅស៊ូ ផ្លូវក្រាលខ្សាច់ភ្នំ ផ្លូវលំជនបទ ជាច្រើនខ្សែ រួមទាំងប្រឡាយទឹក អគារសិក្សា ស្ពាន លូបង្ហូរទឹក ជាពិសេសដោះស្រាយបាន នូវបញ្ហានានា ដែលជាសេវាតម្រូវការ និងសេវាសំណូមពរ បម្រើឲ្យផលប្រយោជន៍ និងសេចក្ដីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន បានថ្លែងអំណរគុណ និងសម្ដែងនូវការកោតសរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារទាំងអស់ ដែលបានសហការយ៉ាងសកម្មចុះធ្វើវេទិកាសាធារណៈ និងជួបប្រាស្រ័យផ្ទាល់ ដោះស្រាយបញ្ហាសំណើ សំណូមពរបស់បងប្អូនប្រជាពលរដ្ឋ ទទួលបានលទ្ធផលល្អប្រសើរ ក្នុងឆមាសទី១ ឆ្នាំ២០១៧នេះ ។ ទន្ទឹមនេះ លោកស្រីក៏បានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវបន្តសកម្មភាពចុះធ្វើវេទិកាសាធារណៈ នៅតាមមូលដ្ឋានរៀងខ្លួនៗ ឲ្យបានច្រើនថែមទៀត ដើម្បីក្តាប់ឲ្យបាននូវចំណុចខ្វះខាត ដើម្បីកែលម្អ និងត្រូវបន្តជំរុញឲ្យជោគជ័យ នូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ពិសេសយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣។ លោកស្រីបន្ថែមទៀតថា ត្រូវជួបប្រាស្រ័យដោយផ្ទាល់ជាមួយប្រជាជននៅមូលដ្ឋាន ដោយក្តាប់ឲ្យបានច្បាស់លាស់ រាល់សំណូមពរ ឫសគល់នៃបញ្ហា ការប្រឈម ការលំបាករបស់ប្រជាជនទូទៅ និងរិះរកគ្រប់មធ្យោបាយជួយសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្តល់ភាពកក់ក្តៅ និងការជឿជាក់មកលើរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរពីសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕










No comments:

Post a Comment