Friday, August 11, 2017

អភិបាលខេត្តកំពង់ឆ្នាំង ចេញវិធានការបួនដើម្បីគ្រប់គ្រងសំរាមនៅទីប្រជុំជន

នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានបើកកិច្ចប្រជុំស្ដីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ក្រោមអធិបតីភាពលោក ឈួរ ចន្ទ័ ឌឿន អភិបាលខេត្តកំពង់​ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ក្រុមប្រឹក្សាក្រុង ស្រុក នាយក នាយករដ្ឋបាលសាលាខេត្ត នាយក នាយករងរដ្ឋបាលក្រុង ស្រុក និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

លោកអភិបាលខេត្ត បានថ្លែងថា បច្ចុប្បន្ននេះ ដោយសារវិស័យឧស្សាហកម្មទេសចរណ៍ និងសេវាកម្មមួយចំនួន បានផ្ដល់ការងារច្រើនដល់ប្រជាពលរដ្ឋ ជាមូលហេតុធ្វើឱ្យមានលំហូរចំណាក​ស្រុករបស់ប្រជាពលរដ្ឋ ពីទីជនបទមកកាន់ទីក្រុង ទីប្រជុំជន។ កាលណាទីប្រជុំជនមានកំណើនប្រជាជនច្រើន នោះសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម អាជីវកម្ម និងសេវាកម្មរបស់ពួកគាត់ បានជំរុញឱ្យមានការកើនឡើងនូវសំរាម និងកាកសំណល់រឹងផ្សេងៗ។ កំណើនកាកសំណល់នេះ វាធ្វើឱ្យប៉ះពាល់បរិស្ថាន និងសុខមាលភាព ការរស់នៅរបស់ប្រជាពលរដ្ឋផងដែរ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត ក៏បានដាក់ចេញនូវវិធានការបួន ដើម្បីឱ្យអង្គភាពទទួលបន្ទុក ជាពិសេសរដ្ឋបាលក្រុងកំពង់ឆ្នាំងអនុវត្តរួមមាន៖
ទី១- ទប់ស្កាត់ និងបង្ការ៖ គឺត្រូវឱ្យមានការអប់រំ ផ្សព្វផ្សាយ និងពន្យល់ប្រជាជនតាមគ្រប់មធ្យោបាយឱ្យបានទូលំទូលាយ។
ទី២- ប្រមូលសំរាម៖ ត្រូវចាត់វិធានការដោះស្រាយសមស្រប និងបន្ទាន់។
ទី៣- ការទុកដាក់សំរាម៖ ការទុកដាក់សំរាម គឺត្រូវមានភាពម្ចាស់ការស្វែងរកទីលានចាក់សំរាម ដែលមិនបង្កឱ្យមានផលប៉ះពាល់ដូចជាក្លិនស្អុយជាដើម និង
ទី៤- ការបំផ្លាញសំរាម៖ បើយើងប្រមូល និងទុកដាក់សំរាមហើយ មិនបំផ្លាញវាចោល ក៏វាធ្វើឱ្យ​ប៉ះ​ពាល់​ដល់គុណភាពបរិស្ថាន និងសុខមាលភាពរបស់ប្រជាពលរដ្ឋដែរ។

ចុងបញ្ចប់ លោកអភិបាល ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ សហការជាមួយអាជ្ញាធរគោរពអនុវត្តន៍តាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលដើម្បីធានាការគាំពារគុណភាពបរិស្ថាន និងសុខមាលភាពសម្រាប់បច្ចុប្បន្ន និងអនាគត។ ម្យ៉ាងទៀត ការចូលរួមសំអាតទាំងអស់គ្នា ក៏ជាកត្តា​លើកកម្ពស់នៃការយល់ដឹងពីតួនាទី និងការទទួលខុសត្រូវរបស់ខ្លួនក្នុងសង្គម ហើយក៏ជាចំណែកធ្វើឱ្យទីក្រុងយើងមានសោភណ័ភាពល្អផងដែរ៕





No comments:

Post a Comment