Friday, August 11, 2017

អង្គភាព​តំបន់ប្រតិបត្តិការ​សឹករង​កំពង់ឆ្នាំង​ រៀបចំឱ្យ​សិក្ខាកាម​អនុវត្តន៍ជាក់ស្តែង​

ដើម្បីពង្រឹងសមត្ថភាពយល់ដឹងរបស់សិក្ខាកាមឱ្យកាន់តែប្រសើរឡើង ក្រោយពីហ្វឹកហាត់រៀនសូត្រ អស់រយៈពេលជាច្រើនថ្ងៃរួចមក អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំឱ្យសិក្ខាកាមអនុវត្តន៍ជាក់ស្តែង លើទីលាននៅក្នុងភូមិសាស្រ្តភ្នំជៀងលាង ស្ថិតក្នុងភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីបញ្ចប់វគ្គហ្វឹកហ្វឺនប្រចាំឆ្នាំ ដែលមានកម្លាំងសិក្ខាកាមសរុបចំនួន ១០០ នាក់។
ការហ្វឹកហាត់ជាក់ស្តែងនេះ មានរយៈពេល២ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧ ដោយអនុវត្តន៍លើមេរៀន ( យុទ្ធដំណើរទ័ពថ្នាក់កងអនុសេនាធំ ជួបឧបសគ្គ ខ្មាំងវាយពួនស្ទាក់ ) ដោយមានការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ពីគ្រូ និងគណៈកម្មការគ្រប់គ្រងវគ្គ ជាពិសេសពីឧត្តមសេនីយ៍ត្រី ធន ធឿន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង។
ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ធន ធឿន បានធ្វើការវាយតម្លៃខ្ពស់លើវគ្គហ្វឹកហ្វឺននេះ និងបានធ្វើការកោតសរសើរដល់ថ្នាក់ដឹកនាំ គ្រប់គ្រងវគ្គ និងនាយទាហាន នាយទាហានរង ជាសិក្ខាកាមក្នុងវគ្គទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀនសូត្រ ធ្វើឱ្យទទួលបានលទ្ធផលល្អគួរជាទីមោទនៈ ។ ទាំងនេះ សបញ្ជាក់ឱ្យឃើញថា ការហ្វឹកហ្វឺនរៀនសូត្រ គឺជាគោលដៅសំខាន់បំផុតរបស់កងទ័ព ក្នុងខឿនការពារជាតិ ការពារនូវរដ្ឋធម្មនុញ្ញ ពិសេសការពាររាជរដ្ឋាភិបាល ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

ឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍បន្តទៀតថា យើងជាកងទ័ព ត្រូវស្មោះត្រង់ចំពោះជាតិមាតុភូមិ និងលើកកម្ពស់មនសិការសេ្នហាជាតិ គោរពឱ្យបានហ្មឺងម៉ាត់ រាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ ក៏ដូចជា យោធភូមិភាគពិសេស និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រយុទ្ធប្រឆាំងដាច់ខាតនូវរាល់ការប៉ុនប៉ងណាមួយដែលធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ ឬចង់ផ្តួលរំលំរាជរដ្ឋាភិបាលដោយជនអគតិ៕





No comments:

Post a Comment