Friday, August 11, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញជំនឿថាកម្ពុជានឹងមានវឌ្ឍនភាពលើសពីនេះទៅទៀត

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ក្នុងឱកាសអញ្ជើញជាអធិ​បតីក្នុងពិធីប្រកាសចូលកាន់តំណែងជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា របស់លោកបណ្ឌិត សុខ ទូច ដែលប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ បានសម្តែងនូវសុទិដ្ឋិនិយមថា កម្ពុជានឹងមានវឌ្ឍនភាពដែលត្រូវឈានឡើងហួសពីនេះទៅទៀត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ដំណាក់កាលអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិចបង្រៀនអ្នកមិនចេះ បានឆ្លងផុតហើយ។ ចំណុចនេះវាអាចប្រៀបធៀបជាមួយការវិវត្តន៍របស់ខ្លួនយើងម្នាក់ៗផងដែរ ពីស្ថានភាពទ្រុឌទ្រោម ទៅជាស្ថានភាពមានកម្លាំងកំហែង ពីស្ថានភាពខ្សត់ខ្សោយខាងចំណេះវិជ្ជា ក្លាយទៅជាអ្នកដែលមានចំណេះវិជ្ជា តាមរយៈនៃការខិតខំ ហើយការខិតខំទាំងអស់នេះ បាននាំប្រទេសជាតិយើងពីភាពខ្ទេចខ្ទាំ ពីទីក្រុងភ្នំពេញដែលមានមនុស្សរស់នៅជាង៧០នាក់ ឱ្យក្លាយទៅជាទីក្រុងមួយដូចគេដូចឯង ហើយជាទីក្រុងដែលមានសក្តានុពលផងដែរ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា កម្ពុជា បានកាត់បន្ថយភាពក្រីក្រពី១០០% មកនៅត្រឹមរង្វង់ ១៣% យើងបាននាំកម្ពុជាពីប្រទេសដែលមានចំណូលត្រឹមតែ២០០ដុល្លារនៅឆ្នាំ១៩៩៨ ឱ្យឡើងមកដល់ ១៣០០ ដុល្លារនៅឆ្នាំ២០១៦កន្លងទៅ។ នេះគឺជាវឌ្ឍនភាព ប៉ុន្តែវាមិនគ្រប់គ្រាន់ទេសម្រាប់យើង យើងត្រូវឈានហួសពីនេះទៅទៀត៕






No comments:

Post a Comment