Friday, August 11, 2017

ល្បិចជួយបក្សប្រឆាំងរបស់អង្គការសង្គមស៊ីវិលមួយចំនួន

នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថា អង្គការសង្គមស៊ីវិលមួយចំនួនតែងតែប្រើការវិភាគរបស់ខ្លួន តាមរយៈខ្លឹមសារ​លើកតម្កើងបក្សប្រឆាំង ហើយបន្ទាបបន្ថោកបក្សកាន់អំណាច។ នេះមិនមែនជាលើកទី១ទេដែលក្រុមសង្គមស៊ីវិលក្នុង និងក្រៅប្រទេស បានប្រើគ្រប់ល្បិចកលរបស់ខ្លួន ធ្វើការវិភាគន​យោបាយដោយលំអៀងខាងនយោបាយ កាន់ជើងបក្សប្រឆាំង និងបន្តុះបង្អាប់បក្សកាន់អំណាច។

លោក សុខ ឥសាន បានបន្ថែមថា ចរិតនិងអាកប្បកិរិយារបស់ក្រុមប្រឆាំងគឺផ្អែកលើមនោគមន៍វិជ្ជានៃសង្គ្រាមត្រជាក់ ដែលនៅសេសសល់ក្នុងខួរក្បាលរបស់មនុស្សមួយចំនួននោះ។ ពួកគេមានមហិច្ឆិតាផ្តួលរំលំគណបក្សប្រជាជនកម្ពុជាដើម្បីអំណាចតែប៉ុណ្ណោះ ទោះបីពួកគេមិនអាចសម្រេចបានតាមការចង់បានក៏ដោយ ក៏គេនៅតែព្យាយាមដដែលជាដដែល ក្រោមការជួយឧបត្ថម្ភគាំទ្រពីចៅហ្វាយនាយបរទេសរបស់ខ្លួន។ ដូច្នេះ ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជា មិនត្រឹមតែជាសមរភូមិជាមួយកម្លាំងប្រឆាំងនៅក្នុងប្រទេសទេ តែគឺជារណសិរ្សរបស់គណបក្សប្រជាជនកម្ពុជាជាមួយនឹងអានុភាពប្រតិកិរិយាថ្នាក់ពិភពលោកទៀតផង។

លោក សុខ ឥសាន ក៏បានសន្និដ្ឋានថា អាស្រ័យហេតុនេះ វាទាមទារការខិតខំប្រឹងប្រែងទ្វេរដងថែមទៀត ដើម្បីជម្នះលើមហិច្ឆិតារបស់អានុភាពអមិត្តទាំងនេះដើម្បីធានាការពារសន្តិភាព ស្ថិរភាពនយោបាយ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណសង្គមជូនប្រជាជន និងការពារជីវភាពរស់នៅប្រកបដោយសុខដុមរមនារបស់ប្រជាជនតទៅ៕


No comments:

Post a Comment