Friday, April 29, 2022

សេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្តប្រមាណ ១៤២ច្បាប់ត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ទីស្តីការគណរដ្ឋមន្ត្រីពិនិត្យ និងផ្តល់យោបល់

 

ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណរដ្ឋមន្ត្រីតាមរយៈកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២២ របស់ក្រុមប្រឹក្សាអ្នកច្បាប់ក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់។


យោងតាមប្រកាសព័ត៌មានបានអោយដឹងថា រយៈពេល១ឆ្នាំ ២០២១កន្លងមកនេះ ក្រុមប្រឹក្សាអ្នកច្បាប់បានចូលរួមពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារផ្សេងៗ សរុបចំនួន១៤២ នៅក្នុងកិច្ចប្រជុំចំនួន ៣៣៨លើក ដែលក្នុងនោះមានសេចក្ដីព្រាងច្បាប់ចំនួន២១ សេចក្ដីព្រាងព្រះរាជក្រឹត្យចំនួន៤ សេចក្ដីព្រាងអនុក្រឹត្យចំនួន៤៥ សេចក្ដីព្រាងសេចក្ដីសម្រេចចំនួន៥ និងឯកសារផ្សេងៗចំនួន៦៧។

ឯកកសារពាក់ព័ន្ឋនឹងផ្លូវច្បាប់ទំាងអស់នោះត្រូវបានក្រុមប្រឹក្សាអ្នកច្បាប់ ទីស្តីការគណៈរដ្ឋមន្ត្រីអះអាងថា បានរួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល។

ជាមួយនេះអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ ក៍បានរៀបចំសេចក្តីព្រាងព្រះរាជក្រមប្រកាសឱ្យប្រើច្បាប់ចំនួន១៩, រៀបចំបែបបទបញ្ជូនសេចក្តីព្រាងច្បាប់ទៅស្ថាប័ននីតិប្បញ្ញត្តិចំនួន២១, សម្របសម្រួលឱ្យមានតំណាង រាជរដ្ឋាភិបាលទៅការពារសេចក្តីព្រាងច្បាប់នៅ ស្ថាប័ននីតិប្បញ្ញត្តិចំនួន៥៣លើក, ប្រជុំជាមួយតំណាងក្រសួងស្ថាប័ននានាដើម្បីពិនិត្យ និងកែសម្រួលលើសេចក្ដីព្រាងសេចក្ដីថ្លែងហេតុរបស់រាជរដ្ឋាភិបាល គោរពជូនរដ្ឋសភាចំនួន២០លើក និងសម្របសម្រួលការងារសំណួរចម្លើយសភាចំនួន១០ករណីផងដែរ។

តាមរយៈសមិទ្ធផលការងារនេះបង្ហាញថា ក្រុមប្រឹក្សាអ្នកច្បាប់សម្រេចបានលទ្ធផលការងារជាច្រើនជូនរាជរដ្ឋាភិបាលលើទិដ្ឋភាពច្បាប់និងទិដ្ឋភាពពាក់ព័ន្ធផ្សេងៗទៀត។

ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព កិត្យានុភាព សាមគ្គីភាព និងឯកភាពផ្ទៃក្នុងក្រុមប្រឹក្សាអ្នកច្បាប់ ឯ.ឧ កិតិ្តនីតិកោសលបណ្ឌិត បានណែនាំឱ្យក្រុមប្រឹក្សាអ្នកច្បាប់បន្តពង្រឹងសមត្ថភាពផ្ទាល់ខ្លួនបន្ថែមទៀត តាមរយៈការខិតខំស្រាវជ្រាវ និងអភិវឌ្ឍសមត្ថភាព និងចែករំលែកបទពិសោធន៍ដើម្បីបង្កើនការយល់ដឹងផ្នែកច្បាប់ឱ្យកាន់តែប្រសើរ ដើម្បីបន្តពង្រឹងគុណភាពនៃការផ្តល់យោបល់ រួមចំណែកដល់ការធានាការគោរពនិងរក្សាឱ្យបាននូវគោលការណ៍សង្គតិភាពនិងសន្តិសុខគតិយុត្ត សំដៅរក្សាបាននូវតម្លៃគតិយុត្តនិងការអនុវត្តយូរអង្វែង រួមចំណែកលើវិស័យយុត្តិធម៌ក្នុងដំណើរការពង្រឹងនីតិរដ្ឋរបស់កម្ពុជាផងដែរ៕

អត្ថបទ ហ៊ុន ឌីណូ រូបភាព ក្រុមការងារទីស្តីការគណរដ្ឋមន្ត្រី









វីដេអូ៖ ទស្សនះមិត្តអ្នកអាន៖ «ការបំពានច្បាប់ម្តងហើយម្តងទៀតរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើល!»

 

ទស្សនះមិត្តអ្នកអាន : «ការអំពាវនាវរកជំនួយរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាឆាកល្ខោន បំភាន់ភ្នែក»

កាលពីថ្ងៃទី២៧ មេសា ឆ្នាំ ២០២២ សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏បានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកជំនួយពីសប្បុរសជនក្រោមហេតុផលថា បុគ្គលិកកម្មករដែលតវ៉ាឲ្យថៅកែយកចូលធ្វើការវិញនោះ កំពុងជួបការខ្វះខាតផ្នែកជីវភាព ហើយពួកគេភាគច្រើនជាស្ត្រី។ បើអានសេចក្តីអំពាវនាវនេះមួយភ្លែត គេហាក់ដូចជាមានអារម្មណ៍ថា ក្រុមអ្នកតវ៉ាទាំងនោះ ហាក់ដូចជាកំសត់ណាស់។ 

ប៉ុន្តែ ប្រសិនបើពិចារណាអោយជ្រៅបន្តិចទៅលើសកម្មភាពរបស់ពួកគេដែលបាននិងកំពុងធ្វើវិញ គ្រប់គ្នាច្បាស់ជាយល់បានថា សេចក្តីអំពាវនាវនេះគ្រាន់តែជាឆាកល្ខោនបន្លំភ្នែកតែប៉ុណ្ណោះ។ តាមពិតទៅ ក្រុមនេះមិនកំសត់ដូចដែលសហជីពនេះបានលើកឡើងនោះទេ ពីព្រោះពួកគេអាចធ្វើសកម្មភាពបែបនេះបានក្នុងរយៈពេលជាច្រើនខែមកនេះគឺដោយសារតែមានអ្នកឧបឧត្ថម្ភពីក្រោយខ្នងយ៉ាងរឹងមាំក្នុងចេតនាចិញ្ជឹមទំនាស់ដោយចិញ្ចឹមចលនាបាតុកម្មខុសច្បាប់នេះឲ្យនៅរស់រវើក ទោះជាការតវ៉ានេះខុសទំនងនិងខុសច្បាប់ការងារក៏ដោយ ជាពិសេសគឺការទាមទារបង្ខំគំរាមថៅកែឱ្យយកពួកខ្លួនចូលធ្វើការវីញដែលគ្មានច្បាប់នៅក្នុងប្រទេសណាមួយក្នុងពិភពលោក មានចែងនិងធ្លាប់បានអនុវត្តនោះឡើយ។ ចំណុចដែលគួរឲ្យពិចារណាមាន ដូចតទៅ៖

ទី១៖ ប្រសិនបើជាវិវាទការងារពិតប្រាកដ បញ្ហាអាចដោះស្រាយបានយ៉ាងងាយដោយឈរលើច្បាប់ការងារពីព្រោះក្នុងការបញ្ចប់កិច្ចសន្យាការងារ និយោជកត្រូវផ្តល់សំណងនិងអត្ថប្រយោជន៍ផ្សេងៗដល់កម្មករ និយោជិតទៅតាមច្បាប់ដែលបានចែង។ ក្នុងន័យនេះ និយោជកក្រុមហ៊ុនណាហ្គាវើលបានយល់ព្រមអនុវត្តតាមច្បាប់ការងារទាំងអស់ ហើយបុគ្គលិកកម្មករភាគច្រើនក៍បានទទួលយកដំណោះស្រាយតាមនីតិវិធីច្បាប់រួចរាល់ហើយដែរ។ ប៉ុន្តែនៅសល់តែបុគ្គលិកនិងកម្មករមួយក្រុមតូចដែលដឹកនាំដោយសកម្មជននយោបាយ ឈឹម ស៊ីថរ និងដោយមានការទំនុកបំរុងជាប្រចាំនិងយ៉ាងសកម្មពីសង្គមស៊ីវីលមួយចំនួនដែលទទួលជំនួយពីពួកបរទេស បែរជាមិនព្រមទទួលយកដំណោះស្រាយ ហើយបែរជាទាមទារឲ្យថៅកែយកចូលធ្វើការវិញ? នេះគឺជាការទាមទារខុសពីនីតិវិធីច្បាប់ពីព្រោះគ្មានច្បាប់ណាបង្ខំឲ្យនិយោជកត្រូវទទួលយកកម្មករ និយោជិតតាមការបង្ខិតបង្ខំនោះឡើយ។

ទី២៖ សំណងដែលនិយោជកផ្តល់ជូន ក៍មានចំនួនច្រើនគួរសម និងសមរម្យដែលអាចអនុញ្ញាត ឲ្យកម្មករនិយោជិតអាចដោះស្រាយជីវភាពបានក្នុងកំឡុងពេលស្វែងរកការងារថ្មី។ ចុះហេតុអ្វីបានជាមិនព្រមទទួលយដំណោះស្រាយតាមច្បាប់ការងារដែលជាប្រយោជន៍សម្រាប់ខ្លួនឯងបែរទៅជាជ្រើសរើសយកមធ្យោបាយតវ៉ាដែលមិនសមទំនងហើយខាតប្រយោជន៍បែបនេះទៅវិញ? តើមានអ្វីនៅពីក្រោយការតវ៉ាបែបនេះ?

ទី៣៖ បន្ទាប់ពីការតវ៉ាខុសច្បាប់និងខុសទំនងអស់រយៈពេលជាច្រើនខែ និងបន្ទាប់ពីរងការរិះគន់ថាមានអ្នកឧបត្ថម្ភពីក្រោយខ្នង និងមានភស្តុតាងជាច្រើនដែលគេចាប់បាន ទើបសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលបានចេញសេចក្តីអំពាវនាវមួយដើម្បីស្វែងរកជំនួយពីសប្បុរសជន។ ចុះរយៈ ពេលជាច្រើនខែមកនេះ ពួកគេបានលុយមកពីណាដើម្បីធ្វើសកម្មភាពបាតុកម្មតវ៉ានិងផ្គត់ផ្គង់ជីវភាពបើគ្មានអ្នកឧត្ថម្ភពីក្រោយខ្នងទេនោះ? 

ទី៤៖ការអំពាវនាវរបស់សហជីព នេះដើម្បីស្វែងរកជំនួយពីសប្បុរសជនធ្វើឡើងក្រោមហេតុផលដើម្បីការពារសិទ្ធិ

ការងារ និងដោយយកស្ត្រីមកធ្វើជាលេសដើម្បីទាក់ទាញចំណាប់អារម្មណ៍ ។ ប៉ុន្តែសំណួរ នៅត្រង់ថា ប្រសិនបើពួកគេតវ៉ាដើម្បីសិទ្ធិការងារនិងយុត្តិធម៌សង្គម ម្តេចក៍មិនទទួលយកការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាលនិងដំណោះស្រាយតាមច្បាប់ការងារដែលនិយោជកដោះស្រាយជូន? 

ការដាក់លក្ខខណ្ឌឲ្យនិយោជកត្រូវយកខ្លួនចូលធ្វើការវិញដោយចាត់ទុកថាជាដំណោះស្រាយតែមួយគត់ គឺមិនមែនជាការការពារសិទ្ធិការងារនិងយុត្តិធម៌សង្គមទេ។ សិទ្ធិការងារគឺជាសិទ្ធិដែលនិយោជកនិងនិយោជិតព្រមព្រៀងគ្នាដោយគោរពតាមច្បាប់ការងារ ចំណែកឯយុត្តិធម៌សង្គមគឺជាយុត្តិធម៌សម្រាប់ភាគីទាំងសងខាង មិនមែនជាការ

បង្ខំឲ្យនិយោជកទទួលយកខ្លួនឲ្យចូលធ្វើការនោះទេពីព្រោះទាល់តែមានការព្រមព្រៀងរវាងបុគ្គលិកនិងថៅកែទើបមានការងារធ្វើ។ គ្មានបុគ្គលណាចង់បានការងារធ្វើហើយមានសិទ្ធិបង្ខំនិយោជកឲ្យទទួលយកខ្លួនធ្វើការនោះទេ។

ដោយឈរលើហេតុផលទាំងអស់នេះ គេអាចយល់បានថា សេចក្តីថ្លែងការណ៍អំពាវនាវរបស់សហជីពនេះដើម្បីស្វែងរកជំនួយពីសប្បុរសជន គ្រាន់តែជាឆាកល្ខោនដើម្បីបិទបាំងម្ចាស់ជំនួយលាក់មុខរបស់ខ្លួន និងដើម្បីជាលេស 

អូសបន្លាយបញ្ហាតែប៉ុណ្ណោះ៕

ដោយ : អ្នកនយោបាយតុកាហ្វេ












វិភាគអន្តរជាតិ៖ តើអឺរ៉ុប អាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ី បានដែរឬទេ?


(វ៉ាស៊ីនតោន)៖ ក្រុមហ៊ុនឧស្ម័នរុស្ស៉ី ហ្កាសព្រំ (Gazprom) នៅក្នុងសប្ដាហ៍នេះបានឱ្យដឹងថាខ្លួនបានសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ ប្រទេសប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ពីប្រទេសទាំង២នេះបដិសេធបង់ថ្លៃទិញឧស្ម័នជា «ប្រាក់រូប្លិ៍» ហើយវិមានក្រឹមឡាំងក៏បានព្រមានដែរថានឹងធ្វើ ដូចគ្នានេះដាក់ប្រទេសអឺរ៉ុបដទៃទៀតដែលមិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រុស្ស៉ី។ ការសម្រេចចិត្តបែបនេះរបស់ទីក្រុងមូស្គូ ត្រូវបានគេមើលឃើញ ថានឹងកាន់តែបង្កភាពតានតឹងរវាងវិមានក្រឹមឡាំង និងអឺរ៉ុបពាក់ព័ន្ធនឹងថាមពល ព្រមទាំងសង្រ្គាមនៅអ៊ុយក្រែន ក៏ដូចជាជំរុញឱ្យបណ្ដាប្រទេសអឺរ៉ុប ត្រូវគិតគូពន្លឿនផែនការកាត់បន្ថយការពឹងផ្អែកលើការទិញឧស្ម័ន និងប្រេងពីរុស្ស៉ី។


ខាងក្រោមជាចំណុចសំខាន់ៗដែលគួរដឹងពីស្ថានភាពឧស្ម័ននៅក្នុងតំបន់អឺរ៉ុប៖


* តើរុស្ស៉ីបានធ្វើអ្វីខ្លះ?

ក្រុមហ៊ុនឧស្ម័នរដ្ឋរុស្ស៉ី ហ្កាសព្រំ (Gazprom) បានប្រកាសពីការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប៉ូឡូញ និងប៊ុលហ្ការី បន្ទាប់ប្រទេសទាំង២នេះ មិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍ តាមការទាមទាររបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។ បើតាមមេដឹកនាំអឺរ៉ុប នៅក្នុងកិច្ចសន្យាទិញឧស្ម័នពី រុស្ស៉ី គឺតម្រូវឱ្យបង់ជាប្រាក់អឺរ៉ូប ឬប្រាក់ដុល្លារអាមេរិក ហើយមិនអាចធ្វើការកែប្រែភ្លាមៗដោយភាគីណាមួយនោះទេ។ មែនទែន ប៉ូឡូញ បានត្រៀមខ្លួនជាយូរណាស់មកហើយ ដើម្បីប្រឈមមុខនឹងការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នពីរុស្ស៉ី ដោយបានសាងសង់ស្ថានីយទទួលឧស្ម័នដឹកតាម កប៉ាល់ ហើយថែមទាំងមានផែនការលុបចោលកិច្ចព្រមព្រៀងនាំចូលឧស្ម័នរបស់ខ្លួនជាមួយក្រុមហ៊ុន Gazprom នៅដំណាច់ឆ្នាំ២០២២នេះទៀត ផង។ រីឯ ប៊ុលហ្ការីវិញក៏បានអះអាងដែរថាបច្ចុប្បន្ន ខ្លួនមានឧស្ម័នគ្រប់គ្រាន់។


តែទោះជាបែបនេះក្ដី, ការសម្រេចចិត្តរបស់រុស្ស៉ី បាន និងកំពុងបង្កភាពច្របូកច្របល់ដល់ទីផ្សារថាមពលពិភពលោក និងភាពមិនច្បាស់លាស់ថាតើ រុស្ស៉ីអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់ប្រទេសអឺរ៉ុបដទៃ ឬក៏ថាតើវានឹងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចខ្លាំងប៉ុនណា? វិមានក្រឹមឡាំង បានព្រមានថាខ្លួនអាចនឹងកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នបន្ថែមទៀត ប្រសិនបើប្រទេសក្នុងតំបន់អឺរ៉ុបមិនព្រមបង់ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍ទេនោះ។ ប៉ុន្តែ រឿងដែលចម្លែក នោះគឺថាខណៈសេដ្ឋកិច្ចកំពុងរង្គោះរង្គើរដោយសារទណ្ឌកម្មលោកខាងលិច រុស្ស៉ីក៏ពឹងផ្អែកយ៉ាងខ្លាំងផងដែរលើចំណូលដែលបាន មកពីការលក់ប្រេង និងឧស្ម័នឱ្យអឺរ៉ុប ដើម្បីទ្រទ្រង់រដ្ឋាភិបាលរបស់ខ្លួន។


នៅក្រោមប្រព័ន្ធទូទាត់ថ្មី, វិមានក្រឹមឡាំងបាននិយាយថាអ្នកដែលទិញ ឬនាំចូលប្រេងពីរុស្ស៉ី ត្រូវតែបង្កើតកុងធនាគារមួយជាប្រាក់ដុល្លារ ឬអឺរ៉ូ នៅឯ ធនាគារធំលំដាប់ទី៣របស់រុស្ស៉ី Gazprombank និងកុងធនាគារទី២ គឺជាប្រាក់រូប្លិ៍។ បន្ទាប់មកទើប អ្នកទិញអាចបង់វិក្កយបត្រឧស្ម័ន ជាលុយអឺរ៉ូ ឬដុល្លារ ហើយទាក់ទងជាមួយធនាគារឱ្យប្ដូរទៅជាប្រាក់រូប្លិ៍។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុន ឌែរ ឡេយិន (Ursula von der Leyen) កាលពីថ្ងៃពុធ ទី២៧ ខែមេសានេះបានចាត់ទុកថាការទូទាត់តាមប្រាក់រូប្លិ៍ ជាទង្វើបំពានទណ្ឌកម្មរបស់សហភាពអឺរ៉ុប និងជាទង្វើ ជំរិតទារលុយ ហើយថាក្រុមហ៊ុនអឺរ៉ុបនានាមិនគួរទទួលយកសំណើរបស់រុស្ស៉ីនោះទេ។


* តើលោក ពូទីនចង់បានអ្វី?

តាមរយៈបទបញ្ជារបស់លោក ពូទីន ស្ដីពីការតម្រូវឱ្យទូទាត់ជាមួយប្រាក់រូប្លិ៍ ចំពោះបណ្ដាប្រទេសដែលលោកហៅថា «ជាប្រទេសអមិត្ត», វាត្រូវបាន គេមើលឃើញថាហាក់ដូចជាការសងសឹកទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ដែលបានកាត់ផ្ដាច់រុស្ស៉ីចេញពីប្រព័ន្ធទូទាត់សកល និងជំរុញក្រុមហ៊ុន លោកខាងលិចជាច្រើនបោះបង់ចោលជំនួញរបស់ពួកគេនៅក្នុងប្រទេសរុស្ស៉ី។ ចេតនាសេដ្ឋកិច្ចនៅពីក្រោយការទាមទារឱ្យអឺរ៉ុបបង់ប្រាក់រូប្លិ៍ មិនមាន ភាពច្បាស់លាស់ទេ ពីព្រោះក្រុមហ៊ុន Gazprom បានលក់ដល់ទៅ ៨០ភាគរយ នៃរូបិយបណ្ណបរទេសដើម្បីដូរយកប្រាក់រូប្លិ៍ រួចទៅហើយ ដែលនេះ អាចនឹងលើកស្ទួយរូបិយបណ្ណរុស្ស៉ីតិចតួចប៉ុណ្ណោះ។


ដូច្នេះវាអាចជាចេតនានយោបាយច្រើនជាង។ ពោលគឺ លោក ពូទីន ចង់ប្រើវាបង្ហាញប្រជាជនរុស្ស៉ីថារូបលោកអាចបញ្ជា ឬគ្រប់គ្រងលក្ខខណ្ឌនៃ ការនាំចេញឧស្ម័ន ហើយតាមរយៈការតម្រូវឱ្យបង់ប្រាក់តាមធនាគារ Gazprombank នោះគឺលោកចង់បង្ហាញថា អាចបង្អាក់ការដាក់ទណ្ឌកម្មបន្ថែម ប្រឆាំងធនាគាររុស្ស៉ី។ ម្យ៉ាងវិញទៀត ប្រសិនបើលោក ពូទីនចង់ប្រើការកាត់ផ្ដាច់ការផ្គង់ផ្គង់ឧស្ម័ន ជាលេសសងសឹកនឹងប្រទេសដែលជួយអ៊ុយក្រែន នោះមើលទៅវាក៏អាចទៅរួចដែរ។ មកទល់នឹងពេលនេះ រុស្ស៉ីនៅតែបញ្ជូនឧស្ម័នទៅកាន់ហុងគ្រី ក្រោយនាយករដ្ឋមន្ត្រីនៃប្រទេសនេះយល់ព្រមបង់ ថ្លៃទិញឧស្ម័នជាប្រាក់រូប្លិ៍តាមការទាមទាររបស់លោក ពូទីន។


* ស្ថានភាពនៃការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប?

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានលើកលែងទណ្ឌកម្មចំពោះការទិញឧស្ម័ន និងប្រេងពីរុស្ស៉ី ហើយនេះគឺជាសម្បទានមួយដែលរដ្ឋបាលលោក ចូ បៃដិនផ្ដល់ឱ្យសម្ព័ន្ធមិត្តអឺរ៉ុបដែលពឹងផ្អែកលើការទិញថាមពលពីរុស្ស៉ី។ ឧស្ម័នដែលអឺរ៉ុបទិញ មាន៤០ភាគរយមានប្រភពមកពីរុស្ស៉ី រីឯប្រេងមាន ២៥ភាគរយ ឬគិតទឹកប្រាក់ស្មើនឹង ៨៥០លានដុល្លារក្នុងមួយថ្ងៃ។ បើតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក, បណ្ដាប្រទេសមួយចំនួនធំ នៅអឺរ៉ុប មិនសប្បាយចិត្តឡើយដែលអឺរ៉ុបនៅតែបន្តទិញថាមពលពីរុស្ស៉ី ដែលអាចរកចំណូលបាន ៤៣ភាគរយ នៃចំណូលសរុបប្រចាំឆ្នាំរបស់ខ្លួនពី ការលក់ឧស្ម័ន និងប្រេង នៅចន្លោះឆ្នាំ២០១១ ដល់ឆ្នាំ២០២០។


ក្រោយសង្រ្គាមអ៊ុយក្រែនផ្ទុះឡើង, គំនិតចង់ឱ្យអឺរ៉ុបកាត់បន្ថយការពឹងផ្អែកលើឧស្ម័ន និងប្រេងបានកើនឡើងជាលំដាប់ តែចង់ឱ្យអឺរ៉ុបឈប់ប្រើ ឬកាត់បន្ថយការប្រើឧស្ម័ន ឬប្រេងពីរុស្ស៉ី គឺជារឿងស្មុគស្មាញបំផុត ពីព្រោះឧស្ម័នរុស្ស៉ីបានចូលរួមមិនតិចទេក្នុងកំណើនសេដ្ឋកិច្ចអឺរ៉ុប។ ប៉ុន្តែ ព្រមពេលជាមួយគ្នា ការសម្រេចចិត្តកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប ក៏មិនមែនជាផលចំណេញសម្រាប់រុស្ស៉ីដូចគ្នា។ បើនិយាយពីរឿងប្រេង រុស្ស៉ីអាចលក់វាក្នុងតម្លៃថោក ហើយមើលទៅក៏មិនខ្វះអ្នកចាំទិញនោះដែរតួយ៉ាងដូចជាចិន និងឥណ្ឌាជាដើម។ តែបើនិយាយពីឧស្ម័ន វាជារឿង ដាច់ដោយឡែក។ ពោលគឺប្រព័ន្ធបំពង់ឧស្ម័នចេញពីឧបទ្វីបយ៉ាម៉ាល់ (Yamal) របស់រុស្ស៉ីទៅកាន់អឺរ៉ុប មិនតភ្ជាប់ជាមួយបំពង់ឧស្ម័នទៅកាន់ចិន នោះទេ ហើយការនាំចេញឧស្ម័នតាមកប៉ាល់ទៀតសោត គឺសមត្ថភាពរុស្ស៉ីមានកំណត់នៅឡើយ។


* តើអឺរ៉ុបអាចរស់នៅដោយគ្មានឧស្ម័នរុស្ស៉ីទាំងស្រុង ឬទេ?

សេដ្ឋកិច្ចអឺរ៉ុបនឹងជួបផលវិបាក បើគ្មានឧស្ម័នរុស្ស៉ី ទោះបីជាផលវិបាកនោះមានការប្រែប្រួលអាស្រ័យលើថាតើប្រទេសអឺរ៉ុបនីមួយៗប្រើប្រាស់ឧស្ម័ន រុស្ស៉ីកម្រិតណាក៏ដោយ។ អ្នកជំនាញសេដ្ឋកិច្ចភាគច្រើនយល់ស្របដូចគ្នា ដោយផ្អែកលើការសិក្សាស្រាវជា្រវមួយកាលពីពេលថ្មីៗនេះថាសេដ្ឋកិច្ច អឺរ៉ុបទាំងមូលអាចនឹងធ្លាក់ចូលក្នុងឱនភាព នៅក្នុងករណីរុស្ស៉ីផ្ដាច់ការផ្គត់ផ្គង់ទាំងស្រុង ឬអឺរ៉ុបឈប់ប្រើតែម្ដងក្នុងពេលភ្លាមៗ។


តួយ៉ាង អាល្លឺម៉ង់ដែលជាប្រទេសអឺរ៉ុបពឹងផ្អែកខ្លាំងជាងគេលើថាមពលទិញពីរុស្ស៉ីអាចនឹងរងគ្រោះធ្ងន់ធ្ងរជាងគេដែរ ដោយធនាគារកណ្ដាលអាល្លឺម៉ង់ បានព្យាករថាការកាត់ផ្ដាច់ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៉ីទាំងស្រុង មានន័យថាទិន្នផលសេដ្ឋកិច្ចអាល្លឺម៉ង់អាចខាតបង់ ៥ភាគរយ ហើយអាចនឹង ប្រឈមមុខនឹងអតិផរណាខ្ពស់បំផុតមិនធ្លាប់មាន។


* តើអឺរ៉ុបកំពុងធ្វើអ្វី ដើម្បីកាត់បន្ថយការពឹងផ្អែកលើឧស្ម័នរុស្ស៉ី?

មេដឹកនាំអឺរ៉ុបបាននិយាយថាពួកគេមិនអាចរ៉ាប់រង ឬដោះស្រាយផលវិបាកដែលបង្កឡើងដោយការធ្វើពហិការប្រើឧស្ម័នរុស្ស៉ីភ្លាមៗនោះទេ តែអាច ឈប់ប្រើជាដំណាក់កាល ហើយអាចនឹងប្រឹងប្រែងកាត់បន្ថយការប្រើប្រាស់ឱ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ពួកគេកំពុងបញ្ជាទិញឧស្ម័ន ដែលដឹកតាមកប៉ាល់ និងឧស្ម័នដែលដឹកតាមបំពង់ឧស្ម័នពីប្រទេសផ្សេងដូចជា ន័រវែស និងអាហ្សែបៃហ្សង់ ព្រមទាំងបង្កើនល្បឿនអភិវឌ្ឍការទាញ ថាមពលពីខ្យល់ ឬព្រះអាទិត្យផងដែរ។


បន្ថែមពីលើនេះ មេដឹកនាំអឺរ៉ុបបានដាក់គោលដៅកាត់បន្ថយការប្រើឧស្ម័នរុស្ស៉ីឱ្យបានយ៉ាងហោច ២ភាគ៣ នៅត្រឹមដំណាច់ឆ្នាំ២០២២នេះ ហើយ ឈប់ប្រើទាំងស្រុងនៅឆ្នាំ២០២៧។ តែគេមានតែរង់ចាំមើលថាតើអឺរ៉ុបអាចសម្រេចគោលដៅនេះបានដែរឬក៏យ៉ាងណា ព្រោះថាពួកគេនៅត្រូវ ដោះស្រាយបញ្ហាស្ថានីយទទួលឧស្ម័នដឹកតាមកប៉ាល់ជាមុនសិន។ អាលឺ្លម៉ង់មិនមានស្ថានីយនាំចូលឧស្ម័នតាមកប៉ាល់នោះទេ តែកំពុងព្យាយាម សាងសង់ស្ថានីយបែបនេះចំនួន២ ដែលអាចនឹងត្រូវប្រើពេលជាច្រើនឆ្នាំ។ ចំណែកឯ អ៉ីតាលីវិញដែលទិញឧស្ម័នពីរុស្ស៉ី ៤០ភាគរយដែរនោះ បានឈានដល់កិច្ចព្រមព្រៀងរកអ្នកផ្គត់ផ្គង់បន្ថែម ជាមួយប្រទេសអាល់ហ្សេរី, អាហ្សែរបៃហ្សង់, អង់ហ្គូឡា និងកុងហ្គូ និងកំពុងសម្លឹងមើលការបង្កើន ការទិញឧស្ម័នពីប្រទេសកាតា ស្របពេលអឺរ៉ុបត្រូវត្រៀមស្ដុកឧស្ម័នបម្រុងសម្រាប់ប្រើនៅរដូវងារខាងមុខនេះ៕


ប្រភព៖ AP (ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២)

ដោយៈ Fresh News






Thursday, April 28, 2022

ទស្សនះមិត្តអ្នកអាន : «ការបំពានច្បាប់ម្តងហើយម្តង ទៀតរបស់សហជីពនៃក្រុមហ៊ុនណាហ្គាវើល!»

ក្រៅពីដឹកនាំការធ្វើបាតុកម្មខុសច្បាប់ មិនស្តាប់ការណែនាំរបស់អាជ្ញាធរ មិនទទួលយកដំណោះស្រាយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងមិនទទួលយកដំណោះស្រាយតាមច្បាប់ការងារ ដោយដឹកនាំការតវ៉ា

ខុសច្បាប់ ខុសទំនង អស់ជាច្រើនខែ ឥឡូវនេះសហជីពខាងលើក៍បានបន្តបំពានច្បាប់យ៉ាងគឃ្លើនម្តងទៀតតាមរយៈការរៀបចំបោះឆ្នោតខុសពីលក្ខន្តិកៈ និងខុសច្បាប់ស្តីពីសហជីព។ 


សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល

ដែលមាននាង ឈឹម ស៊ីថរ ជាប្រធាន បានផុតអាណត្តិកាលពីថ្ងៃទី ២៥ មេសាឆ្នាំ ២០២២។ 

អនុលោមតាមច្បាប់សហជីព 

និងស្របតាមលក្ខន្តិកៈរបស់ខ្លួន សហជីពនេះត្រូវធ្វើមហាសន្និបាតដើម្បីជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់ខ្លួន។ ប៉ុន្តែ សហជីពនេះបែរជាបំពានច្បាប់ដោយរៀបចំការបោះឆ្នោតមួយដែលមិនស្របតាមច្បាប់ស្តីពីសហជីព និងលក្ខន្តិកៈរបស់ខ្លួនទៅវិញ។ ពួកគេមិនបានធ្វើមហាសន្និបាតទេ តែបែរជារៀបចំការ បោះឆ្នោតដែលមិនគ្រប់លក្ខណៈ ពោលគឺការបោះឆ្នោដោយមាន អ្នកចូលរួមជាដំណក់ៗ មិនគ្រប់កូរ៉ុម (៥០%បូក១) និងគ្មានការឯកភាពផ្ទៃក្នុង។

 

អ្វីដែលគួរឲ្យចម្លែកថែមទៀត នោះគឺ អ្នកឈរឈ្មោះបោះឆ្នោត និងអ្នកបោះឆ្នោតមួយចំនួនជាមនុស្សដែលគ្មានសិទ្ធិឈរឈ្មោះ និងគ្មានសិទ្ធិបោះឆ្នោតឡើយពីព្រោះតែពួកគេលែងជា បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលទៀតហើយចាប់តាំងពីត្រូវបានបញ្ឈប់ពីការងារដោយមូលហេតុវិបត្តិកូវីដ ១៩។ 


ម្យ៉ាងទៀត មានសមាជិកសហជីពមួយចំនួនក៏បានជំទាស់តាមរយៈលិខិតជាសាធារណៈទៅនឹការបោះឆ្នោតខុសនីតិវិធីនេះដែរ។ 


វាពិតជារឿងគួរឲ្យសោកស្តាយ និងគួរឲ្យខ្មាសអៀនបំផុតដែលអង្គការសហជីពមួយបែរជាបំពានច្បាប់ម្តងហើយម្តងទៀតព្រោះតែបម្រើមហិច្ឆតានយោបាយ។ ជាអង្គការសហជីពគួរតែធ្វើជាគំរូក្នុងការអនុវត្តច្បាប់ស្តី

ពីការងារនិងច្បាប់ស្តីពីសហជីព រួមទាំងការគោរពលក្ខន្តិកៈរបស់ខ្លួនផង។ ប៉ុន្តែ សហជីពមួយនេះបែរជាធ្វើសកម្មភាពយ៉ាងគឃ្លើនដោយមិនគិតពីច្បាប់ និងមិនគិតពីភាពសមរម្យ ឬសេចក្តីថ្លៃថ្នូរអ្វីឡើយ។ 


អ្វីដែលពួកគេចង់បានគឺធ្វើយ៉ាងណាបង្កអស្ថិរភាពសង្គម អសណ្តាប់ធ្នាប់ដើម្បីបំរើមហិច្ឆតអ្នកនយោបាយនៅពី ក្រោយខ្នង។  នៅលើលោកនេះ គ្មានអង្គការសង្គមស៊ីវិល ឬអង្គការនយោបាយណាមួយដែលរៀបចំការបោះឆ្នោតជ្រើសរើស

មេដឹកនាំដោយការប្រមូលមនុស្សម្តងមួយក្រុមៗ ហើយយកមកបូកបញ្ចូលគ្នាបែបនេះឡើយ។ ការធ្វើសមាជ ឬមហាសន្និបាតត្រូវរៀបចំឡើងក្នុងពេលតែមួយ និងដោយមានកូរ៉ុមគ្រប់ចំនួនទើបការបោះឆ្នោតមានសុពលភាព។ ចុះហេតុអ្វីបានជាសហជីពមួយននៃក្រុមហ៊ុនណាហ្គាវើលមួយនេះដឹកនាំដោយក្រុមឈឹម ស៊ីថរ ហ៊ានបំពានច្បាប់និងលក្ខន្តិកៈរបស់ខ្លួន យ៉ាង ងងើលបែបនេះ? 

មានហេតុផលច្រើនយ៉ាង

ដែលអាចពន្យល់រឿងនេះបាន៖


ទី១៖ មកពីសហជីពនេះបាត់បង់ការគាំទ្រពីសមាជិករបស់ខ្លួនដោយសមាជិកភាគច្រើនមិនផ្តល់ទំនុកចិត្តទៅលើការដឹកនាំរបស់ ឈឹម ស៊ីថរ និងបក្ខពួកទៀតឡើយដោយសារតែពួកគេ យកសហជីពទៅបម្រើនយោបាយធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករ និយោជិត និងបាត់បង់តម្លៃរបស់សហជីព។ ជាក់ស្តែង ការដឹកនាំការតវ៉ាឲ្យថៅកែទទួលយកបុគ្គលិកមួយក្តាប់តូចចូលធ្វើការវិញត្រូវគេមើលឃើញថាគឺជាការទាមទារដែលគ្មានមូលដ្ឋានច្បាប់ និងគ្មានភាពសមទំនងទាល់តែសោះ។ 


ទី២៖ ដោយសារតែការប្រមូលសមាជិកធ្វើមហាសន្និបាតមិនបានគ្រប់ចំនួន និងដោយសារតែមហិច្ឆតាចង់ធ្វើមេដឹកនាំសហជីពនេះបន្តដើម្បីចិញ្ចឹមទំនាស់ក្នុងក្រុមហ៊ុនណាហ្គាវើល ទើបពួកគេគ្មានជម្រើសអ្វីក្រៅពីរៀបចំការបោះឆ្នោតបែប

បាយឡុកបាយឡនេះឡើងដោយបំពានច្បាប់ និងលក្ខិកៈទាំងស្រុង ពីព្រោះចាប់ពីថ្ងៃទី ២៥ មេសា តទៅ ឈឹម ស៊ីថរ និងក្បាលម៉ាស៊ីនដឹកនាំសហជីពមួយ នេះអស់សុពលភាពក្នុងការដឹកនាំសហជីពនេះទៀតហើយ។ 


ដូច្នេះ ដើម្បីបន្តសកម្មភាពនយោបាយជ្រកក្រោមស្លាកសហជីពរបស់ខ្លួន ពួកគេបានរៀបចំការបោះឆ្នោតខុសច្បាប់នេះឡើងដើម្បីបន្លំភ្នែកមហាជនថា ខ្លួនទទួលបានសុពលភាពជាថ្មីជាថ្នាក់ដឹកនាំសហជីពបន្ត។ 


ទី៣៖ ឈឹម ស៊ីថរ និងបក្ខពួក

មួយក្តាប់តូចនេះមានបំណង

ចង់ក្រាញននៀលដើម្បីបន្តសកម្មភាពខុសច្បាប់របស់ខ្លួន

ក្នុងន័យបង្កការអុកឡុកក្រុមហ៊ុនណាហ្គាវើល ក៏ដូចជាបង្កបញ្ហាដល់អាជ្ញាធរមានសមត្ថកិច្ចក្រោមលេសទាមទារសិទ្ធិការងារ។ ដើម្បីបន្តសកម្មភាព នេះបាន ទាល់តែខ្លួនត្រូវបាន បោះឆ្នោតឲ្យធ្វើជាប្រធាន និងថ្នាក់ដឹកនាំសហជីពនេះបន្តទៀត។ ប៉ុន្តែ បើរៀបចំបោះឆ្នោតតាមច្បាប់ និងតាមលក្ខន្តិកៈ ពួកគេមិនអាចធ្វើទៅរួចឡើយ ដូច្នេះ ពួកគេក៏បង្ខំចិត្តរៀបចំការ បោះឆ្នោបាយឡុកបាយឡនេះឡើងក្នុង«ទំរង់ប្រជុំដែលមានកូរ៉ុមតាមបែបច្រណិតត្រសក់និងបោះឆ្នោតជាច្រណិតត្រសក់» ទោះជាអាក្រក់មើលនិងខុសគោលការណ៍យ៉ាងណាក៏ ដោយ។


សរុបមកវិញ សហជីពដែលដឹកនាំដោយ ឈឹម ស៊ីថរ បាននិងកំពុងធ្វើសកម្មភាពបំពាន ច្បាប់ជាបន្តបន្ទាប់ម្តងហើយម្តង ទៀតឥតឈប់ឈរឡើយ។ 


ប្រឈមមុខចំពោះបញ្ហាបែបនេះ បុគ្គលិកនិងកម្មករដែលកំពុងចូលរួមក្នុងការតវ៉ាខុសច្បាប់នេះ គួរតែដកខ្លួនចេញពីសហជីពដែលក្រុម ឈឹម ស៊ីថរកំពុងរៀបចំនេះព្រោះនេះជា «ការបង្កើតអង្គការសហជីពខុសច្បាប់»។ ម៉្យាងវិញទៀត អាជ្ញាធរមាន

សមត្ថកិច្ចគួរតែពិចារណា វិធានការផ្លូវច្បាប់ឲ្យបានតឹងរ៉ឹងបំផុតផងដែរចំពោះក្រុមមនុស្សប្រភេទនេះដោយមិនគួរទុកឲ្យពួកគេបន្តបង្កព្យុះភ្លៀងតាមបែបអាណាធិប្បតេយ្យនិងបំពានច្បាប់នៅក្នុងសង្គមបែបនេះទៀតឡើយ៕

ដោយ: អ្នកនយោបាយតុកាហ្វេ
















សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម


នៅព្រឹក ថ្ងៃព្រហស្បតិ៍​ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្តល់អនុសាសន៍ ដល់កីឡាករ កីឡាការិនី និងអត្តពលិក ចំនួន៥៦០នាក់ មុនពេលពួកគេចេញទៅប្រកួតកីឡាស៊ីហ្គេម (SEA Game) លើកទី៣១ នៅប្រទេសវៀតណាម។



សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះសមត្ថភាពក្មួយៗកីឡាករ កីឡាការិនី និងគ្រូបង្វឹក ដែលបានខិតខំហ្វឹកហ្វឺនដល់កីឡាករទាំងអស់ទទួលបានជ័យជំនះជាបន្តបន្ទាប់។ ហើយការចេញទៅប្រកួតលើកនេះសរុបទាំងអស់មានចំនួន៥៦០ នាក់ ដែលក្នុងនោះមានថ្នាក់ដឹកនាំប្រមាណជាង៤០នាក់ ដែលនេះចំនួនដ៏សមស្របមួយ។ 
សម្តេចតេជោ ហ៊ុន  សែន បានផ្តាំផ្ញើដល់កីឡាករ កីឡាការិនីទាំងអស់មុនទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមនាពេលខាងមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍រំលឹកកីឡាករ កីឡាការិនីទាំងអស់ ពេលចេញទៅប្រកួត គឺតំណាងឱ្យជាតិទាំងមូល។ សេចក្តីថ្លៃថ្នូររបស់ជាតិ គឺពិតជាសំខាន់ណាស់ ដូច្នេះយើងមិនត្រូវធ្វើអ្វីដែលនាំដល់ការអាប់ឱនកិត្តិយសជាតិនោះឡើយ។ សម្តេចតេជោបានមានប្រសាសន៍ណែនាំដល់កីឡាករ កីឡាការិនីទាំងអស់ត្រូវយកចិត្តទុកដាក់ប្រឹងប្រែងប្រកួត តែត្រូវចៀសវាងការបំពានច្បាប់ និងលក្ខខណ្ឌប្រកួត ក៏ដូចជាការប្រើប្រាស់សារធាតុប៉ូវកម្លាំងជាដើម។ សម្តេចតេជោបានបន្តថា ទោះបីដាក់គោលដៅយកមេដាយឱ្យបានច្រើនក៏ដោយ តែមិនត្រូវបំពានច្បាប់ បំពានវិន័យ និងការប្រើប្រាស់ថ្នាំប៉ូវ កម្លាំងជាដាច់ខាតដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់ជាតិ។ 
នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការពិចារណាបំលាស់ទីអ្នកជំងឺកូវីដ-១៩ពីពហុកីឡដ្ឋានជាតិអូឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លងម៉ែ ឬកន្លែងផ្សេង ដើម្បីប្រគល់ពហុកីឡដ្ឋានជាតិអូឡាំពិក ត្រឡប់ទៅបម្រើការងារកីឡាឡើងវិញ ដើម្បីត្រៀមរៀបចំទីតាំងសម្រាប់ការប្រកួតកីឡាផ្សេងៗពេលដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំក្រោយ។ ការបំលាស់ទីតាំងអ្នកជំងឺនេះ សម្តេចតេជោបានផ្តល់យោបល់ថា អាចយកពួកគាត់ទៅមណ្ឌលចាក់អង្រែ ឬទៅមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ព្រែកព្នៅ តែមណ្ឌលនេះបើតាម ឯកឧត្តម ឃួង ស្រេង ថាអាចនឹងសាងសង់រួចរាល់ដើមឆ្នាំ២០២៣។
នៅថ្ងៃនេះ សម្តេចតេជោបានមានប្រសាសន៍បង្ហាញពីគោលបំណងចង់ប្រែក្លាយមន្ទីរពេទ្យហ្លួងម៉ែឲ្យទៅជាមន្ទីរពេទ្យឯកទេសខាងព្យាបាលជំងឺមហារីកនាពេលខាងមុខផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទោះបីជំងឺកូវីដ-១៩ បានថមថយក៏ពិតមែន តែកម្ពុជាមិនបោះបង់ការត្រៀមលក្ខណៈឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈនោះឡើយ គឺយើងត្រូវតែបន្តការការពារជាបន្តទៀត។ 
ក្នុងឱកាសនៃការទៅចូលរួមប្រកួតកីឡា SEA Games នៅប្រទេសវៀតណាមខាងមុខ សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់អោយខិតខំប្រឹងប្រែងដើម្បីទទួលបានជ័យជំនះបន្ថែមទៀត ។ សម្តេចតេជោបានឧបត្ថម្ភលើកទឹកចិត្តដល់កីឡាករកីឡាការិនី និងគ្រូបង្វឹកចំនួន ៥៦០នាក់ ក្នុងម្នាក់ៗទទួលបាន $500 សម្រាប់ការធ្វើដំណើរ។ 
មុននឹងបញ្ចប់​ សម្តេចតេជោ ហ៊ុន សែន បានជូនពរកីឡាករកីឡារិនី និងគ្រូបង្វឹកទាំងអស់ ទទួលបានជោគជ័យក្នុងការប្រកួត និងជួបតែសេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗគ្នា៕












សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតឆ្លើយតបជាមួយ ប្រធានាធិបតីអាមេរិក ដែលអញ្ជើញសម្តេចចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២នេះ បានផ្ញើលិខិតមួយទៅកាន់ លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក ដើម្បីថ្លែងអំណរគុណ និងឆ្លើយតបចំពោះការអញ្ជើញសម្តេចទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។


តាមរយៈសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖

«ខ្ញុំសូមអរគុណឯកឧតុ្តមប្រធានាធិបតី ដែលបានផ្ញើលិខិតអញ្ជើញខ្ញុំចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន នាថ្ងៃទី ១២-១៣ ខែឧសភា ឆ្នាំ២០២២។ ខ្ញុំមានសេចក្តីសោមនស្សរីករាយនឹងចូលរួមកិច្ចប្រជុំនេះ។

ខ្ញុំជឿជាក់ថា ការបញ្ជាក់ជាថ្មីនូវប្ដេជ្ញាចិត្តរបស់ឯកឧត្ដម ដើម្បីពង្រឹងថែមទៀតនូវ ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងអាស៊ាន ជាពិសេសក្នុងឱកាសរំឭកខួបអនុស្សាវរីយ៍ លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នឹងជាជំហានឆ្ពោះទៅមុខ មួយឈានទៅរកការតម្លើងភាពជាដៃគូរបស់យើងឱ្យឡើងដល់កម្រិតខ្ពស់មួយថ្មីទៀត។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

ក្នុងនាមកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ខ្ញុំសូមបញ្ជាក់សាជាថ្មីអំពីបំណងប្រាថ្នា ដ៏មុតមាំរបស់កម្ពុជាក្នុងការខិតខំស្វែងរកកាលានុវត្តភាពបន្ថែមទៀត ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-សហរដ្ឋអាមេរិកលើគ្រប់វិស័យ។

ខ្ញុំជឿជាក់ថា កិច្ចប្រជុំកំពូលពិសេសនេះ ជាឱកាសដ៏ប្រសើរសម្រាប់យើង ពិភាក្សាពីការជម្រុញកិច្ចសហប្រតិបតិ្តការ ព្រមទាំងផ្លាស់ប្តូរ យោបល់គ្នាលើបញ្ហានានា ដែលជាក្តីបារម្ភ និងជាប្រយោជន៍រួមរបស់អាស៊ាន និងសហរដ្ឋ អាមេរិក។

ខ្ញុំទន្ទឹងជួបជាមួយឯកឧតុ្តមដោយផ្ទាល់ នៅរដ្ឋធានីវ៉ាស៊ីនតោន និងត្រៀមធ្វើការ ជិតស្និទ្ធជាមួយឯកឧត្តម។

សូមឯកឧតុ្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ»។

សូមបញ្ជាក់ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ នៅសហរដ្ឋអាមេរិក៕





ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ផ្ញើលិខិតអញ្ជើញសម្តេចតេជោ ហ៊ុន សែន ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក

 (ភ្នំពេញ)៖ លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានចេញលិខិតមួយអញ្ជើញសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។


តាមរយៈលិខិតអញ្ជើញរបស់លោក ចូ បៃដិន បានបញ្ជាក់ដូចតទៅ៖

«ជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្រ្តី

ខ្ញុំមានសេចក្ដីសោមនស្សរីករាយ ដែលយើងមានឱកាសចែករំលែកទស្សនៈគ្នា នៅក្នុងឱកាសនៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-សហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា កាលពីឆ្នាំមុន។ ខ្ញុំសង្ឃឹមថា សម្ដេចតេជោនាយករដ្ឋមន្រ្តី និងក្រុមគ្រួសារមានសុខភាពល្អ។

ក្នុងនាមប្រជាជនអាមេរិកទាំងអស់ ខ្ញុំសូមផ្ញើនូវការដឹងគុណយ៉ាងស្មោះអស់ពីចិត្តជូនចំពោះអាស៊ាន និងប្រទេសសមាជិក នូវភាពជាដៃគូដ៏យូរអង្វែងដែលមានអាយុកាលបួនទសវត្សរ៍មកនេះ។ នៅចំពោះមុខនៃការប្រឈមដែលពុំធ្លាប់មានពីមុនមក និងកាលានុវត្តភាពដ៏ចម្បងដែលកើតចេញពីការប្រឈមនេះ សហរដ្ឋអាមេរិកនិងអាស៊ាន បានរួបរួមគ្នាប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ និងពង្រឹងប្រព័ន្ធសុខាភិបាលតំបន់ បង្កើនមហច្ឆិតារបស់យើងក្នុងការដោះស្រាយបញ្ហាអាកាសធាតុ លើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់ដែលមានភាពធន់ ពន្លឿននវានុវត្តន៍ និងរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅថែមទៀតរវាងប្រជាជនយើងទាំងពីរដែលបូករួមគ្នាមានចំនួនមួយប៊ីលាននាក់។ ការធ្វើបែបនេះ អាស៊ាន និងសហរដ្ឋអាមេរិក បានលើកកម្ពស់ចក្ខុវិស័យរួមសម្រាប់តំបន់មួយដែលសេរី និងបើកចំហរ ដូចដែលបានគូសបញ្ជាក់រួចហើយនៅក្នុងទស្សនវិស័យអាស៊ានស្ដីពីឥណ្ឌូ-ប៉ាស៊ីហ្វិក និងយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក។

ខ្ញុំមានសេចក្ដីសោមនស្សរីករាយសូមអញ្ជើញ សម្ដេចតេជោនាយករដ្ឋមន្រ្តី ចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១២-១៣ ខែឧសភា ឆ្នាំ២០២២។ ក្នុងឱកាសកិច្ចប្រជុំកំពូលនោះ យើងនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៥ នៃភាពជាដៃគូយូរអង្វែង និងលើកឡើងអំពីមហិច្ឆតារួមរបស់យើង សម្រាប់សករាជថ្មីនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក។ ខ្ញុំទន្ទឹងរង់ចាំជួប សម្ដេចតេជោនាយករដ្ឋមន្រ្តី និងថ្នាក់ដឹកនាំអាស៊ានដទៃទៀត នៅសេតវិមាន។

សូមមេត្តាទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ»៕