Friday, March 16, 2018

(សូមទស្សនាវីដេអូ)៖ ពលរដ្ឋខ្មែរ-អូស្ត្រាលី សម្តែងក្តីរំភើបរីករាយ ពេលជួបស្វាគមន៍វត្តមាន​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិកម្មចំពោះ​សកម្មភាព​ក្រុមប្រឆាំង

ពលរដ្ឋខ្មែរ-អូស្ត្រាលី សម្តែងក្តីរំភើបរីករាយ ពេលជួបស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រតិកម្មចំពោះសកម្មភាពក្រុមប្រឆាំង (មានវីដេអូ)




ក្នុងពេលជួបស្វាគមន៍វត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅប្រទេស Australia ប្រទេស New Zealand និងខ្លះទៀត មកពីសហរដ្ឋអាមេរិក ដែលខំស្កាប់មកជួបទទួលស្វាគមន៍វត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្តែងក្តីរីករាយ រំភើប នៅពេលដែលបានឃើញវត្តមានលោកនាយករដ្ឋមន្ត្រី ដោយផ្ទាល់ និងបានទទួលការចាប់ដៃស្វាគមន៍ដោយ ផ្ទាល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលរស់នៅក្រៅប្រទេសយ៉ាងច្រើនកុះករបានបង្ហាញទឹកមុខរីករាយ និងបាន បញ្ចេញចំណាប់អារម្មណ៍រំភើបក្រៃលែង ដោយពួកគាត់ម្នាក់ៗបានបញ្ជាក់បាន ថ្វីត្បិតតែពួកគាត់រស់នៅ ក្រៅប្រទេសមែន ប៉ុន្តែពួកគាត់ស្រលាញ់ប្រទេសកម្ពុជា និងស្រលាញ់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារតែ លោកគឺជាប្រមុខរាជរដ្ឋាភិបាលដែលបានថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជា។
លោក សុខ តុលា រស់នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដែលបានមកទទួលស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា លោកពិតជាមានការសប្បាយរីករាយមែនទែន ដោយឃើញបងប្អូនប្រជាពលរដ្ឋខ្មែរ យើងមកជុំគ្នាទាំងអស់ មកពីគ្រប់តំបន់ គ្រប់ State នៅក្រុងស៊ីដនីផ្ទាល់ មកពី New Zealand មកពី អាមេរិក មានការជួបជុំគ្នាយ៉ាងសប្បាយនៅពេលនេះ។ លោកបន្តថា «ខ្ញុំបានជួបសម្តេចមុននេះបន្តិច សប្បាយចិត្តមែនទែន នេះជាលើកទី១ហើយ ដែលខ្ញុំបានចាប់ដៃសម្តេចផ្ទាល់ យើងជាប្រជាពលរដ្ឋ នៅទីនេះទាំងអស់គ្នា មានការសប្បាយចិត្ត ហើយក៏ជាមោទនភាពរបស់ជាតិយើងដែល សម្តេចបាន អញ្ជើញមកទីនេះ»។ លោក សុខ តុលា បានបញ្ជាក់ថា «យើងស្រលាញ់សន្តិភាព យើងត្រូវការពារ សន្តិភាពឱ្យបាន ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់នៅអូស្ត្រាលី គាំទ្រទាំងស្រុងអ្វីដែលសម្តេចគាត់បាន ការពារប្រទេសយើង ឱ្យមានសុខសន្តិភាព ឱ្យមានការអភិវឌ្ឍន៍ ឱ្យមានកេរ្តិ៍ឈ្មោះគ្រប់តំបន់ ប្រជាជនខ្មែរយើងសប្បាយចិត្ត»។

ជាមួយគ្នានេះ លោក កៅ ស៊ីគឹមហ៊ន មកពី New Zealand បានលើកឡើងថា លោកមកស្វាគមន៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយពេញចិត្ត និងស្ម័គ្រចិត្ត ហើយបានចំណាយថវិកាផ្ទាល់ខ្លួន។ លោកពិតជារំភើប ដែលបាន ឃើញសម្តេចអញ្ជើញមកប្រទេសអូស្ត្រាលី ដែលជាប្រទេសរីកចម្រើន។ លោក កៅ ស៊ីគឹមហ៊ន បានបន្ថែមថា «ដូច្នេះគាត់អាចយកបទពិសោធន៌នេះ ដើម្បីទៅធ្វើការអភិវឌ្ឍន៍ ប្រទេសយើងឱ្យបាន ជឿនលឿន ដូចប្រទេសគេដែរ។ ជាចុងក្រោយ ខ្ញុំសូមផ្តាំផ្ញើដល់បងប្អូនខ្មែរ ឱ្យចេះសាមគ្គីគ្នា កុំប្រឆាំងគ្នា ដើម្បីធ្វើឱ្យប្រទេសខ្មែរមានការរីកចម្រើន អភិវឌ្ឍន៍តទៅមុខទៀត។ ឥឡូវនេះប្រទេសខ្មែរ យើង ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែរីកចម្រើនទៅមុខហើយ មិនដូចក្រុមប្រឆាំងមួយចំនួនដែលថា ប្រទេសខ្មែរយើងជាប្រទេសដែលផ្តាច់ការ តិរច្ឆានទេ ពាក្យនេះលោកមិនអាចទទួលយកបានទេ»។ លោក កៅ ស៊ីគឹមហ៊ន បានបន្តទៀតថា ប្រទេសកម្ពុជានឹងកាន់តែរីកចម្រើនក្នុងពេលខាងមុខនេះ ក្នុងបេសកកម្មរបស់សម្តេចនេះ លោកក៏សូមជូនពរលោកនាយករដ្ឋមន្ត្រី ឱ្យទទួលបានតែក្តីសុខ ដើម្បីបានពាំនាំនូវសមិទ្ធផលថ្មីៗ ទៅកសាងប្រទេសកម្ពុជា។

លោក ង៉ូវ តៅកួន មកពីម៊ែលប៊ន បងស្រី និងបងប្រុស ហង្ស សុជាតិ មកពី Queensland ដែលនៅឈរ ក្នុងចំណោមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងជួបជុំក្នុងកន្លែងស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននោះ បានគូសបញ្ជាក់ថា «ពេលដែលបានឃើញសម្តេចចុះពីឡានភ្លាម ខ្ញុំមានអារម្មណ៍រំភើប។ ខ្ញុំពិតជាមានកិត្តិយស ដែលមានឱកាសបានមកជួបអ្នកដឹកនាំដ៏ពិសេសរបស់កម្ពុជា។ វត្តមានសម្តេចក្នុងកិច្ចប្រជុំនេះ ទៀតសោត ក៏ធ្វើឱ្យខ្ញុំមានអារម្មណ៍កាន់តែរំភើប។ ខ្ញុំស្តាយណាស់ដែលឃើញខ្មែរយើងបាក់បែកគ្នា និងមានចិត្តប្រឆាំងគ្នា។ ខ្ញុំចង់ឱ្យខ្មែររួបរួមគ្នា បញ្ចេញមតិ និងគោរពឆន្ទៈគ្នាទៅវិញទៅមក ដោយកុំប្រើ ការជេរប្រមាថ»។ ខ្ញុំចង់ឃើញមិត្តភាពបែបនេះ រវាងកម្ពុជា និងអូស្តា្រលីបន្តទៀត។ សូមឱ្យខ្មែរយើងនៅ ក្រៅប្រទេសចេះរួបរួមគ្នា ស្រឡាញ់គ្នា។ ខ្ញុំសូមជូនពរសម្តេចឱ្យមានសុខភាពល្អ ដើម្បីបន្តដឹកនាំ ប្រទេស និងប្រជាជន ឱ្យបានលូតលាស់ជាយូរអង្វែងតទៅមុខទៀត»។

ក្រៅពីបង្ហាញចំណាប់អារម្មណ៍រីករាយ និងប្រតិកម្មជុំវិញសកម្មភាពក្រុមប្រឆាំងមួយចំនួននោះ ក៏មានការជូនពរពីបងប្អូនប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស អមដោយបាច់ផ្កាផងដែរ។ ទាំងនេះគឺជាទឹកចិត្ត ស្រលាញ់ពីសំណាក់បងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំតែងតែលះបង់ដើម្បីប្រទេសជាតិ រក្សាសន្តិភាព និងកសាងប្រទេសឱ្យមានការអភិវឌ្ឍន៍។ ផ្ទុយពីក្រុមប្រឆាំង ដែលមានតែការញុះញង់បង្កបញ្ហា និងឱ្យអាប់ឱនដល់កេរ្តិ៍ប្រទេសកម្ពុជា៕

សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា ចេញសេចក្តីថ្លែងការណ៍​ថ្កោលទោស​ទណ្ឌិត​ សម រង្ស៊ី​ ដែលបាន​សន្យាកាត់ដី​៤ខេត្ត​ឲ្យទៅវៀតណាម​

សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា (ស.ស.យ.ក.ក) នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ដី៤ខេត្តឲ្យទៅវៀតណាម ដោយសេចក្តីថ្លែងការណ៍ បានគូសបញ្ជាក់ថា សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា (Y.P.C.W.R.F) សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការ ចំពោះទង្វើក្បត់ជាតិ និងប្រជាពលរដ្ឋខ្មែររបស់ទណ្ឌិត សម រង្ស៊ី ដែលបានប្រព្រឹត្តអំពើល្មើសច្បាប់ម្តងហើយម្តងទៀត ដោយមិនបានគិតពីឧត្តមប្រយោជន៍ជាតិ និងប្រជាពលរដ្ឋកម្ពុជានោះទេ។ ជាក់ស្តែងទង្វើរក្បត់ជាតិនឹងប្រជាពលរដ្ឋមួយទៀតដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដើម្បីបំពេញនូវមហិច្ឆតានយោបាយ និងការចង់បានអំណាចរបស់ខ្លួន គឺការចុះហត្ថលេខារវាងរូបគាត់ សម រង្ស៊ី ជាមួយលោក កុក ស ដែលជាមេចលនាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) វៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលក្នុងនោះ សម រង្ស៊ី បានសន្យាផ្តល់សិទ្ធិស្វ័យភាពនឹងកាត់ទឹកដីចំនួន៤ខេត្ត គឺខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ និងស្ទឹងត្រែង នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាល។

តាមរយៈកិច្ចសម្ភាសន៍ជាមួយភ្នំពេញប៉ុស្តិ៍នាពេលថ្មីៗនេះ ទណ្ឌិត សម រង្ស៊ី បានបន្ថែមទៀតថា ខ្លួនពិតជាបានចុះហត្ថលេខាជាមួយ លោក កុក ស កាលពីឆ្នាំ២០១៣ ពិតប្រាកដ ដែលទង្វើនេះបានធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់ សហភាពសហជីពយុវជនការពារសិទ្ធិកម្មករកម្ពុជា៖


បងប្អូនប្រជាជនខ្មែររស់នៅប្រទេសអូស្ត្រាលី កំពុងបង្ហាញការគាំទ្រយ៉ាងក្លាវក្លាចំពោះវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងស៊ីដនី

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ នាយករដ្ឋមន្ត្រីអូស្ត្រាលីផ្តល់ជំនួយ ៨៧លានដុល្លារអូស្ត្រាលី និងសន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតសម្រាប់អភិវឌ្ឍន៍នៅកម្ពុជា

ក្រោយពីជួបលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី ម៉ាល់ខូម ថើនប៊ុល លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកជួបសាកសួរសុខទុក្ខបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ដែលបានធ្វើដំណើរមកឈររងចាំលើកបដាស្វាគមន៍វត្តមានលោកនាយករដ្ឋមន្ត្រី នៅលើទឹកដីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ដោយលោកបានប្រាប់អ្នកគាំទ្រថា «អំបាញ់មិញជួបជាមួយនាយករដ្ឋមន្ត្រីអូស្រ្តាលី គេផ្តល់ជំនួយឱ្យយើង ៨៧លានដុល្លារអូស្ត្រាលីដើម្បីអភិវឌ្ឍន៍នៅកម្ពុជា»។

ក្រោយពីការថ្លែងប្រាប់ពីសំណាក់លោកនាយករដ្ឋមន្ត្រីផ្ទាល់ ពលរដ្ឋខ្មែរនៅក្រៅប្រទេសមានចិត្តសប្បាយរីករាយ និងរំភើបស្រែកហ៊ោកញ្ជ្រៀវ នៅពេលដែលលឺដំណឹងនេះ។

សូមបញ្ជាក់ផងដែរថា ជំនួយដែលមានទឹកប្រាក់ ៨៧លានដុល្លារអូស្ត្រាលីនេះ គឺសម្រាប់ឆ្នាំ២០១៨នេះផ្ទាល់ បន្ថែមពីលើនេះ អូស្ត្រាលី ក៏សន្យាផ្តល់ជំនួយអភិវឌ្ឍន៍ផ្សេងៗទៀតផងដែរ។

សូមបញ្ជាក់ផងដែរថា កន្លងមកទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់ចោលស្រុកគេចពីសំណាញ់ច្បាប់ និងបាត់បង់សិទ្ធិធ្វើនយោបាយ រួមទាំងកូនជឹងមួយក្តាប់តូចរបស់ខ្លួន តែងតែព្យាយាម ខិតខំ ស្នើឱ្យប្រទេសអូស្ត្រាលីដាក់គំនាបកៀបសង្កត់មកលើប្រទេសកម្ពុជា ក្នុងគោលបំណងបំផ្លាញប្រទេសកម្ពុជា ក្នុងរូបភាពផ្តាច់ជំនួយ ឬឈប់ទិញទំនិញពីប្រទេសកម្ពុជា ។ល។ ប៉ុន្តែផ្ទុយពីការស្រមៃរបស់ពួកប្រឆាំង គឺរដ្ឋាភិបាលអូស្ត្រាលី នៅតែបន្តគាំទ្រ និងផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា៕




រូបភាពនៃការស្វាគមន៍របស់ពលរដ្ឋកម្ពុជាចំពោះវត្តមានរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំអាស៊ាន-អូស្ត្រាលី



















ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បិទ​សន្និបាត​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​ឆ្នាំ២​០១៧ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨

កំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នង​ការ​រងនគរបាល​ជាតិ និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាន​ជំរុញ​អោយ​ថ្នាក់​ដឹក​នាំ​នគរ​បាល​គ្រប់​លំដាប់​ថ្នាក់​សហ​ការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ក្នុង​ការ​បម្រើ​សេវា​តម្រូវ​ការ និង​សេវា​សំណូម​ពរ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ទាន់​ពេល​វេលា​ជា​ពិសេស​ត្រូវ​រក្សា​ការ​ពារ សន្តិសុខ សុវត្តិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​ក្នុង​មូល​ដ្ឋា​​ទ​ទួល​ខុស​ត្រូវ​របស់​ខ្លួន។

នាយឧត្តមសេនីយ៍ និងលោក​អភិបាល​ខេត្ត បាន​ជំរុញ​បែប​នេះ​នៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា​ឆ្នាំ​២០១៨ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាព​ការណ៍ លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ រក្សា​សន្តិសុខ សណ្តាប់ ឆ្នាំ​២០១៧ និង លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ២០១៨ របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​សន្និបាត​សរុប​ចំនួន​ ៥៥៩​នាក់។

នាយឧត្តមសេនីយ៍ និងលោក​អភិបាល​ខេត្ត បាន​ជំរុញ​បន្ត​ទៀត​ថា មន្ត្រី​នគរ​បាល​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​អប់​រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ដោយ​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​គ្រប់​ថ្នាក់ បង្ការ ទប់​ស្កាត់​កុំ​អោយ​កើត​មាន​បទ​ល្មើស​ដូចជា បញ្ហា​គ្រឿង​ញៀន ល្បែង​ស៊ី​សង អំពើ​ចោរ​លួច ចោរ​ឆក់ ចោរ​ប្លន់ អំពើ​ជួញ​ដូរ និងត្រូវ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ជា​ពិសេស​ធ្វើ​យ៉ាង​អោយ​ប្រជា​ពល​រដ្ឋ​យល់ និង​ចូល​រួម​គោ​រព​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ទាំង​អស់​គ្នា។

លោកឧត្តមសេនីយ៍ ឡុច វណ្ណារ៉ា ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង បាន​អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ បទ​ល្មើស​ជា​រួម​មាន​ការ​កើត​ឡើង​ចំនួន​ ៣៨​លើក បង្ក្រាប​បាន​ចំនួន​ ៣៥​លើក ឃាត់​ខ្លួន​ជន​ល្មើស​បាន​ចំនួន​ ៥៤​នាក់។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ចំនួន ​៨៥​លើក បណ្តាល​​អោយ​មនុស្ស​ស្លាប់​ចំនួន ៣៣​នាក់ របួស​ចំនួន ១៧៩​នាក់ ក្នុង​នោះ​ធ្ងន់​ចំនួន ៨០នាក់។

ក្នុង​ពិធីបិទសន្និបាត​បូក​សរុប​ការ​ងារ​នេះ​ ក៏​មាន​ការ​បំពាក់​មេដាយ​ការ​ងារ​ជូន​ដល់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង ប្រគល់ប័ណ្ណ​សរ​សើរ និង​បំពាក់​ឋានន្តរ​សក្តិ​ដល់​មន្រ្តី​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ៕






ការ​បោះ​ឆ្នោត​នៅ​រុស្ស៊ី៖ តើ​ការ​ជ្រើស​រើស​​យកលោក Vladimir Putin ឬ​យក​​​ភាព​ចលា​ចល?

ប្រ​ធា​នា​ធិប​តី Vladimir Putin បាន​ធ្វើឱ្យ​មុខ​មាត់​របស់​គាត់​ប្រ​សើរឡើង​ គឺ​ជា​កម្លាំង​មួយ​ដែលបាន​​ដឹក​នាំ​ប្រ​ទេស​រុស្ស៊ី​តាម​រយៈ​ការ​ដួល​រលំ​នៃ​សហ​ភាព​សូ​វៀត។ នោះ​បាន​ធ្វើ​ឱ្យ​អ្នក​បោះ​ឆ្នោត​ជា​ច្រើន​មាន​ជម្រើស​តិច​តួចនៅ​​ក្នុង​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ។

នៅ​ឯ​​ព្រឹត្តិ​ការ​ណ៍នៃ​ការ​ធ្វើ​​យុទ្ធ​នា​ការ​នា​ពេល​បច្ចុ​ប្បន្ន​នេះនៅឯពហុ​កី​ឡាដ្ឋាន​បាល់​ទាត់​ Luzhniki ក្នុង​ទី​ក្រុង​ម៉ូ​ស្គូ ដែល​មាន​ចំនួន​មនុស្ស​ជា​ច្រើន​បាន​រង់​ចាំ​ទទួល​ភ្ញៀវ​កិត្តិ​យស។ មាន​បដា​យ៉ាង​ច្រើន​ដែល​សរសេរ​ថា «​សម្រាប់​ប្រ​ធា​នា​ធិបតី​ដ៏ខ្លាំង​ក្លា» និង​ «​សម្រាប់​ប្រ​ទេស​រុស្ស៊ីដ៏​រឹង​មាំ»។

ប៉ូ​លិស​បាន​រៀប​ចំឱ្យ​​អ្នក​ចូល​រួម​ចំនួន ​៨០.០០០ នាក់​ និង ​៥០.០០០ នាក់ផ្សេង​ទៀត​​ឱ្យ​រង់​ចាំ​នៅ​ស្លាប​ទាំង​សង​ខាង។ នៅ​កន្លែង​ផ្សេង​ទៀតគឺ​ជាការ​​ធ្វើ​យុទ្ធ​នា​ការ​​ធម្មតា​សម្រាប់​ការ​ដង្ហែរក្បួន​។ ប៉ុន្តែ​នៅ​ឆ្នាំ​២០១៨ នេះ​គឺ​ការ​ប្រ​មូល​ផ្តុំ​ជា​ផ្លូវ​ការ​តែ​មួយ​គត់​របស់​ប្រ​ធា​នា​ធិប​តី​រុស្ស៊ី Vladimir Putin គឺ​​មិន​រាប់​បញ្ចូល​ទាំង​​ការ​ធ្វើ​យុទ្ធ​នា​ការ​ដែលមិន​​បាន​រៀបចំ​ទុកជា​មុន​​នៅ​តំបន់ Crimea ទេ។

សុន្ទរ​កថា​ខ្លី​របស់​គាត់​ទៅ​កាន់​មហា​ជន​ដែល​បាន​ប្រ​មូល​ផ្តុំ​គ្នា​មាន​រយៈ​ពេល ​៦ នាទី។ ហើយ​បន្ទាប់​ពី​ការ​សន្យា​ថា​នឹង​ធា​នា​ឱ្យ​បាន​នូវ​ជ័យ​ជំនះជា​​ថ្មី​នៅ​រុស្ស៊ី​នោះ លោក Putin បាន​ចាក​ចេញ​យ៉ាង​ឆាប់​រហ័ស។ មាន​ប្រ​ជា​ជនរុស្ស៊ី​​រាប់​ពាន់​នាក់បាន​បង្ហាញ​ចំណាប់​អា​រម្មណ៍​តិច​តួច​ចំពោះ​អ្នក​រៀប​ចំ​កម្ម​វិធី​​ប្រមូល​ផ្តុំ​នោះ។ ប្រ​ព័ន្ធផ្សព្ធ​ផ្សាយព័ត៌​មានរបស់​បក្ស​ប្រ​ឆាំង និង​​​អន្តរ​ជាតិ ក្រោយ​មក​បាន​​​រាយការ​ណ៍ថា អ្នក​ចូល​រួម​ជា​ច្រើន​ដែល​មាន​វត្ត​មាន​ទី​នោះ​ត្រូវបាន​​គេ​​ដាក់​សម្ពាធ​ឱ្យ​ចូល​រួម​​។ វា​ហាក់​បី​ដូច​ជា «​ក្រុម​ការ​ងារ​របស់​លោក Putin» មិន​ចង់​ចាក​ចេញពី​ជម្រើសដើម្បី​ទទួល​បាន​ឱកាស​នូវ​​យុទ្ធ​នា​ការ​របស់​ពួក​គេ។

ការ​ជួប​ជុំ​គ្នា​នេះ​គឺ​​គ្រាន់​តែ​​ជា​ផ្នែក​មួយ​នៃ​ការ​ថត​រូប​ដោយ​ប្រុង​ប្រយ័ត្ន​ ដែល​បាន​ក្លាយ​ជាលក្ខណៈ​សម្គាល់​នៃ​​មហា​អំណាច​នយោ​បាយ​របស់​លោក Putin។

ប្រ​ហែល​ជា​គ្មាន​អ្វី​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ទេ​សម្រាប់​អតីត​មន្រ្តី KGB រូប​នេះ លោក Putin គឺ​ជា​មនុស្ស​ម្នាក់​ដែល​ឱ្យ​តម្លៃ​លើ​ភាព​ឯក​ជន​របស់​គាត់​ និង​គ្រប់​គ្រង​យ៉ាង​តឹង​រឹងនូវ​ព័ត៌​មាន​ដែល​ឈាន​ដល់​សាធា​រណ​ជន៕

​ប្រភព៖ DW ចុះថ្ងៃទី១៥ ខែ​​​​​​​មី​នា ឆ្នាំ២០១៨


ការបោះឆ្នោតរបស់រុស្ស៊ីឆ្នាំ ២០១៨៖ អ្នកបោះឆ្នោតប្រឈមទៅនឹងជម្រើស​ដ៏លំ​បាក​មួយ គឺ​ត្រូវជ្រើស​រើស​លោក Vladimir Putin

ប្រធានាធិបតីបានស្វែងរកការបំពេញចិត្តចំពោះអ្នកបោះឆ្នោតនៅទូទាំងប្រទេសរុស្ស៊ី ក៏ប៉ុន្តែ យុទ្ធ​នា​ការឃោសនាបោះ​ឆ្នោត​ដ៏ស្ងា​ប់ស្ងាត់ និងកង្វះគណបក្សប្រឆាំងពិតប្រាកដ បានធ្វើឱ្យភាពពេញចិត្តពេញថ្លើមមិនសូវមានច្រើននោះទេ។

ការឃោសនានៅក្នុងទីក្រុង Krasnoyarsk ខេត្ត Siberia អ្នកសារព័ត៌មានបានឈរយ៉ាងអត់ធ្មត់នៅទីលានវាយកូនឃ្លីលើទឹកកក (ice hockey) នៅឯពហុកីឡាដ្ឋានថ្មីមួយរបស់ទីក្រុង។ ​ពេញមួយថ្ងៃ ពួកគេមានការខកខិត្តចំពោះការពន្យារពេលជាច្រើនម៉ោង ការឆែកឆេរ និងការមិនអនុ​ញ្ញាតឱ្យចូលទៅខាងក្នុង។

​នៅពេលលោកប្រធានាធិបតីលេចមុខ តាមកញ្ចក់ផ្ទះទឹកកកនៅផ្នែកម្ខាង ដោយមានអង្គរក្ស​ បុគ្គ​លិកទូរទស្សន៍រដ្ឋនៅជុំវិញនោះ គាត់បានដើរទៅត្រង់ឆ្ពោះទៅកាន់កន្លែងថតរូប។

​នៅពេលលោក Putin ថតរូបជាមួយក្រុមវាយកូនឃ្លីលើកទឹកកកក្នុងស្រុកមួយក្រុម អ្នកសារព័ត៌មាន​ជាច្រើន បានចាប់ផ្តើមរត់ចូលទៅថតរូប ក៏ប៉ុន្តែ ពួកគេត្រូវបានចាប់ស្ទាក់ដោយមន្រ្តីសន្តិសុខ។

លោក​ Putin មិនដែលជាប់ពាក់ព័ន្ធនឹងនយោបាយប្រកួតប្រជែងអាក្រក់ៗនោះទេ ក៏ប៉ុន្តែ ការឃោសនានេះត្រូវបានរៀបចំដើម្បីមិនឱ្យមានភាពរាំងស្ទះអ្វីទេ។ ការរៀបចំនេះ ត្រូវបានធ្វើឡើងចំពោះតែប្រធានាធិបតីតែម្នាក់ប៉ុណ្ណោះ។ គាត់បានកម្រិតការទាក់ទងរបស់គាត់ជាមួយពិភព​ខាងក្រៅ។ ការលេចមុខជាសាធារណរបស់គាត់គឺកម្រណាស់។ គាត់បានបដិសេធក្នុងការលេចមុខនៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ ហើយគាត់ក៏បដិសេធក្នុងការធ្វើបទសម្ភាស៍ក្នុងស្រុកផងដែរ។

យុទ្ធនាការនេះក៏ត្រូវបានរៀបចំដើម្បីបញ្ជៀសការពិភាក្សាពិតប្រាកដលើគោលនយោបាយ។ សុន្ទរ​កថា ដ៏សំខាន់បំផុតរបស់លោក Putin នៅថ្ងៃទី០១ ខែមីនា បានសន្យាថា នឹងផ្តល់ឱ្យប្រជា​ជនរុស្ស៊ីនូវភាពកក់ក្តៅមួយ។ វានឹងមានប្រាក់បន្ថែមសម្រាប់ម្តាយចិញ្ចឹមកូន សម្រាប់ថែទាំសុខភាព ហើយ GDP នឹងកើនឡើង ដល់ ៥០ ភាគរយក្នុងមួយទសវត្សរ៍។

ក៏ប៉ុន្តែ ដំណើរការនេះហាក់ដូចជា មិនច្បាស់លាស់ ហើយក៏មិនទំនងជាផ្តល់ឱ្យសេដ្ឋកិច្ចជាតិនូវអាត្រាកំណើន ២ ភាគរយដែរ។ ចក្ខុវិស័យតែមួយគាត់ ដែលប្រជាជនរុស្ស៊ីបានទទួលពីសុន្ទរកថា របស់លោក Putin គឺយោធានិយមតែប៉ុណ្ណោះ។

ប្រជាជនរុស្ស៊ីនៅតែមិនទាន់អស់ក្តីស្រឡាញ់ចំពោះលោក Vladimir Putin នៅឡើយ។ នៅ​ពេល​​គាត់​ចូលកាន់តំណែងឆ្នាំ ១៩៩៩ ប្រទេសរុស្ស៊ីត្រូវបានស្តារឡើងវិញចេញពីវិបត្តិសេដ្ឋ​កិច្ច​ដ៏អាក្រក់ ដែលកំពុងស្ថិតក្នុងការចងចាំរបស់ប្រជាជន។ ការស្តារសេដ្ឋកិច្ចនាពេលនោះ គឺដោយ​សារ​ការពង្រីកការផលិត និងនាំចេញប្រេង ដែលកត្តានេះ បានផ្តល់ឱ្យប្រជាជនរុស្ស៊ីនូវប្រាក់​ឈ្នួល និងសេចក្តីថ្លៃថ្នូរមកវិញ។

ក្នុងពេលនោះដែរ លោក Putin បានត្រួតពិនិត្យលើការសឹករិចរិលនៃវិស័យព័ត៌មានឯក​រាជ្យ ដំ​បូង​ទូរទស្សន៍ ហើយក្រោយមកការបោះពុម្ភផ្សាយ និងអ៊ីនធឺរណិត។ លោក Putin បាន​ជំរុញប្រ​ជាជនរបស់គាត់កុំឱ្យពាក់ព័ន្ធទៅនឹងនយោបាយ ហើយផ្តោតលើការងារ និងរកប្រាក់ទៅ។

ក៏ប៉ុន្តែ ពីរទសវត្សរ៍ក្រោយមក បន្ទាប់ពីការជំរុញការមិនអើពើលើរឿងនយោបាយមក លោក Putin បានជួបនូវបញ្ហា។ លោក Putin ត្រូវការឱ្យប្រជាជនរបស់គាត់ស្វែងរកឡើងវិញនូវផលប្រយោជន៍នៅក្នុងនយោបាយ៕

ប្រភព៖ Independent ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨


ខណៈដែលលោក Turnbull ធ្វើជាម្ចាស់ផ្ទះទទួលមេដឹកនាំអាស៊ាន អូស្ត្រាលី​សំ​ឡឹង​មើល​ផ្នែកផ្សេង​ៗ​ទៀត

នៅសប្តាហ៍នេះ នាយករដ្ឋមន្ត្រីអូស្ត្រាលីលោក Malcolm Turnbull នឹងទទួលស្វាគមន៍រាក់ ទាក់មេដឹកនាំទាំង ១០ មកពីអាស៊ាន មកកាន់ទីក្រុងស៊ីដនី សម្រាប់កិច្ចប្រជុំពិសេស ដោយផ្អែកទៅ​លើ​ទំនាក់ទំនងផ្នែកសន្តិសុខ និងធុរកិច្ច។

នេះគឺជាលើកទីមួយដែលអូស្ត្រាលីធ្វើជាម្ចាស់ផ្ទះទទួលអាស៊ាន។ បើតាមការឱ្យនិយមន័យបៀបណាមួយក៏ដោយ នេះគឺជាព្រឹត្តការណ៍ដ៏សំខាន់នៅក្នុងប្រតិទិនការទូតអូស្ត្រាលី ដោយក្នុងនោះស្ថាប័នរបស់នាយករដ្ឋមន្ត្រី និងខុទ្ទកាល័យបានណែនាំរដ្ឋាភិបាលទាំងមូលឱ្យរៀបចំតួនាទីខ្លួនសម្រាប់កិច្ចប្រជុំកំពូលនឹងមកដល់នេះ។

នៅផ្នែកមួយកម្រិតទៀត ការវិនិយោគទាំងពេលវេលា និងការបង្ហាញទាំងក្តីស្វាហាប់ចំពោះការកើនឡើងកាន់តែខ្លាំងនៃអាស៊ីបូព៌ានៅក្នុងនយោបាយការបរទេសអូស្ត្រាលី។

នៅក្នុងបែបសេដ្ឋកិច្ចវិញ វាគឺជាទីផ្សារដ៏ធំដែលមានប្រជាជនជាង ៦០០ លាននាក់ បើទោះបីជាមានចំនួនស្មើទៅនឹង ១៥ ភាគរយនៃពាណិជ្ជកម្មអូស្ត្រាលីក៏ដោយ។

នៅក្នុងន័យសន្តិសុខវិញ អាស៊ីបូព៌ាបានចាត់ទុកអូស្ត្រាលីថា ជាផ្លូវពាណិជ្ជកម្មដ៏សំខាន់បំផុត និងជាយុទ្ធសាស្ត្រប៉ែកខាងជើង​របស់ខ្លួន ដែលប្រទេសនេះស្ថិតនៅក្នុងស្ថានភាព​ជា​ការ​ប្រ​កួត​ប្រ​ជែងបែប​យុទ្ធ​សា​ស្ត្រ​នៅ​ក្នុង​ឥណ្ឌូ​ប៉ា​ស៊ីហ្វិក នេះ​បើ​យោង​ទៅ​តាម​សៀវភៅសស្តីពីនយោ​បាយ​ការ​បរ​ទេស​ឆ្នាំ២០១៧។

នេះក៏ដោយសារតែបញ្ហាមួយចំនួនដូចជាសមុទ្រចិនខាងត្បូង ដែលចិនបានដើរតួនាទីប្រកប ដោយជោគជ័យទៅលើការបែកបាក់ផ្ទៃក្នុងអាស៊ាន។

ជាលទ្ធផល អូស្ត្រាលីកាន់តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងផ្នែកការទូតបន្ថែមទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលត្រូវបានគេផ្តោតជាទ្វេភាគី និងបញ្ចូលនៅក្នុងក្រុមថ្មីៗទៀត ដូចជាទំនាក់ទំនង​ទ្វេភាគីមានអូស្ត្រាលី-ឥណ្ឌា-ជប៉ុន-អាមេរិក ដែលមានប្រសិទ្ធិភាពជាងអាស៊ានទៅទៀត។

អូស្ត្រាលីនៅតែមើលឃើញមជ្ឈភាពរបស់អាស៊ានថា ជាចំណុចស្នូលចំពោះការទូតរបស់ខ្លួនសម្រាប់ ១០ ប្រទេសនេះ នៅក្នុងទ្រង់ទ្រាយកាន់តែធំនៅក្នុងតំបន់ ដោយសារតែអំណាចរបស់ខ្លួន​ទៅលើរដ្ឋមន្ត្រីការបរទេសអាស៊ានដែលមានសមាជិក ១៨ រូប និងកិច្ចប្រជុំកំពូលអាស៊ី បូព៌ា។

ការរក្សាការបើកចំហ និងការបង្កើតឱ្យមានការចូលរួមពីបណ្តាភាគីជាច្រើននៅតែជាគោលការណ៍រៀបចំដ៏សំខាន់សម្រាប់សន្តិសុខ និងវិបុលភាពរបស់អូស្ត្រាលី។ អូស្ត្រាលីមិនចង់ឃើញមានក្រុមណាមួយដែលមិនត្រូវគេរាប់បញ្ចូល ដែលនាំឱ្យមានជម្រើសរវាងសន្តិសុខ និងវិបុលភាពនោះទេ ហើយក៏មិនចង់ឱ្យមានជម្រើសរវាងចិន និងអាមេរិកនោះដែរ។

សមាជិកអាស៊ានទាំង ១០ ប្រទេសនេះខ្វះកម្លាំងសម្រាប់ការចរចារួម ពីព្រោះសមាជិករបស់ខ្លួនបដិសេធចំពោះការសម្របសម្រួលផ្នែកផលប្រយោជន៍ជាតិ ឬមួយក៏ការដាក់ឱនក្បាលនៅអធិប​តេយ្យភាពរបស់ខ្លួន នេះគឺជាចំណុចមួយដែលប្រជាជាតិនៅអាស៊ីអាគ្នេយ៍នឹងអាចនិយាយទទួលស្គាល់ការពិតបានតែក្នុងន័យឯកជនប៉ុណ្ណោះ។

អូស្ត្រាលីដឹងថា ខ្លួនត្រូវការសម្រួលកាន់តែខ្លាំងឡើងសម្រាប់អាស៊ីអាគ្នេយ៍ ដែលជាបញ្ហាស្តីពីការ​ប្តេជ្ញាចិត្តរបស់អាមេរិកសម្រាប់តំបន់នេះ និងសេដ្ឋកិច្ចដ៏សម្បើមរបស់ចិន ដែលជាអ្នកបំពេញការខ្វះ​ខាតដែលនៅសល់។ នេះគឺជាការបង្ហាញដ៏ច្បាស់លាស់ដែលបានរំលេចឡើងនៅក្នុងសៀវ​ភៅ​ស​នៅឆ្នាំ២០១៧ ដែលអូស្ត្រាលីបាននិយាយសង្កត់ធ្ងន់ទៅលើទំនាក់ទំនងទ្វេភាគីរបស់ខ្លួននៅអា​ស៊ី​អាគ្នេយ៍ថា ជាអាទិភាពដ៏ខ្ពស់ដោយមានការចូលរួមពីអាស៊ានផងដែរ។

តំបន់អាស៊ាននៅតែមានប្រជាប្រិយភាពសម្រាប់នយោបាយអូស្ត្រាលី ដែលក្តីសង្ឃឹមនៅតែមានថា ថ្ងៃណាមួយអូស្ត្រាលីនឹងចូលរួមជាមួយអាស៊ាន។

អូស្ត្រាលីក៏ចង់បង្កើនទំនាក់ទំនងឱ្យកាន់តែប្រសើរឡើងជាមួយបណ្តាប្រទេសដូចជាប្រទេស វៀតណាម និងសិង្ហបុរី។

រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ជាច្រើន ថ្មីៗនេះត្រូវបានអញ្ជើញទៅកាន់ទីក្រុង Perth របស់អូស្ត្រាលី សម្រាប់កិច្ចពិភាក្សារៀបចំផ្តោតទៅលើប្រឆាំងភេរវកម្មការ គំរាមហូរចូលមកកាន់តំបន់នេះ នៅពេលដែលពួកជីហាតចាកចេញពីអ៊ីរ៉ាក់ និងស៊ីរី៕

ប្រភព៖ TODAY online ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨


ថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ប្រកាសថ្កោលទោសទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី កាត់ដីឲ្យជនជាតិភាគតិចវៀតណាម

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានសម្តែងការខឹងសម្បា និងថ្កោលទោសដាច់អហង្កាចំពោះទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលបានលួចចុះកិច្ចព្រមព្រៀងជាមួយលោក Kok Ksor (កុក ស) មេដឹកនាំជនជាតិភាគតិចវៀតណាម Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) កាត់ដីចំនួន៤ខេត្ត ទៅឲ្យភាគីវៀតណាម ពេលបក្សខ្លួនឈ្នះឆ្នោតនោះ។

ថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋខេត្តស្ទឹងត្រែង បានស្នើឲ្យតុលាការកម្ពុជាផ្តន្ទាទោសទណ្ឌិត សម រង្ស៊ី ឲ្យបានម៉ឺងម៉ាត់ទៅតាមច្បាប់។
រដ្ឋបាលខេត្តស្ទឹងត្រែង បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាជាមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋនៃខេត្តស្ទឹងត្រែង សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការ ចំពោះទង្វើក្បត់ជាតិ និងប្រជាជនខ្មែរ របស់ទណ្ឌិត សម រង្ស៊ី ដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយ។ យើងខ្ញុំទាំងអស់គ្នាចាត់ទុកនូវទង្វើរបស់ទណ្ឌិត សម រង្ស៊ី នេះជាអំពើល្មើសច្បាប់ យ៉ាងកម្រោលដែលជាការជាន់ឈ្លីនូវឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា»។

ក្នុងញត្តិបន្តថា «យើងខ្ញុំទាំងអស់គ្នា សូមប្រឆាំងដាច់ខាត និងធ្វើការផ្កោលទោសយ៉ាងដាច់អហង្គការនូវទង្វើក្បត់ជាតិ ដែលមិនអាចអត់ឱនឲ្យបាន និងសូមគាំទ្រទាំងស្រុង ចំពោះចំណាត់ការតាមផ្លូវច្បាប់ដើម្បីធ្វើការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ ចំពោះទណ្ឌិត សម រង្ស៊ី ដោយគ្មានការលើកលែងចំពោះទង្វើក្បត់ជាតិនេះ»។

លោក សម រង្ស៊ី កាលពីឆ្នាំ២០១៣ បានធ្វើកិច្ចព្រមព្រៀងបែងចែកទឹកដីចំនួន៤ខេត្តទៅលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) នៅពេលដែលរូបលោកឈ្នះឆ្នោតដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។
កិច្ចព្រមព្រៀងដែលកំពុងធ្វើឲ្យមហាជនខ្មែរថ្កោលយ៉ាងខ្លាំងក្លា ចំពោះទណ្ឌិត សម រង្ស៊ី ត្រូវបានបណ្តាញទំនាក់ទំនង Facebook របស់អតីតសកម្មជនគណបក្សសង្រ្គោះជាតិ «Rithy Erng» ទម្លាយនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨។ ក្នុងវីដេអូនៃជំនួបធ្វើកិច្ចព្រមព្រៀងនេះ លោក សម រង្ស៊ី បានបញ្ជាក់យ៉ាងច្បាស់ថា នៅពេលគណបក្សសង្គ្រោះជាតិ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា លោកនឹងកាត់ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ក្រចេះ ឲ្យវៀតណាមជនជាតិភាគតិច Degar ដើម្បីឲ្យពួកគេគ្រប់គ្រងខេត្តទាំងបួននោះ ដោយស្វ័យភាព៕


ការបោះឆ្នោតរុស្ស៊ី៖ តើជនជាតិរុស្ស៊ីវ័យក្មេងគិតអ្វីទៅលើលោក Putin?

លោក Nikita Pavlov ខ្វះប្រាំមួយថ្ងៃទៀតបានមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធា​នាធិបតីរបស់ប្រទេសរុស្ស៊ីនៅថ្ងៃទី ១៨ ខែមីនា។

គាត់និយាយថា «វាគ្មានបញ្ហាទេ ខ្ញុំនឹងមិនបោះឆ្នោតនោះទេ»។ «នេះគឺជាការបោះឆ្នោតដែលគ្មានជម្រើស»។

លោក Nikita រស់នៅ Nizhny Novgorod ដែលជាទីក្រុងមួយនៃប្រទេសរុស្ស៊ីដែលមានប្រជា​ជន​រស់នៅចំនួនមួយលាននាក់។

គាត់ចង់ទៅរៀននៅទីក្រុងម៉ូស្គូ ហើយក្នុងរយៈពេលពីរបីខែគាត់នឹងដឹងថា តើគាត់មានសមត្ថភាពគ្រប់គ្រាន់ឬយ៉ាងណា។

គាត់និយាយថា «មិនមានសង្ឃឹមសម្រាប់ខ្ញុំទេនៅទីនេះ»។

ការងារនៅការិយាល័យមួយដែលមានប្រាក់ខែ ៥០,០០០ roubles (៦៣៣ ផោន ៨៨០ ដុល្លារ) ក្នុងមួយខែ គឺល្អបំផុតដែលខ្ញុំអាចសង្ឃឹមក្នុងទីក្រុងនេះ។

ក្រោយពីបានបញ្ចប់ការសិក្សារួច ជនជាតិរុស្ស៊ីវ័យក្មេងជាច្រើននាក់បានធ្វើដំណើរទៅទីក្រុងម៉ូស្គូ ឬ St Peterburg។ នោះហើយជាកន្លែងដែលមានការងារ និងថវិកា។

ក្តីសុបិន្តរបស់លោក Nikita គឺក្លាយខ្លួនទៅជាអ្នកធ្វើឱ្យគេសប្បាយក្នុងកម្មវិធី។ គាត់​ចង់ក្លាយទៅជាពិធីករនិយាយនៅពេលយប់ជ្រៅតាមទូរទស្សន៍ ដូចជា Ivan Urgant ។

គាត់និយាយថា «ប៉ុន្តែអ្នកមិនអាចនិយាយដោយសេរីតាមទូរទស្សន៍ទេ»។

លោក Nikita បាននិយាយថា «យើងរស់នៅក្នុងរដ្ឋមិនទាន់សម័យនៅប្រទេស​រុស្ស៊ី​»។ «ប្រសិន​បើខ្ញុំសម្លឹងមើលតួនាទីដ៏ល្អមួយ បន្ទាប់ពីបញ្ចប់ការសិក្សានោះ ប៉ុស្តិ៍ល្អ​ៗ​ទាំងនោះនឹងត្រូវគ្រប់គ្រងដោយកូនៗដែលមានខ្សែស្រឡាយធ្វើការ»។

គំនិតនៃការធ្វើពហិការការបោះឆ្នោតដោយសារតែ «គ្មានជម្រើស» គឺរបស់ Alexei Navalny ។

មេដឹកនាំគណបក្សប្រឆាំងត្រូវបានរារាំងមិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ដោយ សារតែការកាត់ទោសអំពើពុករលួយ ដែលគាត់និយាយថា មានហេតុផលនយោបាយ។

«លោក Putin មិនដែលធ្វើអ្វីខុសចំពោះខ្ញុំទេ»

ការបោះឆ្នោតពីមួយពេលទៅមួយពេល កាន់តែមានអ្នកចូលរួមបោះឆ្នោតតិចទៅ​ៗ​។ មានអ្នកបោះឆ្នោតជាច្រើនចង់រស់នៅដោយសេរី ដោយមិនសង្ឃឹមលើអ្នកនយោបាយ។

លោក Ivan Sourvillo និយាយជាមួយនឹងការច្រាន​ចោលថា «ខ្ញុំរស់នៅមិនអីទេ ជាមួយ​របបបែបរាជានិយម ខ្ញុំគិតថា លោក Stalin មិនអីទេ ក៏ប៉ុន្តែខ្ញុំអាចរស់នៅជាមួយរដ្ឋា​ភិបាល​ណាមួយ ដែលមិនប៉ះពាល់មកលើខ្ញុំដោយផ្ទាល់»។

លោក Ivan អាយុ ១៨ ឆ្នាំ ដែលជោគជ័យក្នុងការផ្សព្វផ្សាយតាម blog ដែលមានអតិថិ​ជន ២០០០០​នាក់​ទិញការធ្វើបឋកថារបស់គាត់ និងការសរសេរអំពីការធ្វើដំណើររបស់គាត់នៅ​តាម blog។ ជាមួយនឹងអ្នកគាំទ្រ blog ប្រហែល ២០,០០០ នាក់គាត់អាចរកប្រាក់បានប្រហែល ១៥០ ដុល្លារក្នុងមួយខែ។

លោក Ivan រស់ដោយសារ Arbat ដែលជាផ្នែកមួយនៃទីក្រុងម៉ូស្គូដ៏រុងរឿងដែល​ពោរ​ពេញ​ទៅដោយហាងលក់វត្ថុអនុស្សាវរីយ៍ និងវិចិត្រករកំពុងរង់ចាំភ្ញៀវទេសចរ។

ខ្ញុំសួរថា «តើនេះជាកន្លែងដែលអ្នកធ្លាប់រត់នៅពេលអ្នកនៅក្មេងឬ?»

គាត់ឆ្លើយដោយស្មោះត្រង់ថា «ខ្ញុំមិនបានរត់ជុំវិញនេះទេ ខ្ញុំអានសៀវភៅ»។

Ivan កើតនៅឆ្នាំ ១៩៩៩ មិនយូរប៉ុន្មាន មុនពេលលោក Vladimir Putin ឡើងកាន់អំណាច។ គាត់អាចបោះឆ្នោតឱ្យប្រធានាធិបតី ប៉ុន្តែគាត់មិនទាន់បានសម្រេចចិត្តថា តើគាត់នឹងទៅដែរឬទេ។

គាត់បាននិយាយថា «លោក Putin មិនដែលធ្វើអ្វីខុសចំពោះខ្ញុំទេ គាត់ធ្វើរឿងត្រឹមត្រូវជាច្រើន» ។

គាត់បាននិយាយថា លោក Putin គ្រាន់បើជាងលោក Trump ក៏ប៉ុន្តែមនុស្សដ​ដែល​ៗ​នេះ​មិនគួរគ្រប់គ្រងអំណាចជារៀងរហូតនោះទេ។

បើសិនជាលោក Putin មិនដឹកនាំនោះទេ តើអ្នកណាជាអ្នកធ្វើ?

កញ្ញា Alya Bazarova និយាយអំពីប្រទេសរុស្ស៊ីក្នុងទសវត្សរ៍ទី ៩០ មុនពេលដែលនាងកើត​មក​ថា «អ្នកអាចដើរនៅតាមផ្លូវ ហើយមានគេមកលួចកន្រ្តករុញតាមផ្លូវ​ពី​ដៃ​របស់អ្នក»។

គាត់បាននិយាយថា ជាការអនុវត្តជាក់ស្តែង «លោក Putin ជាអ្នកស្តារប្រទេសឡើង​វិញ ហើយ​បើ​ប្រៀបធៀបទៅនឹងអតីតប្រធានាធិបតី Boris Yeltsin គាត់គឺជាអ្នកកែទម្រង់»។

កញ្ញា Alya អាយុ ១៨ ឆ្នាំគឺនៅឆ្នាំដំបូងរបស់នាងនៅសកលវិទ្យាល័យម៉ូស្គូ។ នាងបាន​ហៅ​​ខ្លួនឯងថា ជាក្មេងស្រីរស់នៅខេត្តម្នាក់  កាលពីបីឆ្នាំមុនគ្រួសាររបស់នាងបានផ្លាស់ទៅ​ទី​​ក្រុង​ម៉ូស្គូពីទីក្រុង Kursk ដែលជាទីក្រុងមួយមានប្រជាជនតិចជាង ៥០០,០០០ នាក់៕

​ប្រភព៖ BBC ចុះថ្ងៃទី១៥ ខែមីនា​ ឆ្នាំ២០១៨



សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ចេញញត្តិថ្កោល​ទោស ទណ្ឌិត សម រង្ស៊ី ​ដែលបំពាន​លើអធិបតេយ្យភាព​នៃប្រទេសកម្ពុជា​

សហភាពសហជីពសុភមង្គលកម្មករកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានចេញញត្តិថ្កោលទោស ទណ្ឌិត សម រង្ស៊ី ដែលបំពានលើអធិបតេយ្យភាពនៃប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំ សហភាពសហជីពសុភមង្គលកម្មករកម្ពុជា តំណាងឲ្យបងប្អូនកម្មករ-និយោជិតទូទាំងប្រទេសកម្ពុជា និងប្រជាពលរដ្ឋគ្រប់រូប សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្គការ ចំពោះទង្វើក្បត់ជាតិ ក្បត់បងប្អូនកម្មករ និងប្រជាពលរដ្ឋខែ្មរថ្មីមួយទៀត របស់ទណ្ឌិត សម រង្ស៊ី ដោយមិនបានខ្វល់ពីសុខទុក្ខរបស់បងប្អូនកម្មករ-និយោជិត ជាពិសេសបងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅខេត្តទាំង៤ រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តនូវទង្វើល្មើសច្បាប់ម្តងហើយម្តងទៀត។

ញត្តិថ្កោលទោសបានបន្តទៀតថា ដោយមើលឃើញទង្វើល្មើសច្បាប់ថ្មីមួយទៀត តាមរយៈខ្សែវីដេអូ កិច្ចព្រមព្រៀងរវាងទណ្ឌិត សម រង្ស៊ី និងឈ្មោះ កុក ស ជាជនជាតិវៀតណាម កើតនៅថ្ងៃទី២៦ ខែកុម្ភៈ ១៩៤៤ នៅភូមិភាគកណ្តាល នៃប្រទេសវៀតណាម ក្នុងខេត្តយ៉ាឡាយ (Gia Lay) ហើយក៏ជាមេដឹកនាំចលនាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) បានចុះហត្ថលេខា កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលក្នុងនោះទណ្ឌិត សម រង្ស៊ី បានសន្យាផ្តល់សិទ្ធិស្វ័យភាព និងកាត់ទឹកដីខេត្តចំនួន៤ខាងលើ ទៅឲ្យមេចលនាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) វៀតណាម ដោយសន្យាប្រគល់ឲ្យនៅពេលបក្សសង្គ្រោះជាតិឈ្នះឆ្នោត ដឹកនាំរាជរដ្ឋាភិបាល។

សូមអានញត្តិថ្កោលទោសរបស់សហភាពសហជីពសុភមង្គលកម្មករកម្ពុជា ទាំងស្រុងខាងក្រោម៖


កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសថ្កោលទោសដាច់អហង្ការចំពោះទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី និងគាំទ្រទាំងស្រុងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការ ចំពោះទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី ដែលមានខ្លឹមសារដូចខាងក្រោម៖

១-កងរាជអាវុធហត្ថ ធ្វើការថ្កោលទោសដាច់អហង្ការចំពោះទង្វើថោកទាប ក្បត់ជាតិ ក្បត់ប្រជាជនរបស់ទណ្ឌិត សម រង្ស៊ី ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកាត់ទឹកដីខ្មែរចំនួន ៤ខេត្ត ឱ្យទៅបរទេស។
២-កងរាជអាវុធហត្ថគាំទ្រទាំងស្រុង ចំពោះចំណាត់ការនីតិវិធីរបស់រាជរដ្ឋាភិបាល ទៅលើជនក្បត់ជាតិ សម រង្ស៊ី។
៣-កងរាជអាវុធហត្ថ ត្រៀមខ្លួនធ្វើពលិកម្មដោយទឹកចិត្តអង់អាចក្លាហាន ដើម្បីការពាររដ្ឋធម្មនុញ្ញ ការពារទឹកដី ប្រជាជន និងសន្តិភាព ក្រោមការដឹកនាំ របស់រាជរដ្ឋាភិបាលស្របច្បាប់ ដែលមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ៕


រដ្ឋបាលខេត្តឧត្តរមានជ័យ ចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានសន្យាកាត់ដី៤ខេត្តឲ្យទៅវៀតណាម

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញញត្តិប្រកាសថ្កោលទោសខ្លាំងៗបំផុត ចំពោះទង្វើក្បត់ជាតិ សម រង្ស៊ី ដែលបានលួចទៅចុះកិច្ចព្រមព្រៀមជាមួយលោក Kok Ksor (កុក ស) មេដឹកនាំវៀតណាម ជនជាតិភាគតិច Degar (ដេកា) ឬម៉ុងតាញ៉ា (វៀតណាមសេរី) ដោយបានយល់ព្រមកាត់ខេត្តចំនួន៤ ទៅឲ្យភាគីវៀតណាម (ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងក្រចេះ) ទៅឱ្យជនជាតិភាគតិច Degar ឬម៉ុងតាញ៉ា (វៀតណាតសេរី) គ្រប់គ្រងដោយស្វ័យភាពប្រសិនបើទណ្ឌិត សម រង្ស៊ី ឈ្នះឆ្នោត ឡើងកាន់អំណាចដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

សូមអានញតិរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដូចតទៅ៖


ក្រសួងបរិស្ថាន ចេញញត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែលបានចុះកិច្ចព្រមព្រៀង កាត់ខេត្តខ្មែរចំនួន៤ ឱ្យទៅវៀតណាមសេរីតំណាងដោយឈ្មោះ កុក ស

ក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ បានចេញញតិ្តថ្កោលទោស យ៉ាងដាច់អហង្កការ ចំពោះទង្វើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី ដែលធ្វើដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយបក្ខពួករបស់ខ្លួន។ ជាពិសេសបុគ្គលរូបនះ បានប្រព្រឹត្តនូវទង្វើល្មើសច្បាប់ជាច្រើន លើកច្រើនសារ ដោយមិនបានគិតអំពីឧត្តមប្រយោជន៍ជាតិឡើយ។

ទង្វើក្បត់ជាតិ និងក្បត់ប្រជាជនថ្មីមួយទៀត ដែលទណ្ឌិត សម រង្ស៊ី បានប្រព្រឹត្តដើម្បីបំពេញនូវ មហិច្ឆតានយោបាយរបស់ខ្លួន គឺការចុះហត្ថលេខាជាមួយលោក កុក ស ដែលជាមេចលនាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) វៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលក្នុងនោះទណ្ឌិត សម រង្ស៊ី បានសន្យាផ្តល់សិទ្ធិស្វ័យភាព និងកាត់ទឹកដីខេត្តចំនួន៤រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ឲ្យទៅមេចលនាជនជាតិដើមភាគតិច Degar (ម៉ុងតាញ៉ា) វៀតណាម នៅពេលបក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាល។

តាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍ នៅពេលថ្មីៗនេះ ទណ្ឌិត សម រង្សី បានសារភាពថា ពិតជាបានចុះហត្ថលេខាជាមួយ លោក កុក ស កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន ដែលទង្វើនេះ បានធ្វើឱ្យមានការព្រួយបារម្មណ៍យ៉ាងខ្លាំង អំពីផលប៉ះពាល់ជាវិជ្ជមាន នៃបូរណភាពទឹកដី និង អធិបតេយ្យរបស់ប្រទេសកម្ពុជា បើសិនជាទណ្ឌិត សម រង្ស៊ី មានឱកាសដឹកនាំប្រទេសកម្ពុជានៅពេលណាមួយ ។

ក្រសួងបរិស្ថាន បានបញ្ជាក់ថា សូមប្រឆាំងដាច់ខាតចំពោះអំពើក្បត់ជាតិ របស់ទណ្ឌិត សម រង្ស៊ី និងសូមអំពាវនាវដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ឋ និងស្ថាប័នតុលាការចាត់វិធានការលើទណ្ឌិត សម រង្ស៊ី ទៅតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ៕


(សូមទស្សនាវីដេអូ) សាលាដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​ បាន​ទទួលពាក្យ​បណ្តឺង​របស់អគ្គស្នងការដ្ឋាននគរបាលជាតិរួចហើយ ដែលប្តឹងទណ្ឌិត សម រង្ស៉ី ពីបទ«ក្បត់ជាតិ»

សភាសម្ព័ន្ឋសហជីពជាតិកម្ពុជា ចេញ​ញាត្តិថ្កោលទោសទណ្ឌិត សម រង្ស៊ី​ ដែលបានសន្យាកាត់ដី៤ខេត្តឲ្យទៅវៀតណាម

នៅថ្ងៃព្រហស្បតិ៍​ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែ​មីនា​ ឆ្នាំ​២០១៨​នេះ​ សមាជិកសមាជិកាក្រុមប្រឹក្សាភិបាល និងសមាជិកសមាជិកា នៃសភាសម្ព័ន្ឋសហជីព​ជាតិកម្ពុជាទាំងអស់ចំនួន ៣៩២០១៨ នាក់ សូមថ្កោលទោសយ៉ាង​ដាច់​អហង្ក​ការ ចំពោះទង្វើ​ក្បត់​ជាតិរបស់ទណ្ឌិត សម រង្ស៊ី ដែលធ្វើដើម្បីតែផលប្រយោជន៍ និងអំណាចនយោបាយ​បក្ស​ពួករបស់ខ្លួន​។ ជាពិសេសបុគ្គលរូបនះ បាន​ប្រព្រឹត្ត​នូវទង្វើល្មើសច្បាប់ជាច្រើនលើកច្រើនសារ ដោយ​មិនបា​ន​គិត​អំពីឧត្តមប្រយោជន៍ជាតិឡើយ។

ទង្វើក្បត់ជាតិ និងក្បត់ប្រជាជនថ្មីមួយទៀតដែលទណ្ឌិត សម រង្ស៊ីបានប្រព្រឹត្តដើម្បីបំពេញនូវ មហិច្ឆតានយោបាយរបស់ខ្លួន គឺការចុះហត្ថលេខាជាមួយលោក កុក សរ ដែលជាមេចលនា​ជនជាតិ​ដើម​ភាគតិច Degar (ម៉ុងតាញ៉ា)វៀតណាម កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៣ ដែលក្នុងនោះទណ្ឌិតសម រង្ស៊ី បានសន្យាផ្តល់សិទ្ធិស្វ័យភាព និងកាត់ទឹកដីខេត្តចំនួន៤រួមមាន៖ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្ត​ក្រចេះ និងខេត្តស្ទឹងត្រែង ឲ្យទៅមេចលនាជនជាតិដើមភាគតិច Degar(ម៉ុងតាញ៉ា)វៀតណាម នៅពេល​បក្សសង្គ្រោះជាតិដឹកនាំរាជរដ្ឋាភិបាល។

យោងតាមរយៈកិច្ចសម្ភាសន៍ជាមួយកាសែតភ្នំពេញប៉ុស្តិ៍នៅពេលថ្មីៗនេះ ទណ្ឌិត សម រង្សី បាន​សារ​ភាពថា ពិតជាបានចុះហត្ថលេខាជាមួយ លោក កុក សរ កាលពីឆ្នាំ២០១៣ ពិតប្រាកដមែន ដែល​ទង្វើនេះ បានធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមានការព្រួយបារម្មណ៏យ៉ាងខ្លាំង អំពីផលប៉ះពាល់ជាវិជ្ជមាននៃ​បូរណ​ភាព​ទឹកដី និង អធិបតីភាពរបស់ប្រទេសកម្ពុជាបើសិន​ជាទណ្ឌិត សម រង្ស៊ី មានឱកាសដឹកនាំ​ប្រទេសកម្ពុជា​នៅ​ពេលណាមួយ ។

ជាសមាជិកសមាជិកា សភាសម្ព័ន្ឋសហជីពជាតិកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតថា​ មិនអាចទទួលយកបាននូវបទល្មើសដ៏ធ្ងន់ធ្ងរនេះនិងសូមធ្វើការថ្កោលលទោសយ៉ាងដាច់អហង្គការ ចំ​ពោះ​​​ទង្វើក្បត់ជាតិរបស់ទណ្ឌិត សម រង្ស៊ី និងសូមអំពាវនាវដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ឋ និងស្ថាប័នតុលាការ​ចាត់វិធានការទណ្ឌិត សម រង្ស៊ី ទៅតាមផ្លូវច្បាប់ឲ្យបានធ្ងន់ធ្ងរបំផុត ៕


ពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមប្រចាំឆ្នាំ ២០១៧ និងដាក់ចេញទិសដៅការងារឆ្នាំ ២០១៨

សៀមរាប​៖នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៨ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត តំណាងលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមប្រចាំឆ្នាំ ២០១៧ និងដាក់ចេញទិសដៅការងារឆ្នាំ ២០១៨​ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

ពិធីនេះមានការអញ្ជើញជាអធិបតីភាព នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ តំណាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ។

ក្នុងពិធីបិទសន្និបាតបូកសរុបការងារនេះ​ ក៏មានការបំពាក់មេដាយការងារជូនដល់មន្ត្រីរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលមានស្នាដៃឆ្នើមក្នុងការបំពេញការងារកន្លងមក៕







ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឲ្យដំណើរការសា​កល្បងក្នុងការផ្តល់​វិញ្ញាបនបត្រ​​បញ្ជាក់ប្រភពដើមទំនិញទម្រង់ឌី (D) សម្រាប់នាំចេញកសិផល

នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឲ្យដំណើរការសាកល្បងក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញទម្រង់ ឌី (D) សម្រាប់នាំចេញកសិផល ទៅឲ្យមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ ចាប់ពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៨។

សូមអានសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម នៅខាងក្រោមដូចតទៅ៖


លោក​នាយក​រដ្ឋ​មន្រ្តី បានអញ្ជើញទៅដល់ប្រទេសអូស្ត្រាលីដោយសុវត្ថិភាព អម​ដោយ​ការ​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​ពី​មន្ត្រី​កម្ពុជា និង​អូស្ត្រាលី រួម​ទាំង​ប្រជា​ពល​រដ្ឋ​ខ្មែរ-អូស្ត្រាលី​យ៉ាង​ច្រើន​កុះ​ករ

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញ​ទៅ​ដល់​សណ្ឋាគារ​ស្នាក់​នៅ​ក្នុង​ទីក្រុង ស៊ីដនី (Sydney, Australia) ដោយ​សុវត្ថិភាព​ហើយ ដើម្បី​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​ អាស៊ាន-អូស្រ្តាលី ចាប់​ពីថ្ងៃទី ១៦-១៨ ខែ​មីនា ឆ្នាំ​២០១៨។

ក្នុង​ពេល​អញ្ជើញ​មក​ដល់​ព្រលាន​យន្ត​ហោះ​ទី​ក្រុង​ស៊ីដនី គឺ​មាន​មន្រ្តី​នៃ​រដ្ឋា​ភិបាល​អូស្រ្តាលី និង​មន្រ្តី​ស្ថាន​ទូត​ខ្មែរ​ជា​ច្រើន​នាក់ ទៅ​ទទួល​ស្វាគមន៍លោក​នាយករដ្ឋមន្រ្តី​ ជាប្រមុខដឹកនាំ។ នៅ​ឯ​សណ្ឋាគារវិញក៏មានបងប្អូនខ្មែរមកពីប្រទេស New Zealand និង Australia ជា​ច្រើន​នាក់​បាន​មកទទួលស្វាគមន៍ លោក​នាយករដ្ឋមន្រ្តី ប្រ​កប​ដោយ​ការគោរពស្រឡាញ់ និង​នឹក​រលឹក​ដ៏ជ្រាលជ្រៅបំផុត។

តាមការគ្រោងទុកនៅរសៀលនេះ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបប្រជុំទ្វេភាគីជា​មួយ លោក Malcolm Turnbull នាយករដ្ឋមន្រ្តីអូស្រា្តលី នៅមជ្ឈមណ្ឌលសន្និសីទអន្តរ​ជាតិ ហើយបន្ទាប់មក លោក​នឹងអញ្ជើញជួបប្រជុំជាមួយ លោក Jeremy Johnson ប្រធាន​សភាពាណិជ្ជកម្ម និងឧស្សាហកម្មអូស្រ្តាលីផងដែរ។

នៅចុងបញ្ចប់នៃកម្មវិធីល្ងាចថ្ងៃនេះគឺ លោកនាយករដ្ឋមន្រ្តី នឹងអញ្ជើញជួបសំណេះ​សំ​ណាល​ដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ Australia និងបងប្អូនមកពីប្រទេស New Zealand ប្រមាណ៨០០ នាក់។

គួររំលឹកថា លោកនាយករដ្ឋមន្រ្តី​បានចេញដំណើរពីប្រទេសកម្ពុជានៅល្ងាចថ្ងៃទី១៥មីនា ម្សិលមិញនេះ មុនពេលចេញដំណើរលោកបានបញ្ជាក់ថា លោកសប្បាយរីករាយ ក្នុងការទៅចូលរួមកិច្ចប្រជុំកំពូលពិសេស ដើម្បីកម្ពុជាកាន់តែមានឱកាសរឹតចំណងមិត្តភាព និង​សហប្រតិបត្តិការកាន់តែល្អរឹងមាំជាមួយរដ្ឋាភិបាលអូស្រ្តាលី និងជាមួយបណ្តាមេដឹកនាំមកពីប្រទេសនានាមួយចំនួនទៀត។

គួរបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលីនេះ នឹងផ្តល់ឱកាសដ៏សំខាន់សម្រាប់មេដឹកនាំអាស៊ាន និងអូស្រា្តលីដើម្បីពិភាក្សាប្រកបដោយភាពស្មោះត្រង់ទៅវិញទៅមក លើប្រធាន​បទ​សំខាន់ៗ​នា​នា ដែល​ជា​ផល​ប្រយោជន៍​រួម និង​ដើម្បី​ចែក​រំលែក​ការ​យល់​ឃើញ និង​ទស្សនៈ​នានា ទៅ​លើទិស​ដៅ​នា​ពេលអនា​គត​នៃ​ទំនាក់ទំនងអាស៊ាន-អូស្រា្តលី។

នៅក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រា្តលី លោកនាយករដ្ឋមន្រ្តី រួមជាមួយថ្នាក់ដឹក​នាំអាស៊ាន និងនា​យក​រដ្ឋមន្រ្តីអូស្រ្តាលី នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខា លើ​អនុស្សរណៈនៃការយោគយល់គ្នារវាងអាស៊ាន និងអូស្រា្តលី ស្តីពីកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្មអន្តរជាតិផងដែរ៕







(សូមទស្សនាវីដេអូ)៖ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​អញ្ជើញចេញ​ដំ​ណើរទៅចូលរួម​កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីហើយ ខណៈប្រជាពល​រដ្ឋខ្មែរអូស្ត្រាលីជាច្រើន​នាក់​កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្តៅ

សលោកនាយករដ្ឋមន្រ្តី ហ៊ុន​ សែន អញ្ជើញទៅដល់ទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី