Friday, March 16, 2018

ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បិទ​សន្និបាត​បូក​សរុប​សភាព​ការណ៍ និង​លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ​ឆ្នាំ២​០១៧ និង​លើក​ទិស​ដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០១៨

កំពង់ឆ្នាំង៖ នាយឧត្តមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នង​ការ​រងនគរបាល​ជាតិ និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាន​ជំរុញ​អោយ​ថ្នាក់​ដឹក​នាំ​នគរ​បាល​គ្រប់​លំដាប់​ថ្នាក់​សហ​ការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ ត្រូវ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត ក្នុង​ការ​បម្រើ​សេវា​តម្រូវ​ការ និង​សេវា​សំណូម​ពរ​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ទាន់​ពេល​វេលា​ជា​ពិសេស​ត្រូវ​រក្សា​ការ​ពារ សន្តិសុខ សុវត្តិ​ភាព​ជូន​ប្រជា​ពល​រដ្ឋ​អោយ​បាន​ល្អ​ក្នុង​មូល​ដ្ឋា​​ទ​ទួល​ខុស​ត្រូវ​របស់​ខ្លួន។

នាយឧត្តមសេនីយ៍ និងលោក​អភិបាល​ខេត្ត បាន​ជំរុញ​បែប​នេះ​នៅ​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា​ឆ្នាំ​២០១៨ ក្នុង​ឱកាស​ដែល​លោក​អញ្ជើញ​ជា​អធិប​តី​ភាព​ក្នុង​ពិធី​បិទ​សន្និបាត​បូក​សរុប​សភាព​ការណ៍ លទ្ធផល​កិច្ច​ប្រតិបត្តិ​ការ រក្សា​សន្តិសុខ សណ្តាប់ ឆ្នាំ​២០១៧ និង លើក​ទិស​ដៅ​ការ​ងារ​ឆ្នាំ២០១៨ របស់​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង ដោយ​មាន​ការ​ចូល​រួម​ពី​សមាជិក​សន្និបាត​សរុប​ចំនួន​ ៥៥៩​នាក់។

នាយឧត្តមសេនីយ៍ និងលោក​អភិបាល​ខេត្ត បាន​ជំរុញ​បន្ត​ទៀត​ថា មន្ត្រី​នគរ​បាល​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​អប់​រំ​ផ្សព្វ​ផ្សាយ​ច្បាប់​ដោយ​សហការ​ជា​មួយ​អាជ្ញាធរ​ដែន​ដី​គ្រប់​ថ្នាក់ បង្ការ ទប់​ស្កាត់​កុំ​អោយ​កើត​មាន​បទ​ល្មើស​ដូចជា បញ្ហា​គ្រឿង​ញៀន ល្បែង​ស៊ី​សង អំពើ​ចោរ​លួច ចោរ​ឆក់ ចោរ​ប្លន់ អំពើ​ជួញ​ដូរ និងត្រូវ​ជំរុញ​ការ​ផ្សព្វ​ផ្សាយ​ច្បាប់​ជា​ពិសេស​ធ្វើ​យ៉ាង​អោយ​ប្រជា​ពល​រដ្ឋ​យល់ និង​ចូល​រួម​គោ​រព​ច្បាប់​ចរា​ចរណ៍​ផ្លូវ​គោក​ទាំង​អស់​គ្នា។

លោកឧត្តមសេនីយ៍ ឡុច វណ្ណារ៉ា ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង បាន​អោយ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៧ បទ​ល្មើស​ជា​រួម​មាន​ការ​កើត​ឡើង​ចំនួន​ ៣៨​លើក បង្ក្រាប​បាន​ចំនួន​ ៣៥​លើក ឃាត់​ខ្លួន​ជន​ល្មើស​បាន​ចំនួន​ ៥៤​នាក់។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​កើត​ឡើង​ចំនួន ​៨៥​លើក បណ្តាល​​អោយ​មនុស្ស​ស្លាប់​ចំនួន ៣៣​នាក់ របួស​ចំនួន ១៧៩​នាក់ ក្នុង​នោះ​ធ្ងន់​ចំនួន ៨០នាក់។

ក្នុង​ពិធីបិទសន្និបាត​បូក​សរុប​ការ​ងារ​នេះ​ ក៏​មាន​ការ​បំពាក់​មេដាយ​ការ​ងារ​ជូន​ដល់​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង ប្រគល់ប័ណ្ណ​សរ​សើរ និង​បំពាក់​ឋានន្តរ​សក្តិ​ដល់​មន្រ្តី​នគរ​បាល​ខេត្ត​កំពង់ឆ្នាំង​ផង​ដែរ៕






No comments:

Post a Comment