Saturday, December 17, 2016

អាជ្ញាធរជាតិអប្សរា​បិទ​វគ្គបណ្តុះបណ្តាល​​ស្តីពីជំនាញ​បច្ចេក​ទេស​​សង្គ្រោះ​បឋម​​បន្ទាប់​ពី​បាន​បណ្តុះបណ្តាល​​រយៈពេល​៤ថ្ងៃរួចមក

នៅរសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ អាជ្ញាធរជាតិអប្សរាបានបិទវគ្គបណ្តុះបណ្តាលស្តីពីជំនាញបច្ចេកទេសសង្គ្រោះបឋមដោយមានចែកវិញ្ញាបនបត្រជូនសិក្ខាកាមចំនួន៤៤នាក់ មានដូចជា ភ្នាក់ងារទេសចរណ៍ មន្ត្រីនគរបាលការពារបេតិកភណ្ឌ នគរបាលទេសចរណ៍ នគរបាលចរាចរណ៍ និងមន្ត្រីបុគ្គលិកមកពីនាយកដ្ឋាននានានិងអង្គភាពចំណុះអាជ្ញាធរជាតិអប្សរាមួយចំនួនទៀតក្រោមអធិបតីភាពលោក ហុក ប៉េងសែ អគ្គនាយករងតំណាងឯកឧត្តមបណ្ឌិត ស៊ុំ ម៉ាប់ អគ្គនាយកអាជ្ញាធរជាតិអប្សរា នៅប្រាសាទអង្គរវត្ត។ វគ្គបណ្តុះបណ្តាលនេះបានរៀបចំឡើងតាំងពីថ្ងៃទី១៣ ខែធ្នូ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៦ រវាងអាជា្ញធរជាតិអប្សរា និងក្រុមគ្រូពេទ្យជំនាញThe CPR HERO Training Center មកពីសហរដ្ឋអាមេរិក ។
ថ្លែងក្នុងឱកាសបិទវគ្គបណ្តុះបណ្តាលនោះលោក ហុក ប៉េងសែ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សិក្ខាកាម ព្រោះចំណេះដឹងនេះមិនត្រឹមតែអាចជួយភ្ញៀវទេសចរបានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយបងប្អូនសាច់ញាតិ និងអ្នកស្រុកអ្នកភូមិរបស់ពួកគាត់បានទៀត  ផង។ លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ដែលបានចូលរួមវគ្គបណ្តុះបណ្តាលនេះរួចហើយនឹងយកចំណេះដឹងនេះទៅអនុវត្តឲ្យមានប្រសិទ្ធភាពដើម្បីធ្វើឱ្យប្រសើរឡើងនូវសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរ នឹងជួយអប់រំបន្តដល់អ្នកផ្សេងទៀត។ ជាមួយគ្នានោះដែរ លោកក៏បានអរគុណចំពោះក្រុមគ្រូពេទ្យមកពីសហរដ្ឋអាមេរិកដែលបានខំប្រឹងចំណាយកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយបណ្តុះបណ្តាលសិក្ខាកាមកម្ពុជា។
លោក MICHAEL QUOCMINH PHAM ប្រធានក្រុមការងារ The CPR HERO Training Center នឹងជាអ្នកបណ្តុះបណ្តាលផ្ទាល់បានលើកឡើងថា លោកពិតជាមានភាពសប្បាយរីករាយខ្លាំងណាស់ នៅពេលបានឃើញសិក្ខាកាមរៀនរហ័សយល់នឹងខិតខំយកចិត្តទុកដាក់រៀន ព្រមទាំងចូលរួមអនុវត្តទ្រឹស្តីយ៉ាងសស្រាក់សស្រាំ   ។    ថ្វីដ្បិតវគ្គបណ្តុះបណ្តាលនេះនិយាយជាភាសាអង់គ្លេស នឹងមានសម្រួលជាភាសាខ្មែរខ្លះៗក្តី ក៏ប៉ុន្តែគុណភាពនៃការសិក្សានេះមានលក្ខណៈស្តង់ដារដូចជាការសិក្សានៅសហរដ្ឋអាមេរិកដែរ។ លោកក៏បានអរគុណចំពោះអាជ្ញាធរជាតិអប្សរា ដែលបានផ្តល់ឱកាសឱ្យក្រុមគ្រូពេទ្យរបស់លោកបានផ្ទេរចំណេះដឹង នឹងដកស្រង់បទពិសោធន៍ពីកម្ពុជា។
លោក សេ សូវ នគរបាលការពារបេតិកភណ្ឌបានលើកឡើងថា លោកពិតជាសប្បាយរីករាយណាស់ ដែលបានចូលរួមរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្គ្រោះបឋមដ៏មានសារៈសំខាន់ និងមានតម្លៃនេះ ។ វគ្គបណ្តុះបណ្តាលនេះ បានផ្តល់នូវចំណេះដឹង និងបទពិសោធន៍ថ្មីៗជាច្រើនដល់លោក ហើយលោកប្តេជ្ញាថានឹងយកមេរៀននេះទៅអនុវត្ត នឹងជួយផ្សព្វផ្សាយដល់អ្នកដទៃទៀត ដើម្បីពង្រឹងគុណភាពសេវាកម្មទេសចរណ៍ក្នុងតំបន់អង្គរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ។ លោកសូមអរគុណចំពោះថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរាដែលបានផ្តល់ឱកាសឱ្យរូបលោកបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះ។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសសង្រ្គោះបឋមនេះហើយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្រុមគ្រូពេទ្យនេះនឹងចុះទៅពិនិត្យសុខភាពជូនប្រជាពលរដ្ឋប្រមាណជា១០០នាក់នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មុននឹងវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញ៕