Thursday, October 31, 2013

Is the Royal Government of the Fifth Mandate Really Illegitimate







បទអត្ថាធិប្បាយ ដោយ ស្វាយ សុវណ្ណរិទ្ធ «ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង»


បទអត្ថាធិប្បាយ
ការប៉ុនប៉ងបំផ្លិចបំផ្លាញសេដ្ឋកិច្ចជាតិ គឺជានយោបាយអត្តឃាតខ្លួនឯង

នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ គណបក្សសង្គ្រោះជាតិ បានចេញលិខិតចំហមួយរបស់ខ្លួនដែល​ធ្វើឲ្យ​មតិជាតិ និង អន្តរជាតិ មានការភ្ញាក់ផ្អើល និង នឹកស្មានមិនដល់ មិនគួរគណបក្សនេះ ហ៊ានសម្រេច​ចិត្ត​បែប​នេះ​ ​ដែលផ្ទុយ​ពីបំណងប្រា​ថ្នាជាក់ស្តែងរបស់ប្រជា​​ពល​រដ្ឋខ្មែរ​ទូទាំង​ប្រទេស។
គោលដៅរបស់បក្សប្រឆាំង នៃការបញ្ជាក់ជំហរចំពោះប្រទេសនានា ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុម​ហ៊ុន​វិនិ​យោគ គឺជាការប៉ុនប៉ងបង្វែរ​ការ​ចាប់​​​អារម្មណ៍របស់ស្ថាប័នទាំងនោះ ឲ្យផ្អាកសកម្មភាពផ្តល់ជំនួយ និង ការវិនិ​យោគរបស់ពួកគេ នៅកម្ពុជា នៅពេលដែលសកម្មភាពនយោបាយរបស់បក្សប្រឆាំង នាពេលកន្លងមក ទាំង​ការធ្វើបាតុកម្ម សមាជគណបក្ស (នៅទីលានប្រជាធិបតេយ្យ) និង ការប្រមូលស្នាមមេដៃអ្នកគាំទ្រខ្លួន ទទួល​បរាជ័យ គ្មានប្រសិទ្ធភាពណាមួយមកលើរាជរដ្ឋាភិបាល និងរដ្ឋសភា ក៏ដូចជាគ្មាន​ការគាំទ្រពី​អន្តរជាតិ​នោះ។
ជម្រើសចុងក្រោយរបស់ពួកគេ គឺការចាប់យកសេដ្ឋកិច្ចជាតិ មកចោទជាបញ្ហា ដោយពួកគេយល់ថា ជាអាវុធនយោបាយមួយ អាចបង្កចលាចលសេដ្ឋកិច្ច សង្គម ដោយជំរុញឲ្យទំនិញ​ឡើង​ថ្លៃ ប្រាក់រៀលចុះថ្លៃ លទ្ធភាពរបស់​រដ្ឋ​ក្នុង​ការ​បន្តសាង​សង់​ផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីពេទ្យ ប្រព័ន្ធ​ស្រោច​ស្រប់​។ល។ ជាពិសេស​​បច្ចុប្បន្ន កម្ពុជាកំពុងជួបប្រទះ​ការ​លំ​បាក នៅ​ក្រោយ​ពេលទឹក​ជំនន់ដែលប៉ះពាល់ដល់អាយុជីវិត និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋខ្មែរដោយផ្ទាល់ និង ដោយប្រយោល ប្រមាណ១៥ ខេត្ត។ អំពើនេះ ប្រទេស​ខ្លះ គេ​ចាត់ទុកថាជាអំពើក្បត់សេដ្ឋកិច្ចជាតិទៅហើយ ដែលអាចចោទប្រកាន់ឲ្យមានទោសគុកអស់មួយជីវិត ឬក៏ទោសប្រហារជីវិត។
តើជម្រើសនេះ មានផលអ្វីខ្លះ មកលើសង្គមជាតិ និង ប្រជាពលរដ្ឋខ្មែរ? ប្រសិនបើល្បិច​កល​​នយោ​​​បាយ​នេះ បានសម្រេចនោះ មិន​​​មែនរាជរដ្ឋាភិបាល និង គណបក្សប្រជាជនកម្ពុជា ជាអ្នកចាញ់នោះ​ឡើយ គឺ​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេសនោះទេ ដោយប្រជាជន គ្រប់ស្រទាប់វណ្ណៈ ជួបប្រទះការលំបាក់​ជីវ​ភាព​​ប្រចាំ​ថ្ងៃ ប្រជាជនគ្មានការងារធ្វើ ផលិតផលកសិកម្ម ស្រូវអង្ករ ពោតសណ្តែក ដំឡូងមី សិប្បកម្ម សេវាកម្ម ឧស្សា​ហ​កម្ម គ្មាន​ទីផ្សា ដែលប្រជាជន ជាអ្នកចាញ់ទៅវិញ គឺចាញ់ប្រកប​ដោយ​​​​មហន្ត​រាយ​បំផុត មិនមែន​គណ​បក្ស​ប្រឆាំង ដែលកំពុងតែចាញ់នោះទេ។
ជម្រើសនេះ មានចេតនា ទី១ ធ្វើឲ្យបរទេសមួយចំនួនដែលស្គាល់កម្ពុជា មិនច្បាស់នោះ យល់ថា មាន​បញ្ហា ដែលជាហេតុនាំឲ្យប្រឡាក់ដល់ភាពស្របច្បាប់របស់រដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ​កម្ពុជា។ ទី២ ធ្វើឲ្យប្រជាជន ដកសេចក្តីទុកចិត្តលើរាជររដ្ឋាភិបាល និង រដ្ឋសភា ដែលកើតចេញពីការ​បោះ​ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។
ក៏ប៉ុន្តែជម្រើសនយោបាយរបស់បក្សប្រឆាំង គឺកំពុងដើរផ្ទុយពីបំណងប្រាថ្នាជាក់ស្តែង និង ជាមូល​ដ្ឋាន របស់ប្រជាពលរដ្ឋខ្មែរ ដែល​​ចង់ឲ្យមានការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិភាព ស្ថេរភាពនយោបាយ សន្តិ​សុខ សណ្តាប់ធ្នាប់សាធារណៈ ពោលគឺចង់ឲ្យមានទីផ្សារលក់ផលិតផលកសិកម្ម ឲ្យ​បានកាន់ទូលំ​ទូ​លាយ​​ថែម​​​ទៀត ស្ថានភាពតម្លៃគ្រឿងឧបភោគបរិភោគ មានតម្លៃថោកសមរម្យ និង កាត់បន្ថយអត្រាអតិផរណា ឲ្យ​បាន​​កាន់តែប្រសើរឡើងថែមទៀត ហើយជីវភាពរស់នៅរបស់ពួកគាត់ ត្រូវបានកែលំអរ ដែលទាំងអស់នេះ គឺ  ​ជា​​គោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការធានា​បន្តនិរន្តរ​ភាពនៃភាពល្អប្រសើរ និង ភាពរីកចំរើននៃសេដ្ឋកិច្ចសង្គមកម្ពុជា។
ជាងនេះទៅទៀត បណ្តាប្រទេស ស្ថាប័នផ្តល់ប្រាក់កម្ចី និង ក្រុមហ៊ុនវិនិយោគទាំងនោះ បានយល់​យ៉ាងច្បាស់អំពីភាពស្របច្បាប់នៃរដ្ឋសភា និង រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាចំណងផ្លូវ​ច្បាប់អន្តរជាតិ ដែលទាមទារឲ្យរាជរដ្ឋាភិបាលនៅក្នុងអាណត្តិបន្តបន្ទាប់ មានកាតព្វកិច្ចត្រូវតែគោរពជាដាច់​ខាត មិនអាចប្រកែកបាន ពីព្រោះប្រជាពលរដ្ឋកម្ពុជា បានបោះឆ្នោតឲ្យគណបក្សប្រឆាំង ដើរតួនាទី និង ប្រើ​សិទ្ធិ​អំណាចគ្រប់គ្រាន់តាមផ្លូវច្បាប់​ក្នុងការត្រួតពិនិត្យរាល់សកម្មភាពរបស់រាជរដ្ឋាភិបាល នៅក្នុងអំណាច​នីតិ​បញ្ញត្តិ គឺរដ្ឋសភា និង ព្រឹទ្ធសភា មិនមែនតាមរយៈការអំពាវនាវបែបនេះឡើយ។
ដូច្នេះជំហររបស់គណបក្សសង្គ្រោះជាតិ ក្នុងការមិនទទួលស្គាល់ និង ការពិនិត្យសើរើកិច្ចសន្យា កិច្ច​ព្រម​ពៀងវិនិយោគ ក៏ដូច​ជា​​ការផ្តល់បា្រក់កម្ចីវិនិយោគនានា របស់រាជរដ្ឋាភិបាល គឺជាអំពើក្បត់​សេដ្ឋកិច្ច​ជាតិ ជា​ការ​សម្លាប់ប្រជាជន​ខ្មែរ​ទាំងមូល រួមទាំងសកម្មជន និងអ្នកគាំទ្ររបស់គណបក្ស​សង្គ្រោះជាតិរបស់​ខ្លួន​ផង​​ដែរ។
ម្យ៉ាងទៀត ជម្រើសនយោបាយបែបនេះ គឺបានឆ្លុះបញ្ចាំងនូវភាពទល់ច្រកផង នូវចរិត​នយោ​បាយ​ផង និង ប្រៀបបានទៅនឹងចលនាជំរុញដល់នយោបាយអត្តឃាត នៅពេលដែលគណបក្សនេះ មិនអាច​ឆ្លើយ​តប​បាន ទៅនឹងការសន្យារបស់ខ្លួនចំពោះម្ចាស់ឆ្នោត។

ដោយ ស្វាយ សុវណ្ណរិទ្ធ

Friday, October 25, 2013

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលប្រជុំនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០១៣







បទ​អត្ថា​ធិប្បាយដោយ រ័ត្ន សណ្តាប់៖ “ដូរ ដូរ ដូរ”...ក្រោយ​ការ​បោះ​ឆ្នោត គឺជាការ​ធ្វើ​រដ្ឋ​ប្រហារ!

ដូរ ដូរ ដូរ...ក្រោយការបោះឆ្នោត គឺជាការធ្វើរដ្ឋប្រហារ!
 នៅថ្ងៃទី២៥ ​​តុលានេះ គឺជាថ្ងែគម្រប់ខួប​១ខែ ​នៃដំណើរការរាជរដ្ឋាភិបាលស្របច្បាប់​អាណត្ដិទី៥នៃរដ្ឋសភា​ ​ដែលត្រូវបាន​ប្រសូត្រចេញពីឆន្ទ:ប្រជាពលរដ្ឋ ​តាមរយៈ​ការបោះឆ្នោត នៅថ្ងៃទី២៨​កក្ក​ដា២០១៣ ដែលត្រូវបានអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ បញ្ជាក់ថា ដំណើរ​ការ​បោះឆ្នោតបានប្រព្រឹត្ដទៅដោយសេរី យុត្ដិធម៌ ត្រឹមត្រូវ និងក្នុងបរិយាកាសអហិង្សា សុវត្ថិភាព​គ្មានការគំរាមគំហែង។
ប្រមុខរដ្ឋ​នៃប្រទេសមួយ​ចំនួនក្នុងតំបន់ ​និងនៅលើពិភពលោក មានជាអាទិ៍ បារាំង ​ចិន អូស្រ្ដាលី ជប៉ុន​​ លោក​បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ។ល។បានស្វាគមន៍ និងអបអរសាទរនូវព្រឹត្ដិការណ៍នេះ​យ៉ាងស្មោះស្ម័គ្របំផុត។
          ផ្ទុយទៅវិញ​ គណបក្សប្រឆាំងបានប្រមូល​ពូនផ្ដុំ​ជាបន្ដបន្ទាប់គ្នា​ នាំគ្នា​ប្រឆាំង​នឹងលទ្ធផល​នៃការបោះឆ្នោត​។ នៅថ្ងៃទី២៣​ តុលា​ នេះ បក្សប្រឆាំងបានយកលេសជាថ្មីថា​ ពួកគេប្រារព្ធ​ពិធី២៣​ តុលា ដើម្បី​​រំឭកខួបគម្រប់២២ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រ​មព្រៀងសន្ដិភាព​ ទីក្រុង​ប៉ារីស។​​ ការពិតពួកបក្សប្រឆាំង​បានយកទិវានេះ​ បំផុសបំផុលចលនាមិនទទួលស្គាល់​ភាព​ស្រប​ច្បាប់នៃរាជរដ្ឋាភិបាលថ្មី​។ ចលនានេះ បាន​បង្ហាញយ៉ាងច្បាស់ពីចេតនាផ្ដួល​រំលំ​រាជរដ្ឋា​ភិបាល ដែលផ្ទុយពីដំណើរការលទ្ធិ​ប្រជាធិបតេយ្យនៅកម្ពុជា។ ព្រោះថាការផ្លាស់ប្ដូររដ្ឋា​ភិបាល អាច ធ្វើទៅបានតាមរូបភាពតែមួយគត់គឺការបោះឆ្នោត។ ហើយការបោះឆ្នោតកន្លងមកនេះ ទៀត សោតក៏​បានសបញ្ជាក់​​យ៉ា​ងច្បាស់ថា ប្រជាពលរដ្ឋនៅបន្ដការគាំទ្រ​គណបក្សប្រជាជន​កម្ពុជា។
ដូចនេះ គណបក្សប្រឆាំងដែលយកលេសថា ទាមទាមរកយុត្តិធម៌ជូនម្ចាស់ឆ្នោត​​ ដែល​បាន​​បោះឆ្នោតគាំទ្រពួកគេ​ វា​គ្រាន់តែជាវាំងននខ្មៅមួយផ្ទាំង បាំងមុខនៅក្នុងការបន្ដប៉ុនប៉ង ​និង​សាកល្បងធ្វើ​ជាមេខ្យល់នាំមុខចលនាបះ​បោរតាមគ្រប់រូបភាព ​​ដែលអ្នកនយោបាយអាច​បកស្រាយ បានថាជា ចលនាផ្ដួល​រំលំរាជរដ្ឋាភិបាលតាមរយៈ រដ្ឋប្រហារតាមផ្លូវថ្នល់ ។ មានន័យថា អំណាចដែលគណបក្សប្រជាជន​ទទួលបាន​តាមការបោះឆ្នោត​​បែប​ប្រជាធិបតេយ្យ​​​ បែរជាត្រូវ​បានគណបក្ស​ប្រឆាំង​ចង់​ដណ្ដើម​អំណាច​នេះ តាមបែបអនាធិបតេយ្យទៅ​វិញ។
ក្នុងការដែលពួកគេ​ប្រកាសថា គេកំពុងតែធ្វើចលនាមហាបាតុកម្មនោះ តើពួកគេធ្វើក្នុង​គោល​បំណងចង់បាន​អ្វីពិតប្រាកដ​ ​ក្នុងសភាពការណ៍ដែលប្រជាពលរដ្ឋ​កំពុងរស់នៅក្នុង​សុខ​សន្ដិភាព និងការអភិវឌ្ឍ​នោះ​?
ជាការពិតណាស់ និងវាច្បាស់ដូចពន្លឺថ្ងៃអ៊ីចឹង! ​ក្រុមគណបក្សប្រឆាំងបានបង្ហាញ​ពី ចេតនា​យ៉ាងច្បាស់​​ គឺពួកគេ​បាន​ដើរ​ធ្វើវិទ្ធង្សនានយោបាយ ​​វិចេ្ឆទកម្មសេដ្ឋកិច្ច ​តាមរយៈ​ការបង្ក​ភាព​ចលាចលក្នុងសង្គម ការស្រែកទ្បាំប៉ា​ឲ្យបរទេស​​ផ្ដាច់ជំនួយ និងការឃោសនា​រារាំង​មិនឲ្យ ក្រុមហ៊ុនបរទេសចូលមកធ្វើវិនិយោគ​នៅស្រុកខ្មែរ​ គឺជាការរាំងខ្ទប់​ដល់​ដង្ហើម​សេដ្ឋ​កិច្ច​ជាតិ។ ក្នុង​ ន័យនេះ គ្មាននរណាម្នាក់គេមិនជឿថា ពួក​បក្សប្រឆាំង​កំពុងខិតខំ​ប្រឹងប្រែង​បម្រើ​មហិច្ឆតា​​បក្ស ខ្លួនឯងដែលជាមហិច្ឆតាបុគ្គល ​ដោយពុំបានគិតពីភាពសុខ​សាន្ដរបស់​ប្រទេស​ជាតិទាល់សោះ​។
តើនេ:ពុំមែនជា​ទង្វើស្រេកឃា្លន​​អំណាចតាមបែប​អនាធិបតេយ្យ ​​ដោយបង្កចលនា​កូដ​កម្ម ក្នុង​គោលបំណងផ្ដួលរំលំរដ្ឋាភិបាល​ដោយខុសច្បាប់ទេឬអ្វី?​​ តើនេះពុំមែនជាទង្វើ​ប្រឆាំង​​នឹង​ប្រវត្ដិ​សាស្រ្ដទេឬអ្វី? ​មជ្ឈដ្ឋានទូទៅ​បានស្គាល់យ៉ាងច្បាស់អំពី បរិបទនយោបាយនៅកម្ពុជា​ពិសេស​គោលនយោបាយ​ ឈ្នះ-ឈ្នះ របស់ សម្ដេចតេជោ ហ៊ុន សែន​ ដែលបានធ្វើឲ្យសង្គម មានសនិ្ដភាព និង​អភិវឌ្ឍលើគ្រប់វិស័យ​រហូតធ្វើឲ្យ​អន្ដរជាតិទទួលស្គាល់ថា កម្ពុជាគួរត្រូវបាន ទុកជាគំរូសម្រា​ប់​បណ្ដាប្រទេសនានាលើពិភពលោកទៀតផង
          គណបក្សប្រឆាំងបានយកលេសពីការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត ស្រែក​ប្រកូ​ក​ប្រកាស​ច្រំដែលៗថា រាជរដ្ឋាភិបាលមិនបានអនុវត្ដតាមខ្លឹមសារ​ កិច្ចព្រមព្រៀងសន្ដិភាព​ទីក្រុង​ប៉ារីសទេ។ តាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីសបានបញ្ជាក់យ៉ាងច្បាស់ គឺ​បញ្ចប់ នូវសង្រ្គាមផ្ទៃក្នុងប្រទេស​ ជំរុញឲ្យកម្ពុជាទទួលបាននូវសន្ដិភាពជា​​និរន្ដន៍​ ប្រជាពលរដ្ឋ​រស់នៅ ប្រកបដោយសុវត្ថិភាព​ វឌ្ឈនភាព​ សេរីភាព​ គ្មានការជ្រៀតជែ្រក​គ្មាន​ការគាបសង្កត់​ពី​អំណាច​​បរទេស។ កម្ពុជាត្រូវដើរតាមលំអាន​លទ្ធិប្រជាធិបតេយ្យសេរី​ពហុបក្សតាមរយ:​ការបោះ​ឆ្នោត ដោយ​សេរី​ យុត្ដិធម៌​ពីសំណាក់ប្រជាពលរដ្ឋគ្រប់ជាន់ថ្នាក់។​​​
          ម្ភៃឆ្នាំ​បាន​កន្លងផុតទៅ។ ការបោះឆ្នោតសកលបានប្រព្រឹត្ដទៅប្រាំលើកហើយ​។ កម្ពុជា​បានដើរតាមលំអានលទ្ធិប្រជាធិបតេយ្យជានិច្ច។បានទទួលនូវការអបអរសាទរពីមតិជាតិ និង​អន្ដរជាតិជានិច្ច។ ដូចេ្នះបំណងប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលក្រោយការបោះឆ្នោត គឺស្មើ​នឹង​ការ ធ្វើ​រដ្ឋ​ប្រហារ​សុទ្ធ​សា​ធ។
ការ​ខិតខំ​ប្រឹង​ប្រែង​អស់​រយៈ​ពេលជាង ១​ទស្សវត្សន៍ ដើម្បី​សម្រេច​ឲ្យបាន​នូវ​ការ​ឯក​ភាព​មួយ​រវាង​ប្រទេស​ទាំង ១៨ រួម​ទាំង​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ក្នុងនោះ មាន​ប្រទេស​មហា​អំណាច​ទាំង​៥ ចិន រុស្ស៊ី បារាំង អង់គ្លេស សហរដ្ឋ​អាមេរិក សង្គ្រោះ​ប្រទេស​មួយ គឺ​កម្ពុជា​ឲ្យផុត​ពីការ​រង​គ្រោះ គឺ​មិនជាការ​ធម្មតា​ទេ។ ប្រវត្តិសាស្ដ្រ​មិនអាច​បកក្រោយ​បាន​ទេ។ អង្គ​ការ​សហប្រជាជាតិ​ពុំ​អាច​អនុញ្ញាត​ឲ្យ​កម្ពុជា​វិល​ថយក្រោយ ទៅរក​ភាព​វិនាសកម្ម​បាន​ទៀត​ឡើយ។

កំណត់ អ្នកនិពន្ធ  
បុរាណវិទូ                     : អតីតអនុប្រធានអាជ្ញាធរជាតិទេសចរណ៍កម្ពុជា
សាស្រា្ដចារ្យ      ​​: និពន្ធនិងបោះពុម្ពផ្សាយ ប្រវត្ដិប្រដាល់ក្បាច់ខ្មែរ Email rathsandab@yahoo.com

Thursday, October 24, 2013

បទអត្ថាធិប្បាយ៖ តើអ្នកណាមានសិទ្ធិរំលាយ គ.ជ.ប?


បទ​អត្ថាធិប្បាយ
តើ​អ្នក​ណាមាន​សិទ្ធិ​រំ​លាយ ​គ.ជ.ប?

          គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​(​គ.ជ.ប) ជា​ស្ថាប័នឯករាជ្យ ដែល​បាន​​បង្កើត​ឡើង​ដោយ​រដ្ឋសភា ដើម្បី​បំ​ពេញ​កិច្ច​ការ​ដ៏ឧត្តុង្គឧត្តមក្នុង​ការបំ​រើ​ប្រជា​ពល​រដ្ឋ​ តាម​រយៈការ​រៀប​ចំ​ដំ​ណើរ​ការ​បោះ​ឆ្នោតដោយ​ផ្ទាល់​ ដោយ​សម្ងាត់​ សេរី​ ត្រឹម​ត្រូវ​ តម្លាភាព​ និង​យុត្តិធម៌ ផ្អែក​តាម​គោល​ការ​ណ៍​​ច្បាប់ និង​បទ​ដ្ឋាន​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។
        បន្ទាប់​ពី​បរាជ័យ​ក្នុង​ការ​បញ្ចុះ​បញ្ចូល​សហគមន៍​អន្តរជាតិឱ្យ​ចូល​ក្នុង​អន្ទាក់នៃ​ការ​បោក​ប្រាស់​​​របស់ខ្លួន​ពុំ​បាន​​សម្រេច មេដឹក​នាំ​​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​បង្វែរការ​ចាប់​​អារម្មណ៍​សាធារ​ណ​មតិ​ជាថ្មី​ទៀត​ តាម​រយៈគំ​រាម​ត្រង់​ៗ «ឱ្យ​​រំ​លាយ​ចោល​ជាបន្ទាន់​នូវ​ស្ថាប័ន គ.ជ.ប» ដើម្បី​អ្វីមួយ​​ដែល​​ពួក​គេ​ ​ចោទ​ប្រកាន់​ថា ការ​បោះ​ឆ្នោត​អាណត្តិ​ទី​៥នេះ គ្មាន​​ឯករាជ្យភាព​ គ្មាន​យុត្តិធម៌ និង​មាន​​នូវ​ភាព​មិន​ប្រក្រតី​ជាច្រើន។ល។
          តើ​មាន​បុគ្គល​ណាមួយដែល​តាំង​ខ្លួន​ឯង​ថា ជាបញ្ញាជន បែរជា​ទម្លាក់​ចោល​នូវ​ភាព​ជា​អ្នក​ចេះ​ដឹង​អំពី​ច្បាប់​ទម្លាប់​ ហើយ​ហ៊ាន​មក​​សម្រច​ចិត្តក្នុងការ​រំ​លាយ​ ឬ​កំ​ទេច​ចោល​នូវ​ស្ថាប័ន​ គ.ជ.ប ដែល​បាន​បង្កើត​ឡើង​ដោយ​ច្បាប់​ និង​មាន​អាណត្តិ​របស់​ខ្លួន​ដ៏ត្រឹម​ត្រូវ​នោះ?
នៅ​ក្នុង​កាលៈទេសៈនេះ  គឺប្រាកដជា​មិន​មាន​អ្នក​ច្បាប់​ ឬ​ក៏អ្នក​នយោបាយ​ណា​ម្នាក់​​ដែល​ប្រកប​ដោយ​​ឧត្តម​គតិហ៊ាន​ធ្វើ​នូវ​អំ​ពើ​បំ​ពាន​ច្បាប់​បែប​នោះ​ទេ គឺ​មាន​តែ​ក្រុម​វង្វេង​រដ្ឋធម្មនុញ្ញ និង​ពួក​ប្រឆាំង​​តែ​ប៉ុណ្ណោះ​ដែលប្រកាសខ្លួន​ធ្វើ​​ជា​តួ​ឯក​ក្នុង​ការ​ប្រព្រឹត្តនូវ​រាល់​សកម្មភាព​ទាំង​នេះ​។
​តួឯក​នៅ​ក្នុង​សាច់​រឿង​នេះ គឺគ្មាន​អ្នក​ណា​ក្រៅ​ពី​ សម រង្ស៊ី និង​ កឹម សុខា នោះ​ទេ ពី​ព្រោះបុគ្គល​ទាំង​ពី​រនាក់​នេះ មិន​ដែល​ឱ្យ​តម្លៃច្បាប់​រដ្ឋ​ធម្មនុញ្ញ ហើយ​ក៏​មិន​ខ្វល់​អំ​ពី​ផល​ប្រយោ​ជន៍​​ជាតិ​ដែរ ។ មិន​តែប៉ុណ្ណោះ ពួក​គេតែង​តែ​អង្គុយ​លើ​ច្បាប់​ជានិច្ច ដូច​ជា​ មាក់​ងាយ​ស្ថាប័ន​សភាជាតិ ថា ជា​សភា​គូថ​មាន់ .. និងបាន​ធ្វើ​ការ​បន្ទាប​បន្ថោក​មកលើស្ថាប័ន​ គ.ជ.ប ដោយ​ពាក្យ​អសុរោះ ដូច​ជាចោទ​ថា ជា​ គ.ជ.ប ជាចោរ​លួច ចោរប្លន់​សន្លឹក​ឆ្នោត​ជាដើម។
ប៉ុន្តែ បើ​ក្រឡេក​មើល​ទៅ​លើគោល​ជំ​ហរ​របស់​រាជ​រដ្ឋាភិបាល ដែល​កើត​ឡើង​ដោយ​គណបក្ស​​ប្រជាជន​កម្ពុជា​វិញ គឺប្រាកដជា​គ្មាន​ឆន្ទៈ ក្នុង​ការ​រំ​លាយ​ គ.ជ.ប នោះ​ទេ ពី​ព្រោះ​ តែបាន​ដឹង​យ៉ាង​ច្បាស់​ថា គ.ជ.ប បាន​បំ​ពេញ​កាតព្វ​កិច្ច​របស់​ខ្លួន​បាន​យ៉ាង​ត្រឹម​ត្រូវ​ក្នុង​ការ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ប្រកប​ដោយ​ភាព​ឯករាជ្យ ឥត​លម្អៀង និង​អនុវត្តតាម​និតិ​វិធី និង​ច្បាប់ដូចបាន​កំ​ណត់រួច​ហើយ​។
ស្ថាប័ន​ គ.ជ.ប ក៏ដូច​ជា​ស្ថាប័ន ឬ​ក៏អង្គភាព​ប្រតិបត្តិករក៏​ទៃទៀត​ដែរ បើ​សិន​ស្ថាប័ន​នោះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សភាជាតិ គេមិន​អាច​ធ្វើ​ការ​រំ​លាយ​ទៅ​វិញ​ដោយ​ងាយ​ៗនោះ​ទេ បើល្គឹក​ណា​គ្មាន​ការ​ឯកភាព​​គ្នា​​ពី​សមាជិក​សភា​តំ​ណាង​រាស្ត្រ​តាម​រយៈនៃ​ការ​បោះ​ឆ្នោត​អនុម័តជា​ថ្មី​។ ហើយ​ការ​បោះ​ឆ្នោត​ផ្លាស់​ប្តូរស្ថាប័ន​នេះ​ទៀត​សោត ​អាច​ធ្វើ​ទៅ​បាន​ លុះ​ត្រាណា​តែមាន​ភាព​ចាំ​បាច់​បំ​ផុត​ក្នុង​​សង្គម​​  និងក៏​ត្រូវ​​ពិនិត្យ​ ស្រាវ​ជ្រាវឱ្យ​បាន​ស៊ី​ជម្រៅ​​ផង​ដែរ ថា តើស្ថាប័ន​នោះ​ពិតជា​មិនបាន​ដំ​ណើរ​ការ ឬអស​កម្ម​​ក្នុង​​​ការ​បំ​ពេញ​កិច្ច​ការ​របស់​ខ្លួន​ ឬ​ក៏បាន​ប្រព្រឹត្តផ្ទុយ​ពី​គោ​ល​ការណ៍​ច្បាប់​ដែល​បាន​ប្រគល់​ភារកិច្ច​​ឱ្យ​អនុវត្ត។  ក្នុង​បរិបទ​នេះ ស្ថាប័ន​ គ.ជ.ប មិន​បាន​ស្ថិត​នៅ​ក្នុង​ចំ​ណាប់​ខ្មាំង​របស់​គណបក្ស​ចាញ់​ឆ្នោត​នោះទេ។ ផ្ទុយ​ទៅ​វិញ​ វាគ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​របស់ក្រុម​អ្នក​ចាញ់​ឆ្នោត​តែប៉ុណ្ណោះ ដែ​ល​ប្រកាន់​យក​វប្បធម៌​ មិន​ទទួល​យក​ការពិត​តាំង​តែ​ពី​ដើម​រៀង​មកម៉្លេះ។
 ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​នៅ​លើ​ទី​លាន​ប្រជា​ធិបតេយ្យ គួរគប្បី​អ្នក​ប្រកួត​ត្រូវធ្វើ​​ចិត្តឱ្យ​ដូច​ជា​អ្នកកីឡា« ចាញ់​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​ថា ខ្លួន​ខ្សោយ សុខចិត្ត​ចុះ​ចាញ់»។ ប៉ុន្តែ ចំ​ឡែក​តែ​នៅ​ស្រុក​ខ្មែរ ចាញ់​ឆ្នោត បែរ​ជាទម្លាក់​កំ​ហុស និង​ជេរប្រមាថទៅ​លើ​អាជ្ញារកណ្តាល​ទៅ​វិញ​។​​
ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំ​ណាង​រាស្ត្រ​នីតិកាល​ទី​៥ កាលពី​ថ្ងៃទី ២៨ ខែ​កក្កដា ឆ្នាំ​២០១៣​កន្លង​ទៅ​ អត្រាប្រជា​ពល​រដ្ឋ​ខ្មែរដែល​បាន​ទៅ​បោះ​ឆ្នោត​មាន​ចំ​នួន​ជាង​៦៩​ភាគរយ​  គឺ​ជា​ចំ​នួន​ដ៏ច្រើ​ន​លើសលប់ បើ​ធៀប​ទៅ​នឹង​បណ្តាប្រទេស​មួយ​ចំ​នួន។ ប្រជាពល​រដ្ឋ​បាន​ប្រើ​សិទ្ធិរបស់​ខ្លួន​រួច​ហើយ​តាម​រយៈសន្លឹក​ឆ្នោត ដែល​ គ.ជ.ប បាន​ប្រកាសជា​ផ្លូវ​ការថា គណបក្ស​ប្រជា​ជន​កម្ពុជា​ ទទួល​បាន​៦៨អាសនៈ និង​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​៥៥អាសនៈ។
ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បន្ទាប់​ពី​ចាញ់​ឆ្នោត​ហើយ បាន​ខិតខំ​ប្រើ​គ្រប់​ឧបាយកលទុចរិត​ និង​គ្រប់​មធ្យោបាយ ទាំង​ការ​បំ​ភ្លៃ ភូតកុហកដ៏សំ​បូរ​បែប និង​បាន​និយាយបោកប្រាស់​ប្រជា​ពល​រដ្ឋ​ដោយ​ឥត​អៀន​ខ្មាស់​ ដូច​ជា​បន្លំ​ម្ចាស់​ឆ្នោត​ ថា គណបក្សរបស់​ខ្លួន​ទេ ជា​អ្នក​ឈ្នះ ហើយ​ធ្វើ​ការ​ចោទ​ប្រកាន់​មក​លើ​ ស្ថាប័ន​ គ.ជ.ប និង​គណបក្ស​កាន់​អំ​ណាច​ថា ជាចោរ​លួចសន្លឹក​ឆ្នោត​ ដោយ​ពុំ​មាន​ភ័ស្តុតាង​ ឬឯកសារ​ណាមួយ​ធ្វើ​ជា​មូល​ដ្ឋាន​ច្បាស់​លាស់​សោះ​ឡើយ។
តាម​រយៈហេតុផល​មួល​បង្កាច់ ភូត​កុហកដ៏​អាក្រក់ទាំង​នេះ  គណបក្ស​សង្គ្រោះ​ជាតិ ​បាន​យក​ធ្វើ​ជា​លេសដោយ​អត្តនោម័តជាឯកបក្ស​ ដើម្បី​​រំ​លាយ​ចោល​នូវ​ គ.ជ.ប ដែល​គ្មាន​កំ​ហុស ក្នុង​ខណៈដែល​គណបក្ស​ប្រឆាំង​មួយ​នេះ ជាបក្ស​ចាញ់​ឆ្នោត និង​មិន​ព្រម​ទទួល​ស្គាល់​នូវ​ការ​បរាជ័យ​ ថែម​​ទាំង​ប៉ុនប៉ង​ មិន​ត្រឹម​តែ​ចង់​នាំ​ប្រជា​ពល​រដ្ឋងើប​ឡើង​ផ្តួល​រំ​លំរាជ​រដ្ឋាភិបាល​ស្រប​ច្បាប់ប៉ុណ្ណោះ​ទេ គឺ មាន​ចេតនាកំ​ទេច​ចោ​ល​​ទាំង​ស្រុង​នូវ​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ទាំង​អស់​របស់​កម្ពុជា។ ជា​ជំ​នួសមក​វិញ​ គណបក្ស​ប្រឆាំង​ជ្រើសយក​​ច្បាប់​ព្រៃមក​ប្រើក្នុង​សង្គម​ខ្មែរ ក្រោមក្រសែភ្នែក​មហាជន​ដែលបានមើល​ឃើញ​ថា បក្សប្រឆាំង​តែង​តែប្រើពាក្យ​គំ​រាម​ថា អន្តរជាតិ​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត និង​គាំ​ទ្រនូវ​សកម្មភាព​របស់​ក្រុម​ខ្លួន។ តែ​ការពិត​ មក​ទល់​ពេល​នេះ​ មាន​បណ្តាប្រទេស​ជា​ច្រើន​ ដែល​ជា​មិត្ត​របស់​កម្ពុជា​ គឺគេមិន​យល់​ស្របតាម​​ដូច្នោះ​ទេ គេស្គាល់​ច្បាស់​ណាស់​អំពី​ដំ​ណើរការ​ប្រជា​ធិបតេយ្យ​ និង​ការ​បោះ​ឆ្នោតជាពហុបក្សកន្លង​មក​ ថាបានប្រព្រឹត្តទៅ ដោយ​សេរី​  ត្រឹម​ត្រូវ​និង​យុត្តិធម៌​បំ​ផុត​​។
ផ្ទុយ​ទៅ​វិញ ការ​ពិត​ ទាំង​ សម រង្ស៊ី និង​ កឹម សុខា បាន​ក្លាយ​ខ្លួន​ជាមេដឹក​នាំប្រឆាំង​ទាំង​ទទឹង​ទិស និងគ្មាន​ហេតុ​ផល​ច្បាស់​លាស់ គឺអ្នក​ទាំង​ពីរ និង​បក្ខពួក​ ហាក់​ដូច​ជា បាន​ និង​កំ​ពុង​​អនុវត្តតាម​ការ​បង្គាប់​បញ្ជាពី​ជន​បរទេសណា​មួយ​ ដែល​មាន​លក្ខណៈជា​បុគ្គល​ប្រជាធិបតេយ្យ​ជ្រុល​និយម និង​ប្រកា​ន់​ខ្ជាប់​នូវ​គំ​និត​​អាស្មិមានៈ គ្មាន​គោរព​ច្បាប់​ទម្លាប់ និង​គ្មាន​នូវ​​ទស្សនវិស័យ​នយោបាយ​វែង​ឆ្ងាយ​នោះ​ឡើយ។
ការ​ធ្វើ​អាជី​វកម្មនយោបាយ តាម​ភាព​ច្រឡោង​ខាម​ដែល​បង្ហាញ​ពី​ការ​ដើរផ្ទុយពី​ផល​ប្រយោជន៍​​ប្រជា​ពល​រដ្ឋ​ម្ចាស់​ឆ្នោតនោះ ​គឺ​សម្លេង​នៃ​ការ​ចង់សម្លាប់​ប្រជាពល​រដ្ឋខ្លួន​ឯង តាម​រយៈការប្រកូក​ប្រកាសឱ្យ​ប្រទេសម្ចាស់​ជំ​នួយ​ផ្តាច់​ជំ​នួយ​សម្រា​ប់ការ​អភិវឌ្ឍន៍នានា ក្នុង​ខណៈដែល​ប្រជាពល​រដ្ឋ​ខ្លួន​ឯង​កំ​ពុង​ប្រឈ​ម​​​​នឹង​គ្រោះ​ធម្មជាតិ​ទឹក​ជំ​នន់​ដ៏ធ្ងន់​ធ្ងរ។ លើសពី​នេះ​ទៅ​ទៀត មេបក្ស​ប្រឆាំង​ហាក់​ដូច​ជា​មិន​ខ្វល់​សូម្បី​តែ​បន្តិចសោះ​ឡើយ ​អំពី​កង្វល់​ជាក់​ស្តែង​របស់​ប្រជាពល​រដ្ឋ​ក្នុង​ជី​វភាព​ប្រចាំ​ថ្ងៃ​ គឺគិត​តែ​​ពី​​ការ​ញុះ​ញង់ឱ្យ​ប្រជាពល​រដ្ឋចូល​រួម​ធ្វើ​មហាបាតុ​កម្មម្តង​ហើយ​ ម្តងទៀត ​ដើម្បី​តែបំ​រើ​មហិច្ឆិតារបស់​ក្រុម​ខ្លួន​ ។ មិន​តែ​ប៉ុណ្ណោះ ពួក​គេថែម​ទាំង​ធ្វើ​សកម្ម​ភាព​រំ​ខាន ដើរ​គោះ​​ទ្វារ​ប្រទេស​ដ៏ទៃ​ឱ្យ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​ រំ​លោភ​លើ​អធិបតេយ្យ​របស់​កម្ពុជា​ថែម​​ទៀត​ផង​​។
ដូច្នេះ ការ​ប្រកាសរំ​លាយ​ស្ថាប័ន​ គ.ជ.ប ដោយ​មេដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​ គឺ​សបញ្ជាក់​ឱ្យឃើញ​ថា គណបក្ស​ប្រឆាំងមួយនេះ បាន​​យក​រដ្ឋធម្មនុញ្ញដាក់ក្រោម​បាតជើង ពីព្រោះ​ គជប បាន​បង្កើត​ឡើង​ដោយ​រដ្ឋសភា មិន​មែន​កើតចេញ​ពី​​ក្រុម​អានាធិបតេយ្យដូច​គណបក្ស​ប្រឆាំងដែលប្រកា​ន់​ទម្លាប់​អនុវត្ត​តាម​​ច្បាប់​ព្រៃ​នោះទេ។ គណបក្សប្រឆាំង​ ល្មមដល់​ពេល​បញ្ចប់​ទៅនូវទង្វើ​ភូត​កុហក បោក​ប្រាស់​ប្រជារាស្ត្រ​ ដែល​​នាំ​គ្រោះ​ថ្នាក់​ដល់​សង្គម​ជាតិ និងធ្វើ​ឱ្យមាន​ភាព​​ វឹក​វរ កាឡាហល​នោះ៕

អត្ថបទដោយ​៖ សុខ សំ​ណាង

Tuesday, October 22, 2013

សេចក្តី​​ជូន​​ដំ​ណឹង​​របស់​​សាលា​រាជ​ធានី​ភ្នំ​ពេញ ពាក់​​ព័ន្ធ​​ការធ្វើ​​បាតុកម្ម និង​ការ​ហែរ​ញត្តិ របស់​​គណបក្ស​​សង្គ្រោះ​​ជាតិ


ទស្សនៈវិ​ភាគ៖ របបសភានិយម គ្មានទេបក្សមានសម្លេងភាគតិចដឹកនាំរដ្ឋសភា!

អត្តបទដោយ: សៅ សុភៈ


បក្សប្រឆាំងនៅកម្ពុជា គួរណាស់ស្វែងយល់អំពីការ​បែ​ង​ចែ​កដាច់​ដោ​យ​ទ្បែ​ក​ពីរ​បៀ​ប​នៃការគ្រប់គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតឲ្យបានច្បាស់ រវាង​ប្រ​ទេ​សប្រកាន់​របប​ប្រ​ជា​ធិប​តេ​យ្យ​បែបប្រធានាធិបតីនិយម និងប្រជាធិបតេយ្យបែបសភានិយម។


ក្នុង​បរិបទ​នេះ មាន​ន័យ​ថា ការ​ទាម​ទារ​ដោ​យ​គ្មាន​ភា​ព​អៀនខ្មា​សរបស់ប្រធាន​គណ​បក្ស​​សង្គ្រោះ​ជាតិ ដើម្បី​អ្វីមួយដែលក្រុមរបស់ពួកគេហៅថា ការធ្វើឲ្យមានឲ្យ​មាន​តុល្យភាព​អំណាច​​ ទាល់​តែគណ​បក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​តំណែង​ប្រធាន​រដ្ឋសភា ​​ ដឹក​នាំ​ស្ថាប័ន​​នីតិបញ្ញត្តិនោះ​ គឺជា​ទង្វើមិន​ត្រឹម​ត្រូវ​ឡើយ។​ តើអ្វី​ទៅ ​ ​ជា តុ​ល្យភា​ពអំ​ណា​ច​របស់បក្សប្រឆាំង? តើគ​ណប​ក្សចា​ញ់​ឆ្នោ​ត មាន​សំ​ឡេង​ភាគតិចត្រូវតែដឹកនាំរដ្ឋសភា ទើ​ប​ហៅថា តុល្យភាពអំណាច ឬយ៉ាងណា?


ការធ្វើមិនយល់អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដោ​យព្យា​យាម​ភ្ជាប់​ពីរ​បៀ​ប​នៃកា​រ​គ្រប់​គ្រងរដ្ឋ និងនីតិវិធីនៃការបោះឆ្នោតរបស់សហរដ្ឋអាមេរិកមកសាបព្រួស អនុវ​ត្ត​នៅ​ក​ម្ពុ​ជា ដោយមិនខ្វល់អំពីរដ្ឋធម្មនុញ្ញកម្ពុជា គឺដើម្បីតែបំពេញមហិ​ច្ឆតា​ល្មោភ​អំណាច​របស់ខ្លួន​តែ​ប៉ុណ្ណោះ ។


ប្រជាធិបតេយ្យបែប​ប្រធា​នាធិប​តីនិយ​មរ​បស់​សហ​រដ្ឋ​អា​មេ​រិ​​​ក គឺការបោះឆ្នោតជ្រើស​រើស​ប្រធានាធិបតី និងការបោះឆ្នោតសភាជាតិ ចែកដាច់ពីគ្នា ពោល​គឺ​ខុសពីការបោះឆ្នោត​នៅកម្ពុជាទាំងស្រុង។​ ការបោះឆ្នោតនៅក​ម្ពុជា បោះ​តែម្តង គឺ​បោះ​ឆ្នោ​ត​ជ្រើសរើសតំណាងរាស្រ្ត ដើម្បីបង្កើតសភាជាតិ ហើយ​សភា​ជា​អ្នក​ផ្ត​ល់​សេ​ច​ក្តី​ទុ​ក​ចិ​ត្ត​បង្កើតគណៈរដ្ឋមន្ត្រី។ កម្ពុជា​មិន​មានការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី និង​បោះ​ឆ្នោ​ត​សភាផ្សេងពីគ្នានោះទេ។ ដូច្នេះ បើ​យោងតាមគោលការណ៍នៃការរៀបចំបែបផែននៃ​ក្បា​ល​ម៉ាស៊ីនរដ្ឋសភា និងគណៈ​រដ្ឋមន្ត្រី​របស់​​​ប្រ​ទេស ដែលប្រកា​ន់យករបបប្រជាធិ​បតេយ្យបែប​សភានិយមនៅលើពិភពលោកនេះ គឺ​គណ​បក្សនយោបាយ​ណា​ដែល​ទទួ​ល​បានសំឡេង​ភាគច្រើននៅក្នុងរដ្ឋសភាដាច់ខាត បក្ស​នយោ​បាយ​នោះ​ត្រូវតែដឹកនាំរដ្ឋសភា មិន​អា​ច​ឲ្យ​គណបក្សនយោបាយដែលមានសំឡេងភាគតិចក្នុងសភា ទៅ​ដឹ​ក​នាំរ​ដ្ឋ​ស​ភានោះ​ទេ។ ប៉ុន្តែ​ ក្រុម​បក្ស​ប្រឆាំង​បាន​ព្យាយាម​បក​ស្រាយ​ទាំង​បំ​ពាន​លើ​រដ្ឋ​ធម្មនុញ្ញ តាម​រយៈការ​ទាម​ទារ​ដណ្តើម​អំ​ណាច​ចង់​ធ្វើ​ជា​ប្រធាន​សភា ក្រោម​ហេតុ​ផល​ថា នោះ​ គឺ​ជា​តុល្យ​ភាព​អំណាច ។


គណបក្សប្រឆាំងគួរណាស់យល់អោយបានច្បាស់ ថា ​នៅ​សហរដ្ឋ​អាមេរិក ដែល​គេ​ប្រកាន់​រប​ប​​ប្រធានាធិបតី​និយម​នោះ ក៏​គ្មាន​តុល្យ​ភាព​អំណាចរវាង​ប្រធានា​ធិបតី​ និង​សភា​ដែរ លើក​លែង​តែប្រធានាធិបតី​ដែល​ឈ្នះ​ឆ្នោត​ និង​សភា​ដែល​ឈ្នះ​ឆ្នោតនោះ​ គឺ​ចេញ​ពី​គណបក្ស​តែ​មួយ។ ឧទាហរណ៍ នៅឆ្នាំ​២០០៩ ​​​ប្រធានា​ធិបតី​ អូបាម៉ា ដែល​ជាប់​ជា​ប្រធានាធិបតី មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​សភា​តំណាង​រាស្ដ្រ​ក៏​ជាប់ភាគ​ច្រើនមក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ព្រឹទ្ធសភា​ភាគ​ច្រើន​ក៏​មក​ពី​គណបក្ស​ប្រជា​ធិបតេយ្យ បាន​អនុញ្ញាត​ឲ្យ​ប្រធានាធិបតី អូបាម៉ា និង​សភា​ទាំង​ពីរ​ធ្វើការ​យ៉ាង​ស្អិត​រមួត​ជាមួយ​គ្នា ពិសេស​ គឺ​ការ​ធ្វើ​ច្បាប់​ម្ដងៗ។


ក៏​ប៉ុន្ដែ​នៅ​ដើម​ឆ្នាំ​២០១៣ នេះ បន្ទាប់ពី​គណបក្ស​សាធារណ​រដ្ឋ​បាន​ជាប់ឆ្នោតភាគ​ច្រើន​នៅ​ក្នុង​សភា​តំណាង​រាស្ដ្រ​ តែ​គណបក្ស​ប្រជាធិបតេយ្យ​មាន​សម្លេង​ភាគ​ច្រើន​នៅ​ព្រឹទ្ធ​សភា​យ៉ាង​ណា​ក៏ដោយ ក៏​លោក​ប្រធា​នា​​ធិបតី អូបាម៉ា បាន​ជួប​ប្រទះ​នូវ​ការ​លំបាក​យ៉ាង​ខ្លាំង ពិសេស​ក្នុង​ពេល​ថ្មី​ៗនេះ បាន​ញ៉ាំង​ឲ្យ​រដ្ឋាភិបាល​អាមេរិក​កាំង​បាន​បិទដំ​ណើរការ​អស់​រយៈ​ពេល​ពីរ​សប្ដាហ៍​។


ដោយ​ឡែក​​​នៅ​កម្ពុជាវិញ​​ ការដែលគណបក្ស​ប្រឆាំង​ព្យាយាមយករូបមន្ត​របស់​សហ​រដ្ឋ​អាមេរិក ​ចាប់បង្ខំឲ្យអនុវត្ត​​បែ​ប​នេះ ត្រូវបាន សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​លើក​ដំបូងកាលពី​ពេល​កន្លង​ទៅ​ បញ្ជាក់​យ៉ាង​ច្បាស់​ថា គ្មាន​ប្រទេស​ណាមួយ​នៅលើ​លោក​នេះ ​អាច​ប្រគល់​តំណែង​ប្រ​ធា​ន​​សភា​ទៅ​ឲ្យ​គណបក្ស​ដែល​មាន​សំឡេង​ភាគតិច​នោះ​ឡើយ។ រដ្ឋសភា និង​រដ្ឋាភិបាល​ នឹង​ត្រូវជា​​ប់គាំង​ ប្រសិនបើ​គេ​ប្រគល់​តំណែង​ប្រធាន​រដ្ឋ​សភា​​ទៅ​ឲ្យ​គណបក្សប្រឆាំង ​ពីព្រោះ​ប្រ​ធា​ន​​សភា​មាន​សិទ្ធិ​បដិសេធ​មិន​លើក​យក​សេចក្តី​ព្រាង​ច្បាប់​ណាមួយ​ដែល​មាន​តម្រូវ​ការ​​ចាំ​បាច់​ មក​ជជែក​នៅក្នុ​ងអ​ង្គ​សភា ។


ដូចនេះ ជុំវិញការទាមទារឲ្យមានតុល្យភាពអំណាចរបស់បក្សប្រឆាំង​ជារឿ​ងមួ​យ​ដែ​ល​មិនអាចទៅរួចទេ ហើយក៏គ្មានការ​ចាំបាច់សម្រា​ប់ច្បាប់របស់ក​ម្ពុជាដែរ ព្រោះគេបា​នដឹងយ៉ាង​ច្បា​ស់​​ណាស់ថា តុល្យភាពអំណាចរបស់កម្ពុជាមានរួចជាស្រេចទៅហើយ គឺ​ការ​ចែក​ដាច់​រវា​ង​អំណាចទាំង ៣ គឺស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។ ជាងនេះទៅទៀតនោះ យោ​ង​តាម​​មាត្រា ៩៨ ថ្មី បានបញ្ជាក់យ៉ាងច្បាស់ណាស់ថា រដ្ឋសភា​អាច​ទម្លា​ក់ស​មាជិ​ក​គណៈ​រដ្ឋ​ម​ន្ត្រី ឬ​ទម្លាក់រដ្ឋាភិបាលពីតំណែង ដោយអនុម័តញត្តិបន្ទោស តាម​សំឡេ​ង​ឆ្នោ​ត​គា​គ​ច្រើ​ន​ដាច់​ខាត​នៃ​​​ចំនួនសមាជិកសភាទាំងមូល។ ញត្តិបន្ទោស ត្រូវបានលើកទ្បើងជូនរដ្ឋសភា ដោយ​តំ​​​​ណាង​រាស្ត្រ​ចំនួន៣០ នាក់ ទើបរដ្ឋសភាអាចលើកយកមកពិភាក្សាបាន។


កា​រ​​ដែ​ល​​​ប្រ​ជា​​ព​លរដ្ឋ​បោះឆ្នោតឲ្យបក្សប្រឆាំង ៥៥ អាសនៈនោះ គឺ​ដើម្បី​ធ្វើ​កិច្ច​កា​រ​បម្រើ​ឆន្ទៈរាស្ត្រក្នុងរដ្ឋសភា មិនមែនឲ្យបង្កចលាចលសង្គមតាមដងផ្លូវ ជាហេតុនាំដល់ វិប​ត្តិ​នយោ​បាយ បង្អាក់ដំណើរនៃការអភិវឌ្ឍន៍ បង្កនូវអសន្តិសុខជាតិ បង្កើតភាពអនាធិបតេយ្យ ដែលនាំដល់​ការ​ភ័យខ្លាចយ៉ាងធ្ងន់សម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេសនោះទេ។ ម្យ៉ា​ង​វិញទៀត ការដែល​គណបក្ស​ប្រជាជន​កម្ពុជាប្រគល់​តំណែង​អនុប្រធាន​សភា​មួយ ប្រធាន​គណៈកម្មការ ៤ និង​អនុ​ប្រធាន​គណៈកម្មការ​ ៥ ​បានបង្ហាញពី​សមា​មាត្រ​តុល្យ​ភា​ព​អំ​ណា​ច​ដែលកើតចេញ​ពីការគាំ​ទ្រ​របស់ប្រជាពលរដ្ឋ ជាក់ស្តែងរួចស្រេចទៅហើយ។


ជា​រួម​ ការទាមទារតុល្យភាពអំណាចរបស់គណបក្ស​ប្រឆាំង​  គឺមិនឈរ​លើ​មូល​ដ្ឋា​នច្បាប់ នោះ​ទេ ។ ផ្ទុយ​ទៅ​វិញ​ វាគ្រាន់​តែជាការធ្វើវិទ្ធង្សនារដ្ឋធម្មនុញ្ញ តាមរយៈការ​ប្រើ​ប្រាស់​អំណាច​នៃ​ការ​បំភ្លៃ​ ភូត​កុ​ហ​ក និង​បំភាន់​សាធារណ​មតិតែ​ប៉ុណ្ណោះ។ ដូច្នេះ ដោយ​យោង​លើ​លទ្ធផល​បោះឆ្នោត​ផ្លូវ​ការ​ដែល​គណបក្ស​ប្រជា​ជន​កម្ពុជា​ទទួល​បាន​៦៨​អាសនៈ ក្នុង​ន័យ​ថា លើសពី​៥០ភាគ​រយ​បូក​១ គឺ​តម្រូវ​ឱ្យ​ស្ថាប័ន​រដ្ឋសភា និង​រាជ​រដ្ឋាភិបាល​ត្រូវ​តែ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា​​ដែល​ឈ្នះ​ដាច់​ ហើយ​ការ​ទាម​ទារ​របស់​គណបក្សប្រឆាំង​ គឺ​គ្មាន​ទម្ងន់ផ្លូវ​ច្បាប់​ណា​មួយ​ដើម្បី​នឹង​ទទួល​បាន​ដំ​ណែងប្រធាន​រដ្ឋសភា​ទេ៕