Tuesday, June 27, 2017

លោក​ឧបនា​យក​រដ្ឋមន្រ្តី​ប្រចាំកា​រ ប៊ិន​ ឈិន៖​ គ្មាន​ប្រជាជន​កម្ពុជា​ណា​ម្នាក់​អាច​បំភ្លេច​បាននូវសោកនាដកម្ម​ និងការ​កាប់​សម្លាប់​រង្គាលក្នុង​សម័យ​ប៉ុល ​ពត

នៅ​ថ្ងៃទី២៧​ ខែ​មិថុនា​ ឆ្នាំ២០១៧នេះ​ លោក​ឧបនា​យករដ្ឋ​មន្រ្តី​ប្រចាំការ​ ប៊ិន ​ឈិន​ រដ្ឋ​មន្រ្តីស្តី​ទីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី​ និងជាប្រធានក្រុម​ការងាររាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់ការ​រៀប​ចំដំណើរការ​កាត់ក្តី​មេដឹកនាំខ្មែរក្រហម បានថ្លែង​ថា គ្មានប្រជាជនកម្ពុជាណាម្នាក់អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាលក្នុងសម័យប៉ុល ពត ទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា គ្មានប្រជាជនកម្ពុជាណាម្នាក់ អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាលដែលបានប្រព្រឹត្តឡើង ដោយរបបកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺនៅចន្លោះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ដែលក្រុមប៉ុល ពតកាន់អំណាចនោះទេ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក៏បានបញ្ជាក់ថា សូម្បីតែក្មួយៗដែលកើតក្រោយឆ្នាំ១៩៧៩ ដែលមិនបានជួបប្រទះ និងឆ្លងកាត់ដោយផ្ទាល់នូវឧក្រិដ្ឋកម្មទាំងនោះ ក៏ទទួលរងនូវបន្ទុកដ៏ធ្ងន់ធ្ងរនេះដែរ ដោយបានឃើញឪពុកម្តាយ និងសាច់ញាតិប្រុសស្រីរបស់ខ្លួន បន្តរស់នៅជាមួយភាពឈឺចាប់ខ្លោចផ្សានេះនៅឡើយ៕





លោកឧបនាយករដ្ឋមន្ត្រី ស ខេង៖ អភិបាលខេត្តកំពង់ចាមថ្មី ត្រូវលុប​បំបាត់​គ្រឿងញៀន​ចោលឲ្យបាន​ ព្រោះបញ្ហា​គ្រឿងញៀន​ គឺជាគ្រោះថ្នាក់​ដល់សង្គម​

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងពិធីប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ចាមថ្មី លោក គួច ចំរើន ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ចាម។ លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានប្រាប់ឲ្យលោក គួច ចំរើន ដែលទើបប្រកាសចូលកាន់តំណែងផ្លូវការ ជាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមថ្មី ត្រូវខិតខំប្រឹងប្រែងលុបបំបាត់ នូវបញ្ហាគ្រឿងញៀន ក្នុងខេត្តកំពង់ចាមទាំងមូល។

លោកឧបនាយករដ្ឋមន្ដ្រី ស ខេង បានថ្លែងថា អភិបាលខេត្តកំពង់ចាមថ្មី ត្រូវប្រឹងប្រែងធ្វើការងារនេះ ឲ្យបានល្អ និងឈានដល់ការលុបបំបាត់ចោលគ្រឿងញៀនឲ្យបាន ព្រោះបញ្ហាគ្រឿងញៀននេះ ធ្វើឲ្យខាតបង់ធនធានមនុស្សយ៉ាងច្រើន ជាពិសេសយុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី និងជាគ្រោះថ្នាក់សង្គមមួយយ៉ាងខ្លាំង។

ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀននេះ នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា ក្នុងរយៈពេលជាង៥ខែ ឆ្នាំ២០១៧នេះ សមត្ថកិច្ចបង្ក្រាបគ្រឿងញៀនបានចំនួន១០៦គីឡូក្រាម កញ្ឆាក្រៀម ១៣គីឡូក្រាម ដើមកញ្ឆាជាង ១៤ម៉ឺនដើម និងឃាត់ខ្លួនជនសង្ស័យចំនួន ៨,១៩៦នាក់ ក្នុងនោះដែរកម្លាំងជំនាញ បានផ្សព្វផ្សាយអប់រំ ដល់មហាជនជាង ៣លាននាក់ទៀតផង។

នាយឧត្ដមសេនីយ៍ កែ គឹមយ៉ាន បានបន្ថែមថា ជាក់ស្តែង នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ គណៈកម្មការបំផ្លាញគ្រឿងញៀន បានដុតកម្ទេចចោលនូវគ្រឿងញៀន១២៦,៣១គីឡូក្រាម មានដូចជា៖ មេតំហ្វេតាមីន ហេរ៉ូអ៊ីន ម៉ាទឹកកក អ៊ិចស្តាស៊ី ជាដើម៕




សមាគមទូរទស្សន៍កម្ពុជា​ ច្រានចោ​លសេចក្តីថ្លែងការណ៍របស់បក្ស​ប្រឆាំងដែលបង្កប់​ចរិតពិសពុលទ​ម្លាក់​កំហុស​មិនសមហេតុផល​មកលើសារព័ត៌មាន

សមាគមទូរទស្សន៍កម្ពុជា បានចេញសេចក្តីថ្លែងការណ៍ ច្រានចោលសេចក្តីថ្លែងការណ៍របស់បក្សប្រឆាំងដែលបង្កប់ចរិតពិសពុលទម្លាក់កំហុសមិនសមហេតុផលមកលើសារព័ត៌មាន និងថែមទាំងបានបំពានតួនាទីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សមាគមទូរទស្សន៍កម្ពុជា ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

សមាគមទូរទស្សន៍ បានបញ្ជាក់ថា ស្ថានីយ៍ទូរទស្សន៍ឯកជន មិនមែនជាកម្មសិទ្ធិរបស់គណបក្សនយោបាយណាមួយទេ។ ស្ថានីយ៍ទូរទស្សន៍ឯកជននានា មានសិទ្ធិពេញលេញដោយឯករាជ្យក្នុងការជួលម៉ោងផ្សាយឱ្យគណបក្សនយោបាយដែលមានលទ្ធភាពជួលម៉ោងផ្សាយ។ សមាគមទូរទស្សន៍ ពិតជាទទួលបាននូវការជូនដំណឹងពីស្ថានីយ៍ទូរទស្សន៍ឯកជននានាថា បានជួលម៉ោងឱ្យ គណបក្សប្រជាជនកម្ពុជា ផ្សាយអំពីការហែក្បួនឃោសនាបោះឆ្នោតនៅថ្ងៃ ចុងក្រោយ។ យោងតាមការបញ្ជាក់ពីស្ថានីយ៍ទូរទស្សន៍ឯកជននានាគឺ គណបក្សសង្រ្គោះជាតិ មិនបានទាក់ទងជួលម៉ោងផ្សាយនៅបណ្តាស្ថានីយ៍ទូរទស្សន៍ឯកជនណាមួយនោះទេ។

សមាគមទូរទស្សន៍ ក៏បានបញ្ជាក់ថា ការចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧ របស់គណបក្សសង្រ្គោះជាតិ គឺជាសេចក្តីថ្លែងការណ៍មួលបង្កាច់ដែលគ្មានការទទួលខុសត្រូវនិងសេចក្តីថ្លែថ្នូរ ដែលជាការឆ្លុះបញ្ចាំងសារជាថ្មីឱ្យឃើញពីសារជាតិរបស់អ្នកនយោបាយចាញ់ ឆ្នោតដែលតែងតែឡាំប៉ា ក៏ប៉ុន្តែបែរជាគ្មានសេចក្តីក្លាហានប្រកាសបោះបង់ចោលនូវលទ្ធផលឆ្នោតនិងអាសនៈដែលខ្លួនទទួលបាននោះទៅវិញ៕


គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ ​ចុះបង្ក្រាប​គ្រឿងសំអាង​ក្លែងក្លាយ​

នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ចុះបង្ក្រាបគ្រឿងសំអាងក្លែងក្លាយ ដោយបង្កហានិភ័យដល់សុខភាព និងសុវត្ថិភាពសង្គម ហើយត្រូវបានយកទៅរក្សាទុកនៅក្រសួងមហាផ្ទៃ ជាបណ្តោះអាសន្ន។

ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅនៅចំណុចផ្ទះលេខ២០B តាមផ្លូវលេខ៣២៨ ស្ថិតនៅក្រុម២៤ ភូមិ៤ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ ដឹកនាំដោយលោកព្រះរាជ្ញារង ងិន ពេជ្រ និងលោកឧត្ដមសេនីយ៍ត្រី ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាន និងប្រធានក្រុមប្រតិបត្តិការពិសេសក្រសួងមហាផ្ទៃ ដែលកម្លាំងសមត្ថកិច្ចចម្រុះ សហការជាមួយនគរបាលប៉ុស្តិ៍។

សមត្ថកិច្ចបានថ្លែងថា មុនដំបូងឃាត់ម៉ូតូរ៉ឺកម៉កកង់បី រៀបដឹកគ្រឿងសំអាងចម្រុះយកទៅចែកចាយ ហើយកម្លាំងសមត្ថកិច្ចធ្វើការឃាត់ និងត្រួតពិនិត្យរួចបន្ដឈានចូលឆែកក្នុងផ្ទះទៀត ដោយសង្ស័យផលិតផលិតក្លែងក្លាយ បង្កគ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់៕




ក្រសួងធនធានទឹក បង្ហាញស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ ប្រចាំថ្ងៃទី២៧ ខែមិថុនានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៧ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម

សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


ព្រឹទ្ធសភា នឹងបើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃទី២៩ មិថុនា ដើម្បីប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី

ព្រឹទ្ធសភា នឹងបើកសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ក្រោមអធិបតីភាព លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយពិភាក្សាលើរបៀបវារៈចំនួន២ នេះបើតាមការប្រកាសរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភានៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ។

អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា បានអោយដឹងថា របៀបវារៈ២នោះ រួមមាន៖
១៖ ការប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី
២៖ ពិនិត្យ និងអោយយោបល់លើសេចក្តីស្នើច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា៕


លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន៖​ ការ​លើក​ឡើង​ថាការបោះឆ្នោត​មិនទាន់​មាន​សេរីភាព​ និងយុត្តិធម៌​គ្រប់គ្រាន់​​ព្រោះ​តែ​ផែនការ​ដណ្តើមយកព្រឹទ្ធសភាត្រូវបរាជ័យ

លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ថ្លែងថា​ ការលើក​ឡើងថា​ ការបោះ​ឆ្នោត​នៅកម្ពុជា​មិនទាន់មាន​សេរីភាព និង​យុត្តិធម៌​គ្រប់គ្រាន់​នោះ​ ក៏ព្រោះតែ​ផែនការ​ដណ្តើមយក​ព្រឹទ្ធសភា​ត្រូវបរាជ័យ។ លោក​ បានថ្លែង​ដូចនេះ ​នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សសាលាភូមិន្ទរដ្ឋបាលសរុប ៧៥១អង្គ/នាក់ នៅវិទ្យាស្ថានជាតិអប់រំ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានប្រកាសលទ្ធផលផ្លូវការហើយ គណបក្សប្រជាជនកម្ពុជា បានប្រកាសទទួលយកលទ្ធផលបោះឆ្នោតនេះ ហើយចាត់ទុកថាការបោះ​ឆ្នោតនេះ គឺជាការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ប៉ុន្តែបែរជាបក្សនយោបាយ និងអង្គការរដ្ឋាភិបាលមួយចំនួន ចាត់ទុកថាមិនទាន់សេរីទៅវិញ ការលើកឡើងនេះព្រោះផែនការដណ្តើមយកព្រឹទ្ធសភា ដើម្បីក្លាយទៅជាប្រមុខរដ្ឋស្តីទី ត្រូវបានរលាយផុតទៅហើយ ដូចនេះហើយបានជាគេថា មិនសេរីនោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានបញ្ជាក់ថា លោកគឺជាមនុស្សដំបូង ដែលស្នើសុំជំនួយបរទេស សម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ដែលក្នុងនោះមានទាំងការចុះឈ្មោះឡើងវិញផងដែរ។ ចំណែកខាងគណបក្សប្រឆាំង ស្នើសុំតែកែទម្រង់ គ.ជ.ប ប៉ុណ្ណោះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧ បន្ទប់ស្ថានការណ៍បោះឆ្នោត ក្នុងនោះមានអង្គការសង្គមស៊ីវិលមួយចំនួន បានវាយតម្លៃ ចុងក្រោយមួយថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ នៅកម្ពុជា មានភាពវិជ្ជមាន និងប្រសើរជាងមុន។ ប៉ុន្ដែទោះជាយ៉ាងណា បន្ទប់ស្ថានការណ៍នៅតែអះអាងថា មានភាពមិនប្រក្រតី ហើយរឹតត្បិតសេរីភាព។ គណបក្សប្រជាជនកម្ពុជា រួមទាំងគណបក្សផ្សេងៗមួយចំនួនទៀត បានប្រកាសទទួលយកនូវលទ្ធផលផ្លូវការ ដែលផ្សព្វផ្សាយដោយគ.ជ.ប។ គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានកត់សម្គាល់ថា កិច្ចដំណើរការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សា៕





មន្ទីរពេទ្យរុស្ស៊ី ​បានពិនិត្យ​ និងព្យាបាល​អ្នកជំងឺ​ជាង៧ពាន់នាក់​ ក្នុងរយៈពេល​១សប្តាហ៍​

បើតាមរបាយការណ៍របស់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (មន្ទីរពេទ្យរុស្ស៊ី) បានឲ្យដឹងថា រយៈពេល៧ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ មានអ្នកជំងឺទាំងអស់៧,៥២៣នាក់ បានចូល និងចេញពិនិត្យ ព្យាបាលជំងឺ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូរៀត។

ក្នុងរយៈពេល៧ថ្ងៃនេះ មានអ្នកជំងឺមកទទួលសេវាពិនិត្យព្យាបាល ផ្នែកពិគ្រោះជំងឺក្រៅមានចំនួន ៦,៨៥៥នាក់ និងអ្នកជំងឺចូលសម្រាក និងព្យាបាលជាចេញពីមន្ទីរពេទ្យទៅផ្ទះវិញមានចំនួន ៦៦៨នាក់។

ជំងឺទាំងនោះបានមកពិនិត្យ និងព្យាបាលដែលមានផ្នែកដូចជា៖ ផ្នែកជំងឺបេះដូង និងលោហិតសាស្ត្រ ផ្នែកជំងឺប្រព័ន្ធរំលាយអាហារ ផ្នែកជំងឺទូទៅ និងសន្លាក់ ផ្នែកជំងឺឆ្លង ផ្នែកប្រពោធនកម្មវេជ្ជសាស្ត្រ ផ្នែកជំងឺសរសៃប្រសាទ ផ្នែកជំងឺសួត និងរបេង ផ្នែកជំងឺមហារីក ផ្នែកជំងឺពិគ្រោះផ្លូវចិត្ត ផ្នែកជំងឺកុមារ ផ្នែកជំងឺសង្គ្រោះបន្ទាន់ ផ្នែកជំងឺវះកាត់ពោះ និងទ្រូង ផ្នែកជំងឺវះកាត់បាក់បែក និងសរសៃរប្រសាទ ផ្នែកជំងឺវះកាត់កុមារ និងកែលម្អ ផ្នែកជំងឺវះកាត់ប្រព័ន្ធទឹកនោម ផ្នែករោគស្ត្រី ផ្នែកសម្ពព ផ្នែកជំងឺត្រចៀក បំពង់ក ច្រមុះ ផ្នែកចក្ខុរោគ ផ្នែកទន្តសាស្ត្រ ផ្នែកជំងឺមុន និងក្រោយវះកាត់ និងមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ៕



អភិបាល​ខេត្តកំពង់​ចាមថ្មី ត្រូវបាន​ប្រកាសចូល​កាន់តំណែង​ផ្លូវការ ជំនួសលោ​ក លន់ លឹមថៃ នៅព្រឹកនេះ

អភិបាលខេត្តកំពង់ចាមថ្មី លោក គួច ចំរើន ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្ត ជំនួសលោក លន់ លឹមថៃ ដែលចូលនិវត្តន៍នោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ដ្រី ស ខេង ។

នៅរសៀលថ្ងៃនេះដែរ លោក ស ខេង នឹងអញ្ជើញទៅប្រកាសតែងតាំងអភិបាលខេត្តត្បូងឃ្មុំថ្មី លោក លី ឡេង ជំនួសលោក ប្រាជ្ញ ច័ន្ទ ដែលចូលនិវត្តន៍។
ចំណែកនៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ លោក ស ខេង នឹងចូលរួមកម្មវិធីប្រកាសផ្លូវការ ឲ្យលោក ឃួង ស្រេង ចូលកាន់តំណែងជាអភិបាលរាជធានីភ្នំពេញ ជំនួសលោក ប៉ា សុជាតិវង្ស ផងដែរ៕