នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន រដ្ឋមន្រ្តីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការរៀបចំដំណើរការកាត់ក្តីមេដឹកនាំខ្មែរក្រហម បានថ្លែងថា គ្មានប្រជាជនកម្ពុជាណាម្នាក់អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាលក្នុងសម័យប៉ុល ពត ទេ។ លោក បានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការ មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។
លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានបញ្ជាក់ថា គ្មានប្រជាជនកម្ពុជាណាម្នាក់ អាចបំភ្លេចបាននូវសោកនាដកម្ម និងការកាប់សម្លាប់រង្គាលដែលបានប្រព្រឹត្តឡើង ដោយរបបកម្ពុជាប្រជាធិបតេយ្យក្នុងអំឡុងពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គឺនៅចន្លោះ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ១៩៧៩ដែលក្រុមប៉ុល ពតកាន់អំណាចនោះទេ។
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ក៏បានបញ្ជាក់ថា សូម្បីតែក្មួយៗដែលកើតក្រោយឆ្នាំ១៩៧៩ ដែលមិនបានជួបប្រទះ និងឆ្លងកាត់ដោយផ្ទាល់នូវឧក្រិដ្ឋកម្មទាំងនោះ ក៏ទទួលរងនូវបន្ទុកដ៏ធ្ងន់ធ្ងរនេះដែរ ដោយបានឃើញឪពុកម្តាយ និងសាច់ញាតិប្រុសស្រីរបស់ខ្លួន បន្តរស់នៅជាមួយភាពឈឺចាប់ខ្លោចផ្សានេះនៅឡើយ៕
No comments:
Post a Comment