Saturday, July 09, 2022

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបញ្ចេញផ្សាយវីដេអូ៖ ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្តេចតេជោ ហ៊ុន សែន រួមគ្នា ទប់ ទល់ ជាមួយ វិបត្តិសកល


នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២នេះ អង្គភាព ព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយវីដេអូថ្មីមួយទៀត មានរយៈ ពេល ជាង១៣ នាទី ក្រោមចំណងជើងថា ប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន រួមគ្នាទប់ទល់ជាមួយវិបត្តិសកល។


វីដេអូនេះ បានរំលេចនូវការ ងើបឡើងវិញ នៃរោគ រាត ត្បាតកូវីដ-១៩នៅកម្ពុជា ហើយជាពិសេស «បញ្ហាប្រឈមនៃ វិបត្តិប្រេង ឥន្ទនះ» ដែលបច្ចុប្បន្ន ពិភពលោកបាននិងកំពុងឆ្លងកាត់ព្យុះសង្ឃរាដ៏គ្រោះថ្នាក់ ដែលបង្កើតជាវិបត្តិសាកលយ៉ាងធំធេង ដោយ គ្មានប្រទេសណាមួយអាចគេចផុតបានឡើយ។ មិន ថាប្រទេសធំ ប្រទេសតូច ប្រទេសក្រីក្រ ឬប្រទេស អ្នក មាន នោះទេ គឺសុទ្ធសឹង តែកំពុង ទទួល រងនូវ ឥទ្ធិពល ក្នុងកំរិត និង ទំហំ ខុសៗ គ្នាពី វិបត្តិ សាកល នោះ។

បញ្ហាទី១៖ គឺជំងឺកូវីដ-១៩ ដែលរហូតមក ទល់ ពេលនេះ ពិភពលោក នៅមិនទាន់ អាច ប្រយុទ្ធ យក ឈ្នះ លើជំងឺនេះ បាននៅឡើយ។ ជំងឺឆ្លង លាក់ មុខ ដ៏កាច សាហាវនេះ បានធ្វើ ឲ្យសេដ្ឋកិច្ច ពិភព លោក ស្ទើរ តែទប់ខ្លួនមិនជាប់។

បញ្ហាទី២៖ ខណៈដែល ពិភពលោក កំពុងប្រយុទ្ធ តទល់ ជាមួយ កូវីដ-១៩ យ៉ាងសកម្ម ក្លៀវក្លា ដោយ ចំណាយ ទាំងថវិកា និងកម្លាំងធនធាន មនុស្ស យ៉ាង សម្បើម ស្ទើរតែអូសជើងទៅហើយនោះ ស្រាប់តែ សង្គ្រាម នៅអ៊ុយក្រែន ក៏បាន និង កំពុង ផ្ទុះ កក្រើក ឡើង មួយទៀត។ ប៉ុន្តែ ងាកមក មើល ព្រះរាជា ណាចក្រ កម្ពុជាយើងវិញ គឺពិតជាភ័ព្វ សំណាង ល្អណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរ ដែលបញ្ហា កូវីដ- ១៩ ត្រូវបានរាជរដ្ឋាភិបាល ដឹកនាំ ដោយ សម្តេច តេជោ ហ៊ុន សែន ទប់ទល់និងគ្រប់គ្រងបានយ៉ាងល្អ និងមាន ប្រសិទ្ធិភាពខ្ពស់។ លទ្ធផលដ៍គាប់ ប្រសើរ ដែល ទទួលបាន នេះ ក៍ដោយ សារការ បោះ ជំហាន ដើរពី ដំណាក់ កាលមួយ ទៅដំណាក់ កាលមួយ ក៍ដូចជាវិធានការឆ្លើយតបនានាត្រូវបានដាក់ចេញយ៉ាងត្រឹមត្រូវ និងទាន់សភាពការណ៍ ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក្នុងនោះនយោបាយចាក់ស្រោចវ៉ាក់សាំង គឺជា យុទ្ធសាស្ត្រដ៏សំខាន់បំផុតមួយ។

បទពិសោធន៍ដ៏ជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានបង្ហាញយ៉ាងច្បាស់ថា មាន កត្តា សំខាន់២ រួមបញ្ចូលគ្នាទើបអាច សម្រេចលទ្ធផល ល្អប្រសើរ បែបនេះបាន៖ទី១ គឺរាជរដ្ឋា ភិបាល សម្រេចចិត្តខាងនយោបាយដ៏ត្រឹមត្រូវ និងទី២៖ ការជឿទុកចិត្ត និងការចូលរួមគាំទ្រ ពីសំណាក់ ប្រជា ពលរដ្ឋ។

ដោយសារការទប់ទល់ជាមួយជំងឺកូវីដ-១៩ បានល្អ សេដ្ឋកិច្ចកម្ពុជា ក៍បានចាប់ផ្តើមស្ទុះងើប ឡើងវិញ ជា បណ្តើរៗ។ ប៉ុន្តែ ទន្ទឹមនឹងនោះ កម្ពុជាក៏ត្រូវប្រឈម មុខ ដោះស្រាយវិបត្តិប្រេងឥន្ធនៈដែលជាឥទ្ធិពល នៃសង្គ្រាម អូសបន្លាយ នៅអ៊ុយក្រែន។ វិបត្តិនេះក៍កំពុងតែវាយលុកនៅពេញពិភពលោក ដែលធ្វើឲ្យប្រទេសនានាជួបប្រទះការលំបាក យ៉ាងខ្លាំង ដោយសារតែតម្លៃប្រេង និងឧស្ម័ន ដែល ជាតម្រូវការចាំបាច់របស់មនុស្សជាតិនៅលើពិភពលោកបន្តឡើងថ្លៃឥតឈប់ឈរ។

ដូច្នេះ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈក្នុងកាលៈទេសៈនេះ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងសង្គម គឺជាកត្តាចាំបាច់និងមិនអាចខ្វះបានឡើយ។ ពេលនេះរាជរដ្ឋាភិបាលបាននិងកំពុងរិះរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយវិបត្តិប្រេងឥន្ធនៈតាមរយៈការបង្កើនស្តុកប្រេងឲ្យបានច្រើន និងការធានាឲ្យមានប្រេងគ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់ទីផ្សារ ក៏ដូចជាការរក្សាលំនឹងសេដ្ឋកិច្ច និងលំនឹងជីវភាពរបស់ប្រជាពលរដ្ឋ។

រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន មានជំនឿជឿជាក់ និងសុទិដ្ឋិ និយម ថា ដោយមានការគាំទ្រដ៍រឹងមាំ និង ការចូលរួម យ៉ាង សកម្ម ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន យើងពិត ជានឹង អាច ទប់ ទល់ និងពុះពារ ដោះស្រាយ ឆ្លងកាត់ នូវវិបត្តិ សកល នេះបានដោយជោគជ័យជាក់ជាមិនខាន ដើម្បីរួម គ្នាបន្ត ដំណើរកសាង និងអភិវឌ្ឍ មាតុភូមិ កម្ពុជា និងក្រុមគ្រួសារ យើងតទៅ មុខទៀត ក្រោម ម្លប់ នៃសុខសន្តិភាព៕

សូមអញ្ជើញទស្សនាវីដេអូ៖


ព្រះមហាក្សត្រ កោតសរសើរ សម្ដេចតេជោ ហ៊ុន សែន ដែលដឹកនាំប្រកបដោយភាពវៃឆ្លាតធ្វើឱ្យកម្ពុជាទទួលជ័យជម្នះយ៉ាងត្រចះត្រចង់លើការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ


(បាត់ដំបង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំប្រទេសប្រកបដោយភាពឆ្លាតវៃ ធ្វើឱ្យកម្ពុជាទទួលជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។



ការកោតសរសើរនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមរយៈព្រះរាជសន្តរកថា ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលថា «ខ្ញុំព្រះករុណា ខ្ញុំ ពិតជាមានសេចក្តីរីករាយ និងសូមកោតសរសើរ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលតាំងពីប្រទេសកម្ពុជាយើងទទួលរងនូវបរិបទជំងឺកូវីដ-១៩ បានដឹកនាំដ៏វៃឆ្លាតប៉ិនប្រសប់ និងគ្រប់គ្រងដោះស្រាយបាននូវជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងការប្រយុទ្ធទប់ទល់ដោយជោគជ័យប្រឆាំងការរាតត្បាតនៃជំងឺកូវីដ-១៩ នេះ នៅក្នុងសង្គមជាតិកម្ពុជា»។

ព្រះមហាក្សត្រមានព្រះបន្ទូលបន្តថា «អាស្រ័យដោយជ័យជម្នះដ៏ប្រសើរនេះ រាល់សកម្មភាពនៃសង្គមបានងើប ឡើងវិញ ហើយបានចាប់ដំណើរការការងារជាបណ្តើរៗលើគ្រប់វិស័យ ។ ជាពិសេសនៅពេលនេះ យើងបានប្រារព្ធពិធី រុក្ខទិវា ឡើងវិញ បន្ទាប់ពីអាក់ខានអស់រយៈពេលពីរឆ្នាំកន្លងទៅ» ។

ព្រះអង្គបានចាត់ទុកថា សមិទ្ធផលទាំងអស់នេះ បានផ្ដល់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានរស់នៅប្រកបដោយ សុខុមាលភាព មានសន្តិសុខ សណ្តាប់ធ្នាប់ល្អរុងរឿង និងមានកេរ្តិ៍ឈ្មោះល្បីរន្ទឺលើឆាកអន្តរជាតិ ។

ទោះជាយ៉ាងណាក៏ដោយ ស្ថិតក្នុងកាលៈទេសៈនេះ ព្រះមហាក្សត្រ សូមអំពាវនាវសូមបងប្អូន ជនរួមជាតិទាំងអស់ មេត្តាបន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន និងហ្មត់ចត់ ដើម្បីទទួល បានសុខភាពល្អប្រសើរ បន្តប្រតិបត្តិការងារ និងប្រកបអាជីវកម្មប្រចាំថ្ងៃ ទៅតាមគន្លងថ្មីជាមួយនឹង ជំងឺរាតត្បាតកូវីដ-១៩ ដែលមិនទាន់រលត់សាបសូន្យនៅឡើយ៕












ព្រះមហាក្សត្រ អំពាវនាវឲ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងចាប់សត្វព្រៃដោយខុសច្បាប់


(បាត់ដំបង)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានអំពាវនាវ ឲ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រានដុតឈូសឆាយដីព្រៃ និងចាប់សត្វព្រៃដោយខុសច្បាប់។



ការអំពាវនាវនេះ បានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍ ទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងឱកាសដែលព្រះអង្គសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីប្រារព្ធព្រះរាជពិធី «រុក្ខទិវា ៩ កក្កដា» ដែលប្រារព្ធធ្វើឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។

តាមរយៈព្រះរាជសន្តរកថា ព្រះមហាក្សត្របានមានព្រះបន្ទូលថា នាឱកាសនៃការប្រារព្ធពិធី រុក្ខទិវា ព្រះអង្គសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងនោះក៏មានដើមត្នោតផងដែរនៅតាមទីវត្តអារាមទីសាធារណៈនិងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិ តាមដងប្រឡាយ ភូមិដ្ឋាននានា និងតាម ភ្លឺស្រែចម្ការ ដើម្បី បានម្លប់ជាជម្រកមនុស្ស ស័ព្ទ ហើយបានជាឈើ សំណង់ អុស ធ្យូង បង្កើនជីវជាតិដីកសិកម្ម ជួយទប់ កម្លាំងខ្យល់កន្ត្រាក់ ស្របឧស្ម័នកាបូនិច និងបម្រែ បម្រួលធាតុអាកាសផងដែរ។

ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា ជាពិសេសគួរយកចិត្តទុកដាក់រួមគ្នាបង្កើតគំនិតថ្មីមួយ ទុកជាទម្លាប់ដើម្បីឱ្យគ្រូស្រុករដែល ទើបរៀបអាពាហ៍ពិពាហ៍ចូលរួមដាំដើមឈើទុកជាអនុស្សាវរីយ៍នៅសួនអាពាហ៍ពិពាហ៍ សួនព្រៃឈើ លំហែកំសាន្ត ដែលបានបង្កើតឡើងដោយ រដ្ឋបាលរាជធានី-ខេត្ត រដ្ឋបាលព្រៃឈើឱ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ។

«ម្យ៉ាងទៀតសូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូស ឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែរក្សាការពារ ព្រៃឈើជាពិសេសការពារភ្លើងឆេះព្រៃនៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារឱ្យបាន នូវធនធានព្រៃឈើសម្រាប់កូនចៅរបស់យើងជំនាន់នេះនិងជំនាំន់ក្រោយៗទៀត។ ពិសេសត្រូវចូល រួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយ ភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើផល អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយ ណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស»។

ជាថ្មីម្ដងទៀត ព្រះមហាក្សត្រ សូមអរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាមិត្ត អង្គការ ជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ-សត្វព្រៃ ក៏ដូចជាការចូលរួមក្នុងការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជាក្នុងពេលអតីតកាល និងបច្ចុប្បន្ន ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេច គោលដៅអភិវិឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។

ព្រះករុណា ជាអម្ចាស់ជីវិតតម្កល់លើត្បូង សូមថ្លែងអំណរព្រះគុណ និងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះព្រះសង្ឃ គ្រប់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើព្រមទាំង រដ្ឋបាលខេត្តបាត់ដំបង ដែលបានយកចិត្តទុកដាក់សហការយ៉ាងល្អប្រសើរ ជាមួយក្រសួងព្រះបរម រាជវាំង និងគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ រៀបចំពិធី រុក្ខទិវា ក្នុងខេត្តបាត់ដំបង យើងនេះ ប្រកបដោយជោគជ័យ។

ព្រះអង្គសូមឧទ្ទិសពិធី រុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍន៍ធនធាន ព្រៃឈើ-សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូតតទៅ។ ការដាំឈើគឺជាការវិនិយោគបៃតង លើធម្មជាតិដែលផ្ដល់ពហុប្រយោជន៍សម្រាប់មនុស្សជាតិយើងទាំងអស់គ្នា សត្វ និងភពផែនដី៕




















ព្រះរាជសុន្ទរកថា ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធី រុក្ខទិវា នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ស្ថិតនៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង

 

Royal Speech of His Majesty Preah Bat Samdech Preah Boromneath NORODOM SIHAMONI, King of Cambodia on the Occasion of Tree Planting Day at the Sombuor Meas Forest Promotion and Rehabilitation Station