Monday, January 04, 2016

រដ្ឋសភាកំពុងបើកចំហរយ៉ាងទូលាយក្នុងការកែលម្អ សេចក្តីព្រាងច្បាប់ស្តីពីសហជីព

ក្រុមការងារចំពោះកិច្ច នៃតំណាងរាស្រ្តគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា គឺ គណបក្សប្រជាជនកម្ពុជា និង គណបក្សសង្រ្គោះជាតិ បានជួបប្រជុំ នៅរសៀលថ្ងៃចន្ទ ទី៤ ខែមករា ឆ្នាំ២០១៦ នេះដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីសហជីព នៅវិមានរដ្ឋសភា។
ជំនួបពិភាក្សានេះ បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានក្រុមការងារចំពោះកិច្ច និងឯកឧត្តម សុន ឆ័យ អនុប្រធាន។
សេចក្តីព្រាងច្បាប់ស្តីពីសហជីព ដែលរដ្ឋសភាបានទទួលពីរាជរដ្ឋាភិបាល មានចំនួន១៧ជំពួក និងចែកចេញជា១០០មាត្រា។ មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានលើកឡើងថា រដ្ឋសភាបានកំពុងធ្វើឲ្យសេចក្តីព្រាងច្បាប់ស្តីពីសហជីព មានលក្ខណៈប្រសើរ ដែលអាចទទួលយកបានគ្រប់ភាគី ដោយក្នុងនោះ ក្រុមការងារចំពោះកិច្ច នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា បានជួបជាមួយ ប្រធានសហជីពជាច្រើន នាពេលថ្មីៗនេះ ដើម្បីស្តាប់មតិ យោបល់ របស់ពួកគេ ក្នុងការកែលម្អរ សេចក្តីព្រាងច្បាប់នេះ។
ដោយឡែក នៅក្នុងសេចក្តីថ្លែងហេតុដែលរាជរដ្ឋាភិបាល បានភ្ជាប់មកជូន រដ្ឋសភា ជាមួយ សេចក្តីព្រាងច្បាប់ បានឲ្យដឹងថា បច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា មានសហជីពមូលដ្ឋានចំនួន ៣ ២១៤ សហជីព សហព័ន្ធសហជីព ចំនួន ៨៤ សហព័ន្ធ សហភាពសហព័ន្ធសហជីព ចំនួន១៣ សហភាព និងសមាគមនិយោជក ចំនួន ៥ សមាគម។
សេចក្តីថ្លែងហេតុបានគូសបញ្ជាក់ថា “រាជរដ្ឋាភិបាលចាត់ទុកបណ្តា សហជីព និងអង្គការវិជ្ជាជីវៈ ទំាងអស់ ជាដៃគូសង្គម ហើយសហជីព និងអង្គការវិជ្ជាជីវៈ ទំាងនេះក៏បានចូលរួមចំណែក ក្នុងការការពារសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់កម្មករ និយោជិត និងលើកកម្ពស់ការអភិវឌ្ឍជាតិ បើទោះបីជានៅមានការប្រឈមខ្លះក៏ដោយ “។
រាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ក្នុងទស្សនៈ ដើម្បីលើកស្ទួយការប្រើប្រាស់សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានរៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសហជីព ដោយអនុលោមទៅតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣៦ និងច្បាប់ស្តីពីការងារ ត្រង់ជំពូកទី១១ ព្រមទំាងអនុសញ្ញាអន្តរជាតិ ខាងការងារលេខ៨៧ និង៩៨។
រាជរដ្ឋាភិបាលបានចាត់ទុកសេចក្តីព្រាងច្បាប់សហជីព គឺជាសមិទ្ធផលថ្មីមួយក្នុងការអភិវឌ្ឍក្របខ័ណ្ឌគតិយុត្តមួយ ក្នុងគោលបំណងដើម្បីគំាទ្រ ការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា។
ជំនួបពិភាក្សា របស់ក្រុមការងារចំពោះកិច្ចនៅពេលនេះ បានពិភាក្សា និងផ្តល់យោបល់ លើមតិយោបល់ ដែលទទួលបានពីប្រធានសហជីព នាពេលកន្លងមាន ដែលមានជាប់ទាក់ទងលើមាត្រាចំនួន ១៩មាត្រា ក្នុងចំណោមមាត្រាទំាង១០០ ក្នុងសេចក្តីព្រាងច្បាប់នេះ។
នៅជាមួយគ្នានេះ ក្រុមការងារចំពោះកិច្ច នៃគណបក្ស ដែលមានអាសនៈក្នុងរដ្ឋសភា បានកំណត់ថា នឹងរៀបចំសិក្ខាសាលា ពិគ្រោះយោបល់ លើសេចក្តីព្រាងច្បាប់នេះ នាពេលខាងមុខទៀតផង ដើម្បីមានការចូលរួមកាន់តែទូលំទូលាយ ពីអ្នកពាក់ព័ន្ធ ដើម្បីឲ្យសេចក្តីព្រាងច្បាប់សហជីពនេះ ក្លាយជាច្បាប់មួយ ដែលបម្រើផលប្រយោជន៍ប្រទេស និងប្រជាពលរដ្ឋពិតប្រាកដ៕




បទយក​ការណ៍ ស្តីពីឱកាស​ការងារ​សមរម្យ និងការ​អភិវឌ្ឍ​អាជីព នៅក្រុ​មហ៊ុន Sanofi Cambodia. (167)

គុណបំណា​ច់ដ៏ថ្លៃថ្លានៃថ្ងៃ ៧ មករា

វិចារណកថា
គុណបំណា​ច់ដ៏ថ្លៃថ្លានៃថ្ងៃ ៧ មករា

ថ្វីត្បិតតែ​មហាជ័យជំនះ ៧មករា បានឈានមកដល់​ខួបលើកទី៣៧ឆ្នាំ សម្រាប់ឆ្នាំ២០១៦នេះក្តី ក៏ទំព័រប្រវត្តិសាស្ត្រនេះ ស្ថិតនៅដិតជាប់ដួងចិត្តប្រជាជន ជាពិសេសយុវជន និងយុវតីកម្ពុជាជានិច្ច  ហើយព្រឹត្តិការណ៍នេះហាក់បីដូចជានៅថ្មីៗមិនអាចបំភ្លេចបានឡើយ។
ក្នុងកាលៈទេសៈ ដែលប្រទេសជាតិបានធ្លាក់ចូលទៅក្នុងគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គឺមានតែថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងយុទ្ធមិត្តដ៏ស្មោះត្រង់របស់បក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងប្រយុទ្ធប្រកបដោយវីរៈភាពបំផុត ដើម្បីផ្តួលរំលំរបបយង់ឃ្នងនេះឲ្យវិនាសសាបសូន្យពីមាតុភូមិកម្ពុជា ហើយនាំមកនូវ ឯករាជ្យ សេរីភាព សន្តិភាព និងការរស់ឡើងវិញដល់ប្រជាជនកម្ពុជា។
មហាជ័យជំនះ ៧មករា ១៩៧៩ បានសង្គ្រោះជាតិឲ្យរស់ឡើងវិញទាន់ពេលវេលា ហើយបានដណ្តើមមកជូនប្រជាពលរដ្ឋវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាង ជាពិសេសសិទ្ធិរស់រានមានជីវិតរបស់ប្រជាពលរដ្ឋ និងបានបើកឡើងនូវទំព័រថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា។ ប្រជាពលរដ្ឋទាំងអស់នៅតែចងចាំជានិច្ចថា ថ្ងៃ ៧ មករា គឺជាថ្ងៃកំណើតទី២ របស់ខ្លួន។
រយះពេល ៣៦ឆ្នាំកន្លងមកនេះ ដោយផ្តើមចេញពីចំណុចសូន្យ និងត្រូវរ៉ាប់រងនូវផលវិបាកយ៉ាងធ្ងន់ធ្ងរដោយសង្គ្រាមស៊ីវិល និងរបបប្រល័យពូជសាសន៍បានបន្សល់ទុក ព្រមទាំងការប្រឈម   នឹងវិបត្តិសេដ្ឋកិច្ចសកលលោកផងនោះ រាជរដ្ឋាភិបាលអាណត្តិទី៥ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំប្រឹងប្រែងជំនះនូវរាល់ឧបសគ្គ ជ្រោងខ្ពស់នូវជំហរមហាសាមគ្គីជាតិ បង្រួបបង្រួមជាតិ ឆ្លងកាត់ពីដំណាក់កាលរីកចម្រើនមួយ ទៅដំណាក់កាលរីកចម្រើនមួយទៀតជាបន្តបន្ទាប់ ឈានទៅសម្រេចបាននូវស្នាដៃជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិ មាតុភូមិ។
រាជរដ្ឋាភិបាល ក្រោមការដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានខិតខំស្តារ កសាង និងអភិវឌ្ឍប្រទេសពីបាតដៃទទេ រហូតមានអ្វីៗគ្រប់យ៉ាង រួមទាំងដំណើរការប្រជាធិបតេយ្យ ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យមានកំណើនជារៀងរាល់ឆ្នាំ ការគោរពសិទ្ធិមនុស្ស ជាពិសេសការធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខទូទាំងផ្ទៃប្រទេស ការផ្សះផ្សារបង្រួបបង្រួមជាតិ ឯកភាពទឹកដី និងការរស់នៅក្រោមដំបូលនៃច្បាប់រដ្ឋធម្មនុញ្ញ ដែលមានព្រះមហាក្សត្រគ្រងរាជ្យសម្បត្តិ។
ប្រជាពលរដ្ឋកម្ពុជា នៅតែចងចាំ និងដឹងគុណយ៉ាងច្បាស់ថា ៧មករា គឺជាថ្ងៃដ៏វិសេសវិសាលមិនអាចបំភ្លេចបានឡើយ។ គ្មានថ្ងៃ ៧ មករា គឺគ្មានជីវិតមកដល់ពេលនេះ គ្មានថ្ងៃ ៧ មករា គឺគ្មានការបង្រួបបង្រួមជាតិ គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ២៣ តុលា ១៩៩១ គ្មានគណបក្សនយោបាយចូលរួមការប្រកួតប្រជែង គ្មានការបោះឆ្នោតតាមបែបលទ្ធិប្រជាធិបតេយ្យ និងគ្មានការសម្តែងមតិដោយសេរី ដូចបច្ចុប្បន្នឡើយ។ មានន័យថា គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការលើកកម្ពស់តម្លៃសិទ្ធិមនុស្ស ផ្តល់សិទ្ធិពេញលេញជូនដល់ប្រជាពលរដ្ឋក្នុងការប្រកាន់យកនូវជំនឿសាសនា ការគោរពលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងការបើកទូលាយនូវសិទ្ធិបញ្ចេញមតិ សិទ្ធិនយោបាយ និងបានផ្តល់អំណាចសម្រាប់ប្រជាពលរដ្ឋដោយផ្ទាល់ ក្នុងការបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ដែលប្រព្រឹត្តិទៅរៀងរាល់៥ឆ្នាំម្តង ជាទៀងទាត់។ ប្រជាពលរដ្ឋគ្រប់រូបក៏មានសិទ្ធិដោយផ្ទាល់ និងដោយប្រយោល ក្នុងការជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ និងក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ថែមទៀត។ ជាងនេះទៀត ថ្ងៃ ៧មករា បានផ្តល់ឱកាសដល់ រាជរដ្ឋាភិបាលក្នុងការផ្តល់សេរីភាពយ៉ាងទូលាយដល់សង្គមស៊ីវិលប្រមាណជាង៣ពាន់ បានធ្វើសកម្មភាព យ៉ាងសកម្មនៅក្នុងសង្គម។ ប្រជាពលរដ្ឋក៏ទទួលបាននូវសិទ្ធិទទួលព័ត៌មាន តាមរយៈ វិទ្យុ ទូរទស្សន៍ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយសង្គម( Face Book You Tube Google Twitter ។ល។  តាមបែបទំនើបទៀតផង។ និយាយឲ្យងាយស្តាប់ជាងនេះ បើគ្មានថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ទេនោះ យុវជន យុវនារីសម័យថ្មីយើង ក៏មិនបានស្គាល់នូវអ្វីដែលហៅថា  Face Book You Tube Google Twitter .... នោះដែរ ហើយក៏គ្មានស្គាល់អ្វីទៅជា នំហាំប៊ើហ្គឺ នំភីហ្សា និងជាពិសេសទៅទៀតនោះគឺថ្ងៃបុណ្យនៃក្តីស្រឡាញ់ ( Valentine Day ) និងបុណ្យគ្រីស្តម៉ើស ( Christmas Day )ជាដើមនោះដែរ។
ម្យ៉ាងទៀត បើគ្មានថ្ងៃ ៧ មករា ក៏គ្មានសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់ដូចជា ស្ពាន ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ នោះដែរ។ ក្នុងរយៈពេល ៣៦ឆ្នាំកន្លងមកនេះ ប្រជាពលរដ្ឋបានទទួលនូវជីវភាពសម្បូរសប្បាយ មានចំណីអាហារហូបចុកគ្រប់គ្រាន់     ទីជម្រកសមរម្យ និងការប្រកបរបរទទួលទានតាមបែបទីផ្សារសេរី ហើយជាពិសេសកម្ពុជាបានធ្វើសមាហរណ៌កម្មទៅក្នុងតំបន់អាស៊ាន និងសកលលោក  ដែលធ្វើឲ្យកិត្យានុភាពរបស់កម្ពុជា បានឈានដល់ភាពស្មើមុខមាត់គ្នា ទាំងសេដ្ឋកិច្ច និងនយោបាយ លើឆាកអន្តរជាតិ និងក្នុងតំបន់។ ជាមួយគ្នានេះ កម្ពុជាក៏បានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត និងបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសកកម្មថែរក្សាសន្តិភាពនៅប្រទេសមួយចំនួនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ។

លើសពីនេះទៀត អ្វីដែលជាមោទនៈភាពបំផុត សម្រាប់សងគុណដល់ថ្ងៃ ៧ មករា គឺរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន បានធ្វើឱ្យសម្រេចបានការចុះបញ្ជីប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ និងសម្បត្តិវប្បធម៌អរូបិយនៃមនុស្សជាតិមួយ ចំនួនទៀតក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ហើយកម្ពុជាក៏ត្រូវបានជ្រើសរើសឱ្យធ្វើជាម្ចាស់ផ្ទះ ទទួលរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៅឆ្នាំ២០១៣ ជាឆ្នាំដែលកម្ពុជាធ្វើជាប្រធាននៃគណៈកម្មាធិការនេះទៀតផង។ កន្លងទៅថ្មីៗនេះទៀត ការបង្កើតបាននូវគណៈកម្មាធិការអន្តរជាតិ ដើម្បីការអភិរក្ស និងអភិវឌ្ឍ តំបន់ប្រាសាទព្រះវិហារ គឺជាជោគជ័យថ្មីមួយទៀតចំពោះការយកចិត្តទុកដាក់លើវិស័យវប្បធម៌របស់រាជរដ្ឋាភិបាល។ ជាស្នាដៃដ៏លេចធ្លោរនោះ គឺព្រះរាជាណាចក្រកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការរៀបចំកិច្ចប្រជុំជាលក្ខណៈអន្តរជាតិធំៗ ប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យគួរជាទីមោទនៈ និងទទួលបានការកោតសសើរពីបណ្តាប្រទេសជាមិត្តទាំងនៅអាស៊ី និងអឺរ៉ុប។ 
សមិទ្ធផល និងស្នាដៃដ៏ធំធេងទាំងអស់នេះហើយ ដែលជាទុនដ៏រឹងមាំសម្រាប់ប្រទេសកម្ពុជា ក្នុងការត្រៀមខ្លួនចូលរួមយ៉ាងសកម្ម ដើម្បីធ្វើសមាហរណកម្មនៃសហគមន៍អាស៊ានចាប់ពីឆ្នាំ២០១៦នេះតទៅ។
ជារួម បើទោះបីជាទិវាថ្ងៃមហាជ័យជំនះ ៧ មករា បានឈានមកដល់ខួបលើកទី ៣៧ឆ្នាំ ទៅហើយក្តី ក៏ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស នៅតែដឹងគុណជានិច្ចថា ជាថ្ងៃកំណើតទី២របស់ខ្លួន និងនៅតែចងចាំក្នុងដួងចិត្តជាអមតៈ ព្រោះបើគ្មានថ្ងៃ ៧ មករា ១៩៧៩ទេ ពេលនោះជាតិខ្មែរពិតជាបាត់ឈ្មោះនៅក្នុងផែនទីពិភពលោកជាមិនខាន។
ដូច្នេះ ជនអគតិដែលរមិលគុណ មិនទទួលស្គាល់ថ្ងៃប្រវត្តិសាស្ត្រនេះ ថាជាថ្ងៃនៃ  ការរស់ឡើងវិញរបស់ខ្លួនទេនោះ គឺជាជំពូកមនុស្សដែលក្បត់នឹងមនៈសិកា ជាជនដែលមិនទទួលស្គាល់នូវសច្ចៈភាពប្រវត្តិសាស្ត្រ។ អាចនិយាយបានម្យ៉ាងទៀតថា ដោយសារតែមហិច្ឆតាអំណាច និងនយោបាយ ពួកគេថែមទាំងហ៊ាននិយាយបំភ្លៃ មួលបង្កាច់ និងចោទប្រកាន់ ថាជាថ្ងៃឈ្លានពានរបស់កងទ័ពវៀតណាមទៅវិញ បើទោះបីជាឪពុក ម្តាយ បងប្អូន កូនក្មួយ មាមីង ជីដូន ជីតា និងញាតិមិត្ត របស់ពួកគេត្រូវបានកាប់សម្លាប់យ៉ាងវេទនា ដោយការវាយនឹងត្បូងចប អារកនឹងធាងត្នោត បាញ់សម្លាប់ ទម្លាក់ក្នុងរណ្តៅតែមួយ រាប់រយ រាប់ពាន់នាក់ក៏ដោយ។ ក្រុមមនុស្សដែលពុំបានរួមចំណែកក្នុងចលនារំដោះជាតិ រំដោះទឹកដី មួយចំនួនតូចនោះ ពួកគេបែរជាឆ្លៀតយកឱកាសនេះធ្វើការរិៈគន់ ជេរប្រមាថ ញុះញង់ បង្កអសន្តិសុខសង្គម យ៉ាងងងើល និងអសីលធម៌ទៅវិញ។ ពួកគេភ្លេចគិតថា ការដែលពួកគេបានធ្វើនយោបាយ និងធ្វើសកម្មភាពប្រឆាំងនឹងរាជរដ្ឋាភិបាលដោយសេរី ក្នុងពេលបច្ចុប្បន្ននេះ គឺដោយសារគុណបំណាច់នៃថ្ងៃ ៧ មករា នោះឡើយ៕

ដោយ៖ សួន ចំរើន

ថ្ងៃជ័យជំនៈ៧ មករា ១៩៧៩ ជាថ្ងៃកំណើទី២

ប្រជាពលរដ្ឋក្រីក្រនៅខេត្តតាកែវ ចំនួន២២ទទួលបានអំណោយពីក្រុមជំនួយការសម្តេចតេជោ

នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥ ពោលគឺតែប៉ុន្មានថ្ងៃមុនដំណាច់ឆ្នាំ២០១៥ លោក ខាត់ សុគន្ធី តំណាងក្រុមជំនួយការសម្តេចតេជោ បានដឹកនាំយកអំណោយសម្តេចតេជោ ហ៊ុន សែន នូវ មីយើង ចំនួន៤៤កេស និងទឹកស៊ីអ៊ីវ ចំនួន២៤យួរ ចែកជូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន២២គ្រួសារ នៅភូមិធ្លកយុល ឃុំពន្លៃ ស្រុកអង្គរបុរី ខេត្តតាកែវ ដែលមួយគ្រួសារៗ ទទួលបាន មីយើង ចំនួន ២កេស និងទឹកស៊ីអ៊ីវ ចំនួន ១យួរ។
ក្នុងឱកាសចែកអំណោយជូនប្រជាពលរដ្ឋទីទាល់ក្រទាំង២២គ្រួសារនោះដែរ លោក ខាត់ សុគន្ធី ក៏បានយកអំណោយសម្តេចតេជោ ហ៊ុន សែន ចែកដល់កុមារសាលាមត្តេយ្យ ចំនួន៣០នាក់ សៀវភៅសរសេរចំនួន១២០ទំព័រ ចំនួន៦០ក្បាល, ខ្មៅដៃ ៦០ដើម និងស្ករដើម Mikata ចំនួន ៦០ដើម។ លោក ខាត់ សុគន្ធី ក៏បាននាំសេចក្តីនឹករលឺក និងទឹកចិត្តស្រឡាញ់របស់សម្តេចតេជោ ចំពោះបងប្អូនប្រជាពលរដ្ឋ ជាមួយនឹងសណ្តានចិត្តសប្បុរសធម៌ដល់ប្រជាពលរដ្ឋទីទ័លក្រ និងក្មួយៗ ចៅៗសិស្សសាលាមត្តេយ្យ។ លោកបានបន្តថា សម្តេចប្រមុខរាជរដ្ឋាភិបាល តែងតែនឹករលឹក គិតគូរដល់ជីវភាព សុខទុក្ខប្រជាពលរដ្ឋខ្មែរទូទៅ និងជាពិសេសគិតដល់ការខ្វះខាតរបស់ពុកម៉ែ បងប្អូន ជាមួយទឹកចិត្តព្រហ្មវិហារធម៌។
ក្នុងចេតនាដ៏ល្អនេះ ក្រុមជំនួយការសម្តេចតេជោ ទទួលធុរកិច្ចបំពេញបេសកកម្មដើរចែកអំណោយផ្ទាល់ដៃដោយឈរលើឧត្តមគតិនៃវប្បធម៌ចែករំលែក ជាមួយនឹងគោលការណ៍ "ប្រជាពលរដ្ឋមូលដ្ឋាន ស្វែងរកដោយខ្លួនឯងនូវគ្រួសារទីទ័លក្រ" ជាក់ស្តែងនៅតាមភូមិឃុំដោយផ្ទាល់ ជាពិសេសទៅទៀតបេសកកម្មរបស់យើង គឺឈរលើគោលការណ៍មិនរើសអើងពណ៌សម្បុរនយោបាយឡើយ។

បេសកកម្មនេះ សម្តែងជូនប្រជាពលរដ្ឋខ្មែរ មើលឃើញនូវចិត្តសប្បុរសធម៌គំរូរបស់សម្តេចតេជោ ក្នុងកាយវិការគំរូចង់ពង្រឹងសេចក្តីស្រឡាញ់រាប់អានគ្នា ជាភាតរៈក្នុងរង្វង់មហាគ្រួសារខ្មែរដោយលើកកំពស់វប្បធម៌នៃការជួយយកអាសារគ្នា ដែលជាប្រពៃណីជាយូរលង់មកហើយ របស់ដូនតាខ្មែរ។ ប្រជាពលរដ្ឋបានសម្តែងការពេញចិត្តរីករាយ និងថ្លែងអំណរគុណដល់ សម្តេចតេជោ ហ៊ុន សែន ជាមួយគ្នានេះ កម្មវិធីនេះក៏បានផ្តល់ឱកាសច្រើនដល់ក្រុមជំនួយការសម្តេចតេជោ បានសំណេះសំណាលស្វែងដឹង និងយល់ពីទស្សនៈប្រជាពលរដ្ឋអំពីសុខទុក្ខពិតប្រាកដនៅមូលដ្ឋាន៕



គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញចូលរួមពិធីរំលឹកខួបទី៧០ នៃការបោះឆ្នោតសកល លើកដំបូងរបស់វៀតណាម

យោងតាមសេ​ចក្តីជូនដំណឹងរប​ស់អគ្គលេខាធិ​ការដ្ឋានរដ្ឋសភានៅ​ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា សម្តេចអគ្គមហា​ពញាចក្រី ហេង សំរិន ប្រធានរដ្ឋ​សភា នៃព្រះរាជាណា​ចក្រកម្ពុជា នឹងដឹកនាំគណៈ​ប្រតិភូជាន់ខ្ពស់​រដ្ឋសភា​កម្ពុ​ជា ចូលរួមពិធីរំលឹកខួ​បទី៧០ នៃការបោះឆ្នោតសក​លលើកដំបូងរបស់វៀ​តណាម ចាប់ពីថ្ងៃទី​០៥ ដ​ល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នៅ​ទីក្រុងហាណូយសាធារណរដ្ឋ​សង្គមនិយមវៀត​ណាម។

ពិធីរំ​លឹកខួបទី៧០ នៃការបោះឆ្នោតស​កលលើកដំបូងរបស់វៀ​តណាម គឺជាព្រឹត្តិកា​រណ៍ប្រវត្តិសាស្រ្ត​ដែលមានខ្លឹមសារយ៉ាង​សំខាន់ ចំពោះរដ្ឋស​ភា និងប្រជាជន​វៀតណាម ក្នុងដំណើ​រ កា​រតស៊ូ និងដណ្តើមឯករា​ជ្យរបស់ប្រជាជនវៀត​ណាម។

នៅរសៀសថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៦​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នឹ​ងអញ្ជើញធ្វើមាតុភូមិនិវត្តន៍មកព្រះ​រាជាណាចក្រកម្ពុ​ជាវិញ។​

បទយកការណ៍ ស្តីពី ក្រមប្រតិបត្តិអង្គរ