Tuesday, April 25, 2017

ភាព​តានតឹង​កាន់តែ​ធ្ងន់ធ្ងរ​ឡើងនៅ​ឧបទ្វីបកូរ៉េ​

ប្រ​ធា​នា​ធិប​តី​ចិន លោក Xi Jinping បាន​ជំរុញ​ឱ្យ​មាន​ «​ការ​អត់​ធ្មត់» លើ​កូរ៉េ​ខាង​ជើង​ តាម​រយៈ​ការ​និយាយ​ទូរស័ព្ទ​ជា​មួយ​នឹងលោក Donald Trump កាល​ពី​ថ្ងៃ​ចន្ទ ខណៈ​ដែ​ល​ប្រ​ទេស​ជប៉ុន​បាន​ចូល​រួមធ្វើ​​សម​យុទ្ធជា​មួយ​នឹងនា​វា​ដឹក​យន្ត​ហោះ​របស់​អា​មេ​រិក​ឆ្ពោះ​ទៅ​កាន់​ឧ​ប​ទ្វីប​កូរ៉េ។
មេ​ដឹក​នាំ​អា​មេ​រិក​បាន​អំពាវ​នាវ​ម្តង​ហើយ ​ម្តងទៀត​ ដល់​ប្រ​ទេស​ចិន ដែល​ជា​សម្ព័ន្ធ​មិត្ត​សំខាន់​តែ​មួយ​គត់​របស់​កូរ៉េ​ខាង​ជើងឱ្យ​ធ្វើ​ការ​ន្ថែម​ទៀត​ដើម្បី​ទប់​​ស្កាត់​ទី​ក្រុង​ព្យុង​យ៉ាង ខណៈ​ដែល​​ភាព​តាន​តឹង​នៅ​ក្នុង​តំបន់​កាន់​តែ​ធ្ងន់​ធ្ងរ​ឡើង​ ចំពេល​ដែល​មាន​ការ​លើក​ឡើង​ថា ខ្លួន​នឹង​ធ្វើ​តេស្ត​សាក​ល្បង​នុយ​ក្លេ​អ៊ែរ​ផ្សេង​ទៀត។
បើយោង​តាម​ក្រ​សួង​ការ​បរ​ទេស​ចិន​បាន​ឱ្យ​ដឹង​ថា លោក Xi បាន​និយាយ​ថា «​ប្រ​ទេស​ចិន​សង្ឃឹម​ថា ភាគីពាក់​ព័ន្ធ​​រក្សា​បាន​នូវ​ការ​អត់​ធ្មត់​ និង​ចៀស​វាង​រាល់​សកម្ម​ភាពទាំង​ឡាយ​ណា​ដែល​នឹង​បង្ក​ឱ្យ​មាន​ភាព​តាន​តឹង​កាន់​តែ​ធ្ងន់​ធ្ងរឡើង​​នៅ​ឧ​ប​ទ្វីប​កូរ៉េ»។
គាត់​បាន​និយាយ​ថា «មធ្យោបាយ​តែ​មួយ​គត់​ដើម្បី​សម្រេច​បាន​នូវ​ការ​រំសាយ​អាវុធ​នុយ​ក្លេ​អ៊ែរនៅ​ឧ​ប​ទ្វីប​កូរ៉េ​ និង​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេ​អ៊ែរ​របស់​កូរ៉េ​ខាង​ជើង​ឱ្យ​បាន​ឆាប់​រហ័ស គឺ​ភាគី​និមួយៗ​ដែល​ជាប់​ពាក់​ព័ន្ធ​ត្រូវ​តែ​បំពេញ​កាតព្វ​កិច្ច​របស់​ខ្លួន»។
លោក Xi បាន​ប្រាប់​លោក​ Trump ថា «ស្ថាន​ភាព​អន្តរ​ជាតិ​កំពុង​តែ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័សគឺ​វា​សំខាន់​ណាស់​ដែល​​ចិន និង​អា​មេ​រិក​រក្សា​បាន​នូវ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ និង​ការផ្លាស់​ប្តូរ​យោ​បល់​គ្នា​លើ​បញ្ហា​សំខាន់ៗ​ឱ្យ​បាន​ទាន់ពេល​វេ​លា»។
លោក Trump បាន​ថ្លែង​​ផង​ដែរ​ទៅ​កាន់​នាយក​រដ្ឋ​មន្រ្តី​ជប៉ុន លោក Shinzo Abe កាល​ពី​ថ្ងៃ​ចន្ទ​ ដែល​ពិ​ភាក្សា​គ្នា​ពី​ការ​ធ្វើ​សម​យុទ្ធ​រួម​គ្នា​ដែល​កំពុង​តែ​ប្រ​ព្រឹត្ត​ទៅ​រវាង នាវា Carl Vinson របស់​អា​មេ​រិក និង​កង​កម្លាំង​ស័្វយ​ការ​ពារ​ដែន​សមុទ្រ​របស់​ជប៉ុន។
ការ​លក់​រនាំ​ង​ការ​ពារ​​អាវុធ​នុយ​ក្លេ​អ៊ែរ និង​ឧប​ករណ៍​បន្សុត​ខ្យល់​វិទ្យុ​សកម្ម​បាន​កើន​ឡើង​នៅ​ក្នុង​ប្រ​ទេស​ជប៉ុន​នារយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​ដែល​កូរ៉េ​ខាង​ជើង​បាន​បន្ត​ធ្វើ​តេស្ត​សាក​ល្បង​មីស៊ីល​ ដែល​ប្រ​ឆាំង​ទៅ​នឹង​ការ​ដាក់​ទណ្ឌ​កម្ម​អន្តរ​ជាតិ។
លោក Abe បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌​មាន​ថា «​យើង​បានឯក​ភាព​ទាំង​ស្រុង​​ដែល​យើង​បាន​ទាម​ទារ​យ៉ាង​ខ្លាំង​ឱ្យ​មាន​ការ​អត់​ធ្មត់​ពី​ភាគី​កូរ៉េ​ខាង​ជើង​ ដែល​បាន​បង្ក​ឱ្យ​មាន​សកម្ម​ភាព​ដ៏​គ្រោះ​ថ្នាក់​ម្តង​ហើយ​ម្តង​ទៀត»។
ប្រ​ធា​នា​ធិប​តី​អា​មេ​រិក​ថ្មីបាន​បញ្ជាក់​ថា គាត់​នឹង​មិនអនុញ្ញាត​ឱ្យ​កូរ៉េ​ខាង​ជើង​សម្រេចបាន​​នូវ​គោល​ដៅ​របស់​ខ្លួន​ក្នុង​ការផលិត​អាវុធ​មីស៊ីល​ដែល​បំពាក់​ក្បាល​នុយ​ក្លេ​អ៊ែរ​ដែល​មាន​សមត្ថ​ភាព​ ដើម្បី​បាញ់​ទៅ​ប៉ែក​ខាង​លិច​សហ​រដ្ឋ​អា​មេ​រិកឡើយ៕

ប្រភព: Daily Sabah ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧


ទស្សនៈល្ងីល្ងើ៖ តើធ្វើបុណ្យផ្កាជាមួយ CNRP បានបុណ្យ ឬបានបាប បើយកបច្ច័យទៅធ្វើជាការឃោសនាបោះឆ្នោតជេរបញ្ចោរគេនោះ.!

តាំងកើតពីពោះម៉ែមក នាយខ្វែក ឆ្លងកាត់របបនយោបាយ៥ជំនាន់ហើយ តាំងពីរបបសង្គមរាស្ត្រនិយម របបសាធារណរដ្ឋ របបខ្មែរក្រហម រដ្ឋកម្ពុជា​ និងព្រះរាជាណាចក្រទី២ នាពេលបច្ចុប្បន្ននេះ នាយខ្វែក ធ្លាប់តែឃើញពុទ្ធបរិស័ទ ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរ យើងគេនាំគ្នាធ្វើបុណ្យកឋិន បុណ្យផ្កាសាមគ្គី និងបុណ្យរួមតាមបែបព្រះពុទ្ធសាសនាផ្សេងៗទៀតដើម្បីប្រមូលបច្ច័យយកទៅសាងសង់ព្រះវិហារ កសាងផ្លូវ កសាងសាលារៀន សាលាឆទាន ជីកស្រះក្នុងភូមិ និងកសាងទីកន្លែងផ្សេងៗទៀតដើម្បីបម្រើឱ្យសាធារណជនទូទៅបានប្រើប្រាស់។
ស្រាប់តែប៉ុន្មានថ្ងៃនេះ ឃើញមានសកម្មជនរបស់គណបក្សសង្គ្រោះជាតិមួយក្រុមរស់នៅប្រ​ទេ​សអូស្ត្រាលី បាននាំគ្នាបោះប្រូក្រាមដើរចែក និងធ្វើការប្រកាសអំពាវនាវឱ្យសាធារណជនទៅចូលក្នុងពិធីបុណ្យផ្កាដើម្បីប្រមូលបច្ច័យសម្រាប់យកទៅជួយធ្វើការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឱ្យគណបក្សសង្គ្រោះជាតិទៅវិញ។ គេមិនដឹងថា ក្រុមអ្នកប្រកាសធ្វើបុណ្យផ្ការៃអង្គាសបច្ច័យ យកមកចំណាយលើសកម្មភាពឃោសនាឱ្យបក្សនយោ​បាយនេះ ពួកគាត់ជាពុទ្ធសាសនិក ឬក៏ជាអ្នកកាន់សាសនាផ្សេងនោះទេ តែបើពួកគាត់ជាពុទ្ធសាសនិក ច្បាស់ជាពួកគាត់ដឹងហើយថាគោលបំណងនៃការធ្វើបុណ្យផ្កាសាមគ្គី និងបច្ច័យដែលបានមក គេតម្រូវឱ្យយកទៅធ្វើអី្វខ្លះដើម្បីបានផលបុណ្យទៅដល់ម្ចាស់បច្ច័យម្ចាស់បុណ្យវិញ។
ប៉ុន្តែបើបច្ច័យបានមកពីការធ្វើបុណ្យ គេបែរជាយកទៅធ្វើសកម្មភាពបម្រើឱ្យការឃោសនារបស់គណបក្សនយោបាយ ដែលមានតែការជេរបញ្ចោរ បង្កហឹង្សាចងគំនុំសងសឹកគ្នា ក្នុងមហិច្ឆតារបស់ក្រុមបក្ខពួករបស់ខ្លួនទៅវិញ​ សួរថាតើអ្នករៀបចំធ្វើបុណ្យផ្កាក៏ដូចអ្នកខិតខំយកបច្ច័យទៅចូលបុណ្យនោះបានបុណ្យ ឬក៏បានបាប?
កន្លងមកធ្លាប់តែឮពាក្យគេនិយាយលេងសើចក្នុងន័យផាបង្អាប់គ្នាលេងថា «ធ្វើបុណ្យផ្កា ឬធ្វើបុណ្យកឋិនប្រមូលបច្ច័យ​យកទៅបង្ហើយចង្ក្រានបាយ» ស្រាប់តែឥឡូវបែរ ជាមានសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបុណ្យផ្កា​ប្រមូលបច្ច័យយកទៅជួយជេរពេលឃោ​សនាបោះឆ្នោតឱ្យគណបក្សរបស់ខ្លួននៅពេលខាងមុខនេះទៅវិញ តើនេះជាការធ្វើបុណ្យ ឬធ្វើបាប? អត់យល់ដែរ!៕



រដ្ឋបាលខណ្ឌច្បារអំពៅ ចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រមួន

អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ថេង សុថល និងលោក រស់ សុភ័ក្ត អភិបាលរងខណ្ឌ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកអភិបាលខណ្ឌច្បារអំពៅ បានចុះរៀបចំសណ្តាប់ធ្នាប់ផ្សារក្រមួន អោយមានសណ្តាប់ធ្នាប់ល្អ ដោយលុបបំបាត់ទាំងស្រុងនៅរូបភាពលក់ដូរនៅលើផ្លូវ ។
សូមជម្រាបផងដែរថា ជាលទ្ឋផល អាជីវករទាំងអស់បានយល់ដឹងពីគោលបំណងរបស់អាជ្ញាធរ ហើយបានចូលរួមយ៉ាងពេញទំហឹងក្នុងការកែប្រែទម្លាប់លក់ដូររបស់ពួកគាត់ ។

រដ្ឋបាលខណ្ឌច្បារអំពៅ ក៏បានកោតសរសើរដល់ភាគីពាក់ព័ន្ឋទាំងអស់ ដែលបានខិតខំធ្វើកិច្ចការនេះ នឹងបន្តដើម្បីធ្វើឱ្យការរៀបចំមាននិរន្តភាពនោះ ដោយនឹងធ្វើការជ្រើសរើសអ្នកគ្រប់គ្រងផ្សារ និងសន្តិសុខផ្សារដើម្បី ។ ហើយចំពោះការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវផ្សេងៗ អាជ្ញាធរខណ្ឌ នឹងធ្វើការរៀបចំជាបន្តបន្ទាប់ទៀត៕



កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខនិងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ នៅស្រុកបូរីជលសារ ខេត្តតាកែវ

នៅព្រឹកថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៧ លោកស្រី នូ សុវណ្ណនី ប្រធានគណៈកម្មាធិការសាខា និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ទៅចែកជូនបងប្អូន ប្រជាពលរដ្ឋចំនួន ៨៣ គ្រួសារក្នុង ៩ភូមិ ៣ឃុំ នៅ ស្រុកបូរីជលសារ ខេត្តតាកែវ ដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ( រលំទាំងស្រុង ១ ខ្នង របើកដំបូល រឺ ជញ្ជាំង ៨២ ខ្នង )។

នាឱកាសនោះលោកស្រី ក៏បានមានប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ លោកស្រី ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជានិច្ចកាលលោកស្រីតែងតែ យកចិត្តទុកដាក់ និងផ្តល់ក្តីអាណិត ស្រឡាញ់ ចំពោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ គ្រប់ពេលវេលា ទីកន្លែង គ្រប់ស្រទាប់វណ្ណៈ ដោយពុំមានប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។
អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារៗរួមមាន ៖
អង្ករ ២៥ គីឡូក្រាម មុង១ភួយ១ សារុង១ ក្រម៉ា១ កន្ទេល១ និង តង់ធំ១ និងបន្ថែមថវិកា ១០ម៉ឺនរៀល សម្រាប់១គ្រួសារដែលរលំផ្ទះទាំងស្រុងនិងប្រគេនថវិកា៥០ម៉ឺនរៀលសម្រាប់ជួសជុលកុដដែលរបើកដំបូលដោយខ្យល់កន្ត្រាក់ផងដែរ៕





បុគ្គលិក កម្មករធ្វើ​ការវិស័យ​ឯក​ជន នឹង​មាន​ប្រាក់​សោធន​ធនិវត្ត​នៅចុង​ឆ្នាំ២០១៧​នេះ​

លោក ជាវ ប៊ុនរិទ្ធ អ្នកនាំពាក្យរបបសន្តិសុខសង្គមបានឱ្យដឹងថា បុគ្គលិក កម្មករក្នុងវិស័យឯកជនទាំងអស់នឹងទទួលបានប្រាក់សោធនធនិវត្តនៅចុងឆ្នាំ២០១៧នេះ ។ ជាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏ និងចេញថ្លៃព្យាបាលជម្ងឺ គ្រោះថ្នាក់ការងារដល់មន្ត្រីរាជការទូទៅ នៅពេលខាងមុខនេះផងដែរ។

លោក ជាវ ប៊ុនរិទ្ធ មានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈក្រសួងការងារ បានអនុម័តរួចរាល់ហើយនូវរបបសោធធននិវត្ត សម្រាប់វិស័យឯកជនហើយគ្រោងដាក់ឲ្យដំណើរការនៅចុងឆ្នាំ២០១៧នេះ។ ដំណើរការផ្តល់ និងទទួលប្រាក់សោធធននិវត្តន៍ ឬប្រាក់រត្រែតនេះ ធ្វើឡើងដូចទៅនឹងការផ្តល់ឲ្យមន្ត្រីរាជការដែរ គឺទឹកប្រាក់ទទួលបានអាស្រ័យទៅតាមប្រាក់ខែកម្មករនិយោគជិក។
លោក ជាវ ប៊ុណរិទ្ធ មានប្រសាសន៍ថា កម្មករនិយោគជិកនៅពេលដែលគាត់មានអាយុ៦០ឆ្នាំទៅ គាត់មានសិទ្ធិចូលនិវត្ត និងអាចទួលបានប្រាក់សោធធននិវវត្តន៍ពី របបសន្តិសុខសង្គម ។ នៅពេលនោះ របបសន្តិសុខសង្គមតម្រូវឲ្យពួគគាត់បើកុងនៅធនាគារអេស៊ីលីដា ពេលដល់ខែគាត់អាចទៅបើកលុយដូចមន្ត្រីរាជការដែរ។ ដោយអនុឡោមតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទបញ្ញតិ នៃច្បាប់ស្តីពីការងារ។
លោកបន្តថា យោងតាមព្រះរាជក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកហានិភ័យការងាររួមមានគ្រោះថ្នាក់ការងារជំងឺវិជ្ជាជីវៈរដ្ឋ ក៏ជាអ្នកចេញថ្លៃព្យាបាលជម្ងឺឲ្យមន្ត្រីរាជការគ្រប់ប្រភេទផងដែរ។ ក្នុងន័យនេះ ដើម្បីចូលរួមកែប្រែកម្រិតជីវភាព សុខភាព សុវត្ថិភាពមន្ត្រីរាជការ ប្រពន្ធប្តី កូន ឬជនចាសជរាស្ថិតនៅក្នុងបន្ទុករបស់មន្ត្រីរាជការ។
សូមបញ្ជាក់ថាគិតចាប់ពីឆ្នាំ២០០៨មករបបសន្តិសុខសង្គម ផ្នែកហានិភ័យការងារបានចុះបញ្ជីការគ្រឹះស្ថានសហគ្រាសបានជាង៨ពាន់ទូទាំងប្រទេស ដែលមានកម្មករ កម្មការនីជាង១លាន២សែននាក់ និងមានរោងចក្រកាត់ដែរ សម្លាក់បំពាក់ស្បែកជើងប្រមាណ១ពាន់រោងចក្រ និងមានកម្មករកម្មការនីជាង៧០ម៉ឺននាក់ ។ ដោយឡែករបបថែទាំសុខភាពវិញបានចុះបញ្ជីការសហគ្រាសជាង៣ពាន់សហគ្រាស ដែលមានកម្មករ កម្មការនីជិត៤០ម៉ឺននាក់៕

រដ្ឋសភា ចេញសេចក្តីជូនដំណឹង ជាផ្លូវការជ្រើសតាំងឥស្សរជន០១រូប ដើម្បីជំនួសតំណែង​ លោក ពិន​ តាំងសាន​ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ​ ដែលទទួល​មរណភាព​

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភា ចេញថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានប្រកាសជាផ្លូវការជ្រើសតាំងឥស្សរជន០១រូប ដើម្បីជំនួសតំណែង លោក ពិន តាំងសាន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលទទួលមរណភាព។
សេចក្តីជូនដំណឹងរបស់រដ្ឋសភា បានឲ្យដឹងថា ឥស្សរជនដែលមានបំណងចូលរួមក្នុងការជ្រើសតាំងនេះ ត្រូវរួសរាន់មកដាក់ពាក្យសុំឈរឈ្មោះ ចាប់ពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ហើយកាលបរិច្ឆេទឈប់ទទួលពាក្យ នឹងធ្វើឡើងនាវេលាម៉ោង១៧:៣០ នាទីរសៀល នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៧៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹង៖


គោលការណ៍៩ចំណុច ដែលជួយជំរុញដល់ការយល់ដឹង របស់បងប្អូន​ប្រជាពលរដ្ឋខ្មែរ ​អំពីការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​ សង្កាត់​អាណត្តិថ្មីនេះ​

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​ឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នឹងចូលមកដល់ ឆាប់ៗនេះ ពោលគឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ។ បើគិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ គឺនៅសល់រយៈពេលតែ៤១ថ្ងៃទៀតប៉ុណ្ណោះ។
តើប្រជាពលរដ្ឋត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះ ដើម្បីបោះឆ្នោតបាន ?
ដើម្បីចូលរួមជំរុញឲ្យដំណើរការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៤ ប្រកបដោយភាពរលូន គឺមានគោលការណ៍៩ចំណុច ដែលជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិថ្មីនេះ។
ខាងក្រោមនេះ ជាគោលការណ៍អប់រំណែនាំ៩ចំណុច៖
១- ដើម្បីបោះឆ្នោតបាន ប្រជាពលរដ្ឋត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់ អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
២-  យើងត្រូវដឹងឲ្យបានច្បាស់ អំពីលេខរៀង ឈ្មោះរបស់យើង លេខកូដ និងទីតាំងការរិយាល័យបោះឆ្នោត ដែលមានបញ្ជាក់ក្នុងបង្កាន់ដៃបញ្ជាក់ការ ចុះឈ្មោះបោះឆ្នោត និងក្នុងបញ្ជីបោះឆ្នោត ដែលបានផ្សាយ ឬក្នុងប័ណ្ណព័ត៌មានអ្នកបោះឆ្នោត។
៣- យើងត្រូវត្រៀមពេលវេលា និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត សម្រាប់​ប្រើនៅថ្ងៃបោះឆ្នោត។
៤- យើងបោះឆ្នោត ជូនគណបក្សនយោលបាយណាមួយ ដែលយើងពេញចិត្ត ដោយគ្មានការគំរាមកំហែង ការបំភិតបំភ័យ ឬការ​បង្ខិតបង្ខំណាមួយ មកលើយើងបានឡើយ។
៥- យើងគូសសន្លឹកឆ្នោត ក្នុងបន្ទប់សម្ងាត់តែម្នាកឯង ដោយគ្មានអ្នកណាម្នាក់ អាចដឹងថា យើងបោះឆ្នោតជូនគណបក្សនយោ​បាយណាមួយឡើយ។
៦- អ្នកបោះឆ្នោតម្នាក់ៗ មានសិទ្ធិបោះឆ្នោតតែមួយសន្លឹក និងតែម្ដងគត់ ដោយត្រូវទៅបោះឆ្នោតដោយខ្លួនឯងផ្ទាល់ នៅការិយា​ល័យបោះឆ្នោត ដែលមានឈ្មោះរបស់ខ្លួន ក្នុងបញ្ជីបោះឆ្នោត និងយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារ​បញ្ជាក់អត្តសញ្ញាណ ប្រើឲ្យការបោះឆ្នោត។
៧- ប្រជាពលរដ្ឋខ្មែរដែលបានចុះឈ្មោះ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរួចហើយ ប៉ុន្ដែពុំបានទៅបោះឆ្នោត គឺធ្វើឲ្យបាត់សិទ្ធិ​របស់ខ្លួនឯង ក្នុងការចូលរួមអភិវឌ្ឍឃុំ-សង្កាត់ និងសង្គមជាតិ។
៨- ដើម្បីមានក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ យើងត្រូវចូលរួមបោះឆ្នោតទាំងអស់គ្នា តាមលទ្ធិប្រជា​​ធិបតេ​យ្យ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ដោយស្មើរភាព ដោយចំពោះ និងដោយសម្ងាត់។
៩- ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងអភិវឌ្ឍទៅបាន គឺអាស្រ័យលើក្រុមប្រឹក្សាឃុំ សង្កាត់មានសមត្ថភាព និងឈ្លាសវៃ។
សូមជម្រាបថា នៅរាជធានី-ខេត្តទូទាំងប្រទេសកម្ពុជា មានឃុំ-សង្កាត់ចំនួន១៦៤៦ ដែលក្នុងនោះរួមមាន៖
១- ខេត្ត​បន្ទាយ​មានជ័យ មានចំនួន ៦៥
២- ខេត្ត​បាត់ដំបង មានចំនួន ១០២
៣- ខេត្តកំពង់ចាម​ មានចំនួន ១០៩
៤- ខេត្តកំពងឆ្នាំង មានចំនួន ៧០
៥- ខេត្តកំពង់ស្ពឺ​ មានចំនួន ៨៧
៦- ខេត្ត​កំពង់ធំ មានចំនួន ៨១
៧- ខេត្ត​កំពត មានចំនួន ៩៣
៨- ខេត្តកណ្ដាល មានចំនួន ១២៧
៩- ខេត្តកោះកុង មានចំនួន ២៩
១០- ខេត្តក្រចេះ មានចំនួន ៤៧
១១- ខេត្តមណ្ឌលគិរី មានចំនួន ២១
១២- រាជធានីភ្នំពេញ មានចំនួន ១០៥
១៣- ខេត្ត​ព្រះវិហារ មានចំនួន ៥១
១៤- ខេត្តព្រៃវែង មានចំនួន ១១៦
១៥- ខេត្តពោធិ៍សាត់ មានចំនួន ៤៩
១៦- ខេត្តរតនគិរី មានចំនួន ៥០
១៧- ខេត្តសៀមរាប មានចំនួន ១០០
១៨- ខេត្តព្រះសីហនុ មានចំនួន ២៩
១៩- ខេត្តស្ទឹងត្រែង មានចំនួន ៣៤
២០- ខេត្តស្វាយរៀង មានចំនួន ៨០
២១- ខេត្តតាកែវ មានចំនួន ១០០
២២- ខេត្តកែប មានចំនួន ៥
២៣- ខេត្តប៉ៃលិន មានចំនួន ៨
២៤- ខេត្តឧត្តមានជ័យ មានចំនួន ២៤
២៥- ខេត្តត្បូងឃ្មុំ មានចំនួន ៦៤

គួររំលឹកផងដែរថា មានគណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួមប្រកួតប្រជែង បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុង​បញ្ជីឈ្មោះបោះឆ្នោត​ សូមអញ្ជើញ​ទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕




រដ្ឋ​មន្ត្រីក្រ​សួងប​រិស្ថាន ចែក​រំលែកចំ​ណេះដឹង និង​បទពិសោធន៍​ការគ្រប់គ្រង​បរិស្ថាន និង​ធនធានធម្មជាតិ​ដល់និស្សិត​សាកលវិទ្យា​ល័យ​ន័រតុន

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញធ្វើបាឋកថានៅសាកលវិទ្យាល័យន័រតុន ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធនឹងការងារគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិនៅកម្ពុជា ជូនដល់និស្សិតមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម។

ទន្ទឹមនឹងការចែករំលែកនូវបទពិសោធន៍គន្លឹះនៃភាពជោគជ័យក្នុងការសិក្សាស្រាវជ្រាវគ្រប់កម្រិត លោករដ្ឋមន្រ្តីក៏បានលើកឡើងនូវបទពិសោធន៍ជោគជ័យ និងការប្រឈមនានា ក្នុងការងារគ្រប់គ្រងវិស័យបរិស្ថាន ដោយលោកបានសង្កត់ធ្ងន់លើការធ្វើទំនើបកម្មស្ថាប័ន ការពង្រឹងសមត្ថភាពស្ថាប័ន ដើម្បីប្រសិទ្ធភាពការងារ ដែលអាចឆ្លើយតបបំណងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការកសាងសង្គម ដែលមានបរិស្ថានល្អ ស្អាត និងការរស់នៅដោយចីរភាព៕
 





ក្រសួង​ទេសចរណ៍ បើកវ​គ្គបណ្តុះបណ្តាល ស្តី​ពីការត​ម្រង់ទិសម​ន្ត្រីរាជកា​រក្របខណ្ឌ​ថ្មី ដើម្បី​ឆ្លើយតបកំណើនភ្ញៀវទេសចរណ៍

ក្រសួងទេសចរណ៍បានឱ្យដឹងថា ក្រសួងត្រូវការធនធានមនុស្សជំនាញផ្សេងៗជាច្រើនបន្ថែមទៀតសម្រាប់ធ្វើការជាមួយអ្នកជំនាញទេសចរដើម្បីឆ្លើយតបកំណើនភ្ញៀវទេសចរណ៍ដែលមានការកើនឡើងជារៀងរាល់ឆ្នាំ។

ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពីការតម្រង់ទិសមន្ត្រីរាជការក្របខណ្ឌថ្មីនៅថ្ងៃទី២៤ ខែមេសា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិក លោក គង់ សូលីដា អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋាបាល និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជាត្រូវការធនធានមនុស្សដែលមានសមត្ថភាពពិតប្រាកដ លើជំនាញបដិសណ្ឋារកិច្ច, អ្នកនាំភ្ញៀវ ផ្នែកសណ្ឋាគារ និងចុងភៅជាដើមដើម្បីឆ្លើយតបទៅនឹងការរីកចម្រើនក្នុងឧស្សាហកម្មទេសចរ។
លោកបន្តថា ដើម្បីធ្វើឱ្យវិស័យទេសចរណ៍ដើរទៅមុខប្រកបដោយនិរន្តភាពយូអង្វែងនោះ ទាមទាឱ្យមន្ត្រីទេសចរណ៍ទាំងអស់មានចំណេះដឹងផ្នែកលិខិតរដ្ឋបាល លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធច្បាប់ ជំនាញគ្រប់គ្រងទីផ្សារ និងការផ្សព្វផ្សាយពីផលិតផលទេសចរណ៍ជាដើម។
ក្រសួងទេសចរណ៍បានបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសមន្ត្រីរាជការ ក្របខណ្ឌថ្មីចំនួន៥ថ្ងៃចាប់ពីថ្ងៃទី២៤ ដល់ ២៨ មេសា ដោយមានសិក្ខាកាមចូលរួមចំនួន ១០០នាក់ ក្នុងនោះមកពីទីស្តីការក្រសួងចំនួន ៣៤នាក់ និងមកពីមន្ទីរទេសចរណ៍រាជធានី-ខេត្តចំនួន ៦៦នាក់។ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណងឱ្យមន្ត្រីជំនាន់ថ្មីបានយល់ដឹងស៊ីជម្រៅពីការងារបុក្គលិក សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល ការងាររដ្ឋាបាល និងកិច្ចការទូទៅដើម្បីបង្កើនប្រសិទ្ធភាពការងារវិស័យទេសចរ។
សូមជម្រាបផងដែរថា កាលពីឆ្នាំ២០១៦កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង៥លាននាក់ និងទេសចរក្នុងស្រុកជាង ១០លាននាក់ ហើយនាំមកនូវចំណូលចូលថវិកាជាតិចំនួន ៣៤០០លានដុល្លាសហរដ្ឋអាមេរិក។ ដោយបង្កើតការងារដោយផ្ទាល់ជាង ៦០ម៉ឺនាក់ និងដោយប្រយោលជាង ១លាននាក់ទៀតផងដែរ។
ដោយឡែកសម្រាប់រយៈពេល២ខែ ដើមឆ្នាំ២០១៧ នេះ ភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកម្ពុជាមានចំនួនជាង១លាននាក់ កើនឡើង១២% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦កន្លងមក៕



កងកម្លាំងប្រឆាំងស៊ីរី គំាទ្រដោយសហរដ្ឋអាមេរិក កំពុងទម្លាក់គ្រាប់បែកលើពួក​ ISIS បានបង្ក​ជាការព្រួយ​បារម្ភយ៉ាងធំធេង​ សម្រាប់អង្គការ​សហប្រជាជាតិ​ (UN)

បើតាមអ្នកនាំពាក្យអគ្គលេខាធិការ UN ដកស្រង់ដោយសារព័ត៌មាន Russian Today (RT) នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០១៧ បានឲ្យដឹងថា សុវត្ថិភាពប្រជាជនស៊ីវិលស៊ីរី ៤០០,០០០នាក់ នៅក្នុងទីក្រុងរ៉ាកកា ជាទីដែលកងកម្លាំងប្រឆាំងស៊ីរី គំាទ្រដោយសហរដ្ឋអាមេរិក កំពុងទម្លាក់គ្រាប់បែកលើពួក ISIS បានបង្កជាការព្រួយបារម្ភយ៉ាងធំធេង សម្រាប់អង្គការសហប្រជាជាតិ UN ខណៈជនស៊ីវិលជាច្រើននៅតែ បន្តរងគ្រោះរីឯហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានបំផ្លាញយ៉ាងដំណុំ។
ថ្លែងប្រាប់​អ្នកសារព័ត៌មាន RT​ លោក Farhan Haq បានគូសបញ្ជាក់ថា កាលពីប៉ុន្មានសប្ដាហ៍មុន ជនស៊ីវិលជាច្រើននាក់បានបាត់បង់ជីវិត និងរងរបួស ហើយហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនធំ ក្នុងនោះមានទំាងសាលារៀន មន្ទីរពេទ្យ ផ្សារ និងស្ថានីយ៍ផ្គត់ផ្គង់ទឹក​ត្រូវបានបំផ្លាញដោយសារតែ​ការវាយប្រហារ​តាមផ្លូវអាកាស ដែលនេះបានបង្ក​ជាក្ដីកខ្វល់​យ៉ាងខ្លាំង។ ដូច្នេះយើងពិតជា​​ត្រូវការ​ការបញ្ជាក់ឱ្យ​ច្បាស់ថា គ្រប់ភាគីជម្លោះ​ទំាងអស់​ធ្វើសកម្មភាពរបស់ខ្លួន​ ដោយឈរ​លើមូលដ្ឋាន​មនុស្សធម៌  ដើម្បីកុំឱ្យ​ជនស៊ីវិល​នៅតែបន្តរងគ្រោះ នៅក្នុង​ការវាយប្រហារ​តាមផ្លូវអាកាសប្រឆាំង​នឹងពួក ISIS។

បើតាមក្រុមអ្នកជំនាញ សង្រ្គាមស៊ីវិល​ស៊ីរីបច្ចុប្បន្ន មិនមែនត្រឹមតែ​ជាសង្រ្គាមបង្ហូឈាមរវាងក្រុមប្រឆាំង​ និងរដ្ឋាភិបាលស៊ីរី​នោះទេ ក៏ប៉ុន្តែពេលនេះ​វាបានក្លាយជាទីលាន​ដណ្ដើមឥទ្ធិពល និងបង្កើតបក្ស​សម្ព័ន្ធទៅហើយ។ ជាក់ស្ដែងនៅ​ក្នុងសង្រ្គាមនេះ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត លោកខាងលិច​គំាទ្រក្រុម​ប្រឆាំងស៊ីរី រីឯរុស្ស៊ី និងអ៊ីរ៉ង់គំាទ្រ​រដ្ឋាភិបាល លោកប្រធានាធិបតី​ បាស្សា អាល់ អាស្សាដ៕





កម្ពុជា-ចិន ដាក់​ឲ្យដំណើរ​ការវេទិការ​សេវាមូល​ធន ដើម្បី​ជំរុញកិច្ច​សហប្រតិ​បត្តិការ​រវាងផ្សា​រមូលបត្រកម្ពុជា និងផ្សារមូលបត្រស៊ិនជិនប្រទេសចិន

ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជបទកម្ពុជា និងលោក ស្យ៉ុង ប៉ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា នៅថ្ងៃទី២៤ មេសា អញ្ជើញជាអធិបតីភាពក្នុងវិធីដាក់ឲ្យដំណើរការវេទិការសេវាមូលធនកម្ពុជា-ចិន ដែលរៀបចំឡើងនៅសណ្ឋាគាំសូហ្វីតែលភូគីត្រាភ្នំពេញ។
ពិធីនេះ ក៏មានការចូលរួមពីលោក អ៊ូ លីជិន ប្រធានផ្សាមូលបត្រស៊ិនជិន លោកឧញ្ញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលធនាគាការណាឌីយ៉ា និងលោក ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។
ការដាក់ឲ្យដំណើរវេទិការនេះ នៅកម្ពុជា គឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតឡើងក្រោមកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតរវាងប្រទេសយើងទាំងពីរ ក្រោមគម្រោងវិថីមួយ ខ្សែរក្រវ៉ាត់មួយរបស់ប្រទេសចិន។
លោក ស៊ូ សុជាតិ បញ្ជាក់ថា ការចាប់ផ្តើមបង្ហាញខ្លួនរបស់ផ្សារភាគហ៊ុនស៊ិនជិន គឺបញ្ជាក់ នូវទំនុកចិត្តពិតប្រាកកដមកលើទីផ្សារកម្ពុជា និងតាមរយៈកម្មវិធីថ្ងៃនេះ លោកបានជំរុញមានកិច្ចសហប្រតិបត្តិការបន្ថែមមួយកម្រិតទៀតរវាងផ្សារមូលបត្រកម្ពុជា និងផ្សារមូលបត្រស៊ិនជិន។
លោក បានសង្កត់ធ្ងន់ថា ទីផ្សារមូលបត្រគឺជាសសៃឈាមសេដ្ឋកិច្ច ដែលមានតួនាទីបំពេញឲ្យវិស័យធនាគារ និងបានផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់ការអភិវឌ្ឍកម្ពុជា។
លោក លោក អ៊ូ លីជិន ប្រធានផ្សាមូលបត្រស៊ិនជិន បានមានប្រសាសន៍ថា នៅក្នុងកិច្ចផ្តូចផ្តើម វិថីមួយខ្សែរក្រវ៉ាត់មួយសហគ្រាសចិនមួយចំនួនធំ រួមទាំងក្រុមហ៊ុនដែលបានចុះបញ្ជីក្រុមហ៊ុនមូលបត្រស៊ិនជិនបានមកបោះទុនវិនិយោគនៅកម្ពុជា និងធ្វើឲ្យអាជីវកម្មមានការរីកចំរើនខ្លាំង។
លោកបញ្ជាក់ថា វេទិការសេវាមូលធនឆ្លងដែននៃផ្សារមូលបត្រស៊ិនជិន គឺជាវេទិកាសាធារណៈបើកចំហមួយ ដែលចែករំលែកនូវមធ្យោបាយធនធាន បង្កើតបណ្តាញសហប្រតិបត្តិការ ពង្រីកនូវការបញ្ជ្រាប និងឥទ្ធិផល នៃវេទិការឥតឈប់ឈរ ជំរុញបានកាន់តែទូលំទូលាយនូវការភ្ជាប់មូលធន។
លោករំពឹងថា និងមានស្ថាប័នរបស់កម្ពុជាកាន់តែច្រើនអាចចូលរួមបង្កើតវេទិការជាមួយគ្នា ចែករំលែកនូវមធ្យោបាយធនធាន ដើម្បីឲ្យវិស័យហិរញ្ញវត្ថុកម្ពុជាកាន់តែមានភាពរីកចំរើនផងដែរ៕






កងកម្លាំងជាង៤០០នាក់ បានធ្វើដំណើរទៅប្រទេសម៉ាលី ដើម្បីប្តូរវេនកងកម្លាំងវិស្វកម្មព្រលានយន្តហោះ និងកងកំទេចគ្រឿងផ្ទុះ

កងកម្លាំងចំនួន៤២៩នាក់ ក្នុងនោះមាននារី៤៣នាក់ ដែលបានជ្រើសរើសសម្រិតសម្រាំងពីគ្រប់អង្គភាព ស្ថាប័នចម្រុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ត្រូវបានបញ្ចូនទៅប្រទេសម៉ាលី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីប្តូរវេនកងម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកំទេចគ្រឿផ្ទុះ ៣៣៣ ដែលបានបំពេញបេស​កកម្មរបស់អង្គការសហប្រជាជាតិនៅប្រទេសម៉ាលីអស់រយៈពេល០១ឆ្នាំ ប្រកបដោយជោគជ័យ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានបញ្ជាក់ឱ្យដឹងថា កងកម្លាំងកម្ពុជាដែលជូនដំណឹងនាពេលនេះ បានធ្វើការហ្វឹកហ្វឹនយ៉ាងស្ទាត់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាពរយៈពេលជាង១០ខែ ក្រោមការធ្វើតេស្តប្រឡងវាស់ស្ទង់សមត្ថភាព គុណភាពយ៉ាងច្បាស់លាស់ និងមានតម្លាភាព និងសមត្ថភាពដូចកងទ័ពមុនៗ។ ហើយកងកម្លាំងទាំង៣កងដែលត្រូវទៅបំពេញបេសកកម្មនៅប្រទេសម៉ាលីនាពេលនេះ មាន២កង គឺជាកងកម្ទេចគ្រាប់មីនមិនទាន់ផ្ទុះមានភារកិច្ចឈរជើងនៅទីតាំងចំនួន៤រួមមាន GAO. ANEFIS. TOMBUKTU. និងMOPTI និងកម្លាំងវិស្វកម្មព្រលានយន្ដហោះដែលត្រូវឈរជើងនៅតំបន់KIDAL និង TESSALIT ទាំង៣កងនេះដោយបាននាំយកទៅជាមួយសម្ភារៈបរិក្ខា គ្រឿងបន្លាស់ និងឱសថសម្រាប់បំពេញបន្ថែមលើសម្ភារៈដែលមានស្រាប់ដែលអាចធានាបានក្នុងបេសកកម្មក្នុងរយៈមួយឆ្នាំ  ។
លោកស្រី Debora Comini តំណាងអ្នកសម្របសម្រូលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបរិច្ចាគកម្លាំងចូលរួមបំពេញបេសកកម្មរបស់កងកម្លាំងកម្ពុជា ដែលជាការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាព ជាលក្ខណៈអន្តរជាតិ និងជាគម្រូដ៏ល្អសម្រាប់ពិភពលោក ដែលអាចបញ្ជាក់បានថាកម្ពុជាបានតាំងចិត្តប្រកបដោយមនុស្សធម៌សម្រាប់ជួយអ្នកដទៃក្នុងការចែករំលែកជំនាញដល់បណ្តាប្រទេសនានាដែលកំពុងទទួលការរងទុក្ខដោយជម្លោះឱ្យមានសន្តិភាព។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា ក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ប្របកដោយមោទនភាព ដែលកម្ពុជាមានស្នាដៃធំៗជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជាការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព លើវិស័យមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិក្នុងនោះក៏មានការដណ្តើមមេដាយមាស ប្រាក់ កម្រិតពិភពលោក ផ្នែកវិញ្ញាសាកីឡាប៉េតង់ដែលមានវត្តមានកីឡាការិនីនៃកងយោធពលខេមរភូមិន្ទ០២រូបផងដែរ។
អគ្គមេបញ្ជាការនៃកងយោធពលខេរៈភូមិន្ទ ក៏បានផ្ដាំផ្ញើដល់នាយ និងពលទាហានទាំងអស់ដែលត្រូវចេញទៅបំពេញបេសកម្មបន្ដជាលក្ខណៈអន្ដរជាតិ ត្រូវអនុវត្តន៍ឱ្យបានដាច់ខាតនូវអនុសាសន៍ ដែលជាបទបញ្ជា៤ចំនុចរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ត្រូវគោរពឱ្យបានម៉ឺងម៉ាត់ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងជៀសវៀងរាល់អំពើទាំងឡាយណាដែលល្មើសទៅនឹងវិន័យរបស់អង្គការសហប្រជាជាតិ និងប្រាសចាកពីច្បាប់លក្ខន្ដិកៈរបស់កងយោធពលខេរៈភូមិន្ទ៕

អត្ថបទ៖ សាវឿន





កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងភាពជោគជ័យរបស់អាស៊ាន លើទំហំពាណិជ្ជកម្ម និងសេដ្ឋកិច្ច

លោក គុណ ញឹម អគ្គនាយកដ្ឋានគយ និងរដ្ឋានករកម្ពុជា បានលើកឡើងថា កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងភាពជោគជ័យរបស់អាស៊ាន ក្នុងការជំរុញកំណើន ទំហំពាណិជ្ជកម្ម និងការលើក កម្ពស់ឧត្តមភាព ប្រកួតប្រជែង សេដ្ឋកិច្ច ក្នុងតំបន់ និងពិភពលោក។ ក្រៅពីនោះ លោកក៏បានថ្លែងអបអរសាទរខួប៥០ឆ្នាំនៃការបង្កើតសមាគមន៍ ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (១៩៦៧-២០១៧)ផងដែរ។
លោក គុណ ញឹម បានលើកឡើងនៅក្នុង កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួល គយអាស៊ានទី២៦  រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់២៧ ខែមេសា ឆ្នាំ២០១៧ ដែលរៀបបចំឡើង នៅសណ្ឋាគារ Angkor Palace Resort & Spa ទីក្រុងសៀមរាប។
កិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលគយអាស៊ានទី២៦នេះ ប្រារព្ធឡើងដោយមានការចូលរួមពី រដ្ឋបាលគយអាស៊ាន ទាំង១០ និងរដ្ឋបាលគយចិន, រដ្ឋបាលគយជប៉ុន, រដ្ឋបាលគយកូរ៉េ, រដ្ឋបាលគយអូស្រ្តាលី, ក្រុមប្រឹក្សាពាណិជ្ជកម្ម អាស៊ាន-អាមេរិក និងក្រុមប្រឹក្សាពាណិជ្ជកម្មអាស៊ាន-អឺរ៉ុប។
ជាមួយគ្នានោះ លោក គុណ ញឹម បានលើកឡើងពីសមិទ្ធផល ដែលរដ្ឋបាលគយអាស៊ាន បានចូលរួមចំណែកក្នុងការ លើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយរបាំងពាណិជ្ជកម្ម និងលើកទឹកចិត្តឱ្យកិច្ចប្រជុំ គណៈកម្មាធិការ សម្របសម្រួលគយអាស៊ាន បន្ដខិតខំអនុវត្តន៍ផែនការអភិវឌ្ឍគយ សមាហរណកម្មគយអាស៊ាន ដើម្បីសម្រេចគោលដៅ របស់ប្រមុខរដ្ឋាភិបាលអាស៊ានដែលបានកំណត់។
លោក នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋានករកម្ពុជា និងជាប្រធានកិច្ចប្រជុំ គណៈកម្មាធិការ សម្រប សម្រួលគយអាស៊ាន បានថ្លែងក្នុងកិច្ចប្រជុំនេះថា គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពនៃការ អនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍគយ និងការងារសមាហរណកម្មគយអាស៊ាន របស់ក្រុមការងារកិច្ចសម្រួលពាណិជ្ជកម្ម និងនីតិវិធីគយ ក្រុមការងារអនុវត្តច្បាប់គយ និងអនុលោមភាព និងក្រុមការងារកសាងសមត្ថភាពចំណេះដឹងគយ។

សូមបញ្ជាក់ថា  ចាប់ពីខែឧសភា ឆ្នាំ២០១៦ ដល់ខែមេសា ឆ្នាំ២០១៧ រដ្ឋបាលគយកម្ពុជា បានរៀបចំកិច្ចប្រជុំ អគ្គនាយក គយអាស៊ាន ដោយសម្រេចបានសមិទ្ធផលជាច្រើនរួមមាន ការបញ្ចប់តារាងនាមវលីពន្ធគយអាស៊ានឆ្នាំ២០១៧, ការចុះហត្ថលេខា លើពិធីសារទី២ស្តីពីការកំណត់ច្រកទ្វារព្រំដែន ឆ្លងកាត់ (Protocol 2 on Designation of Frontier Posts) ដោយរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន, ការអនុម័តលើផែនការគោលដៅទូលំទូលាយ របស់រដ្ឋបាលគយអាស៊ាន ឆ្នាំ២០១៦-២០២៥, ការបញ្ចប់ការអភិវឌ្ឍសូចនាករគន្លឹះសម្រាប់អនុវត្តផែនការសកម្មភាពយុទ្ធសាស្រ្ត (the Strategic Action Plan Key Performance Indicators) ដែលជាផ្នែកមួយក្នុងការរួមចំណែកលើកកម្ពស់ កិច្ចសម្រួល ពាណិជ្ជកម្ម ក្នុងតំបន់អាស៊ាន៕


ឱកាសការងារ និងកម្មសិក្សាការងារ នៅវិទ្យាល័យឥន្ទ្រទេវី ក្នុងខណ្ឌទួលគោក

ហ្វេសប៊ុកចៅចាក់ស្មុក៖ តើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ហ៊ានចូលទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការឬអត់?

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទ មួយដោយលើកឡើងជាសំណួរថា តើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ហ៊ានចូលទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការឬអត់?
ចៅចាក់ស្មុក បានបញ្ជាក់ថា បន្ទាប់ពីមានឧប្បត្តិហេតុដែល ជុន ច័ន្ទបុត្រ ឈ្មោះដើម ហួត ឃីនវុទ្ធី បានក្លែងឋានៈចូលទៅក្នុងពន្ធនាគារព្រៃស ជាមួយក្រុមតំណាងរាស្ត្រគណបកសង្គ្រោះជាតិ ក្រសែភ្នែកសាធារណជនបានបាញ់តម្រង់តែទៅលើអនុប្រធានវិទ្យុអាស៊ីសេរីរូបនេះ និងបានចោទសួរថា តើវាសនារបស់ជនសង្ស័យរូបនេះនឹង ដូចជាអ្នកវិភាគឯករាជ្យ លម្អៀងផ្កាប់មុខ គឹម សុខ ដែលកំពុងដេកក្នុងគុកព្រៃស ដែរឬទេ? ប៉ុន្តែគេភ្លេចចាប់អារម្មណ៍លើតំណាងរាស្ត្រ ២ រូប ដែលជាអ្នកសម្របសម្រួល និងបង្កឱកាសឱ្យ ជុន ច័ន្ទបុត្រ អាចបន្លំចូលក្នុងពន្ធនា​គារបាន។
តំណាងរាស្រ្ត ឡុង រី ត្រូវបានអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺក្នុងនាមជាសាក្សីនៅថ្ងៃទី២៧ ខែមេសា រីឯលោកស្រី មូរ សុខហួរ នឹងត្រូវចូលខ្លួន នៅក្នុងនាមសាក្សីដែរនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧។ តើតំណាងរាស្ត្រទាំងពីររូបនេះហ៊ានចូល ឬមិនហ៊ានចូលខ្លួនទៅធ្វើជាសាក្សីនៅចំពោះមុខតុលាការ?
សេណារីយូទី១៖ ទាំងលោក ឡុង រី និងលោកស្រី មូរ សុខហួរ នឹងអាចទុកអភ័យឯកសិទ្ធិស​ភាមួយដុំហើយសម្រេចចូលខ្លួនទៅបំភ្លឺតាមការកោះហៅរបស់អយ្យការក្នុងនាមជាសាក្សីដើម្បីបង្ហាញភស្តុតាងក៏ដូចជាពន្យល់ដល់អយ្យការពីការចោទប្រកាន់ទាំងឡាយប្រឆាំងនឹង ជុន ច័ន្ទបុត្រ។ ជនសង្ស័យ ជុន ច័ន្ទបុត្រ ដែលត្រូវបានតុលាការរាជធានីភ្នំពេញចោទប្រកាន់ពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារប្រព្រឹត្តឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ។
នៅក្នុងរូបភាពវីដេអូដែលថតបានអ្នកដែលដើរតួនាទីសកម្មក្នុងការជួយសម្រួលជុន ច័ន្ទបុត្រ បន្លំចូលបាននោះគឺ ឡុង រី ដោយបាននិយាយប្រាប់ឆ្មាំគុកព្រៃសថាអ្នកដែលត្រូវចូលមាន «លោកជំទាវមូរ សុខហួរ ខ្ញុំឡុង រី និងសហការីខ្ញុំ ៣ នាក់នេះចូល» ហើយនៅក្នុងចំណោមសហការីតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលអង្គភាពពន្ធនាគារព្រៃស អនុញ្ញាតឱ្យចូលនោះក៏មាន ជុន ច័ន្ទបុត្រ ដែលមានតួនាទីជាអនុប្រធានវិទ្យុអាស៊ីសេរីភាសាខ្មែរដែរ។ លោក ជុន ច័ន្ទបុត្រ ធ្វើឥរិយាបថរបៀបលាក់លៀមដោយពាក់មួកពាក់វែនតា ឱនមុខចុះព្យាយាមលាក់បាំងអត្តសញ្ញាណរបស់ខ្លួនដើម្បីបានចូលទៅក្នុងពន្ធនាគារ ខណៈខ្លួនមិនមានភារកិច្ចចូលឡើយតែបានចូលដោយការក្លែងឋានៈ។
រហូតមកទល់ពេលនេះទាំងលោក ឡុង រី និងលោកស្រី មូរ សុខហួរ មិនទាន់បញ្ជាក់ពីជំហរច្បាស់លាស់នៅឡើយទេថា តើត្រូវចូលតាមដីកាកោះ ឬយ៉ាងណាដោយអះអាង ថាកំពុងតែពិភាក្សាជាមួយមេធាវី។ បើតាមសីលធម៌ និងគុណធម៌អ្នកនយោបាយ ទាំងឡុង រី និងមូរ សុខហួរ គួរចូលទៅធ្វើជាសាក្សីដើម្បីជួយដោះបន្ទុកឱ្យ ជុន ច័ន្ទបុត្រ ដែលរងគ្រោះព្រោះតែក្លែងឋានៈធ្វើជាជំនួយការរបស់តំណាងរាស្ត្រទាំងពីរនេះឆ្លើយអំពីការពិតដែលបានកើតឡើងដើម្បីប្រាប់ទៅអយ្យការអមសាលាដំបូងលោក សៀង សុខ។
បើធ្វើដូច្នេះ ជុន ច័ន្ទបុត្រ ដែលធ្លាប់បានលះបង់សព្វបែបយ៉ាងរហូតដល់យកវិទ្យុអាស៊ីសេរី មកជួយបក្សប្រឆាំងរៀបចំផែនការជួយបក្សប្រឆាំងខ្លួនសព្វបែបយ៉ាងនឹង មិនអស់សង្ឃឹមទេ ហើយក៏យល់ថាការជួយរបស់គាត់រហូតជាប់ជំពាក់នឹងច្បាប់នៅពេលនេះដើម្បីជួយបក្សប្រ​ឆាំងក៏មិនអត់ប្រយោជន៍ដែរ។ ជុន ច័ន្ទបុត្រ នឹងសរសើរពីវរភាពនៃតំណាងរាស្ត្រទាំងពីរដែលគិតពីសហការីក្រៅផ្លូវការ និងជាដៃគូយុទ្ធសាស្ត្រដ៏រឹងមាំដែលបានជួយបក្សប្រឆាំងក្នុងការឃោសនា វាយប្រហាររដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាកន្លងមកតាមខ្សែញាក់របស់ចៅហ្វាយខ្លួន។ បើសក្ខីកម្មរបស់ ឡុង រី និងមូរ សុខហួរ មិនអាចជួយអ្វីបានក៏លោក ជុន ច័ន្ទបុត្រ អាចនឹងញញឹមរកគុកទៅរកដៃគូវិភាគនយោបាយតាមចង្វាក់ភ្លេងរបស់ខ្លួនដែរ។
សេណារីយ៉ូទី២៖ ប៉ុន្តែបើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវបានមេធាវីរបស់ខ្លួនផ្តល់យោបល់ថាមិនចាំបាច់ចូលទៅតាមការកោះក្នុងនាមជាសាក្សីទេព្រោះអ្នកទាំងពីរមានអភ័យឯកសិទ្ធិគ្មាននរណាអាចចាប់បង្ខំបានឡើយ។ ពេលនោះលោក ជុន ច័ន្ទបុត្រ នឹងអាចភ្លឺភ្នែកថា ខ្លួនគឺជាស្លឹកចេកដែលខំលះបង់ក្រុមគ្រួសារមករៀបចំផែនការជួយបក្សប្រឆាំងតែទីបំផុត សក់អ្នកណាក្បាលអ្នកនោះ។ គ្មាននរណាស្មោះត្រង់ជាមួយយើងជាងខ្លួនយើងទេ។ ជុន ច័ន្ទបុត្រ អាចនឹងពោលពាក្យស្តាយស្រណោះថាហេតុអ្វីតំណាងរាស្ត្រទាំងពីរគ្មានគុណធម៌ជាមួយអ្នកដែលជួយខ្លួនយ៉ាងនេះ។ បើសិនជា ឡុង រី និងមូរ សុខហួរ ជ្រើសយកជម្រើសមិនទៅផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីតើតំណាងរាស្ត្រទាំងពីរនេះគិតថារួចខ្លួនទេ?
ចម្លើយគឺថា មិនអាចរួចខ្លួនទេ! មិនត្រឹមតែមិនអាចជួយលោក ជុន ច័ន្ទបុត្រ ក្នុងការរំដោះខ្លួនចេញពីសំណាញ់ច្បាប់បានទេថែមទាំងខ្លួនឯងជាប់ជង់ទៀតព្រោះតុលាការនឹងអាចចោទប្រកាន់តំណាងរាស្ត្រទាំង២ពីបទ «បដិសេធក្នុងការចូលខ្លួន»ក្នុងនាមជាសាក្សី តាមមាត្រា ៥៣៨ នៃក្រមព្រហ្មទណ្ឌដែលចាត់ទុក ថាជាបទល្មើសជាក់ស្តែង។ ករណីបដិសេធក្នុងការចូលខ្លួននេះត្រូវបានចោទប្រកាន់ប្រឆាំងនឹងមេបក្សថ្មី របស់ខ្លួនរួចមកហើយកាលពីខែឧសភា ឆ្នាំ ២០១៦ ទាក់ទងនឹងសំណុំរឿងសញ្ចារកម្ម ហើយពេលនោះ កឹម សុខា បានឃុំខ្លួនឯងក្នុងទីស្នាក់ការបក្សអស់ជាច្រើនខែទៀតផង។ តើឡុង រី និងមូរសុខហួរ ព្រមទាំង មេធាវីការពារក្តីឱ្យខ្លួនសុខចិត្តជ្រើសរើស មិនចូលទៅបំភ្លឺក្នុងនាមជាសាក្សីទេ? បើមិនចូលខ្លួនតាមការកំ ណត់ត្រូវបានគេមើលឃើញថាមានផលវិបាកអវិជ្ជមានច្រើនជាងវិជ្ជមាន៖
១- តំណាងរាស្រ្ត ឡុង រី និងលោកស្រី មូរ សុខហួរ នឹងអាចប្រឈមមុខពីការចោទប្រកាន់បទ បដិសេធក្នុងការចូលខ្លួនជា បទល្មើសជាក់ស្តែងក្នុងករណីបដិសេធម្តង ហើយម្តងទៀត មិនចូលតាមការកោះ។ ពេលនោះលោក ឡុង រី និងលោកស្រី មូរ សុខហួរ ដែលកំពុងមានសំណុំរឿងអំពីកុបកម្មរំដោះទីលានប្រជាធិបតេយ្យនៅជាប់តុលាការស្រាប់ផង នឹងត្រូវបន្ថែមសំណុំរឿងមួយថ្មីទៀត ដែលធ្វើឱ្យតំណាងរាស្ត្រទាំងពីរនេះ ត្រូវប្រឈមមុខនឹងអស់អភ័យឯកសិទ្ធិ និងប្រឈមមុខនឹងការចាប់ខ្លួន និងជំនុំជម្រះក្តី។ តើពេលនោះនរណាទស្សន៍ទាយដឹងទៅថាតើ សំណុំរឿងវានឹងក្លាយទៅជាយ៉ាងណា? ដើរលើផ្លូវខុសខ្លួនឯង! មេបក្សព្រះអាទិត្យ កឹម សុខា ជាប់ផុងក្នុងនីតិវិធីច្បាប់នៅតុលាការ ក៏ដោយសារតែក្រុមមេធាវីដ៏ចំណានៗរបស់ខ្លួន ប្រាប់បែបខុសថា មិនត្រូវចូល បង្ហាញខ្លួននៅចំពោះមុខតុលាការឡើយ ហើយគួបផ្សំនឹងទ្រឹស្តីនិយមរបស់កឹម សុខា មិនឈ្លោះ មិនឆ្លើយ មិនឆ្លង មានឯណា ឃុំខ្លួនឯងជាច្រើនខែក្នុងទីស្នាក់ការបក្ស កោះហៅសមាជិកបក្សឱ្យមកដេកយាមរាល់យប់ ដាច់របបយូរ រហូតដល់ហៅស្រីកំណាន់ទៅគីគីលូក្នុងទីស្នាក់ការទៀត។
២- បើលោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវប្រឈមមុខច្បាប់ដោយការបដិសេធ ក្នុងការចូលខ្លួនក្នុងនាមជាសាក្សី នាំឱ្យមានជាប់ជំពាក់ នឹងរឿងរ៉ាវក្នុងតុលាការ អ្នកដែលខូចប្រយោជន៍ជាងគេគឺលោកស្រី មូរ សុខហួរ និងបក្ស ព្រះអាទិត្យទាំងមូលព្រោះលោកស្រី មូរ សុខហួរ ត្រូវបានគេតែងតាំងពីរដងមកហើយជាអនុប្រធានគណបក្ស ទោះ មិនទាន់ទទួលបានសុពលភាពនៅឡើយ ក៏លោកស្រី មូរ សុខហួរ នៅតែជាបេក្ខភាពមួយរូបសម្រាប់តំណែងមេបក្សរង។ ចុះបើ មូរ សុខហួរ ជាអនុប្រធានបក្ស មានរឿងក្តីក្តាំ នៅតុលាការរហូតដល់ទៅពីរ និងបើតុលាការរកឃើញថា មានទោស តើវាសនា មូរ សុខហួរ ជាពិសេសបក្សសង្គ្រោះជាតិនឹងទៅជាយ៉ាងណា ខណៈច្បាប់ស្តីពីគណបក្សនយោបាយដែលទើបតែធ្វើវិសោធនកម្ម និងចូលជាធរមានថ្មីៗនេះបានចែងពីថ្នាក់ដឹកនាំ បក្សកំពូលដែលមានទោសទណ្ឌ ប្រសិនបើធ្ងន់ធ្ងរត្រូវរំលាយបក្សចោល និងហាមមិនឱ្យធ្វើនយោបាយជាច្រើនឆ្នាំទៀត។ ដូច្នេះតើ ឡុង រី និងមូរ សុខហួរ ហ៊ានប្រថុយនឹងសេណារីយូនេះទេ?
ចូលឬមិនចូលគឺជា ជម្រើសរបស់ឡុង រី និងមូរ សុខហួរ ចៅចាក់ស្មុកគ្រាន់តែជារាស្ត្រធម្មតាមិន មែនជាទេវតាអាចទស្សន៍ទាយចិត្តមន្ត្រី ព្រះអាទិត្យបានទេ។ ដូច្នេះមានតែ រង់ចាំមើលទាំងអស់គ្នានៅថ្ងៃទី២៧ និង២៨ ខែមេសា ខាងមុខនេះ តើតំណាងរាស្ត្រទាំងពីរនឹងនាំលាភឱ្យ ជុន ច័ន្ទបុត្រ ស្រោចស្រង់រាសីបុរសរូបនេះដែលកំពុងស្រុតចុះ ឱ្យឡើងវិញអាចដោះបន្ទុករួចពីការចោទប្រកាន់ពីបទ ផ្តល់សេចក្តីប្រកាសដោយភូតកុហក និងបន្លំខ្លួនចូលពន្ធនាគារបានដែរឬអត់? ឬក៏នាំគ្រោះជាន់លើគ្រោះ ឱ្យលោក ជុន ច័ន្ទបុត្រ រាសីធ្លាក់ចុះ ក្នុងឆ្នាំថ្មីក្លែងឋានៈ បន្លំភ្នែករាជការជាប់ជំពាក់នឹងច្បាប់ ចូលទៅជាប់ពន្ធនាគារដូច គឹម សុខ? តើតំណាងរាស្ត្រពីរនាក់នេះ អាចជួយបក្សបានទេ ម៉េចៗកុំធ្វើឱ្យការលះបង់តំណែងប្រធានបក្សសម រង្ស៊ី ក្នុងការជួយបក្សកាន់តែគ្មានន័យថែមទៀត៕
ដោយ៖ ចៅចាក់ស្មុក

ទស្សនវិភាគ៖ កម្ពុជាត្រូវការនីតិរដ្ឋដើម្បីនាំសុខដល់សង្គមជាតិ

នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ គណនីហ្វេសប៊ុក សម្លេងយើង បានបង្ហោះផ្សាយ​អត្ថ​បទ​ទស្សនវិភាគមួយដែលមានចំណងជើងថា «កម្ពុជាត្រូវការនីតិរដ្ឋដើម្បីនាំសុខដល់សង្គមជាតិ» ដែលមានខ្លឹមសារដូចតទៅ៖

ប្រជាធិបតេយ្យសេរី នឹងក្លាយជាគ្រោះថ្នាក់ដល់ប្រជាជាតិបើគ្មានការពង្រឹងនីតិរដ្ឋ! ពោលគឺវាជាការផ្តល់ឱកាសដល់បុគ្គលនិងក្រុមឧទ្ទាមក្នុងការអនុវត្តន៍សេណារីយ៉ូនៃនយោបាយបង្កាត់ភ្លើងបដិវត្តន៍ពណ៌រុញច្រានប្រទេសជាតិឱ្យធ្លាក់ចូលក្នុងភាពវឹកវរ ចលាចល បែកបាក់ បំផ្លាញសន្តិភាព និងសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងរបបពហុបក្ស។

បច្ចុប្បន្នភាពនៅកម្ពុជាកំពុងប្រឈមមុខនឹងសេណារីយ៉ូនយោបាយបង្កាត់ភ្លើងបដិវត្តន៍ពណ៌របស់ក្រុមនយោបាយអាមេរិកាំងគាំទ្រគណបក្សសង្គ្រោះជាតិដែលមិនចង់ឃើញសេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ ជាក់ស្តែង វិទ្យុអាស៊ីសេរីរបស់សហរដ្ឋអាមេរិកផ្នែកខេមរៈភាសា បាននិងកំពុងដើរតួនាទីជាចលករនៃការបង្កាត់ភ្លើងបដិវត្តន៍ពណ៌ និងក្នុងនោះគឺលោក ហួត ឃីនវុទ្ធី ហៅជុន ច័ន្ទបុត្រ ជា «ឧទ្ទាមជន» ដ៏គ្រោះថ្នាក់ម្នាក់នៃភ្នាក់ងារបរទេសដែលថ្មីៗនេះបានបន្លំខ្លួនចូលក្នុងពន្ធនាគារ។

ការពង្រឹងនីតិរដ្ឋ បានអនុវត្តច្បាប់មកលើបុគ្គលនេះនិងឈានចូលដល់អំណាចយុត្តាធិការក្នុងដៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញហើយ តាមរយៈការចេញដីកាកោះឱ្យចូលខ្លូនក្នុងឋានៈជា «ជនសង្ស័យ» ពីដំណើររឿង «ផ្តល់សេចក្តីប្រកាសដោយភូតកុហកបន្លំខ្លួនចូលពន្ធ​នាគារ» ដែលចែងក្នុងក្រមព្រហ្មទណ្ឌ។

យោងទិដ្ឋភាពច្បាប់ បើតុលាការរកឃើញថាមានកំហុសយោងក្រមព្រហ្មទណ្ឌ មាត្រា៦៣៣ ស្តីពីបទផ្តល់សេចក្តីប្រកាសដោយភូតកុហក នឹងអាចមានទោសពី ៦ខែដល់ ២ឆ្នាំ ហើយយោង​នីតិវិធីព្រហ្មទណ្ឌអាចឃុំខ្លួនបណ្តោះអាសន្នបើជនសង្ស័យមិនសហការ!

ទិដ្ឋភាពប្រព្រឹត្ត យោងឯកសារគឺបុគ្គលនេះប្រើឈ្មោះ ហួត រុទ្ធិ និងមុខងារជាជំនួយការតំ​ណាងរាស្ត្រ តែឈ្មោះពិតគឺ ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងជាអនុប្រធានវិទ្យុអាស៊ីសេរី ផ្នែកខេមរៈភាសា។ ទិដ្ឋភាពយោងវីដេអូឃ្លីប លោក ឡុង រី បានប្រាប់មន្ត្រីពន្ធនាគារថា អ្នកមកជាមួយបីនាក់ជាសហការីរបស់គាត់ក្នុងនោះមានលោក ជុន ច័ន្ទបុត្រ ម្នាក់ដែរដែលភ្លាមនោះលោក ឡុង រី កៀកស្មាទាញឱ្យចូលតែម្តង។ រីឯ លោក ជុន ច័ន្ទបុត្រ បានប្រើឱកាសដើរចូលដោយមិនទីទើរជាមួយនឹងការបិទបាំងមុខមាត់ដោយពាក់មួកកាតឹប និងវ៉ែនតាខ្មៅ ហើយគ្មានប្រកែកមួយម៉ាត់ចំពោះការអះអាងរបស់លោក ឡុង រី។

លោក ជុន ច័ន្ទបុត្រ បានអះអាងមិនប្រាកដប្រជា៖ ១- មុនតុលាការកោះហៅ បានអះអាងជាសាធារណៈថាគោលដៅទៅពន្ធនាគារគឺដើម្បីសួរសុខទុក្ខជា «លក្ខណៈឯកជន» ប៉ុន្តែចៃដន្យបានជួបតំណាងរាស្ត្របក្សសង្គ្រោះជាតិនៅទីនោះក៏ចូលទៅជាមួយគ្នាហើយបានបញ្ជាក់ថាខ្លួនមិនទៅណាទេ! ២- ក្រោយតុលាការចេញដីកាកោះហៅ សាម៉ីខ្លួនបែរជាយកអង្គភាពវិទ្យុរបស់អាមេរិកាំងជាអ្នកសម្រេចថានៅកម្ពុជាឬត្រឡប់ទៅវ៉ាស៊ីនតោនវិញហើយនិងនៅចូលបំភ្លឺនៅតុលាការឬមិនចូល!

យោងទិដ្ឋភាពច្បាប់ចែងក្នុងនីតិវិធីព្រហ្មទណ្ឌ អាចនាំឱ្យមានការឃុំខ្លួនបណ្តោះអាសន្នដោយទឡ្ហីករណ៍មួយចំនួនកើតចេញពីការបញ្ជាក់ជំហរមិនច្បាស់ក្នុងកិច្ចសហការជាមួយតុលាការ ដោយសារតែ ៖ ១- មានលទ្ធភាពចូលស្ថានទូតអាមេរិកព្រោះជាបុគ្គលសញ្ជាតិ២គឺពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរ ២- មានលទ្ធភាពទទួលការជួយអន្តរាគមន៍ពីស្ថាប័នបរទេសដើម្បីគេចខ្លួនពីដែនសមត្ថកិច្ចកម្ពុជា ៣- ជាបេសកជនសំខាន់ម្នាក់នៃភ្នាក់ងារបរទេសបម្រើឱ្យចល​នានយោបាយបំបះបំបោរក្នុងធុរកិច្ចបង្កាត់ភ្លើងបដិវត្តន៍នៅកម្ពុជាដែលតម្រូវឱ្យអំណាចតុលា​ការត្រូវឃុំខ្លួនបណ្តោះអាសន្នដើម្បីជាប្រយោជន៍ដំណើរការក្តី។

ដូច្នេះ អំណាចច្បាប់ និងអំណាចតុលាការមានសារៈសំខាន់ណាស់ដើម្បីទប់ស្កាត់រាល់ចលនាឧទ្ទាមនិយម និងចារកម្មគ្រប់រូបភាពបំពានអធិបតេយ្យភាពជាតិ និងបំផ្លាញសន្តិភាព និងសន្តិសុខជាតិ៕
ប្រភព៖ ហ្វេសប៊ុក វិទ្យាស្ថានពលរដ្ឋវិជ្ជា


លិខិតមិត្តអ្នកអាន៖ លោក ជុន ច័ន្ទបុត្រ អាចនឹងបានទៅជួប គឹម សុខ ដូចបំណង តែក្នុងនាមជាអ្នកទោស !

ទោះមិនសូវយល់ច្បាស់ពីច្បាប់ ប៉ុន្តែនរណាៗក៏អាចយល់ថា លោក ជុន ច័ន្ទបុត្រ នឹងមានវាសនាដូចល្បង គឹម សុខ មិនខានឡើយ។ ករណីលោក គឹម សុខ មុនត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារឃុំខ្លួន គឺតុលាការបានកោះហៅដើម្បីបានសួរនាំពីបទល្មើសទៅតាមធាតុផ្សំដែលមាន ហើយបញ្ជាក់ថាបើមានធាតុផ្សំគ្រប់គ្រាន់ លោក គឹម សុខ នឹងត្រូវចាប់ខ្លួន។

មុនពេលចូលខ្លួនទៅតុលាការលោក គឹម សុខ អួតថា គាត់មិនរត់ទៅណាទេគាត់នឹងចូលទៅតាមការកោះហៅរបស់តុលាការ។ ស្តាប់ទៅដូចជាក្លាហានគួរសមដែរ ប៉ុន្តែក្រោយមក អ្វីៗបានកើតមានមែន គឺលោក គឹម សុខ ត្រូវបានឃាត់ខ្លួន និងបានបញ្ជូនទៅពន្ធនាគារតាមការប្រមើមើលរបស់សារធារណជននិងអ្នកច្បាប់ខ្មែរ។

នៅគ្រានោះលោក គឹម សុខ ខំអួតថា មិនរត់ទៅណានោះទេ ខណៈដែលរូបគាត់បានដឹងជាមុនច្បាស់ណាស់ថា អាជ្ញាធរបានបិទគ្រប់ចក្រចេញចូលប្រទេសកម្ពុជា រួចជាស្រេចហើយនោះ ដោយហាមការធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា។ នៅពេលនេះលោក ជុន ច័ន្ទបុត្រ កំពុងដើរក្នុងគន្លងផ្លូវមួយ ដែលគាត់រៀបខ្លួនឯងដោយមិនបានប្រុងប្រយ័ត្ន។ គាត់គិតថា ការចូលរួមជាមួយបក្សសង្គ្រោះជាតិ អាចឱ្យគាត់អាចក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលគណបក្សនេះឈ្នះ ហើយគាត់ខំបង្ហាញការលះបង់របស់លោកដើម្បីចូលរួមជាក្រុមសមាជិក (សហការី) និងជាអ្នកសារព័ត៌មាន ដោយយកឈ្មោះវិទ្យុអាស៊ីសេរី ដើម្បីបំពេញផែនការសកម្ម​ភាពរបស់ខ្លួនក្នុងពេលគាំទ្រ និងជំរុញជ័យជំនះដល់បក្សសង្គ្រោះជាតិដែលខ្លួនជាសមាជិក និងកំពុងគាំទ្រយ៉ាងពេញទំហឹង។

តាមពិតទៅលោក ជុន ច័ន្ទបុត្រ គួរត្រៀមខ្លួននិងផ្លូវចិត្តឱ្យទូលាយហើយទៅព្រោះសាច់រឿងនេះមិនមានអ្វីខុសគ្នា ជាមួយនឹងករណីល្បង គឹម សុខ នោះ។ ក្រោយលោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវបានតុលាការស្នើឱ្យចូលផ្តល់សក្ខីកម្មជាមុនប្រាកដណាស់ក្រោយសាក​សួររបស់ចៅក្រម នឹងអាចមានធាតុផ្សំគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ព្រោះក្នុងខ្សែវីដេអូ លោក ឡុង រី បានប្រាប់យ៉ាងច្បាស់ៗថា លោក ជុន ច័ន្ទបុត្រ គឺជាជំនួយការរបស់លោក ប៉ុន្តែលោក ជុន ច័ន្ទបុត្រ នៅតែមាត់រឹងទទឹងបកស្រាយថាខ្លួនមិនបានលាក់បាំង ឬក្លែងបន្លំខ្លួនអ្វីទេ ខ្លួនចូលធម្មតាក្នុងនាមអ្នកសារព័ត៌មានតែប៉ុណ្ណោះ។ ទោះយ៉ាងណាលោក ឡុង រី និងលោកស្រី មូរ សុខហួរ ជឿជាក់ប្រាកដជាប្រាប់ការពិតនៃរឿងក្លែងបន្លំនេះ ដើម្បីគេចពីបញ្ហាដែល​ខ្លួ​នអាចកើតឡើង ហើយពេលនោះអ្វីៗនៃការអនុវត្តច្បាប់ នឹងដើរតាមគន្លងចាស់ដោយរលូនសម្រាប់លោក ជុន ច័ន្ទបុត្រ។

ប្រជាជនកម្ពុជាយល់ឃើញផ្សេងគ្នាក្នុងរឿងនេះ ទៅតាមទំនោរនយោបាយរៀងៗខ្លួន ប៉ុន្តែករណី ជុន ច័ន្ទបុត្រ នេះ មិនខុសពីករណីលោក គឹម សុខ នោះទេ។ នេះបើតាមការសង្កេតរបស់ប្រជាជនកម្ពុជា។ តែយ៉ាងណាអ្នកវិភាគច្បាប់ជាច្រើនបានបញ្ជាក់ថា ការកោះហៅសាក្សីជាមុន គឺមានហេតុផលតែម៉្យាងគត់គឺដើម្បីស្វែងរកធាតុផ្សំដាក់បន្ទុកដូច្នេះសំណាងល្អប្រ​ហែល​ជាលែងមានសម្រាប់លោក ជុន ច័ន្ទបុត្រហើយ ព្រោះបើបានចូលខ្លួនហើយ ប្រហែលគ្មានថ្ងៃចេញក្រៅទេដូចជាករណីលោក គឹម សុខ ដូច្នោះដែរ។

ជម្រើសសម្រាប់លោក ជុន ច័ន្ទបុត្រ គឺស្ទើរតែគ្មានទេ ក្រៅពីរកមេធាវីបរទេស ឬខ្មែរ និងស្នើសុំឱ្យទូតអាមេរិកដើម្បីលាក់ខ្លួនគេចចេញពីការចាប់ខ្លួន។ អ្នកច្បាប់បរទេស និងខ្មែររបស់លោកប្រាកដជាយល់ថា ការចូលខ្លួនជាការចូលជុច ហើយបើមិនចូលខ្លួន ក៏កាន់តែមានរឿងធំ ព្រោះសូម្បីករណីលោក កឹម សុខា ដែលមេធាវីបរទេសណែនាំ មិនឱ្យចូលខ្លួនកាលពីករណីរបស់លោកនៅតុលាការពីពេលកន្លងមក ចុងក្រោយត្រូវមានទោសចៀសមិនរួចដែរ។

យីអ៊ុនដាក់អារក្សជាន់ហើយឆ្នាំថ្មីនេះសម្រាប់ លោក ជុន ច័ន្ទបុត្រ។ ភាពក្អេងក្អាងរបស់លោកត្រូវជាប់អន្ទាក់ដែលលោករៀបចំខ្លួនឯង ដើម្បីបានល្បី និងបង្ហាញពីការលះបង់ខ្ពស់ដល់អស់​លោកថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរបស់គាត់ ប៉ុន្តែរឿងដែលសង្ស័យបំផុតគឺត្រូវជាប់ស៊ងក្នុងពន្ធនាគារដែលពិបាករកផ្លូវដោះស្រាយ។ ទើបតែបានមកស្រុកខ្មែរ និងបានជួបស្រីក្មេងៗមិនបានប៉ុន្មានផង ក៏ត្រូវពន្ធនាគាររង់ចាំស្វាគមន៍។ តាមមើលមិនដឹងថា ម្នាក់ស្រីនោះចង្រៃ ឬគាត់ចង្រៃខ្លួនឯងទេ។ មែនទែនតើលោក ជុន ច័ន្ទបុត្រ ជាមាន់ស្ងោរ ឬមាន់ជល់? ចង់ជល់ក៏មិនអាចដែរ ព្រោះមិនយូរមិនឆាប់ បើតុលាការចេញដីកាបិទច្រក និងព្រំដែនរួចហើយ នឹងត្រូវចូលខ្លួនមែនតើគាត់ត្រូវរត់ទៅច្រកណា?

បើមាន់ជល់ ក៏ត្រូវក្លាយជាមាន់ស្ងោរ នឹងត្រូវបានជ្រលក់ទឹកត្រីមិនខាន ដូចករណីល្បង គឹម សុខ ដែរ។ ឥឡូវលោក ជុន ច័ន្ទបុត្រ នឹងបានទៅជួប គឹម សុខ ដូចបំណងហើយ តែមិនមែនក្នុងនាមអនុប្រធានវិទ្យុអាស៊ីសេរីទេ តែក្នុងនាមជាអ្នកទោសម្នាក់៕

 ដោយ៖ ឥន្ធនូ៧ពណ៌


ខ្យល់កន្រ្តាក់ បន្តវាយប្រហារផ្ទះពលរដ្ឋជាច្រើនខ្នង និងសាលារៀននៅស្រុកឆ្លូង ខេត្តក្រចេះ

ហេតុការណ៍គ្រោះធម្មជាតិកើតឡើងដោយខ្យល់កន្រ្តាក់ឆក់យកផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង និងរបើកក្បឿងដំបូសាលារៀនចំនួន២ខ្នង បានកើតឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។
លោក ហេង សុថា អភិបាលស្រុកឆ្លូង នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះថា គ្រោះធម្មជាតិនេះ បានបណ្ដាលឱ្យខូចខាតសាលារៀនអនុវិឡាល័យហាន់ជ័យលើ ចំនួន២ខ្នង របើកក្បឿង១០០សន្លឹកសាលាបឋមសិក្សាហាន់គ្រោម របើកព្រំប្រមាណ១០ម៉ែត្រនិងផ្ទះចំនួន៣ខ្នង។
លោកអភិបាលស្រុកបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះធម្មជាតិដោយខ្យល់កន្ទ្រាក់នេះ មិនបណ្ដាលឱ្យមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតទ្រព្យសម្បត្តិតែប៉ុណ្ណោះ។
នៅថ្ងៃនេះ ទាំងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរ បាននិងកំពុងចេញជួយអន្តរាគមន៍ហើយ៕




កម្ពុជាទទួលវត្ថុសិល្បៈចំនួន៨០ ពីស្ថាប័នស្រាវជ្រាវផ្នែកអាស៊ីអាគ្នេយ៍

កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានអញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខា ប្រគល់ទទួលវត្ថុសិល្ប:ចំនួន៨០វត្ថុ ដែលលោកបណ្ឌិត Zelnik Istvan ប្រធានស្ថាប័នស្រាវជ្រាវផ្នែកអាស៊ីអាគ្នេយ៍ របស់ជនជាតិហុងគ្រី ប្រគល់ជូនសារមន្ទីរជាតិកម្ពុជានៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប:៕




រដ្ឋសភា បានចេញសេចក្តីសម្រេច បង្ហាញឈ្មោះ​ «ជំនួយការ»​ ផ្លូវការ​ និងអ្នកបើកបរ​របស់លោកស្រី​ មូរ សុខហួរ​ និងលោក​ ឡុង រី​

កាលពីឆ្នាំ២០១៦ រដ្ឋសភា បានចេញសេចក្តីសម្រេចដោយបានបង្ហាញឈ្មោះ «ជំនួយការ» ផ្លូវការ និងអ្នកបើកបររបស់លោកស្រី មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង និងលោក ឡុង រី អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា។
លោក ហេង សំរិន ប្រធានរដ្ឋសភា បានចុះហត្ថលេខានៅក្នុងលិខិតរបស់រដ្ឋសភា  កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៦ បានសម្រេច៖
១- លោក ឡុង ប្ញទ្ធារត្នន៍ ជាជំនួយការ និងលោក មុត បុណ្ណារុង ជាអ្នកបើកបររបស់ ឯកឧត្តម ឡុង រី អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ
២- អ្នកស្រី ណែវ ស៊ីអ៉ីម ជាជំនួយការ និងលោក ថៃ ចាន់ធា ជាអ្នកបើកបររបស់លោកជំទាវ មូរ សុខហួរ តំណាងរាស្រ្តមណ្ឌលបាត់ដំបង។
ខាងក្រោមនេះជាសេចក្តីសម្រេចរបស់រដ្ឋសភា កាលពីឆ្នាំ២០១៦៖


កម្ពុជា-វៀតណាម ចុះហត្ថលេខាលើពិធីសារចំនួន ៤ ដែលផ្តល់នូវអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

កម្ពុជា-វៀតណាម ចុះហត្ថលេខាលើពិធីសារចំនួន ៤ ដែលផ្តល់នូវអត្ថប្រយោជន៍សម្រាប់ប្រទេសទាំងពីរ

2
នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅក្នុងពិធីសំណេះសំណាល និងពិភាក្សាការងាររវាង នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នៅវិមានសន្តិភាព ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក។
ពិធីសារចំនួន៤នោះរួមមាន៖
១- លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម
(ស្តីពីការសិក្សារួមស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ក់បៃ)។
២- លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម។
(ស្តីពីគំរោងសាងសង់មជ្ឍមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ)
៣- លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម។
(ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជលផល)
៤- លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការប្រជាជនរដ្ឋធានីហាណូយ។
(ស្តីពីការគាំទ្រការសាងសង់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ)


ក្រសួង​សេដ្ឋកិច្ច​បណ្តុះ​បណ្តាល​មន្រ្តី​លើ​បច្ចេក​ទេស​នៃការ​រៀប​ចំថវិកា​

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពមន្រ្តីលើការងារបច្ចេកទេសរៀបចំថវិកា សំដៅពង្រឹង និងបង្កើនសមត្ថភាព ក្នុងការរៀបចំការអនុវត្តតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែម។
ការបណ្តុះបណ្តាលនេះ គឺធ្វើឡើងនៅក្នុងសិក្ខាសាលាស្ដីពី «បច្ចេកទេសនៃការរៀបចំថវិកា» នៅថ្ងៃទី២៤ មេសា ក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ច។
លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា សិក្ខាសាលានេះ ជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងទិសដៅពិតប្រាកដរបស់ក្រសួងសេដ្ឋកិច្ច ដែលបាននិងកំពុងអនុវត្តថវិកាកម្មវិធីពេញលេញ តាមរយៈការដាក់ឱ្យដំណើរការអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន សរុបចំនួន៤៥។
សូមជម្រាបផងដែរថា គោលបំណងសំខាន់នៃសិក្ខាសាលានេះ រួមមាន៖ ១-ការពង្រឹង និងបង្កើនសមត្ថភាព ដល់គ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួង ក្នុងការរៀបចំការអនុវត្ត, តាមដានត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែមទៀត, និង២-បង្កើនកិច្ចសហការ និងទំនាក់ទំនងរវាងអង្គភាពថវិកា និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីជំរុញការងារថវិកាកម្មវិធីឱ្យល្អប្រសើរ៕

ព្រឹត្តិការណ៍ «Run & Ride សប្បុរសធម៌​ដើម្បីកម្ពុជា២០១៧»​ នឹងប្រព្រឹត្តិ​ទៅនៅថ្ងៃទី​២៩ដល់ថ្ងៃ​ទី៣០ ខែមេសា​ ឆ្នាំ២០១៧​

គ្រូបបង្វឹកកីឡាប្រណាំងកង់ជម្រើសជាតិកម្ពុជា លោក អេង លីន បានលើកឡើងថា កីឡាប្រណាំងកង់កម្ពុជា កាន់តែវិវឌ្ឍដូចបណ្ដាប្រទេសរីកចម្រើននៅជុំវិញពិភពលោក។ លោកលើកឡើងបែបនេះណៈកំពុងបង្វឹកកូនក្រុមត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា២០១៧» ដែលនឹងប្រព្រឹត្តិឡើងពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។

លោក អេង លីន ថ្លែងថា នៅតាមបណ្ដាប្រទេសផ្សេងៗ ក្រុមហ៊ុនឯកជននានាបានរៀបចំ ការប្រណាំងកង់ជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីឲ្យអ្នកនិយមជិះកង់មានឱកាសបានបញ្ចេញសមត្ថភាពរបស់ខ្លួន។ ចំណែកកីឡាប្រណាំងកង់របស់កម្ពុជាយើងចាប់ផ្ដើមផុសផុលខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ។

ព្រឹត្តិការណ៍ «Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា២០១៧» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ កម្មវិធីនេះចែកចេញជាពីរវិញ្ញាសាកីឡា គឺប្រណាំងកង់ចម្ងាយ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦A ពីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា។

លោក អេង លីន បានថ្លែងបន្ថែមទៀតថា វិញ្ញាសាទាំងពីរនឹងចេញដំណើរពីមុខសាលមហោស្រពកោះពេជ្រ ចំណែកឯថវិកាបានពីការលក់សំបុត្រចូលរួមប្រកួត នឹងបរិច្ចាគសម្រាប់ការជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមខេត្តដែលខ្វះខាត។

លោករំពឹងថា កម្មវិធី Run & Ride នេះនឹងទាក់ទាញចំណាប់អារម្មណ៍មហាជនបានច្រើន ជាពិសេសក្លឹបអ្នកជិះកង់ផ្សេងៗ ព្រោះអ្នកជិះកង់ជាច្រើននឹងមកជួបគ្នាសាកល្បងសមត្ថភាព។

សូមរំលឹកផងដែរថា កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានព្រឹត្តិការប្រណាំងកង់ «ជិះកង់ដើម្បីកុមារ» នៅខេត្តសៀមរាប ដែលទាក់ទាញអ្នកចូលរួមបានជាច្រើនរយនាក់ ហើយកម្មវិធីនោះក៏ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្ដោត Barrley Black ទឹកផ្លែឈើ Joop និងភេសជ្ជៈប៉ូវកម្លាំង Wurkz៕


នាយឧត្តមសេនីយ៍ ប៉ុល សារឿន៖ ក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាង ស្វាហាប់ប្រកបដោយមោទនភាពជាតិក្នុងការបំពេញបេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកង យោធពលខេមរភូមិន្ទ បានថ្លែងថាក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាង ស្វាហាប់ប្រកបដោយមោទនភាពជាតិក្នុងការបំពេញបេសកកម្មក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ លោក បានថ្លែងដូចនេះ​ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងកម្លាំង វិស្វកម្មលេខ១៨៩ និងកងកំទេចគ្រឿងផ្ទុះលេខ១២៣ និងកងអាវុធហត្ថលេខ៦១៨ ដើម្បី​ប្តូរវេន​ទៅបំពេញ​បេសកកម្មរក្សា​សន្តិ​ភាព​របស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋ​ស៊ូដង់ខាងត្បូង។
នាយឧត្តមសេនីយ៍ ប៉ុល សារឿន បានមានប្រសាសន៍ថា ក្រោមម្លប់សន្តិភាព កម្ពុជា បាននិង កំពុងបោះជំហានយ៉ាងស្វាហាប់ប្រកបដោយមោទនភាពជាតិដែលកម្ពុជាសម្រេចបានស្នាដៃ ធំៗជាច្រើនទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជាការបញ្ជូនកងទ័ពមួកខៀវកម្ពុជាទៅចូលរួមបំ​ពេញបេសកកម្មរក្សាសន្តិភាព លើវិស័យមនុស្សធម៌ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការ​ដណ្តើមមេដាយមាស ប្រាក់ កម្រិតពិភពលោក ផ្នែកវិញ្ញាសាកីឡាប៉េតង់ ដែលមាន​វត្ត​មាន​វីរៈ​កីឡាការនីនៃកងយោធពលខេមរភូមិន្ទ០២រូបផងដែរ។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ​បានបញ្ជាក់ថា​ កងកម្លាំង​កម្ពុជាដែលជូនដំណើរនាពេលនេះ បានធ្វើការហ្វឹកហ្វឺនយ៉ាងស្ទាត់លើជំនាញវិជ្ជាជីវៈប្រកប ដោយគុណភាពរយៈពេលជាង១០ខែក្រោមការធ្វើតេស្តប្រឡងវាស់ស្ទង់សមត្ថភាព គុណភាព យ៉ា​ងត្រឹមត្រូវ និងមានតម្លាភាព និងមានសមត្ថភាពដូចកងមុនៗផងដែរ។ កងកម្លាំងទំាងបី​កង​នេះ មានចំនួន៤២៩នាក់ក្នុងនោះនារី៤៣នាក់ ដែលបានជ្រើសរើសសម្រិតសម្រាំងពីគ្រប់ កងឯកភាព ស្ថាប័នចំណុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូ​មិន្ទ​៕


ហ្វេសប៊ុក Boulam San រិះគន់បក្សសង្រ្គោះជាតិពីរឿងធ្វើបុណ្យផ្កាប្រមូលដុល្លារឃោសនាបោះឆ្នោត!

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយនូវ​អត្ថ​បទរិះគន់មួយយ៉ាងខ្លាំងទៅលើបក្សសង្រ្គោះជាតិពីរឿងធ្វើបុណ្យផ្កាប្រមូលដុល្លារឃោសនាបោះឆ្នោត!។
ហ្វេសប៊ុក Boulam San បានបញ្ជាក់ថា តាំងពីកើតមកខ្ញុំធ្លាប់ឃើញតែគេធ្វើបុណ្យផ្កាដើម្បីកសាងព្រះវិហារ សាលាឆទាន ឬសាលារៀនដែលបម្រើផលប្រយោជន៍សាធារណៈ ប៉ុន្តែឥឡូវ បក្សសង្គ្រោះបន្ទាន់ ធ្វើបុណ្យផ្កាប្រមូលថវិកាឃោសនាបោះឆ្នោត? ម៉ែអាថ្លែនយកលុយបុណ្យមកធ្វើបាប!
កាលពីមុនគ្រាន់តែហៅគេមកជួបហើយនិយាយត្អូញត្អែរ គេក៏នាំគ្នាដាក់លុយ តែលើកនេះលឺថា លោកកឹម សុខា ទៅអូស្ត្រាលីប្រូបែកពពុះទឹកមាត់ អត់បានលុយម៉ាដុល្លារ។ ចឹងមានតែប្រើវិធីបុណ្យផ្កាក្រែងបានសោហ៊ុយខ្លះមកវិញ៕

លោក សុខ ឥសាន៖ តើគណបក្សប្រឆាំងសង្ឃឹមឈ្នះម្ត៉េចបានទៅ?

នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស​ប្រជាជន​កម្ពុជា បានបញ្ជាក់ ជូនសាធារណជនថាលទ្ធភាពនៃការឈ្នះក្នុងការបោះឆ្នោតរបស់គណបក្ស ប្រឆាំងនៅកម្ពុជានៅក្នុងឆ្នាំ២០១៧ និង២០១៨ គឺគ្មានទាល់តែសោះ ដោយសារតែ​ការចាក​ចេញពីផ្ទៃក្នុងទៅបង្កើតគណបក្សផ្សេងៗ។
លោក សុខ ឥសាន បានបញ្ជាក់ថា នៅឆ្នាំ ២០១៣ គណបក្សសង្គ្រោះជាតិបានទទួលការគាំទ្រពីច្រើនប្រភព ដែលធ្វើឱ្យគណបក្សប្រឆាំងមួយនេះបានសម្លេងឡើងដល់៥៥ កៅអី ។ នេះចាត់ទុកជាចំណុចកំពូលរបស់គណបក្សប្រឆាំងនេះហើយ។ ឥឡូវកម្លាំងនយោបាយទាំងនោះបានចាកចេញពីគណបក្សប្រឆាំងអស់ហើយ តើមានសង្ឃឹមស្អីទៀត?
អ្នកនាំពាក្យរូបនេះ ក៏បានបញ្ជាក់ថា សន្ទុះចាកចេញទាំងនោះរួមមានដូចជា៖ លោកតា ម៉ម សូណង់ដូ បានដឹកនាំសមាជិកសមាគមអ្នកប្រជាធិបតេយ្យទៅបង្កើតគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ។ លោក សួន សេរីរដ្ឋា ដែលធ្លាប់បានបោះឆ្នោតឱ្យគណបក្សប្រឆាំង ឥឡូវបានចាកចេញមកបង្កើតគណបក្សអំណាចខ្មែរដោយឡែកហើយ។ លោកស្រី ឡាក់ សុភាព បានចាកចេញពីគណៈនាយកគណបក្សប្រឆាំងមកបង្កើតគណបក្សមួយដោយឡែក។ លោកបណ្ឌិត ហ៊ាង ឬទ្ធី ក៏បានចាកចេញមកបង្កើតគណបក្សថ្មីមួយដែរ និងមានឥស្សរជនជាច្រើនទៀតបានផ្តាច់ចេញពីគណបក្សប្រឆាំង។
លោក សុខ ឥសាន ក៏បានបញ្ជាក់ បើមានការចាកចេញនិងដកថយការគាំទ្រយ៉ាងដូច្នេះ តើគ​ណបក្សប្រឆាំងដ៏ធំនៅកម្ពុជានេះ នឹងមានសង្ឃឹមស្អីថាបានសម្លេងច្រើនលើសពីឆ្នាំ២០១៣ នោះ ? គ្មានផ្លូវទេ មានតែថយ ថយខ្លាំងមែនទែនបើប្រៀបនឹងឆ្នាំ ២០១៣ ដែលឡើងដល់កំពូលហើយនោះ។
ដូច្នេះ គណបក្សប្រឆាំងដ៏ធំ និងមានសក្តានុពល នឹងក្លាយទៅជាគណបក្សអស់ឥទ្ធិពល និង ទៅជាគណបក្សតូចញ៉វិញដោយស្វ័យប្រវត្តិ នាឆ្នាំ ២០១៧ និង ២០១៨ ជាក់ជាមិនខាន។ គ្មាន​សង្ឃឹមឈ្នះ ដូចការអួតក្អេងក្អាងនោះឡើយ។ គណបក្សប្រឆាំងធ្វើដំណើរតាមខ្សែនៃខ្ទះផ្កាប់៕